ព្រះសហគមន៍កាតូលិកទទួលស្វាគមន៍ដំណើរទស្សនកិច្ចលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន

ព្រះវិហារសន្តមីកាអែល ក្រុងព្រះសីហនុ មានលោកបូជាចារ្យយ៉ូហានអ៊ុន សុន ប្រធានព្រះសហគមន៍មណ្ឌលសកម្មភាពកំពង់សោម  និងលោកគឹមរតនា នាយកប្រតិបត្តិអង្គការការីតាសកម្ពុជា បានទទួលស្វាគមន៍ និងជួបសំណេះសំណាលជាមួយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ  នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ 

ក្នុងឱកាសនេះលោកបូជាចារ្យ យ៉ូហានអ៊ុន សុន បានមានប្រសាសន៍ថា ជំនួបនេះ បានចែករំលែកនូវជំនឿ និងសេចក្តីស្រឡាញ់ ដើម្បីឲ្យយើងចេះទទួលនិងស្រឡាញ់គ្នាទៅវិញទៅមក ដើម្បីធ្វើកិច្ចការរួមជាមួយគ្នាក្នុងសង្គមកម្ពុជា។

លោកបូជាចារ្យបន្តថា ក្នុងជំនួបនេះ ឯកឧត្តម សាយ សំអាល់ បានបើកចិត្តចូលរួមជាមួយព្រះសហគមន៍ដោយចិត្តទុកដាក់គោរពគ្នាទៅវិញទៅមក និងលើកស្ទួយចំពោះកិច្ចការមេត្តាករុណា និងកិច្ចការរបស់ព្រះសហគមន៍កាតូលិកនៅកម្ពុជា។ លោកបន្ថែមថា តាមរយៈអង្គការការីតាសកម្ពុជា ឯកឧត្តមបានឈ្វេងយល់និងសិក្សាពីព្រះសហគមន៍ និងរួមជាមួយរាជរដ្ឋាភិបាលដើម្បីកសាងសង្គមកម្ពុជា។

កន្លងមក ព្រះសហគមន៍កាតូលិកនៅកម្ពុជា ក៏ដូចជាអង្គការការីតាសកម្ពុជាដែលជាអង្គការមួយរបស់ព្រះសហគមន៍កាតូលិក បានធ្វើកិច្ចការមនុស្សធម៌ជាច្រើនសម្រាប់ប្រជាជនក្នុងមូលដ្ឋានក្នុងខេត្តក្រុងចំនួន២៥ ដោយមានកិច្ចសហប្រតិបត្តិការជាមួយក្រសួងនានាដែលពាក់ព័ន្ធ និងមន្ត្រីមូលដ្ឋានក្នុងគោលដៅ ជួយដល់ប្រជាជនក្រីក្រក្នុងតំបន់ឲ្យមានជីវភាពរស់នៅសមរម្យ ក្នុងនោះរួមមាន វិស័យអប់រំ បរិស្ថាន សេដ្ឋកិច្ច សង្គមកិច្ច កសិកម្មជាដើម។

ក្នុងពិធីជួបសំណេះសំណាលនេះ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា «សង្គមកម្ពុជាជាសង្គមមួយដែលសាសនាណាក៏អាចលូតលាស់បាន និងទទួលយកបានគ្រប់ជាតិសាសនា ដែលយើងអាចនិយាយបានថា នៅលើពិភពលោកមិនមានច្រើនទេ»។ 

ឯកឧត្តមក៏បានបញ្ជាក់ឱ្យដឹងទៀតថា កម្ពុជាមានសង្គមមួយដែលមានពហុវប្បធម៌។ ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិប័តន៍សាសនា ទៅតាមជំនឿរៀងៗខ្លួន។ ការគោរពព្រះជារឿងសំខាន់ មិនថាសាសនាណាក៏ដោយ ព្រោះព្រះនៅក្នុងសាសនា គឺអប់រំមនុស្សឱ្យសាងអំពើល្អ គិតល្អ និងជាពន្លឺបំភ្លឺជីវិតដល់អ្នកមានជំនឿ។ 

ឯកឧត្តម សាយ សំអាល់ បានលើកឡើងទៀតថា សាសនាក៏មានតួនាទីសំខាន់ក្នុងការកែប្រែ ឬផ្លាស់ប្តូរផ្នត់គំនិតរបស់មនុស្សឆ្ពោះទៅកាន់ផ្លូវត្រូវក្នុងខ្សែជីវិតរបស់ខ្លួនផងដែរ។ 

លោកបូជាចារ្យយ៉ូហានអ៊ុន សុន បានបញ្ជាក់ឲ្យដឹងថា កាលពីប៉ុន្មានឆ្នាំមុននេះ តាមរយៈលោករដ្ឋមន្ត្រី ព្រះសហគមន៍កាតូលិក ក៏បានទទួលសិទ្ធិគ្រប់គ្រង អភិវឌ្ឍ និងថែរក្សានូវព្រះវិហារចំណាស់មួយនៅលើភ្នំបូកគោ ពីខាងរាជរដ្ឋាភិបាលផងដែរ។

ជាមួយនឹងអមដំណើរឯកឧត្តម សាយ សំអាល់ អញ្ជើញជួបសំណេះ សំណាលជាមួយថ្នាក់ដឹកនាំវិហារកាតូលិក ក្រុងព្រះសីហនុ នេះក៏មានការចូលរួមពីឯកឧត្តមអភិបាលរងខេត្តព្រះសីហនុ ឯកឧត្តមអភិបាលក្រុង ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ជាច្រើនរូប៕

ដោយដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email