ធម្មទេសនា ឆ្នាំ២០២២

អភិបូជាបើកការអធិដ្ឋានពេញមួយយប់លើកទី១០០ធ្វើនៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូលភ្នំពេញថ្មី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២“ព្រះយេស៊ូទតមើលយើង”
ព្រះយេស៊ូទតមើលយើង” អត្ថបទទី១៖ កិច្ចការ ៩,៣១-៤២ព្រះសហគមន៍បានប្រកបដោយសេចក្ដីសុខសាន្តគ្រប់ទីកន្លែង។ កក ៩,៣១ដំណឹងល្អ៖ យ៉ូហាន ៦,៦០-៦៩ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាចង់ចេញទៅដែរឬ? យហ ៦,៦៧ បងប្អូនជាទីស្រឡាញ់ អំបាញ់មិញ យើងបានឃើញកូនក្មេងដែលបានសម្តែងធ្វើជាសម្តេចប៉ាប លោកកាឌីណាល់ លោកអភិបាល លោកបូជាចារ្យ បងប្រុស បងស្រី…។ សម្រាប់យើងជាយុវជនយុវនារី យើងត្រូវតែចាប់អារម្មណ៍ ដោយសារកូនក្មេងគេបានខិតខំយកចិត្តទុកដាក់ ដើម្បីឱ្យថ្ងៃនេះគេសម្តែងយ៉ាងពិសេស។ គេបានយកចិត្តទុកដាក់អស់ពីសមត្ថភាព ដើម្បីចូលជាមួយយើងជាយុវជនយុវនារី ដូចជាលើកទឹកចិត្តយើងម្យ៉ាង។ គេបានទទួលការអប់រំពីឪពុកម្តាយ រហូតដល់គេចេះយកអាទិភាពនៅក្នុងជីវិតរបស់ពួកគាត់។ អត្ថបទទី១ “ព្រះសហគមន៍បានប្រកបដោយសេចក្តីសុខសាន្ត គ្រប់ទីកន្លែងនៅក្នុងស្រុកយូដា និងព្រះសហគមន៍មានជំហរកាន់តែមាំមួនឡើងៗ មានគេរស់នៅ ដោយគោរពកោតខ្លាចព្រះអម្ចាស់ ព្រមទាំងមានចំនួនកើនឡើងជាលំដាប់ ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធជួយលើកទឹកចិត្តគេផង” នេះជាព្រះសហគមន៍ដែលចាប់ផ្តើមដំបូង។ នៅក្នុងសម័យក្រុមគ្រីស្តទូត ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ព្រះយេស៊ូឡើងស្ថានបរមសុខ យើងបានឃើញពីមួយថ្ងៃទៅមួយថ្ងៃ មានសាវ័កថ្មីៗ មានគ្រីស្តបរិស័ទថ្មីៗ ដែលចាប់ផ្តើមដើរតាមព្រះយេស៊ូ តាមរយៈក្រុមគ្រីស្តទូត។ ថ្ងៃនេះ យើងបានឃើញលោក សិលា ដែលបានប្រោសលោកអេណេឱ្យបានជាសះស្បើយ ប្រោសនាងតាប៊ីថា ដែលបានស្លាប់ឱ្យរស់ឡើងវិញ។ លោកសិលា បានបង្ហាញអំពីឬទ្ធានុភាពរបស់ព្រះជាម្ចាស់យ៉ាងជាក់ស្តែង ក្រុមសាវ័ក និងប្រជានជនដែលបានឃើញ គេសប្បាយចិត្តហើយគេចាប់ផ្តើមដើរតាមព្រះយេស៊ូយ៉ាងច្រើន ទោះបីគេមិនដែលបានជួបព្រះយេស៊ូផ្ទាល់។ នៅក្នុងគម្ពីរដំណឹងល្អ យើងបានឃើញមហាជនដែលកំពុងដើរជាមួយព្រះយេស៊ូ នៅពេលនោះព្រះយេស៊ូបានចិញ្ចឹមគេ។ ប៉ុន្តែ នៅពេលព្រះយេស៊ូឱ្យនំបុ័ង ឱ្យត្រី ដើម្បីឱ្យគេហូបឆ្អែតទាំងអស់គ្នា ព្រះយេស៊ូចាប់ផ្តើមទេសនា ចាប់ផ្តើមបំភ្លឺគេ “តាមពិត អ្វីដែលសំខាន់មិនមែនម្ហូបអាហារដើម្បីចិញ្ចឹមក្រពះ ប៉ុន្តែសូមបរិភោគរូបកាយនិងលោហិតរបស់ខ្ញុំ” នៅពេលនោះគេទទួលជីវិតអស់កល្បជានិច្ច។ ថ្ងៃនេះ យើងបានឃើញនៅក្នុងគម្ពីរគេពិបាកស្តាប់ តើធ្វើដូចម្តេចដើម្បីបរិភោគរូបកាយនិងលោហិតគាត់? នៅពេលនោះគេចាប់ផ្តើមចេញបន្តិចម្តងៗ ដោយសារគេខឹងព្រះយេស៊ូ ព្រោះពេលនោះព្រះយេស៊ូបានទតមើលគេ ហើយនិយាយប្រាប់គេថា “តាមពិតខ្ញុំដឹង មានខ្លះនៅក្នុងចំណោមបងប្អូនព្រមមកតាមខ្ញុំដោយសារបានទទួលម្ហូបអាហារ ប៉ុន្តែមិនចង់ដើរតាមខ្ញុំ មិនចង់លះបង់ចោល ដើម្បីរស់នៅជាសាវ័ករបស់ខ្ញុំឡើយ”។ នៅពេលគេស្តាប់ដូចនេះ គេមិនសប្បាយចិត្តហើយគេទៅវិញ ដូច្នេះនៅពេលហ្នឹងចាប់ផ្តើមបាត់សាវ័កខ្លះៗ។ ផ្ទុយទៅវិញ នៅពេលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ នៅពេលលោកសិលាធ្វើសញ្ញាសម្គាល់យ៉ាងពិសេស មានសាវ័កកាន់តែច្រើនទៅៗ។ នៅពេលខ្ញុំបានឃើញបងប្អូនដែលអង្គុយថ្ងៃនេះ នៅពេលខ្ញុំបានឃើញក្នុងអង្គប្រជុំអំបាញ់មិញ មានប៉ុន្មាននាក់ដែលបានទទួលពិធីជ្រមុជទឹកថ្មីនេះ យើងត្រូវតែនឹកឃើញព្រះសហគមន៍ពីដើម។ ព្រះសហគមន៍ពីដើម ជាព្រះសហគមន៍ដ៏តូចមួយ ដែលកំពុងស្តាប់ព្រះបន្ទូល ដែលកំពុងចែកតួនាទីនៅក្នុងព្រះសហគមន៍។ យើងបានឃើញក្រុមគ្រីស្តទូតគេអប់រំជំនឿ យើងបានឃើញក្រុមគ្រីស្តទូតគេដឹកនាំការអធិដ្ឋាន ដើម្បីថ្វាយបង្គំភ្ជាប់ជាមួយព្រះយេស៊ូ និងស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ យើងឃើញ គេបានជ្រើសរើស៧នាក់ដើម្បីបម្រើតុ ដើម្បីទៅជាអ្នកបម្រើដោយនាមក្រុមគ្រីស្តទូត ដល់ស្ត្រីមេម៉ាយ អ្នកក្រីក្រ កុមារកំព្រារ។ នៅក្នុងអត្ថបទទី១ថ្ងៃនេះ យើងបានឃើញស្ត្រីនោះគាត់ជាសាវ័ក ដែលបានយកចិត្តទុកដាក់បម្រើនៅក្នុងព្រះសហគមន៍ យកចិត្តទុកដាក់ជួយព្រះសហគមន៍អស់ពីសមត្ថភាព។ ដូច្នេះ ពីសម័យដើមគ្រីស្តបរិស័ទដែលចាប់ផ្តើមដើរតាមព្រះយេស៊ូ គេបានចែកតួនាទីគ្នា។ មានខ្លះជាគ្រីស្តទូត ហើយគេជ្រើសរើសខ្លះៗដើម្បីបន្ត លោកប៉ូលនៅក្នុងក្រុមនេះដែលទទួលដោយព្រះយេស៊ូផ្ទាល់។ យើងមានខ្លះគេជាអ្នកបម្រើ មានខ្លះជួយថ្លែងព្រះបន្ទូល មានខ្លះគេយកចិត្តទុកដាក់ជាមួយព្រះសហគមន៍ប្រចាំ និងជាមួយអ្នកក្រីក្រ។ ព្រះសហគមន៍ចាប់ផ្តើមបង្កើតតួនាទីយ៉ាងច្បាស់ នៅក្នុងនេះមានតួនាទីយ៉ាងពិសេស ដើម្បីបម្រើព្រះសហគមន៍ឱ្យមានជីវិតតទៅទៀតៗ គឺធ្វើជាអ្នកដែលផ្ញើជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់។ យប់នេះ ជាលើកទី១០០ដែលយើងបានអធិដ្ឋានសម្រាប់ការត្រាស់ហៅ យើងមានយុវជនយុវនារីដែលបានមកយ៉ាងច្រើនពីព្រះសហគមន៍នានា។ ជាពេលវេលា ដើម្បីសួរផ្ទាល់ខ្លួន នៅក្នុងព្រះសហគមន៍ តើព្រះជាម្ចាស់បានរៀបចំអ្វីខ្លះសម្រាប់ខ្ញុំ? នៅក្នុងព្រះសហគមន៍ តើព្រះជាម្ចាស់ទន្ទឹងរង់ចាំអ្វីខ្លះពីខ្ញុំ? ដោយសារ ពីដើមរៀងមកព្រះជាម្ចាស់បានត្រាស់ហៅយើង ដើម្បីឱ្យយើងបំពេញបេសកកម្មនៅក្នុងព្រះសហគមន៍ ដើម្បីឱ្យយើងប្រកាសដំណឹងល្អ។ នេះជាអ្វីដែលលោកសិលាបានធ្វើ គាត់បានប្រកាសដំណឹងល្អនៅក្នុងជំនឿ និងណែនាំឱ្យបងប្អូនមួយចំនួនបានជាសះស្បើយ។ នៅពេលមានអ្នកក្រីក្រពិការម្នាក់ កំពុងសុំទាននៅទីក្រុងយេរូសាឡឹម នៅមុខលោកសិលានិងលោកយ៉ូហាន លោកទាំងពីរបាននិយាយថា “យើងឥតមានលុយ ឥតមានមាសប្រាក់ទេ ប៉ុន្តែអ្វីដែលយើងមានដោយនាមព្រះយេស៊ូគ្រីស្តជាអម្ចាស់ សូមឈរឡើងនឹងធ្វើដំណើរទៅផ្ទះវិញចុះ”។ តាមពិតអ្នកសុំទាននោះ គាត់នឹកឃើញសុំតែលុយខ្លះៗដើម្បីចិញ្ចឹមជីវិត ប៉ុន្តែនៅពេលនោះលោកសិលានិងលោកយ៉ូហាន បានឱ្យទ្រព្យសម្បត្តិដ៏កំពូលគឺព្រះយេស៊ូផ្ទាល់។ ពីដើមព្រះសហគមន៍ បានទទួលខុសត្រូវហ្នឹង គឺប្រកាសដំណឹងល្អ។ បងប្អូនដែលបានចូលជាអ្នកស្ម័គ្រចិត្ត នៅក្នុងពិធីជ្រមុជទឹកនៃព្រះសហគមន៍ ត្រូវតែចូលរួមនៅក្នុងបេសកកម្មរបស់ព្រះសហគមន៍ ដើម្បីប្រកាសដំណឹងល្អ។ ណែនាំឱ្យគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់សម្រាប់មនុស្សលោក គឺឱ្យមនុស្សលោកពោរពេញដោយសុភមង្គល ដើម្បីឱ្យមនុស្សលោកពោរពេញដោយអំណរសប្បាយដែលមកពីព្រះជាម្ចាស់ កើតឡើងនៅលើផែនដីនេះបាន។ នេះជាការត្រាស់ហៅដែលយើងទទួលរៀងៗខ្លួន ប៉ុន្តែនៅក្នុងការត្រាស់ហៅដែលយើងទទួលទូទៅក្នុងការប្រកាសដំណឹងល្អ។ យើងត្រូវការពិចារណា តើខ្ញុំផ្ទាល់ទទួលការត្រាស់ហៅដូចម្តេច? ហេតុនេះហើយ យើងរៀងៗខ្លួនយើងត្រូវការអង្គុយនៅក្បែរព្រះជាម្ចាស់ ដើម្បីទុកឱ្យព្រះជាម្ចាស់សម្លឹងមើលយើង ដើម្បីទុកឱ្យព្រះយេស៊ូទតមើលយើងនៅក្នុងព្រះហឫទ័យស្រឡាញ់។ ដោយសារ យើងរៀងៗខ្លួនយើងមានទ្រព្យសម្បត្តិពិសេស យើងមានសមត្ថភាពពិសេស យើងមានសកម្មភាពពិសេសដែលព្រះជាម្ចាស់ប្រទានឱ្យ។ ប៉ុន្តែ យើងត្រូវការទុកឱ្យព្រះជាម្ចាស់មើលយើង ស្រឡាញ់យើងនៅក្នុងព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ ដើម្បីឱ្យយើងទៅជាមនុស្សដ៏ពេញលក្ខណៈ។ មានពាក្យមួយនិយាយថា “នៅពេលមនុស្សដែលមានប្រាជ្ញា មើលឃើញពងមួយគ្រាប់គាត់មើលឃើញមេមាន់មួយ នៅពេលមើលឃើញគ្រាប់ពូជដ៏តូចមួយ គាត់មើលឃើញដើមឈើនៅថ្ងៃអនាគត នៅពេលមើលឃើញមនុស្សដែលប្រព្រឹត្តអំពើបាប គាត់មើលឃើញមនុស្សនេះនៅថ្ងៃអនាគតទៅជាសន្តបុគ្គល សន្តីបុគ្គល មនុស្សដ៏វិសុទ្ធ”។ តាមពិត ព្រះជាម្ចាស់ចេះមើលនៅក្នុងជីវិតរបស់យើង សព្វថ្ងៃយើងជាពងដ៏តូចមួយ យើងជាគ្រាប់ពូជល្អិតមួយ យើងជាអ្នកដែលមានបាប។ ប៉ុន្តែ ព្រះជាម្ចាស់ចេះមើលនៅថ្ងៃអនាគតពងនេះទៅជាមេមាន់ គ្រាប់ពូជដ៏តូចនេះទៅជាដើមឈើមួយ អ្នកមានបាបនេះទៅជាអ្នកដ៏វិសុទ្ធដែលណែនាំឱ្យព្រះសហគមន៍រឹងមាំ។ លោកប៉ូល ជាមនុស្សម្នាក់ដែលស្អប់គ្រីស្តបរិស័ទដល់កំពូល ជាអ្នកបៀតបៀនគ្រីស្តបរិស័ទខ្លាំងជាងគេ។ នៅពេលគាត់ជួបជាមួយព្រះយេស៊ូ គាត់មើលមិនឃើញ៣ថ្ងៃ ព្រះជាម្ចាស់ឱ្យលោកអាណាញាស់និយាយប្រាប់គាត់ថា “ព្រះជាម្ចាស់បានជ្រើសរើសលោក ដើម្បីប្រកាសដំណឹងល្អ”។ លោកអាណាញាស់ បានឆ្លើយទៅព្រះជាម្ចាស់ថា “តើឱ្យខ្ញុំទៅប្រាប់គាត់ដូចម្តេច បើឮថាគាត់ជាមនុស្សអាក្រក់មែនទែនជាមួយគ្រីស្តបរិស័ទ”។ ប៉ុន្តែ ជាមួយព្រះជាម្ចាស់បានមើលឃើញនៅក្នុងលោកប៉ូលដែលជាអ្នកមានបាប គាត់មានសមត្ថភាពដើម្បីទៅជាអ្នកប្រកាសដំណឹងល្អដ៏អស្ចារ្យមួយ រហូតដល់ទីក្រុងរ៉ូម។ សព្វថ្ងៃ យើងអង្គុយនៅទីនេះប្រហែលដោយសារមានលោកប៉ូលដែលបានចេញធ្វើដំណើរពីទីក្រុងយេរូសាឡឹមពីដើម ដើម្បីប្រកាសដំណឹងល្អ។ បងប្អូនជាទីស្រឡាញ់ ឱ្យយើងយល់ថាព្រះជាម្ចាស់សំលឹងមើលយើង ព្រះជាម្ចាស់មើលឃើញអ្វីដែលពិសេសបំផុតនៅក្នុងជីវិតរបស់យើង។ សព្វថ្ងៃប្រហែលជារឿងសម្ងាត់ ប៉ុន្តែនៅថ្ងៃណាមួយទៅជារឿងដ៏អស្ចារ្យដែលឆ្លើយតបនឹងការត្រាស់ហៅដែលយើងទទួល។ ដូច្នេះ យើងត្រូវការឆ្លើយតបដែរ នៅពេលព្រះជាម្ចាស់មើលយើងហើយ ឱ្យយើងឆ្លើយតប ដូចលោកសាខេ។ នៅពេលគាត់ឡើងលើដើមឈើ គាត់មិនចង់ឱ្យព្រះយេស៊ូមើលឃើញគាត់ទេ ប៉ុន្តែនៅពេលនោះព្រះយេស៊ូមើលឃើញគាត់។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា “ថ្ងៃនេះ ខ្ញុំចង់ទៅញុំាបាយនៅផ្ទះលោក” នៅពេលនោះគាត់មិនបានធ្វើដូចជាមិនឮព្រះបន្ទូលរបស់ព្រះយេស៊ូទេ។ ផ្ទុយទៅវិញ គាត់បានចុះពីដើមឈើភ្លាមៗហើយរត់ទៅផ្ទះ ដើម្បីរៀបចំផ្ទះអស់ពីសមត្ថភាពសម្រាប់ទទួលព្រះយេស៊ូ។ លោកសាខេ គាត់ជាមនុស្សម្នាក់ដែលមហាជនស្អប់ណាស់ ដោយសារគាត់ជាអ្នកទារពន្ធលើសពីចំនួនកំណត់ពីប្រជាជន។ តែគាត់បានស្វាគមន៍ព្រះយេស៊ូ បានឆ្លើយតបការត្រាស់ហៅរបស់ព្រះយេស៊ូ និងព្រះយេស៊ូបានប្រទានឱ្យគាត់ទៅជាមនុស្សដ៏ពេញលក្ខណៈ។ មនុស្សដ៏អស្ចារ្យ ដែលបានចែករំលែកទ្រព្យសម្បត្តិរបស់គាត់ទៅអ្នកក្រីក្រ លើសពីអ្វីដែលគាត់បានយកពីគេកន្លងមក។ ពីអ្នកមានបាបទៅជាអ្នកដ៏វិសុទ្ធ ទៅជាសាវ័ករបស់ព្រះយេស៊ូ ដោយសារគាត់បានចុះពីដើមឈើ គាត់បានរៀបចំម្ហូបអាហារថ្វាយព្រះយេស៊ូ។

ព្រះបិតាស្វាគមន៍ឱ្យកែប្រែចិត្តគំនិត
អភិបូជាអាទិត្យទី៤នៃរដូវអប់រំពិសេស ធ្វើនៅព្រះសហគមន៍សន្តយ៉ូសែប ជុំគិរី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ អត្ថបទទី១៖ យ៉ូស៊ូអា ៥,៩ក.១០-១២យើងដកគសេចក្ដីអាម៉ាស់់ចេញឆ្ងាយពីអ្នករាល់គ្នាហើយ។ យស ៥,៩អត្ថបទទី២៖ កូរិនថូសទី២ ៥,១៧-២១ព្រះជាម្ចាស់បានធ្វើឲ្យព្រះអង្គទៅជាតួបាបសម្រាប់យើង។ ២ករ ៥,២១ដំណឹងល្អ៖ លូកា ១៥,១-៣.១១-៣២សូមលោកឪពុកចាត់ទុកកូនជាអ្នកបម្រើចុះ។ លក ១៥,១៩ “ព្រះបិតាស្វាគមន៍ឱ្យកែប្រែចិត្តគំនិត” បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ យើងចូលនៅក្នុងអាទិត្យទី៤នៃរដូវ៤០ថ្ងៃ ជាពេលវេលាដើម្បីឱ្យយើងបន្តធ្វើដំណើរនៅក្នុងជីវិតរបស់យើង ដែលព្រះសហគមន៍អញ្ចើញយើងដើម្បីឱ្យយើងកែប្រែចិត្តគំនិត។ ជាពិសេសថ្ងៃនេះ ឱ្យយើងមើលឃើញរបៀបដែលព្រះជាម្ចាស់ស្រឡាញ់យើង របៀបដែលព្រះជាម្ចាស់លើកលែងទោសឱ្យយើង របៀបដែលព្រះជាម្ចាស់ធ្វើដំណើរជាមួយយើង ពីដើមរៀងមក។ ពីរថ្ងៃមុន យើងបានចូលនៅក្នុងពិធីមួយយ៉ាងពិសេស រួមជាមួយសម្ដេចប៉ាប នៅក្នុងឱកាសដែលយើងគោរពព្រះនាងម៉ារី ដែលទទួលដំណឹងពីទេវទូតកាព្រីអែលទៅជាមាតារបស់ព្រះជាម្ចាស់។ នៅពេលនោះ សម្ដេចប៉ាបបានអញ្ចើញឱ្យពិភពលោកទាំងមូល ជាពិសេសលោកអភិបាល លោកបូជាចារ្យម្នាក់ៗ ឱ្យអធិដ្ឋានជាមួយគ្រីស្តបរិស័ទ សម្រាប់សេចក្ដីសុខសាន្ត។ បានណែនាំឱ្យយើងថ្វាយពិភពលោករបស់យើង ថ្វាយប្រទេសអ៊ុយក្រែននិងប្រទេសរុស្ស៊ីដែលកំពុងមានសង្គ្រាមទៅដល់ព្រះបេះដូងដ៏និមលរបស់ព្រះនាងម៉ារី។ ខ្ញុំបានចាប់អារម្មណ៍ពីបៀបដែលសម្ដេចប៉ាប បានរៀបចំនៅក្នុងវិសាលវិហារនៅសន្តសិលា ក្នុងទីក្រុងរ៉ូម។ តាមពិត មុនចូលនៅក្នុងការអធិដ្ឋានមួយយ៉ាងពិសេស ដែលយើងបានថ្វាយពិភពលោក ថ្វាយអ៊ុយក្រែននិងរុស្ស៊ី ទៅដល់ព្រះនាងម៉ារី មានពេលវេលាមួយយ៉ាងយូរ ដើម្បីអធិដ្ឋាន និងដើម្បីសុំការលើកលែងទោសពីព្រះជាម្ចាស់ ដើម្បីទទួលស្គាល់អំពើបាបរបស់យើង។ នេះខ្ញុំគិតថា នៅក្នុងរដូវ៤០ថ្ងៃជាពេលវេលាមួយ ដែលយើងត្រូវតែយកដើម្បីមើលឃើញអំពើបាបរបស់យើង ដើម្បីមើលឃើញទុក្ខលំបាករបស់យើង ដើម្បីមើលឃើញភាពងងឹតនៅក្នុងខ្លួនរបស់យើង ដើម្បីសុំព្រះជាម្ចាស់លើកលែងទោសឱ្យយើង។ ប៉ុន្តែ នៅពេលសម្ដេចប៉ាបបានពន្យល់គម្ពីរដំណឹងល្អថ្ងៃនោះ សម្ដេចប៉ាបបាននិយាយថា “ទោះបីយើងមើលឃើញបាបរបស់យើង កុំឱ្យយើងមើលឃើញតែបាបរបស់យើងតែប៉ុណ្ណឹង ដោយសារប្រសិនបើយើងចេះតែមើលឃើញបាបរបស់យើង ហាក់បីដូចជាយើងមើលផ្ទាល់ខ្លួនដដែលៗ”។ ដោយដឹងថា យើងជាមនុស្សមានបាបយើងទៅមុខយ៉ាងមិចបាន តាមពិតជាពេលវេលាដើម្បីមើលឃើញព្រះជាម្ចាស់តែម្ដង ដើម្បីទទួលស្គាល់ពិតមែនព្រះជាម្ចាស់ស្រឡាញ់ខ្ញុំ ដើម្បីទទួលស្គាល់នៅពេលខ្ញុំដឹងអំពីអំពើបាបរបស់ខ្ញុំ ព្រះជាម្ចាស់លើកលែងទោសឱ្យខ្ញុំ។ ដូច្នេះ នៅពេលយើងទទួលអគ្គសញ្ញាលើកលែងទោស នៅពេលយើងកំពុងអង្គុយមើលឃើញបាបរបស់យើង ជាពេលវេលាដើម្បីមើលឃើញសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ដើម្បីមើលឃើញរបៀបព្រះជាម្ចាស់ដែលស្រឡាញ់យើងដោយគ្មានព្រំដែន។ ថ្ងៃនេះ យើងចូលនៅក្នុងអត្ថបទគម្ពីរមួយ ដែលណែនាំឱ្យយើងមើលឃើញ ដោយសារឪពុកដែលទទួលស្វាគមន៍កូនគាត់ដែលវង្វេង ជានិមិត្តរូបនៃព្រះបិតារបស់យើង។ នេះជាឪពុកម្នាក់ ដូច្នេះបប្រសិនបើយើងមើលឃើញព្រះបិតាធំជាងឪពុកនេះដល់កម្រិតណាទៀត។ សូមចាប់អារម្មណ៍ នៅពេលកូនពៅបានត្រៀមខ្លួនត្រឡប់ទៅផ្ទះវិញ ដោយសារគាត់បានវង្វេងផ្លូវ បានប្រមូលទ្រព្យសម្បត្តិពីឪពុកទាំងអស់។ ក្រោយមក គាត់ចាយទ្រព្យសម្បត្តិនេះក្នុងរបៀបរញេរញ៉ៃ ពេលគាត់អស់លុយហើយ គាត់នឹងទៅជាអ្នកបម្រើរបស់គេ ដោយមានតែចំណីជ្រូកសម្រាប់ហូប។ គាត់ធ្លាក់មែនទែននៅក្នុងជីវិតរបស់គាត់ ដូច្នេះគោលដៅរបស់គាត់ប្រហែលគាត់មានល្បិចតិចៗដែរ គាត់បាននឹកឃើញប្រសិនបើខ្ញុំទៅផ្ទះខ្ញុំ ខ្ញុំអាចមានម្ហូបអាហារញ៉ាំ ខ្ញុំមានកន្លែងស្នាក់នៅត្រឹមត្រូវ ខ្ញុំមិនត្រូវការធ្វើជាអ្នកបម្រើគេទេ។ ហេតុនេះហើយ គាត់គិត ថាឥលូវនេះខ្ញុំទៅដល់ផ្ទះហើយខ្ញុំសុំឪពុកលើកលែងទោសឱ្យខ្ញុំ ដោយទទួលស្គាល់អំពើបាបរបស់ខ្ញុំ ដោយសារ ខ្ញុំបានធ្វើខុស។ ប៉ុន្តែ អ្វីដែលកើតឡើងគាត់មិននឹកស្មានទេ តាមពិតឪពុកគាត់ចេះតែចាំផ្លូវ ទោះបីឪពុកគាត់ចាស់ក៏ដោយនៅចាំផ្លូវកូនពីយូរហើយ ចាំផ្លូវមើលឃើញកូនរបស់គាត់។ នៅពេលនោះ “កាលឪពុកឃើញកូនពីចម្ងាយ គាត់មានចិត្តអាណិតអាសូរក្រៃលែង ក៏រត់ទៅទទួលកូន” ទោះបីគាត់ចាស់ក៏ដោយ គាត់នៅតែរត់ទៅទទួលកូន “ហើយឱបកូន ថើបកូនទៀត”។ មិនមែនចាប់កូន វាយកូន ឬស្ដីឱ្យ បានធ្វើអ្វីនឹងលុយខ្ញុំ បានធ្វើអ្វីដល់មរតកដែលខ្ញុំបានឱ្យ បានដើរលេងជាមួយស្រីៗ បានស៊ីផឹក…។ ប៉ុន្តែ ឪពុកបានរត់ទៅដើម្បីទទួលស្វាគមន៍ ឱបគាត់ ថើបគាត់ និងក្រោយមករៀបចំជប់លៀងដើម្បីបង្ហាញអំពីអំណរសប្បាយ។ ជប់លៀងដែលគេញ៉ាំម្ហូបឆ្ងាញ់បំផុត កូនគោដែលគេបានទុកពីយូរហើយ បំពាក់អាវនិងខោយ៉ាងស្អាតបំផុត ដើម្បីឱ្យទាំងអស់គ្នាជាអ្នកបម្រើ និងកូនបងចូលរួមនៅក្នុងអំណរសប្បាយ ដោយសារ រកឃើញកូនដែលបាត់បង់។ នេះជាពាក្យប្រស្នាដែលព្រះយេស៊ូកំពុងបង្ហាញឱ្យយើង ដើម្បីឱ្យយើងមើលឃើញតិចតួចអំពីរបៀបដែលព្រះបិតាស្រឡាញ់យើង។ ដូច្នេះ ឱ្យយើងនឹកឃើញនេះកុំឱ្យយើងមានល្បិច ដោយគិតថាឥលូវនេះយើងទៅទទួលស្គាល់អំពើបាបរបស់យើង ដោយដឹងថាអត់អីទេ ព្រះបិតាលើកលែងទោសឱ្យយើង ហើយយើងនៅតែធ្វើទៀត។ តាមពិត យើងត្រូវតែភ្ញាក់ស្មារតីអំពីរបៀបដែលឪពុកបានស្វាគមន៍កូន និងរបៀបដែលព្រះបិតាស្រឡាញ់យើង។ របៀបដែលព្រះបិតាចង់ឱ្យយើងទៅជាមនុស្សថ្មី របៀបដែលព្រះបិតាមានព្រះហឫទ័យប្រណីសន្តោសដ៏ពិតប្រាកដ។ មិនមែនប្រណីសន្តោសតិចតួច មិនមែនប្រណីសន្តោសល្មមៗ ប៉ុន្តែនៅពេលដែលយើងទទួលស្គាល់អំពើបាបរបស់យើងដោយពេញលក្ខណៈ នៅពេលនោះយើងទទួលការលើកលែងទោសដ៏ពេញលក្ខណៈដែរ។ ថ្ងៃនេះ ជាពេលវេលាដើម្បីសម្លឹងមើលអំណរសប្បាយរបស់ព្រះជាម្ចាស់ដែលជាព្រះបិតាយើង នៅពេលព្រះបិតាឃើញយើងដែលកំពុងខិតខំអធិដ្ឋាន ខិតខំចូលព្រះវិហារ។ ប្រសិនបើ ខ្ញុំមានមេក្រូ (ឧគ្ឃោសនាសព្ទ) ដូចគេមាននៅវត្ត ប្រហែលបងប្អូនដែលអត់ចូលព្រះវិហារថ្ងៃនេះ ដែលកំពុងបេះស្វាយនៅថ្ងៃដែលយើងត្រូវការគោរពព្រះជាម្ចាស់ អាចឮសំលេងខ្ញុំ នឹងអាចត្រឡប់មកវិញភ្លាម ដោយគិតថាពិតមែនយើងកំពុងវង្វេងអស់ហើយ យើងទៅបេះស្វាយនៅថ្ងៃដែលយើងត្រូវទទួលសេចក្ដីស្រឡាញ់ពីព្រះជាម្ចាស់ នៅក្នុងអភិបូជាដោយស្ដាប់ព្រះបន្ទូលនិងទទួលព្រះកាយព្រះគ្រីស្ត។ ដោយសារ នៅពេលហ្នឹងព្រះបិតាសប្បាយចិត្តជាមួយយើង មានព្រះហឫទ័យរំភើប មានព្រះហឫទ័យទទួលស្វាគមន៍ មានព្រះហឫទ័យរៀបចំជប់លៀងសម្រាប់យើង។ ដោយសារ យើងចូលអភិបូជាតាមពិតយើងចូលនៅក្នុងពិធីជប់លៀង ជប់លៀងដែលបន្តិចទៀតយើងធ្វើនៅលើតុអាសនៈ។ នៅពេលយើងទទួលព្រះកាយព្រះគ្រីស្ត យើងទទួលជីវិតរបស់ព្រះជាម្ចាស់ ជាពិធីជប់លៀងមហាកំពូល ជាជប់លៀងណែនាំឱ្យយើងមើលឃើញពិធីជប់លៀងអស់កល្បជានិច្ច ដែលមាននៅស្ថានបរមសុខសម្រាប់ថ្ងៃអនាគតរបស់យើង។ បងប្អូនជាទីស្រឡាញ់ ពីម្សិលមិញខ្ញុំបានចូលនៅក្នុងមណ្ឌលកែប្រែព្រៃស (ពន្ធនាគារ) ខ្ញុំបានចូលទៅថ្វាយអភិបូជាសម្រាប់បងប្អូនមួយចំនួនដែលជាកាតូលិក។ នៅក្នុងមន្ទីរឃុំឃាំងព្រៃសប្រហែលមានមនុស្សពី៧០០០ទៅ១០០០០នាក់។ ខ្ញុំរំភើបដែរ ដោយសារយើងបានអានគម្ពីរ បានថ្វាយអភិបូជាមានប្រហែល៥០នាក់ដែលចូលរួម។ ខ្ញុំបានប្រាប់គេថា មើលរបៀបដែលព្រះជាម្ចាស់ស្រឡាញ់យើង យើងជាប់ ឃុំឃាំងដោយសារច្បាប់សង្គម។ ប៉ុន្តែ នៅថ្ងៃហ្នឹងដែលយើងជួបគ្នានៅក្នុងបន្ទប់ដ៏តូចមួយ យើងដូចជាបានទទួលអំណោយមួយយ៉ាងពិសេសបំផុត គឺព្រះជាម្ចាស់។ ព្រះជាម្ចាស់កាត់ក្ដីយើងរបៀបផ្សេង មិនមែនកាត់ក្ដីយើងដូចតុលាការដែលទុកឱ្យយើងនៅក្នុងពន្ធនាគារមាន៥ឆ្នាំ ១០ឆ្នាំ ខ្លះ២០ឆ្នាំ ខ្លះ២៥ឆ្នាំ ខ្លះ៣០ឆ្នាំ។ ប៉ុន្តែ ជាមួយព្រះជាម្ចាស់ផ្សេងពេលយើងទទួលស្គាល់អំពើបាបរបស់យើងដ៏ពិតប្រាកដ យើងដឹងថាព្រះជាម្ចាស់លើកលែងទោសឱ្យយើង។ ដូច្នេះ ពេលយើងចូលនៅក្នុងបន្ទប់ដ៏តូចនេះដើម្បីថ្វាយអភិបូជា ជាពេលវេលាមួយដូចជាយើងទទួលសេរីភាព។ ទោះបីយើងជាប់ក្នុងពន្ធនាគារក៏ដោយ យើងទទួលសេរីភាពនៅក្នុងដួងចិត្តដោយដឹងថា ព្រះជាម្ចាស់ស្រឡាញ់យើង ព្រះជាម្ចាស់ធ្វើដំណើរជាមួយយើង។ យើងចូលនៅក្នុងសក្ការៈបូជា ដែលជាពិធិជប់លៀងរបស់ព្រះជាម្ចាស់ ដូចជាយើងចូលនៅក្នុងកោះមួយដ៏តូចដែលមានសេចក្ដីស្រឡាញ់ដែលមកពីព្រះជាម្ចាស់។ ថ្ងៃនេះ យើងចូលនៅក្នុងព្រះវិហារនៅជុំគិរី ដូចជាបងប្អូនទាំងអស់នៅក្នុងភូមិភាគភ្នំពេញ ជាពិសេសសម្រាប់បងប្អូនដែលធ្វើពិធីជម្រះចិត្តគំនិតទីពីរ។ ដោយសារ យើងមាន៩៥នាក់ដែលទទួលជំហានទីពីរ ហើយត្រៀមខ្លួនដើម្បីទៅជាគ្រីស្តបរិស័ទខាងមុខនេះ។ ថ្ងៃនេះ ជាពេលវេលាមួយដើម្បីឱ្យយើងនឹកឃើញសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ របៀបដែលព្រះបិតាអង្គុយដើម្បីមើលផ្លូវ។ របៀបដែលព្រះបិតាមើលយើងពីចម្ងាយ របៀបដែលព្រះបិតារត់ដើម្បីទទួលស្វាគមន៍យើងនៅពេលយើងត្រឡប់មកវិញ របៀបដែលព្រះបិតាថើបយើងនៅក្នុងសេចក្ដីស្រឡាញ់ដ៏ពេញលក្ខណៈ របៀបដែលព្រះបិតាណែនាំឱ្យយើងទៅជាមនុស្សថ្មី។ ដូច្នេះ យើងត្រូវតែអធិដ្ឋាន អធិដ្ឋានម្ដងហើយម្ដងទៀតដោយទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គលើកលែងទោសឱ្យយើង។ ប៉ុន្មានថ្ងៃមុន យើងបានអធិដ្ឋានរួមជាមួយព្រះនាងម៉ារី ព្រះនាងម៉ារីដែលជាតារាសមុទ្រ ព្រះនាងម៉ារីដែលជាសម្ពន្ធរវាងព្រះជាម្ចាស់នឹងយើង ដើម្បីឱ្យយើងទទួលការលើកលែងទោស។ ព្រះនាងម៉ារី ដែលជាព្រះមហាក្សត្រីនៃពិភពលោកទាំងមូល នៃក្រុមគ្រួសាររបស់យើងនៅក្នុងមនុស្សលោក ព្រះនាងម៉ារីដែលជាព្រះមហាក្សត្រីនៃសុខសន្តិភាព ណែនាំឱ្យយើងធ្វើដំណើរ។ ពីថ្ងៃដែលព្រះយេស៊ូចាប់កំណើតជាមនុស្ស ពីថ្ងៃដែលព្រះយេស៊ូបានប្រសូត ពីថ្ងៃដែលព្រះយេស៊ូចូលនៅក្នុងមង្គលការកាណា

សន្តសន្តីជាកម្លាំងសម្រាប់យើង ដើម្បីទៅជាមនុស្សសុចរិត
អភិបូជាខួប១២ឆ្នាំជាអភិបាល ធ្វើនៅព្រះសហគមន៍សន្តយ៉ូសែប ផ្សារតូច ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ អត្ថបទទី១៖ សេរីភាព ១៧,៣-៧តើព្រះអម្ចាស់គង់ក្នុងចំណោមពួកយើងមែន ឬមិនមែន? សរ ១៧,៧អត្ថបទទី២៖ រ៉ូម ៥,១-២.៥-៨យើងមានមាគ៌ាចូលទៅកាន់ជីវិតថ្មី។ រម ៥,២ដំណឹងល្អ៖ យ៉ូហាន ៤,៥-៤២តើលោកបានទឹកដែលផ្ដល់ជីវិតនោះពីណាមក? យហ ៤,១១ “សន្តសន្តីជាកម្លាំងសម្រាប់យើង ដើម្បីទៅជាមនុស្សសុចរិត” បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ យើងបានស្ដាប់អំពីព្រះជាម្ចាស់ ច្រើនដងយើងសួរខ្លួនឯងថា តើព្រះជាម្ចាស់ជានរណា? ប៉ុន្តែ ថ្ងៃនេះពេលយើងស្ដាប់អត្ថបទទី១ គឺគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព ទំនាក់ទំនងលោកម៉ូសេជាមួយនឹងព្រះជាម្ចាស់ ណែនាំឱ្យយើងឃើញព្រះជាម្ចាស់ដូចជាសម្ដែងព្រះហឫទ័យដល់លោកម៉ូសេនិងដល់យើងដែរ។ យើងបានស្ដាប់ថា “យើងជាព្រះដែលឪពុកអ្នកតែងគោរពបម្រើគឺព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប”។ នៅពេលយើងនឹកឃើញលោកអប្រាហាំ លោកអ៊ីសាក លោកយ៉ាកុប យើងនឹកឃើញដល់លោកយ៉ូហានបាទីស្ទដែរ។ យើងនឹកឃើញដល់សន្តយ៉ូសែប ដែលយើងបានគោរពពីម្សិលមិញ ដោយសារទាំងអស់គ្នាជាមនុស្សសុចរិត។ ព្រះជាម្ចាស់បានជ្រើសរើសគេ ថែរក្សាគេ ឱ្យគេទទួលភាពដ៏វិសុទ្ធរបស់ព្រះអង្គទៅជាមនុស្សសុចរិត ដែលរស់នៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដ៏ពិតប្រាកដ។ តាមពិត នៅពេលខ្ញុំបានជ្រើសរើសថ្ងៃតែងតាំងជាអភិបាល ខ្ញុំបានរើសថ្ងៃសន្តយ៉ូសែប គឺថ្ងៃទី២០ ខែមីនា ឆ្នាំ២០១០។ ប៉ុន្តែ ថ្ងៃដែលព្រះជាម្ចាស់បានត្រាស់ហៅឱ្យខ្ញុំទៅជាលោកអភិបាល តាមរយៈសម្ដេចប៉ាប បេណេឌីតូទី១៦គឺយប់បុណ្យព្រះយេស៊ូប្រសូត្រ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០០៩។ ថ្ងៃដែលខ្ញុំបានទទួលបន្តបេសកកម្មដ៏ពេញលក្ខណៈពីលោកអភិបាល អេមីល គឺថ្ងៃទី០១ ខែតុលា ឆ្នាំ២០១០គឺថ្ងៃសន្តីតេរេសា។ នៅក្នុងជីវិតរបស់យើង យើងមានសន្តសន្តីដែលណែនាំឱ្យយើងរស់នៅក្នុងព្រះហឫទ័យព្រះជាម្ចាស់។ យើងទាំងអស់គ្នា យើងមានគំរូដែលណែនាំឱ្យយើងទៅមុខនៅក្នុងជីវិតជាគ្រីស្តបរិស័ទ។ ប្អូនៗដែលថ្ងៃនេះធ្វើពិធីជម្រះចិត្តគំនិតលើកទី១ ប៉ុន្មានថ្ងៃមុននៅពេលខ្ញុំត្រាស់ហៅយ៉ាងឱឡារិក ខ្ញុំបានហៅតាមឈ្មោះសន្តសន្តីដែលបានជ្រើសរើសផ្ទាល់ខ្លួន។ សន្តសន្តីជាកម្លាំងសម្រាប់យើង ដើម្បីទៅជាមនុស្សសុចរិត ប៉ុន្តែយើងត្រូវការធ្វើប្រយ័ត្ន។ យើងបានស្ដាប់នៅក្នុងអត្ថបទទី២ “ប៉ុន្តែ ដោយថាបុព្វបុរសមួយចំនួនធំ មិនបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ ពួកគេស្លាប់នៅវាលរហោស្ថាន”។ តាមពិត យើងបានទទួលការត្រាស់ហៅទាំងអស់គ្នា ប៉ុន្តែជួនកាលយើងភ្លេចខ្លួន នៅពេលនោះដូចជាយើងស្លាប់នៅវាលរហោស្ថាន។ ប៉ុន្តែ ព្រះជាម្ចាស់គង់នៅជាមួយយើង ដើម្បីឱ្យយើងរស់ឡើងវិញសាជាថ្មី នេះជាបទពិសោធន៍ដែលខ្ញុំមាននៅក្នុងរយៈពេល១២ឆ្នាំកន្លងមក។ សន្ត អូកូស្តាំង ធ្លាប់មានប្រសាសន៍ថា “ខ្ញុំជាលោកអភិបាលដើម្បីបម្រើបងប្អូន និងខ្ញុំជាគ្រីស្តបរិស័ទដែលធ្វើដំណើរជាមួយបងប្អូន”។ ខ្ញុំគិតថា សម្រាប់ខ្ញុំជាលោកអភិបាលគឺនេះពិតមែន ខ្ញុំជាលោកអភិបាលដើម្បីបម្រើបងប្អូន នៅពេលខ្ញុំបានទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ ខ្ញុំបានឆ្លាក់លើពែងកាលីសរបស់ខ្ញុំថា “ដោយសេចក្ដីស្រឡាញ់”។ នៅពេលខ្ញុំបានទទួលអគ្គសញ្ញាតែងតាំងជាអភិបាលខ្ញុំបានឆ្លាក់ថា “ដោយបម្រើ”។ យើងជាលោកអភិបាលដើម្បីបម្រើបងប្អូន ប៉ុន្តែជាគ្រីស្តបរិស័ទដែរ ជាគ្រីស្តបរិស័ទម្នាក់ដែលដំណើររួមជាមួយបងប្អូន ជាបូជាចារ្យម្នាក់ដែលធ្វើដំណើររួមជាមួយលោកឪពុក ឱ្យយើងរួមគ្នាដើម្បីកសាងព្រះសហគមន៍នៅភូមិភាគភ្នំពេញ។ បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះយើងបានស្ដាប់អត្ថបទដំណឹងល្អដែលស្ដីអំពីស្រ្តីសាសន៍សាម៉ារី ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា “ប្រសិនបើនាងស្គាល់ព្រះអំណោយទានរបស់ព្រះជាម្ចាស់និងស្គាល់អ្នកដែលនិយាយទៅកាន់នាងថា ខ្ញុំសុំទឹកទទួលទានបន្តិច នោះនាងមុខជាសុំទឹកពីលោកវិញពុំខាន”។ ប្រសិនបើនាងស្គាល់ព្រះអំណោយទានរបស់ព្រះជាម្ចាស់ នេះជាបទពិសោធន៍ដែលខ្ញុំមាននៅក្នុងរយៈពេល១២ឆ្នាំ ដែលខ្ញុំបានធ្វើដំណើរជាមួយបងប្អូន។ ខ្ញុំបានមើលឃើញយ៉ាងជាក់ស្ដែង អំពីព្រះអំណោយទានរបស់ព្រះជាម្ចាស់សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គលើទឹកដីកម្ពុជា ជាពិសេសនៅក្នុងភូមិភាគភ្នំពេញ។ តាមរយៈមណ្ឌលសកម្មភាពទាំង៩ នៅពេលបានជួបជាមួយបងប្អូនគ្រីស្តបរិស័ទ ជួបជាមួយយុវជនយុវនារី ជួបជាមួយអ្នកដែលកំពុងស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញយ៉ាងជាក់ស្ដែង ពិតមែនព្រះអំណោយទានរបស់ព្រះជាម្ចាស់ កំពុងកើតជារូបរាងនៅលើទឹកដីយើង។ យើងមានជីវិត យើងមានកម្លាំង ទោះបីមានកូវីដ-១៩ក៏ដោយ ក៏យើងបន្ត យើងបានធ្វើដំណើរនៅក្នុងការអធិដ្ឋានរួមជាមួយគ្នា ដើម្បីថែរក្សាជំនឿ។ ជំនឿរបស់យើង ជាជំនឿដែលយើងទទួលបានពីបុព្វបុរសរបស់យើង ដែលយើងទទួលថ្មីៗក៏ដោយ យើងដឹងថាជាជំនឿដែលយើងទទួលបានពីបងប្អូនដែលបានផ្ដល់សក្ខីភាព ពីមុនសម័យប៉ុលពតរហូតដល់សម័យនេះ ដើម្បីឱ្យព្រះសហគមន៍ដែលបានឆ្លងប្រវត្តិសាស្ត្រដ៏ពិសេសនៅមានជីវិត។ នៅមានជីវិតដដែល កំពុងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងសេចក្ដីសុខសាន្ត សម្រាប់នេះខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់។ ខ្ញុំអរព្រះគុណព្រះជាម្ចាស់ ពេលខ្ញុំឃើញព្រះអំណោយទានរបស់ព្រះអង្គតាមរយៈលោកបូជាចារ្យ បព្វជិតបព្វជិតា ដែលបម្រើព្រះសហគមន៍អស់ពីសេចក្ដីស្រឡាញ់។ ដែលយកចិត្តទុកដាក់ធ្វើជាគ្រូគង្វាល ដើម្បីឱ្យព្រះសហគមន៍រួមរស់នៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ មិនធ្លាក់នៅក្នុងវាលរហោស្ថាន។ ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ សម្រាប់ការអភិវឌ្ឍន៍ និងការប្រកាសដំណឹងល្អ ដែលយើងបានយកចិត្តទុកដាក់ធ្វើអស់រយៈពេល១២ឆ្នាំ។ ជាពិសេស តាមរយៈការិយាល័យនីមួយៗ ការិយាល័យយុវជន ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក ការិយាល័យអប់រំជំនឿនិងពិធីបុណ្យ ការិយាល័យសុខភាពនិងកម្មករ ការិយាល័យការសិក្សា ការិយាល័យសិល្បៈ ការិយាល័យសហគ្រិនសង្គម ការិយាល័យទទួលស្វាគមន៍នៅភ្នំពេញថ្មី និងការិយាល័យលោកអភិបាល។ កន្លែងនីមួយៗ យើងមានតែបងប្អូនដែលយកចិត្តទុកដាក់នៅក្នុងសេចក្ដីស្រឡាញ់ នៅក្នុងកម្លាំងកាយកម្លាំងចិត្ត ដើម្បីធ្វើដំណើរជាមួយគ្នា។ សព្វថ្ងៃ ពេលយើងនិយាយថាធ្វើដំណើរជាមួយគ្នា ខ្ញុំគិតថានៅក្នុងភូមិភាគយើង យើងមានបទពិសោធន៍នេះមែនទែន។ តាមកាលៈទេសៈនីមួយៗយើងទៅមុខទៀត នៅពេលយើងមានអំណរសប្បាយយើងទៅមុខ ពេលយើងចូលនៅក្នុងបញ្ហាជាមួយកូវីដ-១៩យើងទៅមុខទៀត។ សព្វថ្ងៃ យើងខិតខំបន្តប្រកាសដំណឹងល្អ ដោយណែនាំឱ្យបងប្អូនរៀងៗខ្លួនអភិវឌ្ឍន៍ រីកចម្រើននៅក្នុងជីវិតរបស់គាត់។ ជាកុមារក្ដី ជាយុវជនយុវនារីក្ដី ជាពូមីងក្តី ជាតាយាយក្ដី ដើម្បីរកឃើញអំណោយទានរបស់ព្រះជាម្ចាស់នៅក្នុងជីវិតផ្ទាល់ខ្លួន។ ខ្ញុំបានឃើញ ព្រះអំណោយទានរបស់ព្រះជាម្ចាស់តាមរយៈអង្គការកាតូលិក និងតាមរយៈគ្រីស្តបរិស័ទដែលផ្ញើជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់។ ដែលជាសញ្ញាសម្គាល់ នៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់យ៉ាងជាក់ស្ដែង នៅក្នុងសង្គមរបស់យើងបច្ចុប្បន្ននេះ។ យើងមានវត្តមាន នៅក្នុងគ្រប់វិស័យ វិស័យអប់រំ វិស័យសុខភាព វិស័យអ្នកសង្គមកិច្ច វិស័យអភិវឌ្ឍន៍ជនបទ វិស័យដែលណែនាំឱ្យមនុស្សទាំងអស់អាចរកឃើញសេចក្ដីសង្ឃឹម និងរកឃើញទីពឹងថ្មីនៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ ពិតមែន នៅគ្រប់ទីកន្លែងក្នុងភូមិភាគភ្នំពេញ ក្នុងរយៈពេល១២ឆ្នាំកន្លងមកខ្ញុំបានមើល ខ្ញុំបានជួបជាមួយបងប្អូនដែលជាកម្លាំង កម្លាំងសម្រាប់ខ្ញុំដែលជាលោកអភិបាល ដោយសារខ្ញុំជាមនុស្សខ្សោយដែរយើងត្រូវការរកឃើញកម្លាំង។ កុំឱ្យយើងគិតថា យើងជាមនុស្សពោរពេញដោយកម្លាំងគ្រប់ពេលវេលា រកឃើញកម្លាំងសម្រាប់ព្រះសហគមន៍របស់យើង ដែលចេះតែទៅមុខ។ ជួនកាលយើងធ្លាក់ ជួនកាលយើងអស់សង្ឃឹម នៅពេលនឹកឃើញដល់ជីវិតដែលយើងមាននៅក្នុងភូមិភាគយើង ខ្ញុំមានតែអរព្រះគុណព្រះជាម្ចាស់។ ដោយសារ ពិតមែនប្រសិនបើយើងស្គាល់ព្រះអំណោយទានរបស់ព្រះជាម្ចាស់ យើងសុំទឹកពីព្រះយេស៊ូផ្ទាល់ ទឹកដែលផ្ដល់ជីវិតអស់កល្បជានិច្ច។ បងប្អូនជាទីស្រឡាញ់ យើងចូលនៅក្នុងដំណើររួមជាមួយគ្នាតទៅទៀត ដើម្បីទៅខាងមុខ និងអរគុណសម្ដេចប៉ាប ដែលបានសុំឱ្យព្រះសហគមន៍នៅក្នុងពិភពលោកទាំងមូល ចូលនៅក្នុងសន្និបាត២០២១-២០២៣ ដែលណែនាំឱ្យយើងគិតពិចារណា តើយើងធ្វើដំណើររួមជាមួយគ្នាយ៉ាងដូចម្ដេច? ដោយយកចិត្តទុកដាក់នឹកឃើញដល់បេសកកម្មរបស់យើង យកចិត្តទុកដាក់ដើម្បីជាអង្គតែមួយ ធ្វើដំណើររួមជាមួយគ្នា ជាមួយព្រះជាម្ចាស់នៅក្នុងព្រះសហគមន៍របស់យើង។ ជាពិសេស ដើម្បីឱ្យយើងរៀងៗខ្លួនជាគ្រីស្តបរិស័ទក្ដី ជាអ្នកដែលកំពុងស្វែងរកព្រះបន្ទូលព្រះជាម្ចាស់ក្ដី ដែលជាយុវជនយុវនារី ដែលជាបូជាចារ្យ ដែលជាបងប្រុសបងស្រី ដែលជាលោកអភិបាល ដើម្បីចូលរួមយ៉ាងសកម្មនៅក្នុងបេសកកម្មដែលយើងបានទទួលពីព្រះជាម្ចាស់។ នៅក្នុងអត្ថបទទី១ យើងបានមើលឃើញរបៀបដែលយើងត្រូវតែធ្វើ ដោយសារកុំឱ្យយើងធ្វើតាមចិត្ត កុំឱ្យយើងធ្វើអ្វីតាមការនឹកឃើញ។ យើងត្រូវការចូលនៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ចូលនៅក្នុងរបៀបដែលព្រះជាម្ចាស់ណែនាំយើង ដែលព្រះជាម្ចាស់បង្រៀនយើង ដែលព្រះជាម្ចាស់ធ្វើដំណើរជាមួយយើងតាំងពីដើមរៀងមក។ នៅពេលយើងនិយាយអំពី អង្គតែមួយ ធ្លុងតែមួយ យើងត្រូវការធ្វើយ៉ាងជាក់ស្ដែង ព្រះជាម្ចាស់មានព្រះបន្ទូលថា “ខ្ញុំជាព្រះដែលឪពុកអ្នកតែងគោរពបម្រើ គឺព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក

កសាងសុខសន្តិភាពតាមគំរូមរណៈសាក្សី
អភិបូជារំលឹកលោកឪពុកត្រឿង ប៊ូយៀប ធ្វើនៅព្រះសហគមន៍ផ្លូវត្រី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ អត្ថបទទី១៖ ទុតិយកថា ២៦,១៦-១៩ព្រះអម្ចាស់យល់ព្រមទទួលអ្នកជាប្រជារាស្ដ្ររបស់ព្រះអង្គផ្ទាល់។ ទក ២៦,១៨ដំណឹងល្អ៖ ម៉ាថាយ ៥,៤៣-៤៨សូម្បីតែអ្នកទារពន្ធ*ក៏ចេះស្រឡាញ់គ្នាគេដែរ។ មថ ៥,៤៦ បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ ដែលយើងជួបជុំគ្នាដើម្បីនឹករលឹកដល់លោកឪពុក ហ្វ្រង់ស្វ័រសាវីយ៉េ យៀប ជាបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍ផ្លូវត្រីយើងនៅឆ្នាំ១៩២៤។ មានន័យថា ព្រះសហគមន៍របស់យើងជាព្រះសហគមន៍ចាស់ហើយ ព្រះសហគមន៍របស់យើងជាព្រះសហគមន៍ដែលមានគ្រីស្តបរិស័ទពីដើម។ ដែលបានចាប់ផ្តើមសាបព្រោះនៅលើទឹកដីរបស់យើង ដើម្បីណែនាំឱ្យជីវិតបានរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចមានផ្លែដ៏ពិតប្រាកដមែន។ បងប្អូនជាទីស្រឡាញ់ យើងនៅខាងកើតនៃទន្លេមេគង្គ យើងមានបីកន្លែងពិសេស ទីមួយមានផ្លូវត្រី យើងនឹករលឹកដល់លោកឪពុកយៀប ដែលបានធ្វើការអស្ចារ្យយ៉ាងច្រើនសម្រាប់ប្រជាជនមួយចំនួន ទាំងពុទ្ធបរិស័ទ ទាំងគ្រីស្តបរិស័ទ។ ជាពិសេស នៅប្រទេសវៀតណាម ហើយនៅកន្លែងយើងក៏យើងមានផ្លែនៅក្នុងជីវិតរបស់យើងដែរ។ ទីពីរ ព្រះសហគមន៍សន្តសិលា ពោធិ៍ធំ ក៏ជាកន្លែងមួយពិសេសដែរ ជាព្រះសហគមន៍កំណើតរបស់លោកអភិបាល ឆ្មារ សាឡាស់ លោកឪពុក ឆ្មារ សាឡឹម។ ជាមរណៈសាក្សី ដែលបានសុខចិត្តលះបង់អ្វីៗទាំងអស់ នៅប្រទេសកម្ពុជាក្នុងសម័យប៉ុលពត ជីវិតរបស់ពួកគាត់ក៏បានធ្លាក់នៅក្នុងដី ដើម្បីទៅជាពូជដែលមានផ្លែយ៉ាងច្រើន ដូចយើងបានស្តាប់នៅក្នុងគម្ពីរដំណឹងល្អអំបាញ់មិញ។ ទីបី ព្រះសហគមន៍ក្សត្រីនៃសន្តិភាព អរិយក្សត្រ ជាកន្លែងព្រះនាងម៉ារីនៃទន្លេមេគង្គ ព្រះនាងម៉ារីទី១យើងរកឃើញនៅឆ្នាំ២០០៨ ព្រះនាងម៉ារីទី២យើងរកឃើញនៅឆ្នាំ២០១២។ ដូច្នេះ ពេលយើងមើលតាមផ្លូវខាងកើតទន្លេមេគង្គ ជាកន្លែងដែលព្រះអាទិត្យរះ ជាកន្លែងដែលយើងនឹករលឹកដល់ព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ។ ព្រះយេស៊ូដែលជាពន្លឺ ព្រះយេស៊ូដែលជាព្រះអាទិត្យដើម្បីបំភ្លឺពិភពលោក ណែនាំឱ្យយើងអាចទទួលកម្លាំងយ៉ាងច្រើនដើម្បីរីកចម្រើន។ មិនមែនរីកចម្រើននៅក្នុងការរកស៊ី មិនមែនរីកចម្រើននៅក្នុងទ្រព្យសម្បត្តិ ប៉ុន្តែអ្វីដែលសំខាន់មិនមែនឱ្យយើងរកស៊ីតាមលោកិយ៍។ លោកយៀប នៅក្នុងជីវិតរបស់គាត់បានបម្រើព្រះជាម្ចាស់ បានបម្រើព្រះសហគមន៍ បានស្រឡាញ់សន្តីម៉ារី បានស្រឡាញ់សន្តយ៉ូសែប នេះជាអ្វីដែលសំខាន់បំផុតនៅក្នុងជីវិតរបស់យើង។ ជាពិសេស នៅក្នុងរដូវអប់រំពិសេស យើងធ្វើដូចម្តេចដើម្បីឱ្យយើងផ្ទាល់ខ្លួនភ្ជាប់ជាមួយព្រះជាម្ចាស់ យើងធ្វើដូចម្តេចដើម្បីឱ្យយើងអាចទទួលរង្វាន់នៅស្ថានបរមសុខ។ រង្វាន់នៅស្ថានបរមសុខ មិនមែនសម្រាប់តែអ្នកមានដែលមានឋានៈ មិនមែនសម្រាប់តែអ្នកដែលមានទ្រព្យសម្បត្តិច្រើន គឺសម្រាប់មនុស្សសុចរិត។ មានន័យថា មនុស្សដែលធ្វើអំពើល្អ ដោយរស់នៅស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ យើងមានសន្តយ៉ូសែប សន្តយ៉ូហានបាទីស្ទ លោកតាអប្រាហាំ…។ ថ្ងៃនេះ យើងចូលរួមនៅក្នុងអភិបូជានេះដើម្បីបំពេញសេចក្តីសង្ឃឹមរបស់យើង តាមរយៈលោកយៀប តាមរយៈលោកឆ្មារ សាឡាស់ និងឆ្មារ សាឡឹម តាមរយៈព្រះនាងម៉ារីនៃទន្លេមេគង្គ ដើម្បីឱ្យយើងទៅជាមនុស្សសុចរិត។ មានន័យថា ជាមនុស្សម្នាក់ដែលបានខិតខំនៅក្នុងជីវិតសាមញ្ញធម្មតា រស់នៅជាមួយគ្រួសារយើង នៅក្នុងព្រះសហគមន៍យើង នៅក្នុងសង្គមយើង នៅក្នុងសេចក្តីសុខដែលយើងទទួលពីព្រះជាម្ចាស។ នៅពេលយើងនិយាយអំពីសេចក្តីសុខ យើងត្រូវតែមើលឃើញសង្រ្គាមដែលកំពុងកើតឡើងនៅទ្វីបអឺរ៉ុប យើងជាពិភពតែមួយដែលត្រូវតែព្រួយបារម្ភ។ យើងខ្លាចសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី ក្លាយជាសង្រ្គាមលោកលើកទី៣ សម្រាប់យើងជាគ្រីស្តបរិស័ទ ជាពេលវេលាដើម្បីអធិដ្ឋាន។ ពីម្សិលមិញ អ្នកដឹកនាំទាំង២៧ប្រទេសនៅទ្វីបអឺរ៉ុប បានប្រជុំគ្នាហើយចេញសេចក្តីសម្រេចរួមមួយ គឺជួយឧបត្ថម្ភ ១ពាន់លានដុល្លារអាមេរិក ដើម្បីទិញអាវុធសម្រាប់អ៊ុយក្រែន។ ដូច្នេះ សូមបងប្អូនអធិដ្ឋានទូលអង្វរទាំងព្រះនាងម៉ារី ទាំងសន្តយ៉ូសែប ទាំងលោកយៀប ទាំងឆ្មារសាឡាស់ ទាំងឆ្មារសាឡឹម និងសន្តសន្តីទាំងអស់នៅស្ថានបរមសុខ ដើម្បីឱ្យយើងបញ្ចប់សង្រ្គាមបន្ទាន់ ឱ្យមនុស្សយើងចេះមើលឃើញបញ្ហាដែលកំពុងកើតឡើង។ គេថាមានប្រហែល ៥លាននាក់ ដែលបានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ទៅប្រទេសនានា ដើម្បីគេចពីសង្រ្គាម។ ថ្ងៃនេះ ជាពេលវេលាដើម្បីស្តាប់ព្រះបន្ទូលព្រះជាម្ចាស់ថែមទៀត ដើម្បីអធិដ្ឋានថែមទៀត ដើម្បីកែប្រែចិត្តគំនិតថែមទៀត។ អធិដ្ឋានសម្រាប់អ្នកដែលដឹកនាំប្រទេសទាំងអស់នៅក្នុងពិភពលោក ដើម្បីឱ្យយើងទាំងអស់គ្នាមានគោលដៅតែមួយ គឺកសាងសុខសន្តិភាព។ កសាងសុខសន្តិភាព កុំឱ្យគ្រាន់តែជាពាក្យដែលយើងនិយាយចេញពីបបូរមាត់របស់យើង ឱ្យយើងអនុវត្តយ៉ាងជាក់ស្តែងនៅក្នុងគ្រួសារយើង នៅក្នុងព្រះសហគមន៍យើង នៅក្នុងជីវិតរបស់យើង នៅក្នុងដួងចិត្តរបស់យើងផ្ទាល់។ រដូវអប់រំពិសេស ជាពេលវេលាពិសេសដើម្បីកសាងសុខសន្តិភាព ដើម្បីកសាងសេចក្តីសុខសាន្តដ៏ពិតប្រាកដនៅក្នុងជីវិតរបស់យើងផ្ទាល់។ ដោយសង្ឃឹមថា នៅពេលយើងមានសេចក្តីសុខ យើងចែករំលែកសេចក្តីសុខនេះដល់បងប្អូនឯទៀតៗ ឱ្យយើងណែនាំបងប្អនទាំងអស់អាចរួមរស់នៅក្នុងសុខដុមរមនាដែលចេះយល់ចិត្តគ្នា។ ដោយសារ ប្រភពនៃសង្រ្គាម ប្រភពនៃការជំទាស់ គឺការមិនយល់ចិត្តគ្នា មានការច្រណែន ចិត្តលោភលន់។ តើយើងច្រណែនគេដោយសារគេជាមនុស្សសុចរិតឬយ៉ាងណា? តើយើងច្រណែនគេដោយសារគេធ្វើអំពើល្អមែនទេ? តើយើងច្រណែនគេដោយសារគេចេះស្រឡាញ់បងប្អូនឯទៀតៗឬ? យើងចេះតែច្រណែនអំពីទ្រព្យសម្បត្តិរបស់គេ ច្រណែនអំពីអ្វីដែលគេមាននៅក្នុងលោកិយ៍។ នៅពេលគេពោរពេញដោយសេចក្តីស្រឡាញ់ ពោរពេញដោយអំពើល្អនៅក្នុងដួងចិត្ត យើងមិនត្រូវការច្រណែនគេទេ។ ឱ្យយើងទៅជាមនុស្សសុចរិតដូចលោកយៀប ដូចគាត់ដែលបានធ្វើតាមព្រះហឫទ័យព្រះជាម្ចាស់ ដូចគាត់យើងចេះស្រឡាញ់គ្នាទៅវិញទៅមក។ ឱ្យយើងមានចិត្តលោភលន់តាមរបៀបសន្តប៉ូល គាត់គ្មានចិត្តលោភលន់តាមលោកិយ៍ ប៉ុន្តែគាត់មានចិត្តលោភលន់ដើម្បីឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ កើតជារូបរាងនៅលើផែនដីសព្វថ្ងៃ។ ចិត្តលោភលន់ ដើម្បីឱ្យព្រះសហគមន៍រីកចម្រើននៅក្នុងសេចក្តីស្រឡាញ់ ដោយរស់នៅតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នេះមានប្រយោជន៍មែនទែន សម្រាប់ជីវិតរបស់យើងនៅលើផែនដីនេះ សម្រាប់ជីវិតរបស់បងប្អូនកូនចៅយើង និងសម្រាប់ជីវិតរបស់យើងនៅស្ថានបរមសុខ។ បងប្អូនជាទីស្រឡាញ់ យើងអធិដ្ឋានតាមរយៈលោកយៀប តាមរយៈព្រះនាងម៉ារីនៃទន្លេមេគង្គ ដើម្បីឱ្យជីវិតរបស់យើងទៅជាជីវិតថ្មីនៅក្នុងរដូវ៤០ថ្ងៃនេះ ដើម្បីឱ្យយើងរួមរស់តាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឱ្យយើងទៅជាមនុស្សសុចរិត។ អាម៉ែន៕ + លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ

៤០ថ្ងៃដើម្បីធ្វើជាមនុស្សថ្មី
អភិបូជាអាទិត្យទី១នៃរដូវអប់រំពិសេស ធ្វើនៅព្រះសហគមន៍សន្តយ៉ូសែប ទួលក្រសាំង ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ អត្ថបទទី១៖ ទុតិយកថា ២៦,៤-១០ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ឮពាក្យរបស់យើងខ្ញុំ។ ទក ២៦,៧អត្ថបទទី២៖ រ៉ូម ១០,៨-១៣អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ។ រម ១០,១៣ដំណឹងល្អ៖ លូកា ៤,១-១៣ព្រះអង្គត្រូវមារសាតាំងល្បួងអស់រយៈពេលសែសិបថ្ងៃ។ លក ៤,២ បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ យើងចូលនៅក្នុងអាទិត្យទី១នៃរដូវ៤០ថ្ងៃ ឬរដូវត្រណម ឬរដូវអប់រំពិសេស យើងមានឈ្មោះច្រើនជាភាសាខ្មែរ។ អប់រំពិសេស ដោយសារយើងនឹកឃើញដល់ប្អូនៗយើង ដែលទទួលការត្រាស់ហៅយ៉ាងឱឡារិកពីម្សិលមិញ។ គេមាន៤០ថ្ងៃខាងមុខនេះ ដើម្បីទទួលការអប់រំពិសេស រៀបចំចិត្តគំនិតទទួលពិធីជ្រមុជទឹក។ ជាមូលហេតុ យើងថាអប់រំពិសេសសម្រាប់បេក្ខជនដែលត្រៀមខ្លួនទទួលពិធីជ្រមុជទឹកនៅខាងមុខនេះ។ រដូវ៤០ថ្ងៃ ដោយសារយើងនឹកឃើញអត្ថបទដែលយើងស្ដាប់ថ្ងៃនេះ គឺព្រះយេស៊ូដែលបានចូលវាលរហោស្ថានអស់រយៈពេល៤០ថ្ងៃ។ ដូចពីសម័យដើម ប្រជារាស្រ្តអ៊ីស្រាអែលបានដើរ៤០ឆ្នាំនៅក្នុងវាលរហោស្ថានជាមួយលោកម៉ូសេ។ យើងទាំងអស់គ្នា ដែលជាគ្រីស្តបរិស័ទយើងធ្វើដំណើរនៅក្នុងជីវិតរបស់យើងអស់រយៈពេល៤០ថ្ងៃ ដើម្បីកែប្រែចិត្តគំនិតដើម្បីត្រៀមខ្លួនចូលរួមជាមួយព្រះយេស៊ូដែលសោយទិវង្គត និងព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ។ ជាពេលវេលាមួយយ៉ាងពិសេស ដែលព្រះសហគមន៍ប្រទានឲ្យយើងដើម្បីឲ្យយើងទៅជាមនុស្សថ្មីពិតមែន។ រដូវត្រណម ដោយសារយើងនឹកឃើញនៅពេលព្រះយេស៊ូបានចូលនៅក្នុងវាលរហោស្ថានអស់រយៈពេល៤០ថ្ងៃ ព្រះយេស៊ូបានតមអាហារ បានតមអ្វីៗទាំងអស់ ដើម្បីភ្ជាប់ជាមួយព្រះជាម្ចាស់ដែលជាព្រះបិតា។ ប៉ុន្តែ នៅក្នុងរដូវ៤០ថ្ងៃ ឬរដូវត្រណមរបស់ព្រះយេស៊ូ ព្រះយេស៊ូបានទទួលយ៉ាងច្រើន មានការល្បួង ដោយសារមនុស្សយើងអត់ហូបអ្វីសោះរយៈពេល៤០ថ្ងៃយើងឃ្លាន។ មារសាតាំង បានឆ្លៀតឱកាលដើម្បីចូលនៅក្នុងព្រះហឫទ័យរបស់ព្រះយេស៊ូ ដើម្បីចាប់ផ្ដើមសាកមើល តើព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏ពិតប្រាដកមែនឬអត់? ប្រសិនបើ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ពិតមែន មានសមត្ថភាពដើម្បីប្រែថ្មទាំងអស់ទៅជានំប៉័ង។ យើងនឹកឃើញការល្បួងនេះ គឺជាការល្បួងធម្មតាមែនទែន ដោយសារព្រះយេស៊ូឃ្លាន ព្រះអង្គអត់បានហូបអ្វីអស់៤០ថ្ងៃមកហើយ។ ដូច្នេះ ប្រសិនបើឥលូវនេះថ្មទាំងអស់នៅក្នុងវាលរហោស្ថានទៅជានំប៉័ងសប្បាយណាស់ ចង់មាននំប៉័ងហូបដែរ។ ដូចប្រជារាស្ត្រអ៊ីស្រាអែល ដែលនៅក្នុងវាលរហោស្ថានអស់រយៈពេល៤០ឆ្នាំ គេខឹងព្រះជាម្ចាស់ប៉ុន្មានដង ដោយសារពេលគេនៅអេហ្ស៊ីបគេមានម្ហូបបរិបូណ៌ តែពេលនេះគេអត់មានអ្វីហូប។ ដូច្នេះ ព្រះជាម្ចាស់បានប្រទានឲ្យគេនូវនំមាណាជារៀងរាល់ពេលព្រឹក គេមាននំដែលដុះចេញពីទឹកសន្សើម ដើម្បីចិញ្ចឹមជីវិត។ ប៉ុន្តែ ព្រះយេស៊ូជាព្រះជាម្ចាស់ ដូច្នេះព្រះអង្គមិនចាញ់ការល្បួងឡើយ ទោះបីទ្រង់អាចមានសមត្ថភាពដើម្បីដូរថ្មទៅជានំប៉័ង។ ព្រះយេស៊ូដែលជាព្រះជាម្ចាស់ មានឫទ្ធានុភាពសព្វប្រការ ដូច្នេះមារសាតាំងបានយល់ មនុស្សយើងជាមនុស្សដែលមានចិត្តលោភលន់ចង់បានច្រើនៗ។ ដូច្នេះ ល្បួងព្រះយេស៊ូថា ខ្ញុំអាចឲ្យទ្រព្យសម្បត្តិទាំងអស់ ទីក្រុងទាំងអស់ ដែលនៅក្នុងពិភពលោកទាំងមូល ប៉ុន្តែព្រះយេស៊ូមិនចាញ់ទេ។ ទី៣សាកមើលដើម្បីបង្គាប់ព្រះជាម្ចាស់ ប៉ុន្តែព្រះយេស៊ូបានឆ្លើយថាគ្មាននរណាដែលអាចបង្គាប់ឬល្បួងព្រះជាម្ចាស់បានទេ។ បងប្អូនជាទីស្រឡាញ់ ឥលូវនេះយើងចូលនៅក្នុងរដូវ៤០ថ្ងៃ ឥលូវនេះជាពេលវេលាសម្រាប់យើងដើម្បីទទួលការល្បួងដែរ ដើម្បីនឹកឃើញដល់ជីវិតរបស់យើងយ៉ាងច្បាស់លាស់។ នៅពេលខ្ញុំមកដល់ទួលក្រសាំងនេះ ១២ឆ្នាំមុនពេលខ្ញុំជាអភិបាលថ្មីៗ នៅទីនេះខ្ញុំមានអារម្មន៍ថាខ្ញុំបានទៅដល់តំបន់ដាច់ស្រយាលនៃភូមិភាគភ្នំពេញទៅហើយ។ ពិបាកចូល រកមិនឃើញផ្លូវ យើងគ្មានព្រះវិហារស្អាតដូចនេះទេ ជាកន្លែងតូចមួយ ហើយភូមិរបស់យើងអត់មានផ្លូវចេញ ជាកន្លែងដ៏តូចមួយដែលអត់សូវមានតម្លៃទេសម្រាប់សង្គម។ ប៉ុន្តែ ឥលូវនេះប្រសិនបើយើងនិយាយអំពីតម្លៃវិញ ខ្ញុំជឿថាដីរបស់យើងថ្លៃណាស់ យើងជាប់ជាមួយផ្លូវធំណាស់ នៅក្បែរព្រលានយន្តហោះថ្មី។ កន្លែងរបស់យើងដែលជាកន្លែងដាច់ស្រយាល់ ទៅជាកន្លែងមួយពិសេសបំផុត ប៉ុន្តែតើយើងចាញ់ការល្បួងឬទេ? ដោយសារ នេះជារបៀបដែលយើងជាគ្រីស្តបរិស័ទធម្មតា យើងបានសាងសង់ព្រះវិហាររបស់យើងដើម្បីថ្វាយបង្គំ។ ប៉ុន្តែ ឥលូវនេះជាពេលវេលាមួយដើម្បីនឹកឃើញដែរ លោកីយ៍របស់យើង សង្គមរបស់យើង រីកចម្រើនលឿនណាស់។ ជាពិសេស នៅក្នុងតំបន់តាខ្មៅនេះ មានអគារថ្មីខ្ពស់ៗ ច្រើនណាស់ សង្គមរបស់យើងបានទាក់ទាញយើង ដើម្បីឲ្យយើងដើរឆ្ងាយពីព្រះជាម្ចាស់ សង្គមរបស់យើង បានទាក់ទាញយើងដើម្បីឲ្យយើងចង់បានថែមទៀត។ យើងចង់ទិញរំលោះអ្វីក៏បាន ទូរស័ព្ទក៏បាន ម៉ូតូក៏បាន ឡានក៏បាន ផ្ទះក៏បាន តាមសង្គមទាក់ទាញអារម្មណ៍យើង។ ប៉ុន្តែ ក្រោយមកគ្រោះថ្នាក់ដោយសារទិញរំលោះហើយយើងអត់មានអីសង ខែទីមួយសងបាន ខែទីពីរលែងសងបាន ខែទីបីដាច់ខ្យល់ ពេលយើងដាច់ខ្យល់យើងទៅខ្ចីលុយគេនៅផ្សារដែលមានការថ្លៃខ្ពស់។ នេះជារបៀបដែលមារសាតាំងល្បួងយើង ជារបៀបដែលបច្ចុប្បន្ននេះមារសាតាំងណែនាំឲ្យយើងមើលឃើញអ្វីដែលល្អ ដែលស្អាត យើងមើលឃើញការផ្សព្វផ្សាយរបស់គេពីមួយថ្ងៃទៅមួយថ្ងៃ នេះជារបៀបដែលមារសាតាំងល្បួងព្រះយេស៊ូ។ សម្រាប់យើងសព្វថ្ងៃយើងត្រូវពិចារណា យើងជាគ្រីស្តបរិស័ទដែលរស់នៅក្នុងសង្គមបច្ចុប្បន្ននេះ យើងជាគ្រីស្តបរិស័ទដែលរស់នៅក្នុងលោកីយ៍បច្ចុប្បន្ននេះ ប៉ុន្តែយើងបានស្ដាប់នៅអត្ថបទទី២ថ្ងៃនេះ “អ្នកណាអង្វរព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្រ្គោះ”។ នេះជាគោលដៅនៃជីវិតរបស់យើង ជីវិតរបស់យើងនៅលោកីយ៍នេះមិនត្រូវតែបញ្ចប់ជាមួយសេចក្ដីស្លាប់ទេ ជីវិតនៅលោកីយ៍នេះមិនត្រូវការឈប់។ ផ្ទុយទៅវិញ យើងដឹងថាជីវិតរបស់យើងបន្តនៅស្ថានបរមសុខរួមជាមួយព្រះជាម្ចាស់ ដើម្បីទទួលការសង្រ្គោះ ដើម្បីទទួលជីវិតអស់កល្បជានិច្ច។ ប៉ុន្តែ យើងចាប់ផ្ដើមពីពេលនេះតទៅទោះបីយើងជាក្មេងក៏ដោយ ទោះបីយើងជាយុវជនក៏ដោយ ទោះបីជាយើងជាពូមីង លោកតាលោកយាយ ចាស់ក៏ដោយ យើងដឹងថាជីវិតរបស់យើងមានកំណត់នៅលើផែនដីនេះ។ ទោះបី យើងប្រមូលទ្រព្យសម្បត្តិទាំងអស់ដែលមារសាតាំងចង់ឲ្យទៅយើង ទោះបីនៅក្នុងកាយរបស់យើងយើងមានអ្វីៗទាំងអស់ នៅពេលយើងដាច់ខ្យល់ហើយទ្រព្យសម្បត្តិរបស់យើង យើងយកទៅស្ថានបរមសុខមិនបានទេ។ ប៉ុន្តែ នៅស្ថានបរមសុខយើងអាចយកទ្រព្យសម្បត្តិដ៏ពិសេសដែលយើងទទួលបានពីព្រះជាម្ចាស់ នៅពេលយើងកើតជាថ្មីនៅក្នុងពិធីជ្រមុជទឹក គឺសេចក្ដីស្រឡាញ់ ចិត្តអាណិតមេត្តា ការលើកលែងទោស ដែលមានអស់មួយជីវិតរបស់យើងដល់បងប្អូនឯទៀតៗ។ ហេតុនេះហើយ រដូវ៤០ថ្ងៃជាពេលវេលាមួយពិសេស ដើម្បីត្រៀមខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីរៀបចំខ្លួនឲ្យទទួលជីវិតថ្មី កុំឲ្យយើងចាញ់លោកីយ៍ កុំឲ្យយើងទៅជាមនុស្សដូចគេដូចឯង។ យើងជាគ្រីស្តបរិស័ទ យើងខុសគេដោយសារយើងបានទទួលពិធីជ្រមុជទឹក ដោយសារយើងជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ ដោយសារយើងជាមនុស្សដែលដើរតាមព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ។ ព្រះអង្គណែនាំឲ្យយើងស្រឡាញ់សត្រូវ ព្រះអង្គណែនាំឲ្យយើងជួយបងប្អូនឯទៀតៗគ្រប់ពេលវេលា ព្រះអង្គណែនាំឲ្យយើងដឹងថាប្រសិនយើងឲ្យទឹកសុទ្ធមួយកែវដោយនាមព្រះយេស៊ូពោរពេញដោយតម្លៃនិងអត្ថន័យ។ ដូច្នេះ យើងត្រូវការភ្ញាក់ស្មារតីនៅក្នុងរដូវ៤០ថ្ងៃ ដូចសម្ដេចប៉ាបបានណែនាំយើងបីចំណុចដ៏សំខាន់ នៅក្នុងសារលិខិតព្រះអង្គមានប្រសាសន៍ថា “យើងមិនត្រូវនឿយណាយនឹងការអធិដ្ឋានឡើយ យើងមិនត្រូវនឿយណាយនឹងការលុបបំបាត់អំពើអាក្រក់ចេញពីជីវិតរបស់យើងឡើយ យើងមិនត្រូវនឿយណាយនឹងប្រព្រឹត្តអំពើល្អ ដែលធ្វើកិច្ចការសប្បុរសជាក់ស្ដែងចំពោះបងប្អូនឯទៀតៗឡើយ”។ ជា៣ចំណុចដែលយើងត្រូវការថែរក្សាមែនទែននៅក្នុង៤០ថ្ងៃនេះ ចាប់ពីពេលនេះឲ្យយើងយកចិត្តទុកដាក់ដើម្បីអធិដ្ឋានថែមទៀត។ ស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចូលអភិបូជា សូត្រផ្គាំ សូត្រធម៌នានា តាំងព្រះកាយព្រះគ្រីស្តនៅក្នុងសេចក្ដីស្រឡាញ់របស់យើងដើម្បីជាប់ជាមួយព្រះជាម្ចាស់។ នៅក្នុង៤០ថ្ងៃខាងមុខនេះ ឲ្យយើងយកចិត្តទុកដាក់លុបបំបាត់អំពើអាក្រក់ឲ្យចេញពីជីវិតរបស់យើង។ នេះជាមូលហេតុ ដែលយើងតមអាហារ ពីសម័យដើមតមអាហារមានន័យថាតមអាហារពិត ប៉ុន្តែមិនមែនតមដើម្បីស្គមទេ មិនមែនតមដើម្បីសុខភាពល្អទេ។ តមដើម្បីនឹកឃើញព្រះជាម្ចាស់ តមដើម្បីជាប់ជាមួយព្រះអង្គថែមទៀត តមដើម្បីតស៊ូនៅក្នុងខ្លួនយើង។ នៅពេលយើងឃ្លាន ជាពេលមួយដើម្បីប្រាប់ខ្លួនឯងថាយើងស៊ូទ្រាំ យើងលះបង់ចោលខ្លះៗសម្រាប់សុខសន្តិភាពនៅក្នុងពិភពលោក សម្រាប់បងប្អូនយើងដែលរងទុក្ខលំបាក សម្រាប់មនុស្សប៉ុន្មានលាននាក់ដែលខ្វះម្ហូបអាហារនៅក្នុងពិភពលោកជាប្រចាំថ្ងៃ។ ដូច្នេះ នៅក្នុង៤០ថ្ងៃនេះយើងត្រូវការយកចិត្តទុកដាក់ ដើម្បីតមអាហារផង តមទម្លាប់អាក្រក់ដែលយើងធ្លាប់មានផង ដើម្បីទៅជាមនុស្សថ្មី ដើម្បីនឹកឃើញដល់បងប្អូនដែលពិបាកជាងយើងទៀត។ ទោះបីយើងពិបាកក៏ដោយ នៅមានគេពិបាកជាងយើងទៀត ជាពិសេសសព្វថ្ងៃពេលយើងមើលរូបថតសង្គ្រាមនៅប្រទេសអ៊ុយក្រែន មានប្រជាជនរាប់លាននាក់បានភៀសខ្លួនចេញពីប្រទេសរបស់ខ្លួន។ ប្រសិនយើងបើកភ្នែកថែមទៀត នៅប្រទេសយេម៉ែនសព្វថ្ងៃមានកូនក្មេងរាប់ម៉ឺននាក់ដែលគ្មានម្ហូបអាហារគ្រប់គ្រាន់ដោយសារសង្រ្គាមផ្ទៃក្នុង។ នៅទ្វីបអាហ្វ្រិកមានកូនក្មេងរាប់លាននាក់ដែលអត់មានម្ហូបអាហារ អត់មានទឹកញ៉ាំជាប្រចាំថ្ងៃ អត់មានមន្ទីរពេទ្យព្យាបាលជំងឺទៀត។ ដូច្នេះ ពេលយើងបើកភ្នែកតិចៗយើងឃើញនៅក្នុងពិភពលោក មានមនុស្សដែលមានទុក្ខលំបាកជាងយើងជាច្រើនទៀត។ នេះជាពេលវេលា ដើម្បីចូលរួមនៅក្នុងទុក្ខលំបាករបស់គេ ដូចព្រះយេស៊ូនៅពេលព្រះអង្គសោយទិវង្គត ដើម្បីប្រមូលទុក្ខលំបាករបស់យើងផ្ទាល់ ប្រមូលអំពើបាបរបស់យើងផ្ទាល់ ដើម្បីឲ្យយើងទទួលការសង្គ្រោះមែន។ ទី៣កុំឲ្យយើងនឿយណាយនឹងប្រព្រឹត្តអំពើល្អ ដោយធ្វើកិច្ចការសប្បុរសជាក់ស្ដែងចំពោះបងប្អូនឯទៀតៗ

អធិដ្ឋាននិងបម្រើនៅក្នុងសេចក្តីស្រឡាញ់
អត្ថបទទី១៖ អេសាយ ៥៨,៩ខ-១៤ប្រសិនបើអ្នកសុខចិត្តបេះអាហារពីមាត់ខ្លួន យកទៅឲ្យអ្នកដែលស្រេកឃ្លាន នោះពន្លឺរបស់អ្នកនឹងចែងចាំងក្នុងទីងងឹត។ អស ៥៨,១០ដំណឹងល្អ៖ លូកា ៥,២៧-៣២ហេតុអ្វីបានជាអ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ? លក ៥,៣០ បងប្អូនជាទីស្រឡាញ់ “អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ” នៅថ្ងៃនេះដែលយើងជួបជុំគ្នា ដើម្បីធ្វើពិធីត្រាស់ហៅយ៉ាងឱឡារិកសម្រាប់បេក្ខជន៨៣នាក់ ដែលត្រៀមខ្លួនទទួលពិធីជ្រមុជទឹកនៅរាត្រីបុណ្យចម្លង។ នៅពេលយើងស្ដាប់អត្ថបទនេះ “អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ” តាមពិតយើងចូលយ៉ាងជ្រៅបំផុតនៅក្នុងអាថ៌កំបាំងនៃជំនឿរបស់យើង។ ប្រសិនបើ បងប្អូននឹកឃើញជំហានទី១នៅពេលយើងបានគោះទ្វារដើម្បីសុំចូលនៅក្នុងព្រះសហគមន៍ លោកបានសួរថា “សុំអ្វី?” យើងឆ្លើយថា “សុំជំនឿ” លោកបន្តសួរថា “សុំជំនឿដើម្បីអ្វី?” យើងឆ្លើយថា “ដើម្បីទទួលជីវិតអស់កល្បជានិច្ច”។ ប្រសិនបើ យើងនិយាយអំពីជីវិតអស់កល្បជានិច្ច យើងនិយាយអំពីការសង្រ្គោះ។ ព្រឹកមិញ យើងបាននឹកឃើញយើងជាគ្រីស្តបរិស័ទ និងសញ្ញាសម្គាល់នៃគ្រីស្តបរិស័ទ គឺគូសឈើឆ្កាងនៅលើខ្លួន “ដោយព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ”។ ដោយនឹកឃើញដល់ព្រះយេស៊ូ ដែលបានសោយទិវង្គត ដើម្បីសង្រ្គោះយើង។ ពិធីជ្រមុជទឹក ដែលយើងទទួលណែនាំឲ្យយើងរួមស្លាប់ រួមរស់ ដោយសារព្រះយេស៊ូមិនមែនតែសោយទិវង្គត ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ រួមស្លាប់ រួមរស់ជាមួយព្រះយេស៊ូដើម្បីកើតជាថ្មី។ ថ្ងៃនេះ យើងធ្វើជំហានទី២ នៅពេលយើងទទួលពិធីជ្រមុជទឹក យើងថាជាជំហានទី៣។ តាមពិត ពិធីជ្រមុជទឹកជាជំហានទី១នៅក្នុងជីវិតថ្មីដែលយើងទទួល ជាជីវិតដែលទៅជាជីវិតដែលណែនាំឲ្យយើងចូលនៅក្នុងអាថ៌កំបាំងនៃជំនឿរបស់យើង ណែនាំឱ្យយើងទទួលការសង្គ្រោះ “អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ”។ ហេតុនេះហើយ ថ្ងៃនេះពិតមែនយើងពោរពេញដោយអំណរសប្បាយ ដោយសារយើងមើលឃើញគោលដៅនៃជីវិតរបស់យើង។ ព្រឹកមិញ យើងបានគូសផ្លូវនៃជីវិត នៅថ្ងៃកើតលើផែនដីនេះពីឪពុកម្ដាយ នៅថ្ងៃដែលបន្តិចទៀតយើងកើតសាជាថ្មី នៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធរួមជាមួយព្រះយេស៊ូ។ យើងកើតម្ដងទៀត តាមពិតយើងកើតបីដង កើតលើកទី១នៅលើផែនដីនេះពីឪពុកម្ដាយ កើតលើកទី២នៅពេលយើងទទួលជីវិតថ្មីនៅពេលជ្រមុជទឹក និងលើកទី៣ពេលយើងកើតនៅស្ថានបរមសុខរួមជាមួយព្រះជាម្ចាស់។ ដូច្នេះ ថ្ងៃនេះទោះបីយើងនៅក្មេងក៏ដោយ យើងអាចមើលឃើញគោលដៅនៃជីវិតរបស់យើង គឺមិនមែនស្លាប់ទេ គោលដៅនៃជីវិតរបស់យើង គឺទទួលការសង្គ្រោះ រស់នៅអស់កល្បជានិច្ចជាមួយព្រះជាម្ចាស់។ ដូច្នេះ យើងបានចាប់ផ្ដើមដើរតាមរកព្រះអង្គនៅក្នុងជីវិតពីយូរឆ្នាំមកហើយ មានខ្លះ១០ឆ្នាំ មានខ្លះ៥ឆ្នាំ មានខ្លះ៣ឆ្នាំ ដែលធ្វើដំណើរនៅក្នងព្រះសហគមន៍ ដែលស្គាល់ព្រះសហគមន៍ ដោយសារមានមិត្តភក្កិ ដោយសារមានបងប្អូន។ នៅទីនេះ យើងមានមកពីព្រះសហគមន៍សំប៉ាន យើងមានគ្រួសារមួយទាំងឪពុកទាំងម្ដាយ ទាំងកូនបីនាក់ ដែលធ្វើដំណើររួមជាមួយគ្នា។ យើងមានបងប្អូនបង្កើតខ្លះៗដែរ ដែលធ្វើដំណើរជាមួយគ្នា យើងមានឪពុកម្ដាយខ្លះដែលទទួលពិធីជ្រមុជទឹកហើយ។ យើងចាប់ផ្ដើមដើរដូចបងប្អូនរបស់យើង ដើម្បីស្គាល់ព្រះយេស៊ូ ថ្ងៃដែលយើងទទួលពិធីជ្រមុជទឹកយើងដឹងថា នៅពេលនោះយើងបំពាក់ព្រះយេស៊ូសម្រាប់ចូលក្នុងជីវិតថ្មីនៅលើផែនដីនេះសិន។ ដោយសារ កុំឲ្យយើងគិតអំពីអនាគត យើងគិតពីជីវិតថ្មីនៅលើផែនដីនេះសិន ដែលណែនាំឲ្យយើងនឹកឃើញ “ព្រះបន្ទូលស្ថិតនៅក្បែរមាត់អ្នក និងនៅក្នុងចិត្តអ្នក”។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្ថិតនៅក្នុងមាត់របស់យើង និងនៅក្នុងដួងចិត្តរបស់យើង ប៉ុន្តែអ្វីដែលសំខាន់ គឺយើងមិនតែប្រកាសដោយបបូរមាត់របស់យើងនោះទេ “ខ្ញុំជឿលើព្រះជាម្ចាស់ អាម៉ែន ខ្ញុំឯកភាព ខ្ញុំដើរតាមព្រះជាម្ចាស់ អរព្រះគុណព្រះជាម្ចាស់ អាម៉ែនទៀតឡើយ”។ ប៉ុន្តែ សំខាន់គឺជំនឿដែលយើងមាននៅដួងចិត្តរបស់យើង និងជំនឿនេះជាអំណោយទានពិសេសដែលយើងទទួលពីព្រះជាម្ចាស់ ដើម្បីណែនាំឲ្យយើងទៅមុខនៅក្នុងជីវិត។ ដើម្បីណែនាំឲ្យយើងទៅជាមនុស្សសុចរិត ដែលអាចប្រកាសយ៉ាងពិតប្រាកដអស់ពីដួងចិត្ត អស់ពីស្មារតី អស់ពីជំនឿ ពិតមែនខ្ញុំស្រឡាញ់ព្រះជាម្ចាស់ ពិតមែនខ្ញុំស្រឡាញ់បងប្អូនឯទៀតៗ។ ដោយដឹងថា យើងមានព្រះអម្ចាស់តែមួយព្រះអង្គដែលស្រឡាញ់យើង ព្រះអម្ចាស់ដែលបានជ្រើសរើសយើង ព្រះអម្ចាស់ដែលថ្ងៃនេះនៅក្នុងព្រះសហគមន៍ ត្រាស់ហៅយើងយ៉ាងឱឡារិក ដើម្បីឱ្យយើងទៅជាបុត្រាបុត្រីរបស់ព្រះអម្ចាស់ ដើម្បីឲ្យយើងភ្ជាប់នៅក្នុងព្រះហឫទ័យស្រឡាញ់របស់ព្រះអម្ចាស់។ ថ្ងៃនេះ ខ្ញុំបានគូររូបបេះដូងរបស់យើងដែលជាសញ្ញានៃសេចក្ដីស្រឡាញ់ ដែលជាសញ្ញានៃជីវិតរបស់យើង ដែលជាសញ្ញានៃវិញ្ញាណរបស់យើង។ ប៉ុន្តែ បេះដូងរបស់យើងតូច តែបេះដូងរបស់ព្រះជាម្ចាស់ធំណាស់ ធំជាងពិភពលោកទាំងមូល ជាសេចក្ដីស្រឡាញ់ដែលគ្មានព្រំដែន។ ថ្ងៃនេះ យើងសប្បាយចិត្ត យើងត្រេកអរដូចព្រះនាងម៉ារី ព្រះនាងម៉ារីសប្បាយចិត្តដោយសារប៉ុន្មានខែទៀតនឹងទទួលព្រះយេស៊ូ។ នៅក្នុងខែមីនានេះថ្ងៃទី២៥ យើងធ្វើពិធីទេវទូតកាព្រីអែលប្រាប់ដំណឹងទៅព្រះនាងម៉ារី ព្រះនាងម៉ារីពោរពេញដោយអំណរសប្បាយ ចាប់ពីថ្ងៃដែលទទួលដំណឹងថាទៅជាមាតារបស់ព្រះជាម្ចាស់។ ថ្ងៃនេះ យើងពោរពេញដោយអំណរសប្បាយដោយដឹងថា ប៉ុន្មានថ្ងៃទៀតយើងទទួលជីវិតថ្មី លោកឪពុកក៏ពោរពេញដោយអំណរសប្បាយពិសេស។ បងស្រីបងប្រុស គ្រូអប់រំជំនឿ បងធម៌មានអំណរសប្បាយពិសេស ដោយសារដឹងថានៅក្នុង៥សប្ដាហ៍ខាងមុខនេះ យើងកើតកូនថ្មី។ ពេលលោកឪពុកធ្វើពិធីជ្រមុជទឹក ដោយព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ ហាក់បីដូចជាឆ្លងទន្លេនៅក្នុងព្រះសហគមន៍របស់យើង ព្រះសហគមន៍របស់យើងបង្កើតកូនថ្មី។ សព្វថ្ងៃ ប្អូនៗនៅក្នុងផ្ទៃពោះនៃព្រះសហគមន៍ នៅរាត្រីបុណ្យចម្លងយើងចេញពីផ្ទៃពោះនៃព្រះសហគមន៍ ដើម្បីកើតនៅលើផែនដីនេះ ដើម្បីរួមរស់នៅក្នុងជីវិតថ្មីដែលយើងទទួលពីព្រះជាម្ចាស់។ ទោះបីទទួលតែទឹកតិចតួចនៅលើក្បាលយើង យើងដឹងថានៅពេលនោះដូចជាយើងចេញពីផ្ទៃពោះនៃព្រះសហគមន៍ ដើម្បីកើតនៅលើផែនដីនេះ ដើម្បីរស់នៅជាមួយគ្រួសារថ្មីរបស់យើងដ៏ទូលំទូលាយ ដែលមានទាំងនៅក្នុងប្រទេសកម្ពុជា នៅក្នុងទ្វីបអាស៊ី និងនៅក្នុងពិភពលោកទាំងមូល។ ប៉ុន្តែ យើងដឹងហើយថាកូនង៉ែតពេលកើតពីម៉ែថ្មីៗ វាឈឺ វាយំ ដោយសារសួតរបស់វាធ្លាប់ជាប់នៅក្នុងទឹកបានទទួលដង្ហើមថ្មី បានទទួលជីវិតថ្មី។ ដូច្នេះ វាយំដោយសារដង្ហើមចូលពេញនៅក្នុងសួតរបស់វា។ សម្រាប់យើងក៏ដូចគ្នាដែរ នៅពេលយប់ដែលយើងទទួលពិធីជ្រមុជទឹក យើងស្រែកប៉ុន្តែមិនមែនស្រែកយំដោយសារយើងសោកស្ដាយ ឬដោយសារយើងកំសត់ យើងស្រែកយំដោយសារយើងទទួលដង្ហើមថ្មី ជីវិតថ្មី ដែលចូលទៅក្នុងខ្លួនរបស់យើង ចូលនៅក្នុងវិញ្ញាណយើង ចូលទៅក្នុងបេះដូងយើង គឺសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ផ្ទាល់ គឺជាមហាគ្រួសារធំដែលយើងទទួលនៅក្នុងព្រះសហគមន៍ ជាមួយបងប្អូនរបស់យើង នេះជាអំណរសប្បាយដែលយើងទទួល។ ថ្ងៃនេះ យើងឃើញព្រះយេស៊ូបានទទួលការល្បួង ការល្បួងរបស់ព្រះយេស៊ូគឺជាការល្បួងរបស់យើងដែរ។ ព្រះយេស៊ូដែលកំពុងតមអាហារនៅក្នុងវាលរហោស្ថាន មារសាតាំងធ្វើឱ្យព្រះយេស៊ូមើលឃើញនំបុ័ង ព្រោះនៅពេលយើងឃ្លានយើងតែងតែចង់ហូប ប៉ុន្តែព្រះយេស៊ូថាកុំល្បួងព្រះជាម្ចាស់។ ក្រោយមក មារសាតាំងនៅតែបន្តល្បួងព្រះយេស៊ូ តែព្រះអង្គមិនចាញ់ការល្បួងរបស់មារសាតាំងឡើង។ សម្រាប់យើងជាគ្រីស្តបរិស័ទ យើងទីពឹងលើព្រះជាម្ចាស់ ដោយដឹងថាទ្រព្យសម្បត្តិនៅលោកិយ៍នេះមិនអាចមានសេចក្ដីសុខ ដូចនៅស្ថានបរមសុខបានឡើយ។ ព្រះយេស៊ូនៅវាលរហោស្ថានអប់រំយើង កុំឲ្យយើងមានចិត្តលោភលន់ កុំជាប់ជាមួយលោកិយ៍ ចិត្តលោភលន់ណែនាំឱ្យយើងច្រណែន ណែនាំឲ្យយើងរករឿងគេ ណែនាំឲ្យយើងមានចិត្តអាត្មានិយម។ ដោយសារ យើងចង់មានសម្រាប់យើង ហើយយើងភ្លេចបងប្អូនឯទៀតៗ។ នៅពេលនេះ យើងចូលនៅក្នុងពិភពថ្មីជាពិភពរបស់ព្រះជាម្ចាស់ ប៉ុន្តែជាពិភពរបស់ព្រះជាម្ចាស់ដែលស្ថិតនៅលើផែនដីនេះ។ យើងជាគ្រីស្តបរិស័ទ យើងរស់នៅលើលោកីយ៍នេះ ដើម្បីមានគោលដៅចូលស្ថានបុរមសុខ។ ហេតុនេះហើយ ចាប់ពីពេលនេះតទៅ ឥឡូវនេះមិនមែនថ្ងៃស្អែកមិនមែនខានស្អែក ឥឡូវនេះយើងចាប់ផ្ដើមអធិដ្ឋានដើម្បីភ្ជាប់ជាមួយព្រះជាម្ចាស់ និងបម្រើនៅក្នុងសេចក្ដីស្រឡាញ់ដល់បងប្អូនឯទៀតៗជានិច្ច។ ដូចព្រះយេស៊ូមានព្រះបន្ទូលថា “ខ្ញុំមានវិន័យតែមួយ សូមស្រឡាញ់គ្នាទៅវិញទៅមកដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ សូមលាងជើងឲ្យគ្នាទៅវិញទៅមក ដូចខ្ញុំបានលាងជើងដល់បងប្អូន”។ ស្រឡាញ់ដោយបបូរមាត់ស្រួលណាស់ ខ្ញុំស្រឡាញ់ឯង ខ្ញុំស្រឡាញ់គេ ប៉ុន្តនៅក្នុងចិត្តស្អប់ចង់ងាប់ នៅមុខគេយើងញញឹមស្អាតណាស់ ប្រើពាក្យផ្អែមៗ នៅពេលគេទៅហើយយើងជេរគេ និយាយដើមគេ។ បបូរមាត់របស់យើងអាចមានអំពើល្អនិងអំពើអាក្រក់

មិនត្រូវនឿយណាយនឹងប្រព្រឹត្តអំពើល្អ
អភិបូជាបុណ្យរោយផេះ នៅព្រះសហគមន៍ពោធិ៍ចិនតុង ភ្នំពេញ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ អត្ថបទទី១៖ យ៉ូអែល ២,១២-១៨ចូរនាំគ្នាវិលមករកយើង ដោយស្មោះអស់ពីចិត្ត។ យអ ២,១២អត្ថបទទី២៖ កូរិនថូសទី២ ៥,២០-៦,២គ្រាដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យ គឺឥឡូវនេះហើយ!។ ២ករ ៦,២ដំណឹងល្អ៖ ម៉ាថាយ ៦,១-៦.១៦-១៨កុំធ្វើបុណ្យទានកនៅមុខមនុស្សម្នា ដើម្បីឲ្យតែគេឃើញនោះឡើយ។ មថ ៦,១ បងប្អូនជាទីស្រឡាញ់ យើងបានស្ដាប់នៅក្នុងអត្ថបទទី២ “គ្រាដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យគឺឥលូវនេះហើយ ថ្ងៃដែលព្រះជាម្ចាស់សង្គ្រោះពិភពលោកគឺឥលូវនេះហើយ”។ មានន័យថា មិនមែនថ្ងៃស្អែក មិនមែនមួយឆ្នាំទៀត ប៉ុន្តែឥលូវនេះហើយ ថ្ងៃនេះដែលយើងចូលនៅក្នុងរដូវ៤០ថ្ងៃ យើងដឹងថារដូវ៤០ថ្ងៃជាពេលវេលាមួយយ៉ាងពិសេស។ ដូចសម្ដេចប៉ាបបានរំលឹកដល់យើងទាំងអស់គ្នា ដើម្បីសាបព្រោះអំពើល្អ “យើងមិនត្រូវនឿយណាយនឹងប្រព្រឹត្តអំពើល្អឡើយ ត្បិតប្រសិនបើយើងមិនបាក់ទឹកចិត្តទេនោះ ដល់ពេលកំណត់យើងច្រូតបានផលជាមិនខាន ហេតុនេះពេលយើងមានឱកាសនៅឡើយ យើងត្រូវតែប្រព្រឹត្តអំពើល្អចំពោះមនុស្សទាំងអស់”។ ឥលូវនេះជាពេលវេលាដើម្បីឆ្លៀតឱកាស ដើម្បីចូលនៅក្នុងទំនាក់ទំនងសាជាថ្មីជាមួយព្រះជាម្ចាស់។ យើងបានស្ថាប់នៅក្នុងអត្ថបទទី១ “ចូរនាំគ្នាវិលមករកយើង ដោយស្មោះអស់ពីចិត្ត ប្រសិនបើអ្នករាល់គ្នាប្រែចិត្តគំនិតដូច្នេះ ប្រហែលជាព្រះអង្គមិនដាក់ទោសអ្នករាល់គ្នាទេមើលទៅ”។ តាមពិត ពេលវេលាដែលយើងចូលនៅពេលនេះ គឺជាពេលវេលាដើម្បីត្រឡប់មកវិញទៅរកព្រះជាម្ចាស់ អស់ពីដួងចិត្ត អស់ពីស្មារតី អស់ពីជំនឿ អស់ពីសេចក្ដីស្រឡាញ់ ដើម្បីឲ្យជីវិតរបស់យើងទៅជាជីវិតថ្មី។ តាមពិត នៅក្នុងមួយឆ្នាំយើងមានឱកាសច្រើន ដើម្បីកែប្រែចិត្តគំនិត ប៉ុន្តែយើងមានពេលវេលាដែលព្រះសហគមន៍ប្រទានដល់យើង។ ៤០ថ្ងៃ ដើម្បីឲ្យយើងត្រឡប់មករកព្រះជាម្ចាស់នៅក្នុងចិត្តរបស់យើង ដើម្បីទៅជាមនុស្សថ្មីដែលជាប់ជាមួយព្រះជាម្ចាស់ដែលបានបង្កើតយើង។ ឆ្នាំនេះសម្ដេចប៉ាបអញ្ជើញយើង កុំឲ្យយើងអស់កម្លាំង កុំឲ្យយើងនឿយណាយ ឲ្យយើងខិតខំអស់ពីសមត្ថភាព ដើម្បីសាបព្រោះអំពើល្អ។ សាបព្រោះ ដើម្បីឲ្យនៅក្នុងជីវិតរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃ យើងយកចិត្តទុកដាក់ធ្វើសេចក្ដីល្អដល់បងប្អូនឯទៀតៗ ដើម្បីយើងធ្វើដំណើរនៅក្នុងសង្គមបច្ចុប្បន្ននេះ។ ឲ្យយើងជាគ្រីស្តបរិស័ទ ទៅជាសាក្សីនៃព្រះហឫទ័យរបស់ព្រះជាម្ចាស់ដ៏ពិតប្រាកដ ដោយប្រព្រឹត្តអំពើល្អដល់បងប្អូនឯទៀតៗ។ យើងដឹងហើយ អ្នកដែលជាកសិករនៅពេលយើងសាបព្រោះយ៉ាងល្អ ពេលយើងរៀបចំដីយើងយ៉ាងល្អ ពេលយើងថែរក្សាដីនិងដំណាំយើងល្អ យើងដឹងថាយើងមានផ្លែបានយ៉ាងច្រើនសម្រាប់ចិញ្ចឹមជីវិតរបស់យើងផ្ទាល់។ សម្រាប់យើងក៏ដូចគ្នាដែរ ប្រសិនបើយើងយកចិត្តទុកដាក់ដើម្បីសាបព្រោះអំពើល្អ ប្រសិនបើយើងយកចិត្តទុកដាក់រៀបចំចិត្តគំនិតរបស់យើងយ៉ាងល្អ ប្រសិនបើយើងយកចិត្តទុកដាក់ថែរក្សាសេចក្ដីស្រឡាញ់ ជំនឿ សេចក្ដីសង្ឃឹមរបស់យើងទៅលើព្រះជាម្ចាស់យ៉ាងល្អ ជីវិតរបស់យើងអាចមានផ្លែយ៉ាងច្រើន ដើម្បីកសាងព្រះសហគមន៍ ដើម្បីកសាងពិភពថ្មី។ នៅឆ្នាំនេះ ដែលយើងចេញពីកូវីដ-១៩ យើងបានឆ្លងកាត់ទុក្ខលំបាកយ៉ាងច្រើន នៅឆ្នាំនេះដែលយើងកំពុងភ័យដោយយើងឃើញសង្គ្រាមដែលកើតឡើងនៅក្នុងទ្វីបអឺរ៉ុប។ ទោះបីឆ្ងាយក៏ដោយ យើងដឹងថាសព្វថ្ងៃពិភពរបស់យើងជាពិភពមួយ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនៅក្នុងគ្រប់ទីកន្លែង។ ហេតុនេះហើយ ពេលមានសង្គ្រាមមួយកើតឡើងនៅកន្លែងណាមួយ ក៏មានឥទ្ធិពលសម្រាប់យើងទាំងអស់គ្នានៅប្រទេសទាំងអស់។ ហេតុនេះហើយ យើងត្រូវការនឹកឃើញគ្រប់ពេលវេលា ដូចសម្ដេចប៉ាបបានរំលឹកនៅក្នុងសារលិខិតរបស់ព្រះអង្គ សម្រាប់រដូវអប់រំពិសេសនេះ ឲ្យយើងយកចិត្តទុកដាក់ស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ យើងទទួលព្រះអំណោយទានមួយយ៉ាងពិសេស គឺព្រះអំណោយទានដែលមកពីព្រះជាម្ចាស់ផ្ទាល់ យើងទទួលកម្លាំង យើងទទួលសេចក្ដីស្រឡាញ់ យើងទទួលសមត្ថភាព ដើម្បីទៅជាសហការីរបស់ព្រះជាម្ចាស់ដើម្បីបង្កើតពិភពថ្មី។ តាមពិត ប្រសិនបើព្រះជាម្ចាស់អត់មានយើងទេ ព្រះជាម្ចាស់ក៏ប្រហែលធ្វើមិនកើតទេ ព្រះជាម្ចាស់មានយើងដែលជាបុត្រាបុត្រីរបស់ព្រះអង្គ ដើម្បីឲ្យសេចក្ដីស្រឡាញ់ យុតិ្តធម៌ ជាពិសេសសុខសន្តិភាពបានកើតឡើងនៅលើផែនដីនេះឥលូវនេះ។ ដូចសន្តប៉ូលបានរំលឹក ឥលូវនេះមិនមែនថ្ងៃស្អែក មិនមែនឆ្នាំក្រោយ ប៉ុន្តែឥលូវនេះ។ ហេតុនេះហើយ ចាប់ពីពេលនេះតទៅយើងត្រូវការភ្ញាក់ដែរ ដើម្បីរស់នៅក្នុងសេចក្ដីស្រឡាញ់ និងព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់។ យើងមានផ្លូវ៣ ផ្លូវទី១គឺយើងមិនត្រូវនឿយណាយនឹងការអធិដ្ឋានឡើយ ទី២យើងមិនត្រូវនឿយណាយនឹងការលុបបំបាត់អំពើអាក្រក់ដែលចេញពីក្នុងជីវិតរបស់យើងឡើយ និងទី៣យើងមិននឿយណាយនឹងប្រព្រឹត្តអំពើល្អ ដោយធ្វើកិច្ចការសប្បុរសជាក់ស្ដែងចំពោះបងប្អូនឯទៀតៗនោះឡើយ។ បងប្អូនជាទីស្រឡាញ់ យើងមានផ្លូវ៣នៅក្នុងរដូវ៤០ថ្ងៃ ថ្ងៃនេះយើងត្រូវការសម្រេចចិត្តតើយើងត្រូវការធ្វើអ្វីខ្លះដើម្បីទី១ អធិដ្ឋានថែមទៀត។ នៅពេលយើងអធិដ្ឋាន យើងស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅពេលយើងអធិដ្ឋានយើងទទួលកម្លាំងពីព្រះអង្គផ្ទាល់។ ពេលយើងអធិដ្ឋាន យើងទូលអង្វព្រះជាម្ចាស់ឲ្យព្រះអង្គណែនាំយើងឱ្យកែប្រែចិត្តគំនិត ដើម្បីឲ្យព្រះអង្គណែនាំឲ្យពិភពលោករបស់យើងរកឃើញសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដ និងសុខសន្តិភាព។ ដូច្នេះ នៅក្នុងរដូវ៤០ថ្ងៃនេះ ឲ្យយើងគិតពិចារណា ខ្ញុំជាគ្រីស្តបរិស័ទ ខ្ញុំជាសាវ័ករបស់ព្រះយេស៊ូ ខ្ញុំធ្វើដូចម្ដេចដើម្បីយកពេលវេលាថែមដើម្បីអធិដ្ឋាន។ អធិដ្ឋានដោយចូលនៅក្នុងព្រះវិហារ អធិដ្ឋានផ្គាំ អធិដ្ឋានដោយគោរពព្រះកាយព្រះគ្រីស្ត អធិដ្ឋានដោយស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ អធិដ្ឋានដោយសន្ទនា។ សន្ទនាធម្មតាជាមួយព្រះជាម្ចាស់ ដែលស្រឡាញ់យើងនៅក្នុងគ្រប់ពេលវេលា។ ទី២ ឲ្យយើងយកចិត្តទុកដាក់ដើម្បីលុបបំបាត់អំពើអាក្រក់ ដែលចេញពីក្នុងជីវិតរបស់យើង។ អំពើបាបដែលយើងមាន ទុក្ខលំបាកដែលរារាំងសេចក្ដីស្រឡាញ់របស់យើងចំពោះបងប្អូនឯទៀតៗ ឲ្យយើងទៅជាមនុស្សថ្មីដោយកែប្រែចិត្តគំនិត។ ដោយតមអាហារ ដោយតមអំពើអាក្រក់ដែលយើងធ្លាប់ធ្វើ ដោយយកចិត្តទុកដាក់ ដើម្បីបង្កើតទំនាក់ទំនងជាមួយបងប្អូនឯទៀតៗសាជាថ្មី។សម្ដេបប៉ាបរំលឹក នៅក្នុងសារលិខិតរបស់ព្រះអង្គថា នៅក្នុងកូវីដ-១៩ យើងបានបង្កើតទំនាក់ទំនងក្លែងក្លាយតាមបណ្តាញទំនាក់ទំនងសង្គមដែលយើងមាន។ ប៉ុន្តែ ពេលវេលានេះជាពេលវេលា ដើម្បីយកចិត្តទុកដាក់បង្កើតទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកសាជាថ្មី។ ឲ្យយើងមើលឃើញបងប្អូន ជាបងប្អូនយើងដ៏ពិតប្រាកដ ដែលជាអំណោយទានដែលយើងទទួលពីព្រះជាម្ចាស់ផ្ទាល់។ ឲ្យយើងខិតខំ ឲ្យយើងសម្រេចចិត្តថ្ងៃនេះ ឥលូវនេះ ដើម្បីលុបបំបាត់អំពើអាក្រក់ពីជីវិតរបស់យើងផ្ទាល់។ ទី៣ ឲ្យយើងសម្រេចចិត្តឥលូវនេះ នៅពេលនេះ ឲ្យយើងធ្វើអំពើល្អ កិច្ចការល្អដល់បងប្អូនឯទៀតៗ កុំឲ្យយើងគិតថាអត់អីទេយើងមានពេលច្រើន។ នៅពេលយើងបានទទួលរោយផេះល្ងាចនេះ ដែលណែនាំឲ្យយើងនឹកឃើញយើងជាធូលី ប៉ុន្តែយើងត្រូវកែប្រែចិត្តគំនិតដើម្បីភ្ជាប់ជាមួយព្រះជាម្ចាស់សាជាថ្មី។ យើងធ្វើដូចម្ដេច ដើម្បីមានអំពើល្អនៅក្នុងរដូវ៤០ថ្ងៃ អំពើល្អដល់អ្នកជិតខាង អំពើល្អដល់ឪពុកម្ដាយ អំពើល្អដល់ពួកម៉ាក់របស់យើង អំពើល្អដែលយើងអាចនឹកឃើញ ដើម្បីឲ្យជីវិតរបស់យើងរស់នៅប្រកដដោយសេចក្ដីស្រឡាញ់ ដែលមកពីព្រះជាម្ចាស់ផ្ទាល់។ បងប្អូនជាទីស្រឡាញ់ ប្រសិនបើយើងអនុវត្តរបៀបហ្នឹង ប្រសិនបើយើងយកចិត្តទុកដាក់សាបព្រោះដោយអធិដ្ឋានផង ដោយលុបបំបាត់អំពើអាក្រក់របស់យើងចេញពីដួងចិត្តរបស់យើងផង ដោយធ្វើអំពើល្អទៅបងប្អូនឯទៀតៗផង នោះយើងដឹងថាយើងអាចរកឃើញផ្លែយ៉ាងច្រើន នៅក្នុងជីវិតរបស់យើង និងសម្រាប់ជីវិតរបស់បងប្អូនឯទៀតៗ។ នៅពេលយើងអនុវត្តនេះទាំងអស់ យើងអាចរស់នៅតាមរបៀបដែលលោកប៉ូលបានប្រកាស នៅក្នុងអត្ថបទទី២ដែលយើងបានស្ដាប់ “យើងជាទូតរបស់ព្រះគ្រីស្ត គឺដូចជាព្រះជាម្ចាស់មានព្រះបន្ទូលដាស់តឿនបងប្អូនតាមរយៈយើងដែរ”។ យើងជាទូតរបស់ព្រះគ្រីស្ត នៅពេលយើងរស់នៅនៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នៅពេលយើងភ្ជាប់ជាមួយព្រះជាម្ចាស់នៅក្នុងសេចក្ដីស្រឡាញ់ នៅពេលយើងខិតខំកែប្រែចិត្តគំនិតដើម្បីទៅជាមនុស្សថ្មី នៅពេលយើងយកចិត្តទុកដាក់ធ្វើអំពើល្អដល់បងប្អូនឯទៀតៗ នៅពេលនោះយើងជាទូតរបស់ព្រះគ្រីស្តយ៉ាងជាក់ស្ដែង។ យើងជាសាក្សីនៃជីវិតរបស់ព្រះជាម្ចាស់យ៉ាងជាក់ស្ដែង ដែលណែនាំឲ្យបងប្អូនឯទៀតៗនៅក្នុងភូមិយើង នៅក្នុងសង្គមយើង នៅក្នុងព្រះសហគមន៍យើង អាចមើលឃើញវត្តមានរបស់ព្រះជាម្ចាស់។ ដោយសារ យើងប្រកាសមិនមែនតែដោយបបូរមាត់តែប៉ុណ្ណឹង ប៉ុន្តែយើងប្រកាសដោយកាយវិការ ដោយសំដី ដោយការងារដែយយើងធ្វើជាប្រចាំ។ បងប្អូនជាទីស្រឡាញ់ នៅពេលនេះយើងអធិដ្ឋានជាមួយសម្ដេចប៉ាប៖ “បពិតព្រះនាងម៉ារី ព្រះសង្គ្រោះបានចាប់កំណើតនៅក្នុងផ្ទៃព្រះនាង ព្រះនាងបានចងចាំហេតុការណ៍ទាំងអស់ ហើយថែទាំទាំងរិះគិតពិចារណានៅក្នុងដួងចិត្តទៀតផង។ សូមព្រះនាងប្រទានឲ្យយើងទទួលអំណោយទាន និងចិត្តស៊ូទ្រាំ និងបានរួមចិត្តស្និទ្ធជាមួយព្រះអង្គម្ចាស់ តាមរយៈព្រះមាតាព្រះអង្គ ដើម្បីឲ្យពេលវេលានៃការប្រែចិត្តគំនិតនេះ ទទួលផលនៃការសង្គ្រោះអស់កល្បជានិច្ចផង”។ អាម៉ែន៕ + លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ

ធ្វើឱ្យជីវិតមានផ្លែល្អ
នៅព្រះសហគមន៍កំពង់អំពិល អភិបូជាថ្ងៃអាទិត្យទី៨ក្នុងរដូវធម្មតា តាកែវ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ អត្ថបទទី១៖ បេនស៊ីរ៉ាក ២៧,៤-៧កុំសរសើរនរណាម្នាក់ មុនពេលបានឮសម្ដីរបស់គេ ដ្បិតពាក្យសម្ដីនេះហើយដែលបង្ហាញពីចិត្តគំនិតរបស់មនុស្ស។ បសរ ២៧,៧អត្ថបទទី២៖ កូរិនថូសទី១ ១៥,៥៤-៥៨អំណាចនៃសេចក្ដីស្លាប់នោះ មកពីអំពើបាប។ ១ករ ១៥,៥៦ដំណឹងល្អ៖ លូកា ៦,៣៩-៤៥សិស្សដែលបានទទួលចំណេះសព្វគ្រប់ អាចស្មើនឹងគ្រូបាន។ លក ៦,៤០ បងប្អូនជាទីស្រឡាញ់ យើងបានស្ដាប់ពាក្យប្រស្នា ដែលណែនាំឲ្យយើងអាចយល់យ៉ាងច្បាស់ អំពីជីវិតរបស់យើងប្រចាំថ្ងៃ។ នៅក្នុងនេះ មានរឿងពីរដែលព្រះយេស៊ូចង់លើកដើម្បីឲ្យយើងគិតពិចារណា រឿងទី១គឺព្រះយេស៊ូថាឲ្យយើង យើងពូកែមើលឃើញរឿងអាក្រក់ដ៏តូចតាចបំផុតនៅក្នុងខ្លួនគេ។ តូចមែនទែនដូចជាធូលីនៅក្នុងភ្នែក មើលឃើញច្បាស់នៅពេលគេធ្វើអ្វីខុស យើងចេះតែមើលងាយគេ យើងចេះតែស្ដីឲ្យគេ។ ផ្ទុយទៅវិញ ពេលយើងផ្ទាល់ខ្លួនធ្វើខុសធំបំផុតយើងមើលមិនឃើញ ដូចជាយើងមានធ្នឹមដ៏ធំបំផុតនៅក្នុងភ្នែករបស់យើង។ យើងមើលមិនឃើញ ប៉ុន្តែធូលីដ៏តូចបំផុតនៅក្នុងភ្នែករបស់គេយើងមើលឃើញយ៉ាងច្បាស់។ ព្រះយេស៊ូថ្ងៃនេះណែនាំឲ្យយើងចេះមើលឃើញ ទី១បងប្អូនឯទៀតៗនៅក្នុងរបៀបល្អ និងទី២ឲ្យយើងចេះកែប្រែចិត្តគំនិតរបស់យើង។ ឲ្យមើលឃើញអ្វីដែលស្ទើរនៅក្នុងជីវិតរបស់យើង ដើម្បីទៅជាមនុស្សដ៏ល្អ ដែលមានរបៀបដ៏ល្អប្រសើរបំផុត។ ដោយសារ នៅក្នុងរឿងទី២ព្រះយេស៊ូបានរំលឹកដែរ “ដើមឈើល្អមិនដែលឲ្យផ្លែអាក្រក់ឡើយ” យើងដឹងហើយនៅពេលមានដើមឈើមួយយ៉ាងស្អាតបំផុត យើងទទួលបានផ្លែយ៉ាងឆ្ងាញ់បំផុត។ ជីវិតរបស់យើង យើងប្រៀបដូចជាដើមឈើមួយ ប្រសិនបើដើមឈើរបស់យើងបានលូតលាស់នៅក្នុងដីល្អ ដែលយើងស្រោចទឹក ដែលមានជីវជាតិ យើងដឹងថានៅពេលនោះយើងចេញផ្លែដែលឆ្ងាញ់បំផុត ដែលផ្អែម។ ជីវិតរបស់យើងក៏ដូចគ្នាដែរ នៅពេលយើងយកចិត្តទុកដាក់ ទី១ស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលណែនាំឲ្យយើងចេះស្រឡាញ់គ្នាទៅវិញទៅមក ដែលណែនាំឲ្យយើងចេះជួយទៅបងប្អូនឯទៀតៗ។ ដែលណែនាំឲ្យយើងចេះមានចិត្តអាណិតមេត្តា ឲ្យយើងមានចិត្តលើកលែងទោស ឲ្យយើងមានចិត្តចាប់អារម្មណ៍អំពីបងប្អូនរបស់យើង នៅក្នុងសាលាក្ដី នៅក្នុងភូមិរបស់យើងក្ដី ដែលកំពុងពិបាក។ នៅពេលនោះយើងទៅជាមនុស្សល្អ ប៉ុន្តែសម្រាប់យើងមិនមែនតែធ្វើបុណ្យបានបុណ្យ សម្រាប់យើងអ្វីដែលជាសំខាន់ គឺយើងខិតខំពីមួយថ្ងៃទៅមួយថ្ងៃយកចិត្តទុកដាក់ដើម្បីស្រឡាញ់បងប្អូនឯទៀតៗ ដើម្បីជួយគេ ដើម្បីធ្វើអំពើល្អដល់គេ។ យើងមានឱកាសច្រើនណាស់ នៅក្នុងសាលាផង នៅក្នុងផ្ទះរបស់យើងផង ជាមួយឪពុកម្ដាយផង ជាមួយលោកគ្រូអ្នកគ្រូផង ជាមួយពួកម៉ាករបស់យើង។ នៅក្នុងព្រះសហគមន៍របស់យើង ជាមួយលោកឪពុក ជាមួយបងស្រី យើងមានឱកាសច្រើនដើម្បីធ្វើអំពើល្អ ដើម្បីយកចិត្តទុកដាក់ជួយគ្នាទៅវិញទៅមក។ ថ្ងៃនេះ នៅពេលយើងបានរៀបចំកន្លែង យើងបានខិតខំយកចិត្តទុកដាក់ ដើម្បីឲ្យយើងទាំងអស់គ្នាមានអំណរសប្បាយ មានភាពកក់ក្ដៅ ដើម្បីអធិដ្ឋាននិងស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេលដែលយើងយកចិត្តទុកដាក់ធ្វើអំពើល្អ យើងដឹងថាជីវិតរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃរីកចម្រើនដូចដើមឈើមួយយ៉ាងស្អាត។ ណែនាំឲ្យយើងមានផ្លែ នៅពេលមានផ្លែច្រើនបងប្អូនឯទៀតៗគេស្រឡាញ់យើង គេសប្បាយចិត្តគេថាយើងជាកូនល្អណាស់ ជាសិស្សល្អណាស់ ជាយុវជនម្នាក់ពូកែណាស់។ ពូកែមើលឃើញដល់បងប្អូនដែលកំពុងពិបាក ពូកែជួយគេ មានសីលធម៌ល្អ ពូកែរស់នៅយ៉ាងគួរសមនិងសមរម្យនៅក្នុងសង្គម គាត់ពូកែយកចិត្តទុកដាក់។ នេះទាំងអស់ ណែនាំឲ្យគេឃើញជីវិតរបស់យើងមានផ្លែ នៅពេលជីវិតរបស់យើងមានផ្លែគេចាប់អារម្មណ៍ គេសួរផ្លែមកពីណា? មូលហេតុអ្វីមានជីវិតដ៏ល្អប្រសើរ? យើងអាចនឹកឃើញដោយសារយើងមានព្រះយេស៊ូដែលជាទីពឹង ដោយសារយើងមានព្រះនាងម៉ារីជាទីពឹង ដោយសារយើងមានព្រះសហគមន៍របស់យើងជាទីពឹង។ នៅពេលយើងបានធ្វើជំហានទីមួយ យើងបាននិយាយច្បាស់ថា “ខ្ញុំសូមយកព្រះយេស៊ូជាទីពឹង ខ្ញុំសូមយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាទីពឹង ខ្ញុំសូមយកព្រះសហគមន៍ជាទីពឹង”។ ដូច្នេះ នេះជាមូលហេតុដែលយើងអាចមានផ្លែល្អ ជាមូលហេតុដែលយើងអាចទៅជាមនុស្សល្អ ដោយសារយើងមានទីពឹងយ៉ាងពិសេសបំផុត។ យើងមិនសាងសង់ជីវិតរបស់យើងនៅលើដីខ្សាច់ យើងសាងសង់ជីវិតរបស់យើងនៅលើថ្មដ៏រឹងមាំ។ ណែនាំឲ្យជីវិតរបស់យើង ដែលទីពឹងទៅលើព្រះជាម្ចាស់ ទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលដឹកនាំ ឲ្យយើងចេះស្រឡាញ់គ្នាទៅវិញទៅមក ដែលដឹកនាំឲ្យយើងចេះធ្វើអំពើល្អ ដែលដឹកនាំឲ្យយើងចេះគោរពមាតាបិតា ដែលដឹកនាំឲ្យយើងចេះស្រឡាញ់ព្រះជាម្ចាស់អស់ពីដួងចិត្ត អស់ពីកម្លាំងកាយចិត្ត។ ណែនាំឲ្យយើងទៅជាមនុស្សប្លែកនិងពិសេស ដែលអាចមានផ្លែយ៉ាងច្រើន។ ដូច្នេះ យើងត្រូវការនឹកឃើញយើងមានព្រះជាម្ចាស់ដែលជួយ ប្រសិនបើយើងទីពឹងទៅលើព្រះជាម្ចាស់យើងអាចទៅជាដើមឈើមួយដែលមានផ្លែដ៏ល្អបំផុត យើងអាចទៅជាមនុស្សម្នាក់ដែលមានមាត់ល្អ។ ប៉ុន្តែ មាត់ល្អដោយសារយើងមានដួងចិត្តល្អ មនុស្សដែលចេះតែជេរគេ ចេះតែនិយាយដើមគេ មកពីនៅក្នុងដួងចិត្តអត់មានសេចក្ដីស្រឡាញ់ មានតែអំពើខ្មៅងងឹត។ ផ្ទុយទៅវិញ ប្រសិនបើយើងយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាទីពឹង ដើម្បីចេះស្រឡាញ់គ្នាទៅវិញទៅមក នៅក្នុងដួងចិត្តរបស់យើង យើងមានសេចក្ដីស្រឡាញ់ ដែលណែនាំឲ្យយើងមានដួងចិត្តដ៏ល្អ ណែនាំឲ្យពាក្យសម្ដីរបស់យើងក៏ល្អដែរ ទាំងកាយវិការ ទាំងសម្ដី ទាំងជីវិតប្រចាំថ្ងៃល្អ នេះណែនាំឲ្យយើងទៅជាមនុស្សថ្មី។ យើងអធិដ្ឋាន ដើម្បីឲ្យព្រះសហគមន៍របស់យើងយកចិត្តទុកដាក់ ដើម្បីមានផ្លែល្អយ៉ាងច្រើន ដើម្បីឲ្យយើងទៅជាមនុស្សល្អ។ មិនមែនផ្អែមនៅក្នុងអត្ថន័យថា យើងនិយាយផ្អែមដើម្បីឲ្យគេសប្បាយចិត្តជាមួយយើង ប៉ុន្តែផ្អែមដោយសារយើងជាមនុស្សដែលមានចិត្តល្អ។ ដូច្នេះ ជីវិតរបស់យើងគឺជាជីវិតដែលមានរស់ជាតិយ៉ាងឆ្ងាញ់បំផុត មិនមែនជីវិតដែលចេះតែផ្អែមៗដល់គេប៉ុន្តែតាមពិតយើងគិតផ្សេង។ ផ្ទុយទៅវិញ ឲ្យដួងចិត្តរបស់យើង សម្ដីរបស់យើង គំនិតរបស់យើង ទៅជាតែមួយដែលមកពីព្រះយេស៊ូ ដែលណែនាំឲ្យយើងចេះស្រឡាញ់គ្នាទៅវិញទៅមកដូចព្រះយេស៊ូបានស្រឡាញ់យើងដែរ។ អាម៉ែន៕ + លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ

ក្រីក្រដែលសុខចិត្តលះបង់ចោល
អភិបូជាសំណាក់ធម៌បព្វជិតបព្វជិតា ធ្វើនៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ អត្ថបទទី១៖ យ៉ាកុប ៥,១៣-២០ពាក្យអធិស្ឋានដែលផុសចេញមកពីជំនឿ នឹងសង្គ្រោះអ្នកជំងឺនោះ។ យក ៥,១៥ដំណឹងល្អ៖ ម៉ាកុស ១០,១៣-១៦អ្នកណាមិនព្រមទទួលព្រះរាជ្យព្រះជាម្ចាស់ ដូចក្មេងតូចមួយទទួលទេ អ្នកនោះមិនអាចចូលក្នុងព្រះរាជ្យព្រះអង្គឡើយ។ មក ១០,១៥ បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ យើងជួបជុំគ្នាជាមួយលោកឪពុក បងស្រីបងប្រុស ដែលជាប្រធាននៅក្នុងក្រុមបព្វជិតបព្វជីតានីមួយៗនៅក្នុងភូមិភាគភ្នំពេញ។ នៅពេលយើងឃើញក្រុមរបស់យើងដែលមានច្រើន នៅក្នុងភូមិភាគភ្នំពេញយើងជិត៣០ក្រុម។ នៅពេលខ្ញុំអង្គុយអំបាញ់មិញ ខ្ញុំបានមើលបងប្អូននិងចាប់អារម្មណ៍ដែរ ដោយសារយើងមកពីប៉ុន្មានប្រទេស។ នៅទីនេះយើងជាតំណាងនៃទ្វីបអាស៊ី មានខ្មែរ មានវៀតណាម មានថៃ មានជប៉ុន មានកូរ៉េ មានហ្វីលីពីន មានឥណ្ឌា មានខ្លះមកពីអាមេរិកខាងត្បូងដែរ។ ដូច្នេះ ពេលយើងឃើញគ្រួសារមួយយ៉ាងពិសេស ដែលមកពីប្រទេសផ្សេងៗពីគ្នា ដែលមានរបៀបនិងបេសកកម្មផ្សេងពីគ្នា។ ប៉ុន្តែ ពេលយើងមកថ្វាយអភិបូជានេះយើងយល់ថា អ្វីៗទាំងអស់ដែលណែនាំឲ្យយើងជាមនុស្សខុសៗគ្នា ទៅជាទ្រព្យសម្បត្តិដល់កំពូល។ យើងដឹងថា នៅក្នុងព្រះយេស៊ូតាមពិតយើងជាក្រុមគ្រួសាតែមួយ។ ថ្ងៃនេះ ព្រះយេស៊ូដឹកនាំយើងមែនទែន ដើម្បីឲ្យយើងមានផ្លូវតែមួយ ដើម្បីធ្វើដំណើររួមជាមួយគ្នា និងដើម្បីបំពេញបេសកកម្មរបស់យើង ដែលជាអ្នកប្រកាសដំណឹងល្អ អ្នកកសាងព្រះរាជរបស់ព្រះជាម្ចាស់ នៅលើទឹកដីប្រទេសកម្ពុជា។ នៅក្នុងអត្ថបទទី១ យើងបានស្ដាប់មួយចំណុចដ៏សំខាន់ “ដូច្នេះសូមបងប្អូនលន់តួបាបឲ្យគ្នាទៅវិញទៅមក ព្រមទាំងអធិដ្ឋានឲ្យគ្នាទៅវិញទៅមកផង ដើម្បីឲ្យបានជាសះស្បើយផង”។ យើងជិតចូលនៅក្នុងរដូវ៤០ថ្ងៃ ជាពេលវេលាដើម្បីមើលឃើញដល់ជម្ងឺនានារបស់យើង ជាពិសេសតាមផ្លូវវិញ្ញាណ តាមផ្លូវចិត្ត។ ជាពេលវេលាដើម្បីកែប្រែចិត្តគំនិត ជាពេលវេលាដើម្បីឲ្យយើងដឹងថា យើងត្រូវតែអធិដ្ឋានសម្រាប់គ្នាទៅវិញទៅមក។ ខ្ញុំគិតថា នៅពេលលោកយ៉ាកុបដាស់តឿនយើង ទី១ឲ្យយើងលើកលែងទោសឲ្យគ្នាទៅវិញទៅមក ទី២ឲ្យយើងអធិដ្ឋានសម្រាប់គ្នាទៅវិញទៅមក ទី៣ឲ្យយើងអប់រំគ្នាទៅវិញទៅមក។ នេះជាផ្លូវតែមួយ ដើម្បីណែនាំឲ្យយើងចូលគ្នា ជាក្រុមគ្រួសាតែមួយនៅក្នុងព្រះយេស៊ូពិតមែន។ ដូច្នេះ យើងមកពីវប្បធម៌ផ្សេងគ្នា យើងមកពីក្រុមបព្វជិតបព្វជិតាផ្សេងគ្នា ប៉ុន្តែនៅក្នុងព្រះគ្រីស្តពិតប្រាកដមែនយើងជាអង្គតែមួយ ធ្លុងតែមួយដ៏ពិតប្រាកដ។ ប៉ុន្តែ នៅពេលយើងមើលព្រះយេស៊ូរបៀបដែលព្រះយេស៊ូអប់រំយើងថ្ងៃនេះ គឺណែនាំឲ្យយើងទាំងអស់គ្នាត្រូវតែចូលនៅក្នុងនេះ “មានតែអ្នកដែលមានចិត្តដូចក្មេងៗទាំងនេះប៉ុណ្ណោះ ដែលចូលនៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់បាន”។ សម្រាប់បងស្រីមួយចំនួនអត្ថបទនេះ ជាមូលដ្ឋាននៃផ្លូវវិញ្ញាណដែលអ្នកបង្កើតក្រុមបានជ្រើសរើស។ សម្រាប់យើង គឺជាមូលដ្ឋានមួយសំខាន់ណាស់ដើម្បីណែនាំឲ្យយើងអាចទៅមុខ នៅក្នុងបេសកកម្មរបស់យើង និងជាអង្គតែមួយនៅក្នុងការងារប្រចាំថ្ងៃ។ ដោយដឹងថា យើងមានព្រះបិតាដែលស្រឡាញ់យើង និងណែនាំឲ្យយើងមានចិត្តគំនិតដូចកូនក្មេង។ មានន័យថា យើងទីពឹងទៅលើព្រះបិតា យើងទីពឹងទៅលើឧបការគុណរបស់ព្រះជាម្ចាស់ មិនមែនយើងដែលសម្រេចចិត្ត មិនមែនយើងដែលចង់ធ្វើនេះ ធ្វើនោះ។ ប៉ុន្តែ យើងទទួលបេសកកម្មពីព្រះបិតា ដូចកូនក្មេងម្នាក់ទីពឹងលើឪពុកម្ដាយ ចង់មានម្ហូបអាហារឪពុកម្ដាយត្រូវការឲ្យ ចង់ទៅពីកន្លែងមួយទៅកន្លែងមួយពេលនៅតូច បើគ្មានឪពុកម្ដាយមិនអាចទៅណាបានទេ។ ដូច្នេះ នៅពេលយើងចូលនៅក្នុងរបៀបព្រះយេស៊ូដែលអប់រំយើង យើងដឹងថានៅក្នុងផ្លូវវិញ្ញាណពិតមែនយើងជាក្រុមតែមួយ យើងជាព្រះសហគមន៍តែមួយ។ យើងជាបងប្អូនគ្នាដ៏ពិតប្រាកដដែលខិតខំពីមួយថ្ងៃទៅមួយថ្ងៃ កែប្រែចិត្តគំនិតដើម្បីមានចិត្តដូចក្មេងៗដែលព្រះយេស៊ូចេះតែស្វាគមន៍ ចេះតែអាណិត ចេះតែដឹកនាំ ចេះតែអប់រំ ចេះតែលើកទឹកចិត្ត។ នេះជាជីវិតរបស់យើងជាបព្វជិតបព្វជិតា ជាអ្នកបួស ដែលប្រកាសដំណឹងល្អនៅប្រទេសកម្ពុជា។ ដូច្នេះ យើងនឹកឃើញរបៀបដែលយើងរស់នៅ ដើម្បីអធិដ្ឋាន ដើម្បីស្រឡាញ់ ដើម្បីចែករំលែក។ ថ្ងៃនេះ យើងអរព្រះគុណព្រះជាម្ចាស់សម្រាប់ម៉ារីវី សម្រាប់ម៉ារីអង់ ដែលទាំងពីរមានម៉ារីនៅជាមួយ ដើម្បីណែនាំឲ្យយើងនឹកឃើញដល់ពាក្យសច្ចារបស់យើង ដែលសុខចិត្តលះចង់ចោលដើម្បីរស់នៅជាមួយព្រះយេស៊ូ នៅក្នុងព្រហ្មចារិនីភាព នៅក្នុងការស្ដាប់បង្គាប់ និងនៅក្នុងរបៀបរស់នៅជាអ្នកក្រីក្រ។ មានន័យថា មិនមែនអ្នកក្រីក្រដោយសារយើងអត់មានអ្វីសោះ តាមពិតយើងមានច្រើនណាស់។ ពេលយើងឈឺយើងមានមន្ទីរពេទ្យ ពេលយើងអស់កម្លាំងក៏យើងទៅលេងប្រទេសយើងបាន នៅពេលយើងមានបញ្ហាមួយដែលកើតឡើងក្រុមគ្រួសាររបស់យើងក៏ជួយឧបត្ថម្ភដែរ។ ដូច្នេះ ភាពក្រីក្ររបស់យើងក៏មិនមែនក្រីក្រដែលអត់មានអ្វីសោះ ប៉ុន្តែភាពក្រីក្ររបស់យើងជារបៀបពិសេស ជាភាពក្រីក្រដែលសុខចិត្តលះបង់ចោលមែន។ លោកីយ៍មិនយល់ទេ ពេលយើងប្រើពាក្យនេះ ប៉ុន្តែយើងលះបង់ចោលដើម្បីទីពឹងទៅលើព្រះជាម្ចាស់ ដើម្បីទីពឹងទៅលើឧបការគុណរបស់ព្រះអង្គ ដើម្បីទីពឹងទៅលើព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ជានិច្ច។ ដូច្នេះ ថ្ងៃនេះយើងអរព្រះគុណព្រះអង្គ យើងឃើញបងប្រុស ហ្រ្វង់ស៊ីស ដែលពោរពេញដោយអំណរសប្បាយដែលមកពីព្រះជាម្ចាស់ លោកអភិបាល អ៊ីវ ក៏ដូចគ្នាដែរ។ លោកអភិបាល អ៊ីវ អ្នកណាក៏ស្គាល់ស្នាមញញឹមរបសគាត់ អ្នកណាក៏ស្គាល់របៀបដែលគាត់សើច។ ណែនាំឲ្យយើងយល់ថា ពេលយើងផ្ញើជីវិតទៅលើព្រះជាម្ចាស់ ដូចកូនក្មេងម្នាក់យើងទទួលអំណរសប្បាយ។ អំណរសប្បាយយ៉ាងពិសេស ដោយសារជាអំណរសប្បាយដែលមកពីព្រះជាម្ចាស់ផ្ទាល់។ នេះជាលក្ខណៈរបស់យើងជាបុព្វជិតបុព្វជិតា ជាគ្រីស្តបរិស័ទ ដែលបានផ្ញើជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់។ អាម៉ែន៕ + លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ

បេសកកម្មរបស់យើងគឺបង្ហាញធម៌មេត្តាករុណារបស់ព្រះជាម្ចាស់
អភិបូជាបិទសំណាក់ធម៌បុគ្គលិកអង្គការការីតាសកម្ពុជា ពីព្រះសហគមន៍តាហែន បាត់ដំបង ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បងប្អូនជាទីស្រឡាញ់អ្នកដែលធ្វើការនៅក្នុងអង្គការការីតាស ដូចជាជីវិតរបស់យើងជាគ្រីស្តបរិស័ទតែម្ដង។ លោកយ៉ាកុប បានសរសេរអត្ថបទនេះ២០០០ឆ្នាំមុន នៅពេលយើងស្ដាប់អត្ថបទនេះ តាមពិតមិនខុសពីអ្វីដែលបានកើតឡើងនៅក្នុងសង្គមបច្ចុប្បន្ននេះ។ នៅពេលនោះ មានពិធីជប់លៀង នៅក្នុងពិធីជប់លៀងនេះមានបុរសម្នាក់ដែលចូលទៅជាអ្នកមានមែនទែន។ គាត់មានចិញ្ចៀន គាត់មានខ្សែកមាសធំៗ គាត់មានសម្លៀកបំពាក់ស្អាតៗ ពេលគាត់មកដល់ភ្លាមគេមកស្វាគមន៍ គេឱ្យកន្លែងអង្គុយនៅកៅអីកិត្តិយស ដើម្បីឱ្យគាត់ស្រួល។ ដោយបានរៀបចំទឹកត្រជាក់ៗ មានម្ហូបអាហារឆ្ងាញ់បំផុត ដែលមានគ្រប់មុខឱ្យគាត់បរិភោគ។ ប៉ុន្តែ នៅពេលនោះក៏មានអ្នកក្រីក្រម្នាក់ដែលចូលដែរ អ្នកក្រីក្រនេះគាត់អត់មានសម្លៀកបំពាក់ស្អាតសោះ និងមានក្លិនមិនល្អទៀត។ ដោយសារ គាត់អត់បានមុជទឹកពីរបីថ្ងៃហើយ ដូច្នេះពេលគេឃើញគាត់គេឱ្យគាត់ទៅកៀន ទៅឱ្យឆ្ងាយ ឱ្យគាត់អង្គុយលើកន្ទេលនៅឆ្ងាយពីគេ និងឱ្យម្ហូបដែលនៅសល់ពីតុអ្នកមាន។ តាមពិត ខ្ញុំគិតថានេះជាធម្មជាតិរបស់មនុស្សយើងដែរ យើងចូលចិត្តគោរពពេលមានអ្នកធំមកដល់ យើងគោរពគាត់ យើងមើលថែរក្សាគាត់។ អ្នកផ្សេងៗយើងមើលឃើញដែរ ប៉ុន្តែយើងបណ្ដេញគេ យើងមិនចាប់អារម្មណ៍ពីគេ។ នៅត្រង់នេះ បានណែនាំឱ្យយើងយល់ថា យើងមិនអាចវិនិឆ្ឆ័យមនុស្ស យើងមិនអាចនិយាយថាមនុស្សនេះជាមនុស្សល្អ ឬជាមនុស្សអាក្រក់។ មនុស្សនេះជាអ្នកមាន ដូច្នេះគាត់ពោរពេញដោយអំណោយទាន យើងត្រូវតែបម្រើគាត់ មនុស្សនេះជាអ្នកក្រីក្រ ដូច្នេះយើងត្រូវការបណ្ដេញគាត់ ដោយសារគាត់អត់មានប្រយោជន៍។ ជួនកាល នៅពេលយើងជ្រើសរើសមិត្តភក្ភិរបស់យើង យើងជ្រើសរើសមិត្តភក្ភិដែលអាចផ្តល់ផលប្រយោជន៍សម្រាប់យើងនៅពេលក្រោយ។ យើងជ្រើសរើសទំនាក់ទំនងជាមួយមនុស្សដែលយើងដឹងថា នៅថ្ងៃអនាគតអាចទៅជាខ្សែមួយប្លែក ខ្ញុំអាចពឹងពាក់គេបាន ដូច្នេះយើងចេះនិយាយផ្អែមជាមួយគេ។ សម្រាប់អ្នកដែលគ្មានប្រយោជន៍សម្រាប់យើងនៅពេលក្រោយ យើងចេះតែមើលគេពីចម្ងាយ និងអត់សូវរវីរវល់ជាមួយគេសោះ។ ប៉ុន្តែ តាមពិតអ្វីដែលយើងស្ដាប់ថ្ងៃនេះ គឺជាអ្នកក្រីក្រដែលនឹងទទួលព្រះរាជដែលព្រះជាម្ចាស់មានព្រះបន្ទូលសន្យា។ ប្រសិនបើ ចាំអ្វីដែលយើងបាននិយាយនៅក្នុងថ្ងៃនេះ បេសកកម្មរបស់យើង គឺណែនាំឱ្យព្រះរាជរបស់ព្រះជាម្ចាស់ឆាប់កើតឡើងនៅលើផែនដីនេះ។ មានន័យថា ណែនាំឱ្យមនុស្សទាំងអស់អាចរកឃើញសេចក្ដីសុខសុភមង្គល ឱ្យមានសេចក្ដីសង្ឃឹម ឱ្យមានជីវិត ដោយដឹងថាជីវិតរបស់គេមានតម្លៃថ្លៃថ្នូរ។ ហេតុនេះហើយ ការងាររបស់យើងពិតមែនគឺធ្វើដូចម្ដេចដើម្បីឱ្យអ្នកតូចតាចអាចរកឃើញសេចក្ដីសុខ អ្នកតូចតាចអាចយល់ថាគេមានជីវិត គេមានតម្លៃដ៏ពិតប្រាកដមែន។ មិនវិនិឆ្ឆ័យគេ ដោយសារយើងឃើញរបៀបរស់នៅរបស់គាត់ខុសពីគេ ផ្ទុយទៅវិញយើងណែនាំឱ្យគាត់ចូលបន្តិចម្ដងៗ នៅក្នុងសង្គមដើម្បីឱ្យគាត់មានជីវិតរបស់គាត់ផ្ទាល់ខ្លួន សេចក្ដីសុខ និងតម្លែថ្លៃថ្នូររបស់គាត់ផ្ទាល់ខ្លួនដែរ។ ដោយសារ តាមពិតដូចព្រះយេស៊ូបានបង្រៀនយើង ឱ្យយើងចេះស្រឡាញ់គ្នាទៅវិញទៅមកដូចព្រះយេស៊ូបានស្រឡាញ់យើង។ ពីសម័យដើម នៅក្នុងសម្ពន្ធមេត្រីចាស់ នៅក្នុងធម៌វិន័យ យើងបានស្ដាប់ដែរ “ត្រូវស្រឡាញ់បងប្អូនឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯង”។ ដូច្នេះ ឱ្យយើងចាំនេះ យើងជាការីតាសមានន័យថា យើងជាធម៌មេត្តាករុណា និងធម៌មេត្តាករុណាមានប្រភពមួយ គឺព្រះជាម្ចាស់ផ្ទាល់។ ថ្ងៃនេះ យើងអរព្រះគុណព្រះជាម្ចាស់ដែលបានណែនាំយើង ដើម្បីឱ្យយើងរស់នៅក្នុងសេចក្ដីសុខក្នុងជីវិតរបស់យើង។ អរព្រះគុណព្រះជាម្ចាស់ ដែលបានផ្ដល់កម្លាំងដើម្បីឱ្យយើងទៅមុខតទៅទៀតនៅក្នុងបេសកកម្មរបស់យើង។ ដោយដឹងថា មនុស្សទាំងអស់មានតម្លៃស្មើៗគ្នា មនុស្សទាំងអស់ចង់មានកម្លាំងកាយកម្លាំងចិត្តដូចៗគ្នា។ តួនាទីរបស់យើង គឺណែនាំឱ្យមនុស្សដែលគេភ្លេច គេមើលមិនឃើញនៅក្នុងពិធីជប់លៀង ឱ្យគេមានមោទនភាព ដើម្បីឱ្យគេមានកិត្តិយស ឱ្យគេមានកម្លាំងថ្មី ដើម្បីអង្គុយរួមតុជាមួយយើង ហូបបាយជាមួយយើង និងរកឃើញជីវិតដែលជាជីវិតដ៏ពេញលក្ខណៈ៕ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេអភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ