
អភ. ជ្មីតអីស្ល៊ែរ អូលីវីយេ
លោកអភិបាល អូលីវីយេ ជ្មិតហស្លេរ កើតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ១៩៧០ នៅអូស្រ្តាសប៊ូ ប្រទេសបារាំង ។ ឪពុកលោកជា ឧបដ្ឋាកប្រចាំនៅ អគ្គភូមិភាគស្រ្តាសប៊ូ ប្រទេសបារាំង ។ ពីឆ្នាំ១៩៩១-១៩៩៤ លោកបានទៅធ្វើការជាអ្នកស្ម័គ្រចិត្តបារាំងនៅសកលវិទ្យាល័យ សន្ត ថូម៉ាស ក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន ។
លោក បានទទួលការអប់រំជា បូជាចារ្យនៅប្រទេសបារាំង ។ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ១៩៩៨ លោកទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ ក្នុងក្រុមសាសនទូតក្រៅ ប្រទេស ក្រុងប៉ារីស ។ លោកទទួលបេសកម្មជា សាសនទូតចូលមកប្រទេសកម្ពុជាក្នុងឆ្នាំដដែល ។
លោក រៀនភាសារខ្មែរ រហូតដល់ឆ្នាំ២០០២ ។ លោកអភិបាល ព្រះសហគមន៍ភូមិភាគភ្នំពេញ ចាត់លោកឲ្យទៅទទួលខុសត្រូវព្រះសហគមន៍ មណ្ឌលសកម្មភាព តាកែវ និងកំពត ។ នៅក្នុងមណ្ឌលសកម្មភាពនេះ លោកបានយកចិត្តទុកដាក់ អស់ពីកំលាំងកាយ កំលាំងចិត្ត ពោរពេញដោយជំនឿក្នុងការបំរើបងប្អូន នាំដំណឹងល្អដល់អ្នកដែលមិនទាន់ស្តាប់ព្រះសហគមន៍កាតូលិក និងមិនទាន់ស្គាល់ព្រះយេស៊ូគ្រីស្ត ។
លោកបានបង្កើតកម្មវិធីនានា ដើម្បីជួយអោយយុវជន យុវនារី និងកុមារា កុមារីបានទទួលការអប់រំ តាមរយៈការកសាង សាលាមត្តេយ្យ អនុវិទ្យាល័យ វិទ្យាល័យ និងវិទ្យាស្ថានបច្ចេកទេសជាន់ខ្ពស់ ព្រមទាំងមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈ ដល់ស្រ្តីមេម៉ាយ យុវនារីក្នុងភូមិជនបទ ។ លោកក៏បាន គាំពារដល់អ្នកទន់ខ្សោយ ដែលគ្មានទីពឹង ជាពិសេស គ្រួសារអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជម្ងឺអេដស៍ ដោយសាងសង់ជាមណ្ឌលដើម្បីទទួលពួកគេទាំងនោះ ឲមានសង្ឃឹម និងលំនឹងក្នុងជីវិត ព្រមទាំងផ្តល់ឪកាស ដល់កូនៗរបស់អ្នកទាំងនោះបានរៀនសូត្រ កសាងអនាគតរបស់គេផងដែរ ។ ពីឆ្នាំ២០០២រហូតមក លោកជា អ្នកទទួលខុសត្រូវការអប់រំចំណេះដឹងទូទៅក្នុងព្រះសហគមន៍ភូមិ ភាគភ្នំពេញ ។
ពីឆ្នាំ២០០៣-២០០៥ លោកជាសាស្រ្តាចារ្យបង្រៀនប្រវត្តិសាស្ត្រព្រះសហគមន៍ដល់និស្សិតទេវ វិទ្យាល័យកម្ពុជា ។ នៅឆ្នាំ២០០៧ លោកត្រូវជ្រើសរើសជាតំណាងពេញសិទ្ធិ លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ ។
នៅ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០០៩ សម្តេចប៉ាប បេណេឌីក ទី១៦ បានតែងតាំងលោកជាអភិបាលឧបត្ថម្ភក នៅព្រះសហគមន៍ ភូមិភាគភ្នំពេញ ហើយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១០ លោកទទួលអគ្គសញ្ញាតែងតាំងជាអភិបាល ។
លោកអភិបាល អេមីល ដេតម្ប
លោក អេមីល ដេម្ប កើតនៅថ្ងៃទី ១៥ខែសីហា ឆ្នាំ១៩៣៥ នៅរុង្ក ប្រទេសបារាំង ។ លោករៀននៅទេវវិទ្យាល័យ សមាគមសាសនទូតក្រៅប្រទេសនៅបារាំង ពីឆ្នាំ១៩៥៣ ដល់ឆ្នាំ ១៩៦១ និងរៀនទស្សនវិជ្ជា នៅមហាវិទ្យាល័យស័រប៊ណ (ក្រុងប៉ារីស) ។
លោក ទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ នៅថ្ងៃទី២១ ខែធ្នូឆ្នាំ១៩៦១។ លោកទទួលមុខងារជាសាសនទូតមករស់នៅ ប្រទេសកម្ពុជាក្នុងឆ្នាំ១៩៦៤ ។
នៅ ឆ្នាំ១៩៧៥ ពេលខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ លោកត្រូវបានបង្ខំអោយចាកចេញ ពីប្រទេសកម្ពុជា រួមជាមួយសាសនទូតផ្សេងទៀត ។ លោកបានវិលចូលប្រទេសកម្ពុជា នៅឆ្នាំ១៩៨៩ ក្នុងនាមជាបេសកជនដែលបំរើការងារអោយ អង្គការការីតាសអន្តរជាតិ ។

ក្នុងមុខងារនេះ លោកបូជាចារ្យមានលទ្ធភាពស្វែងរក និងទៅសួរសុខទុក្ខគ្រីសបរិស័ទ នៅបាត់ដំបង និងចំណោម ព្រមទាំងកន្លែងជិតៗផងដែរ ។ នៅថ្ងៃទី១៤ខែមេសា ឆ្នាំ១៩៩០ លោកបានថ្វាយអភិបូជាជាលើកដំបូង ជាមួយគ្រីស្តបរិស័ទរាប់ពាន់នាក់ និងមានតំណាងបក្សប្រជាជនចូលរួមជាកិត្តិយសផងដែរ បន្ទាប់ពីព្រះសហគមន៍ត្រូវគ្របបាំងដោយសង្គ្រាម ទុក្ខវេទនា និងការប្រល័យពូជសាសន៍។
លោកអេមីល ដេម្ប ទទួលអគ្គសញ្ញាជា អភិបាលព្រះសហគមន៍ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ ១៩៩៧ ។ ថ្ងៃទី១៤ខែមេសា ឆ្នាំ២០០១ ទទួលមុខងារជាអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ ។
ក្នុងមុខងារជា អភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ លោកបានខិតខំយ៉ាងខ្លាំង ដើម្បីដំណឹងល្អ និងសាងព្រះសហគមន៍លោកបានលើកយកការអប់រំ (អប់រំជំនឿ និងចំណេះដឹងទូទៅ) ជាចំណុចអាទិភាព ។ លោកបាននាំព្រះសហគមន៍ ចាប់អារម្មណ៍ពីលក្ខណៈខ្លួនជាខ្មែរ។ លោកក៏បានលើទឹកចិត្តកុមារា កុមារី ជាតិវៀតណាម ដែលកើតលើទឹកដីខ្មែរ ឲ្យរៀនអក្សរសាស្រ្តខ្មែរ។ល និង ល។ ការយកចិត្តទុកដាក់ចំពោះអ្នកក្រីក្រ និងអ្នកជំងឺ ក៏ស្ថិតក្នុងលំដាក់នេះដែរ ។

លោក យ៉ូសែប ឆ្មារ សាឡាស់ កើតនៅឆ្នាំ១៩៦០ នៅភ្នំពេញ។ លោករៀននៅវិទ្យាល័យ ទេវវិទ្យាល័យក្រុងប៉ារីសប្រទេសបារាំង ហើយទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យនៅឆ្នាំ១៩៦៤។
លោក ទទួលភារកិច្ចបង្រៀនគ្រូ អប់រំជំនឿ នៅព្រះសហគមន៍ ខេត្តបាត់ដំបង។ លោកទទួលអគ្គសញ្ញា តែងតាំងជាអភិបាលព្រះសហគមន៍ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៧៥។ លោកទទួលមុខងារជាអភិបាលឧបត្ថម្ភក នៃលោកអភិបាល អ៊ីវ រ៉ាមូស។ មុនទទួលអគ្គសញ្ញាតែងតាំងជាអភិបាល លោក សាឡាស់ កំពុងស្នាក់នៅឯប្រទេសបារាំង។ ពេលទទួលលិខិតរបស់លោកអភិបាលព្រះសហគមន៍ ភូមិភាគភ្នំពេញអោយវិល ត្រលប់មកកម្ពុជាវិញ លោកក៏ត្រលប់មកភ្លាម ។ លោកហាក់ដូចជាដឹងច្បាស់ថា ពេលលោកត្រលប់មកវិញនឹងបាត់បង់ជីវិត នៅក្នុងប្រទេសខ្លួន ដែលកំពុងមានសង្គ្រាមយ៉ាងសន្ធោរសន្ធៅនោះ។ ប៉ុន្តែ លោកស្ម័គ្រចិត្តដោយស្តាប់បង្គាប់ ត្រលប់មកវិញនិងស្ម័គ្ររស់នៅជាប់នឹងជំនឿ ព្រមទាំងរងទុក្ខលំបាករួមជាមួយបងប្អូនគ្រីស្តបរិស័ទផងដែរ។
នៅថ្ងៃ ទី១៨ ខែមេសា ឆ្នាំ១៩៧៥ ក្រុងភ្នំពេញត្រូវកាន់កាប់ដោយអង្គការខ្មែរក្រហម លោកត្រូវគេកៀរទៅតាំងគោក ស្រុកបារាយ ខេត្តកំពង់ធំ ។ លោក ត្រូវបង្ខំអោយធ្វើការជា ទម្ងន់នៅតាមការដ្ឋាននានា ក្នុងតំបន់ ស្រុកបារាយ ។ ពេលធ្វើការនៅការរដ្ឋានលោកសង្ឃឹមថា នឹងបានជួបគ្រីស្តបរិស័ទខ្លះ ដើម្បីលើកទឹកចិត្តគេ តែមិនសម្រេចឡើយ ។ នៅឆ្នាំ១៩៧៧ លោកអភិបាល យ៉ូសែប ឆ្មាសាឡាស់ ទទួលមរណភាព ដោយការបាក់កំលាំង នៅវត្តថ្លា ឃុំស្រយូង ស្រុកបារាយ ខេត្តកំពង់ធំ ។

លោក អ៊ីវ រ៉ាមូស កើត នៅថ្ងៃទី២៣ ខ្មែរកុម្ភៈ ឆ្នាំ១៩២៨ ក្នុងភូមិសែមបាដេល ប្រទេសបារាំង លោកចូលសមាគមសាសនទូតក្រៅ ប្រទេសនាក្រុងប៉ារីស (MEP) ។ លោកបានបំពេញការសិក្សា នៅមហាវិទ្យាល័យ ទេវវិទ្យាក្រេកូរ៉ីយ៉ាណា-រ៉ូម និងមហាវិទ្យាល័យទេវវិទ្យាប៉ារីស ។ លោកទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥៣ ។ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៦៣ លោកទទួលអគ្គសញ្ញាតែងតាំងជាអភិបាលទទួលខុសត្រូវលើព្រះសហគមន៍ភូមិ ភាគភ្នំពេញ ។
លោក ត្រូវបណ្តេញចេញពីប្រទេសកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ។ នៅឆ្នាំ១៩៧៦ លោកសុំលាមុខតំណែង ផ្ទេរអោយលោកអភិបាលឧបត្ថម្ភកយ៉ូសែប ឆ្មារ សឡាស់ ។
នៅថ្ងៃ ខែកុម្ភៈ ឆ្នាំ១៩៨៣ ដោយសារលោកអភិបាល យ៉ូសែប ឆ្មាសាឡាស់ បានទទួលមរណភាព សម្តេចប៉ាបក៏បានប្រគល់ឲលោក អ៊ីវ រ៉ាមូស ទទួលខុសត្រូវលើគ្រីស្តបរិស័ទជាតិកម្ពុជា នៅគ្រប់ទីកន្លែងដែលគេរស់នៅ ព្រមទាំងឲលោកមានភារកិច្ចជា អភិបាលពេញសិទ្ធិ ក្នុងប្រទេសទាំងមូលផង។
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៩២ សន្តអាសនៈក៏បានប្រគល់ឲ្យ លោកធ្វើជាអភិបាលទទួលខុសត្រូវ លើភូមិភាគភ្នំពេញសារជាថ្មីម្តងទៀត ។ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩២ លោកទទួលមុខងារជា អ្នកណែនាំ ភូមិភាគបាត់ដំបងរហូតដល់ឆ្នាំ២០០០ ។ លោកបានលាលែងពីមុខ តំណែងជា អភិបាលភូមិភាគភ្នំពេញ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០០១ ។
ពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០០១ លោកបានខិតខំអស់ពីកំលាំងកាយចិត្ត ដើម្បីប្រមែប្រមូលគ្រីស្តបរិស័ទដែលបាន ខ្ចាត់ខ្ចាយនៅគ្រប់ទីកន្លែង ឲ្យមានការរួបរូមគ្នាឡើងវិញ ។ លោកក៏លោកទឹកចិត្តគេ ឲ្យរស់នៅក្នុងសេចក្តីសង្ឃឹម និងមានជំនឿទៅលើព្រះជាម្ចាស់ជាបិតា និងព្រះយេស៊ូគ្រីស្តជាអម្ចាស់ ។