“កូនចៀមរបស់ព្រះជាម្ចាស់ប្រទានសុខសន្តិភាព”
អត្ថបទទី១៖ អេសាយ ១២,២.៤-៦ ខ្ញុំលែងភ័យខ្លាចទៀតហើយ ដ្បិតព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំ។ អស ១២,២ អត្ថបទទី២៖ បារូក ៣,៩-១៥.៣២-៤,៤ តើនរណារកព្រះដំណាក់ នៃព្រះប្រាជ្ញាញាណឃើញ? បារ ៣,១៥ អត្ថបទទី៣៖ អេសេគីអែល ៣៦,១៦-១៧ក.១៨-២៨ យើងនឹងប្រមូលអ្នករាល់គ្នាពីគ្រប់ស្រុកនាំត្រឡប់មកមាតុភូមិវិញ។ អគ ៣៦,២៤ ដំណឹងល្អ៖ លូកា ២៤,១-១២ ចូរនឹកចាំអំពីព្រះបន្ទូល ដែលព្រះអង្គបានប្រាប់អ្នករាល់គ្នា។ លក ២៤,៦ |
បងប្អូនជាទីស្រឡាញ់
ថ្ងៃនេះ ខ្ញុំសូមឆ្លៀតឱកាសដើម្បីស្វាគមន៍ដល់បងប្អូនទាំងអស់ ដែលបានចូលរួមនៅក្នុងរាត្រីដ៏ពិសេសនេះ។ ពិសេស ដោយសារយើងបានគោរពព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ យើងមានបងប្អូន៦នាក់ដែលនឹងទទួលអគ្គសញ្ញាជ្រមុជទឹកយប់នេះ។ ណែនាំឱ្យយើងពោរពេញដោយអំណរសប្បាយរួមជាមួយ៦នាក់នៅផ្សារតូចនេះ និងជាង៩០នាក់នៅទូទាំងភូមិភាគភ្នំពេញ ដែលនឹងទទួលអគ្គសញ្ញាជ្រមុជទឹកថ្ងៃនេះឬថ្ងៃស្អែក។ យើងមានអំណរសប្បាយ ដោយសាររយៈពេលពីរឆ្នាំដែលយើងឥតមានឱកាសដើម្បីជួបជុំគ្នារបៀបនេះ ដោយសារជំងឺកូវីដ-១៩។
រយៈពេលពីរឆ្នាំដែលយើងបានធ្វើនៅតាមកន្លែងយើងស្ងាត់ៗ ដោយមានការផ្សាយផ្ទាល់តាមរយៈបណ្តាញផ្សព្វផ្សាយសង្គមផ្លូវការដែលយើងមាន។ ដូច្នេះ ថ្ងៃនេះយើងសប្បាយចិត្តដែលមានបងប្អូនបានចូលរួមយ៉ាងច្រើនកុះករ យើងបានឃើញប៉ុន្មានថ្ងៃកន្លងមកគ្រីស្តបរិស័ទយើងជួបជុំគ្នានៅក្នុងអំណរសប្បាយ។ ទោះបីត្រូវថ្ងៃចូលឆ្នាំខ្មែរក៏ដោយ យើងដឹងថាយើងជាគ្រីស្តបរិស័ទយើងយកជំនឿរបស់យើងជាអាទិភាព ដើម្បីសុំព្រះជាម្ចាស់ធ្វើដំណើរជាមួយយើងនៅលើផែនដីនេះ។ “ឱកូនចៀមរបស់ព្រះជាម្ចាស់ ដែលដកបាបនៃពិភពលោក សូមប្រទានសេចក្តីសុខសាន្តឱ្យយើងខ្ញុំ ខ្ញុំទុកសេចក្តីសុខសាន្តឱ្យអ្នករាល់គ្នា ខ្ញុំផ្តល់សេចក្តីសុខសាន្តរបស់ខ្ញុំឱ្យអ្នករាល់គ្នា អាលេលូយ៉ា អាលេលូយ៉ា ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ”។
បងប្អូនជាទីស្រឡាញ់ ដំណឹងល្អដែលចេញពីដួងចិត្តរបស់យើង ចេញពីជំនឿរបស់យើងនៅក្នុងរាត្រីនេះ ដែលជារាត្រីនៃជីវិត ណែនាំឱ្យយើងពោរពេញដោយសេចក្តីសង្ឃឹមនៅក្នុងឆ្នាំថ្មីនេះ ដែលចាប់ផ្តើមហើយ។ ពិតមែនឆ្នាំនេះ យើងបានគោរពពិធីបុណ្យចូលឆ្នាំតាមប្រពៃណីខ្មែរ ស្របពេលដែលយើងចូលនៅក្នុងអាថ៌កំបាំងដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ដែលសោយទិវង្គតនិងយប់នេះមានព្រះជន្មរស់ឡើងវិញ។ នៅពេលព្រះយេស៊ូបានសោយទិវង្គត នៅពេលព្រះយេស៊ូបានណែនាំយប់នេះឱ្យឈ្នះសេចក្តីស្លាប់ ឈ្នះអំពើបាប ពិតមែនបេះដូងរបស់យើង ខ្លួនរបស់យើង ពោរពេញដោយអំណរសប្បាយ ដើម្បីទទួលស្វាគមន៍ព្រះពរពីព្រះជាម្ចាស់។ ព្រះជាម្ចាស់ដែលជាព្រះជាម្ចាស់នៃជីវិត ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ ដើម្បីឱ្យឆ្នាំថ្មីនេះទៅជាឆ្នាំដែលពោរពេញដោយសេចក្តីសង្ឃឹមសាជាថ្មី។ យប់នេះ ដួងចិត្តរបស់យើងពោរពេញដោយអំណរសប្បាយ ដោយសារយើងមានបេក្ខជនជិត១០០នាក់ ដែលនឹងទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងភូមិភាគភ្នំពេញ។
ពីរឆ្នាំកន្លងមក ដែលយើងបានជួបជុំគ្នាយ៉ាងស្ងៀមស្ងាត់ យប់នេះដូចព្រះជាម្ចាស់មានព្រះបន្ទូលសន្យាដល់លោកម៉ូសេ និងប្រជារាស្ត្រអ៊ីស្រាអែលពីដើម យប់នេះជីវិតបានផុសឡើង ដើម្បីណែនាំឱ្យយើងរស់នៅក្នុងសេចក្តីសង្ឃឹមសាជាថ្មី។ ពិតមែន ពីរឆ្នាំកន្លងមកយើងបានដើរក្នុងវាលរហោស្ថាន ថ្មីៗនេះយើងបានបញ្ចប់៤០ថ្ងៃនៅក្នុងរដូវអប់រំពិសេស ដើម្បីឱ្យយប់នេះនៅក្នុងដួងចិត្តរបស់យើង នៅក្នុងជំនឿរបស់យើង យើងអាចច្រៀងកោតសរសើរ “អាលេលូយ៉ា អាលេលូយ៉ា ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា អាលេលូយ៉ា”។
ព្រះយេស៊ូបានសោយទិវង្គតនៅលើឈើឆ្កាង ព្រះយេស៊ូដែលជាមនុស្សសុចរិត ប៉ុន្តែព្រះយេស៊ូដែលជាមនុស្សសុចរិតហើយសោយទិវង្គតនៅលើឈើឆ្កាង ជាសេចក្តីសង្ឃឹមរបស់យើង និងទៅជាមាគ៌ានៃសន្តិភាពសម្រាប់យើង។ ពិតមែន គ្រប់ពេលដែលយើងថ្វាយអភិបូជាយើងអធិដ្ឋានទូលអង្វរ “ឱកូនចៀមរបស់ព្រះជាម្ចាស់ ដែលដកបាបនៃពិភពលោក សូមប្រទានសេចក្តីសុខសាន្តឱ្យយើងខ្ញុំ”។ យើងស្តាប់ម្តងហើយម្តងទៀត ព្រះបន្ទូលរបស់ព្រះយេស៊ូដែលមានព្រះបន្ទូលដល់ក្រុមគ្រីស្តទូត។ ជាពិសេសនៅពេលព្រះយេស៊ូចាប់ផ្តើមបង្ហាញខ្លួន នៅពេលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ “ខ្ញុំទុកសេចក្តីសុខសាន្តឱ្យអ្នករាល់គ្នា ខ្ញុំផ្តល់សេចក្តីសុខសាន្តរបស់ខ្ញុំឱ្យអ្នករាល់គ្នា”។ ពិតមែន ព្រះយេស៊ូប្រទានសេចក្តីសុខសាន្តតាមរយៈព្រះកាយព្រះគ្រីស្ត ពិតមែនព្រះយេស៊ូអញ្ជើញយើងឱ្យយើងទទួលស្វាគមន៍សេចក្តីសុខសាន្តនៅក្នុងជីវិតរបស់យើង និងឱ្យយើងចែករំលែកសេចក្តីសុខសាន្តរវាងគ្នានឹងគ្នា និងដល់បងប្អូនឯទៀតៗ។
បងប្អូនជាទីស្រឡាញ់ នៅយប់នេះដែលយើងប្រារព្ធពិធីបុណ្យចម្លង សូមឱ្យយើងរឹងមាំនៅក្នុងជំនឿ ឱ្យយើងពោរពេញដោយសេចក្តីសង្ឃឹម។ ដោយដឹងថា ព្រះជាម្ចាស់នៅក្នុងព្រះយេស៊ូគ្រីស្តបានប្រទានសេចក្តីសុខសាន្តដ៏ពេញលក្ខណៈ និងអញ្ជើញយើងឱ្យយើងទៅជាសាវ័កដែលប្រកាសអំពីសេចក្តីសុខសាន្តដល់បងប្អូននៅលើពិភពលោកទាំងមូល។ សព្វថ្ងៃ សង្រ្គាម ទុក្ខលំបាកនៅក្នុងពិភពលោករបស់យើងក៏មានច្រើន ប៉ុន្តែយើងដឹងថាសង្រ្គាមនោះ ទុក្ខលំបាកនោះ មិនមែនជាពាក្យចុងក្រោយបំផុត។ ផ្ទុយទៅវិញ នៅក្នុងយប់នេះយើងបានឃើញភ្លើងនៃសេចក្តីស្រឡាញ់ យើងបានស្តាប់ព្រះបន្ទូលនៃជីវិត។ បន្តិចទៀត ខ្ញុំនឹងប្រសិទ្ធីពរលើទឹកនៃជីវិតអស់កល្បជានិច្ច ដែលណែនាំឱ្យយើងទទួលស្វាគមន៍សេចក្តីសុខសាន្តដ៏ពេញលក្ខណៈ នៅក្នុងដួងចិត្តរបស់យើង។ ណែនាំឱ្យយើងដឹងថា មានតែសេចក្តីសុខសាន្តដែលអាចឈ្នះសេចក្តីស្លាប់ ឈ្នះសង្រ្គាម ឈ្នះទុក្ខលំបាកទាំងឡាយ។
បងប្អូនជាទីស្រឡាញ់ យប់មិញព្រះយេស៊ូបានចុះទៅស្ថានក្រោមនៅក្នុងនរក ព្រះយេស៊ូបានចូលនៅក្នុងភាពងងឹតនៃសេចក្តីស្លាប់។ នៅពេលនេះ ព្រះយេស៊ូបានបើកទ្វារនៃផ្នូរដើម្បីទាក់ទាញមនុស្សសុចរិតទាំងអស់ ទាក់ទាញមនុស្សដែលបានកសាងសុខសន្តិភាព ដោយរស់នៅក្នុងភាតរភាព។ ទាក់ទាញមនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ ដែលស្រឡាញ់បងប្អូនឯទៀតៗ ចេញពីភាពងងឹត ដើម្បីរស់នៅជាមួយព្រះជាម្ចាស់នៅលើផែនដីនេះ នៅស្ថានបរមសុខនៅខាងមុខនេះ។ សម្រាប់បងប្អូនដែលសុំទទួលអគ្គសញ្ញាជ្រមុជទឹក បងប្អូនដឹងថាយប់នេះព្រះជាម្ចាស់ផ្ទាល់យាងមកនៅក្នុងភាពងងឹតនៃអំពើបាបរបស់យើង ដើម្បីឱ្យយើងរស់ឡើងវិញជាមួយព្រះយេស៊ូ។ ពិតមែន ៤០ថ្ងៃដែលយើងបានយកចិត្តទុកដាក់កែប្រែចិត្តគំនិត ដែលយើងបានយកចិត្តទុកដាក់ទទួលស្គាល់អំពើបាបរបស់យើង បានណែនាំឱ្យយើងភ្លក់នៅក្នុងដួងចិត្តរបស់យើង គឺអំពីសេចក្តីស្រឡាញ់ដ៏ធំធេងរបស់ព្រះជាម្ចាស់សម្រាប់យើង។ យប់នេះ យើងមានបទពិសោធន៍អំពីព្រះយេស៊ូដែលប្រទានជីវិតអស់កល្បជានិច្ចដល់យើង។
អ្នកម្តាយតេរេសា ដែលជាសន្តីនៃសន្តិភាព តែងតែមានប្រសាសន៍ថា “សុខសន្តិភាពដ៏ពិតប្រាកដ ចាប់ផ្តើមនៅក្នុងក្រុមគ្រួសាររបស់យើងសិន”។ ហេតុនេះហើយ កុំឱ្យយើងឈរនៅក្បែរផ្នូរទទេ ឱ្យយើងរត់ដល់ទីក្រុងយេរូសាឡឹម ដែលជាភូមិរបស់យើង ផ្ទះរបស់យើង គ្រួសាររបស់យើង ព្រះសហគមន៍របស់យើង ព្រះវិហាររបស់យើង ទំនាក់ទំនងដែលយើងបង្កើតពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីរស់នៅយ៉ាងជាក់ស្តែងនៅក្នុងជីវិតដ៏សុខសាន្ត ដែលយើងទទួលយប់នេះនៅក្នុងព្រះយេស៊ូ ដែលជាប្រភពនៃសេចក្តីសុខសាន្តគ្រប់យ៉ាង។ ឱ្យយើងមានបទពិសោធន៍នៃភាពកក់ក្តៅ ដែលចូលនៅក្នុងដួងចិត្តរបស់យើងដូចពីដើម ក្រុមសាវ័កដែលធ្វើដំណើរទៅភូមិអេម៉ាអូស នៅពេលគេឃើញព្រះយេស៊ូដែលកំពុងកាច់នំបុ័ង។ ឱ្យយើងពោរពេញដោយកម្លាំងកាយកម្លាំងចិត្តដូចក្រុមគ្រីស្តទូតពីដើម នៅពេលព្រះយេស៊ូយាងមកនិងបង្ហាញខ្លួន បង្ហាញស្នាមរបួសឱ្យគេឃើញ “ខ្ញុំមិនស្លាប់ទេ ខ្ញុំគង់នៅជាមួយបងប្អូនជានិច្ច”។ កុំឱ្យយើងដេកលក់ ដោយមើលឃើញតែអ្វីដែលសំខាន់សម្រាប់យើង ជួនកាលណែនាំឱ្យជំនឿរបស់យើងចង្អៀតចង្អល់។ ជួលកាលយើងរស់នៅក្នុងភាពអាត្មានិយម ដែលណែនាំឱ្យយើងគិតយ៉ាងស្រួលបំផុត។
បងប្អូនជាទីស្រឡាញ់ ឱ្យយើងមានសំណួរដែលសំខាន់បំផុតថា ប្រសិនបើថ្ងៃនេះ យើងទាំងអស់គ្នាយើងមិនមែនជាសាវ័កនៃសុខសន្តិភាព យើងមិនមែនជាគ្រីស្តទូតនៃសេចក្តីសុខសាន្ត តើអ្នកណាអាចធ្វើជាអ្នកកសាងសេចក្តីសុខសាន្តលើផែនដីនេះ? បងប្អូនជាទីស្រឡាញ់ ប្រសិនបើថ្ងៃនេះយើងមិនមែនជាអ្នកដែលកសាងសុខសន្តិភាព តើមានអ្វីនឹងកើតឡើងនៅពេលយើងស្លាប់ថ្ងៃខាងមុខនេះ?
ប៉ុន្មានអាទិត្យមុនសម្តេចប៉ាប យ៉ូហានទី២៣ ទទួលមរណៈភាព នៅថ្ងៃព្រហស្បតិ៍ពិសិដ្ឋពីយូរឆ្នាំហើយ សម្តេចប៉ាប យ៉ូហានទី២៣ បានចុះហត្ថលេខាលើសារលិខិតមួយដ៏សំខាន់បំផុត។ ជាសារលិខិតចុងក្រោយរបស់ព្រះអង្គ ដែលបានចុះហត្ថលេខាដោយព្រះហស្ដញ័រៗ ដោយសារទ្រង់ជិតសោយទិវង្គតហើយ។ សារលិខិតនោះមានចំណងជើងថា “សុខសន្តិភាពនៅលើផែនដី” នៅក្នុងលិខិតនេះសម្តេចប៉ាបដូចជាបានស្រែកអស់ពីដួងចិត្ត អស់ពីកម្លាំងកាយកម្លាំងចិត្ត ដើម្បីឱ្យសុខសន្តិភាពយាងមកនៅលើផែនដី។ នៅពេលនោះ ពិភពលោកកំពុងមានសង្រ្គាមត្រជាក់ខ្លាំងទៅៗ ហើយប៉ុន្មានឆ្នាំក្រោយមកក៏កើតមានសង្រ្គាមពិភពលោកលើកទី២។
សព្វថ្ងៃ យើងចូលនៅក្នុងសតវត្សទី២១ ប៉ុន្មានសប្តាហ៍កន្លងមកយើងបានលឺ យើងបានឃើញតាមរយៈព័ត៌មាន ប្រហែលជិតដល់ថ្ងៃដែលមានសង្រ្គាមពិភពលោកលើកទី៣។ ធ្វើដូចម្តេចឱ្យសង្រ្គាមមួយទៀតកើតឡើងនៅលើពិភពលោករបស់យើង យើងបានអធិដ្ឋានថ្វាយពិភពលោកដល់ព្រះនាងម៉ារី នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ។ យើងអធិដ្ឋានហើយអធិដ្ឋានទៀត ដើម្បីសុខសន្តិភាព ដូច្នេះយប់នេះដែលយើងមើលឃើញព្រះអម្ចាស់ដែលជាព្រះអម្ចាស់នៃសុខសន្តិភាព យាងចូលនៅក្នុងដួងចិត្តរបស់យើង ឱ្យយើងយកចិត្តទុកដាក់ អស់ពីកម្លាំងកាយ អស់ពីកម្លាំងចិត្ត អស់ពីជំនឿ ដើម្បីឱ្យយើងទៅជាគ្រីស្តទូតនៃសុខសន្តិភាពនៅក្នុងជីវិតរបស់យើង។ យប់នេះ ឱ្យយើងទទួលស្វាគមន៍ថែមទៀត តាមរយៈទឹកព្រះពរ តាមរយៈព្រះកាយព្រះគ្រីស្ត សុខសន្តិភាពដែលចេញពីឈើឆ្កាងរបស់ព្រះយេស៊ូ។ ឱ្យយើងអធិដ្ឋានទូលអង្វរថែមទៀត “ឱកូនចៀមរបស់ព្រះជាម្ចាស់ ដែលដកបាបនៃពិភពលោក សូមប្រទានសេចក្តីសុខសាន្តឱ្យយើងខ្ញុំ”។ នៅក្នុងរដូវបុណ្យចម្លងនេះ ដែលចាប់ផ្តើមពីពេលនេះតទៅ កុំឱ្យយើងធុញដែលស្តាប់ម្តងហើយម្តងទៀត “ខ្ញុំទុកសេចក្តីសុខសាន្តឱ្យអ្នករាល់គ្នា ខ្ញុំផ្តល់សេចក្តីសុខសាន្តរបស់ខ្ញុំឱ្យអ្នករាល់គ្នា”។ នេះជាអ្វីដែលយើងទទួលយប់នេះ ទៅជាសាវ័កនៃសេចក្តីសុខសាន្ត នៅក្នុងព្រះយេស៊ូគ្រីស្តដែលជាប្រភពនៃជីវិត ដែលជាប្រភពនៃសេចក្តីសុខសម្រាប់ពិភពលោកទាំងមូល។
ទីបញ្ចប់ ខ្ញុំសូមអធិដ្ឋានតាមសន្តយ៉ូហានទី២៣ ដែលជម្រុញយើងជាគ្រីស្តបរិស័ទ ដែលណែនាំឱ្យអ្នកដឹកនាំប្រទេសនីមួយៗគិតអំពីសេចក្តីសុខសាន្ត និងណែនាំឱ្យយើងចូលនៅក្នុងព្រះយេស៊ូគ្រីស្តដែលឈ្នះសង្រ្គាម ដែលឈ្នះភាពងងឹត។
នៅក្នុងពាក្យអធិដ្ឋានព្រះអង្គមានព្រះបន្ទូលថា៖
ពិតមែន ព្រះសង្រ្គោះបានប្រទានសេចក្តីសុខសាន្ត និងយើងត្រូវតែទូលអង្វរព្រះអង្គនៅក្នុងការអធិដ្ឋានរបស់យើង។
ឱព្រះអម្ចាស់អើយ! សូមប្រទានសេចក្តីសុខសាន្តដល់ពិភពលោក សូមបណ្ដេញអំពើហិង្សា ការស្អប់គ្នា ពីដួងចិត្តរបស់យើង។ ផ្ទុយទៅវិញ កែប្រែចិត្តគំនិតរបស់មនុស្សទាំងអស់ ឱ្យមនុស្សទាំងអស់ទៅជាសាក្សីនៃសេចក្តីពិត ជាសាក្សីនៃយុត្តិធម៌ ជាសាក្សីនៃសេចក្តីស្រឡាញ់នៅក្នុងភាតរភាព ដោយសារយើងជាបងប្អូនគ្នា។
ឱព្រះអម្ចាស់អើយ! សូមបំភ្លឺប្រជារាស្ដ្រនីមួយៗ និងជាពិសេសសូមបំភ្លឺអ្នកដឹកនាំប្រជារាស្ត្រនីមួយៗ ឱ្យចេះតែគិតអំពីផលប្រយោជរួម ដើម្បីណែនាំឱ្យប្រជារាស្ត្រនីមួយៗ និងពិភពលោកទាំងមូលរស់នៅក្នុងសុខសន្តិភាព។
ឱព្រះអម្ចាស់អើយ! សូមឱ្យព្រះយេស៊ូគ្រីស្តដែលណែនាំឱ្យបេះដូងឆេះនៅក្នុងភ្លើងនៃសេចក្តីស្រឡាញ់ ណែនាំឱ្យអ្វីៗទាំងអស់ដែលណែនាំឱ្យយើងកសាងជញ្ជាំង ណែនាំឱ្យយើងបាក់បែកគ្នា ណែនាំឱ្យយើងឆ្ងាយពីគ្នា ធ្វើឱ្យយើងទៅជាអង្គតែមួយនៅក្នុងព្រះយេស៊ូគ្រីស្ត ឱ្យយើងយល់ចិត្តគ្នាទៅវិញទៅមក ឱ្យយើងចេះលើកលែងទោសឱ្យគ្នាទៅវិញទៅមក។
ហេតុនេះហើយ នៅក្នុងព្រះអំណោយទានរបស់ព្រះជាម្ចាស់ ប្រជារាស្ត្រទាំងអស់នៅលើផែនដីនេះ អាចទៅជាមហាគ្រួសារតែមួយ និងណែនាំឱ្យសុខសន្តិភាពផុសឡើងដូចផ្កាទាំងឡាយនៅលើផែនដី។ អាលេលូយ៉ាង អាលេលូយ៉ា។
បងប្អូនជាទីស្រឡាញ់ ឱ្យយើងចែកសញ្ញាសម្គាល់នៃសេចក្តីសុខសាន្ត ជារៀងរាល់ថ្ងៃនៅក្នុងឆ្នាំថ្មីនេះ។ ដោយសារយប់នេះ នៅក្នុងព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មរស់ឡើងវិញ យើងបានទទួលសេចក្តីសុខសាន្តដ៏ពេញលក្ខណៈ។
ព្រះយេស៊ូគ្រីស្តមានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា! អាលេលូយ៉ា!
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ