អភិបូជាអគ្គសញ្ញាលាបថ្ងាស
ពីព្រះសហគមន៍សំរោងធំ
ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២
អត្ថបទទី១៖ អេសាយ ៦,១-២ក.៣-៨ខ្ញុំពិតជាត្រូវវិនាស ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនបរិសុទ្ធ។ អស ៦,៥អត្ថបទទី២៖ កូរិនថូសទី១ ១៥,១-១១បងប្អូននឹងទទួលការសង្គ្រោះ តាមរយៈដំណឹងល្អ។ ១ករ ១៥,២ដំណឹងល្អ៖ លូកា ៥,១-១១ព្រះអង្គគង់បង្រៀនបណ្ដាជនពីក្នុងទូក។ លក ៥,៣ |
បងប្អូនជាទីស្រឡាញ់
ថ្ងៃនេះ ដែលយើងចូលនៅក្នុងអាទិត្យទី៦នៃរដូវធម្មតា ថ្ងៃនេះយើងយកពេលវេលាដើម្បីធ្វើអគ្គសញ្ញាលាបថ្ងាស។ អគ្គសញ្ញាលាបថ្ងាស គឺព្រះវិញ្ញាណដ៏វិសុទ្ធជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ព្រះវិញ្ញាណដ៏វិសុទ្ធជាជីវិតផ្ទាល់របស់ព្រះជាម្ចាស់ ជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ផ្ទាល់។ ជាសេចក្ដីក្លាហាននិងកម្លាំងរបស់ព្រះជាម្ចាស់ផ្ទាល់ដែលនឹងសណ្ឋិតលើបងប្អូន ដូចយើងបានស្ដាប់នៅក្នុងអត្ថបទទីមួយ ពីដើមនៅពេលក្រុមគ្រីស្តទូតកំពុងភ័យខ្លាច។ ព្រះយេស៊ូបានសោយទិវង្គតហើយ មានគេចង់បៀតបៀនក្រុមសាវ័ករបស់ព្រះយេស៊ូ ហេតុនេះហើយគេអធិដ្ឋាននៅក្នុងបន្ទប់ដ៏តូចមួយ ដោយបិទទ្វារ បិទបង្អួច។ ប៉ុន្តែ ព្រះវិញ្ញាណដ៏វិសុទ្ធបានយាងមកដូចខ្យល់ដែលបក់គេយ៉ាងខ្លាំង ដើម្បីឱ្យគេចាប់ផ្ដើមទៅជាសាក្សីនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់មនុស្សយ៉ាងច្រើន។
ការអស្ចារ្យដែលបានកើតឡើងនៅថ្ងៃនោះ គឺមានមហាជនដែលមកពីស្រុកនានា ដែលនិយាយភាសាផ្សេងៗពីគ្នា នៅពេលគេជួបជាមួយក្រុមគ្រីស្តទូត ដូចជាគេស្ដាប់បានអ្វីដែលក្រុមគ្រីស្តទូតកំពុងប្រកាសអំពីព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ អំពីព្រះយេស៊ូដែលណែនាំឱ្យមនុស្សយើងមានសេចក្ដីសុខ អំពីព្រះយេស៊ូដែលធ្វើដំណើរជាមួយយើងពីមួយថ្ងៃទៅមួយថ្ងៃ។ នៅពេលនោះ ទោះបីនិយាយភាសាផ្សេងៗពីគ្នាគេស្ដាប់បាន ដោយសារគេយល់ចិត្តគ្នា ដូចពីដើមនៅពេលព្រះយេស៊ូនៅជាមួយមហាជន នៅពេលនោះជួនកាលមាន៥០០០នាក់ ជួនកាលមាន១០០០០នាក់ ទោះបីគ្មានឧបករណ៍បំពងសំលេងដូចពេលនេះ មហាជនគេស្ដាប់បាន និងគេស្ដាប់ឮទៀត។ ប៉ុន្តែ ប្រហែលគេឮមិនសូវច្បាស់ តែនៅក្នុងដួងចិត្តរបស់គេគេបានទទួលព្រះបន្ទូលដែលព្រះយេស៊ូដែលកំពុងចែករំលែក។ នៅក្នុងដួងចិត្តរបស់គេ គេទទួលដំណឹងល្អអំពីព្រះយេស៊ូដែលគង់នៅជាមួយគេ អំពីព្រះយេស៊ូដែលណែនាំឱ្យជីវិតរបស់គេរកឃើញអត្ថន័យ ជាពិសេស គេយល់ថាព្រះជាម្ចាស់ស្រឡាញ់គេ និងព្រះជាម្ចាស់ចង់ឱ្យគេមានសុភមង្គល។
ក្នុងកម្មវិធីបូជនីយចរយុវជនអាទិត្យមុន ខ្ញុំបានយកប្រធានបទ ”ព្រះជាម្ចាស់ចង់ឱ្យយើងមានសុភមង្គលរួមជាមួយព្រះយេស៊ូ”។ សុភមង្គលដែលព្រះជាម្ចាស់ចង់ឱ្យយើងមាន គឺពីដើមរៀងមកព្រះជាម្ចាស់បានបង្កើតយើងជាបុរសជាស្រ្តី ឱ្យរស់នៅក្នុងសេចក្ដីសុខសាន្តរបស់ព្រះជាម្ចាស់។ ពីដើមរៀងមក ព្រះជាម្ចាស់បានប្រទានវិន័យទាំងដប់ប្រការ ដើម្បីណែនាំឱ្យមនុស្សមានរបៀបរស់នៅក្នុងសង្គម របៀបដើម្បីស្រឡាញ់ព្រះជាម្ចាស់។ សង្ឃឹមយើងចាំវិន័យទាំង១០ប្រការ ៤ដំបូងគោរពព្រះជាម្ចាស់ និង៦បន្ទាប់គឺរស់នៅក្នុងសង្គម កុំសម្លាប់ជីវិត កុំកុហក កុំយកប្រពន្ធគេ កុំក្បត់… ដើម្បីឱ្យយើងធ្វើដំណើរនៅក្នុងសង្គមយ៉ាងសុខសាន្ត។ ដោយសារ នេះជាគោលដៅរបស់ព្រះជាម្ចាស់សម្រាប់យើង នេះជាអ្វីដែលយើងត្រូវយកចិត្តទុកដាក់ពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្ងៃនេះ នៅក្នុងគម្ពីរដំណឹងល្អយើងមើលមួយជំហានទៀត ដែលព្រះយេស៊ូបានណែនាំឱ្យមនុស្សយើងមានសុភមង្គល។ សុភមង្គលណែនាំឱ្យយើងយល់ថា ទោះបីយើងមានទុក្ខលំបាក ទោះបីយើងពិបាកចិត្ត ទោះបីស្រេកឃ្លាន ទោះបីយើងយំសោក ក៏យើងរកឃើញសុភមង្គលបានដែរ។ “អ្នករាល់គ្នាដែលជាជនក្រខ្សត់អើយ អ្នកមានសុភមង្គលហើយត្បិតអ្នករាល់គ្នាបានទទួលព្រះរាជរបស់ព្រះជាម្ចាស់ អ្នករាល់គ្នាដែលកំពុងតែស្រេកឃ្លានអើយ អ្នកមានសុភមង្គលហើយត្បិតអ្នករាល់គ្នានឹងបានឆ្អែត អ្នករាល់គ្នាដែលកំពុងតែយំសោកអើយ អ្នកមានសុភមង្គលហើយត្បិតអ្នករាល់គ្នានឹងបានត្រេកអរ”។
ដូច្នេះ យើងមើលឃើញព្រះជាម្ចាស់កែប្រែជីវិតរបស់យើង ជាអ្នកក្រខ្សត់ឱ្យមានសុភមង្គលដោយសារយើងបានទទួលទ្រព្យសម្បត្តិមួយយ៉ាងពិសេស គឺព្រះរាជរបស់ព្រះជាម្ចាស់។ ទទួលសម្បត្តិមួយយ៉ាងពិសេស គឺព្រះជាម្ចាស់ផ្ទាល់ដែលបានណែនាំឱ្យថ្ងៃអនាគតរបស់យើងមានសុភមង្គលនៅស្ថានបរមសុខ។ អ្នកដែលកំពុងឃ្លាន ពេលយើងឃ្លានបាយយើងអត់មានសុភមង្គលទេ ប៉ុន្តែព្រះជាម្ចាស់កែប្រែដើម្បីឱ្យយើងទៅជាមនុស្សដែលមានសុភមង្គល ដោយសារយើងបានទទួលជីវិតពីព្រះជាម្ចាស់ផ្ទាល់។ ជីវិតដែលយើងទទួលពីព្រះជាម្ចាស់ ណែនាំឱ្យយើងឆ្អែតនៅក្នុងសេចក្ដីស្រឡាញ់ ឆ្អែតនៅក្នុងសុភមង្គល។ ប៉ុន្តែ មិនមែនឆ្អែតណែនាំឱ្យយើងឈឺ ឆ្អែតណែនាំឱ្យយើងពោរពេញទៅដោយកម្លាំង ថាមពល ដើម្បីប្រកាសដំណឹងល្អ ដើម្បីរស់នៅនិងតស៊ូនៅក្នុងសង្គមបច្ចុប្បន្ននេះ។ អ្នកដែលកំពុងយំសោក តាមពិតយើងមិនខ្វះទឹកភ្នែកនៅក្នុងជីវិតរបស់យើង ប៉ុន្តែយើងដឹងថាព្រះជាម្ចាស់កែប្រែទឹកភ្នែករបស់យើង ដែលណែនាំឱ្យយើងអស់កម្លាំង ណែនាំឱ្យយើងកម្សត់ទុរគត ទៅជាមនុស្សពោរពេញដោយអំណរដែលមកពីព្រះជាម្ចាស់ផ្ទាល់។
ថ្ងៃនេះ ដែលយើងទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ជាជំហានមួយទៀតដើម្បីចូលនៅក្នុងសុភមង្គលដែលព្រះជាម្ចាស់បានរៀបចំឱ្យយើង ដើម្បីចូលនៅក្នុងជីវិតដែលព្រះជាម្ចាស់បានរៀបចំឱ្យយើងនៅលើផែនដីនេះ ប៉ុន្តែដើម្បីត្រៀមខ្លួននៅស្ថានបរមសុខ។ ដូចយើងបានស្ដាប់នៅក្នុងអត្ថបទទី២ថ្ងៃនេះ “ដោយសារព្រះយេស៊ូមានព្រះជន្មថ្មីដ៏រុងរឿងមែន ណែនាំឱ្យមនុស្សយើងទាំងអស់ដែលស្លាប់នៅលើផែនដីនេះ បានទទួលព្រះជន្មថ្មីដ៏រុងរឿងដែរនៅស្ថានបរមសុខ”។ យើងមានយុវជនយុវនារីច្រើនដែលទទួលអគ្គសញ្ញាថ្ងៃនេះ សូមគិតអំពីជីវិតនៅលើផែនដីនេះសិន ដោយដឹងថាអ្វីៗទាំងអស់ដែលយើងធ្វើល្អសព្វថ្ងៃ ជាមរតកសម្រាប់យើងនៅក្នុងថ្ងៃអនាគត។ ដោយសារ នៅពេលយើងជួបជាមួយព្រះយេស៊ូផ្ទាល់ ព្រះអង្គនឹងសួរដល់យើង តើយើងបានស្រឡាញ់គេឬទេ? តើយើងបានស្រឡាញ់ព្រះជាម្ចាស់អស់ពីដួងចិត្តឬទេ? តើយើងបានអធិដ្ឋានអស់ពីដួងចិត្តឬទេ? តើយើងបានជួយបងប្អូនឯទៀតៗឬទេ? តើយើងបានខិតខំណែនាំឱ្យមនុស្សដែលកំពុងពិបាក មានកម្លាំងសាជាថ្មីឬទេ? តើយើងបានទៅសួរសុខទុក្ខអ្នកជម្ងឺ និងអ្នកដែលមានបញ្ហានៅក្នុងជីវិតឬទេ? តើយើងបានយកចិត្តទុកដាក់បង្ហាញធម៌មេត្តាករុណារបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើងឬទេ?
នេះជាសំណួរដែលយើងនឹងទទួល សំណួរនេះយើងឆ្លើយបាទ ចាស យើងបានខិតខំស្រឡាញ់ យើងបានខិតខំលើកលែងទោស យើងបានខិតខំអធិដ្ឋានលុះត្រាតែយើងបានធ្វើពិតមែន មិនអាចនិយាយកុហកទៅព្រះជាម្ចាស់បានទេ។ ដូច្នេះ នៅពេលយើងទទួលព្រះវិញ្ញាណដ៏វិសុទ្ធថ្ងៃនេះ ជាសេចក្ដីស្រឡាញ់របស់ព្រះអង្គ ជាជីវិតរបស់ព្រះអង្គ ជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ជាសេចក្ដីក្លាហាន ជាថាមពល ជាកម្លាំងរបស់ព្រះជាម្ចាស់ ដែលណែនាំឱ្យយើងអាចអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ដ៏ពិតប្រាកដមែន។ កុំឱ្យយើងចេះតែស្រឡាញ់ដោយបបូរមាត់ ប៉ុន្តែឱ្យយើងចេះស្រឡាញ់យ៉ាងជាក់ស្ដែង នៅក្នុងសកម្មភាពដែលយើងមានពីមួយថ្ងៃទៅមួយថ្ងៃ។ ស្រឡាញ់ព្រះជាម្ចាស់ ដោយស្ដាប់ព្រះបន្ទូល ដោយអធិដ្ឋាន ដោយទទួលអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត អគ្គសញ្ញាលើកលែងទោស។ ជាពិសេស នៅពេលយើងចូលក្នុងរដូវ៤០ថ្ងៃ ដើម្បីកែប្រែចិត្តគំនិតម្ដងទៀត។ ថ្ងៃនេះ ប្អូនៗដែលទទួលព្រះវិញ្ញាណដ៏វិសុទ្ធដ៏ពេញលក្ខណៈ ជាពេលវេលាមួយដើម្បីទទួលកម្លាំងមួយប្លែកដែលមកពីព្រះជាម្ចាស់ផ្ទាល់ និងដើម្បីអនុវត្តដល់បងប្អូនឯទៀតៗនៅក្នុងសង្គមបច្ចុប្បន្ននេះ។
ដូច្នេះ ថ្ងៃនេះព្រះយេស៊ូមានព្រះបន្ទូលដល់យើង “សូមស្រឡាញ់គ្នាទៅវិញទៅមកដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ” នៅពេលហ្នឹងយើងទទួលសុភមង្គលដ៏ពិតប្រាកដ។ សូមយកចិត្តទុកដាក់ស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ សូមយកចិត្តទុកដាក់រស់នៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ដើម្បីឱ្យជីវិតរបស់យើងទៅជាជីវិតដែលភ្លឺស្វាងសម្រាប់យើងផ្ទាល់ សម្រាប់គ្រួសាររបស់យើង និងសម្រាប់បងប្អូនឯទៀតៗនៅក្នុងសង្គមបច្ចុប្បន្ននេះ។ ជួនកាល យើងភ័យខ្លាចដោយសារជំងឺកូវីដ-១៩ពីប៉ុន្មានឆ្នាំមកហើយ ឥលូវនេះយើងដឹងថាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ជាទីពឹងមួយយ៉ាងពិសេសបំផុតដែលណែនាំឱ្យយើង អាចទៅមុខបន្តិចម្តងៗនៅក្នុងជីវិតរបស់យើង ណែនាំឱ្យយើងថែរក្សាសេចក្ដីសង្ឃឹមនៅក្នុងជីវិតរបស់យើង ណែនាំឱ្យយើងរស់នៅក្នុងជំនឿ។ បន្តិចទៀតខ្ញុំប្រកាសនៅមុខព្រះសហគមន៍ នៅមុខព្រះជាម្ចាស់ មុនយើងទទួលអគ្គសញ្ញាលាបថ្ងាស ដែលជាជីវិត ដែលជាដង្ហើមដ៏ពេញលក្ខណៈរបស់ព្រះជាម្ចាស់ ដែលយាងចូលនៅក្នុងសួតរបស់យើង នៅក្នុងដួងចិត្តរបស់យើង នៅក្នុងជីវិតរបស់យើង ជីវិតនៃព្រះសហគមន៍និងជីវិតនៃសង្គម។
ថ្ងៃនេះ យើងអរព្រះគុណព្រះជាម្ចាស់ ដែលគង់នៅជាមួយយើង ដែលបានថែរក្សាយើង ដែលបានជ្រើសរើសយើង ដើម្បីឱ្យយើងធ្វើដំណើរនៅលើផែនដីនេះ ដោយត្រៀមខ្លួនទទួលជីវិតអស់កល្បជានិច្ច។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ