ឆ្នាំថ្មីយើងបានឃើញជីវិតថ្មីកំពុងផុសឡើង
សួស្ដីឆ្នាំថ្មី
បងប្អូនជាទីស្រឡាញ់
ថ្ងៃនេះ ដើម្បីអបអរសាទរឆ្នាំថ្មីយើងស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូ “ចូរមានសុភមង្គល” ព្រះយេស៊ូមានព្រះបន្ទូលនេះប្រាំងបីដង។ តាមពិត នៅម៉ោងបួនទៀបភ្លឺពេលយើងបានចូលឆ្នាំថ្មី គឺថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ យើងបានឃើញនៅក្នុងវាលស្រែរបស់យើងមានទឹកភ្លៀងដែលបានធ្លាក់មកខ្លះៗ។ នៅពេលនោះ ខ្ញុំបានស្ដាប់បក្សាបក្សីដែលកំពុងច្រៀងយ៉ាងសប្បាយ ខ្ញុំបានឃើញកង្កែបដែលកំពុងលោតពីស្រែមួយទៅស្រែមួយ ដែលពោរពេញទៅដោយអំណរសប្បាយ។ ខ្ញុំបានឃើញ នៅមុខសាលាសន្តហ្រ្វង់ស្វ័រមានផ្កាពណ៌លឿង ផ្កាពណ៌ផ្កាឈូក ដែលកំពុងរីកដូចជាពោរពេញទៅដោយអំណរសប្បាយ។ ខ្ញុំបានឃើញ វាលស្រែរបស់យើងដែលបានស្វាគមន៍ទឹកភ្លៀងនេះ ពោរពេញដោយសេចក្តីសុខ ដោយសារវាលស្រែរបស់យើងនៅក្នុងរដូវកូវីដ-១៩ ទៅជាចំការបន្លែវិញ។
ពិតមែន ឆ្នាំថ្មីយើងបានឃើញជីវិតថ្មីកំពុងផុសឡើង ប្រសិនបើយើងមើលមួយភ្លែតយើងមានអារម្មណ៍ថា អ្វីៗទាំងអស់ដូចជាស្ងៀមស្ងាត់ ធម្មជាតិ សត្វទាំងឡាយដូចជាពោរពេញដោយអំណរសប្បាយ។ ផ្ទៃមេឃណែនាំឱ្យយើងបានទទួលទឹកភ្លៀងល្មមៗ ដើម្បីកុំឱ្យយើងក្រៅពេក ប៉ុន្តែយើងដឹងហើយថាកូវីដ-១៩កំពុងនៅ ប្រសិនបើយើងមើលហ្វេសប៊ុក ប្រសិនបើយើងស្ដាប់វិទ្យុ ប្រសិនបើយើងមើលទូរទស្សន៍មួយភ្លែត យើងបានឃើញអប្សរាដែលពាក់ម៉ាស់ យើងឃើញទេវតាដែលចុះពីឋានលើមក ត្រូវតែវាស់កំដៅសិនមុនអនុញ្ញាតឱ្យចូលលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ នៅម៉ោងបួនទៀបភ្លឺ យើងមិនបានឮសូរសំឡេងដែលគេស្វាគមន៍ទេវតាឆ្នាំថ្មី ឡើយគឺមានសភាពស្ងៀមស្ងាត់ ខារ៉ាអូខេតាមផ្ទះក៏មានសភាពស្ងៀមស្ងាត់ ផ្ទះនីមួយៗក៏នៅស្ងៀមស្ងាត់ដែរ។ កន្លែងដែលយើងធ្លាប់ជួបជុំគ្នា ដើម្បីលេងល្បែងប្រជាប្រិយខ្មែរនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីក៏ទទេអត់មានមនុស្សដែរ។ ផ្សារនីមួយៗ ភោជនីយដ្ឋាន ហាងកាហ្វេ ដែលធ្លាប់តែអ៊ូអរនៅក្នុងឆ្នាំថ្មីក៏បានបិទទ្វារអស់ហើយ។
តាមពិត នៅក្នុងរយៈពេល២០ឆ្នាំដែលខ្ញុំបានរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាលើកទីមួយដែលខ្ញុំអត់បានឃើញបងប្អូនសប្បាយ លេងល្បែង រាំវង់ អត់បានស្ដាប់បទចំរៀងប្រពៃណី អត់បានឃើញបងប្អូនចេញសួរសុខទុក្ខគ្នាពីផ្ទះមួយទៅផ្ទះមួយ ដើម្បីលេងជាមួយគ្នា ដើម្បីហូបបាយជាមួយគ្នា ដើម្បីសួរសុខទុក្ខគ្នា ដើម្បីជូនពរគ្នា។ តាមពិត កូវីដ-១៩ដ៏តូចនេះបានណែនាំឱ្យយើងចូលនៅក្នុងពេលវេលាដ៏ពិបាក ជាពិសេសតាំងពីថ្ងៃទី២០ ខែកុម្ភៈមកម្ល៉េះនៅលើទឹកដីនៃប្រទេសកម្ពុជាយើង។
នៅពេលនេះ ខ្ញុំនឹករលឹកដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៧៥ ជាថ្ងៃចូលឆ្នាំថ្មីដែរ ដែលលោកឪពុក ឆ្មារ សាឡាស់ បានទទួលអគ្គសញ្ញាតែងតាំងជាអភិបាលឧបត្ថម្ភកសម្រាប់ភូមិភាគភ្នំពេញ។ នៅក្នុងបរិយាកាសដូចសព្វថ្ងៃដែរ គឺបរិយាកាសស្ងៀមស្ងាត់ គ្រីស្តបរិស័ទចូលរួមក៏មិនបាន លោកអភិបាលក៏មានតែពីរអង្គដើម្បីតែងតាំងគាត់ជាអភិបាល។ ពិតមែន នោះជាប្រវត្តិសាស្ត្រផ្សេងដោយសារនៅឆ្នាំ១៩៧៥ គឺជាពេលវេលាដែលយើងពោរពេញដោយសង្រ្គាមស៊ីវិល ជាពេលវេលាដែលខ្មែរក្រហមកំពុងត្រៀមខ្លួនចូលនៅក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែ បរិយាកាសមិនខុសគ្នាប៉ុន្មានទេ គឺបរិយាកាសដែលបានណែនាំឱ្យយើងភ័យខ្លាច គឺបរិយាកាសដែលណែនាំឱ្យយើងសង្ស័យលើគ្នាទៅវិញទៅមក ប្រហែលអ្នកនោះមានជំងឺកូវីដ-១៩ ប្រហែលនេះបានជាប់ដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ប្រហែលអ្នកនោះធ្លាប់បានទាក់ទងជាមួយមនុស្សម្នាក់ដែលបានកើតកូវីដ-១៩…។ យើងចេះតែសង្ស័យនិងភ័យ ផ្ទុយទៅវិញពីប៉ុន្មានថ្ងៃកន្លងមកយើងបានឃើញផ្ទាល់ដែរ នៅក្នុងរាជធានីភ្នំពេញមានបងប្អូនចែករំលែកម្ហូបអាហារ បានឃើញសកម្មភាពនៃសាមគ្គីភាព ដែលអ្នកមានល្មមៗទៅជួយដល់អ្នកដែលខ្វះខាត អ្នកក្រីក្រ ក្នុងនេះក៏មានគ្រីស្តបរិស័ទរបស់យើងដែរ។
យើងដឹងថា បងប្អូនយ៉ាងច្រើនដែលភ្ជាប់នៅក្នុងរាជធានីភ្នំពេញ សព្វថ្ងៃក៏ពិបាកបំផុតអត់មានឱកាសដើម្បីទៅរកស៊ីពីមួយថ្ងៃទៅមួយថ្ងៃដូចពីមុន ដូចជាអ្នករត់កង់បី (PassApp) អ្នកដែលធ្វើការប្រចាំថ្ងៃស៊ីឈ្នួលនៅក្នុងការដ្ឋានសំណង់ ជាអ្នកដែលធ្លាប់លក់ដូរពីមួយថ្ងៃទៅមួយថ្ងៃ ដូចជាលក់បបរ លក់បាយ លក់នំបញ្ចុក លក់មាន់ដុត លក់ទាអាំងទឹកឃ្មុំ ឬត្រីដុតអំបិលជាដើម។ ប៉ុន្តែ ឥឡូវនេះលែងមានអស់ហើយ ផ្លូវនៅទទេស្ងប់ស្ងាត់បំផុត ភោជនីយដ្ឋាននិងហាងកាហ្វេបានបិទទ្វារអស់ហើយ រាជធានីភ្នំពេញដូចជាស្ងប់ស្ងាត់គួរឱ្យភ័យខ្លាច។ ម្យ៉ាងយើងអាចនិយាយបានថា កូវីដ-១៩មានអំណាចខ្លាំងណាស់ ជាមេរោគដ៏តូចបំផុតប៉ុន្តែដូចជាភាវរកម្មថ្មីដែលបានធ្វើឱ្យពិភពលោកទាំងមូលតាំងពីខែមករា ឆ្នាំ២០២០ ភ័យណាស់ ហើយបានណែនាំឱ្យជីវិតរបស់យើងទៅជាជីវិតប្រែប្រួល។ ប៉ុន្តែ មិនមែនប្រែប្រួលនៅក្នុងសេចក្តីសុខ មិនមែនប្រែប្រួលនៅក្នុងកម្លាំងកាយកម្លាំងចិត្តវិញ គឺប្រែប្រួលដោយភ្ជាប់ជាមួយការភ័យខ្លាច បាត់បង់សេចក្តីសង្ឃឹម។
ថ្ងៃនេះ ជាថ្ងៃដែលយើងគោរពពិធីបុណ្យចូលឆ្នាំថ្មីតាមប្រពៃណីជាតិខ្មែរ យើងបានស្តាប់ព្រះយេស៊ូដែលមានព្រះបន្ទូលថា “ចូរមានសុភមង្គល អ្នកណាដាក់ចិត្តជាអ្នកក្រខ្សត់ អ្នកណាសោកសៅ អ្នកណាមានចិត្តស្លូតបូត អ្នកណាស្រេកឃ្លានសេចក្តីសុចរិត អ្នកណាមានចិត្តបរិសុទ្ធ អ្នកណាកសាងសុខសន្តិភាព អ្នកណាមានចិត្តមេត្តាករុណា អ្នកនោះមានសុភមង្គលហើយ”។ ធម្មជាតិ បក្សាបក្សី សត្វទាំងឡាយ កង្កែប គីង្គក់ ដូចជាមានសេចក្តីសុខមែន ប៉ុន្តែដួងចិត្តរបស់យើងតើមានសេចក្តីសុខអ្វីខ្លះ?
ព្រឹកនេះ យើងត្រូវតែមានសេចក្តីសង្ឃឹម ដោយសារព្រឹកនេះយើងដឹងថាព្រះជាម្ចាស់ប្រទានព្រះពរឱ្យយើងទាំងអស់សម្រាប់ឆ្នាំថ្មីនេះ។ សូមឱ្យព្រះពររបស់ព្រះជាម្ចាស់ប្រទានកម្លាំងកាយកម្លាំងចិត្ត សេចក្តីអង់អាចក្លាហាន និងសេចក្តីសង្ឃឹមសារជាថ្មី។ ពិតមែន សូមព្រះជាម្ចាស់ប្រទានព្រះពរដល់បងប្អូនរៀងៗខ្លួន ដល់គ្រួសាររបស់យើងនីមួយៗ សូមព្រះជាម្ចាស់ប្រទានព្រះពរដល់អ្នកដឹកនាំប្រទេសរបស់យើងគ្រប់ឋានៈ។ សូមព្រះជាម្ចាស់ប្រទានព្រះពរដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ សូមព្រះជាម្ចាស់ប្រទានព្រះពរដល់អ្នកជំងឺ ដល់អ្នកដែលបានបាត់បង់បងប្អូនដោយសារជំងឺកូវីដ-១៩។ សូមព្រះជាម្ចាស់ប្រទានព្រះពរសម្រាប់បងប្អូនទាំងអស់ ដែលកំពុងភ្ជាប់ដោយសារកូវីដ-១៩ហ្នឹង ដែលបាត់បង់ការងារ។ សូមព្រះជាម្ចាស់ប្រទានព្រះពរដ៏បរិបូណ៌ សម្រាប់ប្រទេសកម្ពុជារបស់យើងទាំងមូល សូមព្រះជាម្ចាស់ប្រទានព្រះពរដ៏បរិបូណ៌សម្រាប់ព្រះសហគមន៍ សម្រាប់គ្រូគង្វាល សម្រាប់បងស្រីបងប្រុស សម្រាប់គ្រីស្តបរិស័ទរបស់យើងទាំងអស់គ្នា។
បងប្អូនជាទីស្រឡាញ់
នៅពេលខ្ញុំបានស្ដាប់ និងអធិដ្ឋានអំពីធម្មទេសនាដំបូងរបស់ព្រះយេស៊ូនៅលើភ្នំ ពេលខ្ញុំបាននឹកឃើញដល់បីកុំបីការពារ ណែនាំឱ្យខ្ញុំគិតខ្លះៗ។ ប៉ុន្តែ កុំយល់ច្រឡំអ្វីដែលខ្ញុំនិយាយនៅពេលនេះមិនមែនដើម្បីកុំឱ្យយើងអនុវត្ត។ យើងនៅតែបន្តអនុវត្តន៍៣កុំនិង៣ការពារអស់ពីសមត្ថភាពរហូតដល់អស់កូវីដ-១៩នៅលើទឹកដីកម្ពុជាយើង។
ក៏ប៉ុន្តែ នៅពេលយើងអស់កូវីដ-១៩នៅលើទឹកដីកម្ពុជា សូមពិចារណាដោយសារខ្ញុំគិតថា បីកុំបីការពារប្រៀបធៀបនឹងព្រះគម្ពីរដែលយើងបានស្ដាប់ថ្ងៃនេះ ណែនាំឱ្យយើងរកឃើញផ្លូវថ្មី ដើម្បីរស់នៅនៅក្នុងសេចក្តីសុខនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងពិភពលោកនាថ្ងៃអនាគត។ ប៉ុន្តែ សូមកុំស្តាប់ច្រឡំសូមបន្តអនុវត្តន៍សិនរហូតដល់កូវីដ-១៩អស់ ពេលអស់ហើយសូមគិតអ្វីដែលខ្ញុំនិយាយនៅពេលនេះ។
៣ការពារ
ទីមួយ ពាក់ម៉ាស់ នៅពេលយើងពាក់ម៉ាស់យើងលាក់មុខ ស្នាមញញឹមយើងលែងមើលឃើញ ទឹកភ្នែកលែងមើលឃើញ យើងលាក់មុខ លាក់អារម្មណ៍ដែលចេញលើទឹកមុខរបស់យើង លែងមើលឃើញ។ ការនិយាយរបស់យើងក៏លែងស្ដាប់ឮច្បាស់ដែរ ដោយសារយើងលែងបើកមាត់និងសំឡេងយើងមិនសូវឮប៉ុន្មានទេ។ ដូច្នេះ នៅពេលនោះយើងយល់ថាទំនាក់ទំនងដែលយើងបង្កើត តាមស្នាមញញឹម តាមកាយវិការមុខមាត់របស់យើង តាមសំដីរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃសំខាន់ណាស់។ ទំនាក់ទំនង ដែលយើងបង្កើតតាមរយៈមុខរបស់យើងសព្វថ្ងៃយើងកំពុងលាក់ វាសំខាន់ណាស់ដើម្បីលើកទឹកចិត្តបងប្អូនឯទៀតៗ ដើម្បីស្រឡាញ់បងប្អូនឯទៀតៗនៅក្នុងរបៀបសាមញ្ញបំផុតនៃជីវិតប្រចាំថ្ងៃ។ ដូច្នេះ នៅពេលដែលយើងស្ដាប់ព្រះយេស៊ូមានព្រះបន្ទូលថា “អ្នកណាមានចិត្តបរិសុទ្ធ អ្នកនោះមានសុភមង្គលហើយ”។ នៅពេលយើងលែងពាក់ម៉ាស់ សូមគិតពិចារណា យើងគួរធ្វើដូចម្ដេចដើម្បីចែករំលែកស្នាមញញឹមដ៏ពេញលក្ខណៈ។
ទីពីរ លាងដៃ ខ្ញុំគិតថានេះជាមេរៀនដ៏ពិសេសបំផុតនៅក្នុងសម័យកូវីដ-១៩នេះ ជាមេរៀនដែលណែនាំឱ្យយើងយកចិត្តទុកដាក់លើអនាម័យយ៉ាងខ្លាំងបំផុត យកចិត្តទុកដាក់នឹងសុខភាពរបស់យើង រូបកាយរបស់យើង។ ប៉ុន្តែ ជាពេលវេលាដើម្បីគិតដែរ កុំឱ្យយើងតែលាងដៃរបស់យើងតែប៉ុណ្ណឹង កុំឱ្យយើងតែបាញ់អាកុលតែប៉ុណ្ណឹង ដូចគណៈផារីស៊ីពីសម័យដើម។ ប៉ុន្តែ ឱ្យយើងលាងចិត្តគំនិត លាងបេះដូងរបស់យើង លាងផ្លូវវិញាណរបស់យើងដែរ កុំឱ្យអំពើបាបធ្វើបាបយើង។ ដូចយើងបានស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូថា “អ្នកណាមានចិត្តបរិសុទ្ធ អ្នកនោះមានសុភមង្គលហើយ”។
ទីបី រក្សាគម្លាតសង្គម គម្លាតបុគ្គលទៅបុគ្គលឆាប់ពីមួយម៉ែត្រកន្លះឡើងទៅ តាមពិតពេលយើងនិយាយអំពីសង្គមជាប់នឹងបុគ្គលនៅក្នុងការនៅឆ្ងាយពីគ្នា ណែនាំឱ្យយើងយល់ច្រឡំខ្លះៗ និងណែនាំឱ្យយើងធ្វើឱ្យមនុស្សប៉ុន្មាននាក់ដូចជាឯកោមែនទែន ដោយសារលែងមានទំនាក់ទំនង។ មិនមែនតែនៅឆ្ងាយពីគ្នាមួយម៉ែត្រកន្លះ ប៉ុន្តែនៅឆ្ងាយពីគ្នាយ៉ាងដាច់ខាតតែម្ដង គឺឆ្ងាយពីគ្នាដាច់ដោយឡែកមែនទែន។ តាមពិត ធម្មជាតិរបស់មនុស្សយើងនៅក្នុងសង្គមគឺយើងបង្កើតទំនាក់ទំនង មនុស្សយើងជាសត្វដែលរស់នៅក្នុងសង្គមដែលបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធ។ ដូច្នេះ យើងសង្ឃឹមនៅពេលយើងបានបញ្ចប់ការបៀតបៀនរបស់ជំងឺកូវីដ-១៩ យើងយកពេលវេលាដើម្បីបង្កើតទំនាក់ទំនងផ្ទាល់សារជាថ្មី។ មិនមែនតែទំនាក់ទំនងក្លែងក្លាយតាមទូរស័ព្ទ តាមហ្វេសប៊ុក តាមយូធូប តាមបណ្តាញទំនាក់ទំនងសង្គម ប៉ុន្តែជាទំនាក់ទំនងផ្ទាល់ដែលណែនាំឱ្យយើងពោរពេញដោយសេចក្តីសុខ។ ដោយយើងនិយាយផ្ទាល់មាត់ដូចជា “សូមជម្រាបសួរ ទៅណា? មកពីណា? ហូបបាយហើយឬនៅ?” នេះណែនាំឱ្យយើងនឹកឃើញដល់ព្រះបន្ទូលរបស់ព្រះយេស៊ូ “អ្នកណាមានចិត្តមេត្តាករុណា អ្នកនោះមានសុភមង្គលហើយ”។
៣កុំ
ទីមួយ កុំចូលនៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើន នេះជាស្មារតីថ្មីមួយទៀតសម្រាប់យើងនៅក្នុងរដូវកូវីដ-១៩។ របៀបរស់នៅថ្មី នៃសង្គមរបស់យើងនៅក្នុងសតវត្សទី២១នេះ ណែនាំឱ្យយើងគិតចង់ធ្វើការនៅក្នុងការិយាល័យ។ ពីកូនមត្តេយ្យមកម្លេះ ពេលយើងសួរគាត់ថា តើអនាគតចង់ធ្វើអ្វី? គាត់ឆ្លើយថា គាត់ចង់ធ្វើការនៅក្នុងការិយាល័យ មូលហេតុអ្វី? គាត់ថា ដោយសារគាត់អង្គុយយ៉ាងស្រួលដែលមានម៉ាស៊ីនត្រជាក់។ អរគុណកូវីដ-១៩សម្រាប់នេះ ឱ្យយើងយល់ថាជីវិតរបស់យើង មិនមែនតែនៅក្នុងបន្ទប់ដ៏តូចមួយដោយបិទទ្វារបង្អួច បើកម៉ាស៊ីនត្រជាក់។ ផ្ទុយទៅវិញ ឱ្យយើងយល់ថាយើងធ្វើដូចម្ដេចដើម្បីការពារធម្មជាតិ ដែលយើងបានទទួល គិតទៅកុំឱ្យយើងចេះតែចាក់បេតុងសាងសង់អាគារជិតៗ។ សូមបងប្អូនចាប់អារម្មណ៍ កូវីដ-១៩លូតលាស់មិនមែននៅជនបទ ដែលមានកន្លែងវាលធំ ដែលមានផ្ទះឆ្ងាយៗពីគ្នា ប៉ុន្តែគឺលូតលាស់នៅភ្នំពេញដែលយើងមានផ្ទះនៅក្បែរគ្នា នៅជាប់គ្នា។ ឧទាហរណ៍ដូចជានៅក្នុងបុរី នៅតាមផ្ទះល្វែង កន្លែងដែលអត់មានខ្យល់ធម្មជាតិ គឺនៅមានតែម៉ាស៊ីនត្រជាក់ដោយបិទទ្វារយ៉ាងជាប់។ នេះជាមេរៀនថ្មី ដោយសារយើងភ្លេចប្រពៃណីនិងវប្បធម៌របស់យើងពីដើម ផ្ទះថ្មីៗនៅតាមស្រុកស្រែសព្វថ្ងៃ លែងធ្វើដូចពីដើមយើងសាងសង់ជញ្ជាំង និងបង្អួចតូចមែនទែន យើងអង្គុយនៅក្នុងបន្ទប់របស់យើង ពេលយប់បែកញើសអស់ហើយដូច្នេះយើងត្រូវការបើកម៉ាស៊ីនត្រជាក់ ស៊ីភ្លើងអស់លុយច្រើនណាស់។ ប៉ុន្តែ ពីសម័យដើមយើងដេកនៅលើគ្រែក្រោមផ្ទះ ដែលគ្មានជញ្ជាំង ដែលមានខ្យល់ចេញចូល ដែលមានទឹកភ្លៀង ដែលមានក្លិនអាចម៍គោ ដែលមានមាន់រងាវឬមាន់មករំខានយើងតាំងពីព្រលឹម គឺនៅពេលនោះមិនមានជំងឺកូវីដ-១៩ទេ។ ដូច្នេះ យើងយល់ថាឱ្យយើងរស់នៅ នៅក្នុងរបៀបសាមញ្ញធម្មតាសារជាថ្មី ដូចព្រះយេស៊ូមានព្រះបន្ទូលថា “អ្នកណាដាក់ចិត្តជាអ្នកក្រខ្សត់ អ្នកនោះមានសុភមង្គលហើយ”។
ទីពីរ កុំទៅកន្លែងដែលមានមនុស្សច្រើន នេះគឺជាបញ្ហាមែនទែនដែលកូវីដ-១៩ណែនាំឱ្យយើងសង្ស័យគ្នាទៅវិញទៅមក ដែលណែនាំឱ្យយើងបាក់បែកគ្នា។ គ្រួសាររបស់យើង នៅក្នុងថ្ងៃចូលឆ្នាំប្រពៃណីខ្មែរនេះអត់បានជួបជុំគ្នាដូចរាល់ឆ្នាំ យើងត្រូវការនៅឆ្ងាយពីគ្នានៅក្នុងវិហារ នៅក្នុងវិហារពុទ្ធសាសនាក្តី ឥស្លាមសាសនាក្តី គ្រីស្តសាសនាក្តី។ យើងមិនអាចជួបជុំគ្នាដូចពីមុន ដូច្នេះយើងត្រូវការអធិដ្ឋានដើម្បីឱ្យកូវីដ-១៩ងាប់យ៉ាងលឿនបំផុត ដើម្បីឱ្យយើងរកឃើញទំនាក់ទំនងនៅកន្លែងដែលមានមនុស្សយ៉ាងច្រើន ឱ្យយើងសប្បាយរួមជាមួយគ្នា ជាមួយមិត្តភ័ក្ត ជាមួយគ្រួសារ នៅក្នុងវិហារ នៅក្នុងវត្ត នៅគ្រប់ទីកន្លែងដែលយើងធ្លាប់មានកម្មវិធីបុណ្យ។ សព្វថ្ងៃ យើងនៅសល់តែបុណ្យសពកំសត់ណាស់ ប៉ុន្តែតែបុណ្យសប្បាយៗដែលលើកតម្កើងជីវិត ដូចជាពិធីអាពាហ៍ពិពាហ៍ ខួបកំណើត ទទួលស្វាគមន៍កូនថ្មី ឬឡើងផ្ទះអស់ហើយ។ ដូច្នេះ យើងអធិដ្ឋានដើម្បីឱ្យឆាប់ៗនេះយើងមានជីវិតដូចកាលពីមុន ដោយនឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូ ដើម្បីឱ្យយើងតស៊ូនៅក្នុងចិត្ត “អ្នកណាត្រូវគេបៀតបៀន អ្នកនោះមានសុភមង្គលហើយ”។
ទីបី កុំប៉ះពាល់គ្នា កុំចាប់ដៃ កុំកៀកស្មា កុំអោបគ្នាជាដើម ពិតមែនកូវីដ-១៩ដែលជាមេរោគដ៏តូចបំផុត តែសាហាវណាស់ វាសាហាវមែនទែនដោយសារគ្រប់កាយវិការយ៉ាងសាមញ្ញបំផុត ដែលបង្ហាញអំពីភាពថ្នាក់ថ្នម អំពីសេចក្តីស្រឡាញ់ អំពីការលើកទឹកចិត្ត អំពីការស្វាគមន៍ អំពីការលើកបងប្អូនដែលកំពុងអស់កម្លាំង យើងមិនអាចធ្វើបាន។ នឹកឃើញដល់ស្នាមព្រះហស្ថរបស់ព្រះយេស៊ូ ដែលប៉ះអ្នកជំងឺ ដែលប៉ះជនពិការ ដែលប៉ះអ្នកខ្វាក់ ដែលប៉ះមនុស្សកើតជំងឺឃ្លង់ លែងធ្វើបានហើយ។ ដូច្នេះ ឱ្យយើងអធិដ្ឋានដើម្បីឱ្យកូវីដ-១៩ងាប់យ៉ាងឆាប់ៗ ដើម្បីឱ្យយើងមានកាយវិការយ៉ាងជិតស្និទ្ធ ថ្នាក់ថ្នម ឱ្យយើងភ្ជាប់គ្នាជាមួយជីវិត ជាមួយសេចក្តីសុខ។ យើងមើលទៅ សង្សារលែងសប្បាយអស់ហើយ ប្ដីប្រពន្ធលែងសប្បាយអស់ហើយ មិត្តសម្លាញ់លែងសប្បាយអស់ហើយ បងប្អូនដែលធ្លាប់តែដើរលេងជាមួយគ្នាលែងសប្បាយអស់ហើយ។ ដូច្នេះ យើងអធិដ្ឋានដោយនឹកឃើញដល់ព្រះបន្ទូលរបស់ព្រះយេស៊ូ “អ្នកណាកសាងសុខសន្តិភាព អ្នកនោះមានសុភមង្គលហើយ”។
បងប្អូនជាទីស្រឡាញ់ ពិតមែនព្រឹកនេះព្រះយេស៊ូមានព្រះបន្ទូលថា “សូមមានសុភមង្គលដ៏ពេញលក្ខណៈ”។ ដូច្នេះ ថ្ងៃនេះសូមគោរពបីកុំ សូមគោរពបីការពារឱ្យអស់ពីសមត្ថភាព ដើម្បីឱ្យថ្ងៃស្អែកយើងអាចរកឃើញ កាយវិការ ស្នាមញញឹម អំណរសប្បាយដ៏សាមញ្ញនៅក្នុងជីវិតរបស់យើង ដើម្បីឱ្យថ្ងៃស្អែកយើងរកឃើញសេចក្តីសុខ និងសុភមង្គលដ៏ពេញលក្ខណៈនៅក្នុងជីវិតរបស់យើង។ ក៏ប៉ុន្តែ ថ្ងៃនេះឱ្យយើងយកចិត្តទុកដាក់ធ្វើដំណើរយ៉ាងជិតស្និទ្ធ ជាមួយបងប្អូនដែលកំពុងស្រេកឃ្លានយុត្តិធម៌ ជាមួយបងប្អូនដែលកំពុងយំសោក ដើម្បីឱ្យសុភមង្គលដែលព្រះអង្គប្រទានដល់យើងថ្ងៃនេះ តាមរយៈព្រះពររបស់ព្រះជាម្ចាស់ អាចចែករំលែកជាមួយបងប្អូនឯទៀតៗ ដើម្បីឱ្យធម្មទេសនានិងព្រះបន្ទូលដ៏ពិសេសបំផុតរបស់ព្រះយេស៊ូសម្រាប់យើងថ្ងៃនេះ ដល់បងប្អូនឯទៀតៗដែរ។
សូមសុភមង្គលមានដល់បងប្អូនរបស់យើងទូទាំងប្រទេសកម្ពុជា
សិរីសួស្ដីឆ្នាំថ្មី សូមបងប្អូនទាំងអស់ពោរពេញដោយសេចក្តីសុខ
ពោរពេញដោយព្រះពរដែលមកពីព្រះជាម្ចាស់ផ្ទាល់
អាលេលូយ៉ា អាលេលូយ៉ា អាម៉ែន៕
+លោកអភិបាល អូលីវីយ៉េ ជ្មីតហរស្លេ
អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ
ប្រទេសកម្ពុជា