ព្រះសហគមន៍​ចែក​អំណរ​សប្បាយ​ជាមួយ​ជន​ជាប់​ឃុំ​នៅ​​កំពត

ព្រះសហគមន៍​កាតូលិក​តំបន់​កំពត នៃ​ភូមិភាគ​ភ្នំពេញ បាន​រៀប​ចំ​ពិធី​សំណេះ​សំណាល​ អបអរសាទរ​បុណ្យព្រះយេស៊ូ​ប្រសូត​ជា​លក្ខណៈ​សាសនា ជាមួយ​ជន​ជាប់​ឃុំ​ចំនួន ៩៧៤ នាក់​នៅ​ពន្ធនាគារ​ខេត្ត​កំពត នា​ព្រឹក​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ ២០២០ ក្រោម​អធិបតីភាព​របស់​លោក​អូលីវីយេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ ព្រះ​គ្រូ​ធម្មចរិយា​មុនី ចាន់ សុវណ្ណ ព្រះ​មេ​គុណ​គណៈធម្មយុត្តិ​និកាយ​ខេត្តកំពត លោក​ប្រធាន​គណៈអ៊ីម៉ាំ​ខេត្ត ព្រះសង្ឃ លោក​បូជាចារ្យ លោក​គ្រូ​គង្វាល និង​បរិស័ទ​នៃ​សាសនា​ទាំងអស់​យ៉ាង​ច្រើន​កុះករ។

មាន​មតិ​ស្វាគមន៍​ក្នុង​ពិធី​សំណេះ​សំណាល​នេះ លោក តាវ៉ូឡា យ៉ាំងលូកា បូជាចារ្យ​ទទួល​ខុស​ត្រូវ​មណ្ឌល​សកម្មភាព​កំពត​បាន​មាន​ប្រសាសន៍​ថា ព្រះសហគមន៍​មាន​អំណរ​សប្បាយ ទទួល​ស្វាគមន៍​បងប្អូន​គ្រប់​សាសនា មក​សួរ​សុខ​ទុក្ខ បង​ប្អូន​ជាប់​ឃុំ ដើម្បី​អបអរសាទរ​បុណ្យ​ព្រះយេស៊ូ​ប្រសូត និង​ដើម្បី​ចែក​រំលែក​អំណរ​សប្បាយ សេចក្តី​ស្រលាញ់ ដែល​មក​ពី​ព្រះយេស៊ូ និង​មក​ពី​ព្រះជាម្ចាស់។  លោក​បន្ត​ថា វត្តមាន​របស់​បង​ប្អូន​ទាំងអស់ ពិសេស​ណាស់ ដើម្បី​រួម​គ្នា កសាង សុខ​សន្តិភាព ខិត​ខំ​កាន់​ដៃ​រួម​ជាមួយ​គ្នា ដើម្បី​សេចក្តី​សុខ ​សុខដុមរមនា រស់​នៅ​ប្រកប​ដោយ​សេចក្តី​ស្រលាញ់ សន្តិភាព សេចក្តី​សុខ​សាន្ត និង​រួប​រួម​គ្នា​ជា​ធ្លុង​តែ​មួយ។ 

ព្រះសហគមន៍​កាតូលិក​ខេត្ត​កំពត​បាន​រៀប​ចំ​ចូល​សួរ​សុខ​ទុក្ខ​បងប្អូន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត ក្នុងឱកាសបុណ្យ​ព្រះយេស៊ូ តាំង​ពី​ឆ្នាំ​២០០៤ មក​ម្ល៉េះ ផ្តើម​គំនិត​ដោយ​លោក​បូជាចារ្យ​អូលីវីយេ។ ក្នុង​ឆ្នាំ ២០១០ បាន​រៀប​ចំ​ពិធី​សំណេះ​សំណាល ជា​លក្ខណៈ​អន្តរ​សាសនា ដោយ​លោក​បូជាចារ្យ​អ៊ុន សុន ។ រហូត​មក​ដល់​ពេល​នេះ មាន​ចំនួន ១៦ លើក​ហើយ។  

តាម​រយៈ​របាយការណ៍​របស់​លោក វរៈ​អគ្គា​នុរក្ស​ថ្នាក់​លេខ​១ អ៊ិន រៀម អនុ​ប្រធាន​ពន្ធនាគារ​ខេត្ត​កំពត​បាន​ឲ្យ​ដឹង​ថា អ្នក​ជាប់​ឃុំ​ទាំង​អស់​មាន​ចំនួន ៩៧៤​នាក់ ក្នុង​នោះ​ស្តី្រ​មាន​ចំនួន ៣៨ នាក់ មាន​ជន​បរទេស ចំនួន ២០​នាក់ និង​មាន​អ្នក​កាន់​សាសនា​ឥស្លាម​ចំនួន ៣៥នាក់។ 

ក្នុង​ពិធី​ដ៏​មាន​អត្ថន័យ​នេះ ព្រះ​គ្រូ ធម្មចរិយា​មុនី ចាន់ សុវណ្ណ ព្រះ​មេ​គុណ​គណៈ​ធម្មយុត្តិ​និកាយ​ខេត្ត​កំពត មាន​សង្ឃ​ដីការ​លើក​ទឹក​ចិត្ត និង​រំលឹក​ដល់​បង​ប្អូន​ជាប់​ឃុំ​ទាំង​អស់ អំពី​សីល​៥​ក្នុង​ព្រះពុទ្ធ​សាសនា ដែល​ជា​ការអប់រំ​របស់​ព្រះពុទ្ធ​សម្រាប់​មនុស្ស អាច​រស់​នៅ​ប្រកប​ដោយ​សេចក្តី​សុខ មាន​ដូច​ជា៖ បាណាតិបាតា គឺ​វៀរចាក​ការ​សម្លាប់​ជីវិត។ អទិន្ទានា គឺ​វៀរ​ចាក​ការ​លួច​ទ្រព្យ។ កាមេសុមិច្ឆាចារា គឺ​វៀរ​ចាក​កាមកិច្ច​ខុស​បវេណី។ មុសាវាទា គឺ​វៀរ​ចាក​ការ​ភូត​កុហក។ សុរាមេរយៈ គឺ​វៀរ​ចាក​ការ​សេព​សុរា ឬ​ទឹក​ស្រវឹង​ផ្សេងៗ ។ លោក​ថា ប្រសិន​បើ​បង​ប្អូន​ខិត​ខំ​ប្រព្រឹត្ត​នូវ​ចំណុច​ទាំង​ប្រាំ​នេះ​បាន គឺ​បង​ប្អូន​មិន​មាន​ទុក្ខ​នោះ​ទេ ជា​ពិសេស​ គឺ «​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន»។ ព្រះ​គ្រូ​បាន​សម្តែង​នូវ​ទឹក​ចិត្ត​សង្ឃឹម​ជានិច្ច​ថា​បង​ប្អូន​​

ជាប់​ឃុំ​ទាំង​អស់​និង ខិត​ខំ​កែ​ប្រែ​ខ្លួន​ ដើម្បី​ក្លាយ​ជា​ពលរដ្ឋ​ល្អ ពេល​ចេញ​ទៅ​វិញ។ 

ចំណែក​លោក ប្រធាន​គណៈ​អ៊ីម៉ាំ​ខេត្ត​កំពត​មាន​ប្រសាសន៍​ថា មនុស្ស​ម្នាក់ៗ​រស់​ក្នុង​លោក​នេះ គឺ​មាន​បំណង​រស់​នៅ​ដោយ​សុខ​សន្តិភាព សិទ្ធិ​សេរីភាព និង​សុភមង្គល ។ លោក​បន្ត​ថា សិទ្ធិ​សេរីភាព សុភមង្គល អាស្រ័យលើ​បុគ្គល​ម្នាក់ៗ​ជា​អ្នក​កសាង​ឡើង ដូច​អល់ឡោះ​បាន​បញ្ជាក់ ក្នុង​គូរ​អាន​ថា​ឥរិយាបទ​របស់​មនុស្ស​អល់ឡោះ​មិន​កែ​ប្រែ​ទេ ដរាប​ណា​តែ​មនុស្ស​កែ​ប្រែ​ឥរិយាបទ​ទៅ​តាម​ការទូន្មាន របស់​ច្បាប់​នៃ​សង្គម​ជាតិ​ឬ​សាសនា​ដោយ​ខ្លួន​ឯង។ 

លោក​អ៊ីម៉ាំ​បញ្ជាក់​ថា តាម​គោលការណ៍​សាសនា​ឥស្លាម បើ​អ្នក​ទាំង​ឡាយ​ណា​បាន​ធ្វើ​រាល់​កំហុស​ឆ្គង​ដោយចេតនា​ឬ​អចេតនា ទោះបី​កំហុស​ធំ​ប៉ុណ្ណា​ក៏​ដោយ​ឲ្យ​តែ​បុគ្គល​នោះ​ព្រម​ទទួល​និង​កែ​ប្រែ​មក​ធ្វើ​ល្អ​វិញ​ពិត​ណាស់ អល់ឡោះ​លើក​លែង​រាល់​កំហុស​ឆ្គង​ឬ​បាប​ដែល​បាន​ធ្វើ​កន្លង​មក​នោះ​ ហើយ​សង្គម​ក៏​ដូច្នេះ​ដែរ។ មហាម៉ាត់​បាន​មាន​ប្រសាសន៍​ថា​ពេល​ណា​មនុស្ស​ម្នាក់​ស្លាប់ ហើយ​ការចូល​រួម​ដង្ហែ​សព​ទៅ​ស្មសាន មាន​៣ក្រុម ដែល​រួម​ដំណើរ​ទៅ​ជា​មួយ មាន​ដូច​ជា ក្រុម​គ្រួសារ​សាច់​ញាតិ​នៃ​សព ។ ទ្រព្យ​សម្បត្តិ  និង​ផល​បុណ្យដែល​ល្អ​និង​អាក្រក់។ ក្រោយ​ពេល​បញ្ចុះ​សព​រួច​មាន ២​ក្រុម​ដែល​វិល​ត្រឡប់​មក​វិញ​គឺ ក្រុម​គ្រួសារ​សាច់​ញាតិនៃ​សព និង ទ្រព្យ​សម្បត្តិ រីឯ​ក្រុម​ដែល​ទៅ​ជា​មួយ​សព​គឺ​ផល​បុណ្យ​និង​ផល​បាប​តែ​ប៉ុណ្ណោះ។ លោក​បាន​ក៏​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​បង​ប្អូន​ជាប់​ឃុំ​គិត​ពិចារណា កសាង​ខ្លួន​រក​ផ្លូវ​ធ្វើ​ល្អ​ឡើង​វិញ។ 

ក្នុង​ពិធី​ដ៏​មាន​សារៈ​សំខាន់ និង​មាន​អត្ថន័យ​នេះ​លោក​អូលីវី​ អភិបាល​ព្រះសហគមន៍​កាតូលិក​មាន​ប្រសាសន៍​សំណេះ​សំណាល​ជាមួយ​បង​ប្អូន​ទាំង​អស់​ថា ព្រះជាម្ចាស់​បាន​បង្កើត​មនុស្ស ប្រុស និង​មនុស្ស​ស្រី ដែល​ជា​កំពូល​នៃ​ស្នា​ព្រះហស្ត​របស់​ព្រះអង្គ​ ហើយ​ព្រះអង្គ​បាន​បង្កើត​អ្វីៗ​ទាំង​អស់​លើ​ផែនដី​នេះ​ទាំង​ផ្ទៃ​មេឃ សត្វ​ដើម្បី​ឲ្យ​មាន​សេចក្តី​សុខ សុភមង្គល និង​សុខដុមរមនា។ មនុស្ស​ចូល​ក្នុង​គំរោង​ការ​នេះ ដើម្បី​រស់នៅ​ក្នុង​សេចក្តីសុខ ដើម្បី​រស់​នៅ​ក្នុង​សុខដុមរនា។ 

លោក​បាន​រំលឹក​ដល់​បង​ប្អូន​ថា សូម​គិត​ពិចារណា ដែល​គ្រប់​គ្នា​មាន​ពេល​វេលា ដើម្បី​គិត​ ផ្ទាល់​ខ្លួន​ថា ខ្ញុំ​ចូល​ក្នុង​គំរោង​ការ​នៃ​ការបង្កើត​ពិភព​លោក ខ្ញុំ​ជា​បុរស ខ្ញុំ​ជា​ស្ត្រី គិត​ពិចារណា ដើម្បី​ខ្ញុំ​ប្រើ​សេរីភាព​របស់​ខ្ញុំ​ក្នុង​របៀប​ត្រឹម​ត្រូវ។ លោក​ក៏​បាន​លើក​យក​សុភាសិត​ខ្មែរ​មួយ «ខ្លួន​ទីពឹង​ខ្លួន» ហើយ​តាម​ភាសា​បារាំង «ខ្លួន​ជួយ​ខ្លួន​ឯង ព្រះជាម្ចាស់​នឹង​ជួយ​តាម​ក្រោយ»។ លោក​បន្ត​ថា យើង​មិន​ត្រឹម​តែ​ពឹង​លើ​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ។ ពឹង​ខ្លួន​ឯង មាន​ព្រំដែន​ក្នុង​សេរីភាព​របស់​យើង។ ដូច​ខ្លែង​ឯក ដែល​មាន​ខ្សែ​ពឹង​ឲ្យ​ហោះ​ឡើង​ខ្ពស់។ បើ​ដាច់​ខ្សែ គឺ​ខ្លែង​នឹង​ធ្លាក់។ លោក​បញ្ជាក់​ថា ជីវិត​យើង​សំខាន់ សេរីភាព ត្រូវ​តែ​ពឹង​លើ សីល៥ ។ ពឹង​លើ​ធម្មវិន័យ ចេះ​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ស្រលាញ់​ខ្លួន​ឯង ព្រោះ​ព្រះជាម្ចាស់​ស្រលាញ់​យើង។  ពឹង​លើ​បង​ប្អូន​ឯទៀតៗ។ ពឹង​លើ​សង្គម ដើម្បី​រស់​នៅ​ដោយ​ជួយ​គ្នាទៅ​វិញ​ទៅ​មក។ ទាំងនេះ​ណែនាំ​ឲ្យ​យើង​រក​ឃើញ​សេចក្តីសុខ។ 

លោក​អភិបាល​បាន​ជូន​ពរ​បង​ប្អូន​ទាំងអស់​បាន​ចម្រើន​ក្នុង​ព្រះពរ ចម្រើន​ក្នុង​សីលធម៌ ចម្រើន​ក្នុង​សេចក្តី​ថ្លៃ​ថ្នូរ  សេចក្តីសុខ នឹក​ឃើញ​ជីវិត​មាន​តម្លៃ ដែល​បង​ប្អូន​ត្រូវ​ទទួល​ខុស​ត្រូវ គ្រប់​គ្រង​គ្រួសារ គ្រប់​គ្រង​សង្គម គ្រប់​គ្រង​ធម្មជាតិ និង​សូម​ឲ្យ​បង​ប្អូន​មាន​កំលាំង​ថែម​ទៀត​ក្នុង​ការតស៊ូ កែ​ប្រែ​ចិត្ត​គំនិត។  

បន្ទាប់​ពិធី​សំណេះ​សំណាល​រួច​មក គណៈ​ប្រតិភូ​ទាំង​អស់ មាន​លោក​អភិបាល ព្រះ​គ្រូ​មេ​គុណ​ខេត្ត ព្រះសង្ឃ ប្រធាន​គណៈ​អ៊ីម៉ាំ​ខេត្ត គ្រូ​គង្វាល និង​លោក​បូជាចារ្យ​បាន​ធ្វើ​ពិធី​ប្រោះ​ព្រំ និង​អធិដ្ឋាន​សម្រាប់​បង​ប្អូន​ទាំង​អស់​ឲ្យ​មាន​កំលាំង​តស៊ូ និង មាន​សុខភាព​ល្អ។ រួច​មក​ក៏​បាន​ចែក​ម្ហូប​អាហារ តាម​បន្ទប់​ឃុំ​ឃាំង​នីមួយៗ​ដល់​បង​ប្អូន​ទាំង​អស់។ 

ក្រោយ​ពី​ពិធី​សំណេះ​សំណាល និង​ចែក​រំលែក​សេចក្តី​ស្រលាញ់​ដល់​បង​ប្អូន​ជាប់​ឃុំ​រួច​មក ប្រតិភូ​រួម​ជា​មួយ​​ព្រះសង្ឃ បាន​និមន្ត​និង​អញ្ជើញ ឆាន់ និង​ទទួល​អាហារ​សាមគ្គី​នៅ​ព្រះសហគមន៍​កាតូលិក​ខេត្ត​កំពត៕

ដោយ​លី សុវណ្ណា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

សាលាសន្តឡាសាលពោធិ៍ធំពង្រីកបេសកកម្មអប់រំកុមារ

នាព្រឹកថ្ងៃទី៣០​ ខែតុលាលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ​ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ​ បានអញ្ជើញជាអធិបតីក្នុងពីធីបាចទឹកព្រះពរ និងសម្ពោធអគារសិក្សាថ្មីសន្តឡាសាលពោធិ៍ធំ​ ​ដែលទទួល​ខុស​ត្រូវ​ដោយ​ក្រុម​បព្វជិត​​ឡាសាល មានទីតាំងក្នុងភូមិពោធិ៍ធំ​ សង្កាត់​អរិយក្សត្រ ក្រុងអរិយក្សត្រ​ ខេត្តកណ្តាល។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបូជាចារ្យ​ បងប្រុស​ បងស្រី​ តំណាងអាជ្ញាធរដែនដី​ សិស្សានុសិស្ស​ អាណាព្យាបាល​ យ៉ាងច្រើនកុះករ​។ មានប្រសាសន៍​សំណេះសំណាលក្នុងពិធីកាត់ខ្សែបូ លោកអភិបាលអូលីវីយ៉េ លើកឡើងថា នៅទីនេះមាតាបិតាមានសំណាងណាស់ ដោយសារកូនៗរៀននៅសាលាដ៏ល្អ មានការអប់រំដ៏ល្អមិនគិតថ្លៃ។ លោកក៏បានថ្លែងអំណរគុណដល់​ក្រុម​បព្វជិត​ឡាសាល

សិស្សនៃ​វិទ្យាល័យសន្តហ្រ្វង់ស្វ័រ ចំនួន​៨នាក់​ ទទួលបាន​និទ្ទេស A ពីការ​​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

សិស្សថ្នាក់ទី១២ ជំនាន់ទី១៩ ឆ្នាំ​សិក្សា​២០២៣-២០២៤ ចំនួន​៨ នាក់របស់​សាលា​ចំណេះទូទៅ​សន្តហ្វ្រង់ស្វ័រ ទទួល​បាននិទ្ទេសA ក្នុង​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះ​បើ​យោង​តាម​លទ្ធផល​ដែល​បាន​បូកសរុប​ដោយ​សាលាផ្ទាល់។ លោកអូលីវីយ៉េ ជ្មីតហស្លេ ជា​ស្ថាបនិក និង​ជា​អភិបាល​ព្រះសហគមន៍កាតូលិកភូមិភាគ​ភ្នំពេញ​មានប្រសាសន៍ថា ក្នុងឆ្នាំនេះ សាលា​មាន៨នាក់ជាប់និទ្ទេសA  ស្មើនឹង២២,២២​ភាគរយនៃសិស្ស៣៦នាក់។ លោក​ថា «នេះ​ជាមោទនភាពរបស់ព្រះសហគមន៍កាតូលិកដែលបានបង្កើតគ្រឹះស្ថានអប់រំ​ដ៏ល្អបំផុត ដែលមានលទ្ធផលប្រហែលជាទទួលបាន លេខមួយនៅទូទាំងប្រទេស ដែលមាននិទ្ទេសA ច្រើនដូចនេះ។» លោក​បញ្ជាក់ថា ជោគជ័យនេះបាន​ដោយសារតែសិស្សសាលារបស់យើងសព្វថ្ងៃ ទទួលការអប់រំពីព្រះសហគមន៍កាតូលិកតាំងពីមត្តេយ្យសិក្សា

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

Subscribe to our newsletter

Don't miss new updates on your email