ព្រះវិហារសន្តយ៉ូសែប ផ្សារតូច បានប្រារព្ធពិធីបុណ្យប្រសិទ្ធពរបញ្ចុះបឋមសិលាគ្រឹះព្រះវិហារថ្មី ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍កាតូលិក អូលីវីយ៉េ ជ្មីតហស្លេរ រួមជាមួយអភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ លោក ឯក ឃុនដឿន, លោក អ៊ុំ សំបូរ ប្រធានការិ យាល័យធម្មការនិងសាសនាខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានគ្រីស្តបរិស័ទចូលរួមអបអរសាទរផងនាក់។ នៅក្នុងឱកាសនោះ លោកអភិបាលបានលើកឡើងថា ជាថ្ងៃដ៏ឱឡារិកមួយ ដោយយូរឆ្នាំហើយគ្រីសបរិស័ទមិនមានកន្លែងថ្វាយបង្គំសមរម្យ ហើយលោកក៏បានរំឭកពីប្រវត្តិសាស្ត្រដែលជាជីវិតព្រះសហគមន៍ក្នុងអំឡុងពេលកសាងព្រះវិហារនៅទីនេះ។ លោកបានមានប្រសាសន៍ថា ៖ «យើងបានបាត់បង់៣២កន្លែងបន្ទាប់ពីសម័យប៉ុលពត នៅសល់តែ៣កន្លែងប៉ុណ្ណោះ»។ លោកក៏បានថ្លែងអំណរគុណព្រះជាម្ចាស់ និងលោកបូជាចារ្យ ដែលបានរៀបចំព្រះវិហារតាមរចនាបទខ្មែរ។ នាពេលនោះ លោកក៏នឹករឭកដល់លោកអភិបាលព្រះសហគមន៍ពីដើមរហូតដល់សម័យលោកអភិបាលអេមីលដេតម្ប។ រំឭកពីប្រវត្តិសាស្ត្រព្រះសហគមន៍ប្រទេសកម្ពុជា លោកអភិបាលមានប្រសាសន៍ថា ៖ «ឆ្នាំ១៥៥៥នៅលើទឹកដីកម្ពុជា ទោះបីមិនមានដីតែយើងមានមនុស្សដែលមានជំនឿ។ ជំនឿមិនបាត់បង់ គ្រីស្តបរិស័ទមានតួនាទីបង្កើតក្ដីសុខដោយនាំឱ្យមនុស្សសុខដុមរមនា»។ ក្រោយមកលោកអភិបាលបានអធិដ្ឋាននៅមុខរណ្ដៅ អង្វរព្រះជាម្ចាស់ដែលបានប្រោសប្រទានព្រះបុត្រាដែលជាគ្រឹះដ៏រឹងមាំនៃព្រះរាជ្យស្ថានបរមសុខ ដើម្បីប្រទានពរលើការដ្ឋានថ្មីសូមឱ្យប្រកបដោយសេចក្ដីសុខសាន្តនិងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់បានសម្រេចគោលដៅ។ ក្រោយបញ្ចប់ការអធិដ្ឋាន និងបាចទឹកព្រះពរលើរណ្ដៅ លោកអភិបាល និងភ្ញៀវកិត្តិយសបានរួមគ្នាទម្លាក់ថ្ម និងខ្សាច់ រួមជាមួយនឹងថ្ម១២ដុំតំណាងសសរចំនួន១២ ជានិមិត្តរូបនៃជំនឿដែលទទួលបានពីក្រុមគ្រីស្តទូត១២រូប និងជាតំណាងគ្រីស្តបរិស័ទ ដែលចូលរួមថ្វាយសសរគ្រឹះទាំង២៦២ដើម ដែលបញ្ជាក់ថា ការរួបរួមគ្នា ស្រឡាញ់គ្នា និងបានចាក់គ្រឹះនៃជំនឿកាន់តែរឹងមាំក្នុងក្តីស្រឡាញ់របស់បងប្អូន។ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ ក៏បានថ្លែងដែរថា ប្រទេសមានសេរីភាពសាសនា ប្រជាពលរដ្ឋមានសិទ្ធគោរពប្រណិបត្តិជំនឿសាសនារៀងៗខ្លួន។ លោកបានបន្តថា សាសនាទាំងអស់ប្រកាន់គោលជំហរស្រឡាញ់សន្តិភាព មិនចង់បានសង្គ្រាមទេ។ លោក ឯក ឃុនដឿន បានមានប្រសាសន៍ថា ៖ «ព្រះវិហារគ្រីស្តសាសនាបានចូលរួមចំណែកកសាងធនធានមនុស្សនៅកម្ពុជា ដោយព្រះវិហារជាច្រើនតែងតែអប់រំកូនចៅឱ្យទៅជាពលរដ្ឋល្អ និងដោយមានសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាធនធានសំខាន់សម្រាប់បន្តវេនផង បន្តកសាងសុខសន្តិភាពផង»។ ការកសាងព្រះវិហារថ្មីនេះនឹងចំណាយថវិកាប្រមាណជាង២លានដុល្លារ តាមរយ:ក្រុមសាសនទូតបារាំង និងជំនួយសប្បុរសធម៌ទាំងក្នុង និងក្រៅប្រទេស ដោយមានកម្ពស់២ជាន់ ក្នុងនោះមានជាន់ក្រោមដីកន្លែងចំណត ជាន់ផ្ទាល់ដីសម្រាប់បម្រើកិច្ចការសង្គម ជាន់ទី១សម្រាប់អប់រំជំនឿ ជាន់ទី២ជាកន្លែងសក្ការៈ។ យោងតាមសេចក្ដីប្រកាស បានឱ្យដឹងថា ពិធីនេះផ្ដល់អត្ថន័យខាងផ្លូវវិញ្ញាណរបស់គ្រីស្តបរិស័ទ ដោយទីមួយគឺជាសិលាដែលមានជីវិត ព្រោះព្រះសហគមន៍កើតឡើងដោយមានគ្រីស្តបរិស័ទ និងគ្រីស្តបរិស័ទជាព្រះវិហាររបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ ទីពីរមានកន្លែងថ្វាយបង្គំស្អាតសមរម និងទីបី ដើម្បីពង្រឹងជំនឿរបស់គ្រីស្តបរិស័ទឱ្យព្រះសហគមន៍មានជីវិត មានព្រះវិហារជាសញ្ញានៃជំនឿ និងការប្រកាសដំណឹងល្អ៕ ដោយ៖ ដាលីស

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី
កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ


