សាលាកាតូលិកចំនួន២ ផ្សព្វផ្សាយកម្មវិធីសិក្សា និងអាហារូបករណ៍ក្នុងស្រុកត្រាំកក់

នៅព្រឹកថ្ងៃទី ២៣ ខែកក្កដានេះ វិទ្យាស្ថានសន្តប៉ូល ដឹកនាំដោយ បណ្ឌិត ផុន សុផល នាយកវិទ្យាស្ថាន រួមជាមួយ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ដឹកនាំដោយ លោក យុន សំអាត នាយកវិទ្យាល័យ បានរៀបចំវេទិកាផ្សព្វផ្សាយកម្មវិធីសិក្សា និងអាហារូបករណ៍សម្រាប់ឆ្នាំសិក្សាថ្មី។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ បានប្រារព្ធឡើងនៅក្នុងសាលប្រជុំវិទ្យាស្ថានសន្តប៉ូល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ ខេត្តតាកែវ។   គោលបំណងចម្បងនៃវេទិកានេះ គឺដើម្បីផ្សព្វផ្សាយព័ត៌មានលម្អិតអំពីកម្មវិធីសិក្សាដ៏សម្បូរបែប និងឱកាសអាហារូបករណ៍ជាច្រើន ដែលផ្តល់ជូនដោយស្ថាប័នអប់រំទាំងពីរ ដល់សិស្សានុសិស្សនៅក្នុងមូលដ្ឋានស្រុកត្រាំកក់។ អង្គពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំស្រុកត្រាំកក់ លោកគ្រូអ្នកគ្រូនាយកសាលាវិទ្យាល័យទាំង ៧ លោកមេឃុំ និងក្រុមប្រឹក្សាឃុំទាំង ១៥ ក្នុងស្រុកត្រាំកក់។   ក្នុងឱកាសនោះ បណ្ឌិត ផុន សុផល និងលោក យុន សំអាត បានធ្វើបទបង្ហាញអំពីជំនាញសិក្សាដែលឆ្លើយតបនឹងតម្រូវការទីផ្សារបច្ចុប្បន្ន ក៏ដូចជាគុណភាពអប់រំដែលផ្តោតលើការអនុវត្តជាក់ស្តែង ដើម្បីត្រៀមខ្លួនសិស្សនិស្សិតឱ្យក្លាយជាធនធានមនុស្សប្រកបដោយសក្ដានុពល។ លើសពីនេះ បណ្ឌិត ផុន សុផល ក្នុងនាមលោកអភិបាល អូលីវីយ៉េ ជាស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានសន្តប៉ូល ក៏បានប្រកាសផ្តល់ អាហារូបករណ៍ ១០០% ដល់សិស្សានុសិស្សដែលប្រឡងជាប់ថ្នាក់ទី ១២ ចំនួន ៥ នាក់ មកពីឃុំទាំង ១៥ និងពីវិទ្យាល័យទាំង ៧ នៅក្នុងស្រុកត្រាំកក់។   លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថានសន្តប៉ូល និងវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សក្នុងមូលដ្ឋាន។ លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងស្រុកត្រាំកក់ទាំងមូល។   វិទ្យាស្ថានសន្តប៉ូល ជាគ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សាតែមួយគត់របស់ព្រះសហគមន៍កាតូលិកនៅកម្ពុជា ដែលបើកទ្វារស្វាគមន៍និស្សិតគ្រប់មជ្ឈដ្ឋាន។ វិទ្យាស្ថាននេះផ្តល់ការអប់រំពីរកម្រិត៖   ថ្នាក់បរិញ្ញាបត្រ (៤ ឆ្នាំ)៖ ព័ត៌មានវិទ្យា, អក្សរសាស្ត្រអង់គ្លេស, គ្រប់គ្រងទេសចរណ៍, ក្សេត្រសាស្ត្រ, និងសង្គមកិច្ច។   ថ្នាក់បរិញ្ញាបត្ររង (២ ឆ្នាំ)៖ អភិវឌ្ឍកម្មវិធីកុំព្យូទ័រ, គ្រប់គ្រងបណ្តាញ និងប្រព័ន្ធកុំព្យូទ័រ, ភាសាអង់គ្លេស, សណ្ឋាគារ និងបដិសណ្ឋារកិច្ច, ផលិតកម្មដំណាំឈើហូបផ្លែ និងបន្លែ, កែច្នៃចំណីអាហារ, ប្រព័ន្ធកសិកម្មចម្រុះ, និងវេជ្ជសាស្ត្រសត្វ។   ចំណែកឯ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ មានបង្រៀនចំណេះទូទៅ ជំនាញក្សេត្រសាស្ត្រ និងសណ្ឋាគារ-បដិសណ្ឋារកិច្ចដែលទទួលសិស្សពីថ្នាក់ទី១០ឡើងទៅ។   ព្រឹត្តិការណ៍នេះត្រូវបានបញ្ចប់ដោយបរិយាកាសរីករាយ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកចូលរួមទាំងអស់ ដែលបានបង្ហាញពីក្តីសង្ឃឹមយ៉ាងមុតមាំចំពោះការរីកចម្រើននៃវិស័យអប់រំនៅស្រុកត្រាំកក់ តាមរយៈកិច្ចសហការល្អរវាងស្ថាប័នអប់រំ និងអាជ្ញាធរមូលដ្ឋាន៕ ដោយលី សុវណ្ណា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email