អាទិត្យ​ទី​២២​នៃ​រដូវ​ធម្មតា កសិដ្ឋាន​ឋាន​សួគ៌​ភ្នំ​វល្លិ៍ ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២១ “យើង​ជា​កំពូល​នៃ​ការ​បង្កើត”

បងប្អូន​ជា​ទី​ស្រឡាញ់!

ថ្ងៃ​នេះ ដែល​ខ្ញុំ​បាន​មក​ដល់​កសិដ្ឋាន​ឋាន​សួគ៌​ភ្នំ​វល្លិ៍ ដែល​មាន​ភ្នំ មាន​ដើម​ស្វាយ មាន​ម្រេច​កំពត មាន​ដើម​ឈើ​គ្រប់​មុខ និង​សត្វ​គ្រប់​ប្រភេទ។ ដូច្នេះ ពេល​យើង​មក​ដល់​ទី​នេះ​ណែនាំ​ឱ្យ​យើង​នឹក​ឃើញ​ដល់​ព្រះជាម្ចាស់​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់។ ពី​ដើម​រៀង​មក ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​បាន​បង្កើត​ទាំង​ផែនដី ទាំង​ផ្ទៃ​មេឃ ទាំង​ផ្កាយ ទាំង​ព្រះអាទិត្យ ទាំង​ព្រះច័ន្ទ។ ពី​ដើម​រៀង​មក ព្រះជាម្ចាស់​បាន​បង្កើត​ធម្មជាតិ​ទាំង​ឡាយ មាន​ដើម​ឈើ មាន​ផ្កា មាន​សត្វ…។ នៅ​ក្នុង​កសិដ្ឋាន​របស់​យើង​មាន​សត្វ​ទា សត្វ​គោ សត្វ​មាន់ សត្វ​ពពែ សត្វ​ជ្រូក សត្វ​សេះ យើង​ក៏​មាន​សត្វ​ពស់​ដែរ ដូច​នៅ​ក្នុង​សួន​អេដេន​ពី​ដើម​ក៏​មាន​សត្វ​ពស់។

កំពូល​ដែល​យើង​បាន​ស្តាប់​ថ្ងៃ​នេះ​នៅ​ក្នុង​ព្រះបន្ទូល​ដំណឹង​ល្អ “ព្រះអង្គ​សព្វ​ព្រះហឫទ័យ​បង្កើត​យើង​មក ដោយសារ​ព្រះបន្ទូល​នៃ​សេចក្តី​ពិត ដើម្បី​ឱ្យ​យើង​ទៅ​ជា​ផល​ដំបូង​ម្យ៉ាង​នៃ​អ្វីៗ​ទាំង​អស់​ដែល​ព្រះអង្គ​បង្កើត​មក”។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​យើង​នឹក​ឃើញ​របៀប​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​ពិភព​លោក របៀប​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​សត្វ​លោក យើង​យល់​ថា​យើង​ជា​កំពូល​នៃ​ការ​បង្កើត។ នៅ​ក្នុង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា “ខ្ញុំ​បង្កើត​បុរស​និង​ស្ត្រី​ឱ្យ​មាន​លក្ខណៈ​ដូច​យើង ឱ្យ​ទៅ​ជា​តំណាង​យើង”។ នេះ​ជា​អ្វី​ដែល​យើង​បាន​ទទួល​នៅ​ក្នុង​ជីវិត​របស់​យើង យើង​ដឹង​ថា​ព្រះជាម្ចាស់​បាន​បង្កើត​យើង​ជា​បុរស ជា​ស្ត្រី ជា​តំណាង​នៃ​ព្រះជាម្ចាស់​លើ​ផែនដី​នេះ ដើម្បី​ណែនាំ​ឱ្យ​យើង​រស់​នៅ​តាម​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដែល​បាន​បង្កើត​យើង។ “ចូរ​ប្រព្រឹត្ត​តាម​ព្រះបន្ទូល កុំ​គ្រាន់​តែ​ស្តាប់​តាម​បញ្ជា ប៉ុន្តែ​សូម​ធ្វើ​តាម​ព្រះបន្ទូល​នេះ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ”។

ថ្ងៃ​នេះ ព្រះយេស៊ូ​ចង់​និយាយ​ថា​កុំ​លាង​ដៃ​កុំ​លាង​តុ ដោយសារ​ពេល​យើង​ស្តាប់​អត្ថបទ​នេះ​ហើយ ប្រហែល​យើង​មាន​អារម្មណ៍​ថា សាវ័ក​របស់​ព្រះយេស៊ូ​ឥត​មាន​អនាម័យ។ ជា​ពិសេស​នៅ​ក្នុង​សម័យ​កូវីដ-១៩​នេះ យើង​ដឹង​ថា​អនាម័យ​សំខាន់​ណាស់​លាង​ចាន លាង​តុ លាង​គ្រប់​ទី​កន្លែង​មុន​យើង​ចេញ​ចូល។ នេះ​ជា​អ្វី​ដែល​សំខាន់ ហើយ​ព្រះយេស៊ូ​មិន​ប្រឆាំង​នឹង​អនាម័យ​ទេ កុំ​ឱ្យ​យើង​យល់​ច្រឡំ។ ក៏​ប៉ុន្តែ ព្រះយេស៊ូ​ចង់​បង្ហាញ​ថា​យើង​ពូកែ​និយាយ​ណាស់ យើង​ពូកែ​និយាយ​ថា​យើង​ត្រូវ​ការ​ធ្វើ​នេះ ត្រូវ​ការ​ធ្វើ​នោះ ត្រូវ​ការ​ធ្វើ​តាម​ច្បាប់ តាម​វិន័យ…។ ប៉ុន្តែ ចុង​ក្រោយ​យើង​ធ្វើ​តែ​កាយ​វិកាយ​ខាង​ក្រៅ តែ​ចិត្ត​របស់​យើង​នៅ​ខ្មៅ​ងងឹត ព្រះបន្ទូល​ដែល​បាន​បង្កើត​យើង​គឺ​ពិត​ជា​បាន​បង្កើត​យើង​មែន ប៉ុន្តែ​មិន​បាន​យាង​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ដើម្បី​ឱ្យ​យើង​អនុវត្ត។ យើង​ពូកែ​និយាយ​ដោយ​បបូរ​មាត់​របស់​យើង យើង​ពូកែ​បញ្ជា យើង​ពូកែ​បង្គាប់ យើង​ពូកែ​អប់រំ​គេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​នេះ​ជា​អ្វី​ដែល​ព្រះយេស៊ូ​ចង់​បង្ហាញ​ឱ្យ​យើង​យល់​ថ្ងៃ​នេះ គឺ​នៅ​ក្នុង​ជីវិត​របស់​យើង​ប្រចាំ​ថ្ងៃ យើង​ត្រូវ​តែ​រស់​នៅ​តាម​ព្រះបន្ទូល​ដែល​ព្រះជាម្ចាស់​បាន​បង្កើត តាម​ព្រះបន្ទូល​ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​ឱ្យ​យើង។

យើង​បាន​ទទួល​អំណោយ​ទាន​យ៉ាង​ច្រើន យើង​ជា​ពូជ​មួយ​យ៉ាង​ពិសេស ដែល​ត្រូវ​ការ​ណែនាំ​ឱ្យ​យើង​មាន​ផ្លែ​យ៉ាង​ច្រើន​នៅ​ក្នុង​ជីវិត។ មិន​មែន​តែ​ដើម​ស្វាយ មិន​មែន​តែ​ដើម​ស្រកា​នាគ មិន​មែន​តែ​ដើម​ម្រុំ… ប៉ុន្តែ​ជា​មនុស្ស​យើង។ ផ្កា​និង​ផ្លែ អាច​ចេញ​លុះត្រាតែ​យើង​រស់​នៅ​តាម​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដែល​យើង​បាន​ទទួល​នៅ​ថ្ងៃ​យើង​ជ្រមុជ​ទឹក ដែល​យើង​បាន​ទទួល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៅ​ពេល​យើង​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។ តើ​ព្រះបន្ទូល​នេះ​ណែនាំ​ជីវិត​របស់​យើង​ដូច​ម្តេច? នៅ​ក្នុង​រដូវ​កូវីដ-១៩​នេះ យើង​សង្ឃឹម​ថា​បន្តិច​ទៀត​យើង​នឹង​ផុត​ឆាប់ៗ យើង​មាន​ឱកាស​ច្រើន​ដើម្បី​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។ កុំ​និយាយ​ថា យើង​ចូល​ព្រះវិហារ​មិន​បាន​យើង​ក៏​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​មិន​បាន​នោះ​ទេ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ជានិច្ច​មិន​មែន​តែ​នៅ​ក្នុង​ព្រះវិហារ។ ប៉ុន្តែ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​តាមរយៈ​បង​ប្អូន​ឯទៀតៗ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ដល់​យើង​តាម​ហ្វេសបុក តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នានា ជា​ពិសេស​តាម​រយៈ​ហេ្វស​បុក​ភេច LIVE Catholic Channel ជា​រៀង​រាល់​ថ្ងៃ​យើង​មាន​ឱកាស​ដើម្បី​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។ ជា​រៀង​រាល់​ថ្ងៃ​ខ្ញុំ​បាន​បង្ហោះ​វីដេអូ ២​នាទី​សម្រាប់​ស្មារតី​យើង ២​នាទី​ដើម្បី​ឱ្យ​យើង​យក​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ឱ្យ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​បន្តិច​ម្តងៗ​កែ​ប្រែ​ចិត្ត​គំនិត​របស់​យើង។ ដោយសារ​យើង​មិន​អាច​កែ​លឿនៗ​បាន​ទេ យើង​មាន​មួយ​ជីវិត​ដើម្បី​កែ​ប្រែ ប៉ុន្តែ​យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់ ដោយសារ​យើង​បាន​ទទួល​ព្រះអំណោយ​ទាន​ដ៏​ល្អ​ពិសេស​ពី​ព្រះជាម្ចាស់។ គ្រប់​អំណោយ​ដ៏​ល្អ​ពិសេស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដ៏​គ្រប់​លក្ខណៈ​ដែល​យើង​បាន​ទទួល សុទ្ធ​តែ​មក​ពី​ស្ថាន​លើ​ទាំង​អស់ គឺ​មក​ពី​ព្រះបិតា​ដែល​បាន​បង្កើត​ពន្លឺ ដែល​បាន​បង្កើត​មនុស្ស​យើង។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​ជា​ពេល​វេលា​ដើម្បី​អនុវត្ត យើង​មាន​ឧទាហរណ៍​យ៉ាង​ជាក់​ស្តែង ថ្ងៃ​នេះ​លោក​យ៉ាកុប​និយាយ​ច្បាស់​មែន​ទែន “គឺ​ស្ថិត​នៅ​លើ​ការ​ជួយ​ឧបត្ថម្ភ​ក្មេង​កំព្រារ និង​ស្ត្រី​មេម៉ាយ”។ ប៉ុន្មាន​ដង​នៅ​ក្នុង​សម្ព័ន្ធ​មេត្រី​ចាស់ ប៉ុន្មាន​ដង​នៅ​ក្នុង​សម្ព័ន្ធ​មេត្រី​ថ្មី​យើង​បាន​ស្តាប់​អំពី​ការ​ស្វាគមន៍​ជន​បរទេស ជួយ​កុមារ​កំព្រារ​និង​ស្ត្រី​មេម៉ាយ។ នេះ​ដោយសារ ជា​មនុស្ស​ដែល​បាត់​បង់​ទី​ពឹង ជន​បរទេស​ដែល​បាន​ចេញ​ពី​ប្រទេស​កំណើត​របស់​ខ្លួន ដើម្បី​ទៅ​ប្រទេស​មួយ​ទៀត។ ជាក់​ស្តែង​នៅ​ប្រទេស​អាហ្គានីស្ថាន​សព្វ​ថ្ងៃ ក្នុង​រយៈ​ពេល​តែ​២​សប្តាហ៍​មាន​ជាង​១២​ម៊ឺន​នាក់​ដែល​បាន​ចាក​ចេញ​ពី​ប្រទេស​នេះ ដើម្បី​ទៅ​ប្រទេស​ផ្សេងៗ ដោយសារ​គេ​ភ័យ​ខ្លាច​សម្រាប់​ជីវិត​ផ្ទាល់​ខ្លួន​នៅ​ក្នុង​ស្ថាន​ភាព​នយោបាយ​ថ្មី។ តើ​ប្រទេស​នីមួយៗ​ចេះ​ទទួល​ស្វាគមន៍​គេ​ឬ​ទេ? គេ​បាត់​បង់​ផ្ទះ បាត់​បង់​គ្រួសារ​មួយ​ចំនួន គេ​ទៅ​ដល់​កន្លែង​ថ្មី​មួយ​ដែល​គ្មាន​ទី​ពឹង ដែល​មិន​ស្គាល់​វប្បធម៌…។ ជា​មូល​ហេតុ ជន​បរទេស​ជា​និមិត្ត​រូប​នៃ​មនុស្ស​ដែល​យើង​ត្រូវ​តែ​ទទួល​ស្វាគមន៍​ជានិច្ច។ ស្ត្រី​មេម៉ាយ កុមារ​កំព្រារ ជា​មនុស្ស​ដែល​បាត់​បង់​ទី​ពឹង បាត់​បង់​ភាព​កក់​ក្តៅ​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត គឺ​ឪពុក​ម្តាយ គឺ​គ្រួសារ​ផ្ទាល់​ខ្លួន នេះ​ជា​មូល​ហេតុ​ជា​ក្រុម​មនុស្ស​ដែល​យើង​ត្រូវ​តែ​ជួយ។ ប៉ុន្តែ ដោយ​ដឹង​ថា​មនុស្ស​ទាំង​អស់ ចាស់​ជរា អ្នក​ជំងឺ ដែល​គ្មាន​ទី​ពឹង​ជា​អាទិភាព​សម្រាប់​យើង​ជួយ​។ ដូច្នេះ យើង​មិន​ចេះ​តែ​និយាយ​ដោយ​មិន​ធ្វើ ថ្ងៃ​នេះ​យើង​យល់ ថ្ងៃ​នេះ​យើង​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។

ប៉ុន្តែ សូម​ចាប់​អារម្មណ៍​នៅ​ពេល​នោះ​លោក​យ៉ាកុប​មិន​និយាយ​អំពី​តែ​ស្ត្រី​មេម៉ាយ កុមារ​កំព្រារ គាត់​បាន​ថែម​ថា “ព្រម​ទាំង​ស្ថិត​នៅ​លើ​ការ​រក្សា​ខ្លួន​ឱ្យ​ផុត​ពី​អំពើ​សៅ​ម៉ង​របស់​លោកិយ​នេះ”។ តាម​ពិត យើង​មិន​តែ​គិត​ដល់​បង​ប្អូន​ឯទៀតៗ​យើង​ត្រូវ​ការ​គិត​ដល់​យើង​ផ្ទាល់​ខ្លួន​ដែរ យើង​ត្រូវ​ការ​គិត​ដល់​ជីវិត​របស់​យើង​ដែរ ដល់​សុខ​ភាព​របស់​យើង ដល់​កម្លាំង​កាយ​កម្លាំង​ចិត្ត​របស់​យើង។ ដូច​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “អំពើ​សៅ​ម៉ង​មិន​ចូល​នៅ​ក្នុង​ខ្លួន​យើង ផ្ទុយ​ទៅ​វិញ​ចេញ​ពី​ដួង​ចិត្ត​របស់​យើង” អំពើ​មិន​បរិសុទ្ធ​មិន​ចូល​នៅ​ក្នុង​ខ្លួន​របស់​យើង ប៉ុន្តែ​ចេញ​ពី​ខ្លួន​យើង។ ដោយសារ​មនុស្ស​យើង​ពី​ដើម​រៀង​មក អំពើ​អាក្រក់​បាន​ចូល​នៅ​ក្នុង​ខ្លួន​មនុស្ស​ដោយ​សារ​យើង​មាន​ចិត្ត​លោភ​លន់ ដោយសារ​យើង​មាន​ចិត្ត​ច្រណែន។ ចិត្ត​លោភ​លន់​និង​ចិត្ត​ច្រណែន ជា​មូល​ដ្ឋាន​នៃ​អំពើ​ឃោរឃៅ​ទាំង​អស់​ដែល​យើង​អាច​ប្រព្រឹត្ត អំពើ​នេះ​មិន​មែន​មក​ពី​ព្រះជាម្ចាស់​ទេ​គឺ​មក​ពី​មនុស្ស​យើង​បង្កើត​ខ្លួន​ឯង​នៅ​ក្នុង​សេរីភាព​របស់​យើង។

ដូច្នេះ ថ្ងៃ​នេះ​ពិត​មែន​យើង​អធិដ្ឋាន​ដើម្បី​ឱ្យ​យើង​រស់​នៅ​ក្នុង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដើម្បី​ឱ្យ​យើង​បង្កើត​ផល​ផ្លែ​យ៉ាង​ច្រើន​ដូច​ស្មៅ​ខៀវ​ខ្ចី​នៅ​ជុំ​វិញ​ខ្ញុំ ដើម្បី​ឱ្យ​យើង​មាន​ផ្កា​យ៉ាង​ច្រើន។ សូម​ចាប់​អារម្មណ៍​ដើម​ស្វាយ​យើង​គ្មាន​ផ្កា តែ​ដើម​ស្វាយ​គេ​មាន​ផ្កា នេះ​ដោយសារ​ដើម្បី​ស្វាយ​យើង​ជា​ដើម​ស្វាយ​ធម្មជាតិ។ ដូច​មនុស្ស​យើង ព្រះជាម្ចាស់​បាន​បង្កើត​យើង​ឱ្យ​យើង​ទៅ​ជា​មនុស្ស​ដែល​រស់​នៅ​ក្នុង​ជីវិត​ធម្មតា​ដែល​ព្រះជាម្ចាស់​បាន​រៀបចំ​។ ដើម​ស្វាយ​គេ​មាន​ផ្កា​ពេញ ខ្លះ​ចាប់​ផ្តើម​ចេញ​ផ្លែ​ដោយសារ​គេ​បាញ់​ថ្នាំ ដែល​ព្រះជាម្ចាស់​មិន​ចង់​ឱ្យ​មនុស្ស​យើង​បាញ់​ថ្នាំ​ដើម្បី​ធ្វើ​ជា​មនុស្ស​ល្អ។ ព្រះជាម្ចាស់​ចង់​ឱ្យ​មនុស្ស​យើង​រៀប​ចំ​ខ្លួន ឱ្យ​អ្វីៗ​ទាំង​អស់​ដែល​ចេញ​ពី​ខ្លួន​របស់​យើង​ទៅ​ជា​អំពើ​ល្អ អំពើ​ត្រឹម​ត្រូវ​ដើម្បី​ណែនាំ​ឱ្យ​ធម៌​មេត្តា​ករុណា​របស់​ព្រះជាម្ចាស់​មាន​គ្រប់​ទី​កន្លែង​នៅ​លើ​ផែន​ដី​នេះ។ ដូច្នេះ យើង​បន្ត​អធិដ្ឋាន​ដើម្បី​ឱ្យ​យើង​រួម​គ្នា​កសាង​ព្រះសហគមន៍​របស់​យើង ទោះ​បី​នៅ​ក្នុង​ស្ថាន​ភាព​កូវីដ-១៩​ក៏​ដោយ យើង​ដឹង​ថា​ព្រះជាម្ចាស់​គង់​នៅ​ជា​មួយ​យើង ព្រះជាម្ចាស់​បំភ្លឺ​យើង ព្រះជាម្ចាស់​ណែនាំ​ឱ្យ​យើង​ទៅ​ជា​មនុស្ស​ដ៏​ពេញ​លក្ខណៈ ដោយសារ​ព្រះជាម្ចាស់​បាន​បង្កើត​យើង។ យើង​ជា​កំពូល​នៃ​ព្រះបន្ទូល​របស់​ព្រះអង្គ យើង​ជា​កំពូល​នៃ​ការ​បង្កើត​លើ​ផែន​ដី​នេះ។ សូម​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​បំភ្លឺ​យើង ដើម្បី​ឱ្យ​យើង​រក​ផ្លូវ​ធ្វើ​ជា​សាវ័ក​របស់​ព្រះអង្គ ធ្វើ​ជា​សាក្សី​នៃ​ព្រះពន្លឺ​ដែល​ព្រះអង្គ​បាន​បង្កើត​នៅ​លើ​ផែនដី​នេះ។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា
ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

សាលាសន្តឡាសាលពោធិ៍ធំពង្រីកបេសកកម្មអប់រំកុមារ

នាព្រឹកថ្ងៃទី៣០​ ខែតុលាលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ​ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ​ បានអញ្ជើញជាអធិបតីក្នុងពីធីបាចទឹកព្រះពរ និងសម្ពោធអគារសិក្សាថ្មីសន្តឡាសាលពោធិ៍ធំ​ ​ដែលទទួល​ខុស​ត្រូវ​ដោយ​ក្រុម​បព្វជិត​​ឡាសាល មានទីតាំងក្នុងភូមិពោធិ៍ធំ​ សង្កាត់​អរិយក្សត្រ ក្រុងអរិយក្សត្រ​ ខេត្តកណ្តាល។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបូជាចារ្យ​ បងប្រុស​ បងស្រី​ តំណាងអាជ្ញាធរដែនដី​ សិស្សានុសិស្ស​ អាណាព្យាបាល​ យ៉ាងច្រើនកុះករ​។ មានប្រសាសន៍​សំណេះសំណាលក្នុងពិធីកាត់ខ្សែបូ លោកអភិបាលអូលីវីយ៉េ លើកឡើងថា នៅទីនេះមាតាបិតាមានសំណាងណាស់ ដោយសារកូនៗរៀននៅសាលាដ៏ល្អ មានការអប់រំដ៏ល្អមិនគិតថ្លៃ។ លោកក៏បានថ្លែងអំណរគុណដល់​ក្រុម​បព្វជិត​ឡាសាល

សិស្សនៃ​វិទ្យាល័យសន្តហ្រ្វង់ស្វ័រ ចំនួន​៨នាក់​ ទទួលបាន​និទ្ទេស A ពីការ​​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

សិស្សថ្នាក់ទី១២ ជំនាន់ទី១៩ ឆ្នាំ​សិក្សា​២០២៣-២០២៤ ចំនួន​៨ នាក់របស់​សាលា​ចំណេះទូទៅ​សន្តហ្វ្រង់ស្វ័រ ទទួល​បាននិទ្ទេសA ក្នុង​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះ​បើ​យោង​តាម​លទ្ធផល​ដែល​បាន​បូកសរុប​ដោយ​សាលាផ្ទាល់។ លោកអូលីវីយ៉េ ជ្មីតហស្លេ ជា​ស្ថាបនិក និង​ជា​អភិបាល​ព្រះសហគមន៍កាតូលិកភូមិភាគ​ភ្នំពេញ​មានប្រសាសន៍ថា ក្នុងឆ្នាំនេះ សាលា​មាន៨នាក់ជាប់និទ្ទេសA  ស្មើនឹង២២,២២​ភាគរយនៃសិស្ស៣៦នាក់។ លោក​ថា «នេះ​ជាមោទនភាពរបស់ព្រះសហគមន៍កាតូលិកដែលបានបង្កើតគ្រឹះស្ថានអប់រំ​ដ៏ល្អបំផុត ដែលមានលទ្ធផលប្រហែលជាទទួលបាន លេខមួយនៅទូទាំងប្រទេស ដែលមាននិទ្ទេសA ច្រើនដូចនេះ។» លោក​បញ្ជាក់ថា ជោគជ័យនេះបាន​ដោយសារតែសិស្សសាលារបស់យើងសព្វថ្ងៃ ទទួលការអប់រំពីព្រះសហគមន៍កាតូលិកតាំងពីមត្តេយ្យសិក្សា

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

Subscribe to our newsletter

Don't miss new updates on your email