មោទនភាព! វិទ្យាល័យសន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ បន្តរក្សាស្ថិតិសិស្សប្រឡងជាប់ឌីប្លូម ១០០% ទាំង ១៦ជំនាន់

តាកែវ៖ សិស្សានុសិស្សថ្នាក់ទី៩ នៃវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ដែលមានទីតាំងស្ថិតនៅភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ បានបង្កើតមោទនភាពសារជាថ្មី ដោយបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នាសម័យប្រឡងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្នុងកម្រិតរហូតដល់ ១០០ភាគរយ។ បើតាមការបញ្ជាក់របស់លោក ប៊ិច វិបុល នាយកវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ បានឱ្យដឹងថា នៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ សាលាមានបេក្ខជនចូលរួមការប្រឡងឌីប្លូមចំនួន ៤៣នាក់ (ស្រី ២៦នាក់) ដោយទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ ក្នុងនោះរួមមាន៖ និទ្ទេស ល្អ ៖ ចំនួន ១៥នាក់ (ស្រី ១២នាក់) ស្មើនឹង ៣៤.៨៨% និទ្ទេស ល្អបង្គួរ ៖ ចំនួន ២១នាក់ (ស្រី ១០នាក់) ស្មើនឹង ៤៨.៨៤% និទ្ទេស មធ្យម ៖ ចំនួន ៧នាក់ (ស្រី ៤នាក់) ស្មើនឹង ១៦.២៨% គួររំលឹកផងដែរថា គិតមកទល់ពេលនេះ វិទ្យាល័យសន្តហ្វ្រង់ស្វ័រមានសិស្សថ្នាក់ទី៩ ចំនួន ១៦ជំនាន់ហើយ ដែលបានចូលរួមការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ហើយសាលានៅតែបន្តរក្សាបាននូវប្រវត្តិសាស្ត្រដ៏អស្ចារ្យ គឺសិស្សប្រឡងជាប់ ១០០% ទាំង ១៦ជំនាន់។ លោកនាយកសាលាបានបង្ហើបឱ្យដឹងពី យុទ្ធសាស្ត្រគន្លឹះចំនួន ៦ ដែលជំរុញឱ្យសិស្សទទួលបានជោគជ័យជារៀងរាល់ឆ្នាំ រួមមាន៖ 1. ការបណ្តុះស្មារតី៖ ជំរុញឱ្យសិស្សយល់ច្បាស់ពីតម្លៃនៃចំណេះដឹង និងលើកទឹកចិត្តឱ្យខិតខំរៀនសូត្រ។ 2. ពង្រឹងការបង្រៀន និងរៀនក្នុងថ្នាក់៖ ធានាឱ្យគ្រូបង្រៀនចប់កម្មវិធីសិក្សា ប្រកបដោយមនសិការខ្ពស់ ប្រើប្រាស់គោលវិធីសិស្សមជ្ឈមណ្ឌល (សិស្សអនុវត្តផ្ទាល់ដោយមានគ្រូណែនាំ) និងបើកថ្នាក់បំប៉នបន្ថែមលើមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យា សម្រាប់សិស្សរៀនយឺត។ 3. អនុវត្តវិញ្ញាសាចាស់ៗ៖ ដាក់វិញ្ញាសាប្រឡងឌីប្លូមឆ្នាំមុនៗឱ្យសិស្សដោះស្រាយ ដើម្បីឱ្យពួកគេស៊ាំនឹងទម្រង់វិញ្ញាសា និងចេះគ្រប់គ្រងពេលវេលា។ 4. រៀបចំការប្រឡងសាកល្បង៖ រៀបចំការប្រឡងក្នុងសាលាដែលមានស្តង់ដារ និងការត្រួតពិនិត្យតឹងរ៉ឹងដូចការប្រឡងពិត ដើម្បីវាស់ស្ទង់សមត្ថភាព និងកែលម្អចំណុចខ្វះខាតរបស់សិស្ស។ 5. យន្តការ “សិស្សជួយសិស្ស”៖ បង្កើតក្រុមស្វ័យសិក្សា ដោយតម្រូវឱ្យសិស្សពូកែជួយពន្យល់ និងដោះស្រាយលំហាត់ជូនសិស្សខ្សោយ ក្រោមការតាមដានពីគ្រូប្រចាំមុខវិជ្ជា។ 6. សហការជិតស្និទ្ធជាមួយអាណាព្យាបាល៖ រាយការណ៍ពីវត្តមាន និងលទ្ធផលសិក្សារបស់សិស្សទៅមាតាបិតាជាប្រចាំតាមរយៈប្រព័ន្ធ Telegram ឬកិច្ចប្រជុំ ដើម្បីរួមគ្នាជំរុញការសិក្សារបស់សិស្សនៅផ្ទះ។ ពាក់ព័ន្ធនឹងទិសដៅទៅថ្ងៃអនាគត លោក ប៊ិច វិបុល បានគូសបញ្ជាក់ថា សាលាមានផែនការអភិវឌ្ឍសមត្ថភាពសិស្សឱ្យកាន់តែឈានឡើងបន្ថែមទៀត តាមរយៈ៖ – ការអប់រំឌីជីថល៖ បង្កើតប្រព័ន្ធ E-learning ចែករំលែកសៀវភៅអេឡិចត្រូនិច និងវីដេអូបង្រៀនសម្រាប់សិស្សស្វ័យសិក្សា។ – កែលម្អបរិយាកាសសិក្សា៖ អភិវឌ្ឍបណ្ណាល័យទៅជា “បណ្ណាល័យជំនាន់ថ្មី” ដែលមានកុំព្យូទ័រស្រាវជ្រាវ និងបង្កើត “ជ្រុងស្វ័យសិក្សា” (Study Corners) នៅក្នុងបរិវេណសាលា។ – បណ្ដុះបណ្ដាលសមត្ថភាពគ្រូ៖ បញ្ជូនគ្រូទៅវគ្គបំប៉នវិធីសាស្ត្របង្រៀនបែបទំនើប (STEM, Active Learning)។ – តម្រង់ទិសវិជ្ជាជីវៈ និងជំនាញទន់៖ រៀបចំសិក្ខាសាលាជ្រើសរើសមុខជំនាញ និងបញ្ចូលការអប់រំជំនាញទន់ (ភាពជាដឹកនាំ ការងារក្រុម) តាមរយៈក្លឹបសិក្សា។ សូមបញ្ជាក់ដែរថា វិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ គឺជាសាលាកាតូលិកមួយស្ថិតក្នុងមណ្ឌលសកម្មភាពតាកែវ នាភូមិភាគភ្នំពេញ ដែលបាននិងកំពុងផ្តល់ឱកាសឱ្យកូនចៅប្រជាកសិករក្រីក្រ ទទួលបានការអប់រំប្រកបដោយគុណភាពចាប់ពីកម្រិតមតេយ្យសិក្សា រហូតដល់ថ្នាក់ទី១២។ សាលាតែងតែអនុវត្តតាមការណែនាំរបស់ក្រសួងអប់រំយ៉ាងម៉ឺងម៉ាត់ ដោយឈរលើគោលការណ៍ «អ្នកចេះគឺជាប់» ព្រមទាំងយកចិត្តទុកដាក់បណ្តុះបណ្តាលសិស្សានុសិស្សឱ្យរស់នៅក្នុងក្រមសីលធម៌ សុជីវធម៌ និងក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម៕ អត្ថបទដោយ៖ ឆាក លាំង

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email