អភិបូជា​សច្ចា​និរន្តរ៍​របស់​បង​ស្រី​ឧបការ​គុណ​បី​នាក់

ធ្វើ​នៅ​ព្រះសហគមន៍​ព្រះកុមារ​យេស៊ូ

បឹង​ទំពន់ ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២២

អត្ថបទ​ទី១៖ ហេប្រឺ ២,១៤-១៨ ពេល​ជួប​ការ​ល្បង‌ល ព្រះ‌អង្គ​ក៏​អាច​ជួយអស់​អ្នក​ដែល​ជួប​នឹង​ការ​ល្បង‌ល​បាន​ដែរ។ ហប ២,១៨ ដំណឹងល្អ៖ លូកា ២,២២-៤០ ភ្នែក​ទូល‌បង្គំ​បាន​ឃើញ​ការ​សង្គ្រោះ ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់។ លក ២,៣០-៣១

“ទុក​ឱ្យ​ព្រះពន្លឺ​រះ​ក្នុង​ដួង​ចិត្ត​យើង”

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ​ជា​ថ្ងៃ​នៃ​អំណរ​សប្បាយ ដោយសារ​ព្រះយេស៊ូ​បាន​ថ្វាយ​ខ្លួន​នៅ​វិសាល​វិហារ​ក្នុង​ទីក្រុង​យេរូសាឡឹម។ តាម​ប្រពៃណី​ព្រះសហគមន៍ យើង​គោរព​ព្រះពន្លឺ​ដែរ ដោយសារ​ព្រះយេស៊ូ​ជា​ព្រះពន្លឺ​ដែល​បំភ្លឺ​ពិភព​លោក។ ជា​ពេល​វេលា ដែល​យើង​អធិដ្ឋាន​យ៉ាង​ពិសេស​សម្រាប់​បព្វជិត​បព្វជីតា និង​បង​ប្អូន​ទាំង​អស់​ដែល​បាន​ផ្ញើ​ជីវិត​ទាំង​ស្រុង​ទៅ​លើ​ព្រះជាម្ចាស់។ ថ្ងៃ​នេះ នៅ​ក្នុង​អំណរ​សប្បាយ​នៃ​ព្រះសហគមន៍​ទូទាំង​ពិភព​លោក ព្រះសហគមន៍​កម្ពុជា​មាន​អំណរ​សប្បាយ​ថែម​ទៀត ដោយ​ទទួល​ស្វាគមន៍​បង​ស្រី​បី​នាក់​នៅ​ក្នុង​ក្រុម​គ្រួសារ​ឧបការ​គុណ ដែល​បាន​ផ្ញើ​ជីវិត​ទាំង​ស្រុង​ទៅ​លើ​ព្រះជាម្ចាស់​អស់​មួយ​ជីវិត។

ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​ឪពុក​ម្តាយ​របស់​បង​ស្រី​ទាំង​បី​នាក់ ដែល​បាន​ឯកភាព ដែល​បាន​ផ្ញើ​អំណោយ​ទាន​យ៉ាង​ពិសេស​ដល់​ព្រះសហគមន៍។ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​លោក​ឪពុក និង​បង​ស្រី​មួយ​ចំនួន​ដែល​បាន​ដឹក​នាំ បាន​ណែនាំ​បង​ស្រី​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មក នៅ​ក្នុង​ការ​អប់រំ​ទាំង​ផ្លូវ​វិញ្ញាណ ទាំង​ផ្លូវ​ចិត្ត ជា​ពិសេស​ចំណេះ​ដឹង។ សូម​ថ្លែង​អំណរ​គុណ​ដល់​ក្រុម​គ្រីស្ត​បរិស័ទ​តាម​ព្រះសហគមន៍​នីមួយៗ ក៏​ដូច​ជា​ក្រុម​បង​ស្រី បព្វជិត​បព្វជីតា​ដែល​បាន​មក​ថ្ងៃ​នេះ​យ៉ាង​ច្រើន។ នេះ​បាន​ជួយ​ឱ្យ​បង​ស្រី​បាន​រីក​ចម្រើន មិន​មែន​តែ​នៅ​ក្នុង​ចំណេះ​ដឹង ប៉ុន្តែ​នៅ​ក្នុង​ប្រាជ្ញា​ឈ្លាសវៃ នៅ​ក្នុង​កម្លាំង​កាយ​កម្លាំង​ចិត្ត។ ដើម្បី​ថ្ងៃ​នេះ​មាន​ជំនឿ​រឹង​មាំ មាន​កម្លាំង​ដ៏​ពេញ​លក្ខណៈ និង​មាន​សេចក្តី​ស្រឡាញ់​ពេញ​ខ្លួន ដើម្បី​ប្រកាស​ថា​បង​ស្រី​សុខ​ចិត្ត​ដើរ​ជា​មួយ​ព្រះយេស៊ូ​អស់​មួយ​ជីវិត នៅ​ក្នុង​ក្រុម​បង​ស្រី​ឧបការ​គុណ។ ជា​ពិសេស សូម​ថ្លែង​អំណរ​គុណ​ដល់​ក្រុម​បង​ស្រី​ឧបការ​គុណ សម្រាប់​បេសកកម្ម​នៅ​ក្នុង​ព្រះសហគមន៍​លើ​ទឹក​ដី​ប្រទេស​កម្ពុជា តាំង​ពី​សតវត្ស​ទី​១៩​មក​រហូត​ដល់​សព្វ​ថ្ងៃ។ ដែល​បាន​ជួយ ឱ្យ​ព្រះសហគមន៍​ប៉ុន្មាន​កន្លែង​អាច​រីក​ចម្រើន​លូត​លាស់​នៅ​ក្នុង​សេច​ក្តី​ស្រឡាញ់ នៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​សម្រាប់​មនុស្ស​ទាំង​អស់ តាម​រយៈ​សន្ត​ម៉ាតាំងម៉ូយ​។

បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​កន្លង​មក​យើង​បាន​រស់​នៅ​ក្នុង​របៀប​ចង្អៀត​ចង្អល់​។ ដោយសារ ជំងឺ​កូវីដ-១៩​បាន​ណែនាំ​ឱ្យ​យើង​មិន​អាច​ជួប​ជុំ​គ្នា​យ៉ាង​ច្រើន មិន​អាច​មាន​សកម្មភាព​តាម​ចិត្ត។ ប៉ុន្តែ យើង​ដឹង​ថា​ទោះ​បី​កន្លង​មក​យើង​ពិបាក​ក៏​ដោយ ព្រះពន្លឺ​របស់​ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​យើង​កក់​ក្តៅ។ ថ្ងៃ​នេះ តាមរយៈ​ជីវិត​របស់​បង​ស្រី​ទាំង​បី​នាក់ ព្រះពន្លឺ​របស់​ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​យើង​កក់​ក្តៅ​យ៉ាង​ខ្លាំង និង​ណែនាំ​ឱ្យ​យើង​ដូចជា​មាន​សេចក្តី​សង្ឃឹម​សាជាថ្មី​។ ដូច​យើង​បាន​ស្តាប់​លោក​តា​ស៊ីម៉ូន​បាន​ប្រកាស​ថា “ភ្នែក​ទូល​បង្គំ​បាន​ឃើញ​ការ​សង្រ្គោះ ដែល​ព្រះអង្គ​ប្រទាន​មក​ឱ្យ​ប្រជាជាតិ​ទាំង​អស់ គឺ​ជា​ពន្លឺ​ដែល​នាំ​ឱ្យ​មនុស្ស​គ្រប់​ជាតិ​សាសន៍​ស្គាល់​ព្រះអង្គ”។ តាម​ពិត​ខ្ញុំ​គិត​ថា អត្ថបទ​នេះ​មាន​អត្ថន័យ​ពីរ​សម្រាប់​យើង​ថ្ងៃ​នេះ៖

អត្ថន័យ​ទី​១ សម្រាប់​បង​ស្រី​ទាំង​បី​នាក់ ដោយសារ​ជា​ពេល​វេលា​ដើម្បី​នឹក​រលឹក នៅ​ពេល​ព្រះយេស៊ូ​បាន​ត្រាស់​ហៅ​លើក​ទី​មួយ នៅ​ពេល​ព្រះយេស៊ូ​បាន​ចាប់​ផ្តើម​មាន​ទំនាក់​ទំនង​ជា​មួយ​បង​ស្រី។ ដោយ​បាន​ធ្វើ​ដំណើរ​ជា​មួយ​បង​ស្រី​រហូត​ដល់​ថ្ងៃ​នេះ ដើម្បី​ថ្ងៃ​នេះ​បង​ស្រី​អាច​ប្រកាស​ថា ពិត​មែន​យើង​ចង់​ដើរ​ជា​មួយ​ព្រះយេស៊ូ​អស់​មួយ​ជីវិត។ តាម​ពិត​ព្រះយេស៊ូ​ជា​ព្រះពន្លឺ​ដែល​បាន​បំភ្លឺ​មនុស្ស​គ្រប់​ជាតិ​សាសន៍ ព្រះយេស៊ូ​ជា​ពន្លឺ​ដែល​បាន​បំភ្លឺ​បង​ស្រី​ដើម្បី​ទទួល​សេចក្តី​ស្រឡាញ់​នៅ​ក្នុង​ព្រះពន្លឺ​នេះ ជា​សេចក្តី​ស្រឡាញ់​ដែល​មក​ពី​ព្រះហឫទ័យ​ប្រណី​សន្តោស​របស់​ព្រះជាម្ចាស់​។

អត្ថន័យ​ទី​២ សម្រាប់​យើង​ទាំង​អស់​គ្នា ដោយសារ​ថ្ងៃ​នេះ​បង​ស្រី​ដែល​បាន​ប្រកាស​ពាក្យ​សច្ចា​ជា​និរន្តរ៍ ដោយ​សុខ​ចិត្ត​រស់​នៅ​ជា​អ្នក​ក្រ​ខ្សត់ សុខ​ចិត្ត​ថែរក្សា​ព្រហ្មចារី សុខ​ចិត្ត​ស្តាប់​បង្គាប់។ តាម​ពិត នេះ​ជា​ការ​រំលឹក​សម្រាប់​ពប្វជិត​បព្វជីតា​ទាំង​អស់​ដែល​មក​យ៉ាង​ច្រើន​ថ្ងៃ​នេះ ដើម្បី​នឹក​ឃើញ​នៅ​ពេល​យើង​បាន​ផ្ញើ​ជីវិត​របស់​យើង​ទាំង​ស្រុង​ដែរ។ ជា​ពេល​វេលា​មួយ សម្រាប់​យុវជន​យុវនារី​ដើម្បី​ភ្ញាក់​ស្មារតី ឱ្យ​យើង​នឹក​ឃើញ តើ​ខ្ញុំ​មិន​អាច​ធ្វើ​បង​ស្រី​ឬ​បង​ប្រុស​បាន​ទេ​ឬ?

ព្រឹក​មិញ​លោក​ឪពុក វីរៈជ័យ បាន​និយាយ​ថា​នៅ​ចំប៉ា​មាន​យុវនារី​ច្រើន​ណាស់ ប៉ុន្តែ​ឥត​មាន​ម្នាក់​ដែល​សុខ​ចិត្ត​ចូល​ធ្វើ​ជា​បង​ស្រី​សោះ។ ដូច្នេះ ពេល​វេលា​នេះ​ជា​ពេល​វេលា​សម្រាប់​យុវនារី​ដើម្បី​ទទួល​ព្រះពន្លឺ​របស់​ព្រះយេស៊ូ ដូច​លោក​តា​ស៊ីម៉ូន​បាន​មើល​ឃើញ នៅ​ក្នុង​ចំណោម​មហា​ជន​មាន​កូន​ង៉ែត​មួយ ដែល​ជា​ព្រះយេស៊ូ ជា​ព្រះពន្លឺ​ឱ្យ​យើង​មើល​ឃើញ​ពន្លឺ​យ៉ាង​ជាក់​ស្តែង។ ជា​ពន្លឺ​របស់​ព្រះយេស៊ូ ដែល​ណែនាំ​ឱ្យ​ជីវិត​របស់​យើង​ជា​ជីវិត​ពោរពេញ​ដោយ​អំណរ​សប្បាយ ជា​អំណរ​សប្បាយ​យ៉ាង​ពិសេស​ដែល​មក​ពី​ព្រះជាម្ចាស់។ ថ្ងៃ​នេះ ជា​ពេល​វេលា​មួយ​ដែរ​សម្រាប់​ព្រះសហគមន៍​នីមួយៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​បន្ត​អធិដ្ឋាន​សម្រាប់​ការ​ត្រាស់​ហៅ​របស់​ព្រះសហគមន៍​យើង។ បន្ត​ផ្តល់​សក្ខីភាព យើង​ជា​គ្រួសារ​មួយ​យ៉ាង​ពិសេស​ដើម្បី​ណែនាំ​ឱ្យ​យុវជន​យុវនារី​រក​ឃើញ​គ្រួសារ​មួយ​ដ៏​កក់​ក្តៅ និង​ណែនាំ​ឱ្យ​គេ​មើល​ឃើញ​ពន្លឺ​របស់​ព្រះគ្រីស្ត ដើម្បី​ឱ្យ​ព្រះគ្រីស្ត​មាន​វត្តមាន​ថែម​ទៀត​លើ​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា​យើង។

នៅ​ក្នុង​ទំនុក​តម្កើង​ថ្ងៃ​នេះ “ព្រះអង្គ​បាន​បង្កើត​ខ្ញុំ​បាន​សុខ ហើយ​ទ្រង់​បាន​ទុក​ខ្ញុំ​ក្នុង​ផ្ទៃ អ្នក​ម្តាយ​មាន​គុណ​យូរ​ថ្ងៃ​យូរ​ខែ សន្តោស​ប្រណី​គ្រប់​កាយា ខ្ញុំ​សូម​លើក​តម្កើង​ព្រះអង្គ ស្នា​ព្រះហស្ត​ទ្រង់​ដ៏​អស្ចារ្យ ខ្ញុំ​ដឹង​ថា​អ្វី​គ្រប់​ប្រការ សុទ្ធ​តែ​អស្ចារ្យ​កើត​ពី​ទ្រង់”។ ទំនុក​តម្កើង​នេះ ដូច​នៅ​ក្នុង​អត្ថបទ​របស់​សន្ត​ប៉ូល “ខ្ញុំ​អួត​តែ​ពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ប៉ុណ្ណោះ ដោយ​ដឹង​ថា​ការ​ប្រណី​សន្តោស​របស់​យើង​ល្មម​គ្រប់​គ្រាន់​សម្រាប់​អ្នក​ហើយ”។ ទោះ​បី​យើង​ខ្សោយ​ក៏​ដោយ ទោះ​បី​យើង​មាន​ទុក្ខ​លំបាក​ក៏​ដោយ យើង​ដឹង​ថា​ពី​ដើម​រៀង​មក​ព្រះជាម្ចាស់​បាន​បង្កើត​យើង ព្រះជាម្ចាស់​បាន​ជ្រើស​រើស​យើង ព្រះជាម្ចាស់​បាន​ចាត់​ឱ្យ​ទៅ ព្រះជាម្ចាស់​បាន​ថែរក្សា​យើង ដើម្បី​បន្ត​បេសកកម្ម​របស់​ព្រះអង្គ​លើ​ផែនដី​នេះ។ តាម​ពិត បង​ស្រី​ម្នាក់​ៗ​ជា​ឧបករណ៍​ដ៏​តូច​មួយ​មែន ប៉ុន្តែ​ជា​ឧបករណ៍​ដ៏​សំខាន់​ណាស់ ដើម្បី​បន្ត​គម្រោងការ​នៃ​ការ​សង្រ្គោះ​របស់​ព្រះជាម្ចាស់ ឱ្យ​កើត​ឡើង​នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា និង​ណែនាំ​ឱ្យ​ពិភព​របស់​យើង​អាច​មើល​ឃើញ​ពន្លឺ​ដ៏​អស្ចារ្យ​ដែល​មក​ពី​ព្រះជាម្ចាស់​ផ្ទាល់។

រួម​ជា​មួយ​សន្ត​យ៉ូហាន​ម៉ាតាំងម៉ូយ ចាប់​ពី​ពេល​នេះ​ត​ទៅ​ជា​ផ្លូវ​មួយ​យ៉ាង​ធំ​ណាស់ ដែល​កំពុង​បើក​នៅ​មុខ​បង​ស្រី​ដើម្បី​បម្រើ​ការ​អធិដ្ឋាន។ ដើម្បី​បម្រើ​អ្នក​ក្រី​ក្រ ដើម្បី​ណែនាំ​ឱ្យ​មនុស្ស​ដែល​បាត់​បង់​សេចក្តី​សង្ឃឹម​ទាំង​អស់​មាន​សេចក្តី​សង្ឃឹម​ឡើង​វិញ។ ខ្ញុំ​គិត​ថា​នៅ​ក្នុង​ពេល​វេលា​នេះ ជា​ពេល​វេលា​ពិសេស​សម្រាប់​ព្រះសហគមន៍​ទូទាំង​ពិភព​លោក សម្តេច​ប៉ាប​បាន​អញ្ជើញ​យើង​ឱ្យ​ចូល​រួម​នៅ​ក្នុង​សន្និបាត ដែល​ណែនាំ​ឱ្យ​យើង​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា។ ជា​ពេល​វេលា​មួយ ដើម្បី​គិត​រួម​ជា​មួយ​បង​ស្រី​ឧបការគុណ រួម​ជា​មួយ​ព្រះសហគមន៍​ទាំង​អស់ តើ​យើង​ធ្វើ​ដូច​ម្តេច ដើម្បី​រួម​រស់​ជា​ធ្លុង​តែ​មួយ​ថែម​ទៀត ជា​មួយ​ព្រះសហគមន៍​នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា? តើ​យើង​ធ្វើ​ដូច​ម្តេច ដើម្បី​ចូល​រួម​យ៉ាង​សកម្ម​ថែម​ទៀត ដើម្បី​កសាង​ព្រះសហគមន៍ និង​ដើម្បី​ធ្វើ​ជា​សាក្សី​នៃ​ការ​លើក​លែង​ទោស សម្រុះសម្រួល និង​ភាតរភាព​រវាង​ព្រះសហគមន៍​នឹង​ព្រះសហគមន៍​នីមួយៗ?

នេះ​ជា​ពេល​វេលា​មួយ​ដើម្បី​គិត​ថែម​ទៀត និង​ដើម្បី​ធ្វើ​ដំណើរ​ថែម​ទៀត​ដោយ​ដឹង​ថា យើង​មាន​បង​ស្រី​ថ្មី​បី​នាក់ ជា​កម្លាំង​ថ្មី​ថែម​ទៀត​សម្រាប់​ក្រុម​បង​ស្រី​ឧបការគុណ។ រួម​គ្នា​យើង​ធ្វើ​ដំណើរ​ជា​មួយ​គ្នា និង​ធ្វើ​ជា​សញ្ញា​សម្គាល់​នៃ​ជីវិត​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់ នៅ​ក្នុង​ព្រះសហគមន៍​ដែល​ជា​មហា​គ្រួសារ​របស់​យើង។ បង​ប្អូន​ជា​ទី​ស្រឡាញ់ “សូម​ទុក​ឱ្យ​ព្រះយេស៊ូ​ប្រសូត​សាជាថ្មី​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង” នេះ​ជា​អ្វី​ដែល​ខ្ញុំ​សូម​ជូន​ដល់​បង​ស្រី​ថ្មី​ទាំង​បី​នាក់ និង​សម្រាប់​បង​ប្អូន​ទាំង​អស់​ដែរ។ ឱ្យ​យើង​ទុក​ឱ្យ​ព្រះយេស៊ូ​ប្រសូត​សាជាថ្មី​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង។ យើង​នៅ​ក្នុង​ពេល​វេលា នៃ​ការ​ចែក​រំលែក​ការ​ជូន​ពរ​នៃ​សេចក្តី​សុខ កម្លាំង​កាយ​កម្លាំង​ចិត្ត សុខុមាលភាព នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​នេះ។ ថ្ងៃ​នេះ​ផង​ដែរ ជា​ពេល​វេលា​មួយ​ដើម្បី​ឱ្យ​យើង​ទុក​ឱ្យ​ព្រះយេស៊ូ​ប្រសូត​សាជាថ្មី។ តាម​រយៈ​បង​ស្រី តាម​រយៈ​យើង​ទាំង​អស់​គ្នា ព្រះយេស៊ូ​អាច​ប្រសូត​សាជាថ្មី​នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា​យើង ដើម្បី​ឱ្យ​គេ​ស្គាល់​ព្រះយេស៊ូ​យ៉ាង​ច្រើន។ ដើម្បី​ឱ្យ​ពាក្យ​អធិដ្ឋាន​របស់​លោក​តា​ស៊ូម៉ូន​កើត​ឡើង​នៅ​ថ្ងៃ​នេះ “ភ្នែក​ទូល​បង្គំ​បាន​ឃើញ​ការ​សង្រ្គោះ ដែល​ព្រះអង្គ​ប្រទាន​មក​ឱ្យ​ប្រជាជាតិ​ទាំង​អស់ គឺ​ជា​ពន្លឺ​ដែល​នាំ​ឱ្យ​មនុស្ស​គ្រប់​ជាតិ​សាសន៍​ស្គាល់​ព្រះអង្គ”។

ហេតុ​នេះ​ហើយ ដូច​លោក​តា​ស៊ីម៉ូន យាយ​ហាណា នៅ​ក្នុង​ពេល​វេលា​ចុង​ក្រោយ​នៃ​ជីវិត​របស់​គាត់ គាត់​បាន​ទទួល​ស្គាល់​ព្រះយេស៊ូ។ បង​ស្រី​កំពុង​ចាប់​ផ្តើម​ជីវិត​ជា​បង​ស្រី​យ៉ាង​ពេញ​លក្ខណៈ ដូច្នេះ​មាន​ពេល​យ៉ាង​ច្រើន​ដើម្បី​ទុក​ឱ្យ​ព្រះពន្លឺ​របស់​ព្រះជាម្ចាស់ រះ​ឡើង​នៅ​ក្នុង​ដួង​ចិត្ត​របស់​បង​ស្រី នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ដើម្បី​ឱ្យ​យើង​កក់​ក្តៅ។ ប៉ុន្តែ​មិន​មែន​កក់​ក្ដៅ​ធម្មតា កក់​ក្ដៅ​ដោយសារ​យើង​ទទួល​ពន្លឺ រស្មី​យ៉ាង​ត្រចះ​ត្រចង់ ដែល​មក​ពី​ព្រះហឫទ័យ​ប្រណី​សន្តោស​របស់​ព្រះជាម្ចាស់។

ពិត​មែន សូម​សេចក្តី​សុខ​សាន្ត​របស់​ព្រះជាម្ចាស់ គង់​នៅ​ជា​មួយ​បង​ស្រី និង​គង់​នៅ​ជា​មួយ​បង​ប្អូន​ទាំង​អស់​គ្នា។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

សាលាសន្តឡាសាលពោធិ៍ធំពង្រីកបេសកកម្មអប់រំកុមារ

នាព្រឹកថ្ងៃទី៣០​ ខែតុលាលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ​ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ​ បានអញ្ជើញជាអធិបតីក្នុងពីធីបាចទឹកព្រះពរ និងសម្ពោធអគារសិក្សាថ្មីសន្តឡាសាលពោធិ៍ធំ​ ​ដែលទទួល​ខុស​ត្រូវ​ដោយ​ក្រុម​បព្វជិត​​ឡាសាល មានទីតាំងក្នុងភូមិពោធិ៍ធំ​ សង្កាត់​អរិយក្សត្រ ក្រុងអរិយក្សត្រ​ ខេត្តកណ្តាល។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបូជាចារ្យ​ បងប្រុស​ បងស្រី​ តំណាងអាជ្ញាធរដែនដី​ សិស្សានុសិស្ស​ អាណាព្យាបាល​ យ៉ាងច្រើនកុះករ​។ មានប្រសាសន៍​សំណេះសំណាលក្នុងពិធីកាត់ខ្សែបូ លោកអភិបាលអូលីវីយ៉េ លើកឡើងថា នៅទីនេះមាតាបិតាមានសំណាងណាស់ ដោយសារកូនៗរៀននៅសាលាដ៏ល្អ មានការអប់រំដ៏ល្អមិនគិតថ្លៃ។ លោកក៏បានថ្លែងអំណរគុណដល់​ក្រុម​បព្វជិត​ឡាសាល

សិស្សនៃ​វិទ្យាល័យសន្តហ្រ្វង់ស្វ័រ ចំនួន​៨នាក់​ ទទួលបាន​និទ្ទេស A ពីការ​​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

សិស្សថ្នាក់ទី១២ ជំនាន់ទី១៩ ឆ្នាំ​សិក្សា​២០២៣-២០២៤ ចំនួន​៨ នាក់របស់​សាលា​ចំណេះទូទៅ​សន្តហ្វ្រង់ស្វ័រ ទទួល​បាននិទ្ទេសA ក្នុង​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះ​បើ​យោង​តាម​លទ្ធផល​ដែល​បាន​បូកសរុប​ដោយ​សាលាផ្ទាល់។ លោកអូលីវីយ៉េ ជ្មីតហស្លេ ជា​ស្ថាបនិក និង​ជា​អភិបាល​ព្រះសហគមន៍កាតូលិកភូមិភាគ​ភ្នំពេញ​មានប្រសាសន៍ថា ក្នុងឆ្នាំនេះ សាលា​មាន៨នាក់ជាប់និទ្ទេសA  ស្មើនឹង២២,២២​ភាគរយនៃសិស្ស៣៦នាក់។ លោក​ថា «នេះ​ជាមោទនភាពរបស់ព្រះសហគមន៍កាតូលិកដែលបានបង្កើតគ្រឹះស្ថានអប់រំ​ដ៏ល្អបំផុត ដែលមានលទ្ធផលប្រហែលជាទទួលបាន លេខមួយនៅទូទាំងប្រទេស ដែលមាននិទ្ទេសA ច្រើនដូចនេះ។» លោក​បញ្ជាក់ថា ជោគជ័យនេះបាន​ដោយសារតែសិស្សសាលារបស់យើងសព្វថ្ងៃ ទទួលការអប់រំពីព្រះសហគមន៍កាតូលិកតាំងពីមត្តេយ្យសិក្សា

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

Subscribe to our newsletter

Don't miss new updates on your email