ធ្វើនៅព្រះសហគមន៍សន្តមីកាអែល
កំពង់សោម ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២
អត្ថបទទី១៖ អេសាយ ៤៣,១៦-២១ ព្រឹត្តិការណ៍នោះកំពុងពន្លកចេញមក។ អស ៤៣,១៩ អត្ថបទទី២៖ ភីលីព ៣,៨-១៤ ខ្ញុំបានសុចរិត ដោយជឿលើព្រះគ្រីស្ត។ ភីល ៣,៩ ដំណឹងល្អ៖ យ៉ូហាន ៨,១-១១ ក្នុងចំណោមអ្នករាល់គ្នា សុំឲ្យអ្នកដែលគ្មានបាបសោះ យកដុំថ្មគប់នាងមុនគេទៅ។ យហ ៨,៧ |
“កែប្រែចិត្តគំនិតដើម្បីធ្វើជាមនុស្សថ្មី”
បងប្អូនជាទីស្រឡាញ់
នៅក្នុងអាទិត្យទី៥នៃរដូវអប់រំពិសេស យើងបានស្តាប់គម្ពីរដំណឹងល្អដែលណែនាំឱ្យយើងគិតច្រើន។ នៅក្នុងគម្ពីរនេះ មានពួកខាងគណៈផារីស៊ីនិងពួកបណ្ឌិតខាងវិន័យ បានដែលទៅជួបជាមួយព្រះយេស៊ូ។ នៅពេលនោះ គេបានណែនាំឱ្យព្រះយេស៊ូមើលស្ត្រីម្នាក់ ជាស្ត្រីដែលបានធ្វើអំពើបាបយ៉ាងច្រើន។ គេចង់ឱ្យព្រះយេស៊ូកាត់ក្តីគាត់ គេចង់ឱ្យព្រះយេស៊ូដាក់ទោសគាត់ ព្រះយេស៊ូមិនបានឆ្លើយអ្វីទាំងអស់។ ព្រះអង្គកំពុងគូសវាសនៅលើដីខ្សាច់ (យើងដឹងហើយថានៅពេលមានខ្យល់ឬមានទឹកវារលប់អស់ហើយ)។ ក្រោយមក ព្រះយេស៊ូមានព្រះបន្ទូលយ៉ាងខ្លីថា “ប្រសិនបើនៅក្នុងចំណោមអ្នករាល់គ្នា មានមនុស្សម្នាក់ដែលមិនបានធ្វើអំពើបាបសោះ សូមយកដុំថ្មគប់នាងមុនគេទៅ”។ នៅពេលនោះអស់មនុស្សហើយ នៅពេលព្រះយេស៊ូងើបព្រះភ័ក្ត្រគេបានទៅអស់ហើយ ដោយសារគេដឹងខ្លួនឯងថាបានប្រព្រឹត្តិអំពើបាបយ៉ាងច្រើនដែរ។ ព្រះយេស៊ូមិនវិនិច្ឆ័យគាត់ មិនកាត់ក្តីគាត់ ផ្ទុយទៅវិញព្រះយេស៊ូបានលើកលែងទោសឱ្យគាត់ដោយសារជំនឿ។
នៅពេលយើងបានឃើញរឿងនេះ កុំឱ្យយើងគិតភ្លាមៗថា យើងមិនមែនដូចពួកបណ្ឌិតខាងវិន័យ យើងមិនមែនដូចពួកខាងគណៈផារីស៊ី យើងមិនចេះវិនិច្ឆ័យគេ យើងមិនចេះកាត់ក្តីគេ។ ឬកុំឱ្យយើងគិតថា យើងជាអ្នកមានបាបដូចស្ត្រីនេះ ឬគិតថាយើងជាអ្នកដែលលើកលែងទោសឱ្យគេជានិច្ច ឬយើងជាមនុស្សសុចរិតដ៏ល្អប្រសើរ។
ប្រហែលយើងនៅក្នុងក្រុមទាំង៣ដែរ៖
ក្រុមទី១ អ្នកដែលពូកែវិនិច្ឆ័យ អ្នកពូកែកាត់ក្តី អ្នកពូកែមើលគេនិងដឹងថាមនុស្សនេះល្អឬមនុស្សនេះអាក្រក់។ អ្នកដែលពូកែនិយាយដើមគេ ដោយភ្លេចមើលខ្លួនឯង ដូចព្រះយេស៊ូមានព្រះបន្ទូលថា “យើងពូកែមើលធូលីនៅក្នុងភ្នែករបស់គេ ប៉ុន្តែយើងមិនចេះមើលធ្នើមដ៏ធំបំផុតនៅក្នុងជីវិតរបស់យើង ដែលជាអំពើបាបរបស់យើង”។ នេះជាក្រុមទី១ ជាក្រុមបណ្ឌិតខាងវិន័យ ក្រុមគណៈផារីស៊ី ជួនកាលយើងគិតថាយើងមិនមែនដូចគេ។ ប៉ុន្តែ ឱ្យយើងពិចារណានៅក្នុងរដូវ៤០ថ្ងៃ នៅសល់ប៉ុន្មានថ្ងៃទៀត ដើម្បីបន្តធ្វើដំណើរនៅក្នុងដួងចិត្តរបស់យើង ដើម្បីកែប្រែចិត្តគំនិត កុំឱ្យយើងភ្ជាប់ជាមនុស្សដែលចេះតែកាត់ក្តី ចេះតែវិនិច្ឆ័យ ចេះតែមើលងាយគេ ចេះតែនិយាយដើមគេ ចេះតែទុកចោលមនុស្សមួយចំនួនដោយដឹងថា មនុស្សនេះអាក្រក់ណាស់ មនុស្សនេះមិនល្អសោះ។
ក្រុមទី២ ឱ្យយើងទៅជាអ្នកមានបាប អ្នកមានបាបដូចស្ត្រីនោះ នៅពេលយើងជាអ្នកមានបាបយើងដឹងដែរ។ យើងមានរបៀបពីរ មានបៀបមួយយើងមិនទទួលស្គាល់អំពើបាបរបស់យើង ដោយគិតថាយើងធ្វើអំពើបាបហើយថាមិនអីទេជារឿងតូចតាច។ របៀបមួយទៀតយើងដាក់ខ្លួន ដូចពីម្សិលមិញយើងបានទទួលអគ្គសញ្ញាលើកលែងទោស នេះជាពេលវេលាដើម្បីដាក់ខ្លួន ដើម្បីទទួលស្គាល់នៅក្បែរសេចក្តីស្រឡាញ់ដ៏ធំរបស់ព្រះជាម្ចាស់។ នៅពេលយើងមើលសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ យើងអាចទទួលថាពិតមែនសេចក្តីស្រឡាញ់របស់យើងមានព្រំដែន ពិតមែនជីវិតរបស់យើងមានព្រំដែន យើងជាអ្នកដែលដើរតាមផ្លូវខុស យើងទទួលស្គាល់អំពើបាបរបស់យើង។ នៅពេលយើងទទួលស្គាល់អំពើបាបរបស់យើងហើយ ឱ្យយើងសម្រេចចិត្ត យើងមានប្រាជ្ញាថា យើងសុខចិត្តទៅជាមនុស្សថ្មី យើងសុខចិត្តកែប្រែចិត្តគំនិត។ នៅពេលនោះយើងស្តាប់ព្រះបន្ទូលដែលស្ត្រីនេះបានស្តាប់ “ខ្ញុំមិនដាក់ទោសនាងទេ ខ្ញុំលើកលែងទោសនាងឱ្យកម្លាំងថ្មី សូមអញ្ជើញទៅចុះ តែពីពេលនេះតទៅកុំប្រព្រឹត្តិអំពើបាបទៀតឡើយ”។ នេះជាព្រះបន្ទូលដែលយើងរៀងៗខ្លួនចង់ស្តាប់ ប៉ុន្តែយើងស្តាប់លុះត្រាតែយើងជាមនុស្សដែលទទួលស្គាល់អំពើបាប និងមានគោលបំណងមួយគឺទៅជាមនុស្សសុចរិត ទៅជាមនុស្សម្នាក់ដែលចេះស្រឡាញ់ ដែលដើរតាមសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។
ក្រុមទី៣ ជួនកាលយើងត្រូវការធ្វើដូចព្រះយេស៊ូ ដូចព្រះយេស៊ូដែលលើកលែងទោស ដូចព្រះយេស៊ូដែលមិនវិនិច្ឆ័យ ដូចព្រះយេស៊ូដែលមិនកាត់ក្តី ដូចព្រះយេស៊ូដែលទុកឱកាសដើម្បីឱ្យយើងទៅជាមនុស្សថ្មី។ ឱ្យយើងទុកឱកាសដើម្បីឱ្យបងប្អូនរបស់យើង ឱ្យមនុស្សដែលយើងចង់មើលងាយ មនុស្សដែលយើងថាជាអ្នកមានបាប ឱ្យគេមានឱកាសដើម្បីទៅជាមនុស្សថ្មី។ ដូច្នេះ ថ្ងៃនេះជាពេលវេលាដើម្បីឱ្យយើងយកចិត្តទុកដាក់ ដើម្បីធ្វើជាមនុស្សថ្មីតាមរបៀបព្រះយេស៊ូ យើងទទួលការលើកលែងទោស និងយើងយកចិត្តទុកដាក់ដើម្បីលើកលែងទោសឱ្យគេដែរ ដើម្បីទុកឱកាសឱ្យទៅជាមនុស្សថ្មី។
ថ្ងៃនេះ យើងបានស្តាប់នៅក្នុងអត្ថបទទី២ ជារបៀបលោកប៉ូលដែលមានបំណងតែមួយ “បំណងរបស់ខ្ញុំគឺចង់ស្គាល់ព្រះគ្រីស្ត និងស្គាល់ឫទ្ធានុភាពដែលបានប្រោសព្រះអង្គឱ្យមានព្រះជន្មថ្មី ព្រមទាំងចូលរួមជាមួយព្រះអង្គដែលរងទុក្ខលំបាក ហើយឱ្យបានដូចព្រះអង្គដែលបានសោយទិវង្គត ដើម្បីឱ្យខ្ញុំមានជីវិតថ្មីដ៏ពេញលេញ”។ សម្រាប់យើង នៅក្នុងអាទិត្យចុងក្រោយនៃរដូវ៤០ថ្ងៃនេះ ប្រហែលយើងបានធ្វើដំណើរជាមួយព្រះយេស៊ូ ប្រហែលយើងមានគោលបំណងដូចគ្នាដែរ គឺស្គាល់ព្រះយេស៊ូថែមទៀត។ ជាពិសេសចូលនៅក្នុងទុក្ខលំបាករបស់ព្រះអង្គ ដើម្បីទទួលព្រះជន្មថ្មីរួមជាមួយព្រះអង្គដែរ នេះជាគោលបំណងនៃជីវិតរបស់យើងដ៏ធំណាស់។ នេះជារបៀបលោកប៉ូល ជារបៀបរបស់យើង នៅសល់ពេលខ្លះៗទៀត យើងដឹងថាដូចលោកប៉ូល “ខ្ញុំរត់តម្រង់ទៅរកទីដៅ ដើម្បីឱ្យបានទទួលរង្វាន់ពីព្រះជាម្ចាស់ ដែលទ្រង់បានត្រាស់ហៅឱ្យយើងពីស្ថានបរមសុខ ឱ្យទទួលរួមនៅក្នុងអង្គព្រះគ្រីស្តយេស៊ូ”។ យើងឃើញអត្ថបទនេះ ដែលលោកប៉ូលផ្តល់សក្ខីភាព លោកប៉ូលមិនមែនអង្គុយចាំ លោកប៉ូលមិនមែនដេកលក់ដោយអស់សង្ឃឹម។ ផ្ទុយទៅវិញ លោកប៉ូលរត់ទៅមុខដល់គោលដៅរបស់គាត់ ដើម្បីមើលឃើញព្រះយេស៊ូ ដើម្បីទៅជាមនុស្សសុចរិត។ ដោយសារ ព្រះយេស៊ូជាមនុស្សសុចរិតគាត់អាចទៅជាមនុស្សសុចរិតដែរ។ ដូច្នេះ គាត់ខិតខំដើម្បីទៅមុខ គាត់បានលើកឧទាហរណ៍ថាគាត់ជាកីឡាករដែលរត់ដើម្បីទៅដល់គោលដៅរបស់គាត់។ គោលដៅរបស់គាត់ មិនមែនជាគោលដៅតូចតាចទេ គឺទទួលរង្វាន់ពីព្រះជាម្ចាស់ ជាជីវិតអស់កល្បជានិច្ច។
ថ្ងៃនេះ យើងមានពីរនាក់ដែលនឹងធ្វើពិធីជម្រះចិត្តគំនិត ជាពេលវេលាសម្រាប់ទាំងពីរនាក់ និងសម្រាប់យើងទាំងអស់គ្នា ដើម្បីទូលអង្វរព្រះជាម្ចាស់ ឱ្យយើងរត់ដូចលោកប៉ូល។ កុំឱ្យយើងអង្គុយចាំ កុំឱ្យយើងដេកលក់មិនដឹងខ្លួន ប៉ុន្តែផ្ទុយទៅវិញឱ្យយើងឈរឡើង ឱ្យយើងរត់ទៅដល់គោលដៅនៃជីវិត។ គោលដៅនៃជីវិតលើផែនដីនេះសិន ស្រឡាញ់ លើកលែងទោសឱ្យគេ មិនវិនិច្ឆ័យគេ មិនកាត់ក្តីគេ ធ្វើដំណើរជាបងប្អូនគ្នានៅក្នុងពិភពលោកតែមួយ។ នៅពេលយើងបានឃើញសង្រ្គាមមិនបានបញ្ចប់នៅលើពិភពលោក យើងអធិដ្ឋានទូលអង្វរព្រះជាម្ចាស់ថែមទៀត។ យើងដឹងថា ប្រភពនៃសង្រ្គាម ប្រភពនៃជំទាស់ ប្រភពទាំងអស់មកពីយើងមិនចេះទទួលស្គាល់ថា យើងមានសេចក្តីស្រឡាញ់ដែលមកពីព្រះជាម្ចាស់ យើងមានកម្លាំងមួយយ៉ាងពិសេស ឫទ្ធានុភាពមួយយ៉ាងពិសេសដែលមកពីព្រះជាម្ចាស់។
យើងអធិដ្ឋាន ដើម្បីឱ្យជីវិតដែលមកពីព្រះជាម្ចាស់យាងចូលនៅក្នុងខ្លួនរបស់យើងដ៏ពេញលក្ខណៈ។ ដូចលោកប៉ូលដែលទន្ទឹងជីវិតដ៏ពេញលក្ខណៈ ឱ្យយើងទទួលជីវិតដ៏ពេញលក្ខណៈដែរ ដើម្បីទៅជាមនុស្សថ្មី ដូចស្ត្រីនេះទៅជាមនុស្សថ្មី។ នៅពេលគាត់បានស្តាប់សូមអញ្ជើញទៅចុះ ដោយសារនេះជារបៀបជាមួយព្រះយេស៊ូ ដូចលោកប៉ូលបានយល់ច្បាស់មិនអង្គុយមិនដេកលក់ សូមទៅចុះ។ គាត់ទៅណាយើងមិនដឹងទេ តែយើងដឹងថាគាត់ទៅនៅក្នុងអំណរសប្បាយ ដោយមានកម្លាំងថ្មី លែងធ្វើអំពើបាប លែងវង្វេងផ្លូវនៅក្នុងជីវិត។ ដោយសារ គាត់បានជួបជាមួយព្រះយេស៊ូដែលជាទឹក ដែលជាជីវិត ដែលជាផ្លូវ ដែលបានណែនាំឱ្យគាត់ធ្វើដំណើរតទៅទៀត កុំឱ្យគាត់ដួល កុំឱ្យគាត់ធ្លាក់ ប៉ុន្តែឱ្យគាត់អាចធ្វើដំណើរតទៅទៀត។ យើងអធិដ្ឋានថែមទៀត ឱ្យយើងធ្វើជាមនុស្សថ្មី ដែលធ្វើដំណើរគ្រប់ពេលវេលាដល់គោលដៅរបស់យើង គឺមើលឃើញព្រះយេស៊ូផ្ទាល់ដែលមានព្រះជន្មរស់ឡើងវិញ៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ