លោកយាយ លោកតា ចំនួន១០៥នាក់ មកពីភូមិនានាក្នុងឃុំគូស បានអញ្ជើញចូលរួមទទួលអំណរសប្បាយ រួមជាមួយគ្រីស្តបរិស័ទព្រះសហគមន៍កាតូលិក ព្រះវិហារសន្តីញញឹម ភូមិចំការទៀង ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩។
មានប្រសាសន៍ក្នុងពិធីនេះលោក អ៊ឺន ធីវ តំណាងគណៈកម្មការសង្កហៈព្រះសហគមន៍ព្រះវិហារសន្តីម៉ារីញញឹម បានឲ្យដឹងថា៖ « ក្រុមសង្គហៈនៃព្រះសហគមន៍កាតូលិកភូមិចំការទៀង មានសមាជិកចំនួន ១០នាក់ បានចែកជាប្រាំក្រុម ដើម្បីទៅសួរសុខទុក្ខបងប្អូនតាមភូមិនានា ដែលគេរស់នៅ មានចាស់ជរា អ្នកជំងឺ បងប្អូនក្រីក្រខ្វះខាត ជនមានពិការភាពជាដើម។ ជារៀងរាល់ខែ យើងបានឧបត្ថម្ភខ្លះៗដល់បងប្អូនមួយចំនួនតាមលទ្ធភាពរបស់ព្រះសហគមន៍យើង និងបានជួយសង់ផ្ទះ បង្គន់អនាម័យមួយចំនួនដែរ»។
លោកបន្តថា៖ «ជាងនេះទៅទៀត ក្នុងកាសបុណ្យណូអែល (បុណ្យព្រះយេស៊ូប្រសូត) ដោយមានជំនួយសង្គហៈពីព្រះសហគមន៍ ដែលមានការគាំទ្រយ៉ាងពេញទំហឹងពីលោកអភិបាល អូលីវីយេ ក្រុមសង្គហៈយើងបានទៅតាមភូមិសួរសុខទុក្ខ និងបានប្រជុំ ជ្រើសរើសលោកយាយ លោកតា និងបងប្អូនក្រីក្រខ្វះខាតមួយចំនួន ដើម្បីជួយឧបត្ថម្ភនៅក្នុងរដូវបុណ្យព្រះយេស៊ូប្រសូត។»
លោកតំណាង ក្រុមសង្គហៈបញ្ជាក់បន្ថែមថា៖ «ពិតមែន លោកយាយ លោកតា និងបងប្អូនទាំងអស់មានអំណរសប្បាយខ្លាំងដោយព្រះសហគមន៍យកចិត្តទុកដាក់ជាមួយពួកគាត់។ ចំណែកយើងទាំងអស់ដែលបំពេញកិច្ចការនេះ ក៏មានអំណរសប្បាយចែករំលែកជាមួយបងប្អូន ដោយចេញពីចិត្ត និងជំនឿលើព្រះយេស៊ូ ។ ដោយសារ ជំនឿលើព្រះយេស៊ូ ដែលជំរុញយើងឲ្យបំពេញកិច្ចទាំងនេះ ជាជំនឿចេញពីដួងចិត្តរបស់យើងម្នាក់ៗ។»
លោកអភិបាលអូលីវីយេ ដែលជាអធិបតី មានប្រសាសន៍សំណេះសំណាលជាមួយលោកតា លោកយាយ និងបងប្អូនថា ៖«ខ្ញុំគាំទ្រ ចំពោះសេចក្តីបញ្ជាក់របស់តំណាងក្រុមសង្គហៈព្រះសហគមន៍។ ជាការពិត ជារៀងរាល់ខែ ព្រះសហគមន៍បានជួយឧបត្ថម្ភបងប្អូន ចំនួនជាង១០គ្រួសារ ផ្ទះក៏បានធ្វើជូនច្រើនដែរ។ នេះជាសញ្ញាសំគាល់នៃព្រះសហគមន៍ដែលចេះតែយកចិត្តទុកដាក់ ចំពោះគ្នាទៅវិញទៅមក ទោះបីមិនអាចសង្គ្រោះមនុស្សទាំងអស់ តែអាចជួយខ្លះបាន។»
លោកអភិបាលក៏បានជូនពរដល់លោកយាយ លោកតា ក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូតនេះ សូមឲ្យមានសុខភាពល្អ មានកំលាំងកាយ កំលាំងចិត្តជានិច្ច ដើម្បីអប់រំណែនាំ កូនចៅ ព្រោះគេចង់ស្តាប់នូវពាក្យពេជ្រទូន្មាន ដើម្បីឲ្យមានពន្លឺក្នុងដួងចិត្ត និងទៅជាមនុស្សដ៏ល្អ។
ជាមួយគ្នានេះ លោកអភិបាលក៏បានរំលឹកលោកយាយ លោកតា និងបងប្អូនទាំងអស់ ឲ្យមានការយកចិត្តទុកដាក់ថែរក្សាសុខភាព និងទទួលទានឲ្យបានត្រឹមត្រូវ មិនប្រើគ្រឿងទេសដែលមានគីមីច្រើន និងសូមយកចិត្តទុកដាក់បង្ករបង្កើនផល ដាំដំណាំ បន្លែ ផ្លែឈើ តាមសលក្ខណៈធម្មជាតិ ដោយមិនប្រើជីគីមីច្រើនលើលកម្រិតខ្លាំងដែលបំផ្លាញសុខភាពរបស់មនុស្ស។ សូមជួយកូនចៅ ឲ្យរក្សាទម្លាប់ដែលលោកយាយ លោកតាបានធ្វើពេលកន្លងមក ដោយប្រើជីធម្មជាតិ។
ក្រោយពីសំណេះសំណាល និងបានស្តាប់ចម្រៀង អំពីបុណ្យព្រះយេស៊ូប្រសូត លោកយាយ លោកតា បានទទួលទានអាហារយ៉ាងឆ្ងាញ់រួមគ្នា និងទទួលបានសម្ភារប្រើបា្រស់មួយចំនួន និងគ្រឿងឧបភោគបរិភោគ មានអង្ករជាដើម ព្រមទាំងបច្ច័យមួយចំនួនផងដែរ។
ក្នុងអំឡុងពេលនេះ គ្រីស្តបរិស័ទគ្រប់និកាយក្នុងពិភពលោកកំពុងចែករំលែកអំណរសប្បាយ និងប្រារព្ធបុណ្យព្រះយេស៊ូប្រសូត។ តាមពិតយើងពិតជាមិនដឹងថាព្រះយេស៊ូប្រសូតនៅថ្ងៃណាច្បាស់លាស់ទេ ប៉ុន្តែអ្នកប្រវត្តិសាស្ត្រព្រះសហគមន៍បានកំណត់យកថ្ងៃទី២៥ ខែធ្នូ ជារៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធបុណ្យកំណើតព្រះយេស៊ូ ដែលជាព្រះអម្ចាស់បានប្រសូតជាមនុស្ស។ ព្រះអង្គប្រសូតសម្រាប់មនុស្សទាំងអស់ និងនាំអំណរដល់មនុស្សគ្រប់ជាតិគ្រប់សាសន៍។ ព្រះសហគមន៍ភូមិភាគភ្នំពេញបានបន្តកិច្ចការទាំងនេះជាប់ជានិច្ច។ រីករាយបុណ្យព្រះយេស៊ូប្រសូត!៕
ដោយ លី សុវណ្ណា