អភិបូជា​សប្តាហ៍​ទី​បី​នៃ​រដូវ​បុណ្យ​ចម្លង ពី​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០២១

គោរព​វិន័យ​ដើម្បី​ផល​ប្រយោជន៍​រួម

បងប្អូន​ជាទី​ស្រឡាញ់

ខ្ញុំ​សូម​ជម្រាប​សួរ​និង​សូម​ស្វាគមន៍​បងប្អូន​ទាំង​អស់ ដែល​បាន​ស្ដាប់​នៅ​ពេល​នេះ ឬ​ក៏​ស្ដាប់​នៅ​ពេល​ក្រោយ នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​ទាំង​មូល។ គម្ពីរ​ដែល​យើង​បាន​ស្ដាប់​ថ្ងៃ​នេះ ជា​ពិសេស​អត្ថបទ​ទី​ពីរ​និង​គម្ពីរ​ដំណឹង​ល្អ ត្រូវ​តែ​បំភ្លឺ​យើង​នៅ​ក្នុង​របៀប​ពិសេស នៅ​ក្នុង​បរិយាកាស​ដែល​យើង​កំពុង​រស់​នៅ​សព្វ​ថ្ងៃ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ ក៏​ដូចជា​នៅ​ទី​ក្រុង​តាខ្មៅ និង​ក៏​ដូចជា​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​យើង​ទាំង​មូល។

យើង​បាន​ឃើញ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ផ្លូវ​ត្រូវ​តែ​បិទ​ខ្លាំង​ទៅៗ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​វិន័យ​និង​វិធាន​ការ​ត្រូវ​តែ​តឹង​ទៅ​ៗ ដើម្បី​ឱ្យ​ជំងឺ​កូវីដ-១៩​នេះ​លែង​លូត​លាស់ និង​លែង​ឆ្លង​រាល​ដាល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​បាន។ ប៉ុន្តែ យើង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដែរ​ព្រោះ​ពី​ប៉ុន្មាន​ខែ​កន្លង​មក​តាំង​ពី​ព្រឹត្តិការណ៍​ទី​២០ ខែ​កុម្ភៈ បាន​កើត​ឡើង នៅ​ពេល​នោះ​ទាំង​រដ្ឋាភិបាល​ជា​ពិសេស​ក្រសួង​សុខាភិបាល បាន​បង្រៀន បាន​អប់រំ បាន​ណែនាំ ជាពិសេស “បី​កុំ​បី​ការពារ”។ យើង​បាន​ស្ដាប់ ក៏​ប៉ុន្តែ​តើ​យើង​បាន​អនុវត្ត​ឬ​ទេ? តើ​យើង​បាន​យក​ចិត្ត​ទុក​ដាក់​ឬ​ទេ? ពេល​យើង​ឃើញ​នៅ​ពេល​ហ្នឹង អ្វី​ដែល​កំពុង​ផ្ទុះ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ជា​ពិសេស ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ខ្លាំង​ទៅៗ។ សព្វ​ថ្ងៃ​មាន​៥២​រោង​ចក្រ ដែល​បាន​ជាប់​ជា​មួយ​នឹង​មេរោគ​កូវីដ-១៩ សព្វ​ថ្ងៃ​មាន​ផ្សារ​ធំៗ​នៅ​ទីក្រុង​ភ្នំពេញ​ដែល​កំពុង​បិទ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដំបូង​គឺ​យើង​បាន​ឃើញ​គេ​បិទ​ផ្សារ​អូរឬស្សី ក្រោយ​មក​មាន​ផ្សារ​ចាស់ និង​យប់​មិញ​ផ្សារ​ដើម​គរ។ ដោយ​ដឹង​ថា ផ្សារ​ដើម​គរ​ជា​ផ្សារ​នៃ​ប្រភព​បន្លែ​ដើម្បី​ចែក​ចាយ​ទូទាំង​រាជធានី​ភ្នំពេញ​ទាំង​មូល។

ដូច្នេះ ពេល​យើង​ឃើញ​នេះ​យើង​ត្រូវ​ការ​សួរ​ខ្លួន​ឯង​រៀងៗ​ខ្លួន តើ​យើង​ចេះ​តែ​និយាយ​លាង​ដៃ ពាក់​ម៉ាស់ អង្គុយ​ឆ្ងាយ​ពី​គ្នា ឬ​យើង​បាន​អនុវត្ត​វា​យ៉ាង​ជាក់​ស្ដែង​ក្នុង​រយៈពេល​ពីរ​ខែ​កន្លង​មក​នេះ?

រហូត​ដល់​សព្វ​ថ្ងៃ រដ្ឋាភិបាល​ត្រូវ​ការ​ប្រើ​អំណាច​យ៉ាង​ខ្លាំង ដើម្បី​ឱ្យ​ប្រជាជន​យល់ ដើម្បី​ឱ្យ​ប្រជាជន​យក​ចិត្ត​ទុក​ដាក់។ រហូត​ដល់​សព្វ​ថ្ងៃ មាន​មនុស្ស​មួយ​ចំនួន​បាន​គេច​ខ្លួន​ពី​ភ្នំពេញ​ដើម្បី​ចូល​ខេត្ត ដោយ​ឥត​បាន​និយាយ​ធ្វើ​ដោយ​ស្ងាត់ៗ មាន​មនុស្ស​ខ្លះ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដោយ​ធ្វើ​តាម​ផ្លូវ​ងងឹត ដោយ​មិន​ស្ដាប់​ការ​ណែនាំ។ ដូច្នេះ ផ្លែ​ដែល​យើង​បាន​ឃើញ​សព្វ​ថ្ងៃ​គឺ​ហ្នឹង​ពិបាក​ទៅៗ។ កុំ​ឱ្យ​យើង​សង្ឃឹម​ការ​ពិបាក​នេះ អាច​សម្រុះ​សម្រួល​មួយ​ភ្លែតៗ​បាន មិន​មែន​ស៊ី​សង​លើ​ក្រសួង​សុខាភិបាល មិន​មែន​ស៊ី​សង​លើ​រដ្ឋ​អំណាច ប៉ុន្តែ​ស៊ី​សង​លើ​យើង​ជា​បុគ្គល​ម្នាក់ៗ ម្នាក់ៗ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់។

ដូច​យើង​បាន​ស្ដាប់​អត្ថបទ​ទី​ពីរ តាមរយៈ​សន្ត​យ៉ូហាន​ព្រះយេស៊ូ​បាន​រំលឹក​អំពី​ធម្មវិន័យ ធម្មវិន័យ​របស់​ព្រះអង្គ​គឺ​ឱ្យ​យើង​ធ្វើ​ដូច​ម្ដេច ដើម្បី​រស់់​នៅ​ក្នុង​ធម្មវិន័យ​នេះ មាន​ន័យ​ថា “ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ព្រះយេស៊ូ​បាន​ស្រឡាញ់​យើង ប្រសិន​បើ​មាន​អ្នក​ណា​ពោល​ថា ខ្ញុំ​ស្គាល់​ព្រះអង្គ​ហើយ តែ​មិន​កាន់​តាម​ធម្មវិន័យ​របស់​ព្រះអង្គ អ្នក​នោះ​និយាយ​កុហក ហើយ​សេចក្តី​ពិត​មិន​ស្ថិត​នៅ​ក្នុង​ខ្លួន​គេ​ទេ”។ ព្រះយេស៊ូ​មិន​ប្រើ​អំណាច ដើម្បី​ឱ្យ​យើង​ដើរ​តាម​ធម្មវិន័យ​របស់​ព្រះអង្គ ប៉ុន្តែ​ម្យ៉ាង​ព្រះយេស៊ូ​ដូច​ជា​មាន​របៀប​មួយ​ដែរ ដើម្បី​ឱ្យ​យើង​ភ្ញាក់​ស្មារតី “ប្រសិន​បើ​យើង​មិន​ដើរ​តាម​ធម្មវិន័យ​របស់​ព្រះយេស៊ូ យើង​ត្រូវ​តែ​ស្ថិត​ស្ថេរ​នៅ​ក្នុង​ទុក្ខ​លំបាក​និង​វេទនា ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ​យើង​ដើរ​តាម​ធម្មវិន័យ​របស់​ព្រះយេស៊ូ យើង​ស្ថិត​ស្ថេរ​នៅ​ក្នុង​សេចក្តី​សុខ និង​សេចក្តី​សង្ឃឹម ដោយ​ដឹង​ថា​ព្រះជាម្ចាស់​ជាប់​នឹង​យើង និង​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ភ្ជាប់​នឹង​យើង”។

ប្រៀប​ធៀប​នឹង​បញ្ហា​ដែល​កើត​ឡើង​សព្វ​ថ្ងៃ តាម​ពិត​វិន័យ ច្បាប់ មិន​ត្រូវ​តែ​អនុវត្ត​ដោយសារ​គេ​គំរាម ឬ​ដោយសារ​គេ​បង្ខំ ប៉ុន្តែ​ត្រូវ​ទៅ​ជា​ធម្មជាតិ​របស់​យើង​ជា​ពលរដ្ឋ​មួយ​រូប។ ច្បាប់​ដែល​យើង​មាន​នៅ​ក្នុង​ប្រទេស​នីមួយៗ មិន​មែន​ដើម្បី​ធ្វើ​បាប​ប្រជារាស្រ្ត ច្បាប់​នីមួយៗ​គឺ​ដើម្បី​ឱ្យ​ប្រជារាស្ត្រ​រស់​នៅ​ក្នុង​សេចក្តី​សុខ រស់​នៅ​ក្នុង​សុខដុមរមនា លុះត្រាតែ​ប្រជាជន​ម្នាក់ៗ​យក​ចិត្ត​ទុក​ដាក់​គោរព​ច្បាប់​ហ្នឹង។ នៅ​ក្នុង​រដូវ​កូវីដ-១៩​នេះ រដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​ថ្មីៗ ប៉ុន្តែ​ច្បាប់​ថ្មីៗ​ទាំង​នេះ​មិន​មែន​ដើម្បី​ពិន័យ ពិន័យ​ប្រសិន​បើ​យើង​មិន​បាន​អនុវត្តន៍​មែន។ ប៉ុន្តែ ប្រសិន​បើ​យើង​រៀងៗ​ខ្លួន​មាន​ការ​ទទួល​ខុស​ត្រូវ​យ៉ាង​ខ្ពស់ នៅ​ក្នុង​ការ​អនុវត្ត​វិន័យ​និង​ច្បាប់​ដែល​យើង​មាន​សព្វ​ថ្ងៃ យើង​ដឹង​ថា​ប្រហែល​យើង​អាច​ទៅ​មុខ​បាន។ ប៉ុន្តែ ប្រសិន​បើ​យើង​រៀងៗ​ខ្លួន​មិន​ធ្វើ វា​យ៉ាប់​ទៅៗ​ហើយ​ជះ​ឥទ្ធិ​ពល​ដល់​ប្រទេស​យើង​ទាំង​មូល មិន​មែន​តែ​សម្រាប់​ទី​ក្រុង​ភ្នំពេញ​តែ​ប៉ុណ្ណឹង។

នៅ​ពេល​នេះ ខ្ញុំ​កំពុង​ផ្សាយ​ចេញ​ពី​ខេត្ត​តាកែវ ប៉ុន្តែ​យើង​បាន​ឃើញ​នៅ​ក្នុង​ខេត្ត​តាកែវ​ក៏​កំពុង​ពិបាក​ដែរ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​យើង​បាន​ឃើញ​កូវីដ-១៩​ចាប់​ផ្ដើម​លូត​លាស់។ ដូច្នេះ យើង​ត្រូវ​ការ​គិត​ពិចារណា​អំពី​របៀប​ដែល​យើង​ត្រូវ​តែ​ធ្វើ រហូត​ដល់​សព្វ​ថ្ងៃ​ដើម្បី​ឱ្យ​យើង​ស្ដាប់​ច្បាប់​ថ្មីៗ​ដែល​ទើប​តែ​បង្កើត​ឡើង ត្រូវ​តែ​ចាប់​អ្នក​ដែល​ល្មើស។ ដូច​យើង​បាន​ឃើញ នៅ​ទីក្រុង​ភ្នំពេញ​យើង​មាន​ទាហាន ប៉ូលីស ច្រើន​ណាស់ ដើម្បី​ចាប់​ប្រជាជន​ដែល​មិន​បាន​អនុវត្ត​និង​គោរព​តាម​ច្បាប់​ថ្មីៗ​នោះ។ យើង​កុំ​គិត​ថា​យើង​អាច​គេច​ខ្លួន​បាន យើង​បាន​ឃើញ​ហើយ​ថា​ឧត្តម​សេនីយ៍ (ផ្កាយ​បី)​ម្នាក់ ដែល​បាន​ជិះ​ឡាន​ហើយ​អួត​ខ្លួន​ដោយ​បាន​ស្ដាប់​បទ​ចម្រៀង​សប្បាយៗ ហើយ​និយាយ​ថា​ខ្ញុំ​មាន​សិទ្ធិ ខ្ញុំ​ជា​មេ​ធំ ក្រោយ​មក​កង​កម្លាំង​ក៏​បាន​ចាប់​គាត់​ដែរ។ ដូច្នេះ មិន​មាន​មនុស្ស​ម្នាក់​ដែល​មាន​អំណាច​នៅ​លើ​ច្បាប់​បាន​ទេ ច្បាប់​ណែនាំ​ឱ្យ​យើង​រស់​នៅ​ក្នុង​សុខដុមរមនា រស់​នៅ​ក្នុង​សេចក្តី​សុខ។ ដូច្នេះ ត្រូវ​ការ​ឱ្យ​យើង​ទាំង​អស់​គ្នា​ចូល​នៅ​ក្នុង​ផល​ប្រយោជន៍​រួម គឺ​ដោយ​គោរព​ច្បាប់ ដូច​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថ្ងៃ​នេះ ធម្ម​វិន័យ​របស់​ព្រះយេស៊ូ​គឺ​បាន​ណែនាំ​ឱ្យ​យើង​មាន​សេចក្តី​សុខ លុះ​ត្រា​តែ​យើង​គោរព​ធម្ម​វិន័យ​ហ្នឹង។

ព្រះយេស៊ូ​មិន​បាន​ប្រើ​អំណាច ប៉ុន្តែ​ប្រសិន​បើ​យើង​ចាប់​អារម្មណ៍ ព្រះយេស៊ូ​បាន​គំរាម​ម្យ៉ាង​ដែរ “អ្នក​ណា​មិន​ធ្វើ​តាម​ធម្មវិន័យ អ្នក​នោះ​ត្រូវ​តែ​វេទនា អ្នក​ណា​មិន​គោរព​តាម​ធម្មវិន័យ អ្នក​នោះ​ជា​អ្នក​ដែល​និយាយ​កុហក និង​ឥត​មាន​សេចក្តី​ពិត​ស្ថិត​ស្ថេរ​ទេ”។ ដូច្នេះ ប្រសិន​បើ​បង​ប្អូន​ទាំង​អស់​គ្នា​ចង់​មាន​សេចក្តី​សុខ ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​រួម​ជា​មួយ​គ្នា ជា​ពិសេស​យើង​ដែល​ជា​គ្រីស្ត​បរិស័ទ​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​ទាំង​មូល ដើម្បី​ធ្វើ​តាម​ច្បាប់​របស់​រដ្ឋ ដើម្បី​ផល​ប្រយោជន៍​រួម និង​ឱ្យ​យើង​ធ្វើ​តាម​ធម្ម​វិន័យ​របស់​ព្រះយេស៊ូ ដែល​អញ្ជើញ​យើង​ឱ្យ​យើង​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ព្រះយេស៊ូ​បាន​ស្រឡាញ់​យើង។ ក្នុង​ពេល​វេលា​កូវីដ-១៩​នេះ ឱ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គោរព​រដ្ឋាភិបាល​ផង ដោយ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ផង ដោយ​បង្ហាញ​សេចក្តី​ស្រឡាញ់​យ៉ាង​ជាក់​ស្ដែង​ផង។

ដំណឹង​ល្អ​ថ្ងៃ​នេះ ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​យើង​ធ្វើ​ជា​សាក្សី​អំពី ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ នៅ​ពេល ព្រះយេស៊ូ​បង្ហាញ​ខ្លួន​ដល់​ក្រុម​គ្រីស្ត​ទូត ក្រុម​គ្រីស្ត​ទូត​ចេះ​តែ​សង្ស័យ ក្រុម​គ្រីស្ត​ទូត​ចេះ​តែ​មិន​ដឹង​ថា​ជា​ព្រះយេស៊ូ​ឬ​ជា​ខ្មោច​លង។ ដើម្បី​ឱ្យ​ព្រះយេស៊ូ​បង្ហាញ​ខ្លួន​ឱ្យ​គេ​យល់​ថា​ជា​ព្រះអង្គ​ពិត​មែន ព្រះយេស៊ូ​មិន​បាន​ចាប់​ផ្ដើម​ដោយ​អប់រំព្រះយេស៊ូ​មិន​ចាប់​ផ្តើម​ដោយ​ទេសនា​រំលឹក​អំពី​ព្រះគម្ពីរ អំពី​ព្យាការី​ទេ។ ប៉ុន្តែ ព្រះអង្គ​បាន​មាន​ព្រះបន្ទូល​សួរ​គេ​ថា តើ​នៅ​ទី​នេះ​អ្នក​រាល់​គ្នា​មាន​អ្វី​បរិភោគ​ឬ​ទេ? គេ​ឆ្លើយ​ថា​គេ​មាន​ត្រី ព្រះយេស៊ូ​បាន​សោយ​ត្រី​ហ្នឹង។ បន្ទាប់​មក ព្រះយេស៊ូ​បាន​ចាប់​ផ្តើម​លើក​ទឹក​ចិត្ត​គេ ចាប់​ផ្ដើម​បង្ហាញ​អំពី​ផ្លូវ​នៃ​ជីវិត ដើម្បី​ឱ្យ​គេ​នឹក​ឃើញ​គម្ពីរដំណឹង​ល្អ ឱ្យ​គេ​នឹក​ឃើញ​ធម្ម​ពិន័យ​ពី​ដើម ឱ្យ​គេ​យល់​ថា​តាម​ពិត​អ្វី​ដែល​គង់​នៅ​ជា​មួយ​គេ គឺ​ព្រះយេស៊ូ​ផ្ទាល់។

បងប្អូន​ជា​ទី​ស្រឡាញ់

កាល​ពី​ម្សិល​មិញ ខ្ញុំ​បាន​អញ្ជើញ​ឱ្យ​យើង​ជា​គ្រីស្ត​បរិស័ទ​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​ទាំង​មូល យក​ចិត្ត​ទុក​ដាក់​ដើម្បី​មើល​ទុក្ខ​វេទនា​របស់​បងប្អូន​យើង ជា​ពិសេស​ដល់​បងប្អូន​នៅ​រាជធានី​ភ្នំពេញ​ដែល​បាន​ភ្ជាប់​នៅ​ក្នុង​ផ្ទះ គ្មាន​សិទ្ធិ​ចេញ​ពី​ផ្ទះ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កំពុង​តែ​យ៉ាប់​ទៅៗដោយសារ​ឥឡូវ​នេះ​នៅ​ទី​ក្រុង​ភ្នំពេញ គេ​បាន​ចង​ខ្សែ​បិទ​នៅ​មុខ​ផ្ទះ​នីមួយៗ​កុំ​ឱ្យ​យើង​ចេញ​ពី​ផ្ទះ​បាន។ មិន​មែន​តែ​ឆ្លង​ពី​ម្ខាង​ទៅ​ម្ខាង​មិន​បាន គឺ​យើង​ចេញ​ពី​ផ្ទះ​មិន​បាន​តែ​ម្ដង។ ដូច្នេះ យើង​ត្រូវ​ការ​យល់​អំពី​ទុក្ខ​វេទនា​ដែល​កំពុង​កើត​ឡើង ប្រសិន​បើ​យើង​ចាប់​អារម្មណ៍​ជួន​កាល​គេ​បង្ហោះ​ទាំង​អ្នក​ធាក់​ស៊ីក្លូ ទាំង​យាយតា​ដែល​គ្មាន​ម្ហូប​អាហារ ទាំង​អ្នក​រត់​កង់​បី ទាំង​អ្នក​រត់​ម៉ូតូ​ឌុប ទាំង​កម្មករ​មួយ​ចំនួន​ដែល​កំពុង​តែ​ពិបាក​ដោយសារ​តែ​គ្មាន​ប្រាក់​ខែ ដើម្បី​ទិញ​ម្ហូប​អាហារ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

សព្វ​ថ្ងៃ យើង​ទៅ​ផ្សារ​មួយ​សប្តាហ៍​តែ​ម្ដង​ឬ​ពីរ​ដង ដោយ​ក្នុង​មួយ​គ្រួសារ​អាច​ចេញ​បាន​តែ​ម្នាក់​ដើម្បី​ទៅ​ទិញ​ម្ហូប។ ម្ហូប​អាហារ​ក៏​ឡើង​ថ្លៃ​ហួស​ហេតុ​នៅ​កន្លែង​មួយ​ចំនួន ដូច្នេះ​យើង​ត្រូវ​តែ​គិត​ពិចារណា យើង​គ្មាន​សមត្ថភាព​ដើម្បី​សង្គ្រោះ​មនុស្ស​ទាំង​អស់។ ប៉ុន្តែ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថ្ងៃ​នេះ​តាម​រយៈ​លោក​យ៉ូហាន “ខ្ញុំ​មក​ដើម្បី​ប្រកាស​ដំណឹង​ល្អ ណែនាំ​ឱ្យ​មនុស្ស​ទាំង​អស់​បាន​ទទួល​ការ​សង្គ្រោះ” មិន​មែន​តែ​ពីរ​បី​នាក់​ប៉ុន្តែ​មនុស្ស​ទាំង​អស់។ ដូច្នេះ យើង​ត្រូវ​ការ​គិត​យើង​ជា​គ្រីស្ត​បរិស័ទ គ្រីស្ត​បរិស័ទ​ម្នាក់​ជា​សង្គហៈ​មួយ​រូប គ្រីស្ត​បរិស័ទ​ម្នាក់​ជា​ក្រុម​មេត្តា​ករុណា​មួយ​រូប។ ដូច្នេះ យើង​នៅ​កន្លែង​ណា​ឱ្យ​យើង​មើល ខ្ញុំ​បាន​រៀបចំ​តំបន់​ភ្នំពេញ​ច្បាស់​លាស់ យើង​មាន​ទំនាក់​ទំនង​បន្ទាន់ លេខ​ទូរសព្ទ​នៅ​ខាង​ភ្នំពេញ​ថ្មី​មាន​លោក​ឪពុក លី ភ្នំពេញ​ខាង​ត្បូង​មាន​លោក​ឪពុក ដាមៀន ភ្នំពេញ​ខាង​ជើង​មាន​លោក​ឪពុក ឆ័ត្រសិរី ទន្លេ​មេគង្គ​មាន​លោក​ឪពុក វីរៈជ័យ តាខ្មៅ​មាន​លោក​ឪពុក ចូវ៉ាន់នី។ មាន​អ្នក​ទទួល​ខុស​ត្រូវ​ប្រមូល​ម្ហូប​អាហារ គឺ​លោក វិចិត្រ ដែល​អាច​ផ្ញើ​ម្ហូប​អាហារ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដល់​បងប្អូន​ជា​បន្ទាន់ យើង​មាន​លោក សារឿន ទទួល​ខុស​ត្រូវ​ប្រមូល​ព័ត៌មាន​និង​ចែក​អ្វី​ដែល​យើង​មាន យើង​មាន​លោក ចន្នី ខាង​គណនេយ្យ។

ថ្ងៃ​ស្អែក​នេះ ខ្ញុំ​នឹង​បង្កើត​គណនី អេប៊ីអេ (ABA)​ថ្មី ប្រសិន​បើ​បងប្អូន​ចង់​ចូល​រួម​ចំណែក​ជា​ថវិកា​ខ្លះៗ បងប្អូន​អាច​ផ្ញើ​តាម​គណនី​អេប៊ីអេ (ABA)​នេះ​បាន ដោយសារ ទុក្ខ​វេទនា​ដែល​កំពុង​កើត​ឡើង។ ឥឡូវ​នេះ​យើង​កំពុង​និយាយ​អំពី​បី​ថ្ងៃ​តែ​ប៉ុណ្ណឹង ប៉ុន្តែ​នៅ​សល់​ជាង​១០​ថ្ងៃ​ទៀត។ ម្សិល​មិញ ដែល​គេ​បាន​បិទ​ផ្សារ​ដើមគរ រហូត​ដល់​ថ្ងៃទី​១ ខែ​ឧសភា មាន​ន័យ​ថា​ចេះ​តែ​លើក​ថ្ងៃ​ហើយ​លើក​ថ្ងៃ​ទៀត ដូច្នេះ​យើង​ត្រូវ​តែ​សហការ​គ្នា​មែន​ទែន។ ម្សិល​មិញ យើង​ចាប់​ផ្ដើម​ចេញ​សញ្ញា​មួយ​តូច​ពី​ព្រះសហគមន៍​យើង ដែល​ថ្ងៃ​នេះ​យើង​បាន​ជួយ​១០០​គ្រួសារ ដោយ​មាន​អង្ករ​ពី​សាលា​វិទ្យាល័យ​បច្ចេក​ទេស​ឯកជន សន្ត​ហ្រ្វង់ស្វ័រ មាន​ជ្រូក​ដែល​យក​ពី​កសិដ្ឋាន​ភ្នំវល្លិ៍ មាន​បន្លែ​ដែល​យក​ពី​កសិដ្ឋាន​ភ្នំវល្លិ៍​ដែរ។

ខ្ញុំ​សង្ឃឹម​ថា វិទ្យាល័យ​បច្ចេក​ទេស​ឯកជន សន្ត​ហ្រ្វង់ស្វ័រ ក៏​ដូចជា​វិទ្យាស្ថាន សន្ត​ប៉ូល នៅ​បន្ត​ដាំ​បន្លែ ដើម្បី​ផ្គត់ផ្គង់​ដល់​បងប្អូន​យើង។ នៅ​ភ្នំពេញ ពេល​គេ​បាន​ទទួល​បន្លែ បាន​ទទួល​សាច់​ជ្រូក គេ​សប្បាយ​ចិត្ត​ណាស់។ ដូច្នេះ ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​លើ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ជួយ​បង​ប្អូន​យើង​ដែល​កំពុង​រង​ទុក្ខ​លំបាក។

ម្យ៉ាង​ទៀត យើង​មិន​កំពុង​តែ​ពិបាក​តាម​ផ្លូវ​ម្ហូប​អាហារ ពេល​ព្រះយេស៊ូ​បាន​បរិភោគ​ជា​មួយ​គេ​ហើយ ពេល​ព្រះយេស៊ូ​បាន​ចែក​ម្ហូប​អាហារ​ឱ្យ​គេ​ហើយ ព្រះយេស៊ូ​បាន​បន្ត​អប់រំ បង្ហាញ​អំពី​ព្រះគម្ពីរ ដើម្បី​លើក​ទឹក​ចិត្ត​ខាង​ផ្លូវ​វិញ្ញាណ និង​តាម​ផ្លូវ​ចិត្ត​ដែរ។

ចាប់​ពី​ថ្ងៃ​ស្អែក យើង​បង្កើត​ហ្វេសប៊ុក​ថ្មី​មួយ (https://www.facebook.com/LIVECatholicChannel) ដើម្បី​ឱ្យ​យើង​ផ្សាយ​ផ្ទាល់​ពី​ម៉ោង​៦.៣០​នាទី​ព្រឹក​ចាប់​ផ្ដើម​ដោយ​អភិបូជា រហូត​ដល់​ម៉ោង​៥.៣០​នាទី​ល្ងាច​ជា​មួយ​អធិដ្ឋាន​ផ្គាំ។ ក្នុង​នោះ​យើង​មាន​ពេញ​ម៉ោង មួយ​ម៉ោងៗ​យើង​មាន​ផ្សាយ​បន្ត​ដូច​ជា បទ​ចម្រៀង​សាសនា បទ​ចម្រៀង​ប្រពៃណី​ខ្មែរ រឿង​វីដេអូ​ខ្លះៗ​ដែល​យើង​បាន​បក​ប្រែ​ជា​ភាសា​ខ្មែរ រឿង​តុក្កតា​គម្ពីរ​សម្រាប់​កូន​ក្មេង… ហើយ​នៅ​ម៉ោង​៤.៣០​នាទី​ល្ងាច យើង​ផ្សាយ​កម្ម​វិធី​ហាត់​ប្រាណ​ដើម្បី​សុខភាព។ ដោយសារ យើង​មាន​ឯកសារ​ពី​អាមេរិក​ខ្លះ ពី​ខ្មែរ​យើង​ខ្លះ ពី​គ្រីស្ត​បរិស័ទ​និង​បង​ប្អូន​យើង​ខ្លះ ដែល​បាន​បង្ហាញ​អំពី​ការ​ហាត់​ប្រាណ​នៅ​ផ្ទះ។ សព្វ​ថ្ងៃ បងប្អូន​នៅ​តាម​ជន​បទ​បាន​ឃើញ​ផ្កាយ បាន​ឃើញ​ដើម​ឈើ មាន​កន្លែង​វាល​ធំ ប៉ុន្តែ​បងប្អូន​នៅ​ជាប់​ក្នុង​បន្ទប់​តូច​មួយ​នា​រាជធានី​ភ្នំពេញ ដោយ​ចេញ​មិន​បាន​ក៏​ពិបាក​មែន​ទែន ដើម្បី​គ្រប់​គ្រង​ផ្លូវ​វិញ្ញាណ ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ​ដែរ។

ដូច្នេះ ខ្ញុំ​សង្ឃឹម​ថា​ហ្វេស​បុក​នេះ​អាច​ជួយ​ដើម្បី​ឱ្យ​បង​ប្អូន​មាន​អារម្មណ៍​ស្រួល​បន្តិច កុំ​ឱ្យ​ពិបាក​ចិត្ត និង​ឈឺ​ចិត្ត​រហូត។

យើង​អធិដ្ឋាន ដើម្បី​ឱ្យ​ព្រះសហគមន៍​របស់​យើង​អនុវត្ត​ជាក់​ស្ដែង ច្បាប់​សង្គម​និង​ភ្ជាប់​ជា​មួយ​ធម្ម​វិន័យ​របស់​ព្រះយេស៊ូ ទាំង​ការ​ចែក​រំលែក​ម្ហូប​អាហារ​និង​សេចក្តី​ត្រូវ​ការ​បន្ទាន់ ឱ្យ​យើង​ស្ដាប់​គ្នា ឱ្យ​យើ​ងបើក​ភ្នែក កុំ​ឱ្យ​យើង​គិត​ដល់​តែ​យើង​តែ​ប៉ុណ្ណឹង ដោយ​មាន​ចិត្ត​ចង្អៀត​ចង្អល់។ ឱ្យ​យើង​បន្ត​យក​ចិត្ត​ទុក​ដាក់​លើ​គ្នា​ទៅ​វិញ​ទៅ​មក និង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។

ដោយសារ ហ្វេសប៊ុក​ដែល​យើង​នឹង​បង្កើត​គឺ​ជា​របៀប​មួយ ប៉ុន្តែ​កុំ​ឱ្យ​យើង​ខ្លាច​លើក​ទូរសព្ទ​ដើម្បី​ទាក់ទង​និយាយ​ផ្ទាល់​មាត់ ដើម្បី​សួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ព្រះយេស៊ូ​បាន​បង្ហាញ​ខ្លួន។ ពេល​ព្រះយេស៊ូ​បង្ហាញ​ខ្លួន​ដល់​ក្រុម​គ្រីស្ត​ទូត ព្រះអង្គ​មិន​បាន​បង្ហាញ​ខ្លួន​តាម​ទូរទស្សន៍​ទេ ព្រះយេស៊ូ​មិន​បាន​ផ្ញើ​សារ​តាម​ហ្វេសប៊ុក ឬ​តាម​សារ​ទូរសព្ទ ឬ​អ៊ីមែល​ទេ គឺ​ព្រះយេស៊ូ​បាន​មក​ផ្ទាល់​ដើម្បី​បង្ហាញ​ព្រះអង្គ។

ដូច្នេះ សព្វ​ថ្ងៃ​យើង​ប្រើ​ទូរសព្ទ​របស់​ក្នុង​ប្រព័ន្ធ​ក៏​មិន​សូវ​គិត​លុយ​ច្រើន​ប៉ុន្មាន​ទេ ដើម្បី​ទាក់ទង សួរ​សុខ​ទុក្ខ​គ្នា។ ជា​ពិសេស​បងប្អូន​គ្រីស្ត​បរិស័ទ ដែល​មាន​បង​ធម៌ ដែល​មាន​ប្អូន​ធម៌ ដែល​មាន​កូន​ធម៌ សូម​ទាក់​ទង​គ្នា​ដើម្បី​សួរ​សុខ​ទុក្ខ​គ្នា។ បើ​បង​ប្អូន​នៅ​ជនបទ ឬ​នៅ​ខេត្ត​ដែល​ស្គាល់​បងប្អូន​នៅ​ភ្នំពេញ សូម​ទាក់​ទង​បង​ប្អូន​យើង ដូច​ជា​ផ្ញើ​រូប​ថត​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឱ្យ​ពួក​គាត់​បន្ធូរ​អារម្មណ៍​បន្តិច។ ដោយសារ យើង​តស៊ូ​បី​ថ្ងៃ​មិន​សូវ​ជា​បញ្ហា​ប៉ុន្មាន​ទេ ប៉ុន្តែ​ប្រសិន​បើ​យើង​តស៊ូ​ពីរ​អាទិត្យ បី​អាទិត្យ មួយ​ខែ​យ៉ាប់​ណាស់។

យើង​អធិដ្ឋាន ទូល​អង្វរ​ព្រះជាម្ចាស់​សូម​ព្រះអង្គ​ប្រទាន​កម្លាំង​កាយ​កម្លាំង​ចិត្ត​ដល់​បងប្អូន​ទាំង​អស់​ផង។ អាម៉ែន៕

+លោក​អភិបាល អូលីវីយ៉េ ជ្មីតហរស្លេ
អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ
ប្រទេស​កម្ពុជា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

សាលាសន្តឡាសាលពោធិ៍ធំពង្រីកបេសកកម្មអប់រំកុមារ

នាព្រឹកថ្ងៃទី៣០​ ខែតុលាលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ​ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ​ បានអញ្ជើញជាអធិបតីក្នុងពីធីបាចទឹកព្រះពរ និងសម្ពោធអគារសិក្សាថ្មីសន្តឡាសាលពោធិ៍ធំ​ ​ដែលទទួល​ខុស​ត្រូវ​ដោយ​ក្រុម​បព្វជិត​​ឡាសាល មានទីតាំងក្នុងភូមិពោធិ៍ធំ​ សង្កាត់​អរិយក្សត្រ ក្រុងអរិយក្សត្រ​ ខេត្តកណ្តាល។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបូជាចារ្យ​ បងប្រុស​ បងស្រី​ តំណាងអាជ្ញាធរដែនដី​ សិស្សានុសិស្ស​ អាណាព្យាបាល​ យ៉ាងច្រើនកុះករ​។ មានប្រសាសន៍​សំណេះសំណាលក្នុងពិធីកាត់ខ្សែបូ លោកអភិបាលអូលីវីយ៉េ លើកឡើងថា នៅទីនេះមាតាបិតាមានសំណាងណាស់ ដោយសារកូនៗរៀននៅសាលាដ៏ល្អ មានការអប់រំដ៏ល្អមិនគិតថ្លៃ។ លោកក៏បានថ្លែងអំណរគុណដល់​ក្រុម​បព្វជិត​ឡាសាល

សិស្សនៃ​វិទ្យាល័យសន្តហ្រ្វង់ស្វ័រ ចំនួន​៨នាក់​ ទទួលបាន​និទ្ទេស A ពីការ​​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

សិស្សថ្នាក់ទី១២ ជំនាន់ទី១៩ ឆ្នាំ​សិក្សា​២០២៣-២០២៤ ចំនួន​៨ នាក់របស់​សាលា​ចំណេះទូទៅ​សន្តហ្វ្រង់ស្វ័រ ទទួល​បាននិទ្ទេសA ក្នុង​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះ​បើ​យោង​តាម​លទ្ធផល​ដែល​បាន​បូកសរុប​ដោយ​សាលាផ្ទាល់។ លោកអូលីវីយ៉េ ជ្មីតហស្លេ ជា​ស្ថាបនិក និង​ជា​អភិបាល​ព្រះសហគមន៍កាតូលិកភូមិភាគ​ភ្នំពេញ​មានប្រសាសន៍ថា ក្នុងឆ្នាំនេះ សាលា​មាន៨នាក់ជាប់និទ្ទេសA  ស្មើនឹង២២,២២​ភាគរយនៃសិស្ស៣៦នាក់។ លោក​ថា «នេះ​ជាមោទនភាពរបស់ព្រះសហគមន៍កាតូលិកដែលបានបង្កើតគ្រឹះស្ថានអប់រំ​ដ៏ល្អបំផុត ដែលមានលទ្ធផលប្រហែលជាទទួលបាន លេខមួយនៅទូទាំងប្រទេស ដែលមាននិទ្ទេសA ច្រើនដូចនេះ។» លោក​បញ្ជាក់ថា ជោគជ័យនេះបាន​ដោយសារតែសិស្សសាលារបស់យើងសព្វថ្ងៃ ទទួលការអប់រំពីព្រះសហគមន៍កាតូលិកតាំងពីមត្តេយ្យសិក្សា

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

Subscribe to our newsletter

Don't miss new updates on your email