នៅព្រះសហគមន៍សន្តីម៉ារី
ទួលតាំង ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២
“ជីវិតជោគជ័យដោយសារយើងសុចរិត”
បងប្អូនជាទីស្រឡាញ់
ជាបឋមខ្ញុំសូមជូនពរនិងអបអរសាទរឆ្នាំថ្មី ថ្ងៃនេះជាថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ជាពេលវេលាដើម្បីអធិដ្ឋានសម្រាប់ការងាររបស់យើង។ ដើម្បីឱ្យឆ្នាំថ្មីនេះ យើងរកស៊ីយ៉ាងស្រួលបំផុត អំបាញ់មិញខ្ញុំបានប្រសិទ្ធីពរលើឧបករណ៍ដែលយើងប្រើនៅក្នុងការរកស៊ី។ ថ្ងៃនេះ យើងត្រូវការនឹកឃើញអ្វីដែលយើងបានស្តាប់នៅក្នុងគម្ពីរដំណឹងល្អ ដើម្បីឱ្យព្រះពរដែលយើងបានទទួលណែនាំឱ្យមានផលផ្លែនៅក្នុងជីវិតរបស់យើងពេញមួយឆ្នាំ។
អ្វីដែលយើងបានស្តាប់មុនគេបង្អស់គឺ ព្រះជាម្ចាស់បានបង្កើតយើង ព្រះជាម្ចាស់បានប្រទានតួនាទីឱ្យយើង បេសកកម្មឱ្យយើង គឺ “ព្រះជាម្ចាស់បានយកមនុស្សទៅដាក់ក្នុងសួនអេដេន ដើម្បីឱ្យគេភ្ជួររាល់និងថែរក្សាសួននោះ”។ ដូច្នេះ ព្រះជាម្ចាស់មិនតែប្រទានព្រះពរ ក្រោយមកពេលយើងបានទទួលព្រះពរហើយយើងដឹងថា យើងអាចរកស៊ីបាន ឬយើងមានលុយច្រើនធ្លាក់ពីស្ថានបរមសុខមក។ មិនមែនទេ ព្រះជាម្ចាស់ឱ្យយើងមានតួនាទី ពីដើមរៀងមកនៅក្នុងសួនអេដេនយើងត្រូវការភ្ជួរដី ពេលយើងភ្ជួរដីយើងដឹងថាដីល្អទៅៗ។ មានន័យថា ដំណាំរបស់យើងបានផ្លែពីមួយឆ្នាំទៅមួយឆ្នាំច្រើនទៅៗ ប៉ុន្តែតើផ្លែនេះចេញពីណាមក? មិនមែនចេញពីព្រះជាម្ចាស់ដែលបានឱ្យទឹកភ្លៀងធ្លាក់ដូចទឹកមាសឬទឹកប្រាក់ ប៉ុន្តែផ្លែនេះចេញដោយសារយើងបានខិតខំអស់ពីកម្លាំងកាយកម្លាំងចិត្ត ដើម្បីភ្ជួរដី ដើម្បីថែរក្សាសួនហ្នឹង។ មានន័យថា ការងារដែលយើងធ្វើពីមួយថ្ងៃទៅមួយថ្ងៃចេញពីញើសឈាមរបស់យើងដ៏ពិតប្រាកដ នេះជាបេសកកម្មដែលយើងបានទទួល។
ហេតុនេះហើយ ថ្ងៃនេះដែលយើងអធិដ្ឋានសម្រាប់ការងាររបស់យើង យើងដឹងថាព្រះជាម្ចាស់ប្រទានព្រះពរដល់មនុស្សដែលយកចិត្តទុកដាក់ធ្វើការអស់ពីសមត្ថភាព។ ដូចយើងបានស្តាប់នៅក្នុងអត្ថបទទី២អំបាញ់មិញ “ព្រះអង្គដែលប្រទានគ្រាប់ពូជដល់អ្នកសាបព្រោះ និងប្រទានចំណីអាហារឱ្យគេផងនោះ”។ ប៉ុន្តែ ព្រះជាម្ចាស់មិនប្រទានម្ហូបអាហារទទេនោះទេ ព្រះជាម្ចាស់ប្រទានគ្រាប់ពូជដល់អ្នកសាបព្រោះ មានន័យថាយើងត្រូវតែភ្ជួរដី យើងត្រូវការសាបព្រោះដើម្បីឱ្យមានផ្លែ។ ការងាររបស់យើងពីមួយថ្ងៃទៅមួយថ្ងៃក៏ដូចគ្នាដែរ អ្នកដែលជោគជ័យមិនមែនដោយសារត្រូវប៉ាន់ដី ឬត្រូវលេខឆ្នោត។ ប៉ុន្តែ អ្នកដែលជោគជ័យពីមួយថ្ងៃទៅមួយថ្ងៃគឺអ្នកដែលបានតស៊ូ តស៊ូនៅក្នុងការងារ តស៊ូនៅក្នុងការយកចិត្តទុកដាក់ តស៊ូដើម្បីឱ្យជីវិតរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃរីកចម្រើនបន្តិចម្តងៗ។ យើងចាប់ផ្តើមពីសូន្យឡើងដល់មួយរយ ល្អជាងចាប់ផ្តើមពីមួយរយធ្លាក់មកដល់សូន្យ។
ដូច្នេះ ពេលយើងភ្ជួរដីយើងដឹងថាការងារកសិករជានិមិត្តរូបសម្រាប់យើង យើងនៅរាជធានីភ្នំពេញយើងលែងធ្វើស្រែហើយ។ ប៉ុន្តែ ពេលយើងមើលការងាររបស់កសិករយើងយល់អស់ហើយ កសិករត្រូវការរៀបចំដី ត្រូវការសាបព្រោះ ត្រូវការថែរក្សា (បោចស្មៅ ដាក់ជី ថែមទឹក…) បីខែក្រោយមក ឬប្រាំមួយខែក្រោយមកទើបប្រមូលផលបាន។ នេះជានិមិត្តរូបនៃកិច្ចការដែលយើងទទួលពីព្រះជាម្ចាស់ សម្រាប់យើងជាអ្នករកស៊ី សម្រាប់យើងជាអ្នកធ្វើការក៏ដូចគ្នាដែរ។ ពីមួយថ្ងៃទៅមួយថ្ងៃ យើងយកចិត្តទុកដាក់ដោយត្រៀម ដោយមានចិត្តអត់ធ្មត់ ដោយទីពឹងទៅលើព្រះជាម្ចាស់ដែលប្រទានព្រះពរ ទើបយើងដឹងថានៅពេលហ្នឹងយើងអាចទទួលបានផ្លែដើម្បីចិញ្ចឹមជីវិតពេញមួយថ្ងៃ។ នេះជាកម្លាំងកាយកម្លាំងចិត្ត នៃការងាររបស់យើងដែលមានផ្លែ និងណែនាំឱ្យគ្រួសាររបស់យើងពោរពេញដោយសេចក្តីសុខ។ មានន័យថាព្រះជាម្ចាស់ស្អប់មនុស្សដែលជាមនុស្សខ្ជិល មនុស្សខ្ជិលមិនអាចជោគជ័យបានទេ នៅក្នុងការសិក្សាក្តី នៅក្នុងការរកស៊ីក្តី នៅក្នុងជីវិតគ្រួសារក្តី។ មានតែមនុស្សដែលចេះតស៊ូ មានចិត្តអត់ធ្មត់ ពីមួយថ្ងៃទៅមួយថ្ងៃដើម្បីកសាងសេចក្តីស្រឡាញ់នៅក្នុងគ្រួសារ ដើម្បីកសាងការសិក្សានិងចំណេះដឹងសម្រាប់ក្មេងៗ សម្រាប់បងប្អូនដែលរកស៊ី គឺកសាងមុខរបររបស់យើងពីមួយថ្ងៃទៅមួយថ្ងៃ។
ប្រហែលមានបងប្អូនខ្លះរកស៊ីខាងគ្រឿងអលង្ការ មានខ្លះធ្វើជាជាងឈើដូចសន្តយ៉ូសែប នេះជាការងារមួយដែលត្រូវការពេលវេលាយូរដើម្បីចេញរូបរាងដ៏ពិតប្រាកដ។ នៅពេលរូបរាងចេញហើយ យើងពោរពេញដោយអំណរសប្បាយនឹងសេចក្តីសុខ ដោយសារយើងបានខិតខំអស់ពីសមត្ថភាព។ ព្រះជាម្ចាស់មានព្រះបន្ទូលថែមទៀត ដែលណែនាំឱ្យយើងដឹងថាព្រះជាម្ចាស់ចិញ្ចឹមយើង ដើម្បីឱ្យយើងមានម្ហូបអាហារបរិភោគជាប្រចាំថ្ងៃ ហើយថែមទាំងនៅសល់បរិបូណ៌សម្រាប់ចែកទានផង។ មានន័យថា សម្រាប់យើងទោះបីយើងរកស៊ីយ៉ាងល្អក៏ដោយ យើងត្រូវដឹងថាយើងមិនរកស៊ីដើម្បីយើងតែប៉ុណ្ណឹង។ កុំឱ្យយើងទៅជាមនុស្សដែលមានចិត្តចង្អៀតចង្អល់ អាត្មានិយម លោភលន់ ចង់តែប្រមូលហើយប្រមូលទៀតសម្រាប់គ្រួសារយើង។ ព្រះជាម្ចាស់បានប្រទានល្មមគ្រប់គ្រាន់សម្រាប់គ្រួសាររបស់យើង និងនៅសល់ខ្លះដើម្បីចែករំលែកដល់បងប្អូនឯទៀតៗ។ នេះជាជីវិតរបស់យើងជាគ្រីស្តបរិស័ទ គ្រីស្តបរិស័ទដែលជោគជ័យនៅក្នុងជីវិត ត្រូវការមើលឃើញបងប្អូនដែលកំពុងតស៊ូ មានទុក្ខលំបាកនៅក្នុងជីវិតផ្ទាល់ខ្លួន។ ដោយសារសង្គមមិនអាចស្មើបានទេ មានខ្លះគេស្រួលបំផុត មានខ្លះគេពិបាកបំផុត ទោះបីគេបានយកចិត្តទុកដាក់ក៏ដោយមានខ្លះនៅតែពិបាកដដែល។ ហេតុនេះហើយ តួនាទីរបស់យើងនៅក្នុងការងារដែលជោគជ័យយើងត្រូវការចែករំលែកដល់បងប្អូនដែលជាអ្នកក្រីក្រ កុំឱ្យយើងមានចិត្តលោភលន់ ចង្អៀតចង្អល់ អាត្មានិយម។ ដោយសារ ព្រះជាម្ចាស់ស្អប់មនុស្សខ្ជិល ព្រះជាម្ចាស់ក៏ស្អប់មនុស្សដែលមានចិត្តចង្អៀតចង្អល់ អាត្មានិយម និងមិនចេះនឹកឃើញដល់បងប្អូនឯទៀតៗ។
ដូច្នេះ ថ្ងៃនេះពេលទទួលព្រះពរយើងដឹងថា យើងជាមនុស្សសកម្មដែលយកចិត្តទុកដាក់ យើងជាមនុស្សដែលបានយកចិត្តទុកដាក់ក្នុងការចែករំលែកដល់បងប្អូនឯទៀតៗ។ អ្វីៗទាំងអស់ យើងអាចជោគជ័យបានលុះត្រាតែ យើងអនុវត្តព្រះបន្ទូលដែលយើងបានស្តាប់ថ្ងៃនេះ “ព្រះយេស៊ូមានព្រះបន្ទូលថា ចូរស្វែងរកព្រះរាជ្យរបស់ព្រះជាម្ចាស់ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន”។ មុនអ្វីៗទាំងអស់ យើងត្រូវការស្វែងរកព្រះរាជ្យរបស់ព្រះជាម្ចាស់ ដោយសារគោលដៅនៃជីវិតរបស់យើងគឺភ្ជាប់ជាមួយព្រះជាម្ចាស់។ ហេតុនេះហើយ គ្រប់កិច្ចការដែលយើងធ្វើពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីចិញ្ចឹមជីវិតរបស់យើង ដើម្បីឱ្យគ្រួសាររបស់យើងមានសេចក្តីសុខ និងមានសុភមង្គល។ យើងធ្វើ ដោយសារយើងដឹងថាយើងស្វែងរកជីវិតអស់កល្បជានិច្ចនៅស្ថានបរមសុខ អ្វីៗទាំងអស់ដែលយើងធ្វើគឺយើងធ្វើលុះត្រាតែយើងជាមនុស្សសុចរិត។ មានន័យថា ជាមនុស្សដែលរស់នៅតាមយុត្តិធម៌ រស់នៅតាមព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់។
នៅពេលយើងនិយាយអំពីមនុស្សសុចរិត ភ្លាមយើងនឹកឃើញដល់សន្តយ៉ូសែប។ សន្តយ៉ូសែបជាមនុស្សសុចរិត ជាជាងឈើ ដែលបានខិតខំរកស៊ីពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីឱ្យព្រះនាងម៉ារីនិងព្រះកុមារយេស៊ូពោរពេញដោយសេចក្តីសុខសាន្ត។ សម្រាប់ព្រះសហគមន៍របស់យើង សន្តយ៉ូសែបជាឧទាហរណ៍មួយយ៉ាងពិសេស ជាកម្លាំងមួយយ៉ាងពិសេសដើម្បីឱ្យការរកស៊ីរបស់យើង សុខចិត្តនៅក្នុងភាពយុត្តិធម៌ នៅក្នុងសេចក្តីស្រឡាញ់ នៅក្នុងធម៌មេត្តាករុណា នៅក្នុងចិត្តអាណិតមេត្តាដល់បងប្អូនឯទៀតៗ។ ពិតមែន យើងត្រូវតែស្វែងរកព្រះរាជ្យរបស់ព្រះជាម្ចាស់ ស្វែងរកសេចក្តីសុចរិតសម្រាប់ជីវិតរបស់យើង ដើម្បីឱ្យយើងអាចរកស៊ីបានជោគជ័យនៅក្នុងពេញមួយឆ្នាំនេះ។ ដោយដឹងថា អ្វីៗក៏ដោយក៏ព្រះជាម្ចាស់ប្រទានឱ្យ យើងត្រូវតែទីពឹងទៅលើព្រះជាម្ចាស់។ ប៉ុន្តែ មិនមែនទីពឹងដោយអង្គុយលើកៅអី មិនមែនទីពឹងដោយចេះតែទូលអង្វរព្រះជាម្ចាស់ថាសូមជួយខ្ញុំផងខ្ញុំក្រណាស់…។ គ្មានអ្វីដែលធ្លាក់ពីស្ថានបរមសុខមក យើងត្រូវតែយកចិត្តទុកដាក់ដោយញើសឈាមរបស់យើង ដោយដឹងថាយើងអាចទុកចិត្តលើព្រះជាម្ចាស់ ដូចព្រះជាម្ចាស់មានព្រះបន្ទូលថា “យើងមានអ្វីៗបរិភោគ មានអ្វីៗស្លៀកពាក់”។ កុំគិតៗពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែដោយនឹកឃើញដល់គម្រោងការនៃជីវិតរបស់យើង គឺទទួលជីវិតអស់កល្បជានិច្ចនៅស្ថានបរមសុខ។ ជីវិតអស់កល្បជានិច្ចដែលយើងទទួល លុះត្រាតែយើងបានយកចិត្តទុកដាក់លើផែនដីនេះ ដើម្បីភ្ជាប់នឹងព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ នៅក្នុងគ្រប់កាលៈទេសៈនៃជីវិត គ្រប់កិច្ចការរបស់យើង គ្រប់ការងាររបស់យើង គ្រប់តួនាទីរបស់យើង។
ហេតុនេះហើយ ខ្ញុំសូមជូនពរដល់ព្រះសហគមន៍របស់យើងទូទាំងភូមិភាគភ្នំពេញ ដើម្បីឱ្យឆ្នាំថ្មីនេះយើងយកចិត្តទុកដាក់ទទួលព្រះពរពីព្រះជាម្ចាស់ នឹករលឹកដល់គ្រួសាររបស់យើង បុព្វបុរសរបស់យើងដែលណែនាំយើងពីដើម។ ថ្ងៃនេះ សូមព្រះអង្គណែនាំឱ្យយើងទៅជាមនុស្សសកម្ម ដើម្បីធ្វើការ ដើម្បីរកស៊ី ដើម្បីរៀន ដើម្បីឱ្យជីវិតរបស់យើងពោរពេញដោយសុភមង្គល និងកម្លាំងកាយកម្លាំងចិត្តនៅក្នុងឆ្នាំថ្មីនេះ។
ជយោឆ្នាំថ្មី!
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ