បុគ្គលិកអង្គការការីតាសស្វែងរកសេចក្តីសង្ឃឹមបម្រើបងប្អូន

អង្គការការីតាស​កម្ពុជា​​ រៀបចំ​ជំនួបបុគ្គលិក​ប្រចាំ​ឆ្នាំ​​លើកទី៣១ ក្រោមប្រធានបទ៖ «បូជនីយចរឆ្ពោះទៅសេចក្តីសង្ឃឹម» ក្រោម​ការ​ណែនាំ​របស់លោក​អភិបាល​ទាំងបី​ភូមិភាគ ដែល​ធ្វើ​ឡើង​នាថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែកុម្ភៈកន្លងទៅ​ នៅរមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ ក្នុង​ខេត្តកំពត។

មុនពេលចេញដំណើរឆ្ពោះទៅខេត្តកំពត បុគ្គលិក​ទាំង​១៨០​នាក់​របស់​អង្គការការីតាសកម្ពុជា​​បានជួបជុំគ្នានៅទីសក្ការដ្ឋានព្រះហឫទ័យ​ប្រណីសន្តោសរបស់ព្រះជាម្ចាស់(ព្រះវិហារសន្តសិលានិងសន្តប៉ូល)​ ក្នុង​រាជធានីភ្នំពេញ​ ដែលជាទីសក្ការដ្ឋានក្នុង​ឆ្នាំ​មហាករុណាទិគុណ​​ក្នុងភូមិភាគ​ភ្នំពេញ​ ដើម្បីឆ្លងទ្វារដ៏វិសុទ្ធ ក្រោម​ការ​ណែនាំ​របស់លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។

បន្ទាប់មក ក្រុមបុគ្គលិកការីតាសកម្ពុជា ព្រមទាំងលោកអភិបាលទាំងអស់ធ្វើដំណើរទស្សនកិច្ចភូមិសុខសាន្ត និងមណ្ឌលសិប្បកម្មដូងរបស់​ព្រះសហគមន៍​កាតូលិក​នៅខេត្តតាកែវ ហើយបានបន្តធ្វើដំណើរទៅរមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍។

នៅថ្ងៃបន្ទាប់ លោកគីម រតនា នាយកប្រតិបត្តិអង្គការការីតាសកម្ពុជា​ បានស្វាគមន៍និង​បានឲ្យដឹងថា អង្គការការីតាសបានធ្វើដំណើររួមជាមួយប្រជាជនកម្ពុជា ជាមួយអ្នកក្រីក្ររយៈពេល៣៥ឆ្នាំមក​ហើយ វា​ប្រៀប​ដូច​ជាការធ្វើបូជនីយចររួមជាមួយអ្នកក្រីក្រ​នៅប្រទេសកម្ពុជាដើម្បីស្វែងរកសេចក្តីសង្ឃឹម។

លោកប្រធានរូប​នេះ​បន្តថា យើងមកទីនេះដើម្បី​រិះគិតជាមួយគ្នា​អំពី​សេចក្តីសង្ឃឹម ​ដោយ​មាន​លោកអភិបាលទាំង​បី​ណែនាំយើង ឱ្យ«យើងមាន​កម្លាំងចិត្ត ដើម្បីចែកក្តីស្ឃឹមនេះទៅដល់បងប្អូនឯទៀតៗ និងនាំបងប្អូនឯទៀតៗរកឃើញពន្លឺនៃសេចក្តីសង្ឃឹមថ្មីសម្រាប់ជីវិតរបស់គាត់»។

លោក​រតនា​បន្ថែម​ថា បេសកកម្ម ក្តីសុបិន្ត និងទស្សនវិស័យរបស់អង្គការការីតាសកម្ពុជា​ គឺយើងចង់ឃើញសង្គមមួយដែលមានយុត្តិធម៌ គោរពសិទ្ធិរវាងគ្នានិងគ្នា ស្ដាប់គ្នាទៅវិញទៅមក អភិវឌ្ឍមនុស្សគ្រប់ជ្រុងជ្រោយ ជាពិសេសសិទ្ធិអ្នកក្រីក្រត្រូវបានលើកកម្ពស់ និងយកចិត្តទុកដាក់។

លោកអភិបាល អូលីវីយ៉េ បានទទួលស្វាគមន៍​ក្រុមបុគ្គលិកការីតាសកម្ពុជា និង​ណែនាំ​អំពី​ឆ្នាំ​មហាករុណាទិគុណ។ លោក​មាន​ប្រសាសន៍ថា « យើងជួបជុំគ្នា ចែកយោបល់គ្នាទៅវិញទៅមក និងរិះគិតសារជាថ្មីអំពីជីវិត និងតួនាទីរបស់យើងផ្ទាល់ ដើម្បីយកចិត្តទុកដាក់លើការទទួលខុសត្រូវរបស់យើង អរព្រះគុណព្រះជាម្ចាស់ និងសូមព្រះអង្គប្រទានពរដល់យើងទាំងអស់ ដើម្បីធ្វើដំណើរឆ្ពោះទៅសេចក្តីសង្ឃឹម»។

ក្នុង​កម្មវិធីនោះ បាន​រៀបចំ​តុ​មូល​ដើម្បី​ឲ្យ​គ្រប់​គ្នា​អាច​ចែក​រំលែក​ និងពិភាក្សា​ជាមួយ​គ្នា​ដោយ​មិន​ប្រកាន់​ឋានៈ តាម​ស្មារតី​របស់​សន្និបាតព្រះសហគមន៍​សកល​(Synodal Church)​។ លោកអភិបាលបន្តទៀតថា៖ «​និយាយជាមួយគ្នា ពិភាក្សាជា​មួយគ្នា ស្តាប់គ្នា និងទទួលកម្លាំងពីគ្នា ធ្វើដំណើរជាមួយគ្នាឆ្ពោះទៅសេចក្តីសង្ឃឹម»។

លោក​អភិបាល​បន្ថែម​ថា តួនាទីរបស់អង្គការការីតាសគឺធ្វើយ៉ាងណាឲ្យមានយុត្តិធម៌ក្នុងសង្គម នៅ​កន្លែងធ្វើការ និងគ្រប់​កន្លែង​ដែល​យើង​មាន​វត្តមាន។ ការណ៍នេះ​អាច​​ធ្វើបាន លុះត្រាតែ «បុគ្គលនីមួយៗមានសីលធម៌ក្នុងខ្លួន នោះ​អ្វីៗដែលយើងធ្វើ មានអត្ថន័យនិងតម្លៃ»។

លោក​អភិបាល​អេនរីគេ ហ្វីការេដូ អភិបាល​​ព្រះសហគមន៍​កាតូលិក​​ភូមិភាគ​បាត់ដំបង និងជាប្រធានក្រុមប្រឹក្សានៃអង្គការការីតាសកម្ពុជា​មានប្រសាសន៍ថា តាមជំនឿគ្រីស្តសាសនា យើងមានព្រះអំណោយទានបីដែលណែនាំយើងទៅខាងមុខគឺ ជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់។

លោក​បន្ត​ថា អត្តសញ្ញាណរបស់អង្គការការីតាសគឺសេចក្តីស្រឡាញ់។ យើងត្រូវមានសេចក្តីស្រឡាញ់ និងធម៌មេត្តាករុណា​នៅក្នុងដួងចិត្ត។ លោក​សូម​ឲ្យ​បុគ្គលិកអង្គការការីតាសដែល​មានជំនឿខុសៗគ្នា ​ធ្វើ​ការងារ​ដូចព្រះយេស៊ូ មានចិត្តចូលរួមក្នុងសង្គម ដើម្បីអាច​អនុវត្តតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។

លោក​បន្ថែម​ថា បើយើងមានសេចក្តីសង្ឃឹម យើងគិតដល់អនាគត ដោយសារព្រះជាម្ចាស់បានរៀបចំឲ្យយើង ហើយសេចក្តីសង្ឃឹមជំរុញយើងឲ្យមានសេចក្តីស្រឡាញ់ និងជំនឿ។

លោកអភិបាលអេនរីគេ ស្នើ​សុំ​ឲ្យបុគ្គលិកអង្គការការីតាសទាំងអស់ថា៖ «នៅក្នុងឆ្នាំនេះសូមបងប្អូនថែរក្សាសេចក្តីសង្ឃឹម ឲ្យមានសេចក្តីស្រឡាញ់ដ៏ពិតប្រាកដ ឲ្យមានជំនឿច្បាស់លាស់ ដើម្បីប្រកាសយើងជាបងប្អូនរួមគ្នា (នោះ)ព្រះជាម្ចាស់នឹងប្រទានឲ្យយើងមានជីវិតដ៏ពេញលេញ»។

ក្នុង​ថ្ងៃដដែល​នោះ​ លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម បានណែនាំដល់អង្គប្រជុំទាំងមូលអំពី​«ការកសាងសហគមន៍នៃក្តីសង្ឃឹម» ​និងមានការពិភាក្សាជាក្រុមតូចៗផ្តោតលើការបង្កើតសហគមន៍នៃសេចក្តីសង្ឃឹម។

លោកអភិបាលមានប្រសាសន៍ដល់អង្គប្រជុំថា ពេលណាយើងនិយាយអំពីការកសាងសហគមន៍នៃក្តីសង្ឃឹមនេះ យើងត្រូវ​ការ​​ពេលវេលា ចិត្តអត់ធ្មត់ និងសេចក្តីស្រឡាញ់ខ្លាំង​ចំពោះ​បងប្អូន​ក្នុង​សហគមន៍​។ លោកបន្ត​ថា៖ «ខ្ញុំសូមជូនពរដល់ក្រុមរបស់យើង បង្កើតសហគមន៍មួយដែលពោរពេញដោយសេចក្តីសង្ឃឹម ផ្តល់សេចក្តីសង្ឃឹមឲ្យគ្នាទៅវិញទៅមក»។

នៅថ្ងៃបញ្ចប់បុគ្គលិកនៃអង្គការការីតាសបានចូលរួម​អភិបូជា​ និងបានដាំដើមឈើនៅក្នុង​រមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍មានដូចជា  ធុរេន១៥ដើម ស្វាយចន្ទី៤០ដើម ស្វាយចន្ទី១០ដើម ផាសសិន៤០ដើម ផ្លែមាន១៥ដើម ដើមធ្នង់៧០។ ក្រោយមក លោក​អភិបាល​អេនរីគេ ហ្វីការេដូ ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការការីតាសបានចែកវិញ្ញាបនបត្រថ្លែងអំណរគុណ​ដល់បុគ្គលិក ដែលបានបំពេញការងារចំនួន​៣០ឆ្នាំ ២៥ឆ្នាំ ២០ឆ្នាំ ១៥ឆ្នាំ និង១០ឆ្នាំ​ជាមួយអង្គការការីតាសនាពេលកន្លងមក៕

ដោយ៖ ម៉េង ភីឡុង

 

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email