នៅក្នុងពិធីប្រសិទ្ធពរលើបន្ទប់អធិដ្ឋានសន្តម៉ាថាយជាគ្រីស្តទូត (Saint Mathew the apostle)និងសាលាមេត្តេយ្យនៅព្រះសហគមន៍កោះកុង លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញមានប្រសាសន៍ថា តួនាទីរបស់គ្រីស្តបរិស័ទគឺ កែប្រែចិត្តគំនិតផ្ទាល់ខ្លួនដើម្បីប្រកាសដំណឹងល្អ។
លោកអភិបាលមានប្រសាសន៍ថា «ថ្ងៃនេះយើងជួបជុំគ្នានៅក្នុងអគារថ្មីដែលជាបន្ទប់អធិដ្ឋាន ជាមួយសាលាមត្តេយ្យមួយនៅក្នុងវិហារកោះកុងនៃសន្តម៉ាថាយ គឺជាពេលវេលាមួយដើម្បីឲ្យមានកម្លាំងសាជាថ្មី នៅក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត ដើម្បីឲ្យយើងរួមជាមួយព្រះយេស៊ូដែលជាពន្លឺទៅជាពន្លឺដែរ។»
សន្តម៉ាថាយដែលបានកែប្រែចិត្តគំនិតទៅជាមនុស្សថ្មី «ដូច្នេះខ្ញុំសង្ឃឹមថាគ្រីស្តបរិស័ទរបស់យើងនៅគ្រប់ទីកន្លែងបន្តកែប្រែចិត្តគំនិតទៅជាមនុស្សថ្មី នឹងទៅប្រកាសដំណឹងល្អដូចសន្តម៉ាថាយទៅតាមសមត្ថភាពរបស់យើង។» លោកអភិបាលបញ្ជាក់។
លោកម៉ាថាយជាគ្រីស្តទូតម្នាក់ក្នុងចំណោមសាវ័កទាំង១២ ដែលបានដើរតាមព្រះយេស៊ូទៅប្រកាសដំណឹងល្អ ហើយបន្ទាប់មកលោកបានកត់ត្រានូវកិច្ចការជាច្រើនដែលព្រះយេស៊ូបានធ្វើ។ លោកអភិបាលអូលីវីយ៉េបានរំលឹកដល់គ្រីស្តបរិស័ទឲ្យយកចិត្តទុកដាក់អានព្រះគម្ពីរដំណឹងល្អដែលនិពន្ធឡើងដោយលោកម៉ាថាយ ដើម្បីប្រកាសដំណឹងល្អអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់។
កិច្ចការនេះអាចធ្វើទៅបាន លុះត្រាតែយើងម្នាក់ៗកែប្រែចិត្តគំនិត «ដើម្បីក្លាយទៅជាមនុស្សថ្មី ដោយដឹងថាជីវិតរបស់យើងត្រូវតែទៅមុខនៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ទោះបីជាយើងធ្វើអ្វីក៏ដោយនៅក្នុងជីវិត គឺយើងពោរពេញទៅដោយសេចក្ដីសង្ឃឹម ដោយសារតែយើងស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។» លោកអភិបាលបញ្ជាក់។
លោកអភិបាលបន្ថែមថា ការអនុវត្តព្រះបន្ទូលគឺជាសក្ខីកម្មសំខាន់មួយ គឺ«យើងត្រូវតែបើកភ្នែក បើកត្រចៀក បើកដួងចិត្តរបស់យើង ដើម្បីមើលឃើញទុក្ខលំបាកនិងសេចក្ដីត្រូវការរបស់បងប្អូនឯទៀតៗ។»
ក្នុងនោះដែរ លោកអភិបាលបានជំរុញឲ្យគ្រីស្តបរិស័ទខិតខំទទួលស្វាគមន៍អ្នកខ្វះខាតយ៉ាងរាក់ទាក់ និងកក់ក្តៅជាគ្រួសារមួយ ដែលធ្វើឲ្យពួកគេទទួលបាននូវកម្លាំង «ទោះបីកម្សត់ ទោះបីឯកោ តែគេដឹងថា នៅកន្លែងរបស់យើង គេបានរកឃើញគ្រួសារមួយដែលគេស្រឡាញ់ ដែលចេះស្វាគមន៍យ៉ាងរាក់ទាក់។»
លោកបន្ថែមថា ការទទួលស្វាគមន៍កុមារយ៉ាងទូលំទូលាយនៅក្នុងតំបន់នេះតាមរយៈសាលាមត្តេយ្យ ដើម្បីសាងសង់មូលដ្ឋានគ្រឹះនៃជីវិតអស់កាលជានិច្ច ដើម្បីក្លាយជាពលរដ្ឋដ៏ល្អ ដើម្បីឲ្យក្លាយជាមនុស្សដែលចេះគោរពក្នុងសង្គមយ៉ាងសមរម្យ គឺជារបៀបមួយ ដែលព្រះសហគមន៍របស់យើងនៅកោះកុង អាចប្រកាសអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់។
លោកអភិបាលបន្ថែមថា « យើងដឹងថាអនាគតគឺជាមរតកមួយយ៉ាងពិសេស។ ហើយព្រះសហគមន៍បានជួយសាងសង់អស់ពីកម្លាំងកាយកម្លាំងចិត្តដើម្បីឲ្យសង្គមរបស់យើងទទួលសេចក្ដីសុខ និងសុខដុមរមនា។»
បន្ទប់អធិដ្ឋានសន្តម៉ាថាយជាគ្រីស្តទូតនិងសាលាមត្តេយ្យ នៃព្រះសហគមន៍កោះកុងស្ថិតនៅក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាខេត្តនៅជាប់ព្រំដែនប្រទេសថៃ ដែលមានចំងាយ២៧១គីឡូម៉ែត្រពីរាជធានីភ្នំពេញ ស្ថិតនៅភាគនិរតីនៃប្រទេស ត្រូវបានបើកឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៧ ខែធ្នូ ដោយមានគ្រីស្តបរិស័ទចូលរួមជិត២០០នាក់។
ព្រះសហគមន៍កោះកុងបង្កើតឡើងក្នុងឆ្នាំ១៩៩៤ មានគ្រីស្តបរិស័ទ ប្រមាណ២០គ្រួសាររស់នៅក្នុងតំបន់នោះ នេះបើតាមការបញ្ជាក់របស់លោកលេង ហុង អាយុ៤១ឆ្នាំ ជាគ្រីស្តបរិស័ទដែលធំដឹងក្តីនៅទីនោះ។ លោកបានឲ្យដឹងថា តំបន់នេះ ជាកន្លែងមួយដែលពីមុន គ្រីស្តបរិស័ទមកជួញដូរ គេប្រមូលផ្តុំនៅទីនេះមានដូចជា លក់ដូរ និងនេសាទជាដើម ប៉ុន្តែដោយរបត់សង្គមថ្មីមិនសូវមានការងារ គេនាំគ្នាបំផ្លាស់ទីទៅតំបន់ផ្សេងៗ ជាហេតុធ្វើឲ្យគ្រីស្តបរិស័ទនៅទីនេះ មានតិចតួច។
«ភាគច្រើនគ្រីស្តបរិស័ទនៅកោះកុងសុទ្ធតែជាអ្នកចំណូលថ្មី បង្កើតជារបត់ថ្មីមួយ។» លោកហុងបន្ថែមថា សព្វថ្ងៃនេះ ព្រះសហគមន៍កំពុងតែរកវិធីជួយដល់អ្នកក្រីក្រ និងសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ។ នេះជាមូលហេតុដែលព្រះសហគមន៍បង្កើតសាលាមត្តេយ្យ ដើម្បីប្រមូលកូនចៅគ្រីស្តបរិស័ទឲ្យមកទទួលការអប់រំ ដើម្បីបញ្ចៀសការបំផ្លាស់ទីរបស់ឪពុកម្តាយ។
លោកបូជាចារ្យអ៊ុន សុន ជាអតីតអ្នកទទួលខុសត្រូវតំបន់កំពង់សោមនិងកោះកុងមានប្រសាសន៍ថា លោកសូមអរព្រះគុណព្រះជាម្ចាស់ ដែលបានផ្តល់កម្លាំងកាយកម្លាំងចិត្តដល់គ្រីស្តបរិស័ទ កសាងធនធានមនុស្ស ដោយទទួលបានទាំងជំនឿនិងចំណេះ និងអាចទទួលពិធីលើកតម្កើងព្រះជាម្ចាស់។
លោកបូជាចារ្យបន្ថែមថា នៅទីនេះ សកម្មភាពរបស់ព្រះសហគមន៍ គឺការអប់រំ និងជួយដល់អ្នកក្រីក្រ និងអ្នកជំងឺ។ លោកថា «ទាំងអស់នេះគឺសុទ្ធតែជាកិច្ចការ ជាសក្ខីភាពរបស់ព្រះសហគមន៍ ដែលត្រូវធ្វើកិច្ចការរបស់ព្រះជាម្ចាស់។»
លោកអ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុងដែលបានចូលរួមកម្មវិធីនេះ មានប្រសាសន៍ថា រដ្ឋាភិបាលមិនហាមឃាត់ការគោរពបូជាសាសនាណាមួយទេ។ «អនុវត្តចុះ តែកុំភ្លេចចូលរួមសហការជាមួយសង្គម មានអាជ្ញាធរ មានអង្គការ មានបងប្អូនប្រជាពលរដ្ឋទូទៅដែលគាត់ត្រូវការសេចក្តីសន្តោស សេចក្តីអនុគ្រោះពីយើង។»
លោកអ៊ូច ទូចមានប្រសាសន៍បន្ថែមថា នៅខេត្តកោះកុងនេះ មានប្រជាជនរស់នៅប្រមាណ១៤ម៉ឺននាក់ ដែលក្នុងនោះពុទ្ធបរិស័ទចំនួន៩០% ឥស្លាមបរិស័ទ៧,៨% និងគ្រីស្តបរិស័ទចំនួន៩១០នាក់(0,65%) ដែលក្នុងនោះមានកាតូលិកនិងប្រូតេស្តង់៕
ដោយកែវ កញ្ញា