ព្រះសហគមន៍ចែកទាន​និង​អញ្ជើញអ្នកក្រីក្រ​ហូបអាហារ

ព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹង​ទំពុន នារាជធានីភ្នំពេញ​បាន​ចែក​ទាន​និង​អញ្ជើញ​អ្នកក្រីក្រចំនួន​២០០គ្រួសារ​ពិសារ​អាហារ​ជុំ​គ្នា។​

«ខ្ញុំពិតជារំភើបខ្លាំង មិនដឹងរកពាក្យអ្វីមកនិយាយ។ ខ្ញុំក្ដុកក្ដួលខ្លាំង ព្រោះខ្ញុំជាគ្រួសារដែលមានជីវភាពលំបាក។ ខ្ញុំមានតែពាក្យថា អរគុណខ្លាំងណាស់ចំពោះព្រះសហគមន៍ដែលបានចែកទាននេះមកកាន់គ្រួសារក្រីក្រដូចជាខ្ញុំ។» នេះ​សម្តី​របស់​​អ្នកស្រី​ សាម សុខា អាយុ៤២ឆ្នាំ ដែល​បាន​រៀបរាប់ទាំងទឹកភ្នែក ក្នុងកម្មវិធី​ផ្តល់​ទាន​របស់​ព្រះសហគមន៍​កាតូលិក​ជូន​ដល់​គ្រួសារ​ក្រីក្រ​ក្នុង​អំឡុង​ពេល​បុណ្យព្រះយេស៊ូ​ប្រសូត​ក្នុង​ឆ្នាំនេះ។

អ្នកស្រី​សុខា បន្ថែមថា «ថ្ងៃនេះខ្ញុំបានមកចូលរួមហូបអាហារដ៏ឆ្ងាញ់ ដូចអាហារនៅរោងការដែលរូបខ្ញុំរួមទាំងបងប្អូនទាំងអស់មិនមានលទ្ធភាពអាចហូបបាន។»​

អ្នកស្រី​សុខា​ ជា​អ្នកទទួល​អំណោយ​ម្នាក់​ក្នុង​ចំណោម​២០០គ្រួសារ​ដែល​ព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹង​ទំពុន​ ស្ថិត​ក្នុងរាជធានីភ្នំពេញ​បាន​ចែក​ទានក្នុង​ឱកាស​បុណ្យព្រះយេស៊ូប្រសូត ​កាលពី​ថ្ងៃទី​១១ខែធ្នូ កន្លងទៅ​ ដោយ​មាន​ទាំង​អាហារ​ជប់លៀង​មួយពេល​ផងដែរ​។

អ្នកស្រី​ ព្រុំ សុខនី មានអាយុ ៤៥ឆ្នាំ​ជាអ្នកផ្ទុកមេរោគអេដស៍ រស់នៅ​សង្កាត់​បឹងទំពុនក្នុង​រាជធានីភ្នំពេញ​បាននិយាយ​ថា គាត់​សូម​អរគុណ​ដល់​ព្រះសហគមន៍​ដែលបាន​យកចិត្តទុកដាក់​ដល់​អ្នក​ខ្វះខាត​ដូចជា​រូប​គាត់។  

«ផ្ដល់ឱកាសអោយអ្នកក្រីក្រដូចខ្ញុំបានហូបអាហារដូចគេរៀបការជាលើកទី២នេះ ខ្ញុំពិតជាសប្បាយចិត្តណាស់ ហើយក៏សូមអរគុណដល់ព្រះសហគមន៍ធំៗដែលតែងតែជួយ​ដល់​រូបខ្ញុំនិងគ្រួសារក្រីក្រទាំងអស់ជារៀងរាល់ខែ។» អ្នកស្រី​សុខនី​ បាន​បន្ថែម​។

អ្នកស្រី​សុខនី ស្ថិត​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​ចំនួន​២៥​គ្រួសារ​ ដែល​បាន​ទទួល​ប្រាក់ឧបត្ថម្ភ​​ជារៀង​រាល់​ខែពីព្រះសហគមន៍​​ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំ​របស់​ពួកគាត់។ នេះ​បើ​តាម​ការ​រៀបរាប់​របស់​អ្នក​ស្រីងួន ផល្លា​គណៈកម្មការសង្គហៈនៃព្រះវិ​ហារព្រះកុមារយេស៊ូ​បឹងទំពុន ក្នុង​អំឡុង​ពេល​រៀបចំ​កម្មវិធី​។

អ្នក​ចូលរួម​ទទួល​អំណោយ​ទាំង២០០គ្រួសារ​ មកពី​ស្ទឹងមានជ័យ ចាក់អង្រែក្រោម បឹងត្របែកនិងបឹងទំពុន ដែល​ភាគច្រើន​ពួកគាត់​ជា​អ្នក​មាន​ជីវភាព​ខ្វះខាត មាន​ជំងឺ​ប្រចាំ​កាយ និង​ជា​អ្នក​រើស​អេតចាយ។

តាម​ប្រសាសន៍​របស់​ ​ អ្នកស្រី ងួន ផល្លា ឲ្យដឹងថា​ កម្មវិធី​ថ្ងៃនេះ ​បាន​​ចូលរួមពី​គ្រីស្ត​បរិស័ទ​មួយ​ភាគ ទោះបី​ជា​មិន​មែន​ជា​អ្នក​មាន​​ធនធាន​ច្រើន ប៉ុន្តែ​ពួកគាត់​​បាន​ចែក​រំលែក​ទ្រព្យសម្បត្តិ​និង​ក្តីស្រឡាញ់​របស់​ខ្លួន​សម្រាប់​អ្នកក្រីក្រ​ខ្វះខាត។

អ្នកស្រីបាន​បញ្ជាក់ថា ក្នុង​កម្មវិធី​ក៏​មាន​ជំនួយ​មួយ​ផ្នែក​ពី​ខាង​ពុទ្ធ​បរិស័ទនូវ​អង្ករ​២​បេ ​និង​ព្រះសង្ឃ​ខាង​ពុទ្ធ​សាសនាមាន​អង្ករ​៥​បេ ទឹកក្រូច៥កេះ និងមីចំនួន៥កេះ ​ផងដែរ។

«យើងក៏បានចូលរួមក្នុងគម្រោងការណ៍របស់ព្រះយេស៊ូគ្រីស្តដែលដាក់ខ្លួនជាអ្នកក្រីក្រ ហើយយើងបាន(អ្នកក្រីក្រ)​ចូលរួមក្នុងថ្ងៃនេះទាំងអស់គ្នាចំនួន២០០គ្រួសារ។» អ្នកស្រី​ផល្លា​បន្ថែម។

​ក្នុង​កម្មវិធី​ថ្ងៃនោះដែរ បាន​អញ្ជើញ​គ្រួសារ​ក្រីក្រ​ដែលមាន​វត្ត​មាន​ទាំងអស់​ ចូលរួម​ក្នុង​ពិធីអភិបូជា​ផងដែរ ក្រោម​អធិបតីភាព​របស់​​​​លោកអូលីវីយ៉េ​ ជ្មីតហស្លេ​ ជា​អភិបាល​ព្រះសហគមន៍កាតូលិកភូមិភាគ​ភ្នំពេញ​។

លោកអភិបាល​មាន​ប្រសាសន៍​ទៅកាន់​អ្នក​ចូលរួម​និង​គ្រីស្ត​បរិស័ទ​ទាំងអស់​ថា​ «ថ្ងៃនេះគឺយើងអរព្រះគុណព្រះជាម្ចាស់ដែលបាន​ហៅយើង​អោយ​​មកជួបជុំគ្នាដើម្បីកសាងព្រះរាជ្យរបស់ព្រះជាម្ចាស់។»

ព្រះរាជ្យព្រះជាម្ចាស់​មក​ដល់​នៅពេល​ដែល​«ដួងចិត្តរបស់យើង បេះដូងរបស់យើងពេញ(ដោយ)សេចក្ដីស្រលាញ់។ នៅពេលវាពេញអស់ហើយ វាចាប់ផ្ដើមហៀរចេញពីខ្លួនយើង ដើម្បីអោយព្រះអំណោយទានរបស់ព្រះជាម្ចាស់ទៅជាសេចក្ដីសង្ឃឹមសម្រាប់បងប្អូនយ៉ាងច្រើន។» លោក​អភិបាល​បញ្ជាក់។

លោកអភិបាលបន្តថា នៅថ្ងៃនេះព្រះសហគមន៍ព្រះកុមារយេស៊ូបឹងទំពុនបានអញ្ជើញបងប្អូន​ដែល​កំពុង​រងទុក្ខលំបាកយ៉ាងច្រើន​គ្រួសារដើម្បីជប់លៀងរួមជាមួយគ្នា ដូចជាចូលនៅក្នុងពិធីមង្គលការ​មួយដ៏អស្ចារ្យមួយ។ ដូចថ្ងៃនេះ ព្រះរាជរបស់ព្រះជាម្ចាស់កំពុងយាងមក និងឲ្យបងប្អូនបានភ្លេចទុក្ខរបស់​ពួកគេ​មួយរយៈ។

លោកបន្ថែម​ថា នៅពេលដែលយើងខិតខំប្រមូលកម្លាំងដែល​យើងមាន ​​យើងអាចកែប្រែទុក្ខលំបាកទៅជាសេចក្ដីសង្ឃឹម ការឈឺចាប់ទៅ​ជា​កម្លាំងថ្មីមួយ ដូច្នេះសុំអញ្ជើញបងប្អូនទាំងអស់ក្នុងពេលវេលាដ៏ខ្លីនេះ អោយគិត​ពិចារណា​ថា ត្រូវធ្វើ​ដូចម្ដេចដើម្បីអោយទុក្ខលំបាក​ទៅជាសន្តិភាពពិតៗ ឲ្យ​ជីវិតរក​ឃើញ​ពន្លឺ​នៅក្នុងព្រះយេស៊ូគ្រីស្តដែលកំពុងយាងមកក្នុងជីវិត​របស់​ខ្លួន។

រំលឹក​ទៅកាន់​គ្រីស្ត​បរិស័ទ​ លោកអភិបាល​សង្កត់​ធ្ងន់ថា នៅពេលចេញពីព្រះវិ​ហារ យើង​ត្រូវ​​សម្រេចចិត្ត​ធ្វើអំពើល្អមួយនៅក្នុងរដូវរង់ចាំ ហើយ​ត្រូវ​អនុវត្ត​ដើម្បី​យើងអាចបង្កើតផលផ្លែបានយ៉ាងច្រើន។ ថ្ងៃនេះជាផលផ្លែមួយក្នុងព្រះសហគមន៍ ផលផ្លែរបស់គណៈកម្មការ ផលផ្លែនៃគ្រីស្តបរិស័ទដែលបានអញ្ជើញបងប្អូន​ចូលរួមដើម្បីជប់លៀង​ជាមួយគ្នាយ៉ាងឱឡារិកបំផុត។

អ្នកស្រី​ សាង ​ម៉ារីយ៉ា​ ជាអ្នកទទួល​អំណោយ​ម្នាក់​ដែរនោះ បាននិយាយថា «ពួកខ្ញុំគ្មានអ្វីក្រៅពីពាក្យអរគុណណាស់ ចំពោះព្រះសហគមន៍ក៏ដូចជាលោកបូជាចារ្យដែលបានចែករំលែកសេចក្ដីស្រលាញ់មកដល់ពួកខ្ញុំ។»

មិន​សូវ​ខុស​គ្នា​ពី​អ្នកស្រី​សាង ម៉ារីយ៉ា​ទេ លោក ហង្ស សារឹម មានអាយុ៧៤ឆ្នាំ ប្រាប់ដែរថា លោក​គ្មានពាក្យអ្វីក្រៅពី​ ​អរគុណនោះទេ ​ព្រោះអំណោយដែលទទួលបានទោះបីជាមិនច្រើន ​ប៉ុន្តែអាចអោយគ្រួសាររបស់​លោក​បរិភោគបានមួយគ្រាផងដែរ៕

ចាន់​ ម៉ានុត

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email