ព្រះសហគមន៍កាតូលិកកម្ពុជាទទួលបានអភិបាលខ្មែរទីពីរ បន្ទាប់ពី ៥០ ឆ្នាំ

ភ្នំពេញ៖ ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥ — ព្រះសហគមន៍កាតូលិកនៅកម្ពុជាកំពុងទទួលដំណឹងដ៏រីករាយ និងជាប្រវត្តិសាស្ត្រមួយទៀត គឺសម្តេចប៉ាប លេអូ ទី ១៤ បានតែងតាំង លោកអភិបាល សិលា សួន ហង្សលី ជាអភិបាលឧបត្ថម្ភកៈព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះកើតឡើង ៥០ ឆ្នាំ បន្ទាប់ពីការតែងតាំងអភិបាលខ្មែរដំបូងបង្អស់ គឺ លោកអភិបាល យ៉ូសែប ឆ្មារ សាឡាស់ កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ១៩៧៥។

កេរដំណែលអភិបាលខ្មែរដំបូង និងការរស់ឡើងវិញរបស់ព្រះសហគមន៍

នៅខែមេសា ឆ្នាំ ១៩៧៥ លោកអភិបាល យ៉ូសែប ឆ្មារ សាឡាស់ ត្រូវបានតែងតាំងជាអភិបាលខ្មែរដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រដ៏យូរលង់របស់ព្រះសហគមន៍កាតូលិកនៅកម្ពុជា។ ទោះជាយ៉ាងណា ការតែងតាំងនេះស្របពេលដែលប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងរបបខ្មែរក្រហមដ៏ខ្មៅងងឹតបំផុត។ លោកអភិបាល យ៉ូសែប ឆ្មារ សាឡាស់ ក៏បានក្លាយជាជនរងគ្រោះម្នាក់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ លោកបានទទួលមរណភាពនៅឆ្នាំ ១៩៧៧។

បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ និងសង្គ្រាមស៊ីវិលបានធូរស្បើយ ព្រះសហគមន៍កាតូលិកបានរស់ឡើងវិញជាបណ្តើរៗ។ នៅឆ្នាំ ១៩៩២ សន្តអសនៈ បានតែងតាំងលោកអភិបាល អ៊ីវ រ៉ាមូស ជាអភិបាលភូមិភាគភ្នំពេញឡើងវិញ។ បន្ទាប់មក លោកអភិបាល អេមីល ដេតម្ប បានបន្តវេនពីឆ្នាំ ២០០១។ ចំណែកលោកអភិបាលបច្ចុប្បន្ន អូលីវីយ៉េ ជ្មីតហស្លេ ត្រូវបានតែងតាំងជាអភិបាលឧបត្ថម្ភកៈនៅឆ្នាំ ២០០៩ និងបានទទួលមុខពេញលក្ខណៈជាអភិបាលនៅឆ្នាំ ២០១០។

ការតែងតាំងលោកអភិបាល សិលា សួន ហង្សលី: សញ្ញានៃភាពចាស់ទុំ

តាមលិខិតរបស់លោកអភិបាលអូលីវីយ៉េ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥ បានបញ្ជាក់ថា ការតែងតាំងលោកអភិបាល សិលា សួន ហង្សលី នាពេលនេះ គឺជាអំណោយដ៏អស្ចារ្យសម្រាប់ព្រះសហគមន៍កាតូលិកនៅកម្ពុជា។ ព្រះសហគមន៍ភូមិភាគភ្នំពេញ គ្រប់ដណ្តប់រាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពត កែប ព្រះសីហនុ កោះកុង និងខេត្តកំពង់ស្ពឺ។

លោកអភិបាល លី បានប្រសូតនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ១៩៧២ នៅភូមិពោធំ ខេត្តកណ្តាល ដែលជាភូមិកំណើតរបស់លោកអភិបាល យ៉ូសែប ឆ្មារ សាឡាស់ ផងដែរ។ លោកបានទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យនៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០០១។ ពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៧ លោកបានបម្រើព្រះសហគមន៍នៅតំបន់កំពត និងតាកែវ។ បន្ទាប់មក លោកឪពុក លី បានទៅសិក្សានៅវិទ្យាស្ថានកាតូលិកនាទីក្រុងប៉ារីស រហូតដល់ឆ្នាំ ២០១៥។ ក្រោយត្រឡប់មកភ្នំពេញវិញ លោកជាបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មព្រះសហគមន៍កាតូលិកភ្នំពេញថ្មី ដែលជាមណ្ឌលសកម្មភាពព្រះសហគមន៍ទើបបង្កើតថ្មី។ លោកអភិបាលអូលីវីយ៉េ ក៏បានតែងតាំងលោកជាតំណាងពេញសិទ្ធិរបស់លោកអភិបាលភូមិភាគភ្នំពេញផងដែរ។ នៅខែកក្កដា ឆ្នាំ ២០២២ លោកត្រូវបានតែងតាំងជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម។

លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ ដែលជាអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញអស់រយៈពេលជាច្រើនឆ្នាំ បានសម្តែងក្តីរីករាយ និងអរព្រះគុណព្រះអម្ចាស់ចំពោះវត្តមានរបស់លោកអភិបាល លី ជាអភិបាលឧបត្ថម្ភកៈរបស់លោក។ លោកអភិបាលអូលីវីយ៉េបន្តថា លោកអភិបាល លី ដែលស្គាល់ភូមិភាគភ្នំពេញច្បាស់ជាមួយនឹងភាពចម្រុះ ភាពស្វាហាប់ និងបញ្ហាប្រឈម នឹងបន្តបេសកកម្មរួមគ្នាជាមួយលោក ដើម្បីកសាងព្រះសហគមន៍នៅក្នុងភូមិភាគភ្នំពេញ ជាមួយអស់លោកបូជាចារ្យ និស្សិតទេវវិទ្យា ក្រុមបព្វជិត បព្វជិតា ការិយាល័យក្នុងភូមិភាគទាំងអស់ ព្រះសហគមន៍នីមួយៗ អង្គការកាតូលិកនានា និងក្រុមសាសនទូតនានាជាគ្រហស្ត។

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email