បិទខួប១៦០ឆ្នាំ គ្រីស្តបរិស័ទត្រូវបើកចិត្តគំនិតថ្មី

នាថ្ងៃទី​១៤ ខែ​ឧសភានេះ លោកអភិបាល​នៃព្រហសហគមន៍​ទាំង​បី​ភូមិភាគ​ក្នុងប្រទេស​កម្ពុជា បាន​ធ្វើ​ជា​អធិបតី ក្នុងពិធីបុណ្យ​បិទខួប​១៦០ឆ្នាំ​នៃ​ការ​បង្កើត​ព្រះសហគមន៍​អ្នកលឿងដែលស្ថិត​នៅ​ក្នុងភូមិ​៦ ឃុំព្រែកខ្សាយ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ដោយ​មាន​គ្រីស្តបរិស័ទ​ចូលរួម​ជា​ច្រើន​កុះករ​។

ក្នុងធម្មទេសនាក្នុងឱកាសនោះ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញមាន​ប្រសាសន៍ថា អស់រយៈកាល​ពេញ​មួយ​ឆ្នាំ​ដែល​គ្រីស្ត​បរិស័ទនៅទីនេះ បាន​ខិតខំ​អធិដ្ឋាន រិះគិត​ពិចារណាអំពីជំនឿ និង​នឹកឃើញ​អំពី​តួនាទីជាគ្រីស្តបរិស័ទ​។

លោក​អភិបាល​បាន​បន្ថែមថា យើង​មិន​ត្រឹមតែ​នឹក​ឃើញ​អំពី​ជីវិត​គ្រីស្តបរិស័ទ​ពីដើម តែ​យើងត្រូវ​នឹក​ឃើញ​អំពី​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​នាពេលបច្ចុប្បន្ន​នេះ ហើយ​ត្រូវ​សម្រេចចិត្ត​បន្ត​ថែរក្សាជំនឿ និង​សេចក្តីសង្ឃឹម ជា​ពិសេស​បន្ត​សម្ដែងធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់។

លោកថា ពិធី​បិទខួប​១៦០ឆ្នាំរបស់​ព្រះសហគមន៍នេះ​​ មិនមែន​បិទគ្រប់យ៉ាង តែ​គឺ«​ត្រូវ​​បើកចិត្ដគំនិតរបស់យើងឆ្ពោះទៅព្រះជាម្ចាស់ ឲ្យយើង​ស្រឡាញ់​ព្រះជាម្ចាស់​ថែមទៀត។»

លោក​បន្ថែមថា បើកចិត្តគំនិត​របស់​យើង​ចំពោះ​បងប្អូន​ឯទតៗជាគ្រីស្តបរិស័ទ​ ឲ្យ​ព្រះសហគមន៍​របស់​យើង​ក្លាយជា​មហាគ្រួសារ​របស់​ព្រះជាម្ចាស់​ពិតមែន។ ឲ្យ​យើង​ចេះ​បង្កើត​ព្រះសហគមន៍​មួយ​ដែល​ចេះ​ស្រឡាញ់​គ្នាទៅវិញ​មក អស់​ពី​កម្លាំងកាយ​កម្លាំង​ចិត្ត និងអស់​ពី​ជំនឿ។

ម្យ៉ាងទៀត​ យើង​បើក​ចិត្ត​គំនិត​របស់យើង​ទំលំទូលាយចំពោះ​សង្គម និង​ចំពោះ​បងប្អូន​ឯទៀតៗ ដែលយើង​មាន​នៅ​ក្នុង​តំបន់​អ្នកលឿងនេះ​ ដើម្បីឲ្យជីវិតនិង​សេចក្តីស្រឡាញ់​​ដែលយើង​បាន​ទទួល​ពីព្រះជាម្ចាស់ បាន​ទៅដល់​បងប្អូន​ឯទៀតៗដែលមិន​ទាន់​ស្គាល់អំណរសប្បាយ​ដ៏ពេញ​លក្ខណៈដែលយើង​បាន​ទទួលពីព្រះយេស៊ូគ្រីស្ត​ជាអម្ចាស់។ លោក​អភិបាល​បញ្ជាក់។

លោកអភិបាល​​បាន​រំលឹក​ថា ធម្មវិន័យដែល​សំខាន់ជាងគេ គឺព្រះជាម្ចាស់ស្រលាញ់យើង ដែល​ណែនាំឲ្យជីវិតរបស់យើងនៅជាប់ជាមួយនឹងព្រះជាម្ចាស់ជានិច្ចដើម្បីបង្កើតផល។

​លោក​អភិបាល​អូលីវីយ៉េ បន្តថា ព្រះសហគមន៍អ្នកលឿងនេះ ជាព្រះសហគមន៍ដែលបានទទួលសក្ខីកម្ម​ពីមរណ​សាក្សី មានលោកបូជាចារ្យ សិលា ឡេ ធឿង ឌុង និង​បងប្រុស​ដាមីយ៉ាំង ដាំង ង៉ុក អាំង ជាគំរូដ៏អស្ចារ្យសម្រាប់យើងជាគ្រីស្តបរិស័ទសព្វថ្ងៃ។

លោក​បូជាចារ្យឌុង កើត​នៅ​ក្នុង​តំបន់​អ្នកលឿងក្នុង​ឆ្នាំ​១៩៤០ ហើយ​បានបួសរៀន​ជា​បូជាចារ្យកាតូលិក និង​បាន​​មកបម្រើការងារ​នៅ​ក្នុង​ព្រះសហគមន៍ក្តុលលើ។ អំឡុងពេលកម្ពុជា​ជួប​វិបត្តិ​សង្គ្រាម​ស៊ីវិលក្នុងប្រទេស ក្នុង​ឆ្នាំ​១៩៧២ លោក​​បានបាត់ដំណឹង ដោយ​គ្រីស្តបរិស័ទ​យល់​ថា លោកត្រូវ​បាន​គេ​សម្លាប់ដូច​លោក​បូជាចារ្យ​ផ្សេងៗទៀត។ រីឯលោក​ដាមីយ៉ាំង​ ដាំង ង៉ុក អាំង កើតនៅ​ភូមិបាណាម​ ក្នុង​ឆ្នាំ​១៩១២។ លោកជា​បព្វ​ជិត​ក្រុមបងប្រុស​គ្រួសារដ៏វិសុទ្ធ។ លោក​បម្រើការងារ​នៅ​កំពង់គោ មាត់ក្រសាស់ តាអំ ចំណោម និង​កំពង់ចាម​ជាដើម។​ គាត់​យកចិត្ត​ទុកដាក់​ចំពោះ​អ្នកដទៃ​ ជា​ពិសេស​យុវជន​និងកុមារ ហើយ​បាន​បកប្រែ​ចម្រៀង​ពី​ឡាតាំង​មក​ខ្មែរ​​ជាច្រើន​ដែរ។

លោកអភិបាល​បាន​បន្ថែមថា សុំឲ្យយើងមើលឃើញគំរូ នៅក្នុងជំនឿរបស់យើងគឺភ្ជាប់ជាមួយនឹងព្រះជាម្ចាស់នៅក្នុងព្រះហឫទ័យរបស់ព្រះអង្គជានិច្ច។  ពួកគាត់​បានស្រឡាញ់និងដាក់ខ្លួនដើម្បីបម្រើ​បងប្អូននៅក្នុងនាមព្រះជាម្ចាស់ ហើយ​ចូល​​យ៉ាងជ្រៅទៅក្នុងជីវិតរបស់បងប្អូននៅក្នុងប្រទេសកម្ពុជា។

លោក​អភិបាល​បន្ត

ថា បងប្រុស​ដាមីយ៉ាំង ទោះបីជាទៅតាំងគោកគាត់បានរស់នៅជាមួយនឹងបងប្អូនខ្មែរដើម្បី បម្រើបងប្អូននៅទីនោះ។ នេះ​ជា​របៀបមួយ​ដែល​ជួយ​​ឲ្យយើងរកឃើញផ្លូវថ្មី ភក្ដីភាព ភាតរភាពរវាងវៀតណាមនិងខ្មែរ ជាគំរូយ៉ាងពិសេសមួយ។

លោក​អភិបាល​បានឲ្យ​គ្រីស្ត​បរិស័ទ​រិះគិត​ រក​វិធី​​ដើម្បីឲ្យយើងក្លាយទៅជាបងប្អូនដ៏ពិតប្រាកដក្នុងអង្គគ្រីស្ត​នៅក្នុងសង្គមដែលយើងរស់នៅបច្ចុប្បន្នដែលកំពុងស្វាគមន៍យើង និង​ដើម្បីរស់នៅនៅក្នុងនាមជាបុរសស្ត្រីដែលព្រះជាម្ចាស់បានបង្កើត ដោយខិតខំសម្រុះសម្រួលរួមជាមួយគ្នានៅក្នុងអំណោយសប្បាយនៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។

លោកអភិបាលរំឭកថា សូម​កុំភ្លេច​បង្កើត​ផល​ផ្លែ ដែល​នោះជា​គ្រាប់​ពូជ​នៃ​អ្នកបួស។

លោក​សង្កត់ធ្ងន់ថា តាមគំរូរបស់អ្នកបួស​និង​គ្រីស្ត​បរិស័ទ​ជំនាន់មុន​ «ឲ្យយើងមានយុវជនប្រុសៗ ដើម្បីលះបង់ខ្លួន ធ្វើតាមគំរូរបស់លោកឪពុកធឿងឌុង ឲ្យយើងមានយុវនារីជាស្ត្រី ឲ្យក្លាយទៅជាបងស្រី ក្នុង​ក្រុម​ឧបការៈគុណឬក៏ស្រឡាញ់ឈើឆ្កាង ឬបងស្រីក្រុមផ្សេងទៀត។»

លោក​សូម​គ្រីស្ត​បរិស័ទលះបង់​ចោល​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​យកចិត្តទុកដាក់​នឹងការត្រាស់ហៅ ដោយឪពុកម្តាយ​និង​យាយតា សូម​​លះបង់​កូនឬចៅ ហើយ​យុវជន​ត្រូវ​ហ៊ាន​ឆ្លើយតប​នឹង​ការត្រាស់ហៅ​របស់​ព្រះជាម្ចាស់ ដោយលះបង់​ខ្លួន​ឯង។ «​យើងបង្កើតផល គឺឲ្យព្រះជាម្ចាស់ប្រទានឲ្យមាន​បងប្រុសបងស្រីបូជាចារ្យដ៏វិសុទ្ធ​ជាច្រើនដើម្បីបម្រើព្រះសហគមន៍របស់យើង»។

ព្រះសហគមន៍​អ្នកលឿង ជា​ព្រះសហគមន៍ចំណាស់​ជាង​គេ​ក្នុង​ភូមិភាគ​កំពង់ចាម ដែល​បាន​បង្កើតឡើងក្នុង​ឆ្នាំ​១៨៦៣។

នៅថ្ងៃបុណ្យនោះដែរ លោកអភិបាល​អូលីវីយ៉េ ទទួល​បាន​ការ​អនុញ្ញាតសិទ្ធិពិសេស​ក្នុងនាមសម្តេចប៉ាបបាន​​ប្រទានពរដែលជាការអនុគ្រោះរបស់ក្រុមគ្រីស្ដទូត​ដល់គ្រីស្តបរិស័ទដែល​បាន​ចូលរួម​ទាំង​អស់ ឬ​ហៅថា ព្រះពរ​ពិសេស​និង​ទទួល​ការ​លើក​លែង​ទោស​ឲ្យ​រួច​ពីបាប។

តាម​លោក​បូជាចារ្យ​ទទួល​ខុស​ត្រូវ​ សេរ៉ាល់ វូសាំង មាន​ប្រសាសន៍​កាលពីថ្ងៃទី​២៨ ខែ​មេសាថា ដើម្បីទទួលបានព្រះពរនេះ ព្រះសហគមន៍​បាន​រៀបចំ​ឲ្យ​មាន​កម្មវិធី​​សម្រាប់​គ្រីស្តបរិស័ទម្នាក់ៗត្រូវអនុវត្តរឿងសំខាន់​ទាំង៥ដូចជា ទី១៖ មុន ឬក្រោយ ពិធីបុណ្យបិទឆ្នាំ ២០ថ្ងៃ គ្រីស្តបរិស័ទត្រូវជួបលោកបូជាចារ្យ ដើម្បីទទួលអគ្គសញ្ញាលើកលែងទោស។ ទី២៖ មុន ឬក្រោយ ពិធីបុណ្យបិទឆ្នាំ ២០ថ្ងៃជៀសវាងប្រព្រឹត្តអំពើបាប។ ទី៣៖ រួមជាមួយសម្តេចប៉ាបអធិដ្ឋានសម្រាប់ពិភពលោកទាំងមូល។ ទី៤៖ ចូលរួមសំណាក់ធម៌៩ថ្ងៃ ដើម្បីរៀបចំខ្លួនមុនពិធីបុណ្យ។ និងទី៥៖ ចូលរួមពិធីអរព្រះគុណបិទខួប១៦០និងទទួលព្រះពរយ៉ាងពិសេសនេះ។

មុន​ពិធី​បុណ្យ​បិទខួប​នេះ ព្រះសហគមន៍អ្នកលឿងបានរៀបចំកម្មវិធីសំណាក់ធម៌រយៈពេល៩ថ្ងៃសម្រាប់គ្រីស្តបរិស័ទក្នុងព្រះសហគមន៍ ចាប់ពីថ្ងៃទី០២ ខែឧសភា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ផងដែរ។

បច្ចុប្បន្នព្រះសហគមន៍អ្នកលឿង ដែលមានព្រះវិហារ​ឈ្មោះថា គ្រួសារ​ដ៏វិសុទ្ធ មានគ្រីស្តបរិស័ទ​ចំនួន​១៣០០នាក់ ភាគច្រើនជាអាជីវករ។ ព្រះសហគមន៍នេះ​ក៏មាន​បង្កើត​មណ្ឌលសិស្សស្នាក់នៅសម្រាប់សិស្ស​ដើម្បីសិក្សានៅ​តាម​សាលា​រដ្ឋ បង្រៀន​អក្ខរកម្មភាសាខ្មែរ​ មានក្រុមអធិដ្ឋាន មានក្រុមចម្រៀង មានក្រុមវ៉ាំងសង់ដឺប៉ូល និងមានក្រុមពិធីបុណ្យជាដើម៕

ដោយ​កែវ កញ្ញា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email