ភ្នំពេញថ្មី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២“
ដើរតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់”
អត្ថបទទី១៖ ពង្សាវតារក្សត្រទី២ ២២,៨-១៣.២៣,១-៣ ចងសម្ពន្ធមេត្រីជាមួយព្រះអម្ចាស់ដោយសន្យាថា សុខចិត្តដើរតាមព្រះអម្ចាស់។ ២ពង្ស ២៣,៣ ដំណឹងល្អ៖ ម៉ាថាយ ៧,១៥-២០ អ្នករាល់គ្នាអាចស្គាល់គេបាន តាមអំពើដែលគេប្រព្រឹត្ត។ មថ ៧,២០ |
បងប្អូនជាទីស្រឡាញ់
ថ្ងៃនេះ ដែលយើងគោរពសន្តសិលានិងសន្តប៉ូល ដែលយើងមានធាតុសន្តសិលានៅក្នុងព្រះវិហារភ្នំពេញថ្មីនេះ។ លោកឪពុក ថ្ងៃនេះយើងបានស្តាប់ដើម្បីចូលយ៉ាងជ្រៅនៅក្នុងការប្រកាសដំណឹងល្អ និងបេសកកម្មរបស់យើង។ ជាពិសេស សម្រាប់លោកឪពុកមួយចំនួនដែលបានចាប់ផ្តើមកន្លែងថ្មី និងលោកឪពុកមួយចំនួននៅបន្តកន្លែងដដែល យើងពោរពេញដោយកម្លាំង។
សំណួរដែលព្រះយេស៊ូសួរដល់ក្រុមគ្រីស្តទូត ជាសំណួរមួយដ៏សំខាន់បំផុតសម្រាប់យើង ប៉ុន្តែមិនមែនជាសំណួរមួយដែលយើងត្រូវការស្តាប់នៅក្នុងសំលេងឡូឡា។ តាមពិត នៅពេលព្រះយេស៊ូនៅជាមួយក្រុមគ្រីស្តទូតនៅកន្លែងស្ងៀមស្ងាត់ នៅពេលនោះព្រះយេស៊ូសួរគេថា “សម្រាប់មនុស្សទាំងឡាយបុត្រមនុស្សជានរណា?” ព្រះយេស៊ូបានធ្វើដំណើរជាងមួយឆ្នាំហើយនៅពេលហ្នឹង ព្រះយេស៊ូបានបង្ហាញសញ្ញាប្លែកៗជាងមួយឆ្នាំហើយ។ ចម្លើយរបស់លោកសិលា ជាចម្លើយដែលណែនាំឱ្យយើងអាចទៅមុខនៅក្នុងជីវិតជាលោកបូជាចារ្យ ណែនាំឱ្យព្រះសហគមន៍របស់យើងពោរពេញដោយអត្ថន័យ ពោរពេញដោយជីវិត។ គាត់បានឆ្លើយថា “លោកជាព្រះគ្រីស្ត លោកជាអ្នកដែលបានទទួលអភិសេកពីព្រះជាម្ចាស់ លោកជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ”។ តាមពិតសេចក្តីប្រកាសរបស់យើង ជួនកាលយើងគិតអំពីរបៀបដូចសន្និបាត២០២១-២០២៣ដែលយើងបាននិយាយ របៀបរៀបចំពិធីបុណ្យ របៀបបម្រើ…។
ថ្ងៃនេះ នៅពេលយើងស្តាប់សំណួរបស់ព្រះយេស៊ូ នៅពេលហ្នឹងគ្មានពិធី គ្មានរបៀប ប៉ុន្តែមានបញ្ហាតែមួយ ប្រកាសជំនឿអស់ពីដួងចិត្ត អស់ពីសេចក្តីស្រឡាញ់ អស់ពីអ្វីដែលព្រះវិញ្ញាណដ៏វិសុទ្ធបានបំភ្លឺ។ ព្រះយេស៊ូជាព្រះគ្រីស្ត ជាអ្នកដែលបានទទួលអភិសេកពីព្រះជាម្ចាស់ ដូចយើងបានទទួលពិធីអភិសេកក្នុងអគ្គសញ្ញាតែងតាំងជាបូជាចារ្យដែរ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ។ នេះជាអ្វីដែលយើងត្រូវការប្រកាស ប៉ុន្តែនេះជាអ្វីដែលយើងត្រូវការណែនាំឱ្យបងប្អូនរបស់យើងដែលកំពុងស្វែងយល់ ស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចចូលនៅក្នុងជំនឿនេះ។ ដោយសារ យើងបានឃើញមហាជនដែលបានធ្វើដំណើរជាមួយព្រះយេស៊ូជាងមួយឆ្នាំហើយ គេមានចម្លើយប្លែកៗ ខ្លះថាលោកជាព្យាការីអេលី ខ្លះថាលោកជាព្យាការីអេសាយ… គេមិនទាន់មានជំនឿរឹងមាំដូចលោកសិលា។ ប៉ុន្តែ យើងមានព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ យើងមានព្រះវិញ្ញាណដ៏វិសុទ្ធសណ្ឋិតលើយើង យើងមានសក្ខីភាពពីគ្រីស្តទូត ពីសន្តសន្តី ពីព្រះសហគមន៍ដែលមានប្រវត្តិសាស្ត្រជាង២០០០ឆ្នាំ។ យើងមានមូលហេតុច្រើន ដើម្បីឱ្យជំនឿរបស់យើងទៅជាជំនឿយ៉ាងជ្រៅ ឱ្យយើងទៅដល់អ្វីដែលសំខាន់បំផុត។ ព្រះយេស៊ូជាព្រះគ្រីស្ត ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ យើងនៅទីនេះដើម្បីប្រកាសអំពីព្រះយេស៊ូគ្រីស្ត ដើម្បីប្រកាសអំពីព្រះបុត្រារបស់ព្រះអង្គដែលយាងមក ដើម្បីណែនាំឱ្យយើងមានជីវិត។
ប្រសិនបើ យើងចង់និយាយអំពីរបៀបយើងត្រូវការមើលលោកសិលា នៅក្នុងអត្ថបទទី១គាត់បានធ្វើតាមទេវទូតប្រាប់។ ទោះបីប្លែក ទោះបីគាត់ឆ្ងល់ដែរ មូលហេតុអ្វីឱ្យរៀបចំខ្លួនដើម្បីទៅណានៅក្នុងមន្ទីរឃុំឃាំង ប៉ុន្តែគាត់បានធ្វើតាម។ នេះជារបៀបយើងដែរ សម្រាប់យើងដែលជាបូជាចារ្យយើងត្រូវការលះបង់ចោល ជួនកាលយើងមិនយល់ យើងមិនមែនរស់តាមរបៀបលោកីយ៍ ដែលយើងចង់មានឋានៈ ចង់មានមុខមានមាត់។ តាមពិត យើងរស់នៅតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែលណែនាំឱ្យយើងធ្វើតាម នៅក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គ។ នេះជារបៀបព្រះយេស៊ូ នេះជារបៀបគ្រីស្តទូតពីដើម នេះជារបៀបរបស់យើងដែរ ដោយធ្វើតាមព្រះយេស៊ូ ព្រះយេស៊ូអញ្ជើញយើងទៅណាយើងទៅហ្នឹង។
នៅពេលខ្ញុំមកដល់ប្រទេសកម្ពុជាដំបូង ខ្ញុំចាំបានថាយើងឥតមានការិយាល័យដូចសព្វថ្ងៃទេ ឥតមានបុគ្គលិកដូចសព្វថ្ងៃទេ។ គ្រីស្តបរិស័ទមានគំនិតតែជួយបម្រើ ដោយស្ម័គ្រចិត្តជួយផ្នែកយុវជន ផ្នែកប្រកាសដំណឹងល្អ… ក្នុងរយៈពេលពីរបីឆ្នាំ។ គំនិតបម្រើ គឺជាអ្វីដែលសំខាន់បំផុត ខ្ញុំជឿថាទោះបីសព្វថ្ងៃយើងជាបុគ្គលិកតាមការិយាល័យដែលទទួលប្រាក់ខែ យើងក៏នៅតែចូលក្នុងគំនិតនៃការបម្រើដដែល។ នៅក្នុងការបម្រើ ដោយនឹកឃើញយើងធ្វើតាម ពេលយើងធ្វើតាមយើងទៅដល់គោលដៅ។ យើងបានស្តាប់អត្ថបទលោកប៉ូលថ្ងៃនេះ នៅពេលយើងជិតស្លាប់ហើយ តើយើងអាចឆ្លើយដូចលោកប៉ូលឬទេ? “ខ្ញុំបានពុះពារឧបសគ្គទាំងអស់ ប៉ុន្តែខ្ញុំបានរត់ដល់ទីដៅ ហើយខ្ញុំនៅតែកាន់ជំនឿជាប់ដដែល”។ នេះជាសក្ខីភាពរបស់លោកប៉ូល ក្រោយមកបង្ហាញអំពីសិរីរុងរឿង អំពីព្រះជាម្ចាស់ដែលរំដោះគាត់ អំពីជីវិតដែលគាត់បានទទួលដោយសារព្រះយេស៊ូគ្រីស្តផ្ទាល់។ ទោះបីគាត់បានរងទុក្ខលំបាក ទោះបីគេលះបង់ចោលគាត់ ទោះបីគេជិះជាន់គាត់ ទោះបីគេរិះគន់គាត់ គាត់បានខិតខំតស៊ូ។ គាត់បានទទួលកិត្តិយសមួយយ៉ាងពិសេស មោទនភាពមួយយ៉ាងពិសេស គឺគាត់បានរត់ដល់ទីដៅ គឺស្ថានបរមសុខ។ តាមពិត នៅពេលព្រះយេស៊ូបានសួរថា “តើខ្ញុំជានរណា?” លោកសិលាបានឆ្លើយហើយព្រះយេស៊ូបានប្រគល់សោរនៃស្ថានបរមសុខទៅគាត់ ដោយសារគោលដៅរបស់យើងគឺស្ថានបរមសុខ។ យើងណែនាំឱ្យបងប្អូនរបស់យើងចូលនៅក្នុងគោលដៅនេះ ដើម្បីដឹងថាគោលដៅនៃជីវិតរបស់យើងគឺស្ថានបរមសុខ។ លោកសិលាមានសោរ ដើម្បីបើក ដើម្បីស្វាគមន៍យើង អ្វីដែលបានស្រាយនិងចងនៅលើផែនដីនេះ ក៏នឹងស្រាយនិងចងនៅស្ថានបរមសុខដែរ។ យើងបានមើលទាំងអស់ យើងបានមើលឃើញអ្វីដែលសំខាន់បំផុត គឺប្រកាសអំពីព្រះយេស៊ូគ្រីស្ត របៀបគឺដើរតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ធ្វើដូចម្តេច ដើម្បីឱ្យយើងខិតខំអស់ពីសមត្ថភាព អស់ពីកម្លាំងកាយកម្លាំងចិត្ត អស់ពីជំនឿនិងសេចក្តីស្រឡាញ់របស់យើង យើងអាចទៅដល់ទីដៅរបស់យើងគឺស្ថានបរមសុខ មានជីវិតអស់កល្បជានិច្ចជាមួយព្រះជាម្ចាស់។
ថ្ងៃនេះ យើងអរព្រះគុណព្រះជាម្ចាស់សម្រាប់ជីវិតរបស់យើងជាបូជាចារ្យ អរព្រះគុណព្រះជាម្ចាស់សម្រាប់ភូមិភាគភ្នំពេញយើងទាំងមូល ដែលយើងបានបម្រើពីមួយថ្ងៃទៅមួយថ្ងៃ។ នៅពេលយើងត្រលប់ទៅវិញនៅពេលខាងមុខនេះ យើងពោរពេញដោយសេចក្តីសង្ឃឹម ដោយដឹងថាជីវិតរបស់យើងទៅមុខ ទោះបីមានឧបសគ្គក៏ដោយ។ យើងមើលលោកសិលាដែលការពារជំនឿយ៉ាងរឹងមាំ យើងមើលលោកប៉ូលដែលប្រកាសដំណឹងល្អអស់ពីសមត្ថភាព ដោយដឹងថាព្រះជាម្ចាស់បានរៀបចំផ្លូវឱ្យអ្នកបម្រើយ៉ាងពិតប្រាកដមែន។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ