ធម្មទេសនា ឆ្នាំ២០២២

ធម្មទេសនា ឆ្នាំ២០២២

ព្រះអំណោយទាន​នៃ​ព្រះយេស៊ូ​ប្រសូត ផ្លាស់​ប្ដូរ​ពិភព​លោក

អភិបូជារាត្រីអបអរសាទរព្រះយេស៊ូប្រសូត
នៅព្រះសហគមន៍ព្រះកុមារយេស៊ូ បឹងទំពន់
ភ្នំពេញខាងត្បូង ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២

ស្រឡាញ់​ដើម្បី​ឆ្លង​គ្រប់​ទុក្ខ​លំបាក

អភិបូជា​ទិវា​គ្រួសារ​សម្រាប់​មណ្ឌល​សកម្មភាព​តាកែវ នៅ​ព្រះសហគមន៍​សន្តី​ម៉ារីញញឹម ចំការទៀង តាកែវ ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ អត្ថបទ​ទី១៖ សាម៉ូអែល ទី២ ៥,១-៣ទូល‌បង្គំ​ទាំង​អស់​គ្នា​ក៏​ជា​សាច់​សា​លោហិត​របស់​ព្រះ‌ករុណា។ ២សម ៥,១អត្ថបទ​ទី១៖ កូឡូស ១,១២-២០ព្រះ‌អង្គ​ជា​សិរសា​នៃ​ព្រះ‌កាយ​របស់​ព្រះ‌អង្គ។ កូឡ ១,១៨ដំណឹងល្អ៖ លូកា ២៣,៣៥-៤៣ឯង​មិន​កោត​ខ្លាច​ព្រះ‌ជា‌ម្ចាស់​ទេ​ឬ? លក ២៣,៤០ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ជា​ថ្ងៃ​ពិសេស​បំផុត​សម្រាប់​ព្រះសហគមន៍​នៅ​ក្នុង​ពិភព​លោក ដែល​យើង​គោរព​ព្រះយេស៊ូ​ជា​ព្រះមហាក្សត្រ​នៃ​ផែនដី។ ថ្ងៃ​នេះ ជា​ថ្ងៃ​ពិសេស​បំផុត​ដែរ​សម្រាប់​យើង​ដែល​ជា​គ្រីស្ត​បរិស័ទ នៅ​ក្នុង​មណ្ឌល​សកម្មភាព​តាកែវ។ យើង​ប្រមូល​បង​ប្អូន​ទាំង​អស់ ជា​គ្រួសារ ជា​គ្រីស្ត​បរិស័ទ ដើម្បី​លើក​តម្កើង​ទាំង​ព្រះយេស៊ូ ទាំង​គ្រួសារ​ដ៏​វិសុទ្ធ ដើម្បី​ទទួល​កម្លាំង​ថ្មី​សម្រាប់​ជីវិត​របស់​យើង ដែល​ជា​គ្រីស្ត​បរិស័ទ​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​ផែន​ដី​នេះ។ អំបាញ់​មិញ នៅ​ពេល​ខ្ញុំ​ដើរ​ខ្ញុំ​ឃើញ​គ្រួសារ​របស់​យើង​មាន​គ្រប់​លក្ខ​ខណ្ឌ មាន​ប្ដី​ប្រពន្ធ​មាន​កូន មាន​គ្រួសារ​ខ្លះ​មេម៉ាយ។ បង​ប្អូន​ជា​ទី​ស្រឡាញ់ អ្វី​ដែល​សំខាន់​ថ្ងៃ​នេះ​គឺ​ឲ្យ​យើង​យល់​ថា យើង​ជា​គ្រួសារ​នៅ​ក្នុង​ជីវិត​របស់​យើង​ផ្ទាល់។ មាន​ន័យ​ថា យើង​មាន​ប្ដី យើង​មាន​ប្រពន្ធ យើង​មាន​កូន មាន​ខ្លះ​ពិត​មែន​យើង​ជា​មេម៉ាយ មាន​ខ្លះ​យើង​បែក​គ្នា មាន​ខ្លះ​មាន​ទុក្ខ​លំបាក មាន​ខ្លះ​មាន​អំណរ​សប្បាយ មាន​ខ្លះ​កំពុង​គិត​អំពី​អនាគត ជា​ពិសេស​សម្រាប់​មេៗ​កាយរិទ្ធិ កំពុង​គិត​អំពី​អនាគត តើ​យើង​បង្កើត​គ្រួសារ​យ៉ាង​ដូច​ម្ដេច? អ្វី​ដែល​យើង​ត្រូវ​ការ​នឹក​ឃើញ ថ្ងៃ​នេះ​យើង​មាន​គ្រួសារ​របស់​យើង​ផ្ទាល់ ប៉ុន្តែ​យើង​ទាំង​អស់​គ្នា​ជា​គ្រួសារ​មួយ​ដែរ។ នេះ​ជា​ការ​អស្ចារ្យ នៅ​ពេល​ដែល​យើង​ជួប​ជុំ​គ្នា​ជា​គ្រីស្ត​បរិស័ទ នៅ​ក្នុង​មណ្ឌល​សកម្មភាព​តាកែវ​ដែល​យើង​មាន​ប្រាំបី​កន្លែង យើង​ដឹង​ថា​មិន​មែន​តែ​គ្រួសារ​បង្កើត​របស់​យើង​ទេ​ដែល​យើង​នឹក​ឃើញ។ ថ្ងៃ​នេះ យើង​នឹក​ឃើញ​ដល់​ព្រះសហគមន៍​យើង ដែល​ជា​មហា​គ្រួសារ​មួយ ដែល​ជា​បុត្រា​បុត្រី​របស់​ព្រះជាម្ចាស់។ ថ្ងៃ​នេះ​ដែល​យើង​បាន​រៀប​ចំ​ផ្កា​យ៉ាង​ស្អាត​បំផុត យើង​បាន​ជូន​បង​ប្អូន​ទាំង​អស់ ដើម្បី​ឲ្យ​ផ្កា​នេះ​ណែនាំ​ឲ្យ​យើង​មើល​ឃើញ​សេចក្ដី​ស្រឡាញ់​ដែល​ព្រះជាម្ចាស់​មាន​សម្រាប់​យើង។ មើល​ឃើញ​ជីវិត​ដែល​យើង​បាន​ទទួល​ជា​បុត្រា​បុត្រី​របស់​ព្រះជាម្ចាស់ ជា​ពិសេស​ថ្ងៃ​នេះ​យើង​មាន​កូន​ក្មេង​ប្រាំ​នាក់ ដែល​នឹង​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក។ ថ្ងៃ​នេះ យើង​មើល​ឃើញ​ជីវិត​ដ៏​អស្ចារ្យ​ដែល​ព្រះជាម្ចាស់​បាន​រៀប​ចំ ស្អាត​ដូច​ផ្កា​ដែល​យើង​មាន​នៅ​ពេល​ហ្នឹង។ ថ្ងៃ​នេះ យើង​មើល​ព្រះយេស៊ូ យើង​មើល​ព្រះមាតា យើង​មើល​សន្ត​យ៉ូសែប ដែល​ជា​គ្រួសារ​ដ៏​វិសុទ្ធ។ គ្រួសារ​ដ៏​វិសុទ្ធ ដែល​កំពុង​សម្លឹង​មើល​យើង ប្រសិន​បើ​យើង​ងើប​មុខ​របស់​យើង នៅ​ពេល​យើង​មើល​គ្រួសារ​ដ៏​វិសុទ្ធ​នេះ ដែល​មាន​ដើម​ត្នោត​អម​សង​ខាង យើង​មើល​ឃើញ​ជីវិត​ដ៏​ពិសេស​ដែល​ព្រះជាម្ចាស់​បាន​រៀប​ចំ​សម្រាប់​យើង។ ទោះ​បី​ជិវិត​គ្រួសារ​របស់​យើង ជួប​ទុក្ខ​លំបាក ជួប​បញ្ហា​ខ្លះៗ ប៉ុន្តែ​យើង​ដឹង​ថា​យើង​មាន​គ្រួសារ​ដ៏​វិសុទ្ធ​ការពារ​ថែរក្សា​យើង​ជានិច្ច យើង​មាន​ព្រះនាង​ម៉ារី សន្ត​យ៉ូសែប ព្រះយេស៊ូ​ដែល​គង់​នៅ​ជា​មួយ​យើង​ជានិច្ច។ យើង​ដឹង​ថា នៅ​ក្នុង​គ្រប់​កាលៈទេសៈ​នៃ​ជីវិត​របស់​យើង យើង​អាច​ធ្វើ​ដំណើរ​ទៅ​មុខ​ដោយសារ​យើង​មាន​មហា​គ្រួសារ​មួយ​ដ៏​ពិសេស ដែល​ចេះ​ស្រឡាញ់ ដែល​ចេះ​ស្វាគមន៍ ដែល​ចេះ​អញ្ជើញ ដែល​ចេះ​ស្ដាប់​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ចេះ​អធិដ្ឋាន ដែល​ចេះ​សម្រុះ​សម្រួល​បញ្ហា​ដែល​យើង​ជួប​នៅ​ក្នុង​ជីវិត​ប្រចាំ។ ដូច្នេះ ថ្ងៃ​នេះ​ខ្ញុំ​ចង់​អញ្ជើញ​ឲ្យ​បង​ប្អូន​សម្លឹង​មើល ជា​ពិសេស​ព្រះនាង​ម៉ារី។ ព្រះនាង​ម៉ារី ដែល​ជា​ម្ដាយ​របស់​ព្រះយេស៊ូ ព្រះនាង​ម៉ារី​ដែល​ជា​ម្ដាយ​របស់​យើង ដែល​ជា​ម្ដាយ​របស់​ព្រះសហគមន៍​របស់​យើង។ ដូច្នេះ ពេល​យើង​មើល​ឃើញ​ព្រះនាង​ម៉ារី យើង​ត្រូវ​តែ​មើល​ឃើញ​របៀប​ដែល​យើង​ចង់​បង្កើត​គ្រួសារ​របស់​យើង គ្រួសារ​បង្កើត​និង​គ្រួសារ​នៅ​ក្នុង​ព្រះសហគមន៍។ គ្រួសារ​បង្កើត​និង​គ្រួសារ​នៅ​ក្នុង​ព្រះសហគមន៍ ដែល​មើល​ព្រះនាង​ម៉ារី៖ ទី​មួយ ព្រះនាង​ម៉ារី​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ នៅ​ពេល​ទេវ​ទូត​កាព្រីអែល បាន​ប្រាប់​ដំណឹង​ដល់​ព្រះនាង​ម៉ារី​ធ្វើ​ជា​មាតា​របស់​ព្រះជាម្ចាស់ ព្រះនាង​ម៉ារី​បាន​ស្ដាប់​ព្រះបន្ទូល​នេះ។ ព្រះនាង​ម៉ារី បាន​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម​ព្រះបន្ទូល​នេះ ព្រះនាង​ម៉ារី​ស្ដាប់​ព្រះកុមារ​យេស៊ូ ព្រះនាង​ម៉ារី​ស្ដាប់​ប្ដី​ផ្ទាល់​ខ្លួន។ ខ្ញុំ​គិត​ថា ដើម្បី​ឲ្យ​គ្រួសារ​របស់​យើង​រក​ឃើញ​សេចក្ដី​សុខ យើង​ជា​ប្ដី​ប្រពន្ធ យើង​ជា​ឪពុក​ម្ដាយ យើង​ជា​កូន យើង​ត្រូវ​តែ​ចេះ​ស្ដាប់​គ្នា​ទៅ​វិញ​ទៅ​មក។ ប្រហែល​មាន​គ្រួសារ​ខ្លះ​អត់​ដែល​យក​ពេល​ដើម្បី​និយាយ​គ្នា ដើម្បី​ចែក​យោបល់​គ្នា។ ដូច្នេះ ខ្ញុំ​សង្ឃឹម​យូរៗ​ម្ដង​យើង​ត្រូវ​ការ​អង្គុយ​ដើម្បី​និយាយ​គ្នា អំពី​ជីវិត អំពី​កូន អំពី​អនាគត អំពី​បញ្ហា​ដែល​យើង​មាន។ នៅ​ពេល​កូន​របស់​យើង​មក​ពី​សាលា​វិញ ត្រូវ​ការ​ស្ដាប់​កូន​ដែរ ដូច​នៅ​ពេល​សម័យ​កូវីដ​ឪពុក​ម្ដាយ​នៅ​សាលា​មត្តេយ្យ សាលា​បឋម​សិក្សា​របស់​យើង ឪពុក​ម្ដាយ​មួយ​អាទិត្យ​ម្ដង​បាន​ទៅ​ដល់​សាលា ដើម្បី​ទទួល​មេរៀន។ ក្រោយ​មក ពេល​ទៅ​ដល់​ផ្ទះ​វិញ​ឪពុក​ម្ដាយ​បាន​រក​ពេល​បង្រៀន​កូន ជួប​ជា​មួយ​កូន ដើម្បី​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​កូន។ ពេល​ផុត​កូវីដ​ហើយ ប្រហែល​យើង​លែង​នឹក​ឃើញ ដោយសារ​យើង​រវល់ ពេល​កូន​របស់​យើង​យំ​យើង​ឲ្យ​ទូរស័ព្ទ​ទៅ​កូន​លេង។ និង​ក្រោយ​មក​កូន​បាន​លេង​ទូរស័ព្ទ ពេល​កូន​ខឹង​បោះ​ចោល​ទូរស័ព្ទ​ថ្លៃៗ ធ្វើ​ឱ្យ​យើង​បាត់​បង់​លុយ​ដែល​ពិបាក​រក។ ប៉ុន្តែ ប្រសិន​បើ​យើង​យក​ពេល​ដើម្បី​និយាយ​ខ្លះៗ ដើម្បី​ស្ដាប់​កូន កូន​បាន​រៀន​មេរៀន​អ្វី បទ​ចម្រៀង​បទ​អ្វី ពាក្យ​កំណាព្យ​អ្វី បាន​គូស​រូប​អ្វី នោះ​ជីវិត​នៅ​ក្នុង​គ្រួសារ​បាន​រីក​ចម្រើន​បន្តិច​ម្ដងៗ ដូច​ព្រះនាង​ម៉ារី​បាន​ចេះ​ស្ដាប់។ ទី​ពីរ ពេល​យើង​មើល​ព្រះនាង​ម៉ារី​ដែល​កំពុង​សម្លឹង​មើល​ព្រះកុមារ​យេស៊ូ ព្រះនាង​ម៉ារី​កំពុង​យក​ចិត្ត​ទុក​ដាក់​នឹង​កូន​ដែល​ទើប​តែ​កើត​ថ្មីៗ។ យើង​ដឹង​ហើយ នៅ​ពេល​ម៉ែ​មាន​កូន​កើត គាត់​យក​ចិត្ត​ទុក​ដាក់​ថែរក្សា។ ដូច្នេះ ការ​យក​ចិត្ត​ទុក​ដាក់​តាម​របៀប​ព្រះនាង​ម៉ារី ជា​បទ​ពិសោធន៍​ដែល​យើង​មាន​ពេល​នៅ​ធ្វើ​ជា​ម្ដាយ។ គ្រប់​ពេល​វេលា​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​កូន យក​ចិត្ត​ទុក​ដាក់​ជា​មួយ​ប្ដី ដើម្បី​ឲ្យ​គ្រួសារ​រក​ឃើញ​សេចក្ដី​សុខ។ យក​ចិត្ត​ទុក​ដាក់ និង​តស៊ូ​ច្រើន​ជាង​គេ​គឺ​ម៉ែ តស៊ូ​នៅ​ក្នុង​ការ​ពិបាក តស៊ូ​នៅ​ពេល​ខ្វះ​លុយ តស៊ូ​ពេល​កូនៗ​ឈឺ តស៊ូ​ពេល​កូន​មាន​បញ្ហា តស៊ូ​ពេល​ប្ដី​មាន​រឿង ម្ដាយ​តស៊ូ​ច្រើន ប៉ុន្តែ​ក៏​យក​ចិត្ត​ទុក​ដាក់​ច្រើន​ដែរ។ សព្វ​ថ្ងៃ ខ្ញុំ​ចាប់​អារម្មណ៍​ពេល​កូន​ឈឺ​គឺ​ប្ដី​ដែល​មើល​កូន​ឈឺ ដូច្នេះ​ប្រហែល​ប្ដី​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​កូន​ច្រើន​ដែរ។ សម័យ​មុន ម៉ែ​ធ្វើ​ម្ហូប ម៉ែ​សំអាត​ផ្ទះ ម៉ែ​បោក​ខោ​អាវ ម៉ែ​ចិញ្ចឹម​កូន… ឥលូវ​នេះ​ប្ដី​បាន​ជួយ​ខ្លះៗ​ដែរ ដូច​ជា​ជួយ​លាង​ចាន ជួយ​បោក​ខោអាវ ជួយ​បោស​សំរាម…។ ក្រោយ​មក​គ្រួសារ​យើង​សុខ​សាន្ត ដោយសារ​យក​ចិត្ត​ទុក​ដាក់ មិន​មែន​តែ​ម៉ែ​យក​ចិត្ត​ទុក​ដាក់ គឺ​ឪពុក​យក​ចិត្ត​ទុក​ដាក់​ដែរ។ ប៉ុន្តែ យើង​ក៏​ត្រូវ​បង្រៀន​កូន​ដែរ ដោយសារ​កូន​របស់​យើង​យូរៗ​ខ្ជិល​ណាស់ ណែនាំ​ឲ្យ​កូន​ចេះ​បម្រើ ចេះ​ជួយ។ ឪពុក​ខ្ញុំ​ធ្លាប់​និយាយ​ពេល​ខ្ញុំ​នៅ​ក្មេង​ថា កូន​ជា​អំណោយ​ទាន​របស់​ព្រះជាម្ចាស់​ដើម្បី​បម្រើ​ឪពុក​ម្ដាយ។ ដូច្នេះ នេះ​ជា​ពេល​វេលា​មួយ​ដើម្បី​ឲ្យ​យើង​ទាំង​អស់​គ្នា រៀន​យក​ចិត្ត​ទុក​ដាក់​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​កូន​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​ឪពុក​ម្ដាយ ទាំង​ឪពុក​ម្ដាយ​យក​ចិត្ត​ទុក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក និង​ជា​មួយ​លោក​តា​លោក​យាយ​ដែរ។ ទី​បី ពេល​យើង​មើល​ព្រះនាង​ម៉ារី ព្រះនាងម៉ារី​ស្រឡាញ់ ប៉ុន្តែ​តើ​ស្រឡាញ់​មាន​ន័យ​ដូច​ម្តេច? តើ​ស្រឡាញ់​មាន​ន័យ​ថា យើង​ស្រឡាញ់​នៅ​ពេល​យើង​សប្បាយ​ចិត្ត​តែ​ប៉ុណ្ណឹង ឬ​យើង​ចេះ​ស្រឡាញ់​គ្នា​នៅ​ក្នុង​គ្រប់​កាលៈទេសៈ? ស្រឡាញ់​មាន​ន័យ​ថា​យើង​ចេះ​ស្រឡាញ់​នៅ​ក្នុង​គ្រប់​កាលៈទេសៈ​នៅ​ក្នុង​ជីវិត​របស់​យើង សេចក្ដី​ស្រឡាញ់​មិន​មែន​មាន​តែ​នៅ​ពេល​យើង​សប្បាយ​ចិត្ត។ បង​ប្អូន​ដែល​បាន​ទទួល​អគ្គ​សញ្ញា​អាពាហ៍​ពិពាហ៍​នៅ​ក្នុង​ព្រះសហគមន៍ យើង​បាន​ប្រកាស​ពាក្យ​សន្យា​ថា “បង​សូម​សន្យា​ថា​ស្រឡាញ់​អូន​អស់​មួយ​ជីវិត​របស់​បង ទាំង​គ្រា​សប្បាយ ទាំង​គ្រា​អាសន្ន…”។ បង​ប្អូន​ជា​ប្ដី​ប្រពន្ធ ជា​ឪពុក​ម្ដាយ​យូរ​ឆ្នាំ​ហើយ យើង​ដឹង​យើង​មាន​អំណរ​សប្បាយ ប៉ុន្តែ​យើង​មាន​ទុក្ខ​លំបាក យើង​មាន​សេចក្ដី​សង្ឃឹម ប៉ុន្តែ​យើង​មាន​រឿង​ដែល​ណែនាំ​ឲ្យ​យើង​មាន​គ្រោះ​ថ្នាក់​ខ្លះៗ។ ប៉ុន្តែ សេចក្ដី​ស្រឡាញ់​អាច​ឆ្លង​ផុត​គ្រប់​បញ្ហា ម្ដាយ​ស្រឡាញ់​កូន​រហូត ទោះបី​កូន​ដែល​ខូច​ក៏​ដោយ​យើង​នៅ​តែ​ស្រឡាញ់​កូន។ នេះ​ជា​របៀប​ដែល​ព្រះនាង​ម៉ារី​បាន​បង្រៀន​យើង “ចេះ​ស្រឡាញ់​ដើម្បី​ឆ្លង​គ្រប់​ទុក្ខ​លំបាក”។ យើង​មើល​ព្រះនាង​ម៉ារី នៅ​ពេល​ព្រះកុមារ​យេស៊ូ​បាត់​បី​ថ្ងៃ ដោយសារ​កូន​ចូល​វិហារ​ដើម្បី​បង្រៀន​ដល់​ធម្មាចារ្យ។ ដូច្នេះ ម៉ែ​គាត់​ភ័យ​រត់​តាម​រក​កូន​បី​ថ្ងៃ​បី​យប់ ពេល​រក​ឃើញ​គាត់​មិន​វៃ មិន​ស្ដី​ឲ្យ​កូន​ឡើយ គាត់​គ្រាន់​តែ​និយាយ​ថា កូន​អើយ​ម៉ែ​ភ័យ​ណាស់ ម៉ែ​ព្រួយ​បារម្ភ​ណាស់ ព្រោះ​អត់​ដឹង​ថា​កូន​ទៅ​ណា។

អភិបូជា​ថ្ងៃ​អាទិត្យ​នៃ​ការ​ប្រកាស​ដំណឹង​ល្អ និង​ទិវា​គ្រួសា

ធ្វើ​នៅ​មជ្ឈមណ្ឌល​ព្រះសហគមន៍​ភ្នំពេញ​ថ្មី ភ្នំពេញ ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០២២ “ការ​ប្រកាស​ដំណឹង​ល្អ​និង​គ្រួសារ” បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ​យើង​មាន​តួ​អង្គ​ពីរ មាន​បុរស​ពីរ​នាក់​ដែល​ព្រះយេស៊ូ​លើក​មក​ធ្វើ​ជា​ឧទាហរណ៍ ដើម្បី​ឱ្យ​យើង​គិត​ពិចារណា​អំពី​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ ជា​ពិសេស​ថ្ងៃ​នេះ​អំពី​ជីវិត​របស់​យើង​ជា​គ្រួសារ។ អំពី​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​និង​គ្រួសារ ដែល​ប្រកាស​ដំណឹង​ល្អ​ដល់​ដាច់​ស្រយាល​នៃ​ផែនដី។ មាន​ឥរិយាបថ​ពីរ ចរិត​ពីរ បុរស​ម្នាក់​ពេល​គាត់​នៅ​មុខ​ព្រះជាម្ចាស់ បាន​ចាប់​ផ្តើម​ធ្វើ​របាយការណ៍​អំពី​ស្នាដៃ​របស់​គាត់។ អួត​ខ្លួន ខ្ញុំ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ខ្ញុំ​អធិដ្ឋាន​ផង ខ្ញុំ​តម​អាហារ​ផង ជួយ​អ្នក​ក្រី​ក្រ​ផង ខ្ញុំ​ជា​មនុស្ស​ពិសេស នៅ​ក្នុង​ខ្លួន​ខ្ញុំ​ឥត​មាន​អ្វី​ខុស​ដូច​អ្នក​ដទៃ​ឡើយ។ ម្នាក់​ទៀត​ជា​អ្នក​ទារ​ពន្ធ ដែល​បាន​អធិដ្ឋាន​ជា​មួយ​ព្រះជាម្ចាស់​ដែរ នៅ​ពេល​នោះ​គាត់​ចេះ​តែ​ទូល​អង្វរ​ព្រះជាម្ចាស់ “ឱ​ព្រះជាម្ចាស់​អើយ សូម​អាណិត​មេត្តា​ទូល​បង្គំ​ជា​មនុស្ស​បាប​ផង”។ គាត់​មិន​បាន​និយាយ​អ្វី​វែង​ឆ្ងាយ គឺ​គាត់​អធិដ្ឋាន​តែ​ប៉ុណ្ណឹង។ ក្រោយ​មក​ព្រះយេស៊ូ បាន​សំលឹង​មើល​មហា​ជន ដើម្បី​ប្រាប់​ថា “ប្រយ័ត្ន ប្រសិន​បើ​យើង​លើក​តម្កើង​ខ្លួន​ឯង យើង​ត្រូវ​តែ​បន្ទាប​ចុះ ផ្ទុយ​ទៅ​វិញ​អ្នក​ដែល​បាន​បន្ទាប​ខ្លួន នឹង​ត្រូវ​គេ​លើក​តម្កើង​វិញ”។ ប៉ុន្តែ មិន​មែន​បន្ទាប​ខ្លួន​ដោយ​លេង​ល្ខោន បន្ទាប​ខ្លួន​ដោយ​ដាក់​ខ្លួន​ដ៏​ពិត​ប្រាកដ។ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​គម្ពីរ​នេះ​ណែនាំ​ឱ្យ​យើង​ចូល​នៅ​ក្នុង​មូលដ្ឋាន​ដើម្បី​បង្កើត​ទំនាក់​ទំនង​ជា​មួយ​ព្រះជាម្ចាស់​ដ៏​ពិត​ប្រាកដ។ បង្កើត​ទំនាក់​ទំនង​ជា​មួយ​ព្រះជាម្ចាស់​បាន លុះត្រាតែ​យើង​ដាក់​ខ្លួន យើង​ទទួល​ស្គាល់​អំពើ​ឋានៈ​របស់​យើង​ជា​មនុស្ស​ទន់​ទាប។ ប៉ុន្តែ ជា​មនុស្ស​ទន់​ទាប​ប្រៀប​ធៀប​នឹង​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ដែល​មាន​ចំពោះ​មនុស្ស​លោក។ ថ្ងៃ​នេះ យើង​បាន​មើល​ឃើញ​យ៉ាង​ជាក់​ស្តែង គ្រួសារ​ដ៏​វិសុទ្ធ​ដែល​ណែនាំ​ឱ្យ​យើង​មើល​ឃើញ​សេចក្តី​ស្រឡាញ់​ដ៏​ធំ​ធេង​របស់​ព្រះជាម្ចាស់។ ធំ​ធេង​ចំពោះ​សន្ត​យ៉ូសែប​និង​ព្រះនាង​ម៉ារី ព្រះអង្គ​បាន​ជ្រើស​រើស​ទាំង​ពីរ​នាក់ ដើម្បី​ធ្វើ​ជា​មាតា​បិតា​របស់​ព្រះបុត្រា​តែ​ម្តង។ ដូច្នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​នៅ​ពេល​យើង​មើល​គ្រួសារ​ដ៏​វិសុទ្ធ នេះ​ជា​គោល​ដៅ​យើង​គ្រប់ៗ​រូប។ នៅ​ពេល​យើង​មើល​ឃើញ ព្រះយេស៊ូ​ចាប់​កំណើត​ជា​មនុស្ស នៅ​ក្នុង​គ្រួសារ​មួយ​សាមញ្ញ​ធម្មតា យើង​មើល​ឃើញ​សេចក្តី​ស្រឡាញ់​ដ៏​ធំធេង​របស់​ព្រះជាម្ចាស់។ ធ្វើ​ឱ្យ​យើង​យល់​ថា ពិត​មែន​នៅ​មុខ​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​យើង​ត្រូវ​តែ​ដាក់​ខ្លួន។ យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​អួត​ខ្លួន​យើង​ជា​មនុស្ស​ដ៏​ពេញ​លក្ខណៈ យើង​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់ មាន​ចិត្ត​មេត្តា​ករុណា យើង​ចេះ​តែ​អធិដ្ឋាន ចេះ​តែ​តម​អាហារ​នៅ​មុខ​ព្រះជាម្ចាស់​ផ្ទាល់។ ព្រះជាម្ចាស់​ដែល​ជា​សេចក្ដី​ស្រឡាញ់​ដ៏​ពេញ​លក្ខណៈ និង​ចេះ​តែ​បង្ហាញ​សេចក្តី​ស្រឡាញ់​នៅ​ពេល​ព្រះអង្គ​បាន​ចាត់​ព្រះបុត្រា​ឱ្យ​យាង​មក ដើម្បី​សង្រ្គោះ​យើង។ ដូច្នេះ ទំនាក់​ទំនង​ជា​មួយ​ព្រះជាម្ចាស់​ដើម្បី​ឱ្យ​យើង​រីក​ចម្រើន នៅ​ក្នុង​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ គឺ​យើង​ដាក់​ខ្លួន។ ដោយ​ទទួល​ស្គាល់ “បពិត្រ​ព្រះអម្ចាស់ ពិត​មែន​សូម​អាណិត​មេត្តា​ដល់​ទូល​បង្គំ ខ្ញុំ​ជា​មនុស្ស​តូច​តាច​ម្នាក់​មិន​សូវ​ចេះ​ស្រឡាញ់ មិន​សូវ​ចេះ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ដទៃ ប៉ុន្តែ​សូម​ព្រះអង្គ​ប្រទាន​សេចក្ដី​ស្រឡាញ់​ឱ្យ​យើង​ខ្ញុំ​ដ៏​ពេញ​លក្ខណៈ សូម​ប្រទាន​សេចក្ដី​សង្ឃឹម​ឱ្យ​ទូល​បង្គំ សូម​ប្រទាន​ជំនឿ​យ៉ាង​រឹង​មាំ​ឱ្យ​ទូល​បង្គំ”។ បង​ប្អូន​ជា​ទី​ស្រឡាញ់ ដាក់​ខ្លួន ទទួល​ស្គាល់​អំពី​ព្រំដែន​របស់​យើង ទទួល​ស្គាល់​អំពី​ចំណុច​ខ្សោយ​របស់​យើង ណែនាំ​ឱ្យ​យើង​បង្កើត​ទំនាក់​ទំនង​មិន​មែន​តែ​ជា​មួយ​ព្រះជាម្ចាស់​យ៉ាង​ត្រឹម​ត្រូវ​។ ប៉ុន្តែ ណែនាំ​ឱ្យ​យើង​បង្កើត​ទំនាក់​ទំនង​នៅ​ក្នុង​គ្រួសារ​របស់​យើង ជា​ប្តី​ប្រពន្ធ​ជា​មួយ​កូន ជា​មួយ​បង​ប្អូន​ឯទៀតៗ។ ប្រសិន​បើ នៅ​ពេល​យើង​ជួប​បង​ប្អូន​ឯទៀតៗ​យើង​ចេះ​តែ​អួត​ខ្លួន យូរៗ​គេ​លែង​ចង់​ស្តាប់​យើង។ ប្រសិន​បើ ប្តី​ចេះ​តែ​ថា​ខ្ញុំ​ជា​មនុស្ស​ល្អ ហើយ​ថា​ឱ្យ​ប្រពន្ធ​មិន​ចេះ​អ្វី​សោះ ធ្វើ​ម្ហូប​មិន​កើត មិន​ចេះ​មើល​កូន ចាយ​លុយ​មិន​ត្រឹម​ត្រូវ… យើង​មិន​អាច​ទៅ​មុន​ជា​មួយ​គ្នា​បាន​ទេ។ ប្រសិន​បើ ប្រពន្ធ​ចេះ​តែ​ជេរ​ប្តី មើល​ងាយ​ប្តី ថា​ឱ្យ​ប្តី… លទ្ធ​ផល​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ឱ្យ​យើង​មាន​សេចក្តី​សុខ​ជា​គ្រួសារ។ ផ្ទុយ​ទៅ​វិញ យើង​ដាក់​ខ្លួន​ទាំង​អស់​គ្នា ដូច​កន្លង​មក​ខ្ញុំ​ធ្លាប់​ប្រាប់​ម្តង​ហើយ​ថា “នៅ​ពេល​ខ្ញុំ​បាន​ទេសនា​អំពី​សេចក្តី​ស្រឡាញ់ ប្តី​ប្រពន្ធ​ចេះ​គោរព​គ្នា ចេះ​លើក​លែង​ទោស​ឱ្យ​គ្នា ចេះ​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក… ក្រោយ​មក​មាន​អ៊ី​ម្នាក់​ដែល​បាន​ស្តាប់​ខ្ញុំ​ទេសនា គាត់​ថា​ពេល​ស្តាប់​លោក​ឪពុក​និយាយ​ណែនាំ​ឱ្យ​ខ្ញុំ​ភ្ញាក់​មែន​ទែន ពេល​ខ្ញុំ​ទៅ​ផ្ទះ​វិញ​ខ្ញុំ​បាន​ហៅ​ប៉ា​វា​ហើយ​ប្រាប់​គាត់​ថា ប៉ា​វា​ខ្ញុំ​សុំទោស​២០​ឆ្នាំ​ដែល​រៀប​ការ ខ្ញុំ​ចេះ​តែ​ជេរ​ឯង​រហូត​មិន​ដែល​និយាយ​ល្អ​សោះ ថ្ងៃ​នេះ​ខ្ញុំ​ចង់​និយាយ​ទៅ​ឯង​ថា ខ្ញុំ​ស្រឡាញ់​ប៉ា​វា​ណាស់”។ នៅ​ពេល​យើង​ឃើញ​ព្រះនាង​ម៉ារី និង​សន្ត​យ៉ូសែប ដែល​កំពុង​សំលឹង​មើល​ព្រះយេស៊ូ នៅ​ពេល​នោះ​យើង​ឃើញ​ឥរិយាបថ​នេះ ដាក់​ខ្លួន ដោយ​ទទួល​ព្រះសង្រ្គោះ ដាក់​ខ្លួន​ដើម្បី​បង្កើត​ទំនាក់​ទំនង​រួម​ជា​មួយ​គ្នា​នៅ​ក្នុង​សេចក្តី​ស្រឡាញ់។ ដូច្នេះ ថ្ងៃ​នេះ​ជា​ថ្ងៃ​អាទិត្យ​នៃ​ការ​ប្រកាស​ដំណឹង​ល្អ​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល សម្រាប់​យើង​ជា​ពេល​វេលា​ដើម្បី​គិត​អំពី​ក្រុម​គ្រួសារ នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ។ នៅ​ក្នុង​នេះ យើង​មាន​៣​ចំណុច​ដ៏​សំខាន់​គឺ៖ ចំណុច​ទី​១ ប្រកាស​ដំណឹង​ល្អ ជា​ពិសេស​នៅ​ក្នុង​ប្រទេស​របស់​យើង និង​នៅ​ក្នុង​ទ្វីប​អាស៊ី​ដែរ។ សព្វ​ថ្ងៃ យើង​មាន​លោក​អភិបាល គីគេ កំពុង​ចូល​រួម​ប្រជុំ​រយៈ​ពេល​២​សប្តាហ៍​នៅ​ទីក្រុង​បាំងកក រួម​ជា​មួយ​លោក​អភិបាល ២៧៥​អង្គ នៅ​ក្នុង​ទី្វប​អាស៊ី ដើម្បី​គិត តើ​យើង​ជា​ប្រទេស​នៅ​ក្នុង​ទ្វីប​អាស៊ី យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ប្រកាស​ដំណឹង​ល្អ​តាម​រយៈ ទី​១​វប្បធម៌ (នៅ​ក្នុង​ទ្វីប​អាស៊ី​ជា​វប្បធម៌​យ៉ាង​ពិសេស​ដែល​មាន​រាប់​សតវត្សរ៍) ទី​២​តាម​រយៈ​សាសនា​ដទៃ (នៅ​ក្នុង​ទ្វីប​អាស៊ី​យើង​មាន​សាសនា​ដើម​យ៉ាង​រឹង​មាំ ដូច​ជា​សាសនា​ព្រះពុទ្ធ សាសនា​អ៊ីស្លាម យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​មាន​ទំនាក់​ទំនង​រវាង​សាសនា​នឹង​សាសនា​ដើម្បី​ប្រកាស​ដំណឹង​ល្អ) និង​ទី​៣​តាម​រយៈ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន (នៅ​ក្នុង​ទ្វីប​អាស៊ី​យើង​មាន​ទាំង​អស់ ប្រជាជន​ក្រីក្រ​បំផុត ក៏​ដូច​ជា​ប្រជាជន​អ្នក​មាន​បំផុត យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ប្រកាស​ដំណឹង​ល្អ​នៅ​ក្នុង​គ្រប់​ស្ថាន​ភាព​ប្រចាំ​ជីវិត​របស់​បង​ប្អូន​យើង)? ចំណុច​ទី​២ យើង​ដឹង​ថា​ថ្ងៃ​នេះ​គ្រួសារ​ជា​កន្លែង​ដំបូង​បង្អស់​ដើម្បី​ប្រកាស​ដំណឹង​ល្អ នៅ​ពេល​គ្រួសារ​មាន​សេចក្ដី​សុខ ពេល​គ្រួសារ​ចេះ​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក ពេល​គ្រួសារ​ចេះ​លើក​លែង​ទោស​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ពេល​នោះ​យើង​ជា​គ្រួសារ​ដែល​បង្កើត​ទំនាក់​ទំនង​ជា​មួយ​បង​ប្អូន​ឯទៀតៗ​យ៉ាង​ស្រួល។ មិន​មែន​ដូច​បុរស​ទី​មួយ​ដែល​បាន​និយាយ​ទៅ​ព្រះជាម្ចាស់ អរ​ព្រះគុណ​ព្រះជាម្ចាស់​ដែល​ខ្ញុំ​មិន​ដូច​គេ​ទេ។ កុំ​ឱ្យ​គ្រួសារ​របស់​យើង ចូល​ព្រះវិហារ​គ្រាន់​តែ​អធិដ្ឋាន​គ្នា​យើង ហើយ​មើល​ងាយ​គ្រួសារ​ដទៃ។ ជួន​កាល​មាន​គ្រួសារ​មួយ​ចំនួន​បាក់​បែក​គ្នា មាន​គ្រួសារ​ខ្លះ​ឈ្លោះ​គ្នា មាន​គ្រួសារ​ខ្លះ​មាន​ទុក្ខ​លំបាក​មែន​ទែន ហើយ​យើង​ថា​សំណាង​គ្រួសារ​យើង​មិន​ដូច​គ្រួសារ​គេ នេះ​យើង​បង្កើត​ទំនាក់​ទំនង​មិន​កើត​ទេ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​យើង​ចេះ​បង្កើត​ទំនាក់​ទំនង​រវាង​គ្រួសារ​នឹង​គ្រួសារ នៅ​ក្នុង​ព្រះសហគមន៍​នីមួយៗ​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ នោះ​ពេល​ហ្នឹង​ខ្ញុំ​ជឿ​ថា​គ្រួសារ​របស់​យើង​រឹង​មាំ។ ដោយសារ យើង​បាន​ចែក​រំលែក​បទ​ពិសោធ​រវាង​គ្នា​នឹង​គ្នា យើង​ចែក​រំលែក​ទាំង​អំណរ​សប្បាយ ទាំង​ទុក្ខ​លំបាក ដើម្បី​ឱ្យ​គ្រួសារ​របស់​យើង​រីក​ចម្រើន​ដោយ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ដោយសារ គ្រួសារ​ជា​កន្លែង​មួយ​ដែល​យើង​បាន​ទទួល​ឥទ្ធិពល​ពី​ព្រះនាង​ម៉ារី សន្ត​យ៉ូសែប និង​ព្រះយេស៊ូ​មែន ប៉ុន្តែ​ក៏​ជា​កន្លែង​មួយ​ដែល​យើង​អាច​ទៅ​ជា​សាក្សី​សម្រាប់​គ្រួសារ​ឯទៀតៗ។ ចំណុច​ទី​៣ ឱ្យ​យើង​នឹក​ឃើញ​គ្រួសារ​របស់​យើង​ជា​ព្រះសហគមន៍​ដ៏​តូច​មួយ ដែល​យើង​បង្រៀន​ដើម្បី​ស្គាល់​ព្រះជាម្ចាស់។ ជា​កន្លែង​ដែល​កូន​រៀន​គូស​សញ្ញា​ឈើ​ឆ្កាង​ដំបូង ធម៌​បពិត្រ​ព្រះនាង​ម៉ារី ធម៌​ឱ​ព្រះបិតា…។ នៅ​ក្នុង​គ្រួសារ​ដែល​យើង​ចាប់​ផ្តើម ណែនាំ​ឱ្យ​ព្រះសហគមន៍​របស់​យើង​ចាក់​គ្រឹះ​នៅ​លើ​ទឹក​ដី​កម្ពុជា។ ជា​ពិសេស​សព្វ​ថ្ងៃ ដោយសារ​គ្រួសារ​របស់​យើង​មួយ​ចំនួន​ធំ ដែល​មាន​សមាជិក​គ្រួសារ​ម្នាក់​ជា​គ្រីស្ត​បរិស័ទ។ ថ្ងៃ​នេះ យើង​បាន​ឃើញ​យ៉ាង​ជាក់​ស្តែង​មាន​គ្រួសារ​ពីរ ដែល​ប្តី​ជា​គ្រីស្ត​បរិស័ទ​យូរ​ឆ្នាំ​ហើយ ឥលូវ​នេះ​ប្រពន្ធ​បាន​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​ថ្ងៃ​នេះ។ នៅ​ក្នុង​ជីវិត​ថ្មី​នៃ​ព្រះសហគមន៍​របស់​យើង យើង​មាន​ប៉ុន្មាន​គ្រួសារ​ដែល​ចាប់​ផ្តើម​ជា​អ្នក​ប្រកាស​ដំណឹង​ល្អ​នៅ​ក្នុង​គ្រួសារ​ផ្ទាល់​ខ្លួន។ ណែនាំ​ឱ្យ​កូនៗ​ចាប់​ផ្តើម​ស្គាល់​ព្រះយេស៊ូ ក្នុង​គ្រួសារ​យើង​មាន​ប៉ុន្មាន​នាក់​ដែល​បាន​ចូល​ក្នុង​ក្រុម​បម្រើ​អាសនៈ ចូល​នៅ​ក្នុង​ក្រុម​យុវជន ក្រុម​ពិធី​បុណ្យ…។ នេះ​ជា​គ្រួសារ ដែល​ចាប់​ផ្តើម​រស់​នៅ​ក្នុង​សេចក្ដី​សុខ​ពី​គ្រួសារ​ដ៏​វិសុទ្ធ។ បង​ប្អុន​ជា​ទី​ស្រឡាញ់ យើង​មាន​របៀប​ដោយ​សំលឹង​មើល​គ្រួសារ​ដ៏​វិសុទ្ធ គ្រួសារ​ដ៏​វិសុទ្ធដែល​លះ​បង់​ចោល​ដើម្បី​ស្រឡាញ់​ព្រះជាម្ចាស់។ គ្រួសារ​ដ៏​វិសុទ្ធ​ដែល​យក​ចិត្ត​ទុក​ដាក់ ព្រះនាង​ម៉ារី​និង​សន្ត​យ៉ូសែប​បាន​យក​ចិត្ត​ទុក​ដាក់​លើ​គ្នា​ទៅ​វិញ​ទៅ​មក។ យក​ចិត្ត​ទុក​ដាក់​ជា​មួយ​ព្រះកុមារ​យេស៊ូ (នៅ​ពេល​ព្រះអង្គ​មាន​ព្រះជន្ម​១២​ព្រះវស្សា បាត់​ព្រះកាយ) យក​ចិត្ត​ទុក​ដាក់​ជា​មួយ​កូន។ គ្រួសារ​ដែល​ជា​គ្រួសារ​សម្រាប់​អ្នក​ដទៃ មិន​សម្រាប់​តែ​គ្នា​យើង ដោយសារ​យើង​ជា​ប្តី​ប្រពន្ធ​ជា​មួយ​កូន យើង​អាច​ទៅ​ជា​គ្រួសារ​អាត្មា​និយម​ខ្លាំង​ណាស់ មិន​ចេះ​មើល​គ្រួសារ​ដទៃ​ទេ។ ប៉ុន្តែ ប្រសិន​បើ​យើង​មើល​គ្រួសារ​ដ៏​វិសុទ្ធ​នេះ នៅ​ពេល​ព្រះយេស៊ូ​ចេញ​ពី​ភូមិ​ណាសារ៉ែត​ដើម្បី​ទៅ​ប្រកាស​ដំណឹង​ល្អ ឪពុក​ម្តាយ​មិន​បាន​បដិសេធ​ទេ ទុក​ឱ្យ​ព្រះយេស៊ូ​បំពេញ​តួនាទី​របស់​ព្រះអង្គ។ ផ្ទុយ​ទៅ​វិញ ព្រះនាង​ម៉ារី​ជា​សាវ័ក​ដំបូង​របស់​ព្រះយេស៊ូ ដែល​ដើរ​តាម​ព្រះយេស៊ូ​ដោយ​លើក​ទឹក​ចិត្ត​កូន​រហូត​ដល់​កូន​ទទួល​មរណៈភាព​នៅ​លើ​ព្រះឈើឆ្កាង។ ពិត​មែន​បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​មាន​មធ្យោបាយ​ច្រើន អធិដ្ឋាន​ជា​លក្ខណៈ​គ្រួសារ ជា​ពិសេស​នៅ​ក្នុង​រដូវ​រង់​ចាំ នៅ​ក្នុង​រដូវ​៤០​ថ្ងៃ។ និយាយ​គ្នា​ជា​មួយ​ប្តី​ប្រពន្ធ ពេល​ល្ងាច​នៅ​ពេល​យើង​មក​ពី​ធ្វើ​ការ​វិញ សួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក យូរៗ​ម្តង​ដើរ​កំសាន្ត​ខ្លះៗ ដើម្បី​យក​ពេល​ជា​លក្ខណៈ​គ្រួសារ។ កន្លង​មក នៅ​ភ្នំ​វល្លិ៍​មាន​គ្រួសារ​ច្រើន​បាន​ដើរ​កំសាន្ត​ជា​លក្ខណៈ​គ្រួសារ នេះ​ជា​ពេល​វេលា​ដើម្បី​យក​ពេល​និយាយ​គ្នា​នៅ​ក្នុង​សេចក្តី​សុខ

អភិបូជាបិទសិក្ខាសាលាអ្នកបម្រើអាសនៈ ធ្វើនៅព្រះសហគមន៍ព្រះកុមារយេស៊ូ បឹងទំពន់

ភ្នំពេញ​ខាង​ត្បូង ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២២ “លើក​តម្កើង​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់” អត្ថបទ​ទី១៖ បេនស៊ីរ៉ាក ៣,១៧-១៨.២០.២៨-២៩ទឹក​ពន្លត់​ភើ្លង​ដែល​ឆេះ​សន្ធោ​សន្ធៅ​យ៉ាង​ណា ការ​ដាក់​ទាន​ក៏​លុប​លាង​បាប​យ៉ាង​នោះ​ដែរ។ បសរ ៣,២៨អត្ថបទ​ទី២៖ ហេប្រឺ ១២,១៨-១៩.២២-២៤កបង‌ប្អូន​ចូល​មក​ជិត​ព្រះ‌យេស៊ូ ដែល​ជា​ស្ពាន​នៃ​សម្ពន្ធ‌មេត្រី​ថ្មី។ ហប ១២,២៤ដំណឹងល្អ៖ លូកា ១៤,១.៧-១៤អ្នក​ណា​លើក​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​បន្ទាប​ចុះ។ លក ១៤, បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​ជា​ពេល​វេលា​មួយ ដើម្បី​ចូល​នៅ​ក្នុង​របៀប​ដែល​យើង​ជា​គ្រីស្ត​បរិស័ទ យក​ចិត្ត​ទុក​ដាក់​ជា​មួយ​ពិធី​អភិបូជា ដែល​ជា​ពិធី​សក្ការៈ​បំផុត​សម្រាប់​យើង។ នៅ​ពេល​យើង​មើល​ឃើញ​កូន​បម្រើ​អាសនៈ ពេល​យើង​ស្ដាប់​អត្ថបទ​ទី​១ “ចូរ​មាន​ចិត្ត​ស្លូត​បូត​នៅ​ក្នុង​គ្រប់​កិច្ច​ការ​ដែល​កូន​ធ្វើ មនុស្ស​ម្នា​និង​ស្រឡាញ់​កូន​ជាង​អ្នក​មាន​ចិត្ត​ទូលាយ​ទៅ​ទៀត”។ ខ្ញុំ​គិត​ថា ព្រះបន្ទូល​នេះ​ដែល​ចេញ​ពី​បេនស៊ីរ៉ាក់ គឺ​ជា​ព្រះបន្ទូល​ដែល​ត្រូវ​តែ​ចូល​នៅ​ក្នុង​ចិត្ត​គំនិត​របស់​អ្នក​បម្រើ​អាសនៈ “ចូរ​មាន​ចិត្ត​ស្លូត​បូត​នៅ​ក្នុង​គ្រប់​កិច្ចការ”។ ជា​ពិសេស នៅ​ក្នុង​កិច្ច​ការ​មួយ​ដែល​យើង​បាន​ទទួល​តួនាទី គឺ​បម្រើ​ដើម្បី​ឲ្យ​អភិបូជា ដើម្បី​ឲ្យ​ពិធី​ដ៏​សក្ការៈ​បំផុត ទៅ​ជា​ពិធី​មួយ​យ៉ាង​ឱឡារិក ណែ​នាំ​ឲ្យ​បង​ប្អូន​ដែល​ជា​គ្រីស្ត​បរិស័ទ អាច​ចូល​យ៉ាង​ជិត​ស្និត​ថែម​ទៀត​ជា​មួយ​ព្រះជាម្ចាស់។ តាម​ពិត លោក​ឪពុក​ថ្វាយ​អភិបូជា​ម្នាក់​ឯង​ក៏​បាន​ដែរ ប៉ុន្តែ​នៅ​ពេល​យើង​មាន​បង​ប្អូន​ដែល​ជា​អ្នក​បម្រើ​អាសនៈ ចូល​នៅ​ក្នុង​ពិធី​យើង ដូច​យើង​ឃើញ​អំបាញ់​មិញ។ នៅ​ពេល​ឈរ នៅ​ពេល​យើង​រៀប​ចំ​កំញាណ នៅ​ពេល​យើង​កាន់​ទៀន នៅ​ពេល​យើង​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ បន្តិច​ទៀត​នៅ​ពេល​បម្រើ​អាសនៈ​ដើម្បី​រៀប​ចំ​តុ​សក្ការៈ។ នៅ​ពេល​ហ្នឹង ហាក់​បី​ដូច​ជា​វត្តមាន​របស់​កូន​បម្រើ​អាសនៈ ណែនាំ​ឲ្យ​ពិធី​របស់​យើងឱឡារិក​ទៅៗ ណែនាំ​ឲ្យ​យើង​ដែល​ជា​គ្រីស្ត​បរិស័ទ​ដូច​ជា​រំភើប​នៅ​ក្នុង​ការ​ចូល​ក្នុង​ពិធី​ដ៏​សក្ការៈ។ ណែនាំ​ឲ្យ​យើង​ទី​មួយ​លើក​តម្កើង​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់ និង​ទី​ពីរ​ណែនាំ​ឲ្យ​យើង​ជួប​ជា​មួយ​ព្រះជាម្ចាស់​ផ្ទាល់។ នៅ​កម្ពុជា​យើង​អត់​ទាន់​មាន​វិសាល​វិហា ឬ​អាសនៈ​វិហារ​ទេ នៅ​ពេល​ខ្ញុំ​អាយុ​៨​ឆ្នាំ​ម្តាយ​ខ្ញុំ​បាន​ណែនាំ​ឲ្យ​ខ្ញុំ​ចូល​នៅ​ក្នុង​ពិធី​តែង​តាំង​បូជាចារ្យ នៅ​ក្នុង​អាសនៈ​វិហារ​ដ៏​ធំ​នៅ​ក្នុង​ភូមិភាគ​កំណើត​របស់​ខ្ញុំ។ នៅ​ពេល​នោះ មាន​បូជាចារ្យ​ជាង​៤០០​អង្គ នៅ​ពេល​ហែ​ចូល​មាន​ប្រវែង​ជិត​១០០​ម៉ែត្រ អ្វី​ដែល​ខ្ញុំ​ចាំ​គឺ​ពិធី​យ៉ាង​ឱឡារិក​បំផុត វា​ចូល​នៅ​ក្នុង​ខ្លួន​ធ្វើ​ឲ្យ​យើង​រំភើប​រហូត​ដល់​សព្វ​ថ្ងៃ។ ខ្ញុំ​ជឿ​ថា ប្អូនៗ​ដែល​មាន​តួនាទី​នេះ​ទោះ​បី​យើង​នៅ​ក្មេង​ក៏​ដោយ ប្រហែល​អត់​ទាន់​យល់​អស់ ប៉ុន្តែ​ថ្ងៃ​ណា​មួយ​ក៏​យល់​ដែរ។ ដូច​យើង​បាន​ស្ដាប់​សក្ខីភាព​របស់​បង​ប្រុស វី សំណាង អំបាញ់មិញ យើង​នឹក​ឃើញ​អ្វី​ដែល​កើត​ឡើង​នៅ​ពេល​យើង​អាយុ​ប្រាំ​ពីរ​ប្រាំ​បី​ឆ្នាំ។ ពេល​យើង​ចូល​អភិបូជា​ដំបូង ពេល​យើង​ចាប់​ផ្ដើម​មើល​លោក​បូជាចារ្យ ដែល​យក​ចិត្ត​ទុក​ដាក់​ថ្វាយ​អភិបូជា​យ៉ាង​ស្អាត ពេល​យើង​ចូល​នៅ​ក្នុង​ពិធី​យ៉ាង​ឱឡារិក​បំផុត។ វា​ប៉ះ​នឹង​ដួង​ចិត្ត​របស់​យើង​រហូត​ដល់​យើង​យល់​ថា ពេល​ក្រោយ​ថ្ងៃ​នេះ​ខ្ញុំ​បាន​ជួប​ជា​មួយ​ព្រះជាម្ចាស់​ផ្ទាល់។ ខ្ញុំ​សង្ឃឹម​ថា ប្អូនៗ​នឹង​មាន​បទ​ពិសោធន៍​នេះ​ថ្ងៃ​ណា​មួយ នៅ​ពេល​ចូល​អភិបូជា​ដោយ​បម្រើ​យ៉ាង​ជិតៗ​អាសនៈ កំពុង​មើល​ព្រះកាយ​ព្រះគ្រីស្ត​គិត​ថា ថ្ងៃ​នេះ​ខ្ញុំ​បាន​ជួប​ជា​មួយ​ព្រះយេស៊ូ​ផ្ទាល់​មែន​ទែន។ នេះ​ជា​បទ​ពិសោធន៍​ដែល​បាន​ភ្ជាប់​អស់​មួយ​ជីវិត​នៅ​ក្នុង​អំណរ​សប្បាយ ដោយ​ដឹង​ថា​យើង​បាន​មាន​ចិត្ត​ស្លូត​បូត យើង​បាន​យក​ចិត្ត​ទុក​ដាក់​បម្រើ​ព្រះជាម្ចាស់​នៅ​ក្នុង​អភិបូជា ដោយ​សេចក្ដី​ស្រឡាញ់ នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​តែ​ទទួល។ សម្រាប់​យើង​នៅ​ពេល​យើង​ចូល​នៅ​ក្នុង​អភិបូជា​ក៏​ដូច​គ្នា​ដែរ យើង​មិន​ចូល​នៅ​ក្នុង​ពិធី​មួយ​ធម្មតា​ទេ យើង​មិន​ចូល​នៅ​ក្នុង​ពេល​វេលា​មួយ​ដែល​ណែនាំ​ឲ្យ​យើង​នឹក​ឃើញ​នេះ​នឹក​ឃើញ​នោះ យើង​ចូល​នៅ​ក្នុង​សក្ការ​បូជា​របស់​ព្រះយេស៊ូ​គ្រីស្ត។ ហេតុ​នេះ​ហើយ យើង​ដឹង​ថា​នៅ​ពេល​នោះ យើង​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ នៅ​ពេល​នោះ​យើង​ទទួល​ព្រះកាយ​ព្រះគ្រីស្ត ដើម្បី​ភ្ជាប់​ជិត​ស្និត​ថែម​ជា​មួយ​ព្រះជាម្ចាស់ ដើម្បី​យល់​ថា​ពិត​មែន​ព្រះអង្គ​គង់​នៅ​ជា​មួយ​ខ្ញុំ។ ថ្ងៃ​នេះ យើង​គោរព​សន្ត​អូគូស្តាំង គាត់​បាន​ដើរ​តាម​ផ្លូវ​ផ្សេងៗ រក​មិន​ឃើញ​ព្រះជាម្ចាស់ និង​ម្ដាយ​គាត់​ឈ្មោះ មូនីកា គាត់​យំ​និង​អធិដ្ឋាន​ឲ្យ​កូន​គាត់​កែ​ប្រែ​ចិត្ត​គំនិត រក​ឃើញ​ព្រះជាម្ចាស់​នៅ​ក្នុង​ជីវិត​គាត់។ ដោយសារ ការ​អធិដ្ឋាន​របស់​ម្ដាយ​គាត់ គាត់​បាន​រក​ឃើញ​ព្រះជាម្ចាស់​ពិត​មែន ប៉ុន្តែ​មិន​មែន​រក​ឃើញ​ព្រះជាម្ចាស់​នៅ​ខាង​ក្រៅ មិន​មែន​រក​ឃើញ​ព្រះជាម្ចាស់​នៅ​ក្នុង​ពិធី​អភិបូជា​ទេ គាត់​បាន​រក​ឃើញ​ព្រះជាម្ចាស់​នៅ​ក្នុង​ចិត្ត​របស់​គាត់។ គាត់​ភ្ញាក់​ពី​ដេក និង​គាត់​យល់​ថា​ខ្ញុំ​ស្វែង​យល់​ព្រះជាម្ចាស់​យូរ​ឆ្នាំ​ហើយ ប៉ុន្តែ​ឥលូវ​នេះ​ខ្ញុំ​យល់​ព្រះជាម្ចាស់​នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្ញុំ​ពី​ដើម​រៀង​មក។ បង​ប្អូន​ជា​ទី​ស្រឡាញ់ ខ្ញុំ​គិត​ថា​នៅ​ពេល​បង​ប្អូន​ចូល​នៅ​ក្នុង​ពិធី​អភិបូជា​ម្តងៗ ជា​ពេល​វេលា​ដើម្បី​មាន​បទ​ពិសោធន៍​នេះ​ម្ដង​ទៀត គឺ​ព្រះជាម្ចាស់​តាម​រយៈ​ព្រះបន្ទូល តាម​រយៈ​ព្រះកាយ​ព្រះគ្រីស្ត យក​ចិត្ត​ទុក​ដាក់​នឹង​យើង ដើម្បី​យក​យើង​ជា​ទី​លំ​នៅ ជា​ព្រះដំណាក់​របស់​ព្រះអង្គ។ ដោយ​ដឹង​ថា​ក្នុង​ដួង​ចិត្ត​របស់​យើង យើង​មាន​ព្រះជាម្ចាស់​ដែល​គង់​នៅ។ ថ្ងៃ​នេះ យើង​ស្ដាប់​នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ អំពី​របៀប​ដែល​យើង​ត្រូវ​ការ​អញ្ជើញ​ភ្ញៀវ មិន​មែន​អញ្ជើញ​តែ​មិត្ត​សម្លាញ់ ឬ​អ្នក​ដែល​យើង​មាន​និស្ស័យ។ ប៉ុន្តែ អញ្ជើញ​ភ្ញៀវ​ណា​ក៏​បាន ជា​ពិសេស​អ្នក​ក្រី​ក្រ អ្នក​តូច​តាច ជន​មាន​ពិការភាព អ្នក​ដែល​គ្មាន​ទី​ពឹង។ ដោយ​ដឹង​ថា គេ​អត់​មាន​អ្វី​សង​គុណ​ដល់​យើង​បាន​ទេ យើង​ត្រូវ​តែ​អញ្ជើញ​គេ​ទទេ។ ប៉ុន្តែ ពេល​យើង​ចូល​នៅ​ក្នុង​ពិធី​អភិបូជា នៅ​ពេល​នោះ​យើង​ជា​ព្រះសហគមន៍ ជា​សហគមន៍​របស់​គ្រីស្ត​បរិស័ទ​ដែល​ព្រះជាម្ចាស់​ត្រាស់​ហៅ។ មាន​ន័យ​ថា នៅ​ពេល​យើង​ចូល​ពិធី​អភិបូជា​គឺ​យើង​ទទួល​លិខិត​អញ្ជើញ​យ៉ាង​ពិសេស​បំផុត គឺ​ព្រះជាម្ចាស់​ផ្ទាល់​ដែល​អញ្ជើញ​យើង​ជា​ភ្ញៀវ​កិត្តិយស។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ក្នុង​ពិធី​អភិបូជា​យើង​មាន​មហា​កិត្តិយស ដោយសារ​ជា​ព្រះយេស៊ូ​ផ្ទាល់​ដែល​អញ្ជើញ​យើង។ ដូច្នេះ កុំ​ឲ្យ​យើង​ខ្លាច​មក​ជិត​អាសនៈ ដើម្បី​ភ្ជាប់​ជា​មួយ​ព្រះយេស៊ូ​ផ្ទាល់។ ជួន​កាល ខ្ញុំ​អត់​សូវ​យល់​មូល​ហេតុ​អ្វី​យើង​ចង់​អង្គុយ​នៅ​ខាង​ក្រៅ ខ្ញុំ​ទេសនា​អ្វី​ក៏​បាន​ព្រោះ​ស្ដាប់​មិន​ឮ មើល​មិន​ឃើញ។ ប៉ុន្មាន​អាទិត្យ​មុន ខ្ញុំ​នៅ​ប្រទេស​បារាំង នៅ​ភូមិ​កំណើត​របស់​ខ្ញុំ ខ្ញុំ​បាន​ទៅ​ព្រះវិហារ​ដែល​ខ្ញុំ​ធ្លាប់​ទៅ​ពេល​ខ្ញុំ​នៅ​ក្មេង​រហូត​ដល់​អាយុ​១៨​ឆ្នាំ ដែល​ខ្ញុំ​ទទួល​ការ​ត្រាស់​ហៅ។ ខ្ញុំ​បាន​មើល​ឃើញ​កន្លែង​ដែល​ខ្ញុំ​ធ្លាប់​អង្គុយ ដោយសារ​រាល់​អាទិត្យ​ជា​មួយ​ឪពុក​ម្ដាយ​ខ្ញុំ​អង្គុយ​នៅ​កៅ​អី​ទី​មួយ​ខាង​ស្ដាំ ខ្ញុំ​ចូល​ចិត្ត​នៅ​មុខ​ដើម្បី​ស្ដាប់ ដើម្បី​មើល ដើម្បី​ដឹង​ថា​យើង​ជា​ភ្ញៀវ​ដែល​ព្រះជាម្ចាស់​អញ្ជើញ។ នៅ​ពេល​នោះ ខ្ញុំ​ប្រហែល​ជា​មិន​នឹក​ឃើញ តែ​នៅ​ពេល​នេះ​ខ្ញុំ​នឹក​ឃើញ​ដែរ។ ដូច្នេះ ជា​ពេល​វេលា​មួយ​យ៉ាង​ពិសេស​នៅ​ក្នុង​អភិបូជា​ដោយ​ដឹង​ថា គឺ​ទី​១​ព្រះជាម្ចាស់​អញ្ជើញ​យើង នៅ​ពេល​នោះ​កុំ​ភ្លេច​ព្រះជាម្ចាស់​អញ្ជើញ​យើង ប៉ុន្តែ​ព្រះជាម្ចាស់​មិន​ទន្ទឹង​រង់​ចាំ​អ្វី​ពី​យើងទេ។ ដោយសារ ព្រះជាម្ចាស់​ជា​ព្រះជាម្ចាស់​ដ៏​ពេញ​លក្ខណៈ ព្រះជាម្ចាស់​ជា​ព្រះ​ដ៏​វិសុទ្ធ។ ក៏​ប៉ុន្តែ វត្តមាន​របស់​យើង​សំខាន់​ណាស់ រាល់​ថ្ងៃ​អាទិត្យ​ឲ្យ​យើង​យល់​ថា​ពេល​យើង​ភ្ញាក់​ពី​ដេក ថ្ងៃ​នេះ​ជា​ថ្ងៃ​អាទិត្យ ថ្ងៃ​នេះ​ខ្ញុំ​រៀប​ចំ​ខ្លួន​ដើម្បី​ចូល​អភិបូជា។ សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ ឥរិយា​បថ​ក៏​សំខាន់ សម្លៀក​បំពាក់​របស់​យើង​ក៏​សំខាន់​ដែរ យើង​ទុក​សម្លៀក​បំពាក់​មួយ​កំផ្លេរ​ពិសេស ដើម្បី​ចូល​អភិបូជា​ថ្ងៃ​អាទិត្យ។ កុំ​ឲ្យ​យើង​ចូល​អភិបូជា​ពាក់​ខោ​សេរី​ថ្មី ដែល​រហែក​អស់​ហើយ ពេល​យើង​ចូល​អភិបូជា​យើង​ដឹង​ថា​ដូច​យាយៗ​ចូល​វត្ត។ យើង​ចូល​នៅ​ក្នុង​ពិធី​ដ៏​សក្ការៈ យើង​ជា​ភ្ញៀវ​កិត្តិយស​របស់​ព្រះជាម្ចាស់។ ទោះ​បី ព្រះជាម្ចាស់​មិន​បាន​សរសេរ​លិខិត​អញ្ជើញ ប៉ុន្តែ​យើង​ដឹង​ថា​យើង​ជា​ភ្ញៀវ​កិត្តិយស។ ដូច្នេះ ថ្ងៃ​នេះ​យើង​ត្រូវ​តែ​រៀប​ចំ​ឥរិយា​បថ​របស់​យើង ដើម្បី​ចូល​រួម​ពិធី​អភិបូជា​ជា​រៀង​រាល់​អាទិត្យ ជា​ពិសេស​ដើម្បី​ដឹង​ថា​វត្តមាន​របស់​យើង គឺ​ណែនាំ​វត្តមាន​របស់​ព្រះជាម្ចាស់​គឺ​មិន​មាន​អ្វី​ថែម​ទៀត​នៅ​ក្នុង​ព្រះជន្ម​របស់​ព្រះអង្គ។ ប៉ុន្តែ ដឹង​ថា​ធ្វើ​ឲ្យ​ព្រះជាម្ចាស់​ពោរពេញ​ដោយ​ព្រះហឫទ័យ​ស្រឡាញ់​យើង នៅ​ថ្ងៃ​ណា​មួយ​យើង​នឹង​ទទួល​សិរីរុងរឿង​រួម​ជា​មួយ​ព្រះអង្គ​នៅ​ស្ថាន​បរម​សុខ។ ដូច្នេះ ឲ្យ​យើង​កែ​ប្រែ​ចិត្ត​គំនិត​ដោយ​ដឹង​ថា នៅ​ថ្ងៃ​អាទិត្យ​ជា​ថ្ងៃ​ដែល​ព្រះជាម្ចាស់​អញ្ជើញ​យើង​ជា​ភ្ញៀវ​កិត្តិយស។ យើង​មាន​អ្នក​បម្រើ​អាសនៈ​ដែល​បម្រើ​យើង​មែន ដែល​ស្វាគមន៍​យើង​មែន ប៉ុន្តែ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ យើង​ធ្វើ​ដូច​ម្ដេច​ដើម្បី​បម្រើ​ដែរ យើង​ធ្វើ​ដូច​ម្ដេច​ដើម្បី​ទទួល​ស្វាគមន៍​ទាំង​វត្តមាន​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ជីវិត​របស់​យើង ទាំង​បង​ប្អូន​ឯទៀតៗ​ដើម្បី​បង្កើត​គ្រួសារ​មួយ។ យើង​អាច​ធ្វើ​បាន លុះ​ត្រា​តែ ”យើង​មាន​ចិត្ត​ស្លូត​បូត​នៅ​ក្នុង​គ្រប់​កិច្ចការ​ដែល​កូន​ធ្វើ” ដូច​ក្នុង​អត្ថបទ​បេនស៊ីរ៉ាក​ថ្ងៃ​នេះ។ ប៉ុន្មាន​ថ្ងៃ​ទៀត ព្រះសហគមន៍​មាន​អំណរ​សប្បាយ​តែង​តាំង​ឧបដ្ឋាក​បី​នាក់ ឧបដ្ឋាក​មាន​ន័យ​ថា​បម្រើ។ នៅ​ពេល​បងប្អូន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក នៅ​ពេល​នោះ​យើង​ទទួល​ឋានៈ​បី ជា​ព្រះមហាក្សត្រ ជា​បូជាចារ្យ និង​ជា​ព្យាការី។ យើង​មិន​មែន​បូជាចារ្យ​ដែល​ទទួល​អគ្គសញ្ញា​តែង​តាំង ប៉ុន្តែ​យើង​ជា​បូជាចារ្យ​នៅ​ក្នុង​អត្ថន័យ​ថា យើង​គ្រីស្ត​បរិស័ទ​យើង​ចូល​រួម​ដើម្បី​ថ្វាយ​បង្គំ​ដែរ យើង​ចូល​រួម​ដើម្បី​អធិដ្ឋាន​ដែរ។ ថ្ងៃ​នេះ តាម​ពិត​ខ្ញុំ​ចង់​ថែម​ថា មិន​មែន​តែ​បូជាចារ្យ​ទេ យើង​ជា​ឧបដ្ឋាក​ដែរ នៅ​ក្នុង​ឋានៈ​ជា​អ្នក​បម្រើ។ យើង​ជា​អ្នក​បម្រើ​ផង យើង​ជា​អ្នក​ថ្វាយ​បង្គំ​គោរព​ដល់​ព្រះជាម្ចាស់ ដើម្បី​ទទួល​ជីវិត​ថ្មី​ផ្ទាល់​ខ្លួន និង​ណែនាំ​ដើម្បី​ឲ្យ​បង​ប្អូន​ឯទៀតៗ​ទទួល​ជីវិត​ថ្មី។ ដូច្នេះ ថ្ងៃ​នេះ​យើង​អធិដ្ឋាន​ដើម្បី​យើង​ជា​ព្រះសហគមន៍​យក​ចិត្ត​ទុក​ដាក់​មែន​ទែន ដើម្បី​ឲ្យ​ពិធី​នីមួយៗ​ទៅ​ជា​ពិធី​សក្ការៈ។ ប៉ុន្តែ មិន​មែន​តែ​សក្ការៈ​ដោយសារ​អ្នក​បម្រើ​អាសនៈ ដោយសារ​លោក​បូជាចារ្យ តែ​សក្ការៈ​ដោយសារ​ព្រះជាម្ចាស់​ជា​ព្រះ​ដ៏​វិសុទ្ធ​គង់​នៅ​ជា​មួយ​យើង។ ប៉ុន្តែ សក្ការៈ​ដោយសារ​យើង​ដែរ របៀប​ដែល​យើង​ចូល​រួម

អភិបូជាអគ្គសញ្ញាលាបថ្ងាស ធ្វើនៅព្រះសហគមន៍សន្តសិលា ពោធិ៍ធំ

ភ្នំពេញ​ខាង​ជើង ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០២២ អត្ថបទ​ទី១៖ ព្រះប្រាជ្ញាញាណ ៩,១៣-១៨តើ​នរណា​អាច​ស្គាល់​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​បាន? ប្រាញ ៩,១៣អត្ថបទ​ទី២៖ ភីលេម៉ូន ៩-១០,១២-១៧សូម​ទទួល​គាត់​ឲ្យ​បាន​ដូច​ទទួល​ខ្ញុំ​ផ្ទាល់​ដែរ។ ភល ១៧ដំណឹងល្អ៖ លូកា ១៤,២៥-៣៣អ្នក​ណា​មិន​លី​ឈើ​ឆ្កាង​របស់​ខ្លួន​មក​តាម​ខ្ញុំ​ទេ អ្នក​នោះ​ក៏​ពុំ​អាច​ធ្វើ​ជា​សាវ័ក​របស់​ខ្ញុំ​បាន​ដែរ។ លក ១៤,២៧ “ទៅ​ជា​សាវ័ក​របស់​ព្រះយេស៊ូ” បង​ប្អូន​ជា​ទី​ស្រឡាញ់ យប់​មិញ​ខ្ញុំ​មើល​នៅ​ក្នុង​យូធូប អំពី​ពិធី​អធិដ្ឋាន​ដ៏​ធំ​មួយ​នៅ​ឆ្នាំ​១៩៩៧ ជា​មួយ​សម្ដេច​ប៉ាប យ៉ូហាន​ប៉ូល​ទី​២​នៅ​ទី​ក្រុង​ប៉ារីស គឺ​ទិវា​យុវជន​ពិភព​លោក។ នៅ​ពេល​នោះ មាន​មួយ​លាន​នាក់​ដែល​មក​ពី​ជុំ​វិញ​ពិភព​លោក​ជួប​ជុំ​គ្នា សម្ដេច​ប៉ាប​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក និង​អគ្គ​សញ្ញា​លាប​ថ្ងាស​ដល់​បេក្ខជន​២០​នាក់ នៅ​ក្នុង​នោះ​មាន​ខ្មែរ​ម្នាក់។ ពេល​ឃើញ​គេ​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​សម្ដេច​ប៉ាប ដូច​ជា​ទឹក​ភ្នែក​ហូរ តែ​មិន​មែន​ហូរ​ដោយ​សារ​ពិបាក​ចិត្ត គឺ​ហូរ​ដោយ​សារ​រំភើប។ ពេល​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស​ពី​សម្ដេច​ប៉ាប បេក្ខជន​ញញឹម​យ៉ាង​ស្អាត​ដូច​ជា​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យ៉ាង​ពេញ​លក្ខណៈ។ សម្ដេច​ប៉ាប យ៉ូហាន​ប៉ូល​ទី​២ បាន​ក្លាយ​ទៅ​ជា​សន្ត​ពី​ប៉ុន្មាន​ឆ្នាំ​ហើយ ថ្ងៃ​នេះ​នៅ​ទីក្រុង​រ៉ូម​សម្ដេច​ប៉ាប ហ្វ្រង់ស៊ីស្កូ បាន​តែង​តាំង​សម្ដេច​ប៉ាប យ៉ូហាន​ប៉ូល​ទី​១ ទៅ​ជា​អ្នក​ដែល​ពោរពេញ​ដោយ​សុភមង្គល ជា​ជំហាន​ទី​មួយ​មុន​ក្លាយ​ទៅ​ជា​សន្ត។ យ៉ូហាន​ប៉ូល​ទី​១ យើង​អត់​សូវ​ស្គាល់​ទេ យ៉ូហាន​ប៉ូល​ទី​១​ធ្វើ​ជា​សម្ដេច​ប៉ាប​បាន​តែ​៣៣​ថ្ងៃ ហើយ​ព្រះអង្គ​សោយ​ទិវង្គត។ ពេល​យើង​នឹក​ឃើញ​សម្ដេច​ប៉ាប យ៉ូហាន​ប៉ូល​ទី​១ យើង​នឹក​ឃើញ​តែ​រឿង​មួយ​ពី​ព្រះអង្គ គឺ​ព្រះអង្គ​ពូកែ​ញញឹម។ ពិភព​លោក​បាន​ភ្ញាក់ ដោយសារ​ពី​សម័យ​ដើម​សម្តេច​ប៉ាប​ដូច​ជា​ព្រះមហាក្សត្រ។ ព្រះអង្គ​ញញឹម ដោយសារ​ទ្រង់​ទត​ឃើញ​វត្តមាន​របស់​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ និង​ព្រះយេស៊ូ​នៅ​ក្នុង​ជីវិត​ព្រះអង្គ។ ជា​មូល​ហេតុ​ថ្ងៃ​នេះ ព្រះសហគមន៍​អាច​ទទួល​ស្គាល់​ថា​ទ្រង់​អាច​ធ្វើ​ជា​សន្ត​បាន។ ថ្ងៃ​នេះ ប្អូនៗ​ដែល​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស​ដឹង​ថា អនាគត​របស់​យើង​គឺ​រស់​នៅ​ជា​មួយ​ព្រះជាម្ចាស់ គោល​ដៅ​របស់​យើង​គឺ​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច។ គោល​ដៅ​របស់​យើង គឺ​ទៅ​ជា​សន្ត​សន្តី​ម្យ៉ាង មាន​ន័យ​ថា​រស់​នៅ​អស់​ពី​សមត្ថភាព​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ រស់​នៅ​អស់​ពី​សមត្ថភាព​ដោយ​ខិត​ខំ​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។ សន្ត​សន្តី មិន​មាន​ន័យ​ថា​អ្នក​បរិសុទ្ធ​មួយ​រយ​ភាគ​រយ ប៉ុន្តែ​យើង​យក​ចិត្ត​ទុក​ដាក់​រស់​នៅ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​ខ្ញុំ​មក​ដល់​ព្រឹក​មិញ​នៅ​ព្រះវិហារ​សន្ត​សិលា​ពោធិ៍ធំ ពេល​ជួប​ជា​មួយ​បង​ប្អូន​លោក​អភិបាល លី ខ្ញុំ​រំភើប​ណាស់។ ខ្ញុំ​នឹក​ឃើញ​ប៉ុន្មាន​ខែ​មុខ ខ្ញុំ​បាន​មក​ថ្វាយ​អភិបូជា​នៅ​ទី​នេះ ខ្ញុំ​បាន​ទេសនា​ថា ពោធិ៍ធំ​ជា​កន្លែង​ពិសេស ជា​កន្លែង​ដែល​យើង​បាន​ស្គាល់​យ៉ាង​ច្បាស់​លោក ឆ្មារ សាឡាស់ និង​លោក ឆ្មារ សាឡឹម ដែល​ជា​មរណៈ​សាក្សី​យើង។ ជា​កន្លែង​ដែល​លោក ឆ្មារ សាឡឹម បាន​ថ្វាយ​អភិបូជា​បុណ្យ​ចម្លង​ចុង​ក្រោយ​មុន​ខ្មែរ​ក្រហម​ចូល​ទី​ក្រុង​ភ្នំពេញ មុន​គាត់​ចេញ​ធ្វើ​ដំណើរ​ទៅ​តាំង​គោក។ ជា​កន្លែង​ដែល​យើង​បាន​បង្កើត​លោក​បូជាចារ្យ​ជំនាន់​ក្រោយ​ម្នាក់​គឺ​លោក​ឪពុក លី ឥលូវ​នេះ​សម្តេច​ប៉ាប​ជ្រើស​រើស​លោក លី ជា​អភិបាល​សម្រាប់​កំពង់ចាម។ ចូល​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​ព្រះសហគមន៍​នៅ​ក្នុង​សតវត្ស​ទី​២០​និង​២១ ដោយសារ​នៅ​ក្នុង​សតវត្ស​យើង​ជា​លើក​ទី​មួយ ដែល​យើង​មាន​អភិបាល​ព្រះសហគមន៍​ជា​ជនជាតិ​ខ្មែរ។ ប៉ុន្តែ ក្នុងសតវត្ស​ទី​២០​ដែរ ដោយសារ​ពី​ឆ្នាំ​១៩៧៧​ដែល​លោក ឆ្មារ សាឡាស់ លោក សាឡឹម លោក សម្រើន និង​លោក​អភិបាល ទេព អ៊ីម បាន​ស្លាប់​ជា​លើក​ទី​មួយ​ដែល​យើង​មាន​អភិបាល​ខ្មែរ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ព្រះសហគមន៍​កាតូលិក​យើង​ពី​ឆ្នាំ១៩៧៧​រហូត​ដល់​បច្ចុប្បន្ន។ សម្រាប់​កំពង់ចាម ជា​មហា​កំពូល​ដោយសារ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​កំពង់ចាម​ខ្លី បង្កើត​នៅ​ឆ្នាំ​១៩៦៨​ជា​លើក​ទី​មួយ​ដែល​មាន​អភិបាល​ខ្មែរ។ មាន​លោក លេស្វេស )MEP) មាន​លោក អង់តូនី (MEP) និង​លោក លី ដែល​បន្ត​ពី​លោក​អន់តូនី ធ្វើ​ជា​លោក​អភិបាល​ថ្មី។ អ្វី​ដែល​ខ្ញុំ​ចង់​និយាយ នៅ​ពេល​យើង​មើល​ប្រវត្តិសាស្រ្ត​ព្រះសហគមន៍​របស់​យើង ដែល​ជា​ប្រវត្តិសាស្រ្ត​សំខាន់​បំផុត​សម្រាប់​ភូមិភាគ​ភ្នំពេញ សម្រាប់​ប្អូនៗ​ដែល​ថ្ងៃ​នេះ​សុំ​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស។ នៅ​ពេល​យើង​ស្ដាប់​គម្ពីរ​ដំណឹង​ល្អ​ថ្ងៃ​នេះ យើង​ត្រូវ​តែ​សួរ​ថា តើ​ខ្ញុំ​ជា​គ្រីស្ត​បរិស័ទ​នៅ​លើ​ទឹក​ដី​ក្ដី​កណ្ដាល ពោធិ៍ធំ តើ​ខ្ញុំ​ជា​គ្រីស្ត​បរិស័ទ​នៅ​លើ​ទឹក​ដី​ព្រះសហគមន៍​កាតូលិក​កម្ពុជា ខ្ញុំ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ទៅ​ជា​សាវ័ក​របស់​ព្រះយេស៊ូ​ដ៏​ពេញ​លក្ខណៈ? យើង​មាន​គំរូ សន្ត យ៉ូហាន​ប៉ូល​ទី​២ យើង​មាន​គំរូ យ៉ូហាន​ប៉ូល​ទី​១ យើង​មាន​គំរូ ឆ្មារ សាឡាស់ និង សាឡឹម យើង​មាន​គំរូ​ដែល​រស់​នៅ​សព្វ​ថ្ងៃ​ជា​គ្រូ​គង្វាល គឺ​លោក លី ដែល​ពី​ដើម​ជា​អ្នក​នេសាទ​ត្រី​នៅ​ទន្លេ ពី​អ្នក​នេសាទ​ត្រី​ទៅ​ជា​អ្នក​នេសាទ​មនុស្ស​ដ៏​ពេញ​លក្ខណៈ។ ថ្ងៃ​នេះ យើង​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះយេស៊ូ “បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ តែ​មិន​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ជាង​ឪពុក​ម្ដាយ ប្រពន្ធ​កូន បង​ប្អូន​ប្រុស​ស្រី និង​ជីវិត​ខ្លួន​ទេ អ្នក​នោះ​ពុំ​អាច​ធ្វើ​ជា​សាវ័ក​របស់​ខ្ញុំ​បាន​ឡើយ អ្នក​ណា​មិន​លី​ឈើ​ឆ្កាង​របស់​ខ្លួន​មក​តាម​ខ្ញុំ​ទេ អ្នក​នោះ​ក៏​ពុំ​អាច​ធ្វើ​ជា​សារ័ក​របស់​ខ្ញុំ​បាន​ដែរ”។ ពេល​ស្ដាប់​នេះ ប្អូនៗ​ដែល​នៅ​ក្មេងៗ​ប្រហែស​កំពុង​ភ័យ ធ្វើ​ដូច​ម្តេច​ត្រូវ​ស្រឡាញ់​ព្រះយេស៊ូ​ជាង​ឪពុក​ម្ដាយ ធ្វើ​ដូច​ម្ដេច​ដើម្បី​ស្រឡាញ់​ព្រះយេស៊ូ​ជាង​ប្ដី។ ដោយសារ​អត្ថបទ​គម្ពីរ​នេះ យើង​ធ្លាប់​លឺ​គេ​ថា​សាសនា​យេស៊ូ​ណែនាំ​ឲ្យ​យើង​មិន​ស្រឡាញ់​ឪពុក​ម្ដាយ សាសនា​យេស៊ូ​ណែនាំ​ឲ្យ​យើង​មិន​គោរព​ឪពុក​ម្ដាយ…។ គេ​យល់​ច្រលំ ព្រះយេស៊ូ​មិន​ដែល​ថា​កុំ​ស្រឡាញ់​ឪពុក​ម្ដាយ ឬ​កុំ​ស្រឡាញ់​ប្រពន្ធ​កូនទេ ប៉ុន្តែ​ព្រះយេស៊ូ​ចង់​បង្ហាញ​ថា​ព្រះអង្គ​ជា​អាទិភាព​នៅ​ក្នុង​ជីវិត​របស់​យើង។ ថ្ងៃ​នេះ​ដែល​យើង​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស ដើម្បី​ទៅ​ជា​គ្រីស្ត​បរិស័ទ​ដ៏​ពេញ​លក្ខណៈ ទោះ​បី​នៅ​ក្មេង​ក៏​ដោយ​យើង​យល់​ថា ព្រះយេស៊ូ​ភ្ជាប់​ជា​មួយ​យើង​អស់​កល្ប​ជានិច្ច។ នៅ​ពេល​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក នៅ​ពេល​នោះ​យើង​បាន​បំពាក់​អាវ​ស ដើម្បី​បង្ហាញ​ថា​យើង​បំពាក់​ព្រះយេស៊ូ​ផ្ទាល់។ ប៉ុន្តែ អាវ​នេះ​ដោះ​ចេញ​មិន​កើត​ទេ វា​ភ្ជាប់​ជា​មួយ​យើង​អស់​មួយ​ជីវិត។ ហេតុ​នេះ​ហើយ នៅ​ពេល​យើង​ជា​គ្រីស្ត​បរិស័ទ ប្រសិន​បើ​យើង​ចង់​ធ្វើ​ជា​សាវ័ក​របស់​ព្រះជាម្ចាស់ យើង​យក​ព្រះជាម្ចាស់​ជា​អាទិភាព​នៅ​ក្នុង​ជីវិត​របស់​យើង។ ពេល​យើង​មើល​លោក ឆ្មារ សាឡាស់ គឺ​ជា​អ្វី​ដែល​គាត់​បាន​ធ្វើ​នៅ​ពេល​គាត់​កំពុង​រៀន​បន្ត​នៅ​ប្រទេស​បារាំង លោក អ៊ីវ​រ៉ាមុស ហៅ​គាត់​ឱ្យ​មក​វិញ។ គាត់​មក​វិញ​ភ្លាម ទោះ​បី​ដឹង​ថា​សង្រ្គាម​ចាប់​ផ្ដើម​ហើយ នៅ​ពេល​គាត់​ទទួល​អគ្គ​សញ្ញា​តែង​តាំង​ជា​អភិបាល បី​ថ្ងៃ​ក្រោយ​មក​គេ​មក​ចាប់​គាត់ ដើម្បី​បណ្តេញ​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ។ នៅ​ពេល​នោះ គាត់​ចេញ​ធ្វើ​ដំណើរ​គាត់​បាន​យក​តែ​វ៉ាលី​តូច​មួយ នៅ​ក្នុង​នោះ​គាត់​ដាក់​សម្ភារៈ​គ្រឿង​សក្ការៈ​ដើម្បី​ថ្វាយ​អភិបូជា។ ដោយសារ គាត់​យល់​ថា​យើង​បាន​ផ្ញើ​ជីវិត​ទៅ​លើ​ព្រះជាម្ចាស់ ព្រះជាម្ចាស់​ជា​អាទិភាព។ ប៉ុន្តែ នៅ​ពេល​យើង​ផ្ញើ​ជីវិត​ទៅ​លើ​ព្រះជាម្ចាស់ មិន​មែន​ដើម្បី​មាន​ជីវិត​កំសត់​ទុរគត​ទេ គឺ​ដើម្បី​រក​ឃើញ​សុភមង្គល។ សុភមង្គល​ពិសេស​ដែល​យើង​មាន គឺ​ដឹង​ថា យល់​ថា​យើង​ជា​កូន​របស់​ព្រះជាម្ចាស់ ដឹង​ថា​យើង​មាន​ព្រះបិតា​ដែល​ស្រឡាញ់​យើង។ ព្រះជាម្ចាស់​ជា​ព្រះជាម្ចាស់ យើង​ជា​មនុស្ស​តូច​តាច​សាមញ្ញ​ធម្មតា ប៉ុន្តែ​ប្រសិន​បើ​យើង​នឹក​ឃើញ​មួយ​ភ្លែត ជួន​កាល​យើង​ត្រូវ​ការ​បើក​ភ្នែក​តិចៗ បើក​បេះ​ដូង​តិចៗ​ដើម្បី​នឹក​ឃើញ​ថា ព្រះជាម្ចាស់​បាន​ជ្រើស​រើស​ខ្ញុំ​ផ្ទាល់ ដើម្បី​ទៅ​ជា​កូន​របស់​ព្រះអង្គ។ ព្រះជាម្ចាស់​ដែល​ជា​ព្រះ​ដ៏​មាន​ឬទ្ធានុភាព​សព្វ​ប្រការ បាន​ជ្រើស​រើស​ខ្ញុំ​ដើម្បី​ធ្វើ​ជា​កូន​របស់​ព្រះអង្គ​មិន​ធម្មតា​ទេ។ យើង​មាន​អំណរ​សប្បាយ ដោយសារ​យើង​នឹក​ឃើញ​នេះ ព្រះជាម្ចាស់​ស្រឡាញ់​ខ្ញុំ​យ៉ាង​ខ្លាំង​ណាស់ ព្រះជាម្ចាស់​ជ្រើស​រើស​ខ្ញុំ​ធ្វើ​ជា​បុត្រា​បុត្រី។ ព្រះជាម្ចាស់​ណែនាំ​ឲ្យ​ខ្ញុំ​ធ្វើ​ដំណើរ​ពី​មូយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដើម្បី​ថ្ងៃ​ណា​មួយ​អាច​មើល​ឃើញ​ព្រះជាម្ចាស់​ផ្ទាល់ នេះ​ជា​អំណរ​សប្បាយ​ដែល​យើង​មាន។ ដូច្នេះ អំណរ​សប្បាយ​នេះ​ណែនាំ​ឲ្យ​យើង​ចេះ​ស្វាគមន៍​បង​ប្អូន​ឯទៀតៗ​ជា​បង​ប្អូន​ពិត​មែន​។ នៅ​ក្នុង​ព្រះសហគមន៍​ទាំង​ពីរ ដែល​យើង​ចូល​អភិបូជា​រួម​គ្នា​ថ្ងៃ​នេះ ទាំង​សន្ត​សិលា​ពោធិ៍ធំ ទាំង​សន្ត​យ៉ូសែប​ក្ដី​កណ្ដាល យើង​ជា​បង​ប្អូន​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត។ យើង​មិន​មែន​ជា​សាសន៍​ដទៃ យើង​មិន​មែន​ជា​មនុស្ស​ដែល​មិន​ចង់​មើល​គ្នា ប៉ុន្តែ​យើង​ជា​បង​ប្អូន​គ្នា។ ដោយសារ​យើង​មាន​ព្រះបិតា​ដែល​ស្រឡាញ់​យើង​ទាំង​អស់ យើង​ជា​បង​ប្អូន​គ្នា​ដោយសារ​យើង​មាន​ព្រះបិតា​តែ​មួយ ដែល​ណែនាំ​ឲ្យ​យើង​ទៅ​ជា​កូន​របស់​ព្រះអង្គ។ ដូច្នេះ យើង​ត្រូវ​ការ​គិត​ធ្វើ​ដូច​ម្ដេច​ដើម្បី​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​បង​ប្អូន​ដ៏​ពិត​ប្រាកដ។ សព្វ​ថ្ងៃ នៅ​ក្នុង​ពិភព​លោក​សង្គ្រាម​ក៏​មាន នៅ​ក្នុង​គ្រួសារ​របស់​យើង​ជួន​កាល​ឈ្លោះ​គ្នា​ក៏​មាន នៅ​ក្នុង​ព្រះសហគមន៍​របស់​យើង​ជួន​កាល​អត់​ចេះ​គោរព​គ្នា អត់​ចេះ​ស្រឡាញ់​គ្នា អន់​ចិត្ត​គ្នា ច្រណែន​គ្នា​ក៏​មាន​ដែរ។

អភិបូជារំលឹកសន្តីតេរេសានៅកាល់គូថាធ្វើនៅភូមិគ្រឹះមេត្តាករុណា

ភ្នំពេញ ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០២២ អត្ថបទ​ទី១៖ កូរិនថូស ទី១ ៥,១-៨ថ្វី‌ដ្បិត​តែ​រូប​កាយ​ខ្ញុំ​មិន​នៅ​ជា​មួយ​បង‌ប្អូន តែ​វិញ្ញាណ​ខ្ញុំ​នៅ​ជា​មួយ​បង‌ប្អូន​ជា‌និច្ច។ ១ករ ៥,៣ដំណឹងល្អ៖ លូកា ៦,៦-១១តើ​ត្រូវ​សង្គ្រោះ​ជីវិត​មនុស្ស ឬ​ធ្វើ​ឲ្យ​វិនាស​អន្តរាយ? លក ៦,៩ “រិះ​គិត​អំពី​អនាគត​តាម​រយៈ​អ្នក​ម្តាយ​តេរេសា” បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ថ្ងៃ​នេះ យើង​គោរព​អ្នក​ម្តាយ​តេរេសា ជា​សន្តី​ដែល​ព្រះសហគមន៍​បាន​ទទួល​ស្គាល់ ក្នុង​ឆ្នាំ​២០១៦ ជា​អំណរ​សប្បាយ​សម្រាប់​ព្រះសហគមន៍​ទាំង​អស់។ ជាពិសេស​ថ្ងៃ​នេះ ខ្ញុំ​ចង់​ឲ្យ​យុវជន​យុវនារី​គិត​ពិចារណា តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​រស់​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ដើម្បី​ចូល​នៅ​ក្នុង​គម្រោង​ការ​របស់​ព្រះយេស៊ូ​សម្រាប់​យើង​ផ្ទាល់? ពេល​នៅ​ក្មេង​យើង​គិត​ថា អនាគត​របស់​យើង​តើ​ត្រូវ​ធ្វើ​អ្វី​ខ្លះ? អនាគត​តើ​យើង​ជា​មនុស្ស​ដូច​ម្ដេច? យើង​ចាប់​ផ្ដើម​ដើរ​តាម​ព្រះយេស៊ូ  ជាសាវ័ករបស់ព្រះយេស៊ូ តើថ្ងៃ​អនាគត​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ដើម្បី​ឲ្យ​ជីវិត​របស់​យើង​ភ្ជាប់​ជា​មួយ​នឹង​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់? យើង​បាន​ស្ដាប់​នៅ​ក្នុង​គម្ពីរ​ថ្ងៃ​នេះ គឺ​ព្រះជាម្ចាស់​ជា​សេចក្ដី​ស្រឡាញ់។ ហើយ​យើង​ជា​យុវជន​យុវនារី​ដែល​ទទួល​ការ​ត្រាស់​ហៅ​ពី​ព្រះជាម្ចាស់ ឲ្យ​ក្លាយ​ជា​បុត្រ​ធីតា​របស់​ព្រះអង្គ ហើយ​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​រស់​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ដ៏​ពិសេស ដែល​ព្រះជាម្ចាស់​ប្រទាន​ឲ្យ​យើង នេះ​គឺ​ជា​សំណួរ​មួយ​ដ៏​សំខាន់​ណាស់។ ថ្ងៃ​នេះ​ យើង​គោរព​អ្នក​ម្តាយ​តេរេសា​ដែល​ជា​សន្តី មិន​មែន​តែ​ជា​សន្ត​បុគ្គល ដែល​គេ​គោរព​តាំង​ពី​សតវត្សរ៍​មុន​នោះ​ទេ។ យើង​កំពុង​តែ​និយាយ​អំពី​អ្នក​ម្តាយ​តេរេសា ដែល​បាន​រស់​នៅ​ក្នុង​សតវត្សរ៍​ទី​ម្ភៃ មានន័យថាប៉ុន្មានឆ្នាំមុន។ ទោះ​បី​យើង​មិន​បាន​ស្គាល់​គាត់​ក៏​ដោយ ប៉ុន្តែ​យើង​ដឹង​ថា​គាត់​គឺ​ជា​បង​ស្រី​ធម្មតា។ គាត់​ជា​សាសន​ទូត​ម្នាក់ ដែល​ចេញ​ពី​ប្រទេស​របស់​គាត់ (អាល់បេនៀ) ហើយ​គាត់​ទៅ​ដល់​ប្រទេស​ឥណ្ឌា នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់ (ឡូរ៉េតូ) ដើម្បី​ធ្វើ​ជា​គ្រូ​បង្រៀន។ គាត់​ជា​គ្រូ​បង្រៀន​ធម្មតា​ម្នាក់ ប៉ុន្តែ​នៅ​ថ្ងៃ​ដែល​យើង​គោរព​ម្តាយ​តេរេសា​នៅ​ថ្ងៃ​នេះ មាន​ថ្ងៃ​មួយ​គាត់​បាន​ធ្វើ​ដំណើរ​ពេល​គាត់​ចេញ​ពី​បង្រៀន នៅ​ពេល​នោះ​គាត់​បាន​ឃើញ​អ្នក​ជំងឺ​ម្នាក់​ដែល​កំពុង​ជិត​ស្លាប់​នៅ​តាម​ផ្លូវ គាត់​មិន​ចាប់​អារម្មណ៍​ទេ​ហើយ​គាត់​បន្ត​ដំណើរ​ទៅ​មុខ។ ប៉ុន្តែ នៅ​ពេល​គាត់​ទៅ​ដល់​ផ្ទះ​របស់​គាត់ គាត់​នឹក​ឃើញ​អ្នក​ជំងឺ​នេះ​ដដែល ហាក់​ដូច​ជា​មាន​អ្វី​បុក​គ្នា​នៅ​ក្នុង​ខួរ​ក្បាល​របស់​គាត់​មាន​អ្នក​ជំងឺ​ផង និង​រូប​ព្រះយេស៊ូ​នៅ​លើ​ឈើ​ឆ្កាង​ផង។ ក្រោយ​មក វា​ហាក់​ដូច​ជា​នៅ​ជាប់​គ្នា ដែល​អ្នក​ជំងឺ​កំពុង​ជិត​ស្លាប់​នៅ​តាម​ផ្លូវ តាម​ពិត​គឺ​ព្រះយេស៊ូ​ផ្ទាល់។ គាត់​ក៏​រត់​ទៅ​រក​អ្នក​ជំងឺ​ដែល​ជិត​ស្លាប់ ក៏​ប៉ុន្តែ​ពេល​នោះ​ហួស​ពេល​ហើយ។ នៅ​ពេល​នោះ គាត់​ចាប់​ផ្ដើម​សម្រេច​ចិត្ត តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​អ្នក​ជំងឺ និង​អ្នក​ក្រីក្រ​ដែល​កំពុង​នៅ​តាម​ផ្លូវ?  បន្ទាប់​មក គាត់​ក៏​ចាប់​ផ្ដើម​ប្រមូល​យុវនារី​ខ្លះៗ ហើយ​ក៏​ចាប់​ផ្តើម​ផ្ទះ​នៃ​សេចក្ដី​សុខសាន្ត ផ្ទះ​នៃ​សេចក្ដី​ស្រឡាញ់។ បន្តិច​ម្តងៗ​ក្លាយ​ទៅ​ជា​ក្រុម​បង​ស្រី​ដែល​យើង​ស្គាល់ ហើយ​ដែល​កំពុង​មាន​វត្តមាន​នៅ​ភ្នំពេញ នៅ​សៀមរាប ក្នុង​ប្រទេស​កម្ពុជា​យើង ពី​យូរ​ឆ្នាំ​ណាស់​មក​ហើយ។ ម្តាយ​តេរេសា​ផ្ទាល់ ធ្លាប់​បាន​មក​ដល់​ទឹក​ដី​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​១៩៩១ ឬ​១៩៩២ ហើយ​បាន​ទទួល​ពី​សម្តេច​តេជោ ហ៊ុន សែន ផ្ទាល់​នូវ​ផ្ទះ​ដែល​យើង​ស្គាល់​សព្វ​ថ្ងៃ គឺ​ផ្ទះ​នៅ​ផ្លូវ​មុនីវង្ស ហើយ​បាន​ក្លាយ​ទៅ​ជា​សញ្ញា​សម្គាល់​របស់​ព្រះជាម្ចាស់​ជា​សេចក្ដី​ស្រឡាញ់។ អ្នក​ម្តាយ​តេរេសា គឺ​ជា​គំរូ​សម្រាប់​យើង ណែនាំ​ឲ្យ​យើង​មាន​កម្លាំង​មែន​ទែន ដោយសារ​អ្នក​ម្តាយ​តេរេសា​ធ្លាប់​បាន​និយាយ​ថា “មនុស្ស​យើង​ទាំង​អស់​មិន​អាច​ធ្វើ​ការ​អស្ចារ្យ​ពិសេស​នោះ​ទេ ប៉ុន្តែ​យើង​ទាំង​អស់​គ្នា​អាច​ស្រឡាញ់​គេ​នៅ​ក្នុង​របៀប​អស្ចារ្យ ទោះ​បី​យើង​ធ្វើ​អ្វី​តូច​តាច​ក៏​ដោយ ប៉ុន្តែ​យើង​អាច​ស្រឡាញ់​គេ​នៅ​ក្នុង​របៀប​អស្ចារ្យ”។ ខ្ញុំ​គិត​ថា សម្រាប់​បង​ប្អូន​គ្រីស្ត​បរិស័ទ​ថ្មីៗ​ដែល​ទើប​តែ​ចាប់​ផ្តើម​ដើរ​តាម​ព្រះយេស៊ូ ត្រូវ​គិត​អំពី​អនាគត​របស់​ខ្ញុំ ប្រហែល​ជា​យើង​មិន​អាច​សង្គ្រោះ​ពិភព​លោក​បាន​នោះ​ទេ។ ប៉ុន្តែ យ៉ាង​ហោច​ណាស់​យើង​អាច​យក​ចិត្ត​ទុក​ដាក់​ស្រឡាញ់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ យើង​អាច​រៀប​ចំ​អ្វី​ដែល​ពិសេស​និង​ណែនាំ​ឲ្យ​ពិភព​លោក​របស់​យើង​កែ​ប្រែ​បន្តិច​ម្តងៗ។ ម្តាយ​តេរេសា​ធ្លាប់​និយាយ​ដល់​អ្នក​កាសែត​ម្នាក់​ដែល​បាន​សួរ​ទៅ​គាត់​ថា តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​កុំ​ឲ្យ​មាន​សង្គ្រាម​ក្នុង​ពិភព​លោក? តើ​យើង​ធ្វើ​ដូច​ម្ដេច​ដើម្បី​ឲ្យ​មនុស្ស​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ពិភព​លោក? ម្តាយ​តេរេសា​គ្មាន​ចម្លើយ​អស្ចារ្យ​នោះ​ទេ គាត់​មើល​មុខ​អ្នក​កាសែត​នោះ ហើយ​និយាយ​ថា​ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​សុខ​នៅ​ក្នុង​ពិភព​លោក គឺ​ត្រូវ​ចាប់​ផ្តើម​ពី​ខ្លួន​ឯង ឲ្យ​ខ្លួន​ឯង​កែ​ប្រែ​ចិត្ត​គំនិត​សិន ឱ្យ​ខ្ញុំ​ផ្ទាល់​កែ​ប្រែ​ចិត្ត​គំនិត​សិន ហើយ​ក្រោយ​មក​មាន​អ្វី​កើត​ឡើង ដោយ​មើល​ឃើញ​ស្នា​ព្រះហស្ថ​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ជីវិត​របស់​យើង។ ម្សិល​មិញ​ព្រះសហគមន៍​យើង​បាន​តែង​តាំង​សម្តេច​ប៉ាប យ៉ូហាន​ប៉ូល​ទី​មួយ ពោរពេញ​ដោយ​សុភមង្គល។ សម្តេច​ប៉ាប មាន​វត្ត​មាន​ត្រឹម​តែ​៤៣​ថ្ងៃ មាន​ពេល​ខ្លី​មែន​ទែន ប៉ុន្តែ​នៅ​ក្នុង​រយៈ​ពេល​៤៣​ថ្ងៃ​នេះ គាត់​មាន​ឥទ្ធិពល​លើ​ព្រះសហគមន៍​នៅ​ក្នុង​ពិភព​លោក ដោយសារ​តែ​គាត់​ពូកែ​ញញឹម។ អ្នក​ម្តាយ​តេរេសា ក៏​បាន​និយាយ​ដែរ​ថា “សេចក្ដី​សុខ​សាន្ត​កើត​ឡើង​ដោយសារ​ស្នាម​ញញឹម​របស់​យើង​ទៅ​រក​គេ នៅ​ពេល​យើង​ចាប់​ផ្ដើម​ញញឹម​ទៅ​រក​គេ គឺ​យើង​ចាប់​ផ្ដើម​សេចក្ដី​សុខ សេចក្ដី​ស្រឡាញ់ សន្តិភាព និង​ការ​សហការ​គ្នា។ ដូច្នេះ យើង​យល់​ថា​ពួក​គេ​យើង​មិន​បាន​ធ្វើ​អ្វី​អស្ចារ្យ ប៉ុន្តែ​យើង​ដឹង​ថា​នៅ​ពេល​ដែល​យើង​ចាប់​ផ្ដើម​ញញឹម​ទៅ​រក​គេ គឺ​ជីវិត​របស់​គេ​ចាប់​ផ្ដើម​ផ្លាស់​ប្តូរ ដោយ​ដឹង​ថា​យើង​ស្រឡាញ់​គេ យើង​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​គេ។” សម្រាប់​អនាគត​របស់​យុវជន​យុវនារី ខ្ញុំ​គិត​ថា​អ្នក​ម្តាយ​តេរេសា​មាន​គំនិត​ច្រើន ដែល​ណែនាំ​ឲ្យ​យើង​ត្រូវ​តែ​មាន​កម្លាំង។ នៅ​ពេល​ដែល​យើង​ឃើញ​លោកីយ៍​របស់​យើង យើង​ឃើញ​ពិភព​លោក​របស់​យើង ប៉ុន្មាន​ដង​ប៉ុន្មាន​សា​យើង​បាន​អស់​សង្ឃឹម សង្គ្រាម​ក៏​មាន យើង​រត់​តាម​ទ្រព្យ​សម្បត្តិ យើង​គិត​ថា​យើង​ជោគ​ជ័យ​នៅ​ក្នុង​សង្គម លុះត្រាតែ​យើង​មាន​លុយ​ច្រើន យើង​ជោគ​ជ័យ​នៅ​ក្នុង​ជីវិត​លុះត្រាតែ​យើង​មាន​ឋានៈ យើង​ជា​អ្នក​ធំ ជា​អ្នក​ដែល​គេ​ទទួល​ស្គាល់។ ប៉ុន្តែ ជួន​កាល​យើង​ក៏​ធ្លាក់​ទឹក​ចិត្ត​ដែរ ដោយ​សារ​នៅ​ពេល​ដែល​យើង​ទៅ​មុខ​នៅ​ក្នុង​ជីវិត មាន​គេ​ច្រណែន មាន​គេ​ស្អប់ មាន​គេ​ខិត​ខំ​ជិះ​ជាន់ គេ​ចង់​សម្លាប់។ ដូច្នេះ អ្នក​ម្តាយ​តេរេសា មាន​ប្រាំ​បី​ចំណុច​ណែនាំ​យើង ដើម្បី​ឲ្យ​យើង​អាច​តស៊ូ​នៅ​ក្នុង​ជីវិត​របស់​យើង​ដើម្បី បង្កើត​នូវ​ពិភព​ថ្មី​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ នៅ​ក្នុង​សេចក្ដី​ស្រឡាញ់។ ទី​មួយ យើង​ធ្លាក់​ទឹក​ចិត្ត នៅ​ពេល​ដែល​មនុស្ស​នៅ​ជុំ​វិញ​យើង​មាន​ចិត្ត​លោភ​លន់ មាន​ចិត្ត​ចង្អៀត​ចង្អល់ មាន​ចិត្ត​ស្អប់ មាន​ចិត្ត​មើល​ងាយ​អ្នក​តូច​តាច។ ដូច្នេះ ដើម្បី​ឲ្យ​យើង​អាច​ចូល​នៅ​ក្នុង​ទំនាក់​ទំនង​ជា​មួយ​នឹង​បង​ប្អូន​ឯទៀតៗ យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​អំពី​ការ​លើក​លែង​ទោស។ នេះ​គឺ​ជា​មូល​ដ្ឋាន​នៃ​អ្វីៗ​ទាំង​អស់ នៅ​ក្នុង​ទំនាក់​ទំនង គឺ​ការ​លើក​លែង​ទោស។ ទីពីរ ប្រសិន​បើ​យើង​មាន​ចិត្ត​ល្អ មាន​ចិត្ត​ស្រឡាញ់ ជួន​កាល​ណែនាំ​ឲ្យ​អ្នក​ដទៃ​គិត​ថា គាត់​ចិត្ត​ល្អ​ជា​មួយ​ខ្ញុំ​ដោយសារ​គាត់​មាន​គម្រោង​ការ​ផ្សេង គាត់​មាន​ល្បិច គាត់​អែប​អប​ខ្ញុំ គាត់​ផ្អែម​ជា​មួយ​ខ្ញុំ។ តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ឲ្យ​យើង​បន្ត​មាន​ចិត្ត​ល្អ ចិត្ត​ស្រឡាញ់​ដែល​ចេញ​មក​ពី​ដួង​ចិត្ត​របស់​យើង​ដ៏​ពិត​ប្រាកដ​មែន។ ទោះ​បី​ជា​គេ​ខិត​ខំ​រិះ​គន់​យើង យើង​ត្រូវ​តែ​បន្ត​ការ​តស៊ូ​ដោយសារ​មាន​តែ​ចិត្ត​ល្អ​និង​ចិត្ត​ស្រឡាញ់ ដែល​អាច​ណែនាំ​ឲ្យ​បន្តិច​ម្តងៗ​ពិភព​លោក​របស់​យើង និង​ជីវិត​របស់​យើង​ក្លាយ​ទៅ​ជា​ពិភព​ថ្មី​និង​ជីវិត​ថ្មី។ ទី​បី ប្រសិន​បើ​យើង​ចាប់​ផ្ដើម​ជោគ​ជ័យ​នៅ​ក្នុង​ជីវិត ទោះ​បី​ជា​មាន​ស​ត្រូវ​ដែរ ដែល​គេ​ចង់​ឲ្យ​យើង​បរាជ័យ ឲ្យ​យើង​ធ្លាក់ ក៏​ប៉ុន្តែ​យើង​ត្រូវ​តែ​បន្ត​តស៊ូ ដើម្បី​ទទួល​បាន​ការ​ជោគ​ជ័យ​របស់​យើង។ ទី​បួន ប្រសិន​បើ​យើង​មាន​ចិត្ត​ស្មោះ​ត្រង់ និង​បើ​យើង​ចេះ​យក​ចិត្ត​ទុក​ដាក់​មែន​ទែន យើង​ចាប់​ផ្ដើម​មើល​មនុស្ស​យ៉ាង​ច្រើន​ដែល​គ្មាន​ចិត្ត​ស្មោះ​ត្រង់ ដែល​កុហក់​យើង ដែល​និយាយ​មិន​ល្អ​អំពី​យើង។ ប៉ុន្តែ កុំ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត ឱ្យ​យើង​បន្ត​តស៊ូ​ដោយ​មាន​ចិត្ត​ស្មោះ​ត្រង់ ចំពោះ​បង​ប្អូន​ឯទៀតៗ ចិត្ត​ស្មោះ​ចំពោះ​ព្រះជាម្ចាស់ និងចិត្ត​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សកម្មភាព​ដែល​យើង​ធ្វើ។ ទី​ប្រាំ ប្រសិន​បើ​យើង​ជា​មនុស្ស​ដែល​ចាប់​ផ្ដើម​បង្កើត​សកម្មភាព​ថ្មី បង្កើត​កម្មវិធី​ថ្មី បង្កើត​អ្វី​ដែល​ពិសេស ភ្លាមៗ​មាន​មនុស្ស​ដែល​ចង់​បំផ្លាញ​នូវ​អ្វី​ដែល​យើង​កំពុង​ធ្វើ ក៏​ប៉ុន្តែ​យើង​ត្រូវ​តែ​មាន​ចិត្ត​តស៊ូ ដើម្បី​ឱ្យ​យើង​បន្ត​បង្កើត។ ទី​ប្រាំ​មួយ ប្រសិន​បើ​យើង​ជា​មនុស្ស​ម្នាក់​ដែល​មាន​អំណរ​សប្បាយ នៅ​ក្នុង​ខ្លួន​មាន​ភាព​ស្ងៀម​ស្ងាត់ និង​ប្រាជ្ញា​ញាណ មួយ​រយ​ភាគ​រយ​គឺ​មាន​មនុស្ស​ដែល​ច្រណែន​យើង។ មូល​ហេតុ​អ្វី​គាត់​សប្បាយ? មូល​ហេតុ​អ្វី​គាត់​មាន​ភាព​ស្ងៀម​ស្ងាត់ និង​ឈ្លាសវៃ? ហើយ​គេ​ចាប់​ផ្តើម​រក​មធ្យោ​បាយ​ដើម្បី​ឱ្យ​យើង​បាត់​អំណរ​សប្បាយ។ ផ្ទុយ​ទៅ​វិញ ឲ្យ​យើង​បន្ត​យក​ចិត្ត​ទុក​ដាក់ ធ្វើ​ជា​មនុស្ស​ដែល​ចេះ​ប្រមូល​អំណរ​សប្បាយ ដែល​មក​ពី​ព្រះជាម្ចាស់​ផ្ទាល់ ពី​ព្រោះ​មាន​តែ​ព្រះជាម្ចាស់​ដែល​ប្រទាន​អំណោយ​សប្បាយ។ ទី​ប្រាំ​ពីរ ប្រសិន​បើ​ថ្ងៃ​នេះ​យើង​ធ្វើ​អំពើ​ល្អ​ច្រើន យើង​ដឹង​ថា​ថ្ងៃ​ស្អែក​គេ​ភ្លេច​អស់​ហើយ គេ​ភ្លេច​អ្វី​ដែល​យើង​ខិត​ខំ​កសាង។ ប៉ុន្តែ សំខាន់​ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ធ្វើ​អំពើ​ល្អ​មែន​ទែន។ ទី​ប្រាំ​បី ប្រសិន​បើ​យើង​ឲ្យ​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ខ្លួន​ដល់​បង​ប្អូន​ឯទៀតៗ គេ​ចង់​ទាម​ទារ​ថែម​ទៀត​និង​ថែម​ទៀត ជួយ​នេះ​តែ​ប៉ុណ្ណឹង​មិន​គ្រប់​គ្រាន់​នោះ​ទេ។ ក៏​ប៉ុន្តែ កុំ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត

អភិបូជា​ពិធី​សុំ​ចូល​ព្រះសហគមន៍ (ជំហាន​ទី​១)

ធ្វើ​នៅ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង តាកែវ ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២២ “ការ​ចង​ចាំ និង​អត្ត​សញ្ញាណ​នៅ​ក្នុង​ព្រះសហគមន៍​កាតូលិក​កម្ពុជា” អត្ថបទ​ទី១៖ អេសាយ ៦៦,១៨-២១យើង​ជ្រើស‌រើស​អ្នក​ខ្លះ​ឲ្យ​ធ្វើ​ជា​បូជា‌ចារ្យ និង​អ្នក​ខ្លះ​ឲ្យ​ធ្វើ​ជា​ពួក​លេវី។ អស ៦៦,២១អត្ថបទ​ទី២៖ ហេប្រឺ ១២,៥-៧.១១-១៣ការ​វាយ​ប្រដៅ​ផ្ដល់​ឲ្យ​អស់​អ្នក​ដែល​បាន​ទទួល​ការ​អប់រំ​តាម​របៀប​នេះ​មាន​សេចក្ដី​សុខ‌សាន្ត និង​សេចក្ដី​សុចរិត​ទុក​ជា​ផល។ ហប ១២,១១ដំណឹងល្អ៖ លូកា ១៣,២២-៣០ឱ​ព្រះ‌អម្ចាស់​អើយ សូម​បើក​ទ្វារ​ឲ្យ​យើង​ខ្ញុំ​ផង។ លក ១៣,២៥ បង​ប្អូន​ជា​ទី​ស្រឡាញ់ ពិធី​ដែល​យើង​ប្រារព្ធ​ធ្វើ​ថ្ងៃ​នេះ សុំ​ចូល​ព្រះសហគមន៍ (ជំហាន​ទី​មួយ) ជា​ពិធី​មួយ​ដែល​ពោរពេញ​ដោយ​អត្ថន័យ សម្រាប់​ព្រះសហគមន៍​យើង​ក្នុង​ភូមិភាគ​ភ្នំពេញ​ទាំង​មូល យើង​ស្វាគមន៍​ប្អូន​១២​នាក់​ដែល​សម្រេច​ចិត្ត​ដើរ​តាម​ព្រះយេស៊ូ។ នៅ​ពេល​ខ្ញុំ​បាន​ទៅ​លេង​ប្រទេស​បារាំង​មួយ​ខែ រាល់​អាទិត្យ​ខ្ញុំ​ទៅ​តាម​ព្រះវិហារ​មួយ​ចំនួន ជា​ព្រះវិហារ​ចាស់ មាន​កន្លែង​ខ្លះ​១០០០​ឆ្នាំ និង​ខ្លះ​៥០០​ឆ្នាំ កន្លែង​ខ្លះ​៨០០​ឆ្នាំ។ ពេល​ថ្វាយ​អភិបូជា​នៅ​ក្នុង​ព្រះវិហារ​ទាំង​នោះ ខ្ញុំ​នឹក​ឃើញ​ដល់​ព្រះសហគមន៍​ដែល​ធ្វើ​ដំណើរ​ពី​រាប់​សតវត្ស។ នៅ​ពេល​នោះ ខ្ញុំ​ក៏​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះសហមគន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ពិត​មែន​មាន​អាយុ​ច្រើន​ដែរ​តាំង​ពី​ឆ្នាំ​១៥៥៥។ ប៉ុន្តែ នៅ​ឆ្នាំ​១៩៧៥-១៩៧៩ ប្រទេស​កម្ពុជា​យើង​បាន​ធ្លាក់​ក្នុង​សង្រ្គាម​ស៊ីវិល ហើយ​ព្រះសហគមន៍​ចាប់​ផ្តើម​មាន​ជីវិត​ឡើង​វិញ​នៅ​ឆ្នាំ​១៩៩០។ ដូច្នេះ ពេល​យើង​គិត​ពី​ឆ្នាំ​១៩៩០ រហូត​ដល់​ឆ្នាំ​២០២២ យើង​មាន​តែ​៣០​ឆ្នាំ​តែ​ប៉ុណ្ណឹង។ សម្រាប់​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម​ចំការទៀង​នេះ​មាន​អាយុ​តែ​២២​ឆ្នាំ សម្រាប់​ព្រះសហគមន៍​ត្រពាំងក្រញូង​មាន​អាយុ​តែ​៥​ឆ្នាំ អត់​ទាន់​មាន​ព្រះវិហារ​ទៀត។ ប៉ុន្តែ នៅ​ពេល​គេ​ស្ដាប់​សក្ខីភាព​ដែល​ខ្ញុំ​ផ្ដល់ អំពី​ព្រះសហគមន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា គេ​បាន​ចាប់​អារម្មណ៍​មែន​ទែន។ ចាប់​អារម្មណ៍​អំពី​បង​ប្អូន​ដែល​ជា​យុវជន​យុវនារី ជួន​កាល​ដែល​ជា​យុវចាស់​ដែល​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ដូច​ថ្ងៃ​នេះ​ជា​មួយ​ព្រះយេស៊ូ។ ចាប់​ផ្ដើម​គិត តើ​ជីវិត​របស់​ខ្ញុំ​ទៅ​ណា? ថ្ងៃ​នេះ​យើង​បាន​ស្ដាប់ នៅ​ពេល​សុំ​ចូល​ព្រះសហគមន៍ ខ្ញុំ​បាន​សួរ តើ​បង​ប្អូន​សុំ​អ្វី​ពី​ព្រះសហគមន៍​របស់​ព្រះជាម្ចាស់? សូម​ចាំ​មួយ​ជីវិត​ចម្លើយ​ដែល​យើង​បាន​ឆ្លើយ​នៅ​ថ្ងៃ​នេះ គឺ​សុំ​ជំនឿ។ សុំ​ជំនឿ​ដោយសារ​យើង​ដឹង​ថា ជំនឿ​ផ្ដល់​ជីវិត​អស់​កល្ប​ជានិច្ច នេះ​ជា​ព្រះសហគមន៍​របស់​យើង។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​យើង​មើល​ព្រះសហគមន៍​នៅ​ក្នុង​ពិភព​លោក ដែល​មាន​អាយុ​ជាង​២០០០​ឆ្នាំ​តាម​ព្រះយេស៊ូ​ដែល​សោយ​ទិវង្គត ២០០០​ឆ្នាំ​មុន ដែល​មាន​អាយុ​ចាស់​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ដែល​មាន​អាយុ​ក្មេង​នៅ​ក្នុង​ប្រទេស​យើង។ យើង​ត្រូវ​ការ​នឹក​ឃើញ យើង​មាន​គោល​ដៅ​តែ​មួយ គឺ​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច ដោយ​សារ​ជំនឿ។ ថ្ងៃ​នេះ យើង​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ដូច​នៅ​ក្នុង​អត្ថបទ​ទី​១​ថ្ងៃ​នេះ។ រូប​គំនូរ​ដែល​មាន​នៅ​លើ​ជញ្ជាំង​ព្រះវិហារ​នេះ មាន​ផ្លូវ​ដែល​ព្រះយេស៊ូ​បាន​ដើរ ពី​ថ្ងៃ​ដែល​ព្រះយេស៊ូ​ត្រាស់​ហៅ​ក្រុម​សាវ័ក ឡើង​លើ​ភ្នំ ក្រោយ​មក​ព្រះយេស៊ូ​ធ្វើ​ដំណើរ​ដើម្បី​ជួប​ជា​មួយ​អ្នក​ខ្វាក់ ជួប​ជា​មួយ​កូន​ក្មេង ជួប​ជា​មួយ​អ្នក​ក្រីក្រ ជួប​ជា​មួយ​លោក​សាខេ ជួប​ជា​មួយ​ស្រ្ដី​សាម៉ារី ឡើង​លើ​ភ្នំ​ជា​មួយ​ក្រុម​សាវ័ក​ម្តង​ទៀត។ ថ្ងៃ​នេះ ដែល​យើង​ធ្វើ​ជំហាន​ទី​មួយ យើង​ចូល​នៅ​ក្នុង​ដំណើរ​របស់​ព្រះយេស៊ូ​ដែរ យើង​ចាប់​ផ្ដើម​ដើរ​តាម​ព្រះយេស៊ូ។ តាម​ពិត​នៅ​ពេល​ព្រះយេស៊ូ​បាន​ត្រាស់​ហៅ​ក្រុម​សាវ័ក​ពី​ដើម គេ​អត់​ដឹង​ថា​គេ​ទៅ​ណា គេ​ធ្លាប់​សួរ​តើ​ព្រះយេស៊ូ​មក​ពី​ណា? តើ​ព្រះយេស៊ូ​មាន​កន្លែង​ស្នាក់​នៅ​ទី​ណា? ព្រះយេស៊ូ​ឆ្លើយ​ថា “សូម​ដើរ​តាម​ខ្ញុំ នោះ​អ្នក​នឹង​ឃើញ”។ នេះ​ជា​ពិធី​ដែល​យើង​ចាប់​ផ្ដើម​ថ្ងៃ​នេះ យើង​អត់​ទាន់​ស្គាល់​ព្រះយេស៊ូ​ប៉ុន្មាន​ទេ យើង​អត់​ទាន់​ស្គាល់​ព្រះសហគមន៍​ប៉ុន្មាន​ទេ យើង​អត់​ទាន់​ស្គាល់​ព្រះបន្ទូល​ប៉ុន្មាន​ទេ។ ប៉ុន្តែ អំបាញ់​មិញ​យើង​បាន​ប្រកាស​យ៉ាង​ឱឡារឹក ដោយ​ថ្វាយ​បង្គំ​ដល់​ឈើ​ឆ្កាង “ខ្ញុំ​យក​ព្រះយេស៊ូ​ជា​ទី​ពឹង” ដោយ​ថ្វាយ​បង្គំ​ដល់​ព្រះគម្ពីរ “ខ្ញុំ​យក​ព្រះបន្ទូល​ជា​ទី​ពឹង” ដោយ​ថ្វាយ​បង្គំ​មុខ​ព្រះសហគមន៍​ទាំង​មូល “ខ្ញុំ​យក​ព្រះសហគមន៍​ជា​ទី​ពឹង”។ ជីវិត​ដែល​គ្មាន​ទី​ពឹង​ជា​ជីវិត​ឯកោ​ណាស់ ជីវិត​ដែល​គ្មាន​ទី​ពឹង​ជា​ជីវិត​កំសត់ ប៉ុន្តែ​ថ្ងៃ​នេះ​នៅ​ពេល​យើង​សុំ​ជីវិត​អស់​កល្ប​ជានិច្ច យើង​ដឹង​ថា​ផ្លូវ​ដែល​យើង​ដើរ​ត្រូវ​តែ​ណែនាំ​យើង ឲ្យ​យើង​រក​ឃើញ​ជីវិត​អស់​កល្ប​ជានិច្ច។ រូប​នៅ​លើ​ជញ្ជាំង​ដដែល ព្រះយេស៊ូ​បន្ត​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​យេរូសាឡឹម ពី​ទីក្រុង​យេរូសាឡឹម​ព្រះយេស៊ូ​ឡើង​លើ​ភ្នំ​ដើម្បី​អធិដ្ឋាន​នៅ​សួន​កេតសេម៉ានី។ ក្រោយ​មក គេ​កាត់​ក្ដី​ព្រះយេស៊ូ ព្រះយេស៊ូ​សោយ​ទិវង្គត ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ព្រះយេស៊ូ​មាន​ព្រះជន្ម​ថ្មី ក្រុម​គ្រីស្ត​ទូត​បន្ត​ធ្វើ​ដំណើរ ជា​ព្រះសហគមន៍​ដំបូង។ ប្រសិន​បើ​យើង​បន្ត​មើល​ទៀត មាន​ផ្លូវ​មួយ​ទៀត​ឡើង​ដល់​ព្រះវិហារ​ចំការទៀង ដល់​សាលា​សន្ត​ហ្វ្រង់ស្វ័រ យើង​ធ្វើ​ដំណើរ​ជា​មួយ​ព្រះយេស៊ូ និង​ព្រះយេស៊ូ​ធ្វើ​ដំណើរ​ជា​មួយ​យើង។ ដូច្នេះ យើង​លែង​ឯកោ​ទៀត​ហើយ​ដោយសារ​យើង​មាន​ព្រះយេស៊ូ​ជា​ទី​ពឹង នេះ​ជា​អ្វី​ដែល​យើង​បាន​ប្រកាស។ ដោយសារ​យើង​មាន​ព្រះបន្ទូល​ជា​ពឹង ដើម្បី​ដឹក​នាំ​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ តើ​យើង​ត្រូវ​ការ​ធ្វើ​អ្វី​ខ្លះ? នៅ​ពេល​យើង​ស្តាប់​ព្រះបន្ទូល​ដូច​ថ្ងៃ​នេះ យើង​បាន​ឃើញ​ព្រះយេស៊ូ​ថា “ពិត​មែន​ទ្វារ​ដើម្បី​ដើរ​តាម​ព្រះយេស៊ូ ទ្វារ​ដើម្បី​ចូល​នៅ​ក្នុង​ជីវិត​អស់​កល្ប​ជានិច្ច ជា​ទ្វារ​ចង្អៀត”។ ក៏​ប៉ុន្តែ ទោះបី​ចង្អៀត​ក៏​ដោយ​យើង​ដឹង​ថា យើង​មាន​ព្រះយេស៊ូ​ដែល​គង់​នៅ លុះត្រាតែ​យើង​ថែរក្សា​ជំនឿ​របស់​យើង លុះត្រាតែ​យើង​ស្រឡាញ់​ព្រះជាម្ចាស់​ពិត លុះត្រាតែ​យើង​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​បង​ប្អូន​ឯទៀតៗ។ យើង​យក​ព្រះសហគមន៍​ជា​ទី​ពឹង យើង​ត្រូវ​ការ​ចូល​នៅ​ក្នុង​ជីវិត​នៃ​ព្រះសហគមន៍​របស់​យើង ដើម្បី​ឲ្យ​យើង​ចាក់​គ្រឹះ​នៅ​លើ​ទឹក​ដី​កម្ពុជា។ ទោះ​បី ព្រះសហគមន៍​របស់​យើង​នៅ​ចំការទៀង​នេះ​មាន​អាយុ​តែ​២០​ឆ្នាំ ប៉ុន្តែ​យើង​ចូល​នៅ​ក្នុង​ជីវិត​នៃ​ព្រះសហគមន៍​កម្ពុជា​សិន។ យើង​ត្រូវ​ការ​ទទួល​មរតក​ទាំង​អស់ យើង​ត្រូវ​ការ​ចូល​នៅ​ក្នុង​ការ​ចង​ចាំ ដើម្បី​រក​ឃើញ​អត្ត​សញ្ញាណ​របស់​យើង​ដែល​ជា​គ្រីស្ត​បរិស័ទ​ខ្មែរ។ យើង​ត្រូវ​ការ​មើល​ឃើញ​ពី​សម័យ​ដើម​ឆ្នាំ​១៥៥៥ ដែល​មាន​សាសនា​ទូត​ចាប់​ផ្ដើម​ចូល​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​ការ​នឹក​ឃើញ​ដល់​ជន​ជាតិ​ជប៉ុន​ដែល​គេច​ខ្លួន​ពី​ប្រទេស​គេ ដោយសារ​រដ្ឋ​អំណាច​កំពុង​សម្លាប់​គ្រីស្ត​បរិស័ទ។ ដូច្នេះ គេ​ចេញ​ពី​ប្រទេស​ជប៉ុន​មក​ដល់​ប្រទេស​កម្ពុជា ជិត​ពញាឮ​នៅ​ក្នុង​ខេត្ត​កណ្ដាល យើង​ត្រូវ​ការ​មើល​ឃើញ​ជន​ជាតិ​ឥណ្ឌូនេស៊ី ដែល​ចេញ​ពី​ប្រទេស​ឥណ្ឌូនេស៊ី​ដែរ ដែល​ចូល​នៅ​ទឹក​ដី​កម្ពុជា​ពី​ដើម។ យើង​ត្រូវ​ការ​នឹក​ឃើញ​ដល់​គ្រីស្ត​បរិស័ទ​មួយ​ចំនួន ដែល​ជា​ជន​ជាតិ​ខ្មែរ​ចាប់​ផ្ដើម​ដើរ​តាម​ព្រះយេស៊ូ​ពី​រាប់​រយ​ឆ្នាំ​មុន។ យើង​ត្រូវ​ការ​នឹក​ឃើញ មុន​សម័យ​ប៉ុល​ពត​ដែល​យើង​មាន​បូជាចារ្យ​ខ្មែរ​បួន​ប្រាំ​អង្គ មាន​លោក​អភិបាល​ខ្មែរ​មួយ​អង្គ គឺ​លោក​អភិបាល ឆ្មារ សាឡាស់ និង​មាន​លោក ទេព អ៊ឹម មួយ​អង្គ​ទៀត។ យើង​ត្រូវ​ការ​នឹក​ឃើញ​គ្រីស្ត​បរិស័ទ ដែល​បាន​តស៊ូ​នៅ​ក្នុង​សម័យ​ប៉ុល​ពត ដោយ​បាន​ស្លាប់​យ៉ាង​ច្រើន​ជា​ពិសេស​បង​ស្រី លោក​ឪពុក លោក​អភិបាល និង​គ្រីស្ត​បរិស័ទ​មួយ​ចំនួន។ ប៉ុន្តែ ទោះ​បី​ពិបាក​ក៏​ដោយ​បាន​តស៊ូ​នៅ​ក្នុង​ជំនឿ ដោយ​ដឹង​ថា​ព្រះជាម្ចាស់​មិន​លះ​បង់​ចោល។ យើង​ត្រូវ​ការ​នឹក​ឃើញ ដល់​គ្រីស្ត​បរិស័ទ​ពី​ឆ្នាំ​១៩៧៩​ដល់​ឆ្នាំ​១៩៩០ ដែល​អត់​មាន​អភិបូជា​ទេ​ដោយសារ​អត់​មាន​បូជាចារ្យ។ គេ​បាន​ធ្វើ​ដំណើរ​ដល់​ព្រំដែន​ថៃ ដោយ​ដឹង​ថា​នៅ​ប្រទេស​ថៃ​យើង​មាន​សាសនា​ទូត​ខ្លះ​ធ្លាប់​នៅ​ខ្មែរ លោក​បាន​ផ្ញើ​ព្រះកាយ​ព្រះគ្រីស្ត​ឲ្យ​គេ​នៅ​តាម​ព្រំដែន។ យើង​ត្រូវ​ការ​នឹក​ឃើញ​ដល់​គ្រីស្ដ​បរិស័ទ ដែល​ត្រឡប់​ពី​ជំរំ​វិញ​ជា​ពិសេស​នៅ​ជុំ​គិរី គាត់​បាន​ទទួល​ជីវិត​ថ្មី​នៅ​ក្នុង​ជំរំ​នៅ​ប្រទេស​ថៃ។ យើង​ត្រូវ​ការ​នឹក​ឃើញ ដល់​លោក​អភិបាល អ៊ីវ និង​លោក​អភិបាល អេមីល ដែល​បាន​ថ្វាយ​អភិបូជា​ដំបូង​នៅ​ឆ្នាំ​១៩៩០ នៅ​ពេល​បុណ្យ​ចម្លង នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ។ អត់​មាន​អភិបូជា​ពី​ឆ្នាំ​១៩៧៧ នៅ​ពេល​លោក ឆ្មារ សាឡាស់ លោក ឆ្មារ សាឡឹម និង​លោក សម្រើន បាន​ស្លាប់។ យើង​ត្រូវ​ការ​នឹក​ឃើញ ដល់​ព្រះសហគមន៍​របស់​យើង​ដែល​ចាប់​ផ្ដើម​ដើរ​បន្តិច​ម្ដងៗ យើង​មាន​លោក​គ្រូ​ជៀង​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​ឆ្នាំ​១៩៩៨។ នឹក​ឃើញ​ដល់​លោក​ឪពុក អ៊ុន សុន ដែល​មាន​ស្រុក​កំណើត​នៅ​ភូមិ​ចំការទៀង​នេះ និង​ដែល​បាន​ទទួល​អគ្គ​សញ្ញា​តែង​តាំង​ជា​បូជាចារ្យ​នៅ​ឆ្នាំ​២០០១។ នឹក​ឃើញ​ដល់​សាសនា​ទូត ដែល​បាន​មក​ប្រកាស​ដំណឹង​ល្អ​ប្រចាំ​នៅ​នេះ នឹក​ឃើញ​អ្វី​ដែល​បាន​កើត​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដើម្បី​ប្រកាស​ដំណឹង​ល្អ​ពី​ព្រះសហគមន៍​តែ​មួយ រហូត​ដល់​សព្វ​ថ្ងៃ​យើង​មាន​ព្រះសហគមន៍​៨ ប្រហែល​ជិត​៩​ដែរ​។ ដូច្នេះ ពេល​យើង​ថា​ព្រះសហគមន៍​ជា​ទី​ពឹង យើង​មិន​តែ​នឹក​ឃើញ​មនុស្ស​ដែល​យើង​ឃើញ​មុខ​ពេល​នេះ។ ប៉ុន្តែ យើង​ត្រូវ​ការ​យល់​ថា​យើង​ចូល​នៅ​ក្នុង​មរតក​ពិសេស​ពី​ក្រុម​គ្រីស្ត​ទូត​មែន ប៉ុន្តែ​មរតក​របស់​យើង​នៅ​ក្នុង​ប្រទេស​យើង។ យើង​ដឹង​ថា យើង​ចូល​នៅ​ក្នុង​មរតក​ពិសេស​ហ្នឹង​ដែល​ជា​កម្លាំង ដើម្បី​ឲ្យ​យើង​ដែល​ជា​ជំនាន់​ថ្មីៗ​បន្ត​រស់​នៅ​ជា​មួយ​ព្រះយេស៊ូ និង​ណែនាំ​ឲ្យ​ព្រះសហគមន៍​យើង​មាន​ជីវិត។ យើង​ត្រូវ​ការ​អធិដ្ឋាន ដើម្បី​ឲ្យ​យើង​មាន​យុវជន​មួយ​ចំនួន​សុខ​ចិត្ត​ឆ្លើយ​តប​ទៅ​ព្រះសហគមន៍ ទៅ​ព្រះជាម្ចាស់ ដើម្បី​បម្រើ​ព្រះសហគមន៍​ធ្វើ​ជា​បូជាចារ្យ ធ្វើ​ជា​បង​សី្រ។ ព្រះសហគមន៍​ដែល​អត់​មាន​បូជាចារ្យ​នៅ​ក្នុង​ប្រទេស ជា​ព្រះសហគមន៍​ដែល​ត្រូវ​តែ​ងាប់

អភិបូជាអគ្គសញ្ញាលាបថ្ងាស ធ្វើនៅព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង តាកែវ

ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ “អត្តសញ្ញាណ​ជា​គ្រីស្ត​បរិស័ទ” អត្ថបទ​ទី១៖ ពង្សាវតារក្សត្រ​ទី​១ ១៩,១៦ខ.១៩-២១ទៅ​វិញ​ចុះ ខ្ញុំ​មិន​ឃាត់​អ្នក​ទេ! ១ពង្ស ១៩,២០អត្ថបទ​ទី២៖ កាឡាទី ៥,១.១៣-១៨ចូរ​រស់​នៅ​ឲ្យ​ស្រប​តាម​ព្រះ‌វិញ្ញាណ នោះ​បង‌ប្អូន​នឹង​មិន​បំពេញ​តាម​បំណង​ចិត្ត​លោភ‌លន់​របស់​លោកីយ៍​ទៀត​ឡើយ។ កាឡ ៥,១៦ដំណឹងល្អ៖ លូកា ៩,៥១-៦២ព្រះ‌អង្គ​បាន​ចាត់​អ្នក​ខ្លះ​ឲ្យ​ទៅ​មុន។ លក ៩,៥២ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​ជា​ថ្ងៃ​ពិសេស និង​ឱឡារិក​បំផុត​សម្រាប់​ព្រះសហគមន៍​របស់​យើង នៅ​ក្នុង​មណ្ឌល​សកម្មភាព​តាកែវ ក៏​ដូច​ជា​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​ទាំង​មូល​ដែរ។ យើង​មាន​បង​ប្អូន​ចំនួន​១១៧​នាក់ ដែល​នឹង​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស មាន​ន័យ​ថា​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ មាន​ន័យ​ថា​ទទួល​ដង្ហើម​ដែល​មក​ពី​ព្រះជាម្ចាស់​ផ្ទាល់។ ទទួល​ដង្ហើម​ដែល​បាន​ចូល​នៅ​ក្នុង​សួត នៅ​ក្នុង​ដួង​ចិត្ត នៅ​ក្នុង​ខ្លួន​របស់​យើង ដើម្បី​ឱ្យ​យើង​រស់​នៅ​ជា​គ្រីស្ត​បរិស័ទ​ដ៏​ពេញ​លក្ខណៈ។ នេះ​ជា​អត្ថ​ន័យ​នៃ​អគ្គ​សញ្ញា​លាប​ថ្ងាស នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដែល​យើង​ទទួល យើង​អាច​ទៅ​ជា​គ្រីស្ត​បរិស័ទ​ដ៏​ពេញ​លក្ខណៈ។ តើ​គ្រីស្ត​បរិស័ទ​ដ៏​ពេញ​លក្ខណៈ​ដើម្បី​ធ្វើ​អ្វី? ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​អធិដ្ឋាន​ចូល “យើង​ទៅ​ជា​គ្រីស្ត​បរិស័ទ ដើម្បី​បង្កើត​ពិភព​ថ្មី”។ តើ​មាន​ន័យ​ដូច​ម្តេច សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ​ក្នុង​សតវត្ស​ទី​២១​នៅ​ប្រទេស​កម្ពុជា? បង​ប្អូន​ជា​ទី​ស្រឡាញ់ ប៉ុន្មាន​ថ្ងៃ​មុន​យើង​បាន​ប្រមូល​ចម្លើយ​ពី​ភូមិភាគ​យើង​ទាំង​មូល ដើម្បី​ផ្ញើ​ទៅ​ទី​ក្រុង​រ៉ូម​ទាក់​ទង​នឹង​សន្និបាត​២០២១-២០២៣។ នៅ​ក្នុង​១៤​ចំណុច ដែល​យើង​បាន​រៀប​ចំ​ក្នុង​ភូមិ​ភាគ​ភ្នំពេញ​មាន​ចំណុច​មួយ​បាន​និយាយ​ថា “យើង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​អត្ត​សញ្ញាណ​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​ខ្មែរ”។ អត្ត​សញ្ញាណ​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​មាន​ន័យ​ដូច​ម្តេច? អត្ត​សញ្ញាណ​មាន​ន័យ​ថា​យើង​មាន​លក្ខ​ខណ្ឌ​មួយ​យ៉ាង​ពិសេស ដែល​ណែនាំ​ឱ្យ​បង​ប្អូន​ឯទៀតៗ​អាច​មើល​ឃើញ​ថា អ្នក​នោះ​ជា​គ្រីស្ត​បរិស័ទ​មួយ​រូប។ ដូច្នេះ ខ្ញុំ​ចង់​ឱ្យ​យើង​គិត​អំពី​អត្ត​សញ្ញាណ​ជា​គ្រីស្ត​បរិស័ទ ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​២ “យើង​ជា​បុត្រ​ធីតា​របស់​ព្រះជាម្ចាស់ យើង​មាន​សិទ្ធិ​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដើម្បី​ថ្លែង​សំលេង​ថា ឱ​ព្រះបិតា​អើយ”។ យើង​មាន​សិទ្ធិ ហៅ​ព្រះជាម្ចាស់​ដែល​ជា​ព្រះ​ដ៏​មាន​ឬទ្ធានុភាព​សព្វ​ប្រការ​នៅ​ស្ថាន​បរម​សុខ ថា​ឱ​ព្រះបិតា។ ដោយ​សារ នៅ​ក្នុង​អគ្គ​សញ្ញា​ជ្រមុជ​ទឹក យើង​បាន​ទទួល​ឋានៈ​ជា​បុត្រា​បុត្រី​របស់​ព្រះជាម្ចាស់ ដូច្នេះ​នេះ​ជា​អត្ត​សញ្ញាណ​ទី​មួយ​របស់​យើង យើង​ជា​កូន​របស់​ព្រះជាម្ចាស់។ អត្ត​សញ្ញាណ​ទី​២ យើង​ជា​សមាជិក​នៅ​ក្នុង​ព្រះសហគមន៍ មាន​ន័យ​ថា​យើង​ជា​ព្រះកាយ​ព្រះគ្រីស្ត​។ បង​ប្អូន​ដែល​កំពុង​អង្គុយ​នៅ​ទី​នេះ ជា​ផ្នែក​មួយ​នៅ​ក្នុង​ព្រះកាយ​ព្រះគ្រីស្ត ពេល​យើង​បញ្ចូល​ភូមិភាគ​ភ្នំពេញ​ទាំង​មូល​យើង​ជា​ផ្នែក​មួយ​ធំ​ជាង។ ប្រសិន​បើ យើង​បញ្ចូល​ព្រះសហគមន៍​ទូទាំង​ពិភព​លោក​ទាំង​មូល យើង​អាច​មើល​ឃើញ​ព្រះសហគមន៍​កាតូលិក​ដែល​មាន​រាប់​រយ​លាន​នាក់ ដែល​ជា​ព្រះកាយ​ព្រះគ្រីស្ត។ នេះ​ជា​អត្ត​សញ្ញាណ​មួយ​យ៉ាង​ពិសេស នៅ​ក្នុង​ព្រះសហគមន៍​យើង​ជា​ប្រជារាស្ត្រ​របស់​ព្រះជាម្ចាស់ មិន​មែន​ប្រជាជន​ដ៏​វិសុទ្ធ​ធម្មតា​ទេ យើង​ជា​ព្រះកាយ​របស់​ព្រះជាម្ចាស់។ បន្តិច​ទៀត នៅ​ពេល​យើង​ទទួល​អគ្គ​សញ្ញា​ព្រះកាយ​ព្រះគ្រីស្ត នៅ​ក្នុង​ពិធី​បុណ្យ​អភិបូជា​នេះ យើង​យល់​ថា​ពិត​មែន​យើង​ជា​ក្រុម​គ្រួសារ​តែ​មួយ​នៅ​ក្នុង​ព្រះសហគមន៍។ យើង​ជា​បង​ប្អូន​គ្នា​នៅ​ក្នុង​ព្រះសហគមន៍ ដែល​ភ្ជាប់​ដោយសារ​ព្រះយេស៊ូ​គ្រីស្ត​ផ្ទាល់ ដែល​ចូល​នៅ​ក្នុង​ខ្លួន​របស់​យើង​ពី​ថ្ងៃ​ដែល​យើង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក។ ជា​រៀង​រាល់​ពេល ដែល​យើង​ទទួល​ព្រះកាយ​ព្រះគ្រីស្ត ណែនាំ​ឱ្យ​យើង​យល់​ថា​អត្ត​សញ្ញាណ​របស់​យើង​គឺ​ព្រះកាយ​គ្រីស្ត ព្រះសហគមន៍ យើង​ជា​គ្រួសារ​តែ​មួយ។ អត្ត​សញ្ញាណ​ទី​៣ ជា​ពិសេស​ថ្ងៃ​នេះ​ដែល​យើង​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ណែនាំ​ឱ្យ​យើង​យល់​ថា​យើង​ជា​ព្រះដំណាក់​របស់​ព្រះជាម្ចាស់។ យើង​ជា​ព្រះវិហារ​ដ៏​វិសុទ្ធ​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ យើង​មិន​មែន​ជា​មនុស្ស​ម្នាក់​ធម្មតា​ទេ។ ពេល​យើង​និយាយ​អំពី​ព្រះវិហារ យើង​ដឹង​ថា​យើង​រៀងៗ​ខ្លួន​យើង​ជា​ព្រះវិហារ​ដ៏​តូច​មួយ ដែល​ពោរពេញ​ដោយ​ជីវិត​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ណែនាំ​ឱ្យ​យើង​មាន​សេចក្តី​ក្លាហាន​ដើម្បី​រស់​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ ដើម្បី​ធ្វើ​ជា​សាក្សី​អំពី​អត្ត​សញ្ញាណ​របស់​យើង​ជា​គ្រីស្ត​បរិស័ទ។ ខ្ញុំ​ជា​បុត្រា​បុត្រី​របស់​ព្រះជាម្ចាស់ ខ្ញុំ​ជា​ព្រះកាយ​ព្រះគ្រីស្ត មាន​ន័យ​ថា​នៅ​ក្នុង​ព្រះសហគមន៍​ខ្ញុំ​ជា​គ្រួសារ​តែ​មួយ។ ខ្ញុំ​ជា​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ មាន​ន័យ​ថា​ជីវិត​របស់​ខ្ញុំ រូប​កាយ​របស់​ខ្ញុំ ជា​រូប​កាយ​និង​ជីវិត​ដ៏​សក្ការៈ។ ដោយសារ យើង​មាន​វត្ត​មាន​របស់​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​នៅ​ក្នុង​ខ្លួន​យើង យើង​ខុស​ពី​គេ​ដោយសារ​យើង​មាន​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដែល​ណែនាំ​ឱ្យ​យើង​រស់​នៅ​សព្វ​ថ្ងៃ​ជា​គ្រីស្ត​បរិស័ទ​ដ៏​ពិត​ប្រាកដ។ ប៉ុន្តែ ពេល​យើង​និយាយ​ដូច្នេះ​ហើយ តើ​នៅ​ក្នុង​ជីវិត​របស់​យើង​ប្រចាំ​យើង​ធ្វើ​ដូច​ម្តេច ដើម្បី​រស់​នៅ​ជា​គ្រីស្ត​បរិស័ទ​ខ្មែរ​យ៉ាង​ពិត​ប្រាកដ? បន្តិច​ទៀត​ខ្ញុំ​ឱ្យ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ នៅ​ពេល​នោះ​យើង​ទទួល​ព្រះអំណោយ​ទាន​៧ សញ្ញា​ទាំង​៧​នេះ​ជា​សញ្ញា​សម្គាល់​នៃ​វិញ្ញាណ​ដែល​យើង​ទទួល​នៅ​ក្នុង​ខ្លួន​យើង និង​ណែនាំ​ឱ្យ​យើង​រស់​នៅ​យ៉ាង​សមរម្យ​ជា​ប្រចាំ​ថ្ងៃ នៅ​ក្នុង​ជីវិត​ជា​គ្រីស្ត​បរិស័ទ​ដ៏​ពិត​ប្រាកដ។ ខ្ញុំ​រំលឹក​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ណែនាំ​ឱ្យ​យើង​មាន​ប្រាជ្ញា​ឈ្លាស​វៃ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ណែនាំ​ឱ្យ​យើង​ដឹង​ខុស​ដឹង​ត្រូវ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ណែនាំ​ឱ្យ​យើង​ដឹង​សេចក្ដី​ពិត ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ណែនាំ​ឱ្យ​យើង​មាន​យោបល់​ល្អ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ណែនាំ​ឱ្យ​យើង​មាន​សេចក្ដី​ក្លាហាន។ ទាំង​៥​ចំណុច​នេះ ណែនាំ​ឱ្យ​យើង​នឹក​ឃើញ​ដល់​ការ​អប់រំ​របស់​ព្រះពុទ្ធ ឱ្យ​យើង​មាន​របៀប​វិនិច្ឆ័យ​យ៉ាង​ត្រឹម​ត្រូវ ឱ្យ​យើង​មាន​របៀប​មើល​ឃើញ​យ៉ាង​ត្រឹម​ត្រូវ ឱ្យ​យើង​មាន​របៀប​និយាយ​យ៉ាង​ត្រឹម​ត្រូវ ឱ្យ​យើង​មាន​របៀប​ស្តាប់​យ៉ាង​ត្រឹម​ត្រូវ។ ដូច្នេះ យើង​អាច​និយាយ​ថា​ប្រហែល​គ្នា តើ​មូល​ហេតុ​អ្វី​ខ្ញុំ​ជា​គ្រីស្ត​បរិស័ទ ប្រសិន​បើ​រស់​នៅ​ក្នុង​ពុទ្ធ​សាសនា​ដូច​គ្នា? យើង​ធ្លាប់​លឺ​ច្រើន​ដង​ថា សាសនា​នីមួយៗ​ណែនាំ​ឱ្យ​យើង​ជា​មនុស្ស​ល្អ រស់​នៅ​ក្នុង​សង្គម​យ៉ាង​ត្រឹម​ត្រូវ ជា​មនុស្ស​ដែល​ណែនាំ​ឱ្យ​អ្នក​ដទៃ​មាន​សេចក្តី​សុខ​សាន្ត​ពិត​មែន។ ប៉ុន្តែ​អត្ត​សញ្ញាណ​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​កាតូលិក យើង​ជា​បុត្រា​បុត្រី​របស់​ព្រះជាម្ចាស់ យើង​ជា​ព្រះសហគមន៍​គ្រួសារ​តែ​មួយ យើង​ជា​ព្រះដំណាក់​របស់​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ប៉ុន្តែ ប្រសិន​បើ​យើង​ថែម​អំណោយ​ទាន​២​ថែម​ទៀត ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ណែនាំ​ឱ្យ​យើង​ប្រព្រឹត្ត​តាម​ការ​ណែនាំ​របស់​ព្រះវិញ្ញាណ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ណែនាំ​ឱ្យ​យើង​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​តែ​មួយ​ព្រះអង្គ​គត់។ នេះ​ជា​អត្ត​សញ្ញាណ​របស់​យើង​ប្លែក​ដែរ មាន​ន័យ​ថា​នៅ​ពេល​យើង​ជា​គ្រីស្ត​បរិស័ទ​យើង​មិន​តែ​ធ្វើ​តាម​ការ​អប់រំ​ទូទៅ​មួយ យើង​មិន​តែ​ធ្វើ​តាម​សីលធម៌​មួយ យើង​មិន​តែ​ធ្វើ​តាម​ច្បាប់​មួយ​។ ប៉ុន្តែ យើង​រស់​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដែល​ណែនាំ​ឱ្យ​យើង​ទៅ​ជា​មនុស្ស​ម្នាក់ ពោរពេញ​ដោយ​អំណរ​សប្បាយ សេចក្ដី​ស្រឡាញ់ ជំនឿ​រឹង​មាំ ចិត្ត​ស្លូត​បូត ចិត្ត​បរិសុទ្ធ ចិត្ត​លើក​លែង​ទោស​ឱ្យ ចិត្ត​អត់​ធ្មត់ ដើម្បី​ឱ្យ​យើង​រស់​នៅ​យ៉ាង​ត្រឹម​ត្រូវ​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ។ ដោយ​យើង​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​បំភ្លឺ​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ នៅ​ពេល​យើង​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ យើង​ដឹង​ថា​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ទៅ​ជា​គ្រីស្ត​បរិស័ទ។ ថ្មីៗ​នេះ យើង​បាន​ស្តាប់​ច្រើន នៅ​ពេល​គេ​ទះ​កំផ្លៀង​យើង​ម្ខាង យើង​ទុក​ឱ្យ​គេ​ទះ​ម្ខាង​ទៀត ដោយ​យើង​មិន​ត្រូវ​ការ​សង​សឹក​គេ​វិញ​ទេ។ យើង​ត្រូវ​ស្រឡាញ់​ស​ត្រូវ​របស់​យើង នេះ​ជា​របៀប​ដែល​ព្រះយេស៊ូ​បាន​អប់​រំ​យើង រហូត​ដល់​ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ព្រះយេស៊ូ​ផ្ទាល់​ដែល​ស្រឡាញ់​យើង។ ដូច្នេះ ប្រសិន​បើ​យើង​ពិចារណា​អំពី​របៀប​ដែល​ព្រះយេស៊ូ​ណែនាំ​យើង យើង​នឹង​មើល​ឃើញ​អត្ត​សញ្ញាណ​របស់​យើង។ ដល់​កំពូល គឺ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ណែនាំ​ឱ្យ​យើង​ស្គាល់​និង​គោរព​កោត​ខ្លាច​ព្រះបិតា នេះ​ជា​ជីវិត​របស់​យើង។ មិន​មែន​ខ្លាច​នៅ​ក្នុង​អត្ថ​ន័យ​ភ័យ ប៉ុន្តែ​ខ្លាច​នៅ​ក្នុង​អត្ថន័យ​ថា យើង​ជា​កូន​របស់​ព្រះជាម្ចាស់​យើង​ត្រូវ​តែ​គោរព​គ្រប់​ពេល​វេលា។ យើង​មិន​មែន​ជា​គ្រីស្ត​បរិស័ទ​នៅ​ពេល​យើង​ចូល​អធិដ្ឋាន យើង​មិន​មែន​ជា​គ្រីស្ត​បរិស័ទ​ដោយសារ​ថ្ងៃ​នេះ​លោក​ឪពុក​ណែនាំ​ឱ្យ​យើង​បាន​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស យើង​ជា​គ្រីស្ត​បរិស័ទ​គ្រប់​ពេល​វេលា។ យើង​ត្រូវ​ការ​គិត​ពិចារណា ដោយសារ​យើង​រស់​នៅ​ក្នុង​ភូមិ​ខ្មែរ​ពាក់​កណ្តាល​វាល​ស្រែ យើង​រស់​នៅ​ជាប់​ជា​មួយ​ពុទ្ធ​សាសនា។ ដូច្នេះ នៅ​ក្នុង​ជីវិត​ខ្ញុំ​ជា​គ្រីស្ត​បរិស័ទ តើ​ខ្ញុំ​បង្ហាញ​របៀប​ខ្ញុំ​ដូច​ម្តេច? ខ្ញុំ​ធ្វើ​ជា​មេ​ម្ស៉ៅ​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​ដូច​ម្តេច? ខ្ញុំ​ជា​ពន្លឺ​និង​អំបិល​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ និង​ជីវិត​របស់​បង​ប្អូន​ឯទៀតៗ​ដូច​ម្តេច? នេះ​ជា​សំណួរ​ដែល​យើង​ត្រូវ​ការ​គិត​ពិចារណា។ ថ្ងៃ​នេះ ដែល​យើង​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ខ្ញុំ​ជឿ​ថា​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ណែនាំ​ឱ្យ​យើង​យល់ យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ទៅ​ជា​គ្រីស្ត​បរិស័ទ​សកម្ម។ នៅ​ទី​នេះ មាន​ច្រើន​ដែល​យើង​ធ្វើ​ការ​តាម​សាលា តាម​សិល្បៈ ធ្វើ​ការ​នៅ​មណ្ឌល​សុខ​សាន្ត​ជា​មួយ​កូន​មាន​ពិការភាព ធ្វើ​ការ​នៅ​ក្នុង​មណ្ឌល​សិប្បកម្ម…។ គ្រប់​កន្លែង​ដែល​យើង​ធ្វើ​ការ ជា​កន្លែង​សង្គម​ធម្មតា ប៉ុន្តែ​របៀប​ដែល​យើង​ដឹក​នាំ របៀប​ដែល​យើង​រស់​នៅ ត្រូវ​ទៅ​ជា​របៀប​ប្លែក។ ប្លែក​នៅ​ក្នុង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដែល​ណែនាំ​ឱ្យ​យើង​ចាប់​អារម្មណ៍​អំពី​មនុស្ស​ទាំង​អស់ ប៉ុន្តែ​មិន​មែន​មនុស្ស​ទាំង​អស់​ទូទៅ អំពី​មនុស្ស​រៀងៗ​ខ្លួន ម្នាក់ៗ។ ម្សិល​មិញ យើង​បាន​ប្រមូល​កូន​ក្មេង​៥០០​នាក់ នៅ​ក្នុង​ឱកាស​ទិវា​សិទ្ធិ​កុមារ​អន្តរ​ជាតិ យើង​បាន​រំលឹក​ដល់​កូន​ក្មេង​ថា កូន​ក្មេង​ម្នាក់​មាន​សិទ្ធិ​ដើម្បី​អនាគត​ភ្លឺ​ស្វាង។ មិន​មែន​កូន​ក្មេង​ទូទៅ ដោយសារ​ពេល​យើង​និយាយ​ទូទៅ មាន​ខ្លះ​ជោគជ័យ មាន​ខ្លះ​បរាជ័យ មាន​ខ្លះ​ទៅ​មុខ មាន​ខ្លះ​គេ​គាំង។ នៅ​ក្នុង​សាលា​រៀន​របស់​យើង​ក៏​ដូច​គ្នា​ដែរ មាន​កូន​ក្មេង​ខ្លះ​ទៅ​មុខ មាន​កូន​ក្មេង​ខ្លះ​ស្ទើរ ប្រសិន​បើ​យើង​អប់រំ​ទូទៅ យើង​ចេះ​តែ​ឱ្យ​អ្នក​ជោគ​ជ័យ​ទៅ​មុខ​ទៀត អ្នក​ស្ទើរ​យើង​បណ្តេញ​គេ។ នេះ​ខុស​ពី​ទស្សនៈ​របស់​យើង​ជា​គ្រីស្ត​បរិស័ទ គឺ​ចាប់​អារម្មណ៍​អំពី​មនុស្ស​ម្នាក់​ពី​ក្មេង​មត្តេយ្យ​ដល់​សកល​វិទ្យាល័យ។ អំពី​យុវជន​យុវនារី​ម្នាក់ៗ អំពី​លោក​តា​លោក​យាយ​ម្នាក់ បង​ប្អូន​ម្នាក់ ដើម្បី​មើល​ឃើញ​តើ​អ្នក​នោះ​ត្រូវ​ការ​អ្វី​ខ្លះ​ដើម្បី​ឱ្យ​គាត់​ជោគ​ជ័យ​នៅ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន។ ដោយសារ ព្រះជាម្ចាស់​បាន​ប្រទាន​អំណោយ​ទាន​ឱ្យ​យើង​រៀងៗ​ខ្លួន មាន​ខ្លះ​បាន​ច្រើន មាន​ខ្លះ​បាន​តិច ប៉ុន្តែ​ឥត​មាន​ម្នាក់​ដែល​មាន​អំណោយ​ទាន​ស្មើ​នឹង​សូន្យ។ មាន​តែ​អ្នក​ខ្ជិល ដែល​មិន​ចេះ​មើល​អំណោយ​ទាន​ផ្ទាល់​ខ្លួន​ដែល​ធ្លាក់​ដល់​សូន្យ។ នៅ​មុន​ពេល​ម្ចាស់​ចេញ​ធ្វើ​ដំណើរ​ឆ្ងាយ គាត់​បាន​ហៅ​អ្នក​បម្រើ​របស់​គាត់

អភិបូជា​បុណ្យ​ព្រះហឫទ័យ​មេត្តា​ករុណា​របស់​ព្រះយេស៊ូ

ធ្វើ​នៅ​ព្រះសហគមន៍​ព្រះហឫទ័យ​ដ៏​សប្បុរស​របស់​ព្រះយេស៊ូ ព្រែក​តាទែន ភ្នំពេញ​ខាង​ជើង ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២២ “មាន​ចិត្ត​កតញ្ញូ​ចំពោះ​ព្រះបិតា” អត្ថបទ​ទី១៖ អេសេគីអែល ៣៤,១១-១៦យើង​នឹង​ប្រមូល​ចៀម​របស់​យើង​ពី​គ្រប់​កន្លែង​ដែល​វា​ខ្ចាត់‌ខ្ចាយ​ទៅ។ អគ ៣៤,១២អត្ថបទ​ទី២៖ រ៉ូម ៥,៥ខ-១១ព្រះ‌គ្រីស្ដ​បាន​សោយ​ទិវង្គត​សម្រាប់​មនុស្ស​ដែល​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ។ រម ៥,៦ដំណឹងល្អ៖ លូកា ១៥,៣-៧គាត់​មុខ​ជា​ទុក​ចៀម​កៅ‌សិប​ប្រាំ​បួន​ចោល​នៅ​ទី​វាល ហើយ​ទៅ​តាម​រក​ចៀម​ដែល​បាត់​នោះ។ លក ១៥,៤ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ដែល​យើង​គោរព​ព្រះបេះដូង​របស់​ព្រះយេស៊ូ ណែនាំ​ឱ្យ​យើង​នឹក​ឃើញ​ដល់​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ចំពោះ​មនុស្ស​លោក។ តាម​ពិត ព្រះបិតា​របស់​យើង​ស្រឡាញ់​យើង​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​ព្រះបិតា​បាន​ចាត់​ឱ្យ​ព្រះយេស៊ូ​យាង​មក ដើម្បី​ធ្វើ​ដំណើរ​ជា​មួយ​យើង​ទាំង​អស់ ដើម្បី​ណែនាំ​ឱ្យ​យើង​មើល​ឃើញ​យ៉ាង​ជាក់​ស្តែង​អំពី​របៀប​ដែល​ព្រះបិតា​ស្រឡាញ់​យើង។ ថ្ងៃ​នេះ យើង​បាន​ឃើញ​រូប​ព្រះយេស៊ូ​ដែល​បើក​ព្រះហស្ត​(ដៃ)​យ៉ាង​ទូលំ​ទូលាយ ដើម្បី​ទទួល​ស្វាគមន៍​យើង​ទាំង​អស់​គ្នា។ នៅ​ពាក់​កណ្ដាល​ទ្រូង​របស់​ព្រះយេស៊ូ​យើង​ឃើញ​ព្រះបេះដូង បេះដូង​ជា​សញ្ញា​នៃ​សេចក្ដី​ស្រឡាញ់។ នៅ​ពេល​យើង​ចង់​និយាយ​អំពី​សេចក្ដី​ស្រឡាញ់ យើង​គូស​បេះដូង​យ៉ាង​ធំ នេះ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​ពេញ​លក្ខណៈ​ដែល​យើង​មើល​ឃើញ​ថ្ងៃ​នេះ។ នៅ​ពេល​យើង​នឹក​ឃើញ​ដល់​ព្រះយេស៊ូ យើង​ត្រូវ​ការ​នឹក​ដល់​ព្រះបិតា ថ្ងៃ​នេះ​ព្រះយេស៊ូ​មាន​ពាក្យ​ប្រស្នា​មួយ​ដើម្បី​ណែនាំ​ឱ្យ​យើង​មើល​ឃើញ អំពី​របៀប​ដែល​ព្រះបិតា​ស្រឡាញ់​យើង។ នៅ​ពេល​នោះ យើង​មាន​ឧទាហរណ៍​មួយ​យ៉ាង​ជាក់​ស្ដែង ដូច​យើង​ទាំង​អស់​គ្នា​យើង​ជា​ហ្វូង​ចៀម​មួយ យើង​ជា​ប្រជាជន​របស់​ព្រះជាម្ចាស់។ ព្រះបិតា​នៅ​ពេល​បាត់​ម្នាក់ ព្រះអង្គ​ព្រួយ​បារម្ភ​មែន​ទែន និង​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ជាក់​ស្តែង ដោយ​ខិត​ខំ​រត់​តាម​កូន​ដែល​បាត់ រត់​តាម​មនុស្ស​ម្នាក់​ដែល​វង្វេង​ផ្លូវ។ នេះ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​ពេញ​លក្ខណៈ ព្រះបិតា​ស្រឡាញ់​យើង​ដោយសារ​ព្រះអង្គ​បាន​បង្កើត​យើង ព្រះបិតា​បាន​ប្រទាន​ជីវិត​ឱ្យ​យើង។ ព្រះបិតា​ស្រឡាញ់​យើង​ម្នាក់ ដូចជា​កូន​បង្កើត​របស់​ព្រះអង្គ នៅ​ពេល​យើង​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​យើង​ទៅ​ជា​បុត្រា​បុត្រី​របស់​ព្រះជាម្ចាស់។ សេចក្ដី​ស្រឡាញ់​ដែល​ព្រះជាម្ចាស់​មាន​សម្រាប់​យើង គឺ​ជា​សេចក្ដី​ស្រឡាញ់​ស្ថិត​ស្ថេរ​មិន​ខ្វះ​អ្វី​សោះ។ ព្រះបិតា​បាន​បង្កើត​យើង នៅ​ពេល​បាត់​កូន​ម្នាក់​ព្រះបិតា​មាន​ព្រះហឫទ័យ​ព្រួយ​បារម្ភ ហើយ​តាម​ស្វែង​រក។ ប៉ុន្តែ មិន​មែន​ដើម្បី​ស្តី​ឱ្យ ឬ​ពិន័យ គឺ​ដើម្បី​ទទួល​ស្វាគមន៍​សាជាថ្មី ដើម្បី​លើក​លែង​ទោស​ឱ្យ ដើម្បី​បង្ហាញ​អំពី​អំណរ​សប្បាយ។ ដោយសារ កូន​ដែល​បាត់​បាន​រក​ឃើញ​វិញ​ហើយ ដូច្នេះ​មាន​អំណរ​សប្បាយ​នៅ​ស្ថាន​បរម​សុខ ពេល​មាន​ម្នាក់​ត្រលប់​មក​វិញ។ នៅ​ក្នុង​ព្រះសហគមន៍​របស់​យើង យើង​មាន​គ្នា​តិច ជួន​កាល​យើង​ខ្ចាត់​ខ្ចាយ​ទៅ​នេះ​ទៅ​នោះ ប៉ុន្តែ​នៅ​ពេល​លោក​ឪពុក​បាន​រក​ឃើញ​កូន​ត្រលប់​មក​វិញ​លោក​សប្បាយ​ចិត្ត​ណាស់ តែ​កូន​មិន​អាច​មក​វិញ​ទេ​ប្រសិន​បើ​លោក​ឪពុក​មិន​ទៅ​តាម​រក​គេ។ ថ្ងៃ​នេះ យើង​បាន​ប្រមូល​គ្នា​យ៉ាង​ច្រើន​យើង​មាន​អំណរ​សប្បាយ ប៉ុន្តែ​ប្រហែល​មាន​កូន​យើង​មួយ​ចំនួន​ទៅ​ឆ្ងាយ។ ដូច្នេះ យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​សហការ​គ្នា ដើម្បី​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះបិតា​ដល់​បង​ប្អូន​ឯទៀតៗ។ យើង​ជា​កូន​ខ្មែរ យើង​ត្រូវ​ការ​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ឪពុក​ម្តាយ ចំពោះ​លោក​គ្រូ​អ្នក​គ្រូ ចំពោះ​អស់​អ្នក​ដែល​បាន​ជួយ​យើង។ ប៉ុន្តែ សម្រាប់​យើង​ដែល​ជា​គ្រីស្ត​បរិស័ទ យើង​ត្រូវ​ការ​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ព្រះបិតា ជួន​កាល​យើង​ភ្លេច។ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ដើម្បី​មាន​ចិត្ត​កតញ្ញូ​ដល់​ព្រះជាម្ចាស់? ថ្ងៃ​នេះ ដែល​យើង​គោរព​ព្រះបេះដូង​របស់​ព្រះយេស៊ូ ថ្ងៃ​នេះ​យើង​នឹក​ឃើញ​ដល់​សេចក្ដី​ស្រឡាញ់​យ៉ាង​ធំ​ធេង​របស់​ព្រះជាម្ចាស់​តាមរយៈ​ព្រះយេស៊ូ។ ជា​ពេល​វេលា ដើម្បី​នឹក​ឃើញ​ដែរ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច ដើម្បី​ធ្វើ​ជា​កូន​កតញ្ញូ​ចំពោះ​ព្រះបិតា? ដើម្បី​ធ្វើ​ជា​កូន​កតញ្ញូ​របស់​ព្រះបិតា គឺ​ទី​មួយ​ឱ្យ​យើង​ចេះ​ស្រឡាញ់​ព្រះបិតា ចេះ​អធិដ្ឋាន ចេះ​ស្ដាប់​ព្រះន្ទូល ចេះ​នឹក​ឃើញ​ព្រះបិតា​គ្រប់​ពេល​វេលា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ទី​ពីរ ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​បង​ប្អូន​ឯទៀតៗ កុំ​ឱ្យ​យើង​ភ្លេច​នេះ​យើង​ធ្លាប់​និយាយ​ច្រើន​ដង “សូម​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ព្រះយេស៊ូ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា”។ ប៉ុន្តែ នេះ​មិន​មែន​ជា​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ដែល​យើង​គ្រាន់​តែ​ស្តាប់​ហើយ​មិន​អនុវត្ត ឱ្យ​យើង​អនុវត្ត​យ៉ាង​ជាក់​ស្តែង ដើម្បី​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ព្រះបិតា។ ដូច្នេះ ចិត្ត​កតញ្ញូ​របស់​យើង​អាច​មាន​អត្ថន័យ​ដ៏​ពេញ​លក្ខណៈ នៅ​ពេល​យើង​យក​ចិត្ត​ទុក​ដាក់​ស្រឡាញ់​បង​ប្អូន​របស់​យើង។ ខ្ញុំ​ជឿង​ថា នៅ​ក្នុង​តំបន់​ព្រែក​តាទែន​នេះ​យើង​មាន​កន្លែង​ច្រើន​ដើម្បី​បង្ហាញ​ធម៌​មេត្តា​ករុណា​ដល់​បង​ប្អូន​ទាំង​ឡាយ។ ថ្ងៃ​នេះ យើង​មាន​កូន​ក្មេង​ដែល​មក​ច្រើន​តាម​រយៈ​សាលា​មត្តេយ្យ និង​តាម​រយៈ​បង​ប្អូន​នៅ​ក្នុង​ភូមិ​ដែរ។ នេះ​ជា​សញ្ញា​សម្គាល់​ដែល​យើង​ជា​គ្រួសារ​តែ​មួយ ដែល​ចេះ​ស្វាគមន៍​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូ ដែល​ស្រឡាញ់​យើង​ជានិច្ច។ នៅ​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូ ដែល​បាន​ត្រាស់​ហៅ​យើង​ឱ្យ​យើង​ទៅ​ជា​បុត្រា​បុត្រី​របស់​ព្រះជាម្ចាស់។ នៅ​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូ ដែល​យើង​ត្រូវ​តែ​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់ ដែល​បាន​ណែនាំ​ឱ្យ​យើង​ជួប​ជុំ​គ្នា​ជា​មហា​គ្រួសារ​នៅ​ក្នុង​អង្គ​ព្រះគ្រីស្ត ឱ្យ​យើង​នឹក​ឃើញ តើ​ខ្ញុំ​ជា​គ្រីស្ត​បរិស័ទ​មួយ​រូប ខ្ញុំ​ធ្វើ​ដូច​ម្តេច​ដើម្បី​មាន​ចិត្ត​កតញ្ញូ​ជានិច្ច​ចំពោះ​ព្រះបិតា និង​ចំពោះ​បង​ប្អូន​ឯទៀតៗ?។ អាម៉ែន៕ + លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា ភូមិភាគ​ភ្នំពេញ

អភិបូជាអគ្គសញ្ញាលាបថ្ងាស ធ្វើនៅព្រះសហគមន៍កោះនរា មេគង្គ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២

អត្ថបទ​ទី១៖ សុភាសិត ៨,២២-៣១ខ្ញុំ​ជា​មេ​ជាង​ជួយ​ធ្វើ​ការ​ព្រះ‌អង្គ។ សុភ ៨,៣០អត្ថបទ​ទី​២៖ រ៉ូម ៥,១-៥ការ​អត់‌ធ្មត់​នាំ​ឲ្យ​យើង​ចេះ​ស៊ូ‌ទ្រាំ ហើយ​ការ​ស៊ូ‌ទ្រាំ​នាំ​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម។ រម ៥,៤ដំណឹងល្អ៖ យ៉ូហាន ១៦,១២-១៥ខ្ញុំ​មាន​សេចក្ដី​ឯ​ទៀតៗ​ជា​ច្រើន ដែល​ត្រូវ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា។ យហ ១៦,១២ “ស្វាគមន៍ ចែក​រំលែក និង​បម្រើ” បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ព្រះសហគមន៍​ណែនាំ​ឱ្យ​យើង​គោរព​បុណ្យ​លើក​តម្កើង​ព្រះត្រៃឯក នេះ​ជា​ពេល​វេលា​មួយ​ដ៏​ពិសេស​ដើម្បី​ឱ្យ​យើង​ចូល​នៅ​ក្នុង​ព្រះជន្ម​របស់​ព្រះជាម្ចាស់ នៅ​ក្នុង​ជីវិត​របស់​ព្រះជាម្ចាស់។ យើង​ជា​គ្រីស្ត​បរិស័ទ យើង​ជាប់​ជា​មួយ​ព្រះជាម្ចាស់​ដែល​ជា​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ប្រសិន​បើ​ប្អូន​ចាំ សញ្ញា​ដែល​យើង​បាន​ទទួល​ពី​ឪពុក​ម្តាយ​មុន​គេ​បង្អស់ គឺ​គូស​សញ្ញា​ឈើ​ឆ្កាង ប្រហែល​មុន​យើង​រៀន​ធម៌​បពិត្រ​ព្រះនាង​ម៉ារី មុន​យើង​រៀន​ធម៌​ឱ​ព្រះបិតា យើង​ត្រូវ​តែ​ចូល​នៅ​ក្នុង​ការ​អធិដ្ឋាន​របស់​យើង ដោយ​គូស​សញ្ញា​ឈើ​ឆ្កាង (ដោយ​ព្រះនាម​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ)។ ជួន​កាល​យើង​ចេះ​តែ​គូស​ដូច​ជា​ទម្លាប់ ប៉ុន្តែ​នៅ​ពេល​យើង​គូស​សញ្ញា​ឈើ​ឆ្កាង​យើង​មិន​តែ​នឹក​ឃើញ​ដល់​ព្រះយេស៊ូ​ដែល​សោយ​ទិវង្គត យើង​និយាយ​ថា “ដោយ​ព្រះនាម​ព្រះបិតា ព្រះបុតា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ”។ ដូច្នេះ ទោះ​បី​យើង​មិន​សូវ​គិត​វែង​ឆ្ងាយ យើង​មិន​សូវ​ដឹង​ខ្លួន ប៉ុន្តែ​តាម​ពិត​នៅ​ពេល​ហ្នឹង​យើង​កំពុង​ប្រកាស​ថា “ខ្ញុំ​ជា​គ្រីស្ត​បរិស័ទ ខ្ញុំ​ជឿ​លើ​ព្រះជាម្ចាស់​តែ​មួយ​ព្រះអង្គ​គត់ ដែល​មាន​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ” ជា​បី​អង្គ​នៅ​ក្នុង​មួយ​អង្គ។ ព្រះជាម្ចាស់​មាន​តែ​មួយ​ព្រះអង្គ ដែល​ស្រឡាញ់​យើង​យ៉ាង​ខ្លាំង​ណាស់ ព្រះអង្គ​បាន​ឃើញ​ប៉ុន្មាន​ដង​យើង​វង្វេង​ផ្លូវ ប៉ុន្មាន​ដង​យើង​មិន​ដឹង​ខ្លួន។ ព្រះជាម្ចាស់​បាន​បង្កើត​យើង​ជា​បុរស​ជា​ស្ត្រី ឱ្យ​យើង​មាន​សេចក្តី​សុខ មាន​សុភមង្គល ឱ្យ​មាន​ការ​រីក​ចម្រើន​នៅ​ក្នុង​ខ្លួន​របស់​យើង។ ប៉ុន្តែ ប៉ុន្មាន​ដង​យើង​ដើរ​ខុស​ផ្លូវ វង្វេង​ភ្លេច​ព្រះជាម្ចាស់ នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​ការ​សង្រ្គោះ​យើង​បាន​ឃើញ​អស់​ហើយ អាដាំ អេវ៉ា កាអ៊ិន អាបិល។ ក្រោយ​មក មាន​លោក​ណូអេ​ដែល​ខិត​ខំ​សង្រ្គោះ​មនុស្ស​លោក ដោយ​សារ​មនុស្ស​លោក​វង្វេង​អស់​ហើយ។ ប៉ុន្តែ ព្រះជាម្ចាស់​មាន​ព្រះហឫទ័យ​អត់​ធ្មត់​ជា​មួយ​យើង ព្រះជាម្ចាស់​បាន​ចាត់​ព្រះបុត្រា​គឺ​ព្រះយេស៊ូ​ផ្ទាល់ ឱ្យ​យាង​មក​ដើម្បី​ធ្វើ​ដំណើរ​ជា​មួយ​មនុស្ស​លោក ដើម្បី​ណែនាំ​ឱ្យ​យើង​ចូល​នៅ​ក្នុង​ជីវិត​របស់​ព្រះជាម្ចាស់​ថែម​ទៀត។ ថ្ងៃ​នេះ យើង​បាន​ស្តាប់​នៅ​ពេល​ព្រះយេស៊ូ​បាន​យាង​ឡើង​ស្ថាន​បរម​សុខ យើង​ថា​យើង​វង្វេង​ទៀត​ដោយ​សារ​យើង​អស់​ព្រះយេស៊ូ​ម្តង​ទៀត។ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ​ព្រះយេស៊ូ​បាន​ប្រទាន​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដើម្បី​ឱ្យ​យើង​ធ្វើ​ដំណើរ​ត​ទៅ​ទៀត ដោយ​យើង​ស្គាល់​ព្រះជាម្ចាស់​ថែម​ទៀត ដោយ​យើង​មាន​កម្លាំង​ថែម​ទៀត។ យើង​ពោរពេញ​ដោយ​សេចក្តី​ស្រឡាញ់​ដែល​មក​ពី​ព្រះជាម្ចាស់ ដើម្បី​ឱ្យ​យើង​ជា​គ្រីស្ត​បរិស័ទ​នៅ​ពេល​យើង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក លោក​ឪពុក​បាន​និយាយ​ថា “ខ្ញុំ​ជ្រមុជ​ទឹក​កូន​នៅ​ក្នុង​នាម​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ”។ យើង​ពោរពេញ​ដោយ​កម្លាំង​នៅ​ក្នុង​ព្រះជាម្ចាស់ ថ្ងៃ​នេះ​ដែល​យើង​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ គឺ​យើង​មាន​កម្លាំង​ថែម​ទៀត ដើម្បី​ឱ្យ​យើង​ទៅ​ជា​គ្រីស្ត​បរិស័ទ​រឹង​មាំ​នៅ​ក្នុង​ជីវិត​របស់​យើង។ គ្រីស្ត​បរិស័ទ​ដែល​រឹង​មាំ ជា​គ្រីស្ត​បរិស័ទ​ដែល​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម។ ម្សិលមិញ នៅ​តាំង​គោក​យើង​បាន​គោរព​មរណៈ​សាក្សី មាន​ន័យ​ថា​គោរព​គ្រីស្ត​បរិស័ទ​មួយ​ចំនួន ដូច​ជា​លោក ឆ្មារ សាឡាស់ លោក ឆ្មារ សាឡឹម បង​ស្រី​និង​គ្រីស្ត​បរិស័ទ​មួយ​ចំនួន ដែល​បាន​លះ​បង់​ចោល​សម្រាប់​ព្រះជាម្ចាស់។ នៅ​ពេល​នោះ ខ្ញុំ​បាន​និយាយ​ទៅ​គ្រីស្ត​បរិស័ទ​ថា មើល​ទៅ យើង​បាន​ធ្វើ​ដំណើរ​រយៈពេល​២​ឆ្នាំ​នៅ​ក្នុង​បញ្ហា​កូវីដ-១៩ ប៉ុន្មាន​ដង​យើង​បាត់​សេចក្តី​សង្ឃឹម​យើង យើង​ចូល​ព្រះវិហារ​មិន​បាន យើង​មាន​ទុក្ខ​លំបាក​នៅ​ក្នុង​ការ​រក​ស៊ី។ ដូច្នេះ យើង​បាន​ជួប​ទុក្ខ​លំបាក​ច្រើន​នៅ​ក្នុង​រយៈ​ពេល​២​ឆ្នាំ​កន្លង​មក ប៉ុន្តែ​ទោះ​បី​យើង​មាន​ទុក្ខ​លំបាក​ក៏​ដោយ ពេល​យើង​មើល​ឃើញ​មរណៈ​សាក្សី​របស់​យើង នៅ​ក្នុង​សម័យ​ប៉ុល​ពត​ដែល​សម្លាប់​ប្រជាជន​ជាង​២​លាន​នាក់​។ នៅ​ពេល​នោះ យើង​ត្រូវ​តែ​នឹក​ឃើញ​ដល់​ទុក្ខ​លំបាក​យ៉ាង​ធ្ងន់​ធ្ងរ ម្ហូប​អាហារ​ក៏​មិន​គ្រប់​គ្រាន់ គ្មាន​សិទ្ធិ​សេរីភាព ធ្វើ​ការ​ងារ​ធ្ងន់ គ្មាន​មន្ទីរ​ពេទ្យ​ដើម្បី​ព្យាបាល​ជំងឺ គ្មាន​សាលា​រៀន… គ្មាន​អ្វី​ដែល​ណែនាំ​ឱ្យ​មនុស្ស​យើង​មាន​សេចក្តី​សុខ​សោះ។ ប៉ុន្តែ បាន​ឆ្លង​ផុត​រហូត​ដល់​សព្វ​ថ្ងៃ​ព្រះសហគមន៍​របស់​យើង​នៅ​មាន​ជីវិត ដោយសារ​យើង​ជា​គ្រីស្ត​បរិស័ទ យើង​ពោរពេញ​ដោយ​សេចក្ដី​សង្ឃឹម។ ថ្ងៃ​នេះ យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​២ “ព្រោះ​តែ​ព្រះគ្រីស្ត និង​ដោយសារ​ជំនឿ យើង​មាន​មាគ៌ា​ចូល​ទៅ​កាន់​ជីវិត​ថ្មី ហើយ​យើង​ក៏​ស្ថិត​នៅ​ក្នុង​ជីវិត​ថ្មី​នេះ​ទាំង​ភ្ជាប់​ខ្លួន​យ៉ាង​ខ្ពស់​មុខ ដោយ​សង្ឃឹម​ថា​នឹង​បាន​ទទួល​សិរីរុងរឿង​របស់​ព្រះជាម្ចាស់”។ នេះ​ជា​បទ​ពិសោធន៍​របស់​មរណៈ​សាក្សី​យើង ទោះ​បី​ពិបាក​ក៏​ដោយ ទោះ​បី​អស់​សង្ឃឹម​ក៏​ដោយ គេ​ដឹង​ថា​គេ​មាន​សេចក្ដី​សង្ឃឹម។ មិន​មែន​គេ​មាន​សេច​ក្តី​សង្ឃឹម​ដោយ​សារ​អាច​រក​ស៊ី​បាន មិន​មែន​គេ​មាន​សេចក្តី​សង្ឃឹម​ដោយសារ​អាច​ដើរ​ទៅ​ណា​ក៏​បាន។ មាន​សេចក្តី​សង្ឃឹម ដោយសារ​បាន​ទទួល​សិរីរុងរឿង​របស់​ព្រះជាម្ចាស់។ បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​ជា​គ្រីស្ត​បរិស័ទ​នៅ​ក្នុង​សម័យ​ដែល​មាន​សុខ​សន្តិភាព ប៉ុន្តែ​ជួន​កាល​ណែនាំ​ឱ្យ​យើង​ភ្លេច​គោល​ដៅ​នៃ​ជីវិត​របស់​យើង។ សេចក្តី​សុខ​សាន្ត​សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ មិន​មែន​តែ​យើង​រក​ស៊ី​បាន យើង​ដើរ​លេង​បាន យើង​មាន​ម្ហូប​អាហារ​គ្រប់​គ្រាន់ មាន​ទ្រព្យ​សម្បត្តិ​ច្រើន។ សេច​ក្តី​សុខ​សាន្ត​របស់​យើង គឺ​យើង​ដឹង​ថា​យើង​មាន​ព្រះជាម្ចាស់​ដែល​ស្រឡាញ់​យើង យើង​ដឹង​ថា​យើង​មាន​ផ្លូវ​នៅ​ថ្ងៃ​អានាគត​នៅ​ស្ថាន​បរម​សុខ ដែល​មាន​ព្រះជាម្ចាស់​ទទួល​ស្វាគមន៍​យើង។ យើង​ដឹង​ថា យើង​មាន​សមត្ថភាព​ដើម្បី​ស្រឡាញ់​បង​ប្អូន​ឯទៀតៗ នេះ​ជា​សេចក្ដី​សង្ឃឹម​របស់​យើង។ លោក​ប៉ូល​បាន​និយាយ​ថា “ពិត​មែន យើង​រង​ទុក្ខ​វេទនា យើង​រង​ទុក្ខ​លំបាក ក៏​ប៉ុន្តែ​ទុក្ខ​វេទនា​ណែនាំ​ឱ្យ​យើង​ចេះ​អត់​ធ្មត់ ការ​អត់​ធ្មត់​ណែនាំ​ឱ្យ​យើង​ចេះ​ស៊ូ​ទ្រាំ ការ​ស៊ូ​ទ្រាំ​ណែនាំ​ឱ្យ​យើង​មាន​សេចក្តី​សង្ឃឹម”។ នេះ​ជា​ជីវិត​របស់​មរណៈ​សាក្សី​ពី​ដើម វេទនា​ប៉ុន្តែ​អត់​ធ្មត់ អត់ធ្មត់​ណែនាំ​ឱ្យ​ចេះ​តស៊ូ តស៊ូ​ណែនាំ​ឱ្យ​មាន​សេចក្ដី​សង្ឃឹម​ដើម្បី​ទៅ​មុខ ដោយ​ដឹង​ថា​អនាគត​របស់​យើង​គឺ​ព្រះជាម្ចាស់​ផ្ទាល់។ ខ្ញុំ​មិន​ដឹង​ថា នៅ​ក្នុង​ពេល​វេលា​ដែល​មាន​ជំងឺ​កូវីដ-១៩​រាត​ត្បាត តើ​បង​ប្អូន​បាន​គិត​អំពី​អ្វី? ជួន​កាល​យើង​មើល​មិន​ឃើញ​អនាគត បើក​ព្រំ​ដែន​ហើយ​បិទ​វិញ បើក​ផ្សារ​ហើយ​បិទ​វិញ​។ ដូច្នេះ ប៉ុន្មាន​ខែ​កន្លង​មក​យើង​វង្វេង​អស់​ហើយ យើង​មិន​ដឹង​ថា​អនាគត​របស់​យើង​ទៅ​ណា ប៉ុន្តែ​ប្រសិន​បើ​យើង​គិត​ពិចារណា​យើង​ជា​គ្រីស្ត​បរិស័ទ អនាគត​យើង​នៅ​មាន។ ជា​អនាគត​ស្ថិត​ស្ថេរ សិរីរុងរឿង​រួម​ជា​មួយ​ព្រះជាម្ចាស់ នេះ​ជា​សេចក្តី​សង្ឃឹម​របស់​យើង​ដែល​យើង​បាន​ទទួល។ បង​ប្អូន​ជា​ទី​ស្រឡាញ់ តើ​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ថែរក្សា​សេចក្តី​សង្ឃឹម​នេះ? ថ្ងៃ​នេះ​យើង​មាន​ប្អូន​ៗ​៤៥​នាក់​នឹង​ទទួល​ព្រះអំណោយ​ទាន​ដែល​មក​ពី​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ព្រះអំណោយ​ទាន​នេះ​រួម​មាន៖ មាន​ប្រាជ្ញា​ឈ្លាស​វៃ ចេះ​ពិចារណា​ដឹង​ខុស​ដឹង​ត្រូវ ដឹង​សេចក្តី​ពិត មាន​យោបល់​ល្អ មាន​សេចក្តី​អង់​អាច (សេច​ក្តី​ក្លាហាន) ប្រព្រឹត្ត​តាម​ការ​ណែនាំ​របស់​ព្រះវិញ្ញាណ គោរព​កោត​ខ្លាច​ព្រះបិតា។ នេះ​ជា​ព្រះអំណោយ​ទាន​ទាំង​៧​ដែល​យើង​ទទួល​ថ្ងៃ​នេះ ប្រាជ្ញា​ឈ្លាស​វៃ ដឹង​ខុស​ដឹង​ត្រូវ ដឹង​សេចក្ដី​ពិត មាន​យោបល់​ល្អ មាន​ចិត្ត​ក្លាហាន ប្រព្រឹត្តិ​តាម​ការ​ណែនាំ​របស់​ព្រះវិញ្ញាណ និង​គោរព​កោត​ខ្លាច​ព្រះបិតា។ អំណោយ​ទាន​នេះ មិន​និយាយ​អំពី​ការ​រក​ស៊ី​បាន ដើរ​កំសាន្ត​បាន គឺ​និយាយ​អំពី​អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​ជីវិត​របស់​យើង។ ហេតុ​នេះ​ហើយ នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ទោះ​បី​ពិបាក​ក៏​ដោយ ទោះ​បី​យើង​រស់​នៅ​យ៉ាង​ស្រួល​ក៏​ដោយ យើង​ដឹង​ថា​យើង​មាន​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ជា​អំណោយ​ទាន ដែល​ណែនាំ​ឱ្យ​យើង​ឆ្លង​ផុត​ទុក្ខ​លំបាក​ទាំង​អស់ ដូច្នេះ​ពេល​លោក​ប៉ូល​និយាយ​អំពី “ទុក្ខ​វេទនា​ណែនាំ​ឱ្យ​យើង​មាន​ចិត្ត​អត់​ធ្មត់ ចិត្ត​អត់​ធ្មត់​ណែនាំ​ឱ្យ​យើង​ស៊ូ​ទ្រាំ ស៊ូ​ទ្រាំ​ណែនាំ​ឱ្យ​យើង​មាន​សេចក្ដី​សង្ឃឹម”។ យើង​អាច​ធ្វើ​បាន ដោយសារ​យើង​ភ្ជាប់​ជា​មួយ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដ៏​ពិត​ប្រាកដ ដើម្បី​រស់​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ យើង​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ទៅ​មុខ​។ ថ្ងៃ​នេះ យើង​គោរព​ព្រះត្រៃឯក​ដែល​មាន​រូប​មួយ​បង្ហាញ​អំពី​លោក​អប្រាហាំ​ដែល​ទទួល​ភ្ញៀវ​៣​នាក់​។ មាន​ថ្ងៃ​មួយ លោក​អប្រាហាំ​កំពុង​អង្គុយ​នៅ​ក្រោម​ដើម​ឈើ ហើយ​មាន​ភ្ញៀវ​៣​នាក់​មក​សួរ​សុខ​ទុក្ខ​គាត់ លោក​អប្រាហាំ​បាន​រៀប​ចំ​ជប់​លៀង​ស្វាគមន៍​ភ្ញៀវ​ទាំង​៣​នាក់​នោះ។ មុន​៣​នាក់​នោះ ជា​ភ្ញៀវ​គាត់​មិន​ដែល​ស្គាល់​ចេញ​ធ្វើ​ដំណើរ​ត​ទៅ​ទៀត គេ​បាន​ប្រាប់​លោក​អប្រាហាំ​ថា “បន្តិច​ទៀត​យាយ​សារា​និង​មាន​ផ្ទៃ​ពោះ”។ យាយ​សារា​ជា​ស្ត្រី​ចំណាស់​មិន​ដែល​មាន​កូន​សោះ ណែនាំ​ឱ្យ​យាយ​សារា​មិន​ជឿ ប៉ុន្តែ​ក្រោយ​មក​កើត​ឡើង​មែន។ គាត់​មាន​ផ្ទៃ​ពោះ បង្កើត​បាន​កូន​ម្នាក់​ឈ្មោះ​អ៊ីសាក់ នេះ​ជា​ដំណឹង​ល្អ​ដែល​ភ្ញៀវ​ទាំង​៣​នាក់​នោះ​បាន​ប្រាប់​គាត់។ មិន​មែន​ជា​ទេវ​ទូត​កាព្រីអែល​ដែល​ប្រាប់​ដំណឹង​ល្អ​ដូច​ព្រះនាង​ម៉ារី គឺ​៣​នាក់​នេះ ដែល​ណែនាំ​ឱ្យ​យើង​យល់​ថា នេះ​ជា​ព្រះជាម្ចាស់​ផ្ទាល់ គឺ​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដែល​បាន​យាង​មក​ជួប​ជា​មួយ​លោក​អប្រាហាំ។

Subscribe to our newsletter

Don't miss new updates on your email