កុមារជំទង់៨៧នាក់ចូលរួមសិក្ខាសាលា “មិត្តសម្លាញ់ជីវិត”

កុមារជំទង់អាយុ១៣ដល់១៧ឆ្នាំចំនួន ៨៧នាក់ មកពី៤មណ្ឌលសកម្មភាពនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ចូលរួមសិក្ខាសាលាក្រោមប្រធានបទ “មិត្តសម្លាញ់ជីវិត” ដែលដឹកនាំដោយ ការិយាល័យយុវជន ជំទង់ កុមារ និងគ្រួសារ នៃព្រះសហគមន៍ភូមិភាគភ្នំពេញ។ កម្មវិធីនេះចាប់ផ្ដើមនាថ្ងៃទី១៥ និង១៦ មករា ២០២២ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី។

តាមការឱ្យដឹងពីកញ្ញា នៅ ម៉ាលីន អ្នកទទួលខុសត្រូវកម្មវិធីជំទង់ បានឱ្យដឹងថា កម្មវិធីសិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង៤សំខាន់ៗ៖ ១. ដើម្បីពង្រឹងផ្លូវវិញ្ញាណរបស់ជំទង់ឱ្យកាន់តែរឹងមាំ។ ២. ចែករំលែកបទពិសោធជីវិតជាបទពិសោធនៃរបៀបរស់នៅ។ ៣. ឱ្យគាត់រៀនរស់នៅជាមួយព្រះសហគមន៍យ៉ាងជិតស្និទ្ធដោយចូលរួមបម្រើព្រះសហគមន៍កាន់តែច្រើន។ ៤. ណែនាំឱ្យពួកគាត់មានអំណរសប្បាយដោយសារយើងខានចួបជុំគ្នាជាយូរមកហើយ។
ម៉ាលីន បន្ថែមថា កម្មវិធីលើកនេះ កុមារទាំងអស់មានការចាប់អារម្មណ៍ខ្លាំងទៅលើប្រធានបទ ដោយមិត្តសម្លាញ់ធ្វើឱ្យគាត់មានអារម្មណ៍ថា ជិតស្និទ្ធ និងត្រូវរក្សាការពារ។
អ្នកចូលរួមក្នុងកម្មវិធីលើកនេះ មានជំទង់ខ្លះ មិនដែលស្គាល់ព្រះសហគមន៍សោះ ក៏មានចំណាប់អារម្មណ៍ចូលរួម ចង់ស្គាល់ព្រះសហគមន៍និងអ្វីផ្សេងៗដែលពាក់ព័ន្ធនឹងព្រះសហគមន៍ ជាពិសេសប្រធានបទរបស់យើងគឺ “មិត្តសម្លាញ់ជីវិត”។ ម៉ាលីនបញ្ជាក់ថា «ពួកគាត់បានចាប់យកនូវអ្វីដែលកម្មវិធីយើង បានដាក់ និងអនុវត្តបានល្អមែនទែន និងជាពិសេសក្រុមជំទង់ទាំងនេះបានចូលរួមការការពារបរិស្ថានទាំងព្រះសហគមន៍និងខាងក្រៅ»។
កុមារា វ៉ាន់ សៀវហ្វុង មកពីព្រះសហគមន៍ពោធិ៍ធំ-ក្ដីកណ្ដាល បាននិយាយថា «មិត្តសម្លាញ់ជីវិត ធ្វើឱ្យខ្ញុំទទួលបានចំណេះ(យល់)ដឹងច្បាស់ពីខ្លួនឯង និងអ្នកនៅជុំវិញ មិនតែប៉ុណ្ណោះខ្ញុំអាចយល់ពីបរិស្ថាន និងសង្គមខាងក្រៅ»។ សៀវហ្វុង បន្ថែមថា បើយើងគ្មានមិត្តក្នុងជីវិតទេយើងក៏ពិបាកដើរតែម្នាក់ឯងបាន។ យើងរស់នៅចាំបាច់ត្រូវស្គាល់មិត្តភក្ដិ បងប្អូន និងមនុស្សដែលរស់នៅជុំវិញយើង។

កុមារជំទង់ ទូច ឌីណា ជាសិស្សថ្នាក់ទី៨ខនៃវិទ្យាល័យដុនបូស្កូ បាននិយាយថា នាងចង់បានបទពិសោធទាក់ទងនឹងមិត្តនិងពីរបៀបរក្សាមិត្ត។ ក្រោយពីបានចូលរួមសិក្ខាសាលានេះ ឌីណា យល់ដឹងអំពីការរក្សាមិត្តភាព «ដោយចេះស្រឡាញ់ យោគយល់ លើកលែងទោសឱ្យគ្នា ចេះលើកទឹកចិត្តគ្នា និងផ្ដល់ឱកាសឱ្យគ្នាទៅវិញទៅមក គឺដើម្បីឱ្យមិត្តភាពបានយូរអង្វែង»។ នាងបន្ថែមថា «ខ្ញុំចង់ផ្ដាំទៅមិត្តរបស់ខ្ញុំថាខ្ញុំនៅតែស្រឡាញ់គាត់ មិនចង់ឱ្យបាត់បង់មិត្តណាទាំងអស់»។

បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបើកឱ្យមានដំណើរការនៃសកម្មភាពគ្រប់វិស័យឡើងវិញ ការិយាល័យយុវជន ជំទង់ កុមារ និងគ្រួសារ ក្នុងភូមិភាគភ្នំពេញ បានបង្កើតឱ្យមានកម្មវិធីសិក្ខាសាលាអំពី មិត្តសម្លាញ់ជីវិត នេះឡើងនៅតាម តំបន់មួយចំនួនក្នុងមណ្ឌលសកម្មភាពនានារបស់ព្រះសហគមន៍ក្នុងភូមិភាគភ្នំពេញ។ នេះ ជាសិក្ខាសាលាលើកទី២ហើយ ដោយលើកទី១ គឺធ្វើនៅជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី៨និង៩ មករា ២០២២៕

ដោយ៖ ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email