អភិបូជាសម្រាប់ក្រុមព្រះបេះដូងព្រះយេស៊ូប្រកាសពាក្យសច្ចាប្រចាំឆ្នាំ
នៅព្រះសហគមន៍សន្តយ៉ូសែប ស្អាង
ទន្លេបាសាក់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣
បងប្អូនជាទីស្រឡាញ់
ថ្ងៃនេះ នៅក្នុងអត្ថបទគម្ពីរដំណឹងល្អក៏ដូចជានៅក្នុងអត្ថបទទី១និងអត្ថបទទី២ គឺពិតជាស៊ីជម្រៅសម្រាប់ក្រុមបេះដូងព្រះយេស៊ូដែលត្រៀមដើម្បីប្រកាសពាក្យសច្ចាសាជាថ្មី។ ពាក្យសច្ចា មានចិត្តស្មោះចំពោះព្រះជាម្ចាស់និងព្រះសហគមន៍ មានចិត្តអធិដ្ឋាន មានចិត្តបម្រើអ្នកក្រីក្រយ៉ាងពិសេស នេះជាអ្វីដែលបន្តិចទៀតបងប្អូននឹងប្រកាស។
នៅពេលយើងស្តាប់អត្ថបទទី១ យើងបានស្តាប់ថា “ប្រសិនបើកូនមានបំណងប្រតិបត្តិតាមវិន័យរបស់ព្រះអម្ចាស់ នោះកូនមុខជាប្រតិបត្តិតាមបាន កូនអាចស្មោះត្រង់នឹងព្រះអង្គបានតាមការសម្រេចចិត្តរបស់កូន ព្រះអង្គដាក់ទឹកនិងភ្លើងនៅមុខកូន កូនអាចលូកដៃជ្រើសរើសយកមួយណាក៏បាន តាមចិត្តកូនប្រាថ្នា”។ អំបាញ់មិញ នៅពេលយើងស្តាប់របាយការណ៍ពីមុនយើងមានសមាជិកក្រុមព្រះបេះដូងព្រះយេស៊ូចំនួន៤០០នាក់ ប៉ុន្តែសព្វថ្ងៃនៅសល់តែ២៤១នាក់ មានន័យថាយើងបានសម្រេចចិត្តតាមប្រាថ្នាចង់បាន។ ដូចព្រះជាម្ចាស់បានបំភ្លឺយើងនៅក្នុងអត្ថបទទី១ ជីវិតរបស់យើងមានសេរីភាព ដើម្បីជ្រើសរើសដើរតាមផ្លូវដែលយើងចង់បាន។
បងប្អូនជាទីស្រឡាញ់ ប៉ុន្មានថ្ងៃកន្លងមកយើងបានស្តាប់នៅក្នុងអត្ថបទទី១ក្នុងអភិបូជាប្រចាំថ្ងៃ អំពីកំណើតពិភពលោក។ កំពូលនៃកំណើតពិភពលោកគឺ ព្រះជាម្ចាស់បានបង្កើតបុរសនិងស្ត្រី នៅពេលនោះព្រះជាម្ចាស់បានដាក់ពួកគេនៅក្នុងសួនអេដេន។ នៅក្នុងសួនអេដេនមានដើមឈើ២ប្រភេទ មានដើមឈើមួយដែលណែនាំឱ្យយើងដឹងអំពីអ្វីដែលអាក្រក់និងអំពីអ្វីដែលល្អ និងមានដើមឈើមួយទៀតដែលណែនាំឱ្យយើងមានជីវិតអស់កល្បជានិច្ច។ ព្រះជាម្ចាស់បានហាមអាដាំនិងអេវ៉ា មិនឱ្យបរិភោគផ្លែដែលដឹងអំពីអ្វីដែលល្អនិងអ្វីដែលអាក្រក់។ ប៉ុន្តែ ដោយសារអេវ៉ាបានចាញ់ការល្បួង និងអាដាំបានធ្វើតាម ដូច្នេះទាំងពីរនាក់បានបរិភោគផ្លែឈើហ្នឹង។ តើបងប្អូនដឹងថា មូលហេតុអ្វីព្រះជាម្ចាស់បានហាមបរិភោគផ្លែឈើដឹងខុសដឹងត្រូវនេះឬទេ? គឺដោយសារព្រះជាម្ចាស់ស្គាល់ចិត្តមនុស្ស ព្រះជាម្ចាស់បានបង្កើតយើង ព្រះអង្គដឹងនិងស្គាល់យើងយ៉ាងច្បាស់។ ប្រសិនបើយើងមានសេរីភាពដើម្បីជ្រើសរើសផ្លូវល្អ និងផ្លូវមិនល្អ មានមនុស្សខ្លះគេដើរតាមផ្លូវល្អ មានមនុស្សខ្លះគេដើរតាមផ្លូវអាក្រក់ ណែនាំឱ្យចាប់ផ្តើមមានបញ្ហានៅក្នុងពិភពលោកទាំងមូល។
នេះជាអ្វីដែលបានកើតឡើង ពេលយើងមើលប្រវត្តិសាស្ត្រនៃមនុស្សយើង ពីសម័យដើមរហូតដល់សម័យបច្ចុប្បន្ននេះ នៅក្នុងសង្គមណាក៏ដោយ អ្នកកាន់សាសនាណាក៏ដោយ នៅតែមានមនុស្សខ្លះគេដើរតាមផ្លូវដ៏ល្អប្រសើរសម្រាប់ផ្ទាល់ខ្លួន និងសម្រាប់បងប្អូនឯទៀតៗ និងមានមនុស្សខ្លះដើរតាមផ្លូវអាក្រក់ តាមចិត្តប្រាថ្នាចង់បាន។
ថ្ងៃនេះ បងប្អូនបានសម្រេចចិត្តដើម្បីប្រកាសពាក្យសច្ចាធ្វើជាអ្នកដែលមានចិត្តស្មោះត្រង់ចំពោះព្រះបេះដូងរបស់ព្រះជាម្ចាស់។ ដែលចង់បម្រើបងប្អូនឯទៀតៗអស់ពីសមត្ថភាព ដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដល់អ្នកដទៃ។ ដែលយកចិត្តទុកដាក់អធិដ្ឋាន និងស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីឱ្យព្រះជាម្ចាស់គង់នៅជាមួយយើង ឱ្យយើងមានកម្លាំង ដើម្បីបម្រើអ្នកដទៃ បម្រើក្រុមគ្រួសាររបស់យើង និងបម្រើព្រះសហគមន៍។ ថ្ងៃនេះ យើងបានសម្រេចចិត្តយកទឹកដ៏ត្រជាក់ដែលព្រះជាម្ចាស់ប្រទាន ទឹកដ៏មានជីវិតដើម្បីឱ្យយើងរស់នៅដោយសារដង្ហើមរបស់ព្រះជាម្ចាស់ ដោយសារសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ដោយសារកម្លាំងដែលមកពីព្រះជាម្ចាស់ផ្ទាល់។ ប្រសិនបើ យើងជ្រើសរើសភ្លើងអាចធ្វើឱ្យយើងឆេះបាន ភ្លើងនៃនរក ភ្លើងដែលណែនាំឱ្យយើងបាត់បង់អ្វីៗទាំងអស់ ដែលសំខាន់បំផុតនៅក្នុងជីវិតរបស់យើង គឺសេចក្តីស្រឡាញ់ សេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ និងសេចក្តីស្រឡាញ់ចំពោះបងប្អូនឯទៀតៗ។
បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះជាពេលវេលាដើម្បីពិចារណា តើយើងត្រូវជ្រើសរើសអ្វីខ្លះ? មិនមែនតែក្រុមព្រះបេះដូងព្រះយេស៊ូទេ គឺសម្រាប់យើងទាំងអស់ដែលជាលោកអភិបាល ដែលជាលោកបូជាចារ្យ ដែលជាគ្រូគង្វាល ដែលជាបងប្រុសបងស្រី ដែលជាគ្រីស្តបរិស័ទនៅក្នុងភូមិភាគភ្នំពេញយើង។ តើយើងជ្រើសរើសប្រាជ្ញារបស់ព្រះជាម្ចាស់ ឬប្រាជ្ញារបស់មនុស្សលោក? នៅថ្ងៃនេះយើងបានស្តាប់អត្ថបទទី២យ៉ាងច្បាស់គឺ “ប្រាជ្ញាម្យ៉ាងដែរ តែមិនមែនជាប្រាជ្ញារបស់មនុស្សលោក គឺជាប្រាជ្ញារបស់អ្នកគ្រប់គ្រងមនុស្សលោកនោះទេ ពួកគេនឹងត្រូវបាត់អំណាចជាមិនខាន យើងនិយាយអំពីប្រាជ្ញារបស់ព្រះជាម្ចាស់ ដែលព្រះអង្គបង្គាប់ទុកតាមគម្រោងការដ៏លាក់កំបាំងរបស់ព្រះអង្គ គឺព្រះអង្គបានគ្រោងទុកប្រាជ្ញានេះតាំងពីមុនកំណើតពិភពលោកមកម្ល៉េះ ដើម្បីប្រទានសិរីរុងរឿងមកយើងដែរ”។ នេះជាអ្វីដែលយើងចង់បាន យើងចង់ដើរតាមប្រាជ្ញារបស់ព្រះជាម្ចាស់ផ្ទាល់ មិនមែនតាមប្រាជ្ញារបស់មនុស្សលោកទេ។ ប្រាជ្ញារបស់មនុស្សដែលមានអំណាចដែលចង់បង្ហាញថាគេចេះ គេដឹង គេអាចដឹកនាំប្រទេសបាន គេដឹកនាំពិភពលោកបាន យើងទាំងអស់ត្រូវការធ្វើតាម។ ប៉ុន្តែ យូរៗទៅប្រាជ្ញាតាមលោកីយត្រូវការសាបសូន្យ ទៅជាប្រាជ្ញាដែលបាត់បង់អ្វីៗទាំងអស់ជាមិនខាន។
បងប្អូនជាទីស្រឡាញ់ យើងមានសំណាងដោយសារព្រះជាម្ចាស់បានជ្រើសរើសយើងឱ្យទៅជាបុត្រាបុត្រីរបស់ព្រះអង្គ។ យើងមានសំណាង ដោយសារព្រះជាម្ចាស់បានណែនាំនៅក្នុងពិធីជ្រមុជទឹក ឱ្យយើងភ្ជាប់ជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ។ យើងមានសំណាង ដោយសារយើងបានទទួលអគ្គសញ្ញាលាបថ្ងាស ដែលជាព្រះវិញ្ញាណដ៏វិសុទ្ធដ៏ពេញលក្ខណៈរបស់ព្រះជាម្ចាស់ ដើម្បីដឹងអ្វីដែលល្អ អ្វីដែលមិនល្អ ដើម្បីទទួលខុសត្រូវ ដើម្បីមានប្រាជ្ញាឈ្លាងវៃ ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់កាលៈទេសៈនៃជីវិតរបស់យើង។ នេះជាលក្ខណៈរបស់យើងជាគ្រីស្តបរិស័ទ យើងជាគ្រីស្តបរិស័ទដែលភ្ជាប់នឹងព្រះវិញ្ញាណដ៏វិសុទ្ធ។ អាទិត្យមុន ពេលខ្ញុំបានធ្វើអគ្គសញ្ញាលាបថ្ងាសឱ្យ២៤នាក់នៅអរិយក្សត្រ ខ្ញុំបានរំលឹក “ខ្ញុំដៅដោយព្រះវិញ្ញាណដ៏វិសុទ្ធដែលជាព្រះអំណោយទានរបស់ព្រះជាម្ចាស់”។
សម្រាប់យើងជាគ្រីស្តបរិស័ទ យើងបានទទួលអំណោយទាននេះ ជាអំណោយទានដែលចូលយ៉ាងជ្រៅនៅក្នុងជីវិតរបស់យើង ដើម្បីដឹកនាំចិត្តគំនិតនិងបំណងប្រាថ្នារបស់យើងយ៉ាងត្រឹមត្រូវ។ កុំឱ្យយើងវង្វេងភ្នែកជាមួយលោកីយ វង្វេងជាមួយមនុស្សដែលថាខ្លួនមានអំណាច គេដឹងអ្វីដែលល្អសម្រាប់យើង វង្វេងជាមនុស្សដែលចង់គ្រប់គ្រងយើងនៅគ្រប់កាលៈទេសៈនៃជីវិតរបស់យើង។ បងប្អូនជាទីស្រឡាញ់ យើងជាកូនរបស់ព្រះជាម្ចាស់ ដោយនាមជាកូនរបស់ព្រះជាម្ចាស់យើងមានសិទ្ធិសេរីភាព ដើម្បីប្រឆាំងនឹងអ្វីដែលយើងមិនពេញចិត្ត។ កុំឱ្យយើងភ្លេច ព្រះយេស៊ូយាងមកដើម្បីបំពេញធម៌វិន័យដ៏ពេញលក្ខណៈ នេះជាអត្ថបទគម្ពីរដំណឹងល្អដែលយើងស្តាប់ថ្ងៃនេះ។ ប៉ុន្តែ បំពេញធម៌វិន័យដ៏ពេញលក្ខណៈ មិនមែនដើម្បីណែនាំឱ្យមនុស្សយើងទៅជាមនុស្សដែលខ្វាក់ មើលមិនឃើញ ជាមនុស្សពិការដើរមិនរួច ជាមនុស្សថ្លង់ស្តាប់មិនលឺ នោះទេ។ ផ្ទុយទៅវិញ ដើម្បីឱ្យយើងទៅជាមនុស្សដែលមើលឃើញយ៉ាងច្បាស់ ឆ្វេងយល់យ៉ាងច្បាស់ ជាមនុស្សដែលស្តាប់លឺ។ ជាមនុស្សដែលមានដួងចិត្តយ៉ាងពិសេស ដើម្បីចូលយ៉ាងជ្រៅនៅក្នុងគម្រោងការនៃជីវិតដែលព្រះជាម្ចាស់បានរៀបចំសម្រាប់យើង ដើម្បីឱ្យយើងមានសិទ្ធិសេរីភាព ដើម្បីឱ្យយើងជ្រើសរើសផ្លូវដ៏ល្អប្រសើរ។ នៅពេលព្រះយេស៊ូបំពេញធម៌វិន័យដ៏ពេញលក្ខណៈគឺ ស្រឡាញ់គ្នាទៅវិញទៅមកដូចព្រះយេស៊ូបានស្រឡាញ់យើង។ ដូច្នេះ យើងឥតមានអ្វីផ្សេងទេ យើងមិនមែនទៅជាអ្នកដែលបម្រើវិន័យ គឺវិន័យបម្រើយើង វិន័យណែនាំឱ្យយើងដើរតាមផ្លូវយ៉ាងត្រឹមត្រូវ ណែនាំឱ្យយើងដើរតាមព្រះជាម្ចាស់ ដោយសារមានតែព្រះជាម្ចាស់ទេដែលធ្វើឱ្យយើងមានជីវិត ជីវិតដ៏ពេញលក្ខណៈ។
ដើមឈើទី២ ដែលព្រះជាម្ចាស់ហាមមិនឱ្យបរិភោគផ្លែវាជាដាច់ខាត គឺដើម្បីនៃជីវិតអស់កល្បជានិច្ច ដោយសារព្រះជាម្ចាស់មិនចង់ឱ្យយើងមានជីវិតអស់កល្បជានិច្ចដូចព្រះអង្គទេ។ យើងមិនមែនជាព្រះជាម្ចាស់ យើងជាមនុស្សដែលខិតខំដើរដោយភាពទន់ខ្សោយរបស់យើង ប៉ុន្តែយើងអាចដើរបាន។ ពីម្សិលមិញ ខ្ញុំបានប្រជុំជាមួយតំណាងយុវជនយុវនារីដែលត្រៀមខ្លួនទៅចូលរួមទិវាយុវជនពិភពលោកឆ្នាំ២០២៣ នៅប្រទេសប៉ទុយហ្គាល់។ យើងមាន៤៥នាក់ ដែលកំពុងរិះគិតពិចារណាយើងជាគ្រីស្តបរិស័ទ យើងជាកូនរបស់ព្រះជាម្ចាស់ យើងយកព្រះនាងម៉ារីជាគម្រូ ដើម្បីឈរឡើង ដើម្បីប្រញាប់ប្រញាល់ទៅប្រកាសដំណឹងល្អ។ ដូចពីដើមរៀងមក នៅពេលព្រះនាងម៉ារីបានទទួលដឹងធ្វើជាមាតារបស់ព្រះជាម្ចាស់ ព្រះនាងម៉ារីបានប្រញាប់ប្រញាល់ទៅចែកអំណរសប្បាយនេះទៅយាយអេលីសាប៊ិត និងដើម្បីបម្រើយាយអេលីសាប៊ិតទៀត។
ដូច្នេះ នេះជាតួនាទីរបស់យើងនៅក្នុងពិភពលោកនេះ កុំឱ្យយើងចាញ់លោកីយ កុំឱ្យយើងចាញ់អំណាចដែលដឹកនាំនិងគ្រប់គ្រងយើង ដែលណែនាំឱ្យយើងបាត់បង់សេរីភាព។ ឱ្យយើងទៅជាគ្រីស្តបរិស័ទ ជាបរិស័ទរបស់ព្រះយេស៊ូគ្រីស្តពោរពេញដោយសិទ្ធិសេរីភាព ដើម្បីដើរតាមផ្លូវដ៏ល្អប្រសើរ ដើម្បីកសាងជីវិតយើង កសាងគ្រួសារយើង កសាងព្រះសហគមន៍របស់យើង កសាងសង្គមថ្មីដែលយើងកំពុងទន្ទឹងរង់ចាំ។ ព្រះនាងម៉ារីជាគម្រូសម្រាប់យើងជាគ្រីស្តបរិស័ទ សម្រាប់បងប្អូនដែលជាក្រុមព្រះបេះដូងព្រះយេស៊ូ។ ព្រះនាងម៉ារីបានប្រញាប់ប្រញាល់រឿងពីរ រឿងទី១គឺដើម្បីចែករំលែកដំណឹងល្អដល់យាយអេលីសាប៊ិត រឿងទី២ដើម្បីបម្រើយាយអេលីសាប៊ិត ដែលកំពុងមានផ្ទៃពោះជិតឆ្លងទន្លេ។ នេះជាសេចក្តីសរុបសម្រាប់ជីវិតរបស់យើង គឺឱ្យយើងប្រញាប់ប្រញាល់ដើម្បីប្រកាសដំណឹងល្អ អំពីព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មរស់ឡើងវិញ តាមរយៈការបម្រើ។ ក្រុមព្រះបេះដូងព្រះយេស៊ូត្រូវការបង្ហាញអំពីព្រះហឫទ័យស្រឡាញ់ មានន័យថាអំពីធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ដល់បងប្អូនឯទៀតៗ។ ប៉ុន្តែ យើងអាចធ្វើបានលុះត្រាតែយើងយកកម្លាំងពីព្រះជាម្ចាស់ លុះត្រាតែយើងបើកដួងចិត្តរបស់យើង ដើម្បីឱ្យសេចក្តីស្រឡាញ់របស់ព្រះអង្គយាងចូលដ៏ពេញលក្ខណៈ។ នៅពេលពេញហើយ នោះវានឹងហៀរចេញដើម្បីចែករំលែកជាមួយបងប្អូនឯទៀតៗ។
បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះយើងត្រូវការសម្រេចចិត្ត តើយើងទទួលទឹក ឬយើងទទួលភ្លើងនៅក្នុងជីវិតរបស់យើង? តើយើងទទួលជីវិត ឬទទួលសេចក្តីស្លាប់នៅក្នុងជីវិតរបស់យើង? អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ