មិន​ត្រូវ​នឿយ​ណាយ​នឹង​ប្រព្រឹត្ត​អំពើ​ល្អ

អភិបូជា​បុណ្យ​រោយ​ផេះ

នៅ​ព្រះសហគមន៍​ពោធិ៍ចិនតុង

ភ្នំពេញ ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០២២

អត្ថបទ​ទី១៖ យ៉ូអែល ២,១២-១៨ចូរ​នាំ​គ្នា​វិល​មក​រក​យើង ដោយ​ស្មោះ​អស់​ពី​ចិត្ត។ យអ ២,១២អត្ថបទ​ទី២៖ កូរិនថូសទី២ ៥,២០-៦,២គ្រា​ដែល​ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ គឺ​ឥឡូវ​នេះ​ហើយ!។ ២ករ ៦,២ដំណឹងល្អ៖ ម៉ាថាយ ៦,១-៦.១៦-១៨កុំ​ធ្វើ​បុណ្យ​ទាន​កនៅ​មុខ​មនុស្ស‌ម្នា ដើម្បី​ឲ្យ​តែ​គេ​ឃើញ​នោះ​ឡើយ។ មថ ៦,១

បង​ប្អូន​ជា​ទី​ស្រឡាញ់

យើង​បាន​ស្ដាប់​នៅ​ក្នុង​អត្ថបទ​ទី​២ “គ្រាដែលព្រះជាម្ចាស់គាប់ព្រះហទ័យគឺឥលូវនេះហើយ ថ្ងៃដែលព្រះជាម្ចាស់សង្គ្រោះពិភពលោកគឺឥលូវនេះហើយ”។ មាន​ន័យ​ថា មិន​មែន​ថ្ងៃ​ស្អែក មិន​មែន​មួយ​ឆ្នាំ​ទៀត ប៉ុន្តែ​ឥលូវ​នេះ​ហើយ ថ្ងៃ​នេះ​ដែល​យើង​ចូល​នៅ​ក្នុង​រដូវ​៤០​ថ្ងៃ យើង​ដឹង​ថា​រដូវ​៤០​ថ្ងៃ​ជា​ពេល​វេលា​មួយ​យ៉ាង​ពិសេស។ ដូច​សម្ដេច​ប៉ាប​បាន​រំលឹក​ដល់​យើង​ទាំង​អស់​គ្នា ដើម្បី​សាប​ព្រោះ​អំពើ​ល្អ “យើងមិនត្រូវនឿយណាយ​នឹប្រព្រឹត្តអំពើល្អឡើយ ត្បិតប្រសិនបើយើងមិនបាក់ទឹកចិត្តទេនោះ ដល់ពេលកំណត់យើងច្រូតបានល​ជាមិនខាន ហេតុនេះពេលយើងមាន​ឱកាសនៅឡើយ យើងត្រូវតែប្រព្រឹត្តអំពើល្អចំពោះមនុស្សទាំងអស់”។ ឥលូវ​នេះ​ជា​ពេល​វេលា​ដើម្បី​ឆ្លៀត​ឱកាស ដើម្បី​ចូល​នៅ​ក្នុង​ទំនាក់​ទំនង​សាជាថ្មី​ជា​មួយ​ព្រះជាម្ចាស់។

យើង​បាន​ស្ថាប់​នៅ​ក្នុង​អត្ថបទ​ទី​១ “ចូរ​នាំ​គ្នា​វិល​មក​រក​យើង ដោយ​ស្មោះ​អស់​ពី​ចិត្ត ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​គំនិត​ដូច្នេះ ប្រហែល​ជា​ព្រះអង្គ​មិន​ដាក់​ទោស​អ្នក​រាល់​គ្នា​ទេ​មើល​ទៅ”។ តាម​ពិត ពេល​វេលា​ដែល​យើង​ចូល​នៅ​ពេល​នេះ គឺ​ជា​ពេល​វេលា​ដើម្បី​ត្រឡប់​មក​វិញ​ទៅ​រក​ព្រះជាម្ចាស់ អស់​ពី​ដួង​ចិត្ត អស់​ពី​ស្មារតី អស់​ពី​ជំនឿ អស់​ពី​សេចក្ដី​ស្រឡាញ់ ដើម្បី​ឲ្យ​ជីវិត​របស់​យើង​ទៅ​ជា​ជីវិត​ថ្មី។ តាម​ពិត នៅ​ក្នុង​មួយ​ឆ្នាំ​យើង​មាន​ឱកាស​ច្រើន ដើម្បី​កែប្រែ​ចិត្ត​គំនិត ប៉ុន្តែ​យើង​មាន​ពេល​វេលា​ដែល​ព្រះសហគមន៍​ប្រទាន​ដល់​យើង។ ៤០​ថ្ងៃ ដើម្បី​ឲ្យ​យើង​ត្រឡប់​មក​រក​ព្រះជាម្ចាស់​នៅ​ក្នុង​ចិត្ត​របស់​យើង ដើម្បី​ទៅ​ជា​មនុស្ស​ថ្មី​ដែល​ជាប់​ជា​មួយ​ព្រះជាម្ចាស់​ដែល​បាន​បង្កើត​យើង។ ឆ្នាំ​នេះ​សម្ដេច​ប៉ាប​អញ្ជើញ​យើង កុំ​ឲ្យ​យើង​អស់​កម្លាំង កុំ​ឲ្យ​យើង​នឿយ​ណាយ ឲ្យ​យើង​ខិត​ខំ​អស់​ពី​សមត្ថភាព ដើម្បី​សាប​ព្រោះ​អំពើ​ល្អ។ សាប​ព្រោះ ដើម្បី​ឲ្យ​នៅ​ក្នុង​ជីវិត​របស់​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ យើង​យក​ចិត្ត​ទុក​ដាក់​ធ្វើ​សេចក្ដី​ល្អ​ដល់​បង​ប្អូន​ឯទៀតៗ ដើម្បី​យើង​ធ្វើ​ដំណើរ​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ។ ឲ្យ​យើង​ជា​គ្រីស្ត​បរិស័ទ ទៅ​ជា​សាក្សី​នៃ​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់​ដ៏​ពិត​ប្រាកដ ដោយ​ប្រព្រឹត្ត​អំពើ​ល្អ​ដល់​បង​ប្អូន​ឯទៀតៗ។

យើង​ដឹង​ហើយ អ្នក​ដែល​ជា​កសិករ​នៅ​ពេល​យើង​សាប​ព្រោះ​យ៉ាង​ល្អ ពេល​យើង​រៀប​ចំ​ដី​យើង​យ៉ាង​ល្អ ពេល​យើង​ថែរក្សា​ដី​និង​ដំណាំ​យើង​ល្អ យើង​ដឹង​ថា​យើង​មាន​ផ្លែ​បាន​យ៉ាង​ច្រើន​សម្រាប់​ចិញ្ចឹម​ជីវិត​របស់​យើង​ផ្ទាល់។ សម្រាប់​យើង​ក៏​ដូច​គ្នា​ដែរ ប្រសិន​បើ​យើង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​សាប​ព្រោះ​អំពើ​ល្អ ប្រសិន​បើ​យើង​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​ចិត្ត​គំនិត​របស់​យើង​យ៉ាង​ល្អ ប្រសិន​បើ​យើង​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​សេចក្ដី​ស្រឡាញ់ ជំនឿ សេចក្ដី​សង្ឃឹម​របស់​យើង​ទៅ​លើ​ព្រះជាម្ចាស់​យ៉ាង​ល្អ ជីវិត​របស់​យើង​អាច​មាន​ផ្លែ​យ៉ាង​ច្រើន ដើម្បី​កសាង​ព្រះសហគមន៍ ដើម្បី​កសាង​ពិភព​ថ្មី។ នៅ​ឆ្នាំ​នេះ ដែល​យើង​ចេញ​ពី​កូវីដ-១៩ យើង​បាន​ឆ្លង​កាត់​ទុក្ខ​លំបាក​យ៉ាង​ច្រើន នៅ​ឆ្នាំ​នេះ​ដែល​យើង​កំពុង​ភ័យ​ដោយ​យើង​ឃើញ​សង្គ្រាម​ដែល​កើត​ឡើង​នៅ​ក្នុង​ទ្វីប​អឺរ៉ុប។ ទោះ​បី​ឆ្ងាយ​ក៏​ដោយ យើង​ដឹង​ថា​សព្វ​ថ្ងៃ​ពិភព​របស់​យើង​ជា​ពិភព​មួយ ដែល​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​នៅ​ក្នុង​គ្រប់​ទី​កន្លែង។ ហេតុ​នេះ​ហើយ ពេល​មាន​សង្គ្រាម​មួយ​កើត​ឡើង​នៅ​កន្លែង​ណា​មួយ ក៏​មាន​ឥទ្ធិពល​សម្រាប់​យើង​ទាំង​អស់​គ្នា​នៅ​ប្រទេស​ទាំង​អស់។

ហេតុ​នេះ​ហើយ យើង​ត្រូវ​ការ​នឹក​ឃើញ​គ្រប់​ពេល​វេលា ដូច​សម្ដេច​ប៉ាប​បាន​រំលឹក​នៅ​ក្នុង​សារលិខិត​របស់​ព្រះអង្គ សម្រាប់​រដូវ​អប់រំ​ពិសេស​នេះ ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។ នៅ​ក្នុង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ យើង​ទទួល​ព្រះអំណោយ​ទាន​មួយ​យ៉ាង​ពិសេស គឺ​ព្រះអំណោយ​ទាន​ដែល​មក​ពី​ព្រះជាម្ចាស់​ផ្ទាល់ យើង​ទទួល​កម្លាំង យើង​ទទួល​សេចក្ដី​ស្រឡាញ់ យើង​ទទួល​សមត្ថភាព ដើម្បី​ទៅ​ជា​សហការី​របស់​ព្រះជាម្ចាស់​ដើម្បី​បង្កើត​ពិភព​ថ្មី។ តាម​ពិត ប្រសិន​បើ​ព្រះជាម្ចាស់​អត់​មាន​យើង​ទេ ព្រះជាម្ចាស់​ក៏​ប្រហែល​ធ្វើ​មិន​កើត​ទេ ព្រះជាម្ចាស់​មាន​យើង​ដែល​ជា​បុត្រា​បុត្រី​របស់​ព្រះអង្គ ដើម្បី​ឲ្យ​សេចក្ដី​ស្រឡាញ់ យុតិ្តធម៌ ជា​ពិសេស​សុខ​សន្តិភាព​បាន​កើត​ឡើង​នៅ​លើ​ផែន​ដី​នេះ​ឥលូវ​នេះ។ ដូច​សន្ត​ប៉ូល​បាន​រំលឹក ឥលូវ​នេះ​មិន​មែន​ថ្ងៃ​ស្អែក មិន​មែន​ឆ្នាំ​ក្រោយ ប៉ុន្តែ​ឥលូវ​នេះ។ ហេតុ​នេះ​ហើយ ចាប់​ពី​ពេល​នេះ​ត​ទៅ​យើង​ត្រូវ​ការ​ភ្ញាក់​ដែរ ដើម្បី​រស់​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់ និង​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់។ យើង​មាន​ផ្លូវ​៣ ផ្លូវ​ទី​១​គឺ​យើង​មិន​ត្រូវ​នឿយ​ណាយ​នឹង​ការ​អធិដ្ឋាន​ឡើយ ទី​២​យើង​មិន​ត្រូវ​នឿយ​ណាយ​នឹង​ការ​លុប​បំបាត់​អំពើ​អាក្រក់​ដែល​ចេញ​ពី​ក្នុង​ជីវិត​របស់​យើង​ឡើយ និង​ទី​៣​យើង​មិន​នឿយ​ណាយ​នឹង​ប្រព្រឹត្ត​អំពើ​ល្អ ដោយ​ធ្វើ​កិច្ចការ​សប្បុរស​ជាក់​ស្ដែង​ចំពោះ​បង​ប្អូន​ឯទៀតៗ​នោះ​ឡើយ។

បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​មាន​ផ្លូវ​៣​នៅ​ក្នុង​រដូវ​៤០​ថ្ងៃ ថ្ងៃ​នេះ​យើង​ត្រូវ​ការ​សម្រេច​ចិត្ត​តើ​យើង​ត្រូវ​ការ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទី អធិដ្ឋាន​ថែម​ទៀត។ នៅ​ពេល​យើង​អធិដ្ឋាន យើង​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ នៅ​ពេល​យើង​អធិដ្ឋាន​យើង​ទទួល​កម្លាំង​ពី​ព្រះអង្គ​ផ្ទាល់។ ពេល​យើង​អធិដ្ឋាន យើង​ទូល​អង្វ​ព្រះជាម្ចាស់​ឲ្យ​ព្រះអង្គ​ណែនាំ​យើង​ឱ្យ​កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​ឲ្យ​ព្រះអង្គ​ណែនាំ​ឲ្យ​ពិភព​លោក​របស់​យើង​រក​ឃើញ​សេចក្ដី​ស្រឡាញ់​ដ៏​ពិត​ប្រាកដ និង​សុខ​សន្តិភាព។ ដូច្នេះ នៅ​ក្នុង​រដូវ​៤០​ថ្ងៃ​នេះ ឲ្យ​យើង​គិត​ពិចារណា ខ្ញុំ​ជា​គ្រីស្ត​បរិស័ទ ខ្ញុំ​ជា​សាវ័ក​របស់​ព្រះយេស៊ូ ខ្ញុំ​ធ្វើ​ដូច​ម្ដេច​ដើម្បី​យក​ពេល​វេលា​ថែម​ដើម្បី​អធិដ្ឋាន។ អធិដ្ឋាន​ដោយ​ចូល​នៅ​ក្នុង​ព្រះវិហារ អធិដ្ឋាន​ផ្គាំ អធិដ្ឋាន​ដោយ​គោរព​ព្រះកាយ​ព្រះគ្រីស្ត អធិដ្ឋាន​ដោយ​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ អធិដ្ឋាន​ដោយ​សន្ទនា។ សន្ទនា​ធម្មតា​ជា​មួយ​ព្រះជាម្ចាស់ ដែល​ស្រឡាញ់​យើង​នៅ​ក្នុង​គ្រប់​ពេល​វេលា។

ទី​ ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​លុប​បំបាត់​អំពើ​អាក្រក់ ដែល​ចេញ​ពី​ក្នុង​ជីវិត​របស់​យើង។ អំពើ​បាប​ដែល​យើង​មាន ទុក្ខ​លំបាក​ដែល​រា​រាំង​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​បង​ប្អូន​ឯទៀតៗ ឲ្យ​យើង​ទៅ​ជា​មនុស្ស​ថ្មី​ដោយ​កែ​ប្រែ​ចិត្ត​គំនិត។ ដោយ​តម​អាហារ ដោយ​តម​អំពើ​អាក្រក់​ដែល​យើង​ធ្លាប់​ធ្វើ ដោយ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​បង្កើត​ទំនាក់​ទំនង​ជា​មួយ​បង​ប្អូន​ឯទៀតៗ​សាជាថ្មី។សម្ដេប​ប៉ាប​រំលឹក នៅ​ក្នុង​សារលិខិត​របស់​ព្រះអង្គ​ថា នៅ​ក្នុង​កូវីដ-១៩ យើង​បាន​បង្កើត​ទំនាក់​ទំនង​ក្លែង​ក្លាយ​តាម​បណ្តាញទំនាក់ទំនងសង្គមដែលយើងមាន។ ប៉ុន្តែ ពេល​វេលា​នេះ​ជា​ពេល​វេលា ដើម្បី​យក​ចិត្ត​ទុក​ដាក់​បង្កើត​ទំនាក់​ទំនង​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក​សាជាថ្មី។ ឲ្យ​យើង​មើល​ឃើញ​បង​ប្អូន ជា​បង​ប្អូន​យើង​ដ៏​ពិត​ប្រាកដ ដែល​ជា​អំណោយ​ទាន​ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់​ផ្ទាល់។ ឲ្យ​យើង​ខិត​ខំ ឲ្យ​យើង​សម្រេច​ចិត្ត​ថ្ងៃ​នេះ ឥលូវ​នេះ ដើម្បី​លុប​បំបាត់​អំពើ​អាក្រក់​ពី​ជីវិត​របស់​យើង​ផ្ទាល់។

ទី ឲ្យ​យើង​សម្រេច​ចិត្ត​ឥលូវ​នេះ នៅ​ពេល​នេះ ឲ្យ​យើង​ធ្វើ​អំពើ​ល្អ កិច្ចការ​ល្អ​ដល់​បង​ប្អូន​ឯទៀតៗ កុំ​ឲ្យ​យើង​គិត​ថា​អត់​អី​ទេ​យើង​មាន​ពេល​ច្រើន។ នៅ​ពេល​យើង​បាន​ទទួល​រោយ​ផេះ​ល្ងាចនេះ ដែល​ណែនាំ​ឲ្យ​យើង​នឹក​ឃើញ​យើង​ជា​ធូលី ប៉ុន្តែ​យើង​ត្រូវ​កែ​ប្រែ​ចិត្ត​គំនិត​ដើម្បី​ភ្ជាប់​ជា​មួយ​ព្រះជាម្ចាស់​សាជាថ្មី។ យើង​ធ្វើ​ដូច​ម្ដេច ដើម្បី​មាន​អំពើ​ល្អ​នៅ​ក្នុង​រដូវ​៤០​ថ្ងៃ អំពើ​ល្អ​ដល់​អ្នក​ជិត​ខាង អំពើ​ល្អ​ដល់​ឪពុក​ម្ដាយ អំពើ​ល្អ​ដល់​ពួក​ម៉ាក់​របស់​យើង អំពើ​ល្អ​ដែល​យើង​អាច​នឹក​ឃើញ ដើម្បី​ឲ្យ​ជីវិត​របស់​យើង​រស់​នៅ​ប្រកដ​ដោយ​សេចក្ដី​ស្រឡាញ់ ដែល​មក​ពី​ព្រះជាម្ចាស់​ផ្ទាល់។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ប្រសិន​បើ​យើង​អនុវត្ត​របៀប​ហ្នឹង ប្រសិន​បើ​យើង​យក​ចិត្ត​ទុក​ដាក់​សាប​ព្រោះ​ដោយ​អធិដ្ឋាន​ផង ដោយ​លុប​បំបាត់​អំពើ​អាក្រក់​របស់​យើង​ចេញ​ពី​ដួង​ចិត្ត​របស់​យើង​ផង ដោយ​ធ្វើ​អំពើ​ល្អ​ទៅ​បង​ប្អូន​ឯទៀតៗ​ផង នោះ​យើង​ដឹង​ថា​យើង​អាច​រក​ឃើញ​ផ្លែ​យ៉ាង​ច្រើន នៅ​ក្នុង​ជីវិត​របស់​យើង និង​សម្រាប់​ជីវិត​របស់​បង​ប្អូន​ឯទៀតៗ។ នៅ​ពេល​យើង​អនុវត្ត​នេះ​ទាំង​អស់ យើង​អាច​រស់​នៅ​តាម​របៀប​ដែល​លោក​ប៉ូល​បាន​ប្រកាស នៅ​ក្នុង​អត្ថបទ​ទី​២​ដែល​យើង​បាន​ស្ដាប់ “យើងជាទូតរបស់ព្រះគ្រីស្ត គឺដូច​ជា​ព្រះជាម្ចាស់មានព្រះបន្ទូលដាស់តឿនបងប្អូនតាមរយៈយើងដែរ”។ យើង​ជា​ទូត​របស់​ព្រះគ្រីស្ត នៅ​ពេល​យើង​រស់​នៅ​នៅ​ក្នុង​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ នៅ​ពេល​យើង​ភ្ជាប់​ជា​មួយ​ព្រះជាម្ចាស់​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់ នៅ​ពេល​យើង​ខិត​ខំ​កែ​ប្រែ​ចិត្ត​គំនិត​ដើម្បី​ទៅ​ជា​មនុស្ស​ថ្មី នៅ​ពេល​យើង​យក​ចិត្ត​ទុក​ដាក់​ធ្វើ​អំពើ​ល្អ​ដល់​បង​ប្អូន​ឯទៀតៗ នៅ​ពេល​នោះ​យើង​ជា​ទូត​របស់​ព្រះគ្រីស្ត​យ៉ាង​ជាក់​ស្ដែង។ យើង​ជា​សាក្សី​នៃ​ជីវិត​របស់​ព្រះជាម្ចាស់​យ៉ាង​ជាក់​ស្ដែង ដែល​ណែនាំ​ឲ្យ​បង​ប្អូន​ឯទៀតៗ​នៅ​ក្នុង​ភូមិ​យើង នៅ​ក្នុង​សង្គម​យើង នៅ​ក្នុង​ព្រះសហគមន៍​យើង អាច​មើល​ឃើញ​វត្តមាន​របស់​ព្រះជាម្ចាស់។ ដោយសារ យើង​ប្រកាស​មិន​មែន​តែ​ដោយ​បបូរ​មាត់​តែ​ប៉ុណ្ណឹង ប៉ុន្តែ​យើង​ប្រកាស​ដោយ​កាយ​វិការ ដោយ​សំដី ដោយ​ការងារ​ដែយ​យើង​ធ្វើ​ជា​ប្រចាំ។

បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​នេះ​យើង​អធិដ្ឋាន​ជា​មួយ​សម្ដេច​ប៉ាប៖ “បពិតព្រះនាងម៉ារី ព្រះសង្គ្រោះបានចាប់កំណើតនៅក្នុងផ្ទៃព្រះនាង ព្រះនាងបានចងចាំហេតុ​ការណ៍​ទាំងអស់ ហើយថែទាំទាំងរិះគិតពិចារណានៅក្នុងដួងចិត្តទៀតផងសូមព្រះនាងប្រទានឲ្យយើងទទួលអំណោយ​ទា និងចិត្តស៊ូទ្រាំ និងបានរួមចិត្តស្និទ្ធ​ជាមួយព្រះអង្គម្ចាស់ តាមរយៈព្រះមាតាព្រះអង្គ ដើម្បីឲ្យពេលវេលានៃការប្រែចិត្ត​គំនិតនេះ ទទួលផលនៃការសង្គ្រោះអស់ល្ប​ជានិច្ចផង”។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

សាលាសន្តឡាសាលពោធិ៍ធំពង្រីកបេសកកម្មអប់រំកុមារ

នាព្រឹកថ្ងៃទី៣០​ ខែតុលាលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ​ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ​ បានអញ្ជើញជាអធិបតីក្នុងពីធីបាចទឹកព្រះពរ និងសម្ពោធអគារសិក្សាថ្មីសន្តឡាសាលពោធិ៍ធំ​ ​ដែលទទួល​ខុស​ត្រូវ​ដោយ​ក្រុម​បព្វជិត​​ឡាសាល មានទីតាំងក្នុងភូមិពោធិ៍ធំ​ សង្កាត់​អរិយក្សត្រ ក្រុងអរិយក្សត្រ​ ខេត្តកណ្តាល។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបូជាចារ្យ​ បងប្រុស​ បងស្រី​ តំណាងអាជ្ញាធរដែនដី​ សិស្សានុសិស្ស​ អាណាព្យាបាល​ យ៉ាងច្រើនកុះករ​។ មានប្រសាសន៍​សំណេះសំណាលក្នុងពិធីកាត់ខ្សែបូ លោកអភិបាលអូលីវីយ៉េ លើកឡើងថា នៅទីនេះមាតាបិតាមានសំណាងណាស់ ដោយសារកូនៗរៀននៅសាលាដ៏ល្អ មានការអប់រំដ៏ល្អមិនគិតថ្លៃ។ លោកក៏បានថ្លែងអំណរគុណដល់​ក្រុម​បព្វជិត​ឡាសាល

សិស្សនៃ​វិទ្យាល័យសន្តហ្រ្វង់ស្វ័រ ចំនួន​៨នាក់​ ទទួលបាន​និទ្ទេស A ពីការ​​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

សិស្សថ្នាក់ទី១២ ជំនាន់ទី១៩ ឆ្នាំ​សិក្សា​២០២៣-២០២៤ ចំនួន​៨ នាក់របស់​សាលា​ចំណេះទូទៅ​សន្តហ្វ្រង់ស្វ័រ ទទួល​បាននិទ្ទេសA ក្នុង​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះ​បើ​យោង​តាម​លទ្ធផល​ដែល​បាន​បូកសរុប​ដោយ​សាលាផ្ទាល់។ លោកអូលីវីយ៉េ ជ្មីតហស្លេ ជា​ស្ថាបនិក និង​ជា​អភិបាល​ព្រះសហគមន៍កាតូលិកភូមិភាគ​ភ្នំពេញ​មានប្រសាសន៍ថា ក្នុងឆ្នាំនេះ សាលា​មាន៨នាក់ជាប់និទ្ទេសA  ស្មើនឹង២២,២២​ភាគរយនៃសិស្ស៣៦នាក់។ លោក​ថា «នេះ​ជាមោទនភាពរបស់ព្រះសហគមន៍កាតូលិកដែលបានបង្កើតគ្រឹះស្ថានអប់រំ​ដ៏ល្អបំផុត ដែលមានលទ្ធផលប្រហែលជាទទួលបាន លេខមួយនៅទូទាំងប្រទេស ដែលមាននិទ្ទេសA ច្រើនដូចនេះ។» លោក​បញ្ជាក់ថា ជោគជ័យនេះបាន​ដោយសារតែសិស្សសាលារបស់យើងសព្វថ្ងៃ ទទួលការអប់រំពីព្រះសហគមន៍កាតូលិកតាំងពីមត្តេយ្យសិក្សា

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

Subscribe to our newsletter

Don't miss new updates on your email