នៅព្រះសហគមន៍កំពង់អំពិល
អភិបូជាថ្ងៃអាទិត្យទី៨ក្នុងរដូវធម្មតា
តាកែវ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២
អត្ថបទទី១៖ បេនស៊ីរ៉ាក ២៧,៤-៧ កុំសរសើរនរណាម្នាក់ មុនពេលបានឮសម្ដីរបស់គេ ដ្បិតពាក្យសម្ដីនេះហើយដែលបង្ហាញពីចិត្តគំនិតរបស់មនុស្ស។ បសរ ២៧,៧ អត្ថបទទី២៖ កូរិនថូសទី១ ១៥,៥៤-៥៨ អំណាចនៃសេចក្ដីស្លាប់នោះ មកពីអំពើបាប។ ១ករ ១៥,៥៦ ដំណឹងល្អ៖ លូកា ៦,៣៩-៤៥ សិស្សដែលបានទទួលចំណេះសព្វគ្រប់ អាចស្មើនឹងគ្រូបាន។ លក ៦,៤០ |
បងប្អូនជាទីស្រឡាញ់
យើងបានស្ដាប់ពាក្យប្រស្នា ដែលណែនាំឲ្យយើងអាចយល់យ៉ាងច្បាស់ អំពីជីវិតរបស់យើងប្រចាំថ្ងៃ។ នៅក្នុងនេះ មានរឿងពីរដែលព្រះយេស៊ូចង់លើកដើម្បីឲ្យយើងគិតពិចារណា រឿងទី១គឺព្រះយេស៊ូថាឲ្យយើង យើងពូកែមើលឃើញរឿងអាក្រក់ដ៏តូចតាចបំផុតនៅក្នុងខ្លួនគេ។ តូចមែនទែនដូចជាធូលីនៅក្នុងភ្នែក មើលឃើញច្បាស់នៅពេលគេធ្វើអ្វីខុស យើងចេះតែមើលងាយគេ យើងចេះតែស្ដីឲ្យគេ។ ផ្ទុយទៅវិញ ពេលយើងផ្ទាល់ខ្លួនធ្វើខុសធំបំផុតយើងមើលមិនឃើញ ដូចជាយើងមានធ្នឹមដ៏ធំបំផុតនៅក្នុងភ្នែករបស់យើង។ យើងមើលមិនឃើញ ប៉ុន្តែធូលីដ៏តូចបំផុតនៅក្នុងភ្នែករបស់គេយើងមើលឃើញយ៉ាងច្បាស់។
ព្រះយេស៊ូថ្ងៃនេះណែនាំឲ្យយើងចេះមើលឃើញ ទី១បងប្អូនឯទៀតៗនៅក្នុងរបៀបល្អ និងទី២ឲ្យយើងចេះកែប្រែចិត្តគំនិតរបស់យើង។ ឲ្យមើលឃើញអ្វីដែលស្ទើរនៅក្នុងជីវិតរបស់យើង ដើម្បីទៅជាមនុស្សដ៏ល្អ ដែលមានរបៀបដ៏ល្អប្រសើរបំផុត។ ដោយសារ នៅក្នុងរឿងទី២ព្រះយេស៊ូបានរំលឹកដែរ “ដើមឈើល្អមិនដែលឲ្យផ្លែអាក្រក់ឡើយ” យើងដឹងហើយនៅពេលមានដើមឈើមួយយ៉ាងស្អាតបំផុត យើងទទួលបានផ្លែយ៉ាងឆ្ងាញ់បំផុត។ ជីវិតរបស់យើង យើងប្រៀបដូចជាដើមឈើមួយ ប្រសិនបើដើមឈើរបស់យើងបានលូតលាស់នៅក្នុងដីល្អ ដែលយើងស្រោចទឹក ដែលមានជីវជាតិ យើងដឹងថានៅពេលនោះយើងចេញផ្លែដែលឆ្ងាញ់បំផុត ដែលផ្អែម។ ជីវិតរបស់យើងក៏ដូចគ្នាដែរ នៅពេលយើងយកចិត្តទុកដាក់ ទី១ស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលណែនាំឲ្យយើងចេះស្រឡាញ់គ្នាទៅវិញទៅមក ដែលណែនាំឲ្យយើងចេះជួយទៅបងប្អូនឯទៀតៗ។ ដែលណែនាំឲ្យយើងចេះមានចិត្តអាណិតមេត្តា ឲ្យយើងមានចិត្តលើកលែងទោស ឲ្យយើងមានចិត្តចាប់អារម្មណ៍អំពីបងប្អូនរបស់យើង នៅក្នុងសាលាក្ដី នៅក្នុងភូមិរបស់យើងក្ដី ដែលកំពុងពិបាក។ នៅពេលនោះយើងទៅជាមនុស្សល្អ ប៉ុន្តែសម្រាប់យើងមិនមែនតែធ្វើបុណ្យបានបុណ្យ សម្រាប់យើងអ្វីដែលជាសំខាន់ គឺយើងខិតខំពីមួយថ្ងៃទៅមួយថ្ងៃយកចិត្តទុកដាក់ដើម្បីស្រឡាញ់បងប្អូនឯទៀតៗ ដើម្បីជួយគេ ដើម្បីធ្វើអំពើល្អដល់គេ។
យើងមានឱកាសច្រើនណាស់ នៅក្នុងសាលាផង នៅក្នុងផ្ទះរបស់យើងផង ជាមួយឪពុកម្ដាយផង ជាមួយលោកគ្រូអ្នកគ្រូផង ជាមួយពួកម៉ាករបស់យើង។ នៅក្នុងព្រះសហគមន៍របស់យើង ជាមួយលោកឪពុក ជាមួយបងស្រី យើងមានឱកាសច្រើនដើម្បីធ្វើអំពើល្អ ដើម្បីយកចិត្តទុកដាក់ជួយគ្នាទៅវិញទៅមក។ ថ្ងៃនេះ នៅពេលយើងបានរៀបចំកន្លែង យើងបានខិតខំយកចិត្តទុកដាក់ ដើម្បីឲ្យយើងទាំងអស់គ្នាមានអំណរសប្បាយ មានភាពកក់ក្ដៅ ដើម្បីអធិដ្ឋាននិងស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេលដែលយើងយកចិត្តទុកដាក់ធ្វើអំពើល្អ យើងដឹងថាជីវិតរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃរីកចម្រើនដូចដើមឈើមួយយ៉ាងស្អាត។ ណែនាំឲ្យយើងមានផ្លែ នៅពេលមានផ្លែច្រើនបងប្អូនឯទៀតៗគេស្រឡាញ់យើង គេសប្បាយចិត្តគេថាយើងជាកូនល្អណាស់ ជាសិស្សល្អណាស់ ជាយុវជនម្នាក់ពូកែណាស់។ ពូកែមើលឃើញដល់បងប្អូនដែលកំពុងពិបាក ពូកែជួយគេ មានសីលធម៌ល្អ ពូកែរស់នៅយ៉ាងគួរសមនិងសមរម្យនៅក្នុងសង្គម គាត់ពូកែយកចិត្តទុកដាក់។ នេះទាំងអស់ ណែនាំឲ្យគេឃើញជីវិតរបស់យើងមានផ្លែ នៅពេលជីវិតរបស់យើងមានផ្លែគេចាប់អារម្មណ៍ គេសួរផ្លែមកពីណា? មូលហេតុអ្វីមានជីវិតដ៏ល្អប្រសើរ? យើងអាចនឹកឃើញដោយសារយើងមានព្រះយេស៊ូដែលជាទីពឹង ដោយសារយើងមានព្រះនាងម៉ារីជាទីពឹង ដោយសារយើងមានព្រះសហគមន៍របស់យើងជាទីពឹង។
នៅពេលយើងបានធ្វើជំហានទីមួយ យើងបាននិយាយច្បាស់ថា “ខ្ញុំសូមយកព្រះយេស៊ូជាទីពឹង ខ្ញុំសូមយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាទីពឹង ខ្ញុំសូមយកព្រះសហគមន៍ជាទីពឹង”។ ដូច្នេះ នេះជាមូលហេតុដែលយើងអាចមានផ្លែល្អ ជាមូលហេតុដែលយើងអាចទៅជាមនុស្សល្អ ដោយសារយើងមានទីពឹងយ៉ាងពិសេសបំផុត។ យើងមិនសាងសង់ជីវិតរបស់យើងនៅលើដីខ្សាច់ យើងសាងសង់ជីវិតរបស់យើងនៅលើថ្មដ៏រឹងមាំ។ ណែនាំឲ្យជីវិតរបស់យើង ដែលទីពឹងទៅលើព្រះជាម្ចាស់ ទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលដឹកនាំ ឲ្យយើងចេះស្រឡាញ់គ្នាទៅវិញទៅមក ដែលដឹកនាំឲ្យយើងចេះធ្វើអំពើល្អ ដែលដឹកនាំឲ្យយើងចេះគោរពមាតាបិតា ដែលដឹកនាំឲ្យយើងចេះស្រឡាញ់ព្រះជាម្ចាស់អស់ពីដួងចិត្ត អស់ពីកម្លាំងកាយចិត្ត។ ណែនាំឲ្យយើងទៅជាមនុស្សប្លែកនិងពិសេស ដែលអាចមានផ្លែយ៉ាងច្រើន។ ដូច្នេះ យើងត្រូវការនឹកឃើញយើងមានព្រះជាម្ចាស់ដែលជួយ ប្រសិនបើយើងទីពឹងទៅលើព្រះជាម្ចាស់យើងអាចទៅជាដើមឈើមួយដែលមានផ្លែដ៏ល្អបំផុត យើងអាចទៅជាមនុស្សម្នាក់ដែលមានមាត់ល្អ។ ប៉ុន្តែ មាត់ល្អដោយសារយើងមានដួងចិត្តល្អ មនុស្សដែលចេះតែជេរគេ ចេះតែនិយាយដើមគេ មកពីនៅក្នុងដួងចិត្តអត់មានសេចក្ដីស្រឡាញ់ មានតែអំពើខ្មៅងងឹត។ ផ្ទុយទៅវិញ ប្រសិនបើយើងយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាទីពឹង ដើម្បីចេះស្រឡាញ់គ្នាទៅវិញទៅមក នៅក្នុងដួងចិត្តរបស់យើង យើងមានសេចក្ដីស្រឡាញ់ ដែលណែនាំឲ្យយើងមានដួងចិត្តដ៏ល្អ ណែនាំឲ្យពាក្យសម្ដីរបស់យើងក៏ល្អដែរ ទាំងកាយវិការ ទាំងសម្ដី ទាំងជីវិតប្រចាំថ្ងៃល្អ នេះណែនាំឲ្យយើងទៅជាមនុស្សថ្មី។
យើងអធិដ្ឋាន ដើម្បីឲ្យព្រះសហគមន៍របស់យើងយកចិត្តទុកដាក់ ដើម្បីមានផ្លែល្អយ៉ាងច្រើន ដើម្បីឲ្យយើងទៅជាមនុស្សល្អ។ មិនមែនផ្អែមនៅក្នុងអត្ថន័យថា យើងនិយាយផ្អែមដើម្បីឲ្យគេសប្បាយចិត្តជាមួយយើង ប៉ុន្តែផ្អែមដោយសារយើងជាមនុស្សដែលមានចិត្តល្អ។ ដូច្នេះ ជីវិតរបស់យើងគឺជាជីវិតដែលមានរស់ជាតិយ៉ាងឆ្ងាញ់បំផុត មិនមែនជីវិតដែលចេះតែផ្អែមៗដល់គេប៉ុន្តែតាមពិតយើងគិតផ្សេង។ ផ្ទុយទៅវិញ ឲ្យដួងចិត្តរបស់យើង សម្ដីរបស់យើង គំនិតរបស់យើង ទៅជាតែមួយដែលមកពីព្រះយេស៊ូ ដែលណែនាំឲ្យយើងចេះស្រឡាញ់គ្នាទៅវិញទៅមកដូចព្រះយេស៊ូបានស្រឡាញ់យើងដែរ។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ