ធ្វើនៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូល
ភ្នំពេញថ្មី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២
“ចូរយើងអធិដ្ឋាន”
អត្ថបទទី១៖ កិច្ចការ ១៣,១៤.៤៣-៥២យើងបានតែងតាំងអ្នកឲ្យធ្វើជាពន្លឺ បំភ្លឺជាតិសាសន៍នានា។ កក ១៣,៤៧អត្ថបទទី២៖ វិវរណៈ ៧,១៤ខ-១៧គេបានបោកអាវរបស់ខ្លួនឲ្យបានសស្អាត ក្នុងព្រះលោហិតរបស់កូនចៀម។ វវ ១៧,១៤ដំណឹងល្អ៖ យ៉ូហាន ១០,២៧-៣០ចៀមរបស់ខ្ញុំតែងស្ដាប់សំឡេងខ្ញុំ។ យហ ១០,២៧ |
បងប្អូនជាទីស្រឡាញ់
ពីម្សិលមិញ យើងបានចាប់ផ្តើមអង្គប្រជុំជាមួយបងប្អូន យុវជនយុវនារី និងបព្វជិតបព្វជិតា ខ្ញុំបានសួរ តើយើងមានអារម្មណ៍ដូចម្តេច នៅពេលយើងបានស្តាប់គម្ពីរស្តីអំពីព្រះយេស៊ូដែលមានព្រះបន្ទូលថា សូមស្រឡាញ់គ្នាទៅវិញទៅមកដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ? យើងបានជួបជុំគ្នាពីម្សិលមិញ យើងមានការអប់រំ យើងមើលការសម្តែងរបស់ក្មេងៗដែលធ្វើជាសម្តេចប៉ាប លោកកាឌីណាល់ លោកអភិបាល លោកបូជាចារ្យ បងប្រុសបងស្រី…។ យប់មិញយើងបានអធិដ្ឋានពេញមួយយប់ ព្រឹកមិញយើងបានស្តាប់សក្ខីភាពរបស់បងប្រុសបងស្រីមួយចំនួន។
នៅពេលយើងស្តាប់គម្ពីរទាំងបីថ្ងៃនេះ សុទ្ធតែជាព្រះបន្ទូលដែលណែនាំឱ្យយើងពោរពេញដោយកម្លាំង។ ពីសម័យដើម នៅពេលលោកប៉ូល លោកប៉ាណាប៉ាស់ទៅទេសនា បានគេមកយ៉ាងច្រើនដើម្បីស្តាប់។ នៅក្នុងគម្ពីរវិវរណៈ លោកយ៉ូហានថាគាត់បានឃើញមានមហាជនដ៏ច្រើនកុះករ គ្មាននរណាអាចរាប់ចំនួនបាន ដែលកំពុងជួបជុំគ្នា។ យើងបានស្តាប់ព្រះយេស៊ូមានព្រះបន្ទូលថា “ខ្ញុំជាគ្រូគង្វាលដ៏ល្អ ដែលស្គាល់ចៀមរបស់ខ្ញុំ ដែលយាងមកដើម្បីឱ្យចៀមរបស់ខ្ញុំមានជីវិតអស់កល្បជានិច្ច”។ នៅពេលយើងសរុបនេះទាំងអស់ ណែនាំឱ្យយើងមានអារម្មណ៍ដែលពោរពេញដោយអំណរដ៏ពេញលក្ខណៈ ដូចព្រះយេស៊ូមានព្រះបន្ទូលសន្យា។ ម្យ៉ាងទៀត ណែនាំឱ្យយើងមានអារម្មណ៍ថាកក់ក្តៅ នៅក្នុងព្រះសហគមន៍របស់យើងក្នុងរយៈពេល២ថ្ងៃកន្លងមក។ កក់ក្តៅដោយសារ យើងបានជួបជុំគ្នាឡើងវិញ យើងជួបជុំគ្នានៅក្នុងអំណរសប្បាយ នៅក្នុងការស្វាគមន៍គ្នាទៅវិញទៅមក។ យើងកក់ក្តៅ ដោយសារយើងបានស្តាប់ព្រះយេស៊ូមានព្រះបន្ទូលថា “ខ្ញុំជាគង្វាលដ៏ល្អ ចៀមរបស់ខ្ញុំតែងស្តាប់សម្លេងខ្ញុំ ខ្ញុំស្គាល់ចៀមទាំងនោះ ហើយចៀមទាំងនោះមកតាមខ្ញុំ”។ នេះជាព្រះបន្ទូល ដែលណែនាំឱ្យយើងមើលឃើញផ្លូវសម្រាប់ជីវិតរបស់យើង មើលឃើញអត្ថន័យនៃជីវិតរបស់យើង។ ដោយដឹងថា ជីវិតរបស់យើងមានផ្លូវមួយគឺព្រះយេស៊ូផ្ទាល់ ដែលដឹកនាំយើង ដែលជាគង្វាលរបស់យើង ដែលណែនាំឱ្យយើងមានកម្លាំងកាយពីមួយថ្ងៃទៅមួយថ្ងៃ ដែលណែនាំឱ្យយើងមានកម្លាំងចិត្ត និងសេចក្តីសង្ឃឹម។
ក្នុងរយៈពេល២ឆ្នាំកន្លងមក ជួនកាលយើងធ្លាក់ទឹកចិត្ត ជួនកាលយើងអស់កម្លាំង ឥតមានឱកាសជួបជុំគ្នា យើងស្តាប់ព្រះបន្ទូលរបស់ព្រះយេស៊ូពីចម្ងាយ។ ប៉ុន្តែ ថ្ងៃនេះព្រះបន្ទូលណែនាំឱ្យយើងចូលយ៉ាងជ្រៅនៅក្នុងគោលដៅនៃជីវិត នៅក្នុងអត្ថន័យនៃជីវិត នៅក្នុងព្រះគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់សម្រាប់យើង។ យើងមានព្រះយេស៊ូ ដែលជាគង្វាលដ៏ល្អ ព្រះយេស៊ូដែលស្គាល់យើង ព្រះយេស៊ូដែលថែរក្សាយើង ព្រះយេស៊ូដែលណែនាំឱ្យយើងទៅរកប្រភពទឹកដែលផ្ដល់ជីវិត។ នៅពេលយើងស្តាប់នេះ យើងដឹងថាជីវិតរបស់យើងលែងឯកោ យើងមានត្រីវិស័យយ៉ាងច្បាស់ដែលបំភ្លឺជីវិតរបស់យើងដើម្បីទៅមុខ។ ទៅមុខជាមួយព្រះជាម្ចាស់ ទៅមុខជាមួយបងប្អូន ទៅមុខជាមួយលោកឪពុក បងប្រុសបងស្រី នៅក្នុងគ្រួសារមួយដែលជាព្រះសហគមន៍ ដើម្បីរស់នៅប្រចាំថ្ងៃនៅក្នុងសង្គម។
បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះខ្ញុំសូមអញ្ជើញយើងដែលជាលោកឪពុក ជាបងប្រុសបងស្រី ជាយុវជនយុវនារី ជាគ្រីស្តបរិស័ទ គឺឱ្យយើងយកចិត្តទុកដាក់ដើម្បីអធិដ្ឋាន។ អធិដ្ឋានថែមទៀតសម្រាប់លោកបូជាចារ្យ ថ្ងៃនេះយើងបានគោរពព្រះយេស៊ូជាគង្វាលដ៏ល្អ។ ថ្ងៃនេះយើងបានឃើញគង្វាលដ៏ល្អ គឺលោកប៉ូលនិងលោកប៉ាណាប៉ាស់ ដែលជាបូជាចារ្យដំបូងនៅក្នុងព្រះសហគមន៍។ ដោយបានទទួលខុសត្រូវ ដើម្បីធ្វើដំណើរពីទីក្រុងមួយទៅទីក្រុងមួយ ដើម្បីធ្វើដំណើរជាមួយគ្រីស្តបរិស័ទ លើកទឹកចិត្តគេ ផ្តល់កម្លាំងឱ្យគេ។ ទោះបីមានការបៀតបៀនក៏ដោយ ប៉ុន្តែគេបានតស៊ូដើម្បីទៅមុខតទៅទៀត ដោយសារគេដឹងថា “យើងបានតែងតាំងអ្នកឱ្យធ្វើជាពន្លឺបំភ្លឺជាតិសាសន៍នានា និងអាចណែនាំការសង្រ្គោះរហូតទៅដល់ស្រុកដាច់ស្រយាលនៃផែនដី”។ នេះជាបេសកកម្ម នេះជាអគ្គសញ្ញាដែលលោកប៉ូលនិងប៉ាណាប៉ាស់បានទទួល នេះជាអគ្គសញ្ញាដែលលោកបូជាចារ្យបានទទួល ដើម្បីធ្វើជាគង្វាលដ៏ល្អនៅលើទឹកដីនៃប្រទេសកម្ពុជា។ ធ្វើដំណើរពីភូមិមួយទៅភូមិមួយ ទៅកន្លែងដាច់ស្រយាល ដើម្បីប្រកាសអំពីព្រះយេស៊ូដែលជាព្រះសង្រ្គោះ ដើម្បីប្រកាសអំពីជីវិតអស់កល្បជានិច្ច ដើម្បីប្រកាសដំណឹងល្អជូនដល់អ្នកក្រីក្រ ដើម្បីបង្ហាញអំពីរបៀបដែលព្រះជាម្ចាស់រំដោះយើង។
សូមបងប្អូនអធិដ្ឋានសម្រាប់លោកបូជាចារ្យ ដើម្បីឱ្យយើងរួមគ្នាជាក្រុមគង្វាលដែលយកចិត្តទុកដាក់តាមរបៀបព្រះយេស៊ូ ដើម្បីថែរក្សា ដើម្បីស្រឡាញ់ ដើម្បីតស៊ូ ដើម្បីផ្តល់កម្លាំងកាយកម្លាំងចិត្ត ដើម្បីណែនាំឱ្យកូនចៀមរបស់យើងមានជំនឿ មានសេចក្តីសង្ឃឹមថ្មី មានជីវិតដែលមកពីព្រះជាម្ចាស់។
សូមបងប្អូនអធិដ្ឋានសម្រាប់បព្វជិតបព្វជិតា ដែលមាននៅប្រទេសកម្ពុជា នៅក្នុងភូមិភាគភ្នំពេញយើងមាន២៥ក្រុមដែលកំពុងបម្រើព្រះសហគមន៍។ សរុបទាំងបីភូមិភាគមានជិត៤០ក្រុមគ្រួសារ ពិតមែនពួកគាត់មកពីប្រទេសផ្សេងៗ ប៉ុន្តែមកនៅក្នុងគោលដៅតែមួយ គឺប្រកាសដំណឹងល្អ។ យើងជាធ្លុងតែមួយនៅក្នុងព្រះសហគមន៍តែមួយ យើងជាអ្នកដែលប្រកាសដំណឹងល្អតាមគម្រោងការរបស់ព្រះជាម្ចាស់ យើងចូលរួមអស់ពីសមត្ថភាព។ តាមរយៈក្រុមគ្រួសារនីមួយៗ ព្រះសហគមន៍របស់យើងទទួលជីវិត តាមវិស័យអប់រំ តាមវិស័យសង្គមកិច្ច បម្រើអ្នកក្រីក្រ បម្រើអ្នកដែលគ្មានទីពឹង បម្រើអ្នកជំងឺ បម្រើជនមានពិការភាព…។ ដូច្នេះ ក្រុមគ្រួសារនីមួយៗជាទ្រព្យសម្បត្តិសម្រាប់ព្រះសហគមន៍របស់យើង ដើម្បីបង្ហាញយ៉ាងជាក់ស្តែងអំពីព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់សម្រាប់មនុស្សយើង។ ដើម្បីបង្ហាញយ៉ាងជាក់ស្តែង ពិតមែនព្រះរាជរបស់ព្រះជាម្ចាស់កំពុងយាងមកដល់។
បងស្រីកាមែល ជាបងស្រីសម្ងាត់កំពុងអធិដ្ឋានសម្រាប់យើងពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីឱ្យយើងបន្តកែប្រែចិត្តគំនិត ដើម្បីឱ្យយើងបន្តទៅជាមនុស្សថ្មីនៅក្នុងព្រះយេស៊ូគ្រីស្តជាអម្ចាស់។ ដូច្នេះ យើងអធិដ្ឋានសម្រាប់ក្រុមបព្វជិតបព្វជិតា ឱ្យយើងរួមគ្នាចាក់គ្រឹះថែមទៀតនៅលើទឹកដីប្រទេសកម្ពុជា ដើម្បីឱ្យយើងចូលយ៉ាងជ្រៅនៅក្នុងវប្បធម៌ នៅក្នុងភាសា នៅក្នុងប្រពៃណី។ ដើម្បីឱ្យព្រះសហគមន៍របស់យើង ទៅជាព្រះសហគមន៍ដែលពោរពេញដោយអំណរសប្បាយ ដែលចាក់គ្រឹះយ៉ាងជ្រៅនៅលើទឹកដីយើង និងមានផ្កា មានផ្លែយ៉ាងច្រើនបរិបូណ៌។ នៅពេលយើងមានផ្លែយ៉ាងច្រើននៅព្រះសហគមន៍របស់យើង យើងគិតអំពីតម្លៃនៃជីវិតដែលគ្មានព្រំដែននៅក្នុងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។
សូមបងប្អូនអធិដ្ឋានសម្រាប់យុវជនយុវនារី នៅក្នុងចំណោមយើងថ្ងៃនេះយើងមានយុវជនយុវនារីមួយចំនួន ដែលបានទទួលអគ្គសញ្ញាជ្រមុជទឹកថ្មីៗនៅក្នុងឆ្នាំនេះ។ ទៅជាពូជដ៏តូច ប៉ុន្តែយើងមើលឃើញនៅក្នុងដួងចិត្តរបស់ពួកគាត់ មើលឃើញនៅក្នុងវិញ្ញាណរបស់ពួកគាត់ មើលឃើញព្រះជាម្ចាស់កំពុងធ្វើការ ព្រះជាម្ចាស់ដែលមានគម្រោងការដ៏ពិសេស។ ម្សិលមិញយើងបាននិយាយថា នៅពេលយើងមើលឃើញពងមួយគ្រាប់យើងមើលឃើញមាន់ ពេលយើងមើលឃើញគ្រាប់ពូជដ៏តូចយើងមើលឃើញដើមឈើដ៏ធំ ដែលចេញពីគ្រាប់ពូជនេះ។ ដូច្នេះ នៅក្នុងយុវជនយុវនារីយើងអាចមានសំណួរដូចគេសួរអំពីយ៉ូហានបាទីស្ទពេលគាត់កើតថ្មីៗ តើនៅថ្ងៃអនាគតកូននេះនឹងទៅជាយ៉ាងណា? ដូច្នេះ សព្វថ្ងៃយើងអាចសួរដែរថា តើនៅថ្ងៃអនាគតយុវជនយុវនារីរបស់យើងនឹងទៅជាយ៉ាងណា? ឱ្យយើងទៅជាគ្រីស្តបរិស័ទរឹងមាំ ទៅជាសាក្សីនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងសង្គម។ អ្វីដែលសំខាន់គឺថ្ងៃនេះ ឱ្យយើងយកចិត្តទុកដាក់រស់នៅជាសិស្សសាលា ជាយុវជនយុវនារីនៅក្នុងសង្គម ដើម្បីធ្វើជាមេនៅក្នុងម្ស៉ៅនៃជីវិត។ ឱ្យម្ស៉ៅនៃជីវិតលូតលាស់ក្លាយជានំបុ័ងយ៉ាងធំមួយ ដែលណែនាំឱ្យយើងអាចចិញ្ចឹមមនុស្សយ៉ាងច្រើន ដោយបរិបូណ៌ ជាម្ហូបអាហារដែលមកពីស្ថានបរមសុខ ជាម្ហូបអាហារដែលផ្តល់ជីវិតអស់កល្បជានិច្ច។
ដូច្នេះ យើងអធិដ្ឋានសម្រាប់យុវជនយុវនារីឱ្យគេរកឃើញគ្រួសារមួយយ៉ាងពិសេស នៅក្នុងព្រះសហគមន៍របស់យើង ឱ្យគេរកឃើញកម្លាំងកាយកម្លាំងចិត្តដោយដឹងថា ពិតមែនព្រះសហគមន៍ ព្រះយេស៊ូ និងព្រះបន្ទូល ជាទីពឹងរបស់ខ្ញុំ។ នៅពេលខ្ញុំធ្លាក់ទឹកចិត្ត នៅពេលខ្ញុំអស់សង្ឃឹម នៅពេលខ្ញុំមានទុក្ខលំបាក នៅពេលខ្ញុំជួបបញ្ហា ខ្ញុំអាចទៅមុខតទៅទៀត។ ដោយសារខ្ញុំមានព្រះសហគមន៍ ដោយសារខ្ញុំមានគ្រួសារ ដោយសារខ្ញុំមានបងប្អូនប្រុសស្រី ដោយសារខ្ញុំមានលោកឪពុកដែលស្រឡាញ់ថែរក្សាខ្ញុំ នេះជាក្រុមគ្រួសារដែលយើងចង់មាន។
សូមបងប្អូនអធិដ្ឋានសម្រាប់ព្រះសហគមន៍នីមួយៗ ទូទាំងប្រទេសកម្ពុជាយើងមានជាង១២០ព្រះសហគមន៍។ យើងអធិដ្ឋានសម្រាប់ព្រះសហគមន៍របស់យើង ឱ្យព្រះសហគមន៍នីមួយៗទៅជាកន្លែងមួយយ៉ាងពិសេស ទៅជាកោះនៃសេចក្តីស្រឡាញ់នៅក្នុងភូមិ។ ឱ្យយើងមើលឃើញគ្រីស្តបរិស័ទដែលសម្តែងធម៌មេត្តាករុណាដល់ប្រជាជន ឱ្យយើងមើលឃើញគ្រីស្តបរិស័ទដែលចេះចូលគ្នានៅក្នុងអន្តរសាសនា ជាពិសេសពុទ្ធសាសនាដើម្បីធ្វើដំណើរជាមួយគ្នា។ ឱ្យយើងមើលឃើញគ្រីស្តបរិស័ទដែលចេះបើកភ្នែក ពេលមើលឃើញទុក្ខលំបាក ការស្រេកឃ្លានរបស់បងប្អូនឯទៀតៗ។ ឱ្យគ្រីស្តបរិស័ទចេះអធិដ្ឋាន ដើម្បីយុវជនយុវនារី ដោយសារព្រះសហគមន៍របស់យើងដូចជាព្រះសហគមន៍ពីដើម។ ដូចក្នុងសម័យលោកប៉ូល លោកប៉ាណាប៉ាស់ ដូចសម័យក្រុមគ្រីស្តទូត ជាគ្រីស្តបរិស័ទជំនាន់ទី១ ជំនាន់ទី២។ ប៉ុន្តែ ជំនាន់ទី២កើតឡើងដោយបងប្អូនដែលជាជំនាន់ទី១ បានយកចិត្តទុកដាក់ស្តាប់ព្រះបន្ទូល បង្កើតបរិយាកាសមួយដែលមានភាពកក់ក្តៅរួមជាមួយព្រះយេស៊ូ រួមជាមួយព្រះសហគមន៍។ ដូច្នេះ យើងត្រូវតែអធិដ្ឋាន ដើម្បីក្រុមគ្រួសាររបស់យើងតាមព្រះសហគមន៍នីមួយៗទាំងបីភូមិភាគ យើងបង្កើតបរិយាកាសមួយដែលជាក្រុមគ្រួសាររបស់ព្រះយេស៊ូ ដែលជាក្រុមគ្រួសារដ៏វិសុទ្ធ។ ដូចព្រះនាងម៉ារី សន្តយ៉ូសែប ដែលបានណែនាំឱ្យកុមារយេស៊ូបានទៅជាគ្រូគង្វាលដ៏សប្បុរស ដើម្បីឃ្វាលយើងដែលជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់។
បងប្អូនជាទីស្រឡាញ់ នៅក្នុងអត្ថបទទី២ “កូនចៀមដែលគង់នៅកណ្ដាលបល្ល័ង្ក ទ្រង់នឹងឃ្វាលពួកគេ ព្រះអង្គនឹងនាំគេទៅរកប្រភពទឹកដែលផ្ដល់ជីវិត ហើយព្រះជាម្ចាស់នឹងជូតទឹកភ្នែកចេញអស់ពីភ្នែករបស់គេ”។ ពិតមែន យើងពោរពេញដោយសេចក្តីសង្ឃឹម ដោយសារយើងមានព្រះយេស៊ូផ្ទាល់ដែលឃ្វាលយើង យើងមានព្រះយេស៊ូផ្ទាល់ដែលជាប្រភពទឹកដែលផ្តល់ជីវិត យើងមានព្រះយេស៊ូផ្ទាល់ដែលបានជូតទឹកភ្នែក ដើម្បីឱ្យយើងមើលឃើញសុភមង្គលដ៏ពិតប្រាកដ។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ