លោកអភិបាលអូលីវីយ៉េ៖​ សហគមន៍ដែលមានជីវិតជាព្រះសហគមន៍ដែលអធិដ្ឋានរួមគ្នា ​​អប់រំជំនឿតៗគ្នា និង​មានជីវិតយ៉ាងពិតប្រាកដ

លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ  រួមនឹង​លោកបូជាចារ្យ​​ លោកឧបដ្ឋាក ក្រុមបព្វជិត បព្វជិតា និងគ្រីស្តបរិស័ទដែលមកពីព្រះសហគ​មន៍​នា​នា​ប្រមាណ២០០នាក់ បានចូលរួមពិធី​ប្រសិទ្ធិពរលើសាលប្រជុំ នា​សហគមន៍គ្រួសារដ៍វិសុទ្ធនៃមណ្ឌលសកម្មភាពខេត្តតាកែវ។

ពិធីនេះ បាន​ប្រារព្ធធ្វើឡើង​នាថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២៣ ដោយ​មាន​​ការ​ថ្វាយអភិបូជាយ៉ា​ងឱឡារិកដោយ​ផ្ទាល់ និង​តាមរយៈអនឡាញដោយ​​​ការផ្សាយផ្ទាល់​តាមបណ្ដាញ​សង្គមហ្វេសបុក និងយូធូប (YouTube)ផងដែរ​។​

សាលប្រជុំនេះមានទីតាំងស្ថិតនៅក្នុង ភូមិផ្សារតាកោ ឃុំរកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែ​លមានលោកបូជាចារ្យ ឡិឈិប៉ាន​ ឆាលស៍ ជាបូជាចារ្យទទួលខុសត្រូវ និងលោកបូជាចារ្យ ចន ពេញ ជាបូជាចារ្យជំនួយ។

​ថ្លែង​ក្នុងធម្មទេសនា លោកអភិបាល​អូលីវីយ៉េ បាន​លើកឡើងដោយរំលឹកថា ៖ «​​កម្មវិធីនៅថ្ងៃនេះ​ជាកម្មវិធីសម្ភោធសាលប្រជុំ ជាកន្លែងមួយដើម្បីជួបជុំគ្នាអធិដ្ឋាន ហើយនៅថ្ងៃអនាគតយើ​ងនឹងសាងសង់ព្រះវិហារមួយ​យ៉ាងពិតប្រាកដសម្រាប់ព្រះសហគមន៍គ្រួសារដ៍វិសុទ្ធនាខេត្តតា​កែវនេះ»។​

​លោកអភិបាលបាន​បន្តថា ៖ «​ព្រះសហគមន៍ដែលមានជីវិតជាព្រះសហគមន៍ដែលអធិដ្ឋានរួមគ្នា​ ជា​ព្រះ​​សហគមន៍បម្រើបងប្អូនឯទៀតៗ ជាព្រះសហគមន៍បន្តអប់រំជំនឿតៗគ្នាហើយ​ព្រះស​ហគមន៍​ដែល​មាន​ជីវិត​យ៉ាង​ពិត​ប្រាកដ ​គឺបងប្អូនទាំងអស់ចូលរួមគ្រប់សកម្មភាពតាម​អំណោ​យទាន​ដែល​យើង​បាន​ទទួល​ពីព្រះជាម្ចាស់»។​​​

នាឱកាសនោះដែរ លោកអភិបាលរូបនេះ ក៏បាន​បញ្ជាក់ផងដែរថា វា​ជាពេលវេលាពិ​សេ​សស​ម្រា​ប់ខេត្តតាកែវទាំងមូលដែល​ព្រះជាម្ចាស់​ប្រទានពរ​ដល់សាលដ៍ធំដែលប្រើដើម្បីសូត្រធម៌ ប្រ​ជុំ ទោះមិនទាន់​មានព្រះវិហារ ប៉ុន្តែទាំងនេះជាសញ្ញាសម្គាល់នៃ​ព្រះសហគមន៍នៅទីរួមខេត្តមា​នជីវិតដែលបានចាប់ផ្ដើមតាំងពីឆ្នាំ២០១០នៅក្នុងព្រះសហគមន៍​​គ្រួសារដ៍វិសុទ្ធនេះ។​

ជាមួយគ្នានោះ លោកអភិបាល អូលីវីយ៉េ ក៏​បានស្នើឱ្យគ្រីស្តបរិស័ទទាំងអស់ធ្វើខ្លួនជាថ្មដែលមា​នជីវិតសម្រាប់​​ព្រះសហគមន៍ដោយធ្វើដំណើររួមជាមួយនឹង​​​​​ពុទ្ធបរិស័ទ ​និង​ឥស្លាមបរិស័ទក្នុងការ​កសាងជីវិតមួយដែលរស់នៅប្រកបដោយសេចក្ដីស្រលាញ់ សេចក្ដីសុខសាន្តនឹងកំពុងធ្វើដំណើរជាមួយព្រះយេស៊ូដែលជាផ្លូវ ជាជីវិត ជាសេចក្ដីពិត ដើម្បីស្គាល់ព្រះបិតាបន្ថែម និងដើម្បីទទួលជីវិតអស់កល្ប​ជានិច្ច។​

​លោកបូជាចារ្យ ​ឡិឈិប៉ាន​ ឆាលស៍​ ដែលជាបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពតាកែវ នេះបាន​ប្រាប់ថា​ លោកពិត​ជា​មាន​អំណរសប្បាយ ​ពិសេសនៅ​ពេល​បានសម្ភោធអគារនេះដែ​ល​ជាកន្លែងប្រជុំ និង​កន្លែងអធិដ្ឋានមួយនេះ​​។​

លោកបានបន្តថា កាលពីមុនព្រះសហគមន៍មានអគារមួយតូចដែលអាចទទួលមនុស្សបាន​ប្រហែលជា១០នាក់ដោយគ្រីស្តបរិស័ទរីកចម្រើនទៅៗតាមរយៈជំនឿ។​ ដូច្នេះព្រះសហគមន៍​បានរិះគិតទៅលើចំនុចនេះដែលចាប់ផ្ដើមសាងសង់បន្ទប់អធិដ្ឋាន ឬសាលប្រជុំ​ដោយបាន​សុំការ​អនុញ្ញាតពីលោកអភិបាលនឹងជំនួយពីសប្បុរសជនដើម្បីសាងសង់អគារនេះឡើង។​

​ជាមួយគ្នានេះលោក ឯម និល អាយុ៦០ឆ្នាំ ជាប្រធានគណៈកម្មាព្រះសហគមន៍​ និងជាគ្រីស្តបរិស័ទជំនាន់ទី១បានឱ្យ​ដឹង​ដែរ​ថា លោកចាប់ផ្ដើមមានជំនឿតាំងពីឆ្នាំ២០០៧មកម្លេះ ហើយដំណើរដែល​រក​ទីតាំង និងស្គាល់កន្លែងព្រះជាម្ចាស់គឺយូរបន្តិច ​ប៉ុន្តែដោយបានស្គាល់​​​ព្រះ​ស​ហគមន៍មួយនៅភូមិចំការទៀង។

លោកបានប្រាប់ថា ៖ «​ខ្ញុំសូមអរគុណដល់ព្រះជាម្ចាស់ដែលបានប្រទានពរ និ​ងសូមផ្ដាំ​ផ្ញើ​ដល់បងប្អូនជំនាន់ក្រោយដើម្បីក្លាយខ្លួនជាបុត្រធីតារបស់ព្រះអង្គនោះយើងទាំងអស់គ្នា​ត្រូវស្វែងយល់អំពីព្រះវត្តមានព្រះជាម្ចាស់ទៅតាមព្រះបន្ទូលបានអប់រំយើងម្នាក់ៗឱ្យយើង​ស្គាល់ផ្លូវរប​ស់ព្រះអង្គដើម្បីទៅដល់ស្ថានបរមសុខនៅថ្ងៃខាងមុខ»។ ​​

សូមបញញ្ជាក់​ផងដែរថា សព្វថ្ងៃនេះព្រះសហគមន៍គ្រួសារដ៍វិសុទ្ធមានគ្រីស្តបរិស័ទ ទទួលពិធីជ្រមុជទឹកចំនួន៤៣នាក់ ទោះបីជាមិនទាន់មានព្រះវិហារ ប៉ុន្តែបងប្អូនដែលបានជឿ ដែលបា​នផ្ញើខ្លួនទាំងស្រុងលើ​​​​​​ព្រះជាម្ចាស់ពិតជារក្សាជំនឿបានយ៉ាងរឹងម៉ាំ ហើយ​មានបងប្អូនដែលកំ​ពុ​ងឈ្វេងយល់ចំនួន៥នាក់ដែលត្រៀមធ្វើជំហានទីមួយដើម្បីក្លាយជាគ្រីស្តបរិស័ទនៅថ្ងៃខាងមុខផងដែរ៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email