លោកអភិបាល អូលីវីយ៉េ អារាធនាយាង សម្តេចព្រះមហាសង្ឃរាជ បូរ គ្រី ចូលរួមពិធីតែងតាំងអភិបាលឧបត្ថម្ភកៈព្រះសហគមន៍ភូមិភាគភ្នំពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ នេះ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានចូលថ្វាយបង្គំគាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រាជធានីភ្នំពេញ។ គោលបំណងនៃការចូលគាល់នេះ គឺដើម្បីអារាធនាយាងសម្តេចចូលរួមជា អធិបតីកិត្តិយស ក្នុងពិធីបុណ្យអគ្គសញ្ញាតែងតាំងលោកអភិបាល សិលា សួន ហង្សលី ជាអភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ នៅក្នុងឱកាសនោះ លោកអភិបាល អូលីវីយ៉េ បានទូលថ្វាយសម្តេចថា ថ្មីៗនេះ សម្តេចប៉ាប ឡេអូ ១៤ (Leo XIV) បានជ្រើសតាំងកូនខ្មែរមួយរូបជាអភិបាលឧបត្ថម្ភកៈ ដែលនឹងអាចបន្តភារកិច្ចជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ នៅពេលលោកចូលនិវត្តន៍។ លោកអភិបាលអូលីវីយ៉េក៏បានរំលឹកពីប្រវត្តិសាស្ត្រសំខាន់ថា ព្រឹត្តិការណ៍នេះកើតឡើង ៥០ ឆ្នាំបន្ទាប់ពីសម្តេចប៉ាបបានតែងតាំង លោកយ៉ូសែប ឆ្មារ សាឡាស់ ជាអភិបាលឧបត្ថម្ភកៈព្រះសហគមន៍ភូមិភាគភ្នំពេញ តែប៉ុន្មានថ្ងៃមុនរបបខ្មែរក្រហមកាន់កាប់រាជធានីភ្នំពេញ និងប្រទេសកម្ពុជាទាំងមូល។ គួរឲ្យសោកស្តាយ លោកអភិបាលយ៉ូសែប ឆ្មារ សាឡាស់ ត្រូវបានជម្លៀសទៅដល់ស្រុកតាំងគោក ហើយត្រូវបង្ខំឱ្យធ្វើការធ្ងន់ រហូតទទួលមរណភាពក្នុងឆ្នាំ១៩៧៧។ ជាមួយគ្នានេះ លោកអភិបាល អូលីវីយ៉េ ក៏បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងព្រះពុទ្ធសាសនា និងព្រះសហគមន៍កាតូលិក ដែលបានរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា។ ជាក់ស្តែងកាលពីខែឧសភា ឆ្នាំ២០២៥ កន្លងទៅ បានប្រារព្ធកិច្ចសន្ទនាអន្តរសាសនាអន្តរជាតិ លើកទី៨ រវាងព្រះពុទ្ធសាសនា និងគ្រីស្តសាសនា។ លោកក៏បានទូលថ្វាយសម្តេចព្រះមហាសង្ឃរាជ អំពីការអធិដ្ឋាន រួមគ្នា សម្រាប់វិញ្ញាណក្ខន្ធ វីរៈកងទ័ពកម្ពុជាដែលពលី និងសុំសន្តិភាពនៅតាមព្រំដែនកម្ពុជា-ថៃ ផងដែរ។ ពិធីបុណ្យអគ្គសញ្ញាតែងតាំងលោកអភិបាល សិលា សួន ហង្សលី នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលសកម្មភាពព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ(ភ្នំពេញថ្មី)។ ការយាង សម្តេច ព្រះមហាសង្ឃរាជចូលរួមជាអធិបតីកិត្តិយស បង្ហាញពីការទទួលស្គាល់តួនាទីដ៏សំខាន់របស់ព្រះពុទ្ធសាសនាដែលជាសាសនារដ្ឋ ក៏ដូចជាការលើកកម្ពស់សាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជនកម្ពុជាគ្រប់ជំនឿសាសនា។ ជាការឆ្លើយតប សម្តេចព្រះមហាសង្ឃរាជ បូរ គ្រី បានបង្ហាញព្រះទ័យទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរំលឹកដល់សកម្មភាពល្អៗជាច្រើនដែលព្រះអង្គធ្លាប់មានជាមួយបព្វជិតនៃព្រះសហគមន៍កាតូលិក។ ព្រះអង្គក៏បានអញ្ជើញលោកអភិបាល អូលីវីយ៉េ ឱ្យទស្សនកិច្ចនូវសមិទ្ធផលនានាក្នុងពុទ្ធិកសាកលវិទ្យាល័យ ដូចជាប៉ុស្តិ៍សុខភាព និងការដ្ឋានសាងសង់អន្តេវាសិកដ្ឋាន ដោយព្រះអង្គផ្ទាល់ជាអ្នកនាំផ្លូវ។ ការចូលគាល់របស់លោកអភិបាល អូលីវីយ៉េ នៅពេលនេះ គឺជាសក្ខីភាពមួយដែលបង្ហាញពីការបន្តនូវទំនាក់ទំនងដ៏ល្អ និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីរួមចំណែករក្សាសុខសន្តិភាព និងសុខដុមរមនីយកម្មសាសនានៅកម្ពុជា៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email