នៅព្រះសហគមន៍សន្តហ្វ្រង់ស្វ័រសាវីយ៉េ
ចំប៉ា ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២
“ឆ្នាំថ្មីព្រះពរថ្មី”
បងប្អូនជាទីស្រឡាញ់
នៅថ្ងៃដែលយើងចូលនៅក្នុងថ្ងៃទី២នៃពិធីចូលឆ្នាំប្រពៃណីចិន-វៀតណាម ជាពេលវេលាមួយដើម្បីទទួលសេចក្តីសុខថែមទៀត។ ពីម្សិលមិញ យើងបានសុំព្រះពរពីព្រះជាម្ចាស់សម្រាប់ក្រុមគ្រួសារយើង សម្រាប់ជីវិតរបស់យើង សម្រាប់ប្រទេសរបស់យើង សម្រាប់ពិភពលោករបស់យើងដែរ។ ថ្ងៃនេះ យើងបានមើលឃើញថែមទៀតប្រសិនបើយើងគោរពមាតាបិតា ប្រសិនបើយើងស្តាប់បង្គាប់មាតាបិតា យើងមានសេចក្តីសុខ និងយើងមានអាយុវែងនៅលើផែនដីនេះ។ នេះជាកម្លាំងមួយថ្មីសម្រាប់យើងទាំងអស់ ដែលកំពុងស្វែងរកសេចក្តីសុខ ស្វែងរកសុភមង្គលដ៏ពិតប្រាកដ ស្វែងរកកម្លាំងសម្រាប់ឆ្នាំថ្មីនេះ។
ព្រះពរដែលយើងបានទទួលពីព្រះជាម្ចាស់ ជាព្រះពរមួយយ៉ាងពិសេស ណែនាំឱ្យយើងអាចតស៊ូពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងជីវិតប្រចាំថ្ងៃខាងមុខនេះ។ ព្រះពរដែលមកពីព្រះជាម្ចាស់ ជាព្រះពរដែលធានាឱ្យយើងពោរពេញដោយសេចក្តីស្រឡាញ់ដ៏ពិតប្រាកដមែន ធានាឱ្យយើងចេះរួមរស់ជាគ្រួសារតែមួយយ៉ាងពិតប្រាកដ។ ដោយសារ យើងមានព្រះជាម្ចាស់ដែលគង់នៅជាមួយយើង ដោយសារយើងមានព្រះជាម្ចាស់ដែលជាទីពឹងរបស់យើង។ យើងដឹងហើយថា នៅពេញមួយឆ្នាំខាងមុខនេះយើងត្រូវជួបជាមួយអំណរសប្បាយផង ជាមួយទុក្ខលំបាកផង ជាមួយសេចក្តីសុខ ជាមួយការឈឺចាប់ ជាមួយរឿងដែលកើតឡើងនៅក្នុងគ្រួសាររបស់យើងផ្ទាល់ ជាមួយបងប្អូនដែលនឹងទទួលមរណៈភាព។ ប៉ុន្តែ យើងត្រូវទទួលសេចក្តីសុខយ៉ាងច្រើនដែរ តាមរយៈគ្រួសាររបស់យើង តាមរយៈជីវិតរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយដឹងថា យើងមានព្រះជាម្ចាស់ដែលគង់នៅជាមួយយើង យើងមានទីពឹងមួយយ៉ាងពិសេសបំផុតគឺព្រះជាម្ចាស់ផ្ទាល់។
ថ្ងៃនេះ ព្រះសហគមន៍ដាស់តឿនយើងឱ្យយើងចេះគោរពមាតាបិតា ឱ្យយើងចេះស្រឡាញ់មាតាបិតា ឱ្យយើងចេះគោរពបព្វបុរសរបស់យើង ដែលធ្វើដំណើរជាមួយយើងពីដើមរៀងមក។ បងប្អូនជាទីស្រឡាញ់ នៅក្នុងសារលិខិតរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ដែលបានដែលសរសេរនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ សម្តេចប៉ាបបានយកចំណងថា “ពិភពលោករបស់យើងអាចរកឃើញសេចក្តីសុខសាន្ត លុះត្រាតែយើងមានទំនាក់ទំនងអន្តរជំនាន់”។ មានន័យថា ក្មេងៗមានទំនាក់ទំនងជាមួយចាស់ៗ ចាស់ៗមានទំនាក់ទំនងជាមួយក្មេងៗ ឪពុកម្តាយមានទំនាក់ទំនងជាមួយគ្នា។ ទំនាក់ទំនង ការស្តាប់គ្នា ការសន្ទនារវាងក្មេងៗនិងចាស់ៗសំខាន់ណាស់ ដោយសារកូនក្មេងអាចទទួលបទពិសោធន៍ ការអប់រំ ប្រាជ្ញា មកពីចាស់ៗដែលមានបទពិសោធន៍ពីយូរឆ្នាំហើយនៅលើផែនដីនេះ។ ដែលបានឆ្លងកាត់ប៉ុន្មានឆ្នាំ ទាំងអំណរសប្បាយ ទាំងទុក្ខលំបាកនៅក្នុងជីវិតប្រចាំថ្ងៃ នៅក្នុងជីវិតជាគ្រីស្តបរិស័ទ។
ហេតុនេះហើយ កុមារាកុមារីយើងត្រូវការស្តាប់ឪពុកម្តាយ សូមយកចិត្តទុកដាក់ជាមួយលោកតាលោកយាយរបស់យើង។ យើងដឹងហើយថា លោកតាលោកយាយមិនអាចស្ថិតស្ថេរជានិច្ច មានពេលវេលាកំណត់ដែរ។ ដូច្នេះ នៅពេលមានលោកតាលោកយាយនៅជាមួយយើង សូមគោរព សូមស្តាប់បទពិសោធន៍ ស្តាប់របៀបដែលគាត់រស់នៅនៅលើផែនដីរបស់យើង។ ដើម្បីយល់នៅថ្ងៃអនាគត យើងត្រូវការធ្វើដូចម្តេចដើម្បីទៅជាកូនក្មេងដ៏ពេញលក្ខណៈ ដែលមានកម្លាំងកាយកម្លាំងចិត្ត ដើម្បីទៅជាយុវជនដែលមានប្រាជ្ញាឈ្លាសវៃ។ នៅពេលបង្កើតគ្រួសារ ក្លាយជាឪពុកម្តាយដែលបង្កើតគ្រួសារពោរពេញដោយសេចក្តីសុខសាន្ត អង្គុយលេងដើម្បីស្តាប់លោកតាលោកយាយ។ លោកតាលោកយាយ យកចិត្តទុកដាក់ជាមួយកុមារាកុមារីដែលជាកូនចៅ ដើម្បីឱ្យកូនចៅមានកម្លាំងកាយកម្លាំងចិត្តគោរពប្រពៃណី វប្បធម៌ ចេះស្រឡាញ់ព្រះសហគមន៍ ចេះស្រឡាញ់ព្រះនាងម៉ារី សន្តយ៉ូសែប ព្រះយេស៊ូយ៉ាងជិតស្និទ្ធ។ ចេះសូត្រផ្គាំ ចូលព្រះវិហារទាន់ពេលវេលា ទទួលព្រះកាយរាល់ថ្ងៃអាទិត្យ ចេះរួមរស់ជាបងប្អូនជាមួយមិត្តសម្លាញ់។
ថ្ងៃនេះ យើងទទួលកម្លាំងពិតមែនដោយសារយើងដឹងថា ព្រះសហគមន៍របស់យើងជាមហាគ្រួសារដែលកំពុងធ្វើដំណើរជាមួយគ្នា នៅក្នុងព្រះសហគមន៍របស់យើង។ លូហ្គូដែលយើងបានរៀបចំសម្រាប់សន្និបាតរបស់ព្រះសហគមន៍សកលឆ្នាំ២០២១-២០២៣ យើងបានឃើញរូបរាងនៃព្រះសហគមន៍។ យើងមានកុមារាកុមារី យើងមានយុវជនយុវនារី យើងមានឪពុកម្តាយ យើងមានពូមីង យើងមានលោកតាលោកយាយ យើងមានបងប្រុសបងស្រី យើងមានលោកឪពុក យើងមានលោកអភិបាល។ ដែលធ្វើដំណើររួមជាមួយគ្នាឆ្ពោះទៅព្រះយេស៊ូ ដោយសារយើងទៅមើលព្រះយេស៊ូ ជីវិតរបស់យើងគឺមើលព្រះយេស៊ូ នៅពេលយើងចូលព្រះវិហារយើងមើលទូរព្រះកាយនិងព្រះយេស៊ូដែលសោយទិវង្គតនៅលើឈើឆ្កាង។ នៅពេលចូលព្រះវិហារយើងស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ យើងទទួលព្រះកាយព្រះគ្រីស្ត មានន័យថាគោលដៅនៃជីវិតរបស់យើងគឺជិតស្និទ្ធជាមួយព្រះយេស៊ូ នៅក្នុងមហាគ្រួសារដែលជាព្រះសហគមន៍ ដើម្បីទទួលជីវិតអស់កល្បជានិច្ច។
ហេតុនេះហើយ នៅក្នុងថ្ងៃទី២យើងត្រូវតែជូនពរគ្នាទៅវិញទៅមក ជូនពរដើម្បីឱ្យកូនក្មេងម្នាក់ៗរីកចម្រើននៅក្នុងសុខភាព នៅក្នុងការសិក្សា នៅក្នុងប្រាជ្ញា ដើម្បីមានគំនិតថ្មី ទៅជាកូនក្មេងដែលមានអនាគតដ៏ភ្លឺស្វាង។ ជូនពរដល់ឪពុកម្តាយ ដើម្បីឱ្យមានសេចក្តីសុខរវាងគ្នានឹងគ្នាជាប្តីប្រពន្ធ ជូនពរដើម្បីឱ្យចេះមើលកូនឱ្យរីកចម្រើន ចេះជួយគ្នាទៅវិញទៅមក។ ជូនពរដល់លោកតាលោកយាយ ឱ្យមានអាយុវែង សុខភាពល្អ ណែនាំនៅក្នុងជំនឿយ៉ាងជាក់ស្តែងនិងច្បាស់លាស់។ ជូនពរដល់លោកឪពុក ជូនពរដល់បងស្រី ដើម្បីឱ្យយើងរួមគ្នាមានកម្លាំងកាយកម្លាំងចិត្ត ដើម្បីដឹកនាំព្រះសហគមន៍ឱ្យក្នុងឆ្នាំ២០២២នេះរីកចម្រើនថែមទៀត។ ជូនពរដើម្បីឱ្យព្រះសហគមន៍របស់យើង ទៅជាផ្នែកមួយនៅក្នុងសង្គមទាំងមូល ដើម្បីទៅជាពន្លឺនៅក្នុងសង្គម។
តាមពិតថ្ងៃនេះ យើងគោរពព្រះយេស៊ូដែលថ្វាយខ្លួន នៅក្នុងវិសាលវិហារនៅទីក្រុងយេរូសាឡឹម។ នៅពេលនោះលោកតាស៊ីមេយ៉ុន ពេលឃើញព្រះយេស៊ូគាត់មានប្រសាសន៍ថា “ភ្នែកទូលបង្គំបានឃើញការសង្រ្គោះដែលព្រះអង្គបានប្រទានមកឱ្យប្រជាជាតិទាំងអស់ គឺជាពន្លឺដែលណែនាំឱ្យមនុស្សគ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គ និងជាសិរីរុងរឿងរបស់អ៊ីស្រាអែលដែលជាប្រជារាស្ត្ររបស់ព្រះអង្គ ជាសិរីរុងរឿងរបស់ប្រទេសកម្ពុជាទាំងមូលដែលជាប្រជារាស្ត្ររបស់ព្រះអង្គ”។ ថ្ងៃនេះ ដូចលោកតាស៊ីមេយ៉ុន ដូចយាយអាណា ដែលបានឃើញព្រះយេស៊ូ ដែលបានទទួលស្គាល់ព្រះយេស៊ូជាព្រះពន្លឺ ដែលយាងមកដើម្បីបំភ្លឺមនុស្សទាំងអស់នៅក្នុងពិភពលោក។ ឱ្យយើងគោរពគ្នាទៅវិញទៅមក ដើម្បីបង្ហាញថាយើងជាគ្រួសារតែមួយ យើងចេះស្រឡាញ់គ្នាទៅវិញទៅមក។ សេចក្តីស្រឡាញ់របស់យើង អាចទៅជាសក្ខីភាពសម្រាប់សង្គមរបស់យើងបច្ចុប្បន្ននេះ ដើម្បីមើលឃើញយ៉ាងជាក់ស្តែងអំពីវត្តមានរបស់ព្រះជាម្ចាស់ ដែលជាពន្លឺមួយយ៉ាងពិសេស ដែលបំភ្លឺប្រទេសយើង សង្គមយើង ដើម្បីយើងទៅមុខបាន។
នៅក្នុងមួយឆ្នាំកន្លងមក ជួនកាលយើងធ្លាក់ទឹកចិត្ត ជួនកាលយើងពិបាកចិត្ត ដោយសារមានរឿងជាច្រើនដែលកើតឡើង មិនមែនតែជំងឺកូវីដ-១៩ មានរឿងនៅក្នុងក្រុមគ្រួសាររបស់យើង រឿងនៅក្នុងព្រះសហគមន៍ រឿងនៅក្នុងការសិក្សានិងការងាររបស់យើង។ ប៉ុន្តែ យើងដឹងថានៅក្នុងឆ្នាំថ្មីយើងមានព្រះជាម្ចាស់ ទោះបីយើងមានបញ្ហាណាមួយក៏ដោយព្រះជាម្ចាស់មិនដែលលះបង់ចោលយើង។ ដូច្នេះ ថ្ងៃនេះជាពេលវេលាដើម្បីសំលឹងមើលម្តងទៀត មិនមែនតែឪពុកម្តាយ លោកតាលោកយាយរបស់យើង ប៉ុន្តែសំលឹងមើលបព្វបុរសរបស់យើងនៅក្នុងជំនឿ។ ពីលោកតាអាប្រាហាំ ជាពិសេសសន្តសន្តី និងសន្តបុគ្គលទាំងឡាយ នៅចំប៉ាយើងមានសន្តហ្វ្រង់ស្វ័រសាវីយ៉េ ដែលបានប្រកាសដំណឹងល្អនៅក្នុងទ្វីបអាស៊ីយើង។ យើងមានសន្តីតេរេសា យើងមានព្រះនាងម៉ារី យើងមានសន្តយ៉ូសែប សុទ្ធតែជាបព្វបុរសនៅក្នុងជំនឿ ដែលជាគំរូដើម្បីណែនាំឱ្យយើងទៅមុខតទៅទៀត។ ដោយសារយើងដឹងថា គេជាមនុស្សសាមញ្ញធម្មតាដែលព្រះជាម្ចាស់បានរើស ដើម្បីរស់នៅក្នុងសង្គម នៅពេលវេលាដែលណែនាំឱ្យសង្គមបានរកឃើញកម្លាំងកាយកម្លាំងចិត្តសាជាថ្មី។
ដូច្នេះ ថ្ងៃនេះយើងដឹងថាយើងចូលនៅក្នុងប្រវត្តិសាស្ត្រនៃការសង្រ្គោះ យើងចូលនៅក្នុងប្រវត្តិសាស្ត្រនៃមនុស្សលោក។ ដើម្បីធ្វើដំណើររួមជាមួយគ្នានៅក្នុងមហាគ្រួសារតែមួយ ជាមួយបងប្អូនរបស់យើងដែលនៅស្ថានបរមសុខហើយ ក៏ដូចជាមួយយើងដែលនៅលើផែនដីនេះ យើងជាមហាគ្រួសារតែមួយដែលទទួលព្រះពរពីព្រះជាម្ចាស់។
ថ្ងៃនេះ ខ្ញុំសូមជូនពរដល់កុមារាកុមារី ដល់យុវជនយុវនារី ដល់ឪពុកម្តាយ ដល់ពូមីង ដល់លោកតាលោកយាយ ដើម្បីឱ្យយើងរួមគ្នានៅក្នុងព្រះយេស៊ូគ្រីស្តយើងអាចធ្វើដំណើរយ៉ាងសុខសាន្ត ពោរពេញដោយសុខដុមរមនានិងសុភមង្គលសម្រាប់ឆ្នាំ២០២២ខាងមុខនេះ។ ឆ្នាំនេះជាឆ្នាំខ្លា ដែលពោរពេញដោយកម្លាំង ពោរពេញដោយឫទ្ធានុភាព ពោរពេញដោយរបៀបដើម្បីណែនាំឱ្យយើងមានកម្លាំង។ ប៉ុន្តែ យើងដឹងថាសត្វខ្លាមិនសំខាន់ប៉ុន្មានទេ សំខាន់គឺព្រះជាម្ចាស់ ដោយសារព្រះជាម្ចាស់មានព្រះហឫទ័យស្រឡាញ់យើង។ ព្រះជាម្ចាស់មានព្រះហឫទ័យប្រណីសន្តោសយើងជានិច្ច ដើម្បីឱ្យយើងធ្វើដំណើររួមជាមួយគ្នានៅក្នុងមហាគ្រួសារតែមួយនៅក្នុងព្រះគ្រីស្តរួមជាមួយព្រះបិតា។
យើងអរព្រះគុណព្រះជាម្ចាស់ដែលគង់នៅជាមួយយើង យើងអរព្រះគុណព្រះជាម្ចាស់ដែលការពារថែរក្សាយើង ដើម្បីឱ្យឆ្នាំថ្មីនេះយើងពោរពេញដោយសុខភាពល្អ ពោរពេញដោយជំនឿ និងជាពិសេសចិត្តស្រឡាញ់គ្នាទៅវិញទៅមក៕
ជយោឆ្នាំថ្មី!
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ