កម្មវិធីបូជនីយចរសម្រាប់យុវជន ត្រូវ​បានរៀបចំឡើង​រយៈពេល​៣ ថ្ងៃ នា​ព្រះសហគមន៍កំពង់សោម

កម្មវិធីបូជនីយចរសម្រាប់យុវជន ត្រូវ​បាន​រៀបចំឡើង​ដោយ​ការិយាល័យយុវជន​ ជំទង់ និងកុមារភូមិភា​គភ្នំពេ​ញ កាលពីថ្ងៃទី២៤ ដល់​២៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ នៅព្រះសហគមន៍កំពង់សោម ក្នុងខេត្ត​ព្រះ​សីហ​នុ។

កម្មវិធីនេះធ្វើឡើងក្រោមប្រធាន​បទ «នៅគ្រានោះនាង​ម៉ារីក្រោកឡើងប្រញាប់ប្រញាល់ធ្វើ​ដំណើ​រទៅកា​ន់ភូ​មិ​មួយនៅតំបន់ភ្នំក្នុងស្រុកយូដា»​ ដោយមានការចូលរួមរពី​​លោក អូលីវីយ៉េ ជ្មីតហស្លេ ​អភិបាលនៃ​ព្រះសហ​គម​ន៍​​​កា​តូលិកភូមិភាគភ្នំពេញ រួមជាមួយនឹង​លោកបូជាចារ្យ លោកឧបដ្ឋាក បងប្រុស បងស្រី និងយុវជនជាង ២៦​០​នា​ក់។

​​​លោកអភិបាល អូលីវីយ៉េ ​​បាន​ថ្លែងនាឱកាសនោះដោយ​លោកបានសុំឱ្យបងប្អូននឹកឃើញដល់ព្រះវិញ្ញាណដ៍​វិសុទ្ធដែលជាដង្ហើមរបស់ព្រះជាម្ចាស់បានណែនាំឱ្យបងប្អូនបន្តធ្វើដំណើរដោយមានព្រះវិញ្ញាណដ៍វិសុទ្ធដែលជំរុញ​នឹងមានព្រះវិញ្ញាណដ៍វិសុទ្ធដែលបំភ្លឺឱ្យបងប្អូន​មើលឃើញ ប៉ុន្តែមិនមែនគ្រាន់តែ​ឱ្យមើលឃើញនោះទេ តែ​ឱ្យប​ងប្អូ​នទៅជាពន្លឺមួយនៅក្នុងពិភពលោក។

លោកបានសង្កត់ធ្ងន់ថា​៖ «​មុនពេលក្លាយជាពន្លឺត្រូវតែទទួលពន្លឺជាមុនសិន ដោយនៅថ្ងៃនេះយើង​ទទួលពន្លឺ​ក្នុ​ង​ព្រះវិញ្ញាណដ៍វិសុទ្ធដើម្បីក្លាយជាយុវជនយុវនារីដែលពោរពេញដោយកម្លាំងក្នុងការបំពេញបេសកកម្មមួយថ្មី ជា​អ្នកចម្បាំងដើម្បីការពារពន្លឺនៅក្នុងពិភពលោក ជាអ្នកចម្បាំងដើម្បីបង្ហាញពីសេចក្ដីពិត បង្ហាញពីផ្លូវដែល​ព្រះជាម្ចាស់បានបំភ្លឺដើម្បីបំភ្លឺដល់បងប្អូនឯទៀតៗ»។

នាឱកាសនោះដែរ លោកអភិបាលក៏​បានអំពាវនាវសុំឱ្យបងប្អូន​នឹក​ឃើញ​ដល់​​ជីវិត​ថា តើធ្វើដូចម្ដេចដើ​ម្បីភា្ជប់​ជាមួយ​ព្រះជាម្ចាស់បន្ថែមទៀត នៅក្នុងការអធិដ្ឋាន​ហើយថ្ងៃនេះជាថ្ងៃមាន​អំណរសប្បាយដោយសារទាំងអស់​​រួម​គ្នា​ ដែល​អាចទៅជាក្រុមទ័ពមួយដ៍ធំជាអ្នកចម្បាំង​ការពារ​ពន្លឺ។

​ជាមួយគ្នានោះដែរ លោក ស៊ាន់ សារឿន ​អ្នកទទួលខុសត្រូវការិយាល័យយុវជន ជំទង់ និងកុមារភូមិភាគភ្នំពេញ​បាន​ថ្លែងឱ្យដឹងដែរថា ​ការិយាល័យបានរៀបចំកម្មវិធីបូជនីយចរ យុវជនភូមិភាគភ្នំពេញ ​ជារៀងរាល់ឆ្នាំរហូត​ម​កដល់​ពេលនេះអស់​រយៈពេល១១លើកហើយ។

លោកបានបន្តថា កម្មវិធីបូជនីយចរ​ មានគោលបំណងតែមួយ​ ចង់ឱ្យយុវជនមានឱកាស​ក្នុងការដើររួមគ្នា​ជា​លក្ខ​ណៈ​​គ្រួសារ ដើម្បីអាចមានពេលវេលារិះគិត​ពីជីវិត ​ជំនឿ ​សេចក្ដីស្រលាញ់​ដែលជា​យុវជន យុវនារី​កាតូលិក។

លោកថា ៖ «ដូច្នេះ​ការដើរបូជនីយចរជាពេលវេលាមួយដូចជាផ្លូវនៃជីវិតអញ្ចឹងអាច​ឱ្យ​គេ​រិះគិតពីអត្ថន័យជីវិត ពី​គោ​លបំណង និង​ពីក្ដីសុបិន្ត ​ អញ្ចឹងហើយការដើរ​មិនមែន​ជារឿងងាយស្រួល​ទេ​។ ​គោលបំណងគឺចង់ឱ្យយុវជន​មានបទពិសោធន៍ក្នុងការដើរ​ដូចជាការដើរនៅក្នុងជីវិតរបស់ពួកគេ​ដែល​រស់នៅ​សព្វថ្ងៃដែរ»។

​តាមពិតប្រធានបទដែលបានលើកឡើងជាប្រធានបទទិវាយុវជនពិភពលោកឆ្នាំ២០២៣ដែល​ប្រព្រឹត្តទៅ​ប្រ​ទេ​សប័រទុយហ្គាល់ ហើយលោកអភិបាលបានសម្រេចចិ​ត្តឱ្យការិយាល័យយកប្រធានប​ទនេះដើម្បីរួមជា​មួយពិភ​ពលោក​ទាំងមូល ដោយសារ​នៅខែកក្កដា និងខែសីហា ខាងមុខនេះ នឹងមានទិវាយុវជនពិភពលោក​ដែលមាន​ប្រ​ទេសទូទាំងពិភពលោកជាច្រើននឹងមកជួបជុំគ្នានៅក្នុងប្រទេសប័រទុយហ្គាល់។

​​ស្របពេលជាមួយគ្នានេះ លោក ស្ទេផាន ឡេង សម្បិត្ត ជាអ្នកបួសមកពីព្រះសហគមន៍សំរោងធំ ដែលទើបតែ​ត្រឡប់​មកសិក្សាពី​ប្រទេសថៃ ​បាននិយាយថា ស​ម្រាប់​កម្មវិធី​បូជនីយចរ​ជាពេលវេលាដែ​លមានអំណរ​សប្បាយ​រួមជាមួយយុវជន និងបងប្អូន​​​ឯទៀតៗ។

លោកថា ៖ «សូម​ឱ្យ​អំណរសប្បាយជាការត្រាស់ហៅមួយ ជាពន្លឺមួយសម្រាប់ដំណើរជីវិត ជាគ្រីស្តជន ជា​គ្រីស្ត​ប​​រិស័ទនៅក្នុង​ព្រះសហគមន៍​នីមួយៗ សូមឱ្យយុវជនទាំងអស់ក្រោកឈរឡើងធ្វើជាពន្លឺជាមួយគ្នា យើងដើ​រជា​មួយ​គ្នា​ យើងចាប់ដៃគ្នាដើម្បីនាំពន្លឺទៅប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់»។

​យុវជន​ ឡាំ វិបុល អាយុ២៥ឆ្នាំ ​បាននិយាយថា ​នេះជាលើកទី៤ហើយដែលលោកបាន​ចូលរួមបូជនីយចរ​នេះ​ ហើយលោកមានអារម្មណ៍​​សប្បាយជាងលើកមុនៗ​ ​ដោយសារកម្មវិធីនេះជួយ​អស់បងប្អូនដែលមិនទាន់​ក្លាយ​ជាគ្រីស្ត​បរិស័ទមានទំនាក់ទំនងជាមួយបងប្អូន​ដែលជាគ្រីស្តប​រិស័ទស្រាប់៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email