សហជីវិន​ព្រះយេស៊ូ​រំលឹក​វីរភាព​របស់​លោក​រិជឈី

លោក​រិជឈី ​ហ្វែរណាន់ដូ ដែល​សិស្ស​ពិការ​តែង​ហៅ​លោក​ថា ជា​វីរជន​​សម្រាប់​ពួកគេ​ ត្រូវ​បាន​រំលឹក​ខួប​២៦ឆ្នាំ​នៃ​មរណភាព​របស់​លោក​។

ក្រុមគ្រួសារ​សហជីវិនព្រះយេស៊ូ​ និង​សហការី​ប្រារព្ធខួប២៦ឆ្នាំនៃមរណភាព​លោក​រិជឈី ​ហ្វែរណាន់ដូ ដែលបាន​ទទួល​មរណភាព​ដោយឧបទ្ទេវហេតុ​ផ្ទុះគ្រាប់បែកដៃកាលពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ១៩៩៦ នៅ​សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈជនពិការ​បន្ទាយ​ព្រាប ក្នុងស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្តាល។

សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈជនពិការ​បន្ទាយ​ព្រាប ជា​កន្លែង​បេសកកម្ម​ដំបូង​របស់​លោក​រិជឈី ក្នុង​នាម​ជា​និស្សិត​ទេវវិទ្យាល័យ​​ដែល​កំពុង​ចុះ​កម្មសិក្សានៅ​ក្នុងប្រទេស​កម្ពុជា។ ​

នៅក្នុង​ពិធីអភិបូជារំឭក​ខួបនេះ លោក​បូជាចារ្យ​តូតែត បាណេណាល់ ជាជន​ជាតិ​ហ្វីលីពីន និង​ជា​មិត្ត​សម្លាញ់​របស់​លោក​រិជឈី បាន​អានលិខិត​របស់​លោក​រិជឈី​​ដែល​បាន​សរសេរ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌប្រពៃណីខ្មែរ​នា​ឆ្នាំ១៩៩៦​មុន​លោក​ទទួល​មរណភាព ជូន​ដល់​អ្នក​ចូលរួម​ជាពិសេស​ក្រុម​គ្រួរសារលោក​​រិជឈីបានស្ដាប់។ ​ក្នុង​លិខិតនោះ លោក​រិជឈី​​បាន​បញ្ជាក់​ពី​អំណរសប្បាយរបស់​គាត់​​ក្នុង​បេសកកម្ម​នៅកម្ពុជា។ លើសពីនេះ​ទៀត លោក​​មាន​បំណង​ពង្រឹង​និង​ពង្រីក​សកម្មភាព​ជនពិការ​នៅប្រទេស​កម្ពុជា តាម​រយៈ​ការ​កសាង​ទំនាក់​ទំនង​ឱ្យ​កាន់​តែជិតស្និទ្ធ​​ជាមួយ​ជនពិការ​និង​ជន​ក្រី​ក្រ​នៅ​តាមភូមិ​។​

លោកបូជាចារ្យ តូតែត មាន​ប្រសាសន៍ទៀតថា រិជឈី​បាន​ស្លាប់​ដោយ​សា​រ​​គាត់ព្យាយាមសម្របសម្រួល និង​​ការពារ​សិស្ស​ពិការផ្សេងងៗទៀត ខណៈដែល​សិស្ស​ម្នាក់​ដែល​ត្រូវ​បាន​បញ្ឍប់​ការ​សិក្សា​ យក​គ្រាប់​បែក​ដៃ​មក​គម្រាម​បំផ្ទុះ​ដោយ​ខឹង​សម្បារ។

លោក​បូជាចារ្យ​បន្តថា គ្រាប់​បែក​បាន​ជ្រុះ​ចេញ​ពី​ដៃ​របស់​សិស្ស​ម្នាក់នោះ នៅ​​ក្រោយ​ខ្នងរបស់​រិជឈី​។ ហើយ​លោក​រិជឈី​បាន​ស្រវ៉ា​ឱបជន​បង្ក ដើម្បីការពារជីវិត​របស់​សិស្ស​ម្នាក់នោះ និង​កូនសិស្ស​មួយ​ចំនួន​នៅ​ក្បែរនោះ។ លោក​តូតែត​បន្ថែម​ថា «ដូច្នេះ​មាន​តែ​បងប្រុស​រិជឈី​ដែល​បាត់​បងជីវិត​៥នាទី​ក្រោយ​ការផ្ទុះ។»​

រយៈ​ពេល​២៦​ឆ្នាំ​នេះ​មាន​សារៈសំខាន់​ ព្រោះ​«វត្ត​មាន​របស់​បងប្រុសរិជឈី​ ជាគំរូនិង​ជា​សញ្ញា​សម្គាល់​នៃ​ការ​តាំង​ចិត្ត​របស់​ក្រុម​យើង(សហជីវិន​ព្រះយេស៊ូ)​ដើម្បីធ្វើ​ការ​ និង​​រស់​នៅ​ទីនេះ ដោយ​ដើរ​ជាមួយ​បងប្អូន​ក្នុង​ជីវិត ហាក់​បីដូចជាការ​ថ្វាយ​ខ្លួន​ដើម្បី​ប្រយោជន៍​បងប្អូន​នៅកម្ពុជា។» លោក​បូជាចារ្យ តូតែត បញ្ជាក់។

ក្នុងពិធី​រំឭក​ខួប​នេះ ​ធ្វើ​ឡើង​នៅថ្ងៃទី​១៧ ខែតុលា ក្នុង​​ភូមិត្មាតពង សង្កាត់​បឹងធំ​ ខណ្ឌកំបូល រាជធានីភ្នំពេញ ជា​ទីកន្លែង​ថ្មី​ដែល​ក្រុម​សហជីវិន​ព្រះ​យេស៊ូ​បាន​ចាប់​ផ្តើម​សកម្មភាព​ បន្ទាប់​ពី​សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈជនពិការ​បន្ទាយ​ព្រាប​នៅ​ខេត្ត​កណ្តាល​ត្រូវ​បាន​បិទ។ ក្នុងពិធីនេះ ​មាន​អ្នក​ចូល​រួម​៥៥នាក់ ដោយ​មានដង្ហែ​រូបថត​របស់​លោក​​រិជឈី រួម​ជាមួយ​សំឡេង​​ស្មូតនិង​ច្រៀង​តាមព្រះសហគមន៍​​កាតូលិក​​ ជុំវិញ​ផ្ទះឈើដែល​លោក​​រិជឈី​ធ្លាប់​រស់នៅ ដែល​ត្រូវ​បាន​លើក​យក​មកពី​​​បន្ទាយព្រាបចាស់។

អ្នក​ចូលរួម​បាន​​អុជធូប​អធិដ្ឋាន​ និង​ជូន​ផ្កានៅ​ចេតិយដែល​មាន​តម្កល់​ឈាមរបស់​លោក​រិជឈី​ ដែល​បាន​​សង់​ជារូប​ព្រហ្មមុខ៤ជាមួយ​សំណេរ មេត្តា ករុណា មុទិតា និង​ឧបេក្ខា។

ជាមួយ​គ្នា​នេះ​ដែរ អតីតគ្រូ​បង្រៀន​ផ្នែកអគ្គិសនីនៅ​សាលា​បន្ទាយ​ព្រាប​ លោក ​ឃ្លៀង វ៉ាន់ បញ្ជាក់​ថា លោក​រិជឈី​​ ជាមនុស្ស​ល្អ មាន​ទំនាក់​ទំនង​ល្អជាមួយ​កូន​សិស្សគ្រប់គ្នា និង​ជាមិត្ត​ល្អ​របស់​គ្រូ​គ្រប់រូប។

លោក​វ៉ាន់​បាន​រំលឹក​ពី​ទិដ្ឋភាព​នាថ្ងៃនោះ​ថា ក្រោយ​ពេល​ឮសំឡេងផ្ទុះ លោក​​បើក​ទ្វារ​មក​ឃើញលោក​រិជឈី​​ដេកដួល​និង​កំពុងឱបកូនសិស្ស។​ លោក​បញ្ជាក់ថា «​ពេល​ខ្ញុំ​លូកដៃទៅលើក ឃើញ​ឈាមនៅ​ក្បាល​ពីក្រោយនិង​កំភួនជើង​ តែ​យើង​ព្យាយាមបញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ តែ​ហួសពេលទៅហើយ។»

រី​ឯសិស្ស​ឈ្មោះ​សារ៉ុម ជា​ជន​បង្ក​បាន​រត់​ទៅ​សារភាព​នៅ​សាលា​ស្រុក​ដោយ​ខ្លួនឯង ហើយ​សាលា​ក៏​មិនបាន​បោះ​បង់​គាត់ដែរ ដោយ​បាន​ទៅសួរសុខទុក្ខនៅពន្ធធនាគា និង​ឪពុក​ម្ដាយ​របស់​លោក​រិជឈី​បានសរសេរលិខិតថ្វាយ​​ព្រះមហាក្សត្រ ស្នើលើក​លែង​ទោស​ដល់ជន​បង្ក​​​ផងដែរ។​​ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​វ៉ាន់។

សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈជនពិការ​បន្ទាយ​ព្រាប ពេលនោះ​មាន​បង្រៀន​ ជួសជុល​ម៉ូតូ ជាងឈើ អគ្គិសនី ជាង​ផ្សារ កសិកម្ម ​កាត់ដេរ និង​ជាពិសេស​ផ្នែក​ចម្លាក់​ឈើ។

លោករិជឈី​ ហ្វែរណាន់​ដូ ប្រសូត​នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ១៩៧០ ក្នុង​ប្រទេស​ហ្វីលីពីន។ លោក​បាន​មក​ដល់​ប្រទេស​​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩៥​ ក្នុងនាម​ជា​និស្សិត​ទេវវិទ្យាល័យ​ចុះ​កម្មសិក្សា ដើម្បី​រៀន​ក្លាយជា​បព្វ​ជិត​ក្នុងក្រុម​សហជីវិន​ព្រះយេស៊ូ។ លោក​បាន​រៀន​ភាសាខ្មែរ​ជាមួយ​សាសនទូត​ដែល​ជា​បូជាចារ្យ​បម្រើនៅកម្ពុជា​មាន​ លោក​​អូមែរ ជីរ៉ាល់ដូ លោក​ប្រ៊ុយណូ កូសម៍ និង​លោក​អន់តូនីសាមី ស៊ូសៃរាជ្យ។ លោក​រិជឈី​ជាសិស្ស​រៀន​ពូកែ និង​បាន​បញ្ចប់​សៀវភៅថ្នាក់ទី២ ​ក្នុង​រយៈពេល​៣ខែ​។ លោក​ត្រូវ​បាន​ប្រធាន​គ្រួសារ​សហជីវិន​ព្រះយេស៊ូ ចាត់​លោក​ឱ្យ​ទៅ​ជួយ​ណែនាំ ក្នុង​នាម​ជា​បងប្រុស​របស់​​សិស្ស​នៅ​បន្ទាយ​ព្រាប ដោយ​មាន​នាទី​​ថែទាំ​និង​មើល​លើតម្រូវ​ការ​របស់​យុវសិស្ស​ពិការ​ចំនួន​១២​ផ្ទះ​ ដែល​​​​​ផ្ទះ​នីមួយៗ​មាន​ចំនួនពី​៨ទៅ១០នាក់​ កំពុង​​ស្នាក់​នៅ​ដើម្បី​រៀន​វិជ្ជាជីវៈ​​។ ​ លោក​តែង​តែ​​​ដើរ​តាម​ភូមិ​ដើម្បី​សួរ​សុខទុក្ខ​ក្រុម​គ្រួសារ​សិស្ស ​ខណៈពេល​ដែល​ពួកគេ​កំពុងសិក្សាវិជ្ជាជីវៈ ហើយ​លោកក៏មានតួនាទី​​​ជ្រើស​រើស​សិស្ស​ដើម្បី​ចូល​រៀន​វគ្គសិក្សាថ្មីផងដែរ។ នៅទីនោះ​លោក​បាន​រស់​នៅ​ជាមួយ ដូនជី​ម៉ារី ឡុង អាតនៃ​គ្រួសារ​ឧបការគុណ និង​​លោក​បូជាចារ្យ​ អេនរីគេ ហ្វីការេដូ មុន​នឹង​លោក​ទទួល​មុខងារជាអភិបាល​ព្រះសហគមន៍​ភូមិភាគ​បាត់​ដំបង​៕

ដោយដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email