លោកអភិបាលអូលីវិយេ ចូលគាល់សម្តេចព្រះសង្ឃរាជ ទេព វង្ស ដើម្បីសួរសុខទុក្ខនិង​លើក​កម្ព​ស់​សុខដុមរមនាសាសនា

លោកអូលីវីយេ ជ្មីតហស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគ​ភ្នំ​ពេញ ​​អមដោយ​ស​ហ​ការី ​នារសៀលថ្ងៃទី ៦ ខែមករា ឆ្នាំ២០២១នេះ បានចូលគាល់សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេចព្រះ​មហា​សង្ឃ​រាជ​កម្ពុជា  នៅវត្តឧណ្ណាលោម​​រាជធានីភ្នំពេញ ដើម្បីសួរសុខទុក្ខ ថ្វាយព្រះពរឆ្នាំថ្មី និង​លើ​ក​កម្ពស់​សុខដុមរមនាសាសនា​និង​សន្តិ​ភាព។

នៅក្នុងពិធីចូលគាល់សម្តេចព្រះសង្ឃរាជនេះ លោកអភិបាលបានទូលថ្វាយនូវសមាណចិត្ត សួរសុខទុក្ខអំពីព្រះរាជសុខភាព​ និងបានរំឭកឡើងវិញនូវសកម្មភាពរបស់សម្តេច​ព្រះសង្ឃរាជ ក្នុង​កិច្ចការ​សន្ទនាអន្តរសាសនា ដែលបានយាងចូលរួមជំនួបសន្ទនាអន្តរសាសនា​អន្តរជាតិ នៅទី​ក្រុងរ៉ូម ជួបផ្ទាល់ជាមួយសម្តេចប៉ាប រួមទាំងអំពីព្រះរាជតួនាទី​ជាប្រធាន ក្រុមប្រឹក្សាអន្តរ​សាសនា​កម្ពុជាផងដែរ។

លោកអភិបាលអូលីវីយេក៏បានរំលឹកផងដែរ អំពីព្រះទ័យយកចិត្តទុកដាក់របស់​សម្តេច​ព្រះ​សង្ឃ​រាជដែលបានយាងចូលរួមក្នុងពិធីតែងតាំងលោកជាអភិបាលក្នុងឆ្នាំ២០១០កន្លងទៅ។​ ព្រមទាំង​ព្រះរាជ​សកម្មភាព​ជា​ច្រើនទៀតដែលសម្តេចព្រះសង្ឃរាជយាងចូលរួមនិងបានយកព្រះទ័យ​ទុក​ដាក់​​យ៉ាងខ្លាំង ដើម្បី​កសាងសេចក្តីសុខនិងសុខដុមរមនា រវាងសាសនានិងសាសនា។

លោកមានប្រសាសន៍ថា​៖ «នៅប្រទេសកម្ពុជា យើងចេះគោរពគ្នាក្នុងសាសនា ភាពសុខ​ដុម​​​រម​​នានៅកម្ពុជាកើត​ចេញ​លើស​ពីទំនាក់ទំនងរវាងសាសនានិងសាសនា»។

ក្រៅពីនេះលោកអភិបាលអូលីវិយេក៏បានទូលថ្វាយសម្តេចព្រះសង្ឃរាជអំពីស្នាដៃ​របស់​ព្រះសហ​គម​ន៍​កាតូលិកកម្ពុជាក្នុងសម័យកូវីដ១៩នេះ។ ជាពិសេសរូបលោក​ផ្ទាល់​បាន​បំពេញ​កិច្ចការ​យ៉ា​ងជិតស្និទ្ធិ​ជាមួយវត្តព្រះពុទ្ធសាសនា ដោយបាន​កសាងរោងកសិដ្ឋានដាំបន្លែសម្រាប់​ព្រះសង្ឃ​ក្នុង​វត្ត ដើម្បីមានចង្ហាន់គ្រប់គ្រាន់​ និងសមិទ្ធិផលផ្សេងៗជាច្រើនទៀត ដើម្បីបុព្វហេតុសុខដុម​រម​នាសាសនាក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងមូលដ្ឋានផ្ទាល់។

លោកធ្លាប់បានលើកឡើងថា ៖​ «កិច្ចសន្ទនាសាសនា គឺមិនត្រឹមតែទ្រឹស្តីនៃការជួបរវាងអ្នកដឹកនាំ​ទេ តែត្រូវឲ្យមានសកម្មភាព​ចូលរួមជាក់ស្តែងពីបរិស័ទទាំងអស់នៃសាសនានីមួយៗផងដែរ»។

ជាពិសេសនោះ លោកអភិបាលក៏បានទូលថ្វាយអំពី​គោលបំណង​សំខាន់ដែលចូល​គាល់នា​ពេល​នេះ​​​គឺដើម្បីសួរសុខទុក្ខ ព្រោះលោកបានទទួលដំណឹងអំពីព្រះរាជ​សុខភាពរបស់សម្តេច​ព្រះ​សង្ឃ​រាជ​មាន​ភាព​ចុះ​ខ្សោយ។​

លោកអភិបាលបានទូលថា៖ «ថ្ងៃនេះជាឱកាសសួរសុខទុក្ខ ដោយសាសម្តេច​មាន​ព្រះសុខភាព​ខ្សោយ នេះជារបៀបសន្ទនាសាសនានិងសាសនា។​ យើងបន្តអធិដ្ឋាននិងទូលអង្វរ​ព្រះជាម្ចាស់​សូមព្រះអង្គប្រទានឱ្យសម្តេចមានកំលាំងកាយ កំលាំងចិត្តរឹងមាំ។ សូមឲ្យប្រទេសកម្ពុជា​យើង​បាន​​ឈ្នះលើកូវីដ១៩ក្នុងឆ្នាំ២០២១នេះ ពីព្រោះទាំងអស់គ្នា​ជួបការលំបាក ទាំង​ផ្នែក​អាណា​ចក្រ​ និង​សាសនាចក្រ ដោយសារមិនអាចជួបជុំគ្នាបាន»។

បន្ទាប់ពីបានស្តាប់នូវពាក្យទូលថ្វាយនិងថ្វាយព្រះពរពីសំណាក់លោកអភិបាលអូលីវីយេ ព្រមទាំង​សហ​ការី សម្តេចព្រះសង្ឃរាជ ទេព វង្សបានមានបន្ទូល អរគុណដល់លោកអភិបាល អូលីវីយេ ដែលបានមកសួរសុខទុក្ខនិងថ្វាយព្រះពរចំពោះព្រះអង្គ។

សម្តេចព្រះសង្ឃរាជក៏​បានប្រទាន​ព្រះពរដល់​លោកអភិបាល​អូលីវីយេនិងសហការី ព្រមទាំង​គ្រីស្ត​បរិស័ទទាំងអស់​ឲ្យជួបតែនឹងពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ។​ ព្រម​ទាំង​ឲ្យ​ឈ្នះកូវីដ១៩ទាំងអស់គ្នា ជាពិសេសប្រទេសកម្ពុជា​ទាំងមូល។

សព្វថ្ងៃសម្តេច ទេព វង្ស ដែលជាស​ម្តេច​សង្ឃរាជគណមហានិកាយ មាន​ឋានៈ​ខ្ពស់​ជាងគេនៅ​ព្រះរាជាណាចក្រកម្ពុជានេះ មាន​ព្រះជន្ម​៩០​ព្រះ​វស្សា​៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email