អ្នកស្រី ភោគ ម៉ានី៖ សូមកុំយកកុមារអូទីស្សឹមធ្វើជាជំនួញ

អ្នកស្រី ភោគ ម៉ានី នាយិកាសាលាអប់រំពិសេសនៃការលូតលាស់ បានលើកឡើងថា «សូមកុំយកកុមារអូទីស្សឹមជាជំនួញ» អ្នកស្រីបានថ្លែងឡើងបែបនេះក្នុងឱកាសប្រារព្ធនូវទិវាអូទីស្សឹមពិភពលោកនាថ្ងៃទី២ ខែមេសា កន្លងទៅ​ ​​ទៅកាន់​ភ្ញៀវកិត្តិយស​ជាតិ​និង​អន្តរជាតិ និង​អ្នក​ចូលរួម​ប្រមាណ​១០០០នាក់ នាបរិវេនព្រះសហគមន៍ព្រះកុមារយេស៊ូបឹងទំពន់នា​រាជធានីភ្នំពេញ ក្រោមប្រធានបទ«លើកកម្ពស់/ អបអរភាពផ្សេងៗគ្នារបស់ជនដែលមានអូទីស្សឹម ដើម្បីជំរុញឲ្យមានបរិយាបន្ន»។

អ្នកស្រីបានលើកឡើងបែបនេះ​ ក្នុងនាមអ្នកស្រីជាស្ថាបនិកសាលាផង និងជាមាតាដែលមានកូន​ជាអូទីស្សឹមមួយរូបផងដែរ។ អ្នកស្រីថា នេះគឺជាបញ្ហា និងជាក្តីបារម្ភរបស់មាតាបិតា អាព្យាបាលដែលមានកុមារអូទីស្សឹមគ្រប់រូប។

ការតម្លើងថ្លៃសាលាហួសហេតុ​ចំពោះ​កុមារអូទីស្សឹម នៅតាមសាលាឯកជនមួយចំនួន ធ្វើ​ឲ្យកុមារ​មិន​ទទួល​បាន​ការសិក្សា ព្រោះ​​មាតាបិតា អាណាព្យាបាល គ្មានលទ្ធភាព។ អ្នកស្រីបានអំពាវនាឱ្យរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ជួយសម្រួលដល់ការចូលរៀនរបស់កុមារអូទីស្សឹម នៅតាម​សាលាឯកជនផ្សេងៗ ដោយបញ្ចុះតម្លៃ។

អ្នកស្រីថា «ពួកយើងមានកូនពិសេស មិនមានន័យថាពិសេសត្រូវយកតម្លៃគុណនឹង២ គុណនឹង៣ដងនៃតម្លៃធម្មតានោះទេ​​ តែសូមឱ្យពាក្យពិសេសនេះ មានន័យថាពេលបញ្ជូនកូនទៅរៀននៅសាលាអន្តរជាតិ​ផ្សេងៗ គួរតែបានបញ្ចុះតម្លៃ កុំគិតថាយើងពិសេសហើយគុណលុយទ្វេដង»​​។

រីឯអ្នកស្រី សុផល សុម៉ាលី មាតាមួយរូប ដែលមានកូនរៀននៅសាលាអប់រំពិសេសនៃការលូតលាស់ បានថ្លែងឡើងពីចំណាប់អារម្មណ៍ថា រូបអ្នកស្រីពិតបានឆ្លងកាត់នូវបញ្ហាជាច្រើន មិនថាការរើសអាង រឺការមិនអើពើ។

កូនរបស់​អ្នកស្រីធ្លាប់ត្រូវបានគេបណ្តេញ មិនឱ្យចូល​លេង​និងចូលក្នុងហាងរបស់គេ។ អ្នក​ស្រី​សុម៉ាលី បាន​ប្រាប់​ថា​ «​ឱ្យតែមានការរើសអើង កុមារអូទីស្សឹមនឹងពិបាកចូលក្នុងសង្គម»។ អ្នកស្រី​បារម្ភ​ថា កូន​របស់​គាត់​នឹង​មិន​អាច​ធ្វើ​បរិយាប័ន្ន​​បាន​ទេ ប្រសិន​បើ​សង្គម​នៅ​តែ​ធ្វើ​បែបនេះ។

អ្នកស្រីបានអំពាវនាឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀត ពីក្រសួងពាក់ព័ន្ធ មិនថា ការឱ្យកូនចូលទៅក្នុងសង្គម ក្នុងវិស័យសុខាភិបាល រឺ សាលារៀននោះទេ។

អាណាព្យាបាល​ម្នាក់ទៀត គឺ​លោក ម៉ាក ចម្រើន បាន​និយាយ​ដែរថា យើងទាំងអស់គ្នាសុទ្ធតែធ្លាប់ឆ្លងកាត់ការលំបាក ដោយសារអាប្បកិរិយារបស់កូនៗ និងការមិនសូវយល់អំពីបញ្ហាអូទីស្សឹម ដូចនេះហើយការជ្រោមជ្រែងសម្រាប់កុមារពិតជាសំខាន់។

លោកបន្ត​ថា រាជរដ្ឋាភិបាល​មានភារកិច្ចដោះស្រាយ​លើគោលនយោបាយទាំង​​លើសេវាកម្មផ្សេងៗ ទាំង​ការអប់រំ​ទៅដល់កុមារអូទីស្សឹម  ហើយ​​សហគមន៍និង​អង្គការក្រៅរដ្ឋភិបាលក៏​ត្រូវ​ជួយ​​គាំទ្រ មិនតែប៉ុណ្ណោះ គឺគ្រួសាររប់ស​កុមារ​ខ្លួនឯង គឺត្រូវសិក្សាឈ្វេងយល់ឱ្យបានច្រើន​ពីតម្រូវការកុមារ និងវិធីសាស្រ្តមួយចំនួន​ដើម្បីជួយគាំទ្រដល់កូន។

លោកចម្រើន​បានថ្លែងអំណរគុណ និងសសើរដល់ការខិតខំប្រឹងប្រែងដោយ សេចក្តីស្រឡាញា់របស់លោកគ្រូអ្នកគ្រូ និងថ្លែងអំណរគុណដល់ព្រះសហគមន៍ ដែលបានផ្តល់ទីតាំង​សម្រាប់សាលា។

សាលា​អប់រំ​ពិសេស​សម្រាប់ការ​លូតលាស់​ បច្ចុប្បន្ន​មានទីតាំ​ង​នៅ​លើ​ផ្ទះ​ជួល​ចំនួន​២​ល្វែង​ដែល​នៅ​ជាប់​នឹង​ព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹងទំពន់​ក្នុង​រាជ​ធានីភ្នំពេញ​ ដែល​គាំទ្រដោយ​ព្រះសហគមន៍កាតូលិក ហើយ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៧។ បច្ចុប្បន្ននេះ មានសិស្ស​សរុប​ ៣៥០នាក់ និងបុគ្គលិក ១១៦នាក់។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំនេះ សាលា​បាន​​ធ្វើបរិយាបន្នសិស្ស ទៅសិក្សានៅសាលាខាងក្រៅ ប្រមាណជា ៥៩នាក់ ដែលនេះជាការខិតខំប្រែងប្រែងមួយដើម្បីអាចឱ្យកុមារចូលរួមនៅក្នុងសង្គមបាន។

ក្នុងឆ្នាំ២០២៤ ព្រះសហគមន៍​កាតូលិក​មាន​គម្រោង​ក​សាងអគាសិក្សាថ្មី ដែលមានកំពស់១០ជាន់ សម្រាប់​អប់រំ​ដល់​កុមារ​ដែល​ចូលដល់​វ័យ​ជំទង់។ អ្នកស្រីនាយិការសាលា​ឲ្យដឹងថា « ការកសាងអគារទំនើបនេះ មិនគ្រាន់តែបំពេញតម្រូវការផ្នែកអប់រំប៉ុណ្ណោះទេ តែជាកន្លែងដើម្បីឱ្យកុមារអាចរីកលូតលាស់ ទាំងជំនាញ និងបំណិនជីវិត និងអាចរស់នៅដោយខ្លួនឯង។»

ក្នុងពេល​បច្ចុប្បន្ននេះ ព្រះសហគមន៍​កាតូលិក​និង​សាលា​ផ្ទាល់​កំពុង​គៀងគរ​ការ​បរិច្ចាគ​ពីសប្បុរសជន​ដើម្បី​ឲ្យគម្រោងនេះ​អាច​ដំណើរ​ការទៅបាន។​

នៅ​ក្នុង​ទិវា​យល់​ដឹងអំពី​អូទីស្សឹម​នេះ សាលា​អប់រំពិសេស​សម្រាប់​ការ​លូតលាស់ បាន​ផ្តល់​បណ្ណ​សរសើរ​ដល់កុមារអូទីស្សឹមឆ្នើមៗជាច្រើន​នាក់ ហើយ​ក្នុងនោះ​ក៏មាន​ការ​អប់រំផ្លូវចិត្តពីព្រះភិក្ខុ វជិវប្បញ្ញោបណ្ឌិត គូ សុភាព  និងពិធីបង្ហោះប៉េងប៉ោងដើម្បីអបអរសាទរទិវាយល់ដឹងពីអូទីស្សឹមផងដែរ។

គួររំលឹកផងដែរថា អង្គការសហប្រជាជាតិ កំណត់យកថ្ងៃទី២ ខែមេសា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាយល់ដឹងពីអូទីស្សឹមពិភពលោក តាំងពីឆ្នាំ២០០៨ ហើយប្រទេសកម្ពុជា បានប្រារព្ធវាជាលើកដំបូងចាប់ពីឆ្នាំ២០១៤៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

មោទនភាព! វិទ្យាល័យសន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ បន្តរក្សាស្ថិតិសិស្សប្រឡងជាប់ឌីប្លូម ១០០% ទាំង ១៦ជំនាន់

តាកែវ៖ សិស្សានុសិស្សថ្នាក់ទី៩ នៃវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ដែលមានទីតាំងស្ថិតនៅភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ បានបង្កើតមោទនភាពសារជាថ្មី ដោយបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នាសម័យប្រឡងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្នុងកម្រិតរហូតដល់ ១០០ភាគរយ។ បើតាមការបញ្ជាក់របស់លោក ប៊ិច វិបុល នាយកវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ បានឱ្យដឹងថា នៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ សាលាមានបេក្ខជនចូលរួមការប្រឡងឌីប្លូមចំនួន

ព្រះសហគមន៍កាតូលិកអបអរសាទរពិធីឆ្លង និងប្រទានពរព្រះវិហារថ្មី «សន្តីម៉ារីម៉ាដាឡា» នៅស្វាយប៉ាក

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកស្វាយប៉ាក (គីឡូលេខ១១ រាជធានីភ្នំពេញ) បានប្រារព្ធពិធីបុណ្យ និងប្រទានពរព្រះវិហារថ្មីរបស់ខ្លួនយ៉ាងអធិកអធម ដែលមានឈ្មោះថា «ព្រះវិហារសន្តីម៉ារីម៉ាដាឡា» ក្រោមអធិបតីភាពរបស់លោកអភិបាល អូលីវីយ៉េជ្មីតហស្លេ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអភិបាល សិលាសួន ហង្សលី និងលោកបូជាចារ្យជាច្រើនអង្គ។ ព្រឹត្តិការណ៍នេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយនៃជីវិត និងការរីកចម្រើនរបស់ព្រះសហគមន៍កាតូលិកនៅក្នុងតំបន់នេះ។ នៅក្នុងពិធីនេះ លោកអភិបាល អូលីវីយ៉េ បានរំលឹកអំពីប្រវត្តិ និងការធ្វើដំណើររបស់ព្រះសហគមន៍ ដោយភ្ជាប់ជាមួយនឹងបទពិសោធន៍ផ្ទាល់របស់លោក។

អភិបាល​ព្រះសហគមន៍​កាតូលិក​បំផុសសារ «សន្តិភាពនិងភាតរភាព»

ខេត្តតាកែវ៖ ការពង្រឹងសន្តិភាព សុខដុមរមនា និងសាមគ្គីភាពរវាងសាសនានិង​សាសនា ត្រូវបានលើកយកមកបង្ហាញយ៉ាងច្បាស់ពីសំណាក់​មេដឹកនាំ​សាសនា​ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គមេត្រី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ស្ថិតនៅក្នុងភូមិពងទឹកខាងត្បូង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ឯកឧត្ដម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់មន្ត្រីសង្ឃ ព្រះសង្ឃ មន្ត្រីរាជការ អាជ្ញាធរ និស្សិត សិស្សានុសិស្ស

Subscribe to our newsletter

Don't miss new updates on your email