យើងជាអ្នកបម្រើមិនមែនជាអ្នកស៊ីឈ្នួល
បងប្អូនជាទីស្រឡាញ់
បងប្អូនដែលកំពុងជាប់ជាមួយយើង នៅតាមហ្វេសប៊ុក តាមយូធូប កាតូលិកភ្នំពេញ ជាពិសេសហ្វេសបុកភេច (https://www.facebook.com/LiveCatholicChannel) ដែលយើងបានបង្កើតថ្មីៗនេះដើម្បីធ្វើដំណើរជាមួយបងប្អូននៅក្នុងទុក្ខលំបាកនៃជំងឺកូវីដ-១៩។ យើងបានស្ដាប់អត្ថបទគម្ពីរ នៅក្នុងរដូវបុណ្យចម្លងសប្តាហ៍ទី៤ ដែលជាពេលវេលាដើម្បីគោរពព្រះយេស៊ូ ព្រះយេស៊ូដែលជាគ្រូគង្វាលសប្បុរស។ នៅក្នុងអត្ថបទទី២ ដែលយើងបានស្ដាប់អម្បាញ់មិញពិតមែនព្រះអង្គស្រឡាញ់យើងរហូតដល់ហៅយើងថា ជាបុត្រធីតារបស់ព្រះអង្គ។ នេះជាដំណឹងមួយ ដែលយើងសប្បាយចិត្តស្ដាប់នៅក្នុងពេលវេលាដ៏ពិបាកនេះ ដោយដឹងថាទោះបីយើងពិបាកក៏ដោយ ទោះបីជាយើងមានអារម្មណ៍ថាឯកោក៏ដោយ ទោះបីយើងមានអារម្មណ៍ថាយើងមិនដឹងទៅណា។ សព្វថ្ងៃ យើងមិនដឹងថាពេលណាកូវីដ-១៩ លែងរាតត្បាតនៅលើទឹកដីយើង ថ្ងៃនេះយើងបានស្ដាប់ព្រះបន្ទូលថា “ព្រះអង្គស្រឡាញ់យើង រហូតដល់ហៅយើងថាជាបុត្រធីតារបស់ព្រះអង្គ”។ នៅពេលយើងដឹងថា យើងជាបុត្រធីតារបស់ព្រះអង្គ យើងយល់ថាពិតមែនយើងជាបុត្រាបុត្រីរបស់ព្រះបិតា ដែលស្រឡាញ់យើងមែនទែន។
ដូច្នេះ ថ្ងៃនេះនៅពេលដែលយើងឃើញព្រះយេស៊ូដែលជាគ្រូគង្វាលសប្បុរស ដូចយើងបានរៀបចំនៅក្នុងព្រះវិហាររបស់យើង ដែលមានគ្រូគង្វាលមួយដ៏ស្អាតកំពុងបីកូនចៀមមួយ និងមានកូនចៀមនៅជុំវិញ។ ជាគ្រូគង្វាលសប្បុរស ដែលស្គាល់កូនចៀមទាំងអស់ ដែលស្គាល់ឈ្មោះ ដែលស្គាល់សំឡេង ដែលស្គាល់ពីអារម្មណ៍ ដែលស្គាល់ការពិបាក ការសប្បាយ ដែលស្គាល់សេចក្តីសង្ឃឹម។ គ្រូគង្វាលដ៏សប្បុរសនេះ បានស្គាល់យើងយ៉ាងច្បាស់ តើយើងស្គាល់គ្រូគង្វាលសប្បុរសដែលស្រឡាញ់យើងដល់កំរិតណា? តាមពិតព្រះយេស៊ូជាគ្រូគង្វាលសប្បុរស ដែលសុខចិត្តស៊ូប្ដូរជីវិត ជាអ្វីដែលយើងបានគោរពនៅថ្ងៃបុណ្យចម្លង ព្រះយេស៊ូបានសោយទិវង្គត និងព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។ ថ្ងៃនេះ គឺព្រះយេស៊ូដែលស្រឡាញ់យើងដល់កំពូល ព្រះយេស៊ូដែលបម្រើយើង ព្រះយេស៊ូដែលមានព្រះហឫទ័យស្មោះត្រង់ចំពោះយើង ព្រះយេស៊ូដែលណែនាំឱ្យយើងចូលនៅក្នុងសុបិនដ៏ពិសេស ដែលព្រះជាម្ចាស់មានសម្រាប់ពិភពលោក។
បងប្អូនជាទីស្រឡាញ់ នៅពេលយើងបានស្ដាប់ព្រះបិតាស្រឡាញ់យើង រហូតដល់អាចនិយាយថាយើងជាបុត្រាបុត្រីរបស់ព្រះបិតា យើងយល់ថាព្រះបិតាមានព្រះគម្រោងការណ៍សម្រាប់យើងទាំងអស់គ្នា។ ព្រះគម្រោងការណ៍របស់ព្រះបិតាសម្រាប់យើងទាំងអស់ គឺឱ្យយើងពោរពេញដោយសុភមង្គលនៅលើផែនដីនេះ ឱ្យយើងពោរពេញដោយសេចក្តីសុខសាន្តនៅលើផែនដីនេះ។ ណែនាំឱ្យយើងទាំងអស់គ្នា ចូលរួមនៅក្នុងព្រះគម្រោងការណ៍នេះ ដោយទៅជាអ្នកកសាងព្រះរាជ្យរបស់ព្រះជាម្ចាស់នៅលើផែនដីនេះ។
បងប្អូនជាទីស្រឡាញ់ យើងមិនមែនអ្នកស៊ីឈ្នួលទេ អ្នកស៊ីឈ្នួលមិនស្គាល់ចិត្តម្ចាស់ អ្នកស៊ីឈ្នួលចេះតែរកប្រាក់ខែតែប៉ុណ្ណឹង។ អ្នកស៊ីឈ្នួល មិនរវីរវល់នឹងបញ្ហាណាមួយដូចយើងបានស្ដាប់នៅក្នុងព្រះគម្ពីរ ពេលមានចចកមកខាំស៊ីកូនចៀម អ្នកស៊ីឈ្នួលរត់ចេញដោយសារមិនមែនជាចៀមផ្ទាល់ខ្លួន មិនមែនជាហ្វូងសត្វផ្ទាល់ខ្លួន។ គាត់មិនរវីរវល់ទេ គាត់មើលតាមម៉ោងរបស់គាត់ ស៊ីប្រាក់ខែហើយទៅដេកសម្រាក ទោះបីមានបញ្ហាណាមួយកើតឡើងក៏គាត់នៅតែដេកលក់ដដែល។ ពិតមែន យើងមិនមែនជាអ្នកស៊ីឈ្នួលទេយើងគឺជាអ្នកបម្រើ យើងជាអ្នកបម្រើរបស់ព្រះជាម្ចាស់ យើងជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ ដែលព្រះអង្គបានជ្រើសរើស។ បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះនៅក្នុងទិវាទី៥៨ ដែលយើងអធិដ្ឋានសម្រាប់ការត្រាស់ហៅ សម្ដេចប៉ាប ហ្វ្រង់ស៊ីស្កូ បានសរសេរសារជូនដល់គ្រីស្តបរិស័ទយើងទាំងអស់ ជូនដល់យុវជនយុវនារីយើងទាំងអស់។ នៅក្នុងសាររបស់សម្ដេចប៉ាប ព្រះអង្គបានយកសន្តយ៉ូសែបដែលជាអ្នកសុចរិត សន្តយ៉ូសែបដែលជាស្វាមីរបស់ព្រះនាងម៉ារី សន្តយ៉ូសែបដែលជាឪពុករបស់ព្រះយេស៊ូ សន្តយ៉ូសែបដែលជាឧបការីនៃព្រះសហគមន៍របស់យើង ទៅជាគំរូដើម្បីឱ្យយើងយល់អំពីព្រះគម្រោងការណ៍របស់ព្រះជាម្ចាស់សម្រាប់យើងទាំងអស់។
ពេលយើងមើលសន្តយ៉ូសែប យើងដឹងថាព្រះជាម្ចាស់ឈ្វេងយល់ដួងចិត្តរបស់យើង ព្រះជាម្ចាស់ដឹងអំពីអ្វីដែលមាននៅក្នុងចិត្តរបស់យើង។ ព្រះជាម្ចាស់ចង់សូនដួងចិត្តរបស់យើង ដើម្បីឱ្យដួងចិត្តរបស់យើងភ្ជាប់នឹងព្រះហឫទ័យរបស់ព្រះអង្គ ដើម្បីឱ្យយើងទាំងអស់គ្នាចូលនៅក្នុងព្រះគម្រោងការណ៍របស់ព្រះអង្គសម្រាប់ពិភពលោក។ ជាពិសេស នៅក្នុងកាលៈទេសៈដ៏ពិបាកនេះ ដែលបងប្អូនរបស់យើងបាត់បង់សេចក្តីសុខ ដែលបងប្អូនរបស់យើងកំពុងភ័យខ្លាចមែនទែន ដែលបងប្អូនរបស់យើងមួយចំនួនអត់មានម្ហូបអាហារ ដែលបងប្អូនរបស់យើងមួយចំនួនធំកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ពីមួយថ្ងៃទៅមួយថ្ងៃ បានទទួលមរណៈភាពទូទាំងពិភពលោកក្តី នៅប្រទេសកម្ពុជាក្តី ដូចពីម្សិលមិញយើងមាន១០នាក់ ដែលបានទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩នៅប្រទេសកម្ពុជាយើង។ នេះយើងមិនបានគិតដល់បងប្អូន ដែលបានស្លាប់ដោយសារជំងឺនានា ឬដោយសារសង្គ្រាម ឬដោយសារទុក្ខលំបាកនៅក្នុងពិភពលោក។
បងប្អូនជាទីស្រឡាញ់ ព្រះជាម្ចាស់មានព្រះគម្រោងការណ៍ និងព្រះអង្គឈ្វេងយល់ដួងចិត្តរបស់យើង ដោយសារប្រសិនបើខ្ញុំសួរដល់យុវជនយុវនារីម្នាក់ៗ តើអនាគតប្អូនចង់ធ្វើអ្វី? ប្រហែលមានខ្លះ គាត់ចង់ធ្វើជាគ្រូបង្រៀន មានខ្លះគាត់ចង់ធ្វើជាគ្រូពេទ្យ មានខ្លះគាត់ចង់ធ្វើការនៅក្នុងការិយាល័យ។ ជាពិសេស អនាគតយើងចង់មានសុភមង្គលដ៏ពិតប្រាកដ អនាគតយើងចង់មានគ្រួសារដែលពោរពេញទៅដោយសេចក្តីសុខ និងអនាគតប្រហែលមានបងប្អូនខ្លះចង់បម្រើព្រះសហគមន៍អស់មួយជីវិត (ដោយធ្វើជាបូជាចារ្យ ឬបងស្រី)។
យើងបានស្ដាប់សក្ខីភាពរបស់បងស្រី សូភី ថ្ងៃនេះបងស្រីសូភីគាត់មិនបានរៀបរាប់ អំពីការត្រាស់ហៅរបស់គាត់ពីដើម។ ប៉ុន្តែ ថ្ងៃនេះបងស្រីសូភីគាត់បានបង្ហាញអំពីផ្លែនៃការត្រាស់ហៅរបស់គាត់ អំពីអំណរសប្បាយដែលគាត់មាន ព្រះជាម្ចាស់បានត្រាស់ហៅគាត់។ នៅក្នុងកាលៈទេសៈដ៏ពិបាកនេះ បងស្រីសូភីដែលបានភ្ជាប់ជាមួយព្រះជាម្ចាស់ បម្រើព្រះគម្រោងការណ៍របស់ព្រះជាម្ចាស់អស់ពីសមត្ថភាព ដោយបានបម្រើនៅក្នុងសេចក្តីស្រឡាញ់ ជាពិសេសក្មេងៗពិការនៅតាមភូមិ នៅតាមផ្ទះ និងបានខិតខំរៀបចំព្រះវិហាររបស់យើងឱ្យស្អាតបំផុត ដើម្បីបងប្អូនដែលអត់មានឱកាសចូលព្រះវិហារ អាចចូលរួមជាមួយពួកយើងនៅក្នុងសេចក្តីសុខ និងដើម្បីឱ្យព្រះជាម្ចាស់មានសេចក្តីសុខសាន្ត នៅក្នុងព្រះហឫទ័យរបស់ព្រះអង្គដែរ។ នេះជាផ្លែនៃការត្រាស់ហៅ ការត្រាស់ហៅដើម្បីបម្រើ និងដើម្បីទូលអង្វរព្រះជាម្ចាស់ នេះជាបេសកកម្មរបស់ក្រុមរបស់បងស្រីសូភី។ ខ្ញុំសង្ឃឹមនិងជឿថា យើងនឹងមានយុវជនយុវនារីជាពិសេសយុវនារីមួយចំនួន ទោះបីជាយុវនារីចាស់ក៏ដោយ ដោយសារនេះមិនមែនតែសម្រាប់យុវនារីថ្មីៗ យើងមានយុវនារីមួយចំនួនអាយុ៣០ឆ្នាំ ឬ៤០ឆ្នាំ ដែលមិនទាន់បានយកប្ដីដល់ពេលវេលា ដើម្បីចូលនៅក្នុងក្រុមបម្រើព្រះយេស៊ូអស់ពីដួងចិត្ត ដើម្បីឱ្យព្រះសហគមន៍របស់យើងមានជីវិត ដើម្បីឱ្យយើងមានសញ្ញាសម្គាល់មួយប្លែក យើងជាជនជាតិខ្មែរយើងបម្រើព្រះសហគមន៍របស់យើង តាមកាលៈទេសៈ។
កាលៈទេសៈដ៏ពិបាកនេះ គឺស្រឡាញ់តាមរបៀបប្លែកៗ កាលៈទេសៈដ៏ពិបាកនេះគឺអធិដ្ឋានតាមរបៀបប្លែកៗ។ អម្បាញ់មិញ យើងបានឃើញយុវជនរបស់យើងនៅក្នុងភូមិភាគភ្នំពេញទាំងមូល ដែលបានអធិដ្ឋានតៗគ្នា (បពិត្រព្រះនាងម៉ារី ឱព្រះបិតាអើយ) នេះជាកម្លាំងសម្រាប់យើង។
ពីម្សិញមិញ ខ្ញុំបានប្រជុំជាមួយប្រធានយុវជននៅក្នុងភូមិភាគភ្នំពេញទាំងមូល ជាពិសេសនៅក្នុងតំបន់ភ្នំពេញថ្មី ភ្នំពេញខាងជើង ភ្នំពេញខាងត្បូង តាខ្មៅ បាសាក់ មេគង្គ ដែលកំពុងពិបាកជាងគេដោយសារជំងឺកូវីដ-១៩។ យើងបានប្រជុំចំនួន៤០នាក់ ដែលកំពុងចែករំលែកទុក្ខលំបាក សេចក្តីសង្ឃឹម និងដែលបង្ហាញការលើកទឹកចិត្តនៅពេលយើងជួបជុំគ្នានេះ។ ទោះបីយើងនៅឆ្ងាយពីគ្នា យើងមានឱកាសដោយដឹងថាយើងបានអធិដ្ឋានសម្រាប់គ្នាទៅវិញទៅមក ហើយយើងស្រឡាញ់គ្នាទៅវិញទៅមក។
បងប្អូនជាទីស្រឡាញ់ នេះជាពេលវេលាដើម្បីសួរខ្លួនឯង តើព្រះជាម្ចាស់មានព្រះគម្រោងការណ៍អ្វីសម្រាប់ខ្ញុំ? ជាពេលវេលាដើម្បីមើលសន្តយ៉ូសែប ជាពេលវេលាដើម្បីមើលគ្រូគង្វាលដ៏សប្បុរសដែលបានស្រឡាញ់យើងអស់ពីដួងចិត្ត។ សន្តយ៉ូសែប ដូចសម្ដេចប៉ាបបានរំលឹកនៅក្នុងសារលិខិតរបស់ព្រះអង្គ នៅក្នុងសុបិននិមិ្មតរបស់សន្តយ៉ូសែប គាត់បានឃើញព្រះជាម្ចាស់មានព្រះបន្ទូលមកគាត់ថា “សូមយកព្រះនាងម៉ារីធ្វើជាប្រពន្ធ” ព្រះជាម្ចាស់មានព្រះបន្ទូលមកគាត់ម្ដងទៀតថា “សូមចេញពីអ៊ីស្រាអែលទៅប្រទេសអេហ្ស៊ីបមួយរយៈ ដើម្បីការពារថែរក្សាក្រុមគ្រួសារដ៏វិសុទ្ធ” ដោយសារស្ដេចហេរ៉ូឌចង់សម្លាប់កូនង៉ែតទាំងអស់។ សន្តយ៉ូសែប បានធ្វើតាមសុបិននិម្មិតនេះ ដើម្បីចូលនៅក្នុងព្រះគម្រោងការណ៍របស់ព្រះជាម្ចាស់។ ដូច្នេះ ឱ្យយើងជ្រាបនៅក្នុងដួងចិត្តរបស់យើង តើយើងមានសុបិននិមិ្មតអ្វីខ្លះ? តើសុបិននិម្មិតនេះមិនមានជាសុបិននិមិ្មតដែលមកពីព្រះជាម្ចាស់ផ្ទាល់ទេឬ? ដែលព្រះអង្គចង់ឱ្យយើងចូលនៅក្នុងព្រះគម្រោងការណ៍របស់ព្រះអង្គ ដើម្បីកសាងពិភពរបស់យើងឱ្យបានពោរពេញដោយសេចក្តីសុខសាន្ត។
សន្តយ៉ូសែបជាអ្នកបម្រើ ជាអ្នកបម្រើអស់មួយជីវិត ជាអ្នកបម្រើព្រះជាម្ចាស់ ជាអ្នកបម្រើព្រះនាងម៉ារីដោយធ្វើជាស្វាមី ជាអ្នកបម្រើរបស់ព្រះយេស៊ូដោយធ្វើជាឪពុក បម្រើក្រុមគ្រួសាររបស់គាត់ជាមេគ្រួសារ បម្រើការងារជាជាងឈើ បម្រើអ្នកភូមិជាអ្នករស់នៅក្នុងភូមិណាសារ៉េត។ បម្រើ នេះជាអ្វីដែលយើងត្រូវតែធ្វើ យើងមិនមានជាអ្នកស៊ីឈ្នួល យើងជាអ្នកបម្រើដែលមានចិត្តស្រឡាញ់ ដែលមានចិត្តអាណិត ដែលមានចិត្តមេត្តា ដែលមានចិត្តលើកលែងទោស ដែលមានចិត្តលើកទឹកចិត្ត ដែលមានចិត្តធ្វើដំណើរ រហូតដល់សុខចិត្តស៊ូប្ដូរជីវិតសម្រាប់បងប្អូនឯទៀតៗ។ យើងបានឃើញ សព្វថ្ងៃនៅក្នុងភូមិភាគភ្នំពេញ យើងបានខិតខំជួយគ្នាទៅវិញទៅមក។
ខ្ញុំបានបង្កើតយុទ្ធសាស្ត្រ សម្រាប់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដើម្បីឱ្យយើងចូលយ៉ាងជ្រៅនៅក្នុងទុក្ខលំបាករបស់បងប្អូន នៅក្នុងរាជធានីភ្នំពេញនិងទីក្រុងតាខ្មៅ។ ដូច្នេះ ខ្ញុំសូមរំលឹកសព្វថ្ងៃយើងមិនអាចជួយសង្គ្រោះមនុស្សទាំងអស់បានទេ គឺមានរដ្ឋាភិបាលដែលបាននឹងកំពុងធ្វើការអស់ពីសមត្ថភាព មានអង្គការមនុស្សធម៌មួយចំនួនដែលកំពុងខិតខំយកចិត្តទុកដាក់។ ក្នុងនេះ យើងមានអង្គការកាតូលិកយ៉ាងច្រើនដែលជាដៃគូយ៉ាងជិតស្និទ្ធ ជាមួយព្រះសហគមន៍កាតូលិក។ ប៉ុន្តែ ជាពិសេសនៅក្នុងនេះយើងមានគ្រីស្តបរិស័ទម្នាក់ៗ នៅក្នុងរាជធានីភ្នំពេញ នៅទីក្រុងតាខ្មៅ ខ្ញុំសូមរំលឹកថ្ងៃនេះដល់គ្រីស្តបរិស័ទដែលកំពុងស្ដាប់ខ្ញុំ សូមបើកភ្នែក បើកត្រចៀក បើកបេះដូង ប្រសិនបើបងប្អូនបានឃើញអ្នកជិតខាងដែលកំពុងពិបាក ប្រសិនបើបងប្អូនបានឃើញគ្រួសារដែលកំពុងរងទុក្ខលំបាក ប្រសិនបើបងប្អូនបានឃើញបងប្អូនដែលគ្មានកន្លែងស្នាក់នៅនៅក្បែរកន្លែងយើង សូមទូរសព្ទទាក់ទងជាមួយលោកបូជាចារ្យតាមមណ្ឌលសកម្មភាពនីមួយៗ ដែលមានលេខទូរសព្ទ៖
១ លោកបូជាចារ្យ សួន ហង្សលី (អ្នកសម្របសម្រួលមណ្ឌលសកម្មភាពភ្នំពេញថ្មី) ០៨៩ ៨៤ ៩៨ ៣៣
២ លោកបូជាចារ្យ រឿង ឆ័ត្រសិរី (អ្នកសម្របសម្រួលមណ្ឌលសកម្មភាពភ្នំពេញខាងជើង) ០៩៦ ៣៤ ២២ ១៤៤
៣ លោកបូជាចារ្យ ដាមីញាំង ហ្វាន័រ (អ្នកសម្របសម្រួលមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង) ០៧៧ ៤៣ ៣៥ ៩៧
៤ លោកបូជាចារ្យ ស្រ៊ីប្រាម៉ុង វីរៈជ័យ (អ្នកសម្របសម្រួលមណ្ឌលសកម្មភាពទន្លេមេគង្គ) ០៩៧ ៧៨ ៤០ ៥៤០
៥ លោកបូជាចារ្យ ជីអូវ៉ាន់នី ទូលីណូ (អ្នកសម្របសម្រួលមណ្ឌលសកម្មភាពតាខ្មៅ) ០៨៥ ៧៩ ៤៩ ៧៨។
សូមទូរសព្ទដើម្បីផ្ដល់សក្ខីភាព ប្រសិនបើយើងជាគ្រីស្តបរិស័ទយើងមិនចេះមើល តើមានអ្នកណាដែលមើលអ្នកតូចតាច? ប្រសិនបើយើងដែលជាគ្រីស្តបរិស័ទមិនចេះមើលអ្នកកំពុងរងទុក្ខលំបាក តើអ្នកណាចេះមើល? បងប្អូនជាទីស្រឡាញ់សូមមើល ជាពិសេសយុវជនយុវនារី ជាពិសេសបងប្អូនដែលជាគ្រីស្តបរិស័ទកាតូលិក នៅក្នុងរាជធានីភ្នំពេញ ដើម្បីផ្ដល់ព័ត៌មាន ដើម្បីឱ្យយើងរៀបចំ។ សព្វថ្ងៃ យើងបានខិតខំរៀបចំតាមសមត្ថភាព យើងបានទទួលលុយមួយចំនួន សម្រាប់បងប្អូនដែលចង់ផ្ញើលុយតាមរយៈធនាគារអេប៊ីអេ (ABA: Account Name: Hiem Channy Account Number: 002039900) ដើម្បីជួយបងប្អូនដែលខ្វះខាត។ សព្វថ្ងៃ នៅតាមជនបទ តាមខេត្ត នៅតាមព្រះសហគមន៍ដែលយើងមានយើងបានខិតខំធ្វើច្រើនណាស់។
ពីដើមមានអ្នកខ្លះបាននិយាយថា តើលោកអភិបាលធ្វើកសិដ្ឋានដើម្បីអ្វី? លោកអភិបាលគួរតែប្រកាសដំណឹងល្អទៅ។ លោកអភិបាលមិនត្រូវការដាំបន្លែទេ ឱ្យលោកអភិបាលទៅនិយាយអំពីព្រះយេស៊ូទៅ។ លោកអភិបាលមិនត្រូវការចិញ្ចឹមជ្រូកទេ ឱ្យលោកអភិបាលទៅសម្រុះសម្រួលអំពីធម្មទេសនាទៅ។ លោកអភិបាលមិនត្រូវការដាំអំពៅឬដាំដើមស្វាយទេ ឱ្យលោកអភិបាលធ្វើអគ្គសញ្ញាទៅ។ ប៉ុន្តែ ព្រះយេស៊ូបានគិតទាំងម្ហូបអាហារ ទាំងអធិដ្ឋាន។ ពីយូរឆ្នាំហើយ យើងមានកន្លែងភ្នំវល្លិ៍ ដែលសព្វថ្ងៃខ្ញុំហៅកសិដ្ឋានឋានសួគ៌ ដែលយើងអរព្រះគុណព្រះជាម្ចាស់ ដោយសារយើងមានបន្លែច្រើន ហើយនៅថ្ងៃច័ន្ទខាងមុខនេះខ្ញុំនឹងផ្ញើបន្លែរាប់រយគីឡូ។ ពីប៉ុន្មានខែកន្លងមក យើងបានជម្រុញឱ្យបង្កើតរោងបន្លែ ដែលយើងមានយ៉ាងច្រើនសព្វថ្ងៃនៅខាងសាលាបច្ចេកទេសសន្តហ្រ្វង់ស្វ័រ វិទ្យាស្ថានសន្តប៉ូល នៅតាមភូមិ នៅតាមវត្ត ដែលកំពុងដាំបន្លែ និងបានប្រមូលទៅរាជធានីភ្នំពេញ។ ដោយសារ សព្វថ្ងៃនៅភ្នំពេញគេបានបិទផ្សារ ដូច្នេះយើងត្រូវតែអរគុណព្រះជាម្ចាស់ដែលបានប្រទានម្ហូបអាហារ។ យើងមានជ្រូក យើងមានអំពៅ យើងមានស្រូវ សព្វថ្ងៃយើងកំពុងកិនស្រូវច្រើនដើម្បីផ្ញើអង្កររាប់តោនទៅភ្នំពេញ។
ដូច្នេះ នេះជាគ្រួសារមួយដែលកំពុងជួយគ្នាទៅវិញទៅមកយ៉ាងជាក់ស្ដែង សេចក្តីស្រឡាញ់គ្មានព្រំដែន សមត្ថភាពដែលយើងមានមានព្រំដែន។ ប៉ុន្តែ រួមជាមួយព្រះជាម្ចាស់ពេលយើងចូលនៅក្នុងព្រះគម្រោងការណ៍របស់ព្រះជាម្ចាស់ ព្រំដែនដូចជាបានអស់ហើយ។ ដោយសារ ព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់គ្មានព្រំដែនណាមួយសោះ។ បងប្អូនជាទីស្រឡាញ់ យើងបន្តចូលរួមនៅក្នុងព្រះគម្រោងការណ៍របស់ព្រះជាម្ចាស់ ប៉ុន្តែយើងត្រូវតែជាអ្នកមានចិត្តស្មោះត្រង់ ដូចសន្តយ៉ូសែបមានចិត្តស្មោះត្រង់ចំពោះព្រះជាម្ចាស់ ជាពិសេសនៅក្នុងការអធិដ្ឋាន នៅក្នុងការលើកទឹកចិត្តគ្នាទៅវិញទៅមក។ ដូច្នេះ យើងមិនមែនត្រឹមតែចិញ្ចឹមក្រពះ ប៉ុន្តែព្រះសហគមន៍ត្រូវការគិតយ៉ាងច្បាស់លាស់ គឺយើងធ្វើដូចម្ដេចដើម្បីឱ្យយើងលើកទឹកចិត្តបងប្អូន ដែលកំពុងភ្ជាប់នៅក្នុងបន្ទប់ដ៏តូចមួយ ជាប់នៅក្នុងផ្ទះដែលមិនអាចទៅព្រះវិហារបានទេ មិនអាចទៅអធិដ្ឋាន មិនអាចជួបគ្នាជាមួយបងប្អូនដទៃទៀត មិនអាចដើរលេង មិនអាចធ្វើអ្វីសោះ។ គេភ្ជាប់នៅក្នុងបន្ទប់ ពីព្រឹកដល់យប់ ពីយប់ដល់ព្រឹក គេប្រកាសថារហូតដល់ថ្ងៃទី២៨ ខែមេសានេះ ប៉ុន្តែឥឡូវនេះយើងបានឃើញ គេបានថែមពីរអាទិត្យហើយពីរអាទិត្យទៀត និងប្រហែលមួយខែទៀត ថ្ងៃនេះ យ៉ាងតិចមាន៦០០នាក់ដែលបានឆ្លងជំងឺកូវីដ-១៩។
បងប្អូនជាទីស្រឡាញ់ យើងបានបង្កើត (https://www.facebook.com/LiveCatholicChannel) ដែលជាហ្វេសបុកភេច ដើម្បីជួយឱ្យយើងទាំងអស់គ្នាអាចមានឱកាសអធិដ្ឋាន មើលរឿងព្រះយេស៊ូ ស្តាប់ព្រះគម្ពីរ ចូលអធិដ្ឋានជាមួយសម្ដេចប៉ាប។ (https://www.facebook.com/LiveCatholicChannel) ជាឱកាសមួយដើម្បីឱ្យយើងមានពេលវេលានៅក្នុងមួយថ្ងៃ ភ្ជាប់ជាមួយព្រះជាម្ចាស់ថែមទៀត។ ដូច្នេះ ខ្ញុំសូមអញ្ជើញបងប្អូនចូលរួមមើលផ្ទាល់ដល់ម៉ោង ឬក្រោយម៉ោងក៏បានដែរ ជាមួយកូនៗយើងមានរឿងតុក្កតាដែរ ដើម្បីឱ្យយើងរួមគ្នាមានកម្លាំងកាយកម្លាំងចិត្ត ដោយបង្ហាញថាយើងជាគ្រីស្តបរិស័ទ ដែលបានធ្វើដំណើរនៅក្នុងគ្រប់វិស័យនៃសង្គមបច្ចុប្បន្ននេះ នៅក្នុងគ្រប់វិស័យដែលជាអាទិភាពសម្រាប់មនុស្ស ផ្លូវកាយ ផ្លូវចិត្ត ផ្លូវវិញ្ញាណ ដើម្បីឱ្យយើងរួមគ្នាមិនបាត់បង់សេចក្តីសង្ឃឹម កុំឱ្យយើងបាត់បង់សេចក្តីសង្ឃឹម។
បងប្អូនជាទីស្រឡាញ់ យើងមិនមែនជាអ្នកស៊ីឈ្នួលទេ យើងជាអ្នកបម្រើដែលស្រឡាញ់ ដែលអាណិត ដែលអធិដ្ឋាន។ យើងមើលសន្តយ៉ូសែប ដែលជាគំរូសម្រាប់យើង យើងទូលអង្វរព្រះយេស៊ូដែលជាគ្រូគង្វាលដ៏សប្បុរស តាមរយៈសន្តយ៉ូសែប។ ឱ្យយើងទាំងអស់គ្នា មើលឃើញព្រះគម្រោងការណ៍របស់ព្រះជាម្ចាស់សម្រាប់យើង ជាពិសេសយុវជនយុវនារី។ យើងអធិដ្ឋានដើម្បីឱ្យយើងទាំងអស់គ្នា ទៅជាអ្នកបម្រើដែលមានចិត្តស្មោះត្រង់ចំពោះព្រះជាម្ចាស់ ដើម្បីឱ្យយើងឈ្នះហើយចេញផុតពីទុក្ខលំបាកដែលយើងកំពុងជួប។ ប៉ុន្តែ ដោយដឹងថានៅក្នុងពេលវេលាដ៏ពិបាកនេះ នៅក្នុងកាលៈទេសៈដ៏ពិបាកនេះ យើងជាគ្រីស្តបរិស័ទ យើងជាព្រះសហគមន៍កាតូលិក យើងយកចិត្តទុកដាក់ដើម្បីសម្ដែងធម៌មេត្តាករុណា ដោយសារពិតមែនព្រះជាម្ចាស់ជាព្រះបិតាដែលមានព្រះហឫទ័យមេត្តាករុណាគ្រប់ពេលវេលា។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ
ប្រទេសកម្ពុជា