តំណាងសាសនាធំៗនៅក្នុងខេត្តព្រះសីហនុចូលរួមសួរសុខទុក្ខបងប្អូនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែខេត្តព្រះសីហនុ

ព្រះសហគមន៍កាតូលិកនៅខេត្តព្រះសីហនុ ដែលមានលោកបូជាចារ្យអ៊ុន សុន ជាអ្នកទទួលខុសត្រូវ បានរៀបចំដំណើរ​សួរសុខទុក្ខបងប្អូនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែខេត្តព្រះសីហនុ នាព្រឹកថ្ងៃទៅ១៨ ខែមករា ឆ្នាំ២០១៨នេះ ដោយមានតំណាងសាសនាធំៗនៅក្នុងខេត្តព្រះសីហនុចូលរួមមានដូចជា ព្រះពុទ្ធសាសនាថេរវាទ ព្រះសហគមន៍​កាតូលិក ក្រុមជំនុំ ព្រះពុទ្ធសាសនាមហាយាន និងឥស្លាមសាសនា។

​ ពិធីនេះបានប្រព្រឹត្តក្រោមអធិបតីភាពរបស់លោក អូលីវីយេ ជ្មីតអីស្ល៊ែរអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ព្រះធម្មធម៌ចាន់ សុវណ្ណ មេគណខេត្តព្រះសីហនុ លោកឧត្តមអគារនុរក្សថ្នាក់លេខពីរ សំ សុផល ប្រធានមណ្ឌលអប់រំកែប្រែខេត្តព្រះសីហនុ។

​ ជាកិច្ចចាប់ផ្តើមកម្មវិធីលោក សំ សុផល ប្រធានមណ្ឌលអប់រំកែប្រែ ខេត្តបានមានមតិស្វាគមន៍គណៈប្រតិភូទាំងអស់យ៉ាងកក់ក្តៅ និងរាក់ទាក់ជាទីបំផុត។ លោកក៏បានអរគុណដល់ប្រតិភូសាសនាទាំងអស់ដែលបានយកចិត្តទុកដាក់ មកសួរសុខទុក្ខបងប្អូនជាប់ឃុំ តាំងពីឆ្នាំ២០១២មក។ ក្នុងពេលនោះលោកក៏បានរំលឹកដល់បងប្អូនជាប់ឃុំទាំងអស់ ឲ្យចិត្តទុកដាក់ស្តាប់ថេរដីកា និងប្រសាសន៍ប្រៀនប្រដៅនានារបស់មេដឹកនាំសាសនា។ យើងគ្មានអីតបស្នងសងគុណដល់ពួកគាត់មានតែស្តាប់ និងខិតខំកសាងខ្លួនឲ្យសើរឡើង កុំប្រព្រឹត្តបទល្មើសបន្ថែមទៀតក្នុងពន្ធនាគារ។  តាមប្រសាសន៍របស់លោកឧត្តមអគារនុរក្ស ជនជាប់ឃុំទាំងអស់មានចំនួនប្រមាណ ១០៥២នាក់  ក្នុងនោះស្ត្រីមានចំនួន ១០២នាក់។

 ព្រះសង្ឃ ចាន់ សុវណ្ណ មានសង្ឃដីកាថា សត្វលោកទាំងអស់សុទ្ធតែមានបំណងប្រាថ្នា សុច្ឆន្ទៈ ចង់មានសេចក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្ត។ តាមព្រះឱវាតរបស់ព្រះសាម្មាសម្ពុទ្ធបាន​ប្រៀនប្រដៅ បើចង់បានសេចក្តីសុខត្រូវលះបង់សេចក្តីអាក្រក់ ដើម្បីទទួលបាននូវសេចក្តីសុខមកវិញ។ បុណ្យ មិនបានភ្លេចនូវម្ចាស់ដែលបានបំពេញទង្វើជាកុសលនោះឡើយ។ ចំពោះអំពើបាបក៏មិនបានបំភ្លេចនូវម្ចាស់ដែលបានប្រព្រឹត្តនូវអំពើបាប គឺបានទទួលបាននូវអ្វីដែល​ខ្លួនបានប្រព្រឹត្តដែរ។ លោកក៏បានពន្យល់អំពីអត្ថន័យនៃអភ័យទានផងដែរ ដែលជាប្រភពនៃសេចក្តីសុខ គឺការមិនលួច មិនសម្លាប់ មិនចងគំនុំគ្នាទៅវិញទៅមក។ ជាពិសេសលោកមានសង្ឃដីកាសង្កត់ធ្ងន់ថា៖ “មានព្រះនៅក្នុងចិត្ត គឺយើងមានសេចក្តីសុខហើយ”។

 ក្នុងពេលនោះដែរលោកអភិបាលព្រះសហគមន៍កាតូលិក អូលីវីយេ ជ្មីតអីស្ល៊ែរ មានប្រសាសន៍ទៅកាន់បងប្អូនជាប់ឃុំអំពីអ្វីជាសេចក្តីសុខ។ តាមមនុស្សជា ច្រើនបានគិតថា សេចក្តីសុខគឺកើតមានដោយសារមានលុយច្រើន។ តែលោកអភិបាលបានមានប្រសាសន៍ថា សេចក្តីសុខគឺមានបានដោយសារយើងមានសេចក្តីស្រឡាញ់។ លោកបន្តថា មានមនុស្សជាច្រើនបានឲ្យតម្លៃសេចក្តីសុខលើលុយ គឺមានលុយ មានសេចក្តីសុខ។ តែដើម្បីមានលុយត្រូវការ ធ្វើការច្រើន គ្មានពេលវេលាល្មមដើម្បីនៅជាមួយក្រុមគ្រួសារប៉ុន្មានទេ។ មានអ្វីផ្សេងទៀត ដោយដឹងថា មានគេស្រឡាញ់យើង មានគេយកចិត្តទុកដាក់នឹងយើង លើកទឹកចិត្តយើង គេស្តាប់យើង គេចាប់អារម្មណ៍លើយើង មានគេនឹកយើង។ លោកន្ថែមថា សេចក្តីសុខចេញពីសេរីភាព។ បងប្អូនមានសេរីភាពនៅទីនេះ  តែតាមរូបកាយបងប្អូនមានព្រំដែន ។ ប៉ុន្តែបងអាចកសាងសេរីភាពក្នុងខ្លួនម្នាក់ៗ តាមផ្លូវចិត្ត តើខ្ញុំរៀបចំខ្លួនដូចម្តេច នៅក្នុងមណ្ឌលអប់រំកែប្រែនេះ  ធ្វើជាមនុស្សល្អទៅៗ គឺយើងត្រូវជួយគ្នាទៅវិញទៅមក លើកទឹកចិត្តគ្នាទៅវិញទៅមក។ លោកអភិបាលបន្តថា ពេលនេះមានមេដឹកនាំសាសនាទាំងអស់មកជួបបងប្អូន ជាមហាគ្រួសារតែមួយ ចែកសេចក្តីស្រលាញ់ជាមួយបងប្អូន។ បងប្អូននៅទីនេះប្រហែលគិតថាឯកា គ្មាននរណារវីរវល់តទៅទៀត តែកុំភ្លេចយើងមានព្រះ។ តាមព្រះពុទ្ធសាសនា យើងមានព្រះធម៌។ គ្រីស្តសាសនា មានព្រះយេស៊ូដែលស្រលាញ់យើង ។ ឥស្លាមសាសនាមានអាឡោះដែលលើកទឹកចិត្តយើង មានព្រះជាម្ចាស់ដែលបានបង្កើតយើង ជាបុរស ជាស្ត្រីដើម្បីមានសេចក្តីសុខនៅក្នុងសេចក្តីស្រឡាញ់។ ទាំងនេះជាកម្លាំងពិសេសសម្រាប់យើង។ ពេលខ្លះមិនចេះនិយាយគ្នាសូមនិយាយទៅព្រះទៅ ដើម្បីលើកទឹកចិត្តយើង។

 បន្ទាប់ពីសំណេះសំណាលជាមួយបបងប្អូនជាប់ឃុំ ព្រះសង្ឃបានសូត្រធម៌បោះព្រំលើបងប្អូន ហើយតាមកាតូលិកលោកអភិបាល រួមនិងគ្រីស្តបរិស័ទទាំងអស់អធិដ្ឋាន និងបាចទឹកព្រះពរលើបងប្អូនផងដែរ។ ក្រោយមកក៏មានចែកអាហារជានិមិត្តរូបដល់បងប្អូន និងសម្ភារៈមួយចំនួនសម្រាប់កុមារដែលស្នាក់នៅជាមួយម្តាយដែលជាប់ឃុំ។

 ព្រះសហគមន៍កាតូលិក នៅប្រទេសកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើកិច្ចការ សន្ទនាជាអន្តរសាសនា ដើម្បីសុខដុមរមនីយ៍កម្មសាសនា និងសន្តិភាពក្នុងប្រទេស ក្នុងតំបន់ និងពិភពលោកទាំងមូល។

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email