អត្ថបទទី១៖ អេសាយ ៥៨,៩ខ-១៤ ប្រសិនបើអ្នកសុខចិត្តបេះអាហារពីមាត់ខ្លួន យកទៅឲ្យអ្នកដែលស្រេកឃ្លាន នោះពន្លឺរបស់អ្នកនឹងចែងចាំងក្នុងទីងងឹត។ អស ៥៨,១០ ដំណឹងល្អ៖ លូកា ៥,២៧-៣២ ហេតុអ្វីបានជាអ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ? លក ៥,៣០ |
បងប្អូនជាទីស្រឡាញ់
“អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ” នៅថ្ងៃនេះដែលយើងជួបជុំគ្នា ដើម្បីធ្វើពិធីត្រាស់ហៅយ៉ាងឱឡារិកសម្រាប់បេក្ខជន៨៣នាក់ ដែលត្រៀមខ្លួនទទួលពិធីជ្រមុជទឹកនៅរាត្រីបុណ្យចម្លង។ នៅពេលយើងស្ដាប់អត្ថបទនេះ “អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ” តាមពិតយើងចូលយ៉ាងជ្រៅបំផុតនៅក្នុងអាថ៌កំបាំងនៃជំនឿរបស់យើង។ ប្រសិនបើ បងប្អូននឹកឃើញជំហានទី១នៅពេលយើងបានគោះទ្វារដើម្បីសុំចូលនៅក្នុងព្រះសហគមន៍ លោកបានសួរថា “សុំអ្វី?” យើងឆ្លើយថា “សុំជំនឿ” លោកបន្តសួរថា “សុំជំនឿដើម្បីអ្វី?” យើងឆ្លើយថា “ដើម្បីទទួលជីវិតអស់កល្បជានិច្ច”។ ប្រសិនបើ យើងនិយាយអំពីជីវិតអស់កល្បជានិច្ច យើងនិយាយអំពីការសង្រ្គោះ។
ព្រឹកមិញ យើងបាននឹកឃើញយើងជាគ្រីស្តបរិស័ទ និងសញ្ញាសម្គាល់នៃគ្រីស្តបរិស័ទ គឺគូសឈើឆ្កាងនៅលើខ្លួន “ដោយព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ”។ ដោយនឹកឃើញដល់ព្រះយេស៊ូ ដែលបានសោយទិវង្គត ដើម្បីសង្រ្គោះយើង។ ពិធីជ្រមុជទឹក ដែលយើងទទួលណែនាំឲ្យយើងរួមស្លាប់ រួមរស់ ដោយសារព្រះយេស៊ូមិនមែនតែសោយទិវង្គត ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ រួមស្លាប់ រួមរស់ជាមួយព្រះយេស៊ូដើម្បីកើតជាថ្មី។ ថ្ងៃនេះ យើងធ្វើជំហានទី២ នៅពេលយើងទទួលពិធីជ្រមុជទឹក យើងថាជាជំហានទី៣។ តាមពិត ពិធីជ្រមុជទឹកជាជំហានទី១នៅក្នុងជីវិតថ្មីដែលយើងទទួល ជាជីវិតដែលទៅជាជីវិតដែលណែនាំឲ្យយើងចូលនៅក្នុងអាថ៌កំបាំងនៃជំនឿរបស់យើង ណែនាំឱ្យយើងទទួលការសង្គ្រោះ “អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ”។ ហេតុនេះហើយ ថ្ងៃនេះពិតមែនយើងពោរពេញដោយអំណរសប្បាយ ដោយសារយើងមើលឃើញគោលដៅនៃជីវិតរបស់យើង។ ព្រឹកមិញ យើងបានគូសផ្លូវនៃជីវិត នៅថ្ងៃកើតលើផែនដីនេះពីឪពុកម្ដាយ នៅថ្ងៃដែលបន្តិចទៀតយើងកើតសាជាថ្មី នៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធរួមជាមួយព្រះយេស៊ូ។ យើងកើតម្ដងទៀត តាមពិតយើងកើតបីដង កើតលើកទី១នៅលើផែនដីនេះពីឪពុកម្ដាយ កើតលើកទី២នៅពេលយើងទទួលជីវិតថ្មីនៅពេលជ្រមុជទឹក និងលើកទី៣ពេលយើងកើតនៅស្ថានបរមសុខរួមជាមួយព្រះជាម្ចាស់។ ដូច្នេះ ថ្ងៃនេះទោះបីយើងនៅក្មេងក៏ដោយ យើងអាចមើលឃើញគោលដៅនៃជីវិតរបស់យើង គឺមិនមែនស្លាប់ទេ គោលដៅនៃជីវិតរបស់យើង គឺទទួលការសង្គ្រោះ រស់នៅអស់កល្បជានិច្ចជាមួយព្រះជាម្ចាស់។
ដូច្នេះ យើងបានចាប់ផ្ដើមដើរតាមរកព្រះអង្គនៅក្នុងជីវិតពីយូរឆ្នាំមកហើយ មានខ្លះ១០ឆ្នាំ មានខ្លះ៥ឆ្នាំ មានខ្លះ៣ឆ្នាំ ដែលធ្វើដំណើរនៅក្នងព្រះសហគមន៍ ដែលស្គាល់ព្រះសហគមន៍ ដោយសារមានមិត្តភក្កិ ដោយសារមានបងប្អូន។ នៅទីនេះ យើងមានមកពីព្រះសហគមន៍សំប៉ាន យើងមានគ្រួសារមួយទាំងឪពុកទាំងម្ដាយ ទាំងកូនបីនាក់ ដែលធ្វើដំណើររួមជាមួយគ្នា។ យើងមានបងប្អូនបង្កើតខ្លះៗដែរ ដែលធ្វើដំណើរជាមួយគ្នា យើងមានឪពុកម្ដាយខ្លះដែលទទួលពិធីជ្រមុជទឹកហើយ។ យើងចាប់ផ្ដើមដើរដូចបងប្អូនរបស់យើង ដើម្បីស្គាល់ព្រះយេស៊ូ ថ្ងៃដែលយើងទទួលពិធីជ្រមុជទឹកយើងដឹងថា នៅពេលនោះយើងបំពាក់ព្រះយេស៊ូសម្រាប់ចូលក្នុងជីវិតថ្មីនៅលើផែនដីនេះសិន។ ដោយសារ កុំឲ្យយើងគិតអំពីអនាគត យើងគិតពីជីវិតថ្មីនៅលើផែនដីនេះសិន ដែលណែនាំឲ្យយើងនឹកឃើញ “ព្រះបន្ទូលស្ថិតនៅក្បែរមាត់អ្នក និងនៅក្នុងចិត្តអ្នក”។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្ថិតនៅក្នុងមាត់របស់យើង និងនៅក្នុងដួងចិត្តរបស់យើង ប៉ុន្តែអ្វីដែលសំខាន់ គឺយើងមិនតែប្រកាសដោយបបូរមាត់របស់យើងនោះទេ “ខ្ញុំជឿលើព្រះជាម្ចាស់ អាម៉ែន ខ្ញុំឯកភាព ខ្ញុំដើរតាមព្រះជាម្ចាស់ អរព្រះគុណព្រះជាម្ចាស់ អាម៉ែនទៀតឡើយ”។ ប៉ុន្តែ សំខាន់គឺជំនឿដែលយើងមាននៅដួងចិត្តរបស់យើង និងជំនឿនេះជាអំណោយទានពិសេសដែលយើងទទួលពីព្រះជាម្ចាស់ ដើម្បីណែនាំឲ្យយើងទៅមុខនៅក្នុងជីវិត។ ដើម្បីណែនាំឲ្យយើងទៅជាមនុស្សសុចរិត ដែលអាចប្រកាសយ៉ាងពិតប្រាកដអស់ពីដួងចិត្ត អស់ពីស្មារតី អស់ពីជំនឿ ពិតមែនខ្ញុំស្រឡាញ់ព្រះជាម្ចាស់ ពិតមែនខ្ញុំស្រឡាញ់បងប្អូនឯទៀតៗ។ ដោយដឹងថា យើងមានព្រះអម្ចាស់តែមួយព្រះអង្គដែលស្រឡាញ់យើង ព្រះអម្ចាស់ដែលបានជ្រើសរើសយើង ព្រះអម្ចាស់ដែលថ្ងៃនេះនៅក្នុងព្រះសហគមន៍ ត្រាស់ហៅយើងយ៉ាងឱឡារិក ដើម្បីឱ្យយើងទៅជាបុត្រាបុត្រីរបស់ព្រះអម្ចាស់ ដើម្បីឲ្យយើងភ្ជាប់នៅក្នុងព្រះហឫទ័យស្រឡាញ់របស់ព្រះអម្ចាស់។
ថ្ងៃនេះ ខ្ញុំបានគូររូបបេះដូងរបស់យើងដែលជាសញ្ញានៃសេចក្ដីស្រឡាញ់ ដែលជាសញ្ញានៃជីវិតរបស់យើង ដែលជាសញ្ញានៃវិញ្ញាណរបស់យើង។ ប៉ុន្តែ បេះដូងរបស់យើងតូច តែបេះដូងរបស់ព្រះជាម្ចាស់ធំណាស់ ធំជាងពិភពលោកទាំងមូល ជាសេចក្ដីស្រឡាញ់ដែលគ្មានព្រំដែន។ ថ្ងៃនេះ យើងសប្បាយចិត្ត យើងត្រេកអរដូចព្រះនាងម៉ារី ព្រះនាងម៉ារីសប្បាយចិត្តដោយសារប៉ុន្មានខែទៀតនឹងទទួលព្រះយេស៊ូ។ នៅក្នុងខែមីនានេះថ្ងៃទី២៥ យើងធ្វើពិធីទេវទូតកាព្រីអែលប្រាប់ដំណឹងទៅព្រះនាងម៉ារី ព្រះនាងម៉ារីពោរពេញដោយអំណរសប្បាយ ចាប់ពីថ្ងៃដែលទទួលដំណឹងថាទៅជាមាតារបស់ព្រះជាម្ចាស់។ ថ្ងៃនេះ យើងពោរពេញដោយអំណរសប្បាយដោយដឹងថា ប៉ុន្មានថ្ងៃទៀតយើងទទួលជីវិតថ្មី លោកឪពុកក៏ពោរពេញដោយអំណរសប្បាយពិសេស។ បងស្រីបងប្រុស គ្រូអប់រំជំនឿ បងធម៌មានអំណរសប្បាយពិសេស ដោយសារដឹងថានៅក្នុង៥សប្ដាហ៍ខាងមុខនេះ យើងកើតកូនថ្មី។ ពេលលោកឪពុកធ្វើពិធីជ្រមុជទឹក ដោយព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ ហាក់បីដូចជាឆ្លងទន្លេនៅក្នុងព្រះសហគមន៍របស់យើង ព្រះសហគមន៍របស់យើងបង្កើតកូនថ្មី។
សព្វថ្ងៃ ប្អូនៗនៅក្នុងផ្ទៃពោះនៃព្រះសហគមន៍ នៅរាត្រីបុណ្យចម្លងយើងចេញពីផ្ទៃពោះនៃព្រះសហគមន៍ ដើម្បីកើតនៅលើផែនដីនេះ ដើម្បីរួមរស់នៅក្នុងជីវិតថ្មីដែលយើងទទួលពីព្រះជាម្ចាស់។ ទោះបីទទួលតែទឹកតិចតួចនៅលើក្បាលយើង យើងដឹងថានៅពេលនោះដូចជាយើងចេញពីផ្ទៃពោះនៃព្រះសហគមន៍ ដើម្បីកើតនៅលើផែនដីនេះ ដើម្បីរស់នៅជាមួយគ្រួសារថ្មីរបស់យើងដ៏ទូលំទូលាយ ដែលមានទាំងនៅក្នុងប្រទេសកម្ពុជា នៅក្នុងទ្វីបអាស៊ី និងនៅក្នុងពិភពលោកទាំងមូល។ ប៉ុន្តែ យើងដឹងហើយថាកូនង៉ែតពេលកើតពីម៉ែថ្មីៗ វាឈឺ វាយំ ដោយសារសួតរបស់វាធ្លាប់ជាប់នៅក្នុងទឹកបានទទួលដង្ហើមថ្មី បានទទួលជីវិតថ្មី។ ដូច្នេះ វាយំដោយសារដង្ហើមចូលពេញនៅក្នុងសួតរបស់វា។ សម្រាប់យើងក៏ដូចគ្នាដែរ នៅពេលយប់ដែលយើងទទួលពិធីជ្រមុជទឹក យើងស្រែកប៉ុន្តែមិនមែនស្រែកយំដោយសារយើងសោកស្ដាយ ឬដោយសារយើងកំសត់ យើងស្រែកយំដោយសារយើងទទួលដង្ហើមថ្មី ជីវិតថ្មី ដែលចូលទៅក្នុងខ្លួនរបស់យើង ចូលនៅក្នុងវិញ្ញាណយើង ចូលទៅក្នុងបេះដូងយើង គឺសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ផ្ទាល់ គឺជាមហាគ្រួសារធំដែលយើងទទួលនៅក្នុងព្រះសហគមន៍ ជាមួយបងប្អូនរបស់យើង នេះជាអំណរសប្បាយដែលយើងទទួល។
ថ្ងៃនេះ យើងឃើញព្រះយេស៊ូបានទទួលការល្បួង ការល្បួងរបស់ព្រះយេស៊ូគឺជាការល្បួងរបស់យើងដែរ។ ព្រះយេស៊ូដែលកំពុងតមអាហារនៅក្នុងវាលរហោស្ថាន មារសាតាំងធ្វើឱ្យព្រះយេស៊ូមើលឃើញនំបុ័ង ព្រោះនៅពេលយើងឃ្លានយើងតែងតែចង់ហូប ប៉ុន្តែព្រះយេស៊ូថាកុំល្បួងព្រះជាម្ចាស់។ ក្រោយមក មារសាតាំងនៅតែបន្តល្បួងព្រះយេស៊ូ តែព្រះអង្គមិនចាញ់ការល្បួងរបស់មារសាតាំងឡើង។ សម្រាប់យើងជាគ្រីស្តបរិស័ទ យើងទីពឹងលើព្រះជាម្ចាស់ ដោយដឹងថាទ្រព្យសម្បត្តិនៅលោកិយ៍នេះមិនអាចមានសេចក្ដីសុខ ដូចនៅស្ថានបរមសុខបានឡើយ។ ព្រះយេស៊ូនៅវាលរហោស្ថានអប់រំយើង កុំឲ្យយើងមានចិត្តលោភលន់ កុំជាប់ជាមួយលោកិយ៍ ចិត្តលោភលន់ណែនាំឱ្យយើងច្រណែន ណែនាំឲ្យយើងរករឿងគេ ណែនាំឲ្យយើងមានចិត្តអាត្មានិយម។ ដោយសារ យើងចង់មានសម្រាប់យើង ហើយយើងភ្លេចបងប្អូនឯទៀតៗ។
នៅពេលនេះ យើងចូលនៅក្នុងពិភពថ្មីជាពិភពរបស់ព្រះជាម្ចាស់ ប៉ុន្តែជាពិភពរបស់ព្រះជាម្ចាស់ដែលស្ថិតនៅលើផែនដីនេះ។ យើងជាគ្រីស្តបរិស័ទ យើងរស់នៅលើលោកីយ៍នេះ ដើម្បីមានគោលដៅចូលស្ថានបុរមសុខ។ ហេតុនេះហើយ ចាប់ពីពេលនេះតទៅ ឥឡូវនេះមិនមែនថ្ងៃស្អែកមិនមែនខានស្អែក ឥឡូវនេះយើងចាប់ផ្ដើមអធិដ្ឋានដើម្បីភ្ជាប់ជាមួយព្រះជាម្ចាស់ និងបម្រើនៅក្នុងសេចក្ដីស្រឡាញ់ដល់បងប្អូនឯទៀតៗជានិច្ច។ ដូចព្រះយេស៊ូមានព្រះបន្ទូលថា “ខ្ញុំមានវិន័យតែមួយ សូមស្រឡាញ់គ្នាទៅវិញទៅមកដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ សូមលាងជើងឲ្យគ្នាទៅវិញទៅមក ដូចខ្ញុំបានលាងជើងដល់បងប្អូន”។ ស្រឡាញ់ដោយបបូរមាត់ស្រួលណាស់ ខ្ញុំស្រឡាញ់ឯង ខ្ញុំស្រឡាញ់គេ ប៉ុន្តនៅក្នុងចិត្តស្អប់ចង់ងាប់ នៅមុខគេយើងញញឹមស្អាតណាស់ ប្រើពាក្យផ្អែមៗ នៅពេលគេទៅហើយយើងជេរគេ និយាយដើមគេ។ បបូរមាត់របស់យើងអាចមានអំពើល្អនិងអំពើអាក្រក់ ប៉ុន្តែសំខាន់គឺដួងចិត្តរបស់យើង ដូច្នេះពេលយើងថាយើងស្រឡាញ់ឲ្យយើងមើលយ៉ាងជាក់ស្បែង។
ជាមូលហេតុ នៅពេលព្រះយេស៊ូឲ្យវិន័យចុងក្រោយ នៅពេលព្រះយេស៊ូបានលាងជើងដល់ក្រុមគ្រីសុ្តទូត។ មុនព្រះយេស៊ូប្រកាសវិន័យ សូមស្រឡាញ់គ្នាទៅវិញទៅមក ព្រះយេស៊ូបានលាងជើងយ៉ាងជាក់ស្ដែង បានបម្រើគេយ៉ាងជាក់ស្ដែង។ កុំឲ្យសេចក្ដីស្រឡាញ់របស់យើង ចេញតែពីបបូរមាត់របស់យើង ប៉ុន្តែអត់មានអ្វីសោះនៅក្នុងដួងចិត្ត។ ផ្ទុយទៅវិញ សម្រាប់យើងដែលជាគ្រីស្តបរិស័ទ បងប្អូនដែលបន្តិចទៀតទៅជាគ្រីស្តបរិស័ទ ជាមនុស្សថ្មី យើងចូលទៅក្នុងជីវិតថ្មីរបស់ព្រះជាម្ចាស់ ណែនាំឲ្យយើងបម្រើនៅក្នុងសេចក្ដីស្រឡាញ់ ណែនាំឱ្យយើងភ្ជាប់ជាមួយបងប្អូនឯទៀតៗ។ ប៉ុន្តែ ប្រភពនៃសេចក្ដីស្រឡាញ់គឺព្រះយេស៊ូ គឺព្រះជាម្ចាស់ដែលជាសេចក្ដីស្រឡាញ់ដ៏ធំធេង។ ដូច្នេះ ប្រសិនបើយើងអត់មានប្រភពដើម្បីដឹកនាំយើង យើងស្រឡាញ់ដូចម្តេចបាន។ ហេតុនេះហើយ អធិដ្ឋាននិងបម្រើនៅក្នុងសេចក្ដីស្រឡាញ់ ធ្វើដំណើរជាមួយគ្នាជានិច្ច។
បងប្អូនជាទីស្រឡាញ់ យើងអរព្រះគុណព្រះជាម្ចាស់សម្រាប់ជីវិតថ្មីដែលយើងត្រៀមទទួលនៅខាងមុខនេះ។ ខ្ញុំផ្ទាល់អរព្រះគុណព្រះជាម្ចាស់ សម្រាប់ព្រះសហគមន៍របស់យើងដែលមានជីវិត ទោះបីយើងបានជាប់ជាមួយកូវីដ-១៩។ អរគុណដល់លោកឪពុក ដែលបានថែរក្សាហ្វូងចៀម ថែរក្សាកូនចៅឲ្យមានជីវិត ឲ្យជួបជុំគ្នាថ្ងៃនេះបាន។ អរគុណដល់លោកគ្រូអ្នកគ្រូអប់រំជំនឿ ដល់បងធម៌ ដែលបានថែរក្សាព្រះសហគមន៍របស់យើងឲ្យមានជីវិត។ ទោះបី កាលៈទេសៈ ស្ថានភាព ណែនាំឲ្យជួនកាលយើងចង់គាំង ប៉ុន្តែយើងអត់បានគាំងទេ ដោយសារក្នុងព្រះវិញ្ញាណដ៏វិសុទ្ធយើងមិនអាចគាំងបានទេ។ ដូច្នេះ ថ្ងៃនេះពិតមែនយើងត្រេកអរ អំណរដែលមកពីព្រះជាម្ចាស់ យើងអរព្រះគុណព្រះជាម្ចាស់អស់ពីដួងចិត្ត។ ដោយសារ ព្រះអង្គបានណែនាំឲ្យយើងទាំងអស់គ្នាទូលអង្វរព្រះអង្គ នៅក្នុងព្រះនាមព្រះអង្គ ឲ្យយើងទទួលការសង្រ្គោះ។ អាម៉េន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ