បម្រើ​ព្រះសហគមន៍​គឺ​ដោយ​ក្តីស្រឡាញ់​

យុវជនប្រមាណ​ជា១០០នាក់ ដែល​ជា​​​ប្រធាន និង​អនុប្រធាន​យុវជន យុវនារី នៃ​ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ​ ចួប​ជុំ​គ្នា ដើម្បីរិះគិត​អំពី​បទ​ពិសោធ​នៃការ​បម្រើ​និង​រៀន​អំពី​ការលើកទឹកចិត្តគ្នា។

«​យើង​​​ជាគ្រីស្ត​បរិស័ទ​ម្នាក់​ៗ​មាន​តួនាទី​បម្រើ​ព្រះសហគមន៍​​និង​អ្នក​ជុំ​វិញ​យើង​ ដោយ​មិន​គិត​ពី​ផល​ចំណេញ​ខ្លួនឯង​។» យុវជន សុខ​ ចន្នី មកពី​ព្រះសហគមន៍​ពោធិ៍ចិនតុង​នៃមណ្ឌល​សកម្មភាព​ភ្នំពេញ​ថ្មីបាន​លើក​ឡើង​យ៉ាងនេះ នៅក្នុង​ជំនួប​ធ្វើ​ឡើង​កាលពីថ្ងៃទី​២៩-៣១ ខែ​កក្កដា​កន្លងទៅ នៅ​ព្រះវិហារ​សន្ត​មីកាអែល​ ក្រុង​កំពង់សោម​ ខេត្ត​ព្រះសីហនុ ភាគ​ខាង​លិចនៃ​ប្រទេស​កម្ពុជា។

ចន្នី បាន​ឲ្យដឹងថា ក្នុងកម្មវិធី​នេះ មាន​​ប្រធាន​បទ​ជាច្រើន​​ដែល​ជួយ​ដល់​រូប​គាត់​ឲ្យ​យល់ដឹង​បន្ថែម​អំពី​ជីវិត​នៃការ​បម្រើ​។  ចន្នីបន្ថែម «​ជីវិត​ជាការ​លះបង់​ ហេតុនេះយើង​​នឹង​​បន្ត​ធ្វើ​ដើម្បី​ព្រះជាម្ចាស់និង​អ្នក​ដែល​នៅជុំវិញ​យើង​ ដោយ​​កុំ​ខ្វល់​នឹង​អ្នក​ដែល​គិត​អវិជ្ជមានពីយើង។»​

កម្មវិធី​នេះ រៀបចំ​ឡើង​ក្រោម​ប្រធានបទ​ “យុវជនជាកម្លាំងរបស់ព្រះសហគមន៍ គឺត្រូវបម្រើដោយមានចិត្តស្រឡាញ់”​។

លោក​ស៊ាន់ សារឿន​ ប្រធាន​ការិយាល័យ​យុវជន ជំទង់ កុមារ និង​គ្រួសារ​បាន​ឱ្យ​ដឹង​ថា ការជួបជុំ​និង​ចែក​រំលែក​ពិសោធន៍​ទៅវិញទៅមក ជា​កម្លាំង​ម្យ៉ាង​នាំ​ឲ្យ​​កិច្ចការ​បម្រើព្រះសហគមន៍​បាន​ទៅមុខ។ លោក​ប្រធាន​ការិយាល័យ​បញ្ជាក់​ទៀត​ថា យុវ​ជន​យើង​បម្រើ​ដោយ​សេចក្ដីស្រឡាញ់ និង​ជំនឿ ប៉ុន្តែ​ពេល​ខ្លះ​មាន​ការ​បាក់​ទឹក​ចិត្ត​ និង​ពេល​ខ្លះ​អស់​សង្ឃឹម​ ជាពិសេស​នៅ​ក្នុង​​បរិបទ​កូវីដ-១៩។

លោក​បន្ថែម​ថា ការ​ចែក​រំលែក​អំពី​បទពិសោធក្នុង​បរិបទកូវីដនេះ​​ឱ្យ​យើង​ចេះ​តស៊ូ រក​គ្រប់​មធ្យោបាយនូវ​អ្វី​ដែល​ថ្មី​ ដើម្បី​ឱ្យ​ក្ដី​ស្រមៃទៅមុខ ​អាច​​​រស់នៅក្នុង​ស្ថានភាព​កូវីដ។​

នៅ​ក្នុងអំឡុង​ពេល​ជំងឺ​រាតត្បាត​ ការិយាល័យ​កុមារ​ ជំទង់ យុវជន​និង​គ្រួសារ​ បាន​ចួប​ប្រជុំ​គ្នា​តាម​រយៈ​​ប្រព័ន្ធ​អ៊ីធឺណិត​ជាច្រើន​ដង ដើម្បីបង្កើត​ទំនាក់​ទំនងជាមួយ​គ្នា​ ចែក​រំលែក​បទពិសោធនៃការតស៊ូ ​សេចក្ដី​សង្ឃឹម និង​ជំនឿ។​

មុន​ពេល​បើក​កម្មវិធី​ យុវជន​ទាំងអស់​បាន​ចូលរួម​ក្នុងពិធី​អធិដ្ឋាន​តាម​បែប​តេហ្សេ ដើម្បីរិះគិត​អំពីជីវិត​ជា​អ្នកបម្រើ​នៅ​ក្នុងព្រះសហគមន៍កាតូលិក។

យុវជន​ទាំង​នេះ មក​ពីព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ ដែលមាន​មណ្ឌល​សកម្មភាព​ចំនួន​៩ រួមមាន ភ្នំពេញ​ថ្មី ភ្នំពេញ​ខាង​ជើង ភ្នំពេញ​ខាងត្បូង តាខ្មៅ មេគង្គ បាសាក់ តាកែវ កំពត និងព្រះសីហនុ។

​យុវជន​​ទាំងអស់បានចែក​រំលែកអំពីទុក្ខលំបាកនិង​អំណរ​សប្បាយ​ក្នុងពេល​​និង​ក្រោយ​កូវីដ-១៩​ មាន​ដូចជា ភ័យ​ខ្លាច​សេចក្តីស្លាប់ ការបាត់បង់​សាច់ញាតិ និង​សុវត្ថិភាព​ពេល​ធ្វើ​កិច្ចការងារ​បម្រើ ធ្លាក់​ទឹកចិត្ត និង​អស់សង្ឃឹម ដោយសារ​គ្មានទំនាក់ទំនង​ជាមួយអ្នកខាងក្រៅ។ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ពួកគាត់​បាន​ឲ្យដឹងថា ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​និង​អ៊ីធឺណេត​បាន​ជួយ​ច្រើន​សម្រាប់​ពត៌មាន​និង​ទំនាក់ទំនង ដែល​បាន​សម្រួល​ផល​លំបាក​ខ្លះៗ។

នៅក្នុង​ធម្មទេសនាថ្ងៃទី៣០ ​​លោក​បូជាចារ្យប៉ូល ផ្រុមផុង ស៊ីហារ៉ាត់ ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​យុវជន​កុំអស់សង្ឃឹម កុំឱ្យតម្លៃខ្លួនឯងទាបពេក និង កុំយកខ្លួនឯងទៅប្រៀបធៀបនឹងអ្នកដទៃ ព្រោះម្នាក់ៗមានប្រយោជន៍សម្រាប់អ្នកដទៃ។

លោក​បន្ថែម​ថា ម្នាក់ៗមាន​ចំណុច​ខុស​ប្លែក​និង​ពិសេស​ខុស​ពី​អ្នកដទៃ និង​មាន​អំណោយ​ទានពី​ព្រះជាម្ចាស់​​ផ្សេងៗ​ពីគ្នា តែ​ទោះបី​ជាភាព​ខុស​គ្នាយ៉ាងនេះ​ក្តី ក៏មានចំណុច​រួម​មួយ គឺ«​​យើងមានទឹកចិត្តល្អ»។ ព្រះជាម្ចាស់​ផ្តល់​សេរីភាព​ដល់​យើង ឲ្យ​យើង​ចេះ​ថ្លឹង​ថ្លែង និង​ពិចារណាសេចក្តី​​ល្អឬមិនល្អ គ្មានអ្នកបង្ខំនិងមិនធ្វើតាមគ្នា។

ក្នុង​រយៈពេល​៣​ថ្ងៃនេះ ក្រុម​យុវជន​ក៏បានចូលរួមសំណាក់ធម៌ដែលដឹកនាំដោយលោកបូជាចារ្យ យ៉ាំងលូកា តាវ៉ូឡា អ្នកទទួលខុសត្រូវមណ្ឌលសកម្មភាពកំពង់សោម។

នៅក្នុង​ពិធី​សំណាក់ធម៌នេះ លោក​បូជាចារ្យ​យ៉ាំងលូកា ណែនាំឱ្យ​យុវជនយក​គម្រូ​តាម​ព្រះយេស៊ូ ដែល​បម្រើ​ដោយ​ស៊ូទ្រាំ​នឹង​ការ​ឈឺចាប់​ មិនរអ៊ូររទាំនិង​ខឹង​សម្បារ តែ​បម្រើ​ដោយសេចក្ដីស្រឡាញ់។

លោក​បន្ថែម​ថា នៅក្នុងព្រះសហគមន៍ យើងក៏​បម្រើដោយចិត្តរីករាយ និងដោយក្ដីស្រឡាញ់ ដោយ​​មានកម្លាំង ចេះ​អប់រំខ្លួន និង​​រៀបចំខ្លួន ដើម្បីកិច្ចការ​បម្រើ​ប្រសើរ​ឡើង និង​ឲ្យអ្នកដទៃ​មាន​សុភមង្គល៕

ដោយ​ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

មោទនភាព! វិទ្យាល័យសន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ បន្តរក្សាស្ថិតិសិស្សប្រឡងជាប់ឌីប្លូម ១០០% ទាំង ១៦ជំនាន់

តាកែវ៖ សិស្សានុសិស្សថ្នាក់ទី៩ នៃវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ដែលមានទីតាំងស្ថិតនៅភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ បានបង្កើតមោទនភាពសារជាថ្មី ដោយបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នាសម័យប្រឡងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្នុងកម្រិតរហូតដល់ ១០០ភាគរយ។ បើតាមការបញ្ជាក់របស់លោក ប៊ិច វិបុល នាយកវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ បានឱ្យដឹងថា នៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ សាលាមានបេក្ខជនចូលរួមការប្រឡងឌីប្លូមចំនួន

ព្រះសហគមន៍កាតូលិកអបអរសាទរពិធីឆ្លង និងប្រទានពរព្រះវិហារថ្មី «សន្តីម៉ារីម៉ាដាឡា» នៅស្វាយប៉ាក

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកស្វាយប៉ាក (គីឡូលេខ១១ រាជធានីភ្នំពេញ) បានប្រារព្ធពិធីបុណ្យ និងប្រទានពរព្រះវិហារថ្មីរបស់ខ្លួនយ៉ាងអធិកអធម ដែលមានឈ្មោះថា «ព្រះវិហារសន្តីម៉ារីម៉ាដាឡា» ក្រោមអធិបតីភាពរបស់លោកអភិបាល អូលីវីយ៉េជ្មីតហស្លេ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអភិបាល សិលាសួន ហង្សលី និងលោកបូជាចារ្យជាច្រើនអង្គ។ ព្រឹត្តិការណ៍នេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយនៃជីវិត និងការរីកចម្រើនរបស់ព្រះសហគមន៍កាតូលិកនៅក្នុងតំបន់នេះ។ នៅក្នុងពិធីនេះ លោកអភិបាល អូលីវីយ៉េ បានរំលឹកអំពីប្រវត្តិ និងការធ្វើដំណើររបស់ព្រះសហគមន៍ ដោយភ្ជាប់ជាមួយនឹងបទពិសោធន៍ផ្ទាល់របស់លោក។

អភិបាល​ព្រះសហគមន៍​កាតូលិក​បំផុសសារ «សន្តិភាពនិងភាតរភាព»

ខេត្តតាកែវ៖ ការពង្រឹងសន្តិភាព សុខដុមរមនា និងសាមគ្គីភាពរវាងសាសនានិង​សាសនា ត្រូវបានលើកយកមកបង្ហាញយ៉ាងច្បាស់ពីសំណាក់​មេដឹកនាំ​សាសនា​ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គមេត្រី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ស្ថិតនៅក្នុងភូមិពងទឹកខាងត្បូង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ឯកឧត្ដម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់មន្ត្រីសង្ឃ ព្រះសង្ឃ មន្ត្រីរាជការ អាជ្ញាធរ និស្សិត សិស្សានុសិស្ស

Subscribe to our newsletter

Don't miss new updates on your email