លោកអគ្គអភិបាល សិលាប្រាយអិន វែលស៍៖ ​សូមចេញទៅ និងបង្កើតក្រុមសាវ័ក

«សូមចេញទៅ និងបង្កើតក្រុមសាវ័ក» នេះ​ជា​ថ្លែងឡើង​​​របស់​លោក​អគ្គអភិបាល សិលា​​​ប្រាយអិន វែលស៍ រំឭក​ពីតួនាទីជាគ្រីស្ត​បរិស័ទ ឱ្យ​ចេញទៅ​ប្រកាស​ដំណឹងល្អ​ដើម្បី​ណែនាំ​មនុស្ស​ឯទៀតៗឱ្យ​ក្លាយ​ជាសាវ័កព្រះគ្រីស្ត។​

លោក​មានលើកឡើង​​ដូច្នេះ​នៅ​ក្នុង​ធម្ម​ទេសនា​​​ទៅកាន់គ្រីស្ត​បរិស័ទ​ ជាច្រើននាក់​នៅព្រះវិហារ​សន្តយ៉ូសែប​ផ្សារតូច កាលពី​​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៣ ​ដែលជា​ថ្ងៃ​​ព្រះសហគមន៍​​សាកល​ប្រារព្ធ​ពិធី​បុណ្យ​ព្រះយេ​ស៊ូ​យាងឡើង​ស្ថានបរមសុខ។​​

នាឱកាសនោះ លោកឯកអគ្គរាជទូត សិលា​​​ប្រាយអិន វែលស៍ មានប្រសាសន៍​ថា​ ៖ «ថ្ងៃ​ដែល​ព្រះស៊ូ​យាង​ឡើ​ង​ស្ថានបរមសុខ ជាពេលវេលាពិសេសបំផុត​ដែល​ព្រះយេស៊ូ និង​សាវ័ក​បានជួបគ្នា​ផ្ទាល់ និង​ព្រះបន្ទូល​ចុ​ង​ក្រោយ​របស់​ព្រះអង្គ​ទៅកាន់​ក្រុម​គ្រីស្តទូត​ ដែល​មាន​តែ​ពីរ​ម៉ាត់គឺ សូម​ចេញទៅ និងបង្កើតក្រុមសាវ័ក»។

​លោកបានបន្តថា ៖ «ហេតុនេះហើយ តើយើងធ្វើដូចម្ដេចដើម្បីបង្រៀនដើម្បីអប់រំគឺត្រូវភ្ជាប់ជាមួយព្រះយេ​ស៊ូដើម្បីធ្វើជាសាវ័ក​របស់​ព្រះយេស៊ូ ដើម្បី​បង្កើត​ទំនាក់​ទំនង​យ៉ាង​ពិតប្រាកដ ដើម្បី​ណែនាំ​បងប្អូន​ឯ​ទៀតៗ​ឲ្យទៅជាសាវ័កតាមរបៀបដែលយើងរស់នៅជាមួយព្រះអង្គ»។ ​

លោក​អគ្គអភិបាល ក៏បាន​​​​បង្ហាញនូវ​​​របៀប​នៃ​​ការបង្កើតសាវ័ក តាមរយៈទំនាក់ទំនងប្រចាំថ្ងៃ ជាពិសេស​ស​ម្រា​ប់អ្នក​ដែល​ជា​ក្រុមសាវ័ក​ដ៏​តូច​តាច​នៅ​កម្ពុជា​ ​ត្រូវ​តែ​ចូល​ដើម្បី​ប្រកាស​ពី​ជីវិត​ជា​សាវ័ក​ដោយមានបីចំ​ណុ​ចដ៏សំខាន់ គឺឱ្យ​យើងមានការគោរព ​មាន​ចិត្ត​ស្មោះ និងមាន​ការទុកចិត្ត។​

លោក​អគ្គអភិបាល សិលា​​​ប្រាយអិន វែលស៍ ណែនាំ​​ថា ៖ «ប្រសិនបើ​យើង​ចង់​ ​អប់រំ​បងប្អូនឯទៀតៗ យើង​ត្រូវ​អប់រំ​ខ្លួនឯង​ដើម្បីឱ្យ​ក្លាយជាសាវ័កដ៏ជិតស្និទ្ធជាមួយព្រះអង្គសិន ដោយ​ត្រូវការ​ចូល​យ៉ាង​ជ្រៅ​​នៅ​ក្នុង​ដួ​ង​ចិត្ត​របស់​យើង តាមរយៈ​ការ​អធិដ្ឋាន ទទួលអគ្គសញ្ញា រៀនព្រះ​គម្ពីរ​ និងមានសកម្មភាព​មេត្តា​ករុណា​យ៉ា​ងសកម្ម»។  

​សម្រាប់​ គ្រីស្តបរិស័ទ​ ត្រូវយកចិត្តទុកដាក់រៀនព្រះគម្ពីរ ស្គាល់​ព្រះបន្ទូល​ព្រះជាម្ចាស់ ដើម្បី​បញ្ជូន​ទៅ​ដល់អ្នក​ឯទៀតៗ ព្រោះ​ព្រះបន្ទូលអាចចិញ្ចឹមជីវិត​ និងអាចចិញ្ចឹម​ជីវិត​វិញ្ញាណ​របស់គេបានផងដែរ។

លោកបន្ថែម​​ថា ៖ «យើងមិនជំរុញ ឬបង្ខំគេឱ្យ​កែ​ប្រែ​ចិត្ត​គំនិត​​ធ្វើ​ជាគ្រីស្តបរិស័ទទេ ប៉ុន្តែ​នៅ​ពេល​យើង​​ជិត​ស្និ​ទ្ធ ​និងពោរពេញដោយសេចក្ដី​ស្រឡាញ់​​មកពី​ព្រះជាម្ចាស់ គឺ​យើង​ចែក​រំលែក​សេចក្ដី​ស្រឡាញ់ និងធម៌មេ​ត្តា​ករុណា​របស់​ព្រះអង្គ​ចំពោះ​បង​ប្អូន​ឯទៀតៗដែរ»។

​លោក​បន្តថា​ ៖ «​ដើម្បីទៅជា​គ្រូ​អប់រំ​ជំនឿ​នៅក្នុង​គ្រួសារផ្ទាល់គឺ​ជា​ព្រះសហគមន៍ដំបូង ដោយត្រូវអប់រំអំពី​ហេតុផល​ដែល​ត្រូវស្រឡាញ់​ព្រះជាម្ចាស់ និងដើម្បី​ក្លាយជាគ្រីសបរិស័ទ​ ជាពិសេស​ឪពុកម្ដាយ​ត្រូវ​ដា​ស់តឿ​ន​យុវជន​ឱ្យចូលព្រះវិហារ និង​ត្រូវតែបន្ត​ចែករំលែក​នូវ​អំណោយ​ទាន​ដែលជាទ្រព្យសម្បត្តិដ៏ពិសេស គឺជំ​នឿ​»​។​​

នាពិធីនោះដែរ អ្នកស្រី ជួន សាវ៉ាន អាយុ ៥៥ ជាគ្រីស្ត​បរិស័ទ​នៅព្រះវិហារ​សន្ត​យ៉ូសែប​ផ្សារតូច បាន​ប្រាប់​ឱ្យ​ដឹងដែរថា វត្តមានរបស់លោកអគ្គរាជទូត បាន​ផ្ដល់​កម្លាំង​កាយ​កម្លាំង​ចិត្ត​ដល់​ខ្ញុំ​ដែល​ជា​គ្រីស្តប​រិស័ទតូចតាច ឱ្យ​កាន់​តែ​យល់​ពី​តួនាទី​គ្រីស្តបរិស័ទ​កាន់​តែ​ច្បាស់​ជាង​មុន​ថែម​ទៀត។​

អ្នកស្រីបញ្ជាក់​ថា ៖ «ដោយសារ​នៅក្នុង​ធម្មទេសនា​របស់​លោក​បាន​បង្ហាញ​ថា ត្រូវតែមានជំនឿខ្លួនឯងឱ្យមាំ​ដើម្បីបង្ហាញទៅកាន់អ្នកដទៃផ្សេងទៀត ហើយខ្ញុំមាន​អំណរ​សប្បាយដែលបានគាត់មកព្រះសហគមន៍យើ​ងជាលើកដំបូង ធ្វើឱ្យខ្ញុំ​មានកម្លាំង និងជំនឿកាន់តែច្បាស់លាស់ថែមទៀត»។

សូមបញ្ជាក់ដែរថា នា​ឱកាសនោះ ​លោក​អគ្គអភិបាល សិលា​​​ប្រាយអិន វែលស៍ ក៏​បាន​លើក​ទឹកចិត្ត​គ្រីស្ត​ប​រិស័ទ​នៅ​កម្ពុជា ឱ្យ​មាន​សេចក្ដីសង្ឃឹមជានិ​ច្ច ដើម្បីចែករំលែកជំនឿ ដើម្បីប្រកាសដំណឹងល្អ និងផ្ដល់​សក្ខីភា​ព​​អំពី​សេចក្ដីស្រឡាញ់ដែលបងប្អូនឯទៀតៗ៕​

ដោយដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email