អភិបូជាជាមួយតំណាងយុវជនកាតូលិកកម្ពុជា ទៅចូលរួមទិវាយុវជនពិភពលោក
នៅព្រះវិហារសន្តយ៉ាកុប នៃទីក្រុងលីសស្បោន
ព័រទុយហ្គាល់ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣
អត្ថបទទី១៖ សេរីភាព ៣៤,២៩-៣៥ពេលចុះពីភ្នំ លោកពុំដឹងថាផ្ទៃមុខរបស់លោកបញ្ចេញរស្មី។ សរ ៣៤,២៩ដំណឹងល្អ៖ ម៉ាថាយ ១៣,៤៤-៤៦ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាកំណប់ដែលគេកប់ទុក។ មថ ១៣,៤៤ |
បងប្អូនជាទីស្រឡាញ់!
ថ្ងៃនេះ នៅក្នុងអត្ថបទទី១ ម៉ូសេបានឡើងទៅលើភ្នំជួបព្រះជាម្ចាស់ ហើយមុខរបស់គាត់ឡើងភ្លឺត្រចះត្រចង់រហូតដល់ជនជាតិអ៊ីស្រាអ៊ែលអត់ហ៊ានមើលចំ ដោយសារគេខ្លាចចាំងពន្លឺខ្លាំងពេក។ ខ្ញុំគិតថា យើងទាំងអស់គ្នាយើងកំពុងតែឡើងលើភ្នំដែរ ព្រះសហគមន៍របស់យើងនៅប្រទេសកម្ពុជាតូច តែយើងមានឱកាសបានមកដល់ព្រះសហគមន៍ដែលមានប្រវត្តិយូរអង្វែង។ ដូច្នេះ ដូចយើងបានឡើងមកជួបព្រះសហគមន៍ដ៏ធំ ខ្ញុំសង្ឃឹមថាប្រហែលទៅវិញមុខរបស់យើងជះពន្លឺដូចលោកម៉ូសេ។ សូមឲ្យយើងទទួលពន្លឺដែលមកពីព្រះជាម្ចាស់ដូចលោកម៉ូសេ ក្នុងរយៈពេល១០ថ្ងៃនេះយើងទទួលបានបទពិសោធន៍យ៉ាងច្រើន អំពីជំនឿរបស់យើង។
យើងបានស្ដាប់នៅក្នុងការអប់រំរបស់លោកអភិបាលអូលីវីយ៉េ អំពីទិវាយុវជនពិភពលោកនេះដែលសម្ដេចប៉ាបបានជួយឲ្យយើងទាំងអស់គ្នា យល់កាន់តែច្បាស់អំពីរបៀបដែលយើងថែរក្សាពិភពលោកដែលជាផ្ទះរួមរបស់យើង។ របៀបដែលណែនាំឱ្យយើងមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ មានទំនាក់ទំនងជាមួយអ្នកដទៃ ការអភិវឌ្ឍន៍ខ្លួនឯងឱ្យទៅជារូបតំណាងរបស់ព្រះជាម្ចាស់ ការជួយឲ្យអ្នកដទៃរីកចម្រើនក្នុងឋានៈជាមនុស្សដ៏ពេញលក្ខណៈ។ ទាំងអស់នេះ សុទ្ធតែជាមេរៀនដែលជួយឱ្យយើងទាំងអស់គ្នាបានទទួល នៅក្នុងរយៈពេលដែលយើងមកទីនេះ។ ដូច្នេះ សូមឲ្យយើងចាប់អារម្មណ៍ សូមឲ្យយើងទទួលដូចលោកម៉ូសេ ពេលដែលយើងត្រឡប់ទៅវិញយើងអាចនាំសេចក្ដីទាំងនេះទៅដល់បងប្អូនឯទៀតៗ ដែលយើងជួបនៅប្រទេសកម្ពុជា។
ជាដំបូងសូមឲ្យយើងបើកចិត្តគំនិតជាមុនសិន ដើម្បីទទួលសេចក្ដីដែលយើងស្ដាប់ឮ សេចក្ដីយើងមើលឃើញ សេចក្ដីដែលយើងបានចែករំលែកបទពិសោធន៍ដែលយើងជួបជុំគ្នាទៅទីនេះ។ ពិតប្រាកដហើយ ពេលណាយើងជួបព្រះយេស៊ូ ពេលណាយើងបានទទួលអ្វីៗដែលព្រះយេស៊ូនាំមក ព្រះវិញ្ញាណដ៏វិសុទ្ធបានបំភ្លឺយើង បីដូចជាកំណប់ដ៏មានតម្លៃ ត្បូងពេជ្រដ៏មានតម្លៃដែលគេកំពុងស្វែងរក។ យើងស្វែងរកនៅក្នុងជីវិតរបស់យើង តើអ្វីទៅជាកំណប់ដ៏មានតម្លៃ? តើអ្វីទៅជាត្បូងពេជ្រដែលយើងកំពុងស្វែងរក? តើពេលណាយើងស្វែងរកឃើញ? នៅពេលយើងចូលរួមជាមួយក្រុមតូច មានបងប្អូនយើងខ្លះបានស្វែងរកឃើញកំណប់ ដែលមានតម្លៃដែលយើងបានស្ដាប់នៅក្នុងគម្ពីរ។ ថ្ងៃនេះ ព្រះយេស៊ូមានព្រះបន្ទូលអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ ព្រះរាជ្យដែលយើងមើលឃើញតូចនៅក្នុងពិភពលោកប៉ុន្តែក្រោយមកបានរីកធំឡើង។ ព្រះរាជ្យដែលមិនសូវមានគេមើលឃើញ ប៉ុន្តែអស់អ្នកដែលព្រះអង្គបានសម្ដែង យើងបានមើលឃើញព្រះរាជ្យនោះ យើងខិតខំព្យាយាមចំណាយអ្វីៗទាំងអស់ ដើម្បីទទួលព្រះរាជ្យនោះ។ សូមឲ្យយើងបានមើលឃើញ សូមឲ្យយើងបានទទួលព្រះរាជ្យនៅក្នុងចិត្ត ក្រោយមកយើងអាចចែករំលែកពេលដែលយើងត្រឡប់ទៅប្រទេសកម្ពុជាវិញ យើងចែកឲ្យគេបានទទួល ឲ្យគេបានឃើញសេចក្ដីទាំងនោះដែរ។
ខ្ញុំចាប់អារម្មណ៍មេរៀនរបស់លោកអភិបាល អូលីវីយ៉េ អំពីកូនសោ គឺការមើល៖
ទី១ ការមើលនេះគឺឲ្យយើងទទួលស្គាល់ព្រះជាម្ចាស់ទតឃើញយើង ដូចសំណួរនៅព័រទុយម៉ៅគេសួរយើងថា តើយើងសុខចិត្តឲ្យព្រះជាម្ចាស់ទតឃើញយើងឬទេ? មានន័យថា ទតឃើញយើងជាមនុស្សដែលមានលក្ខណៈដូចម្ដេច ទោះបីយើងជាមនុស្សបាប ជាមនុស្សដែលមិនសាកសមជាបុត្រធីតារបស់ព្រះជាម្ចាស់ ក៏ព្រះអង្គទទួលយើងក្នុងព្រះនាមព្រះគ្រីស្ត។ ដោយសារ យើងទុកឲ្យព្រះអង្គមើលឃើញ ការទតឃើញរបស់ព្រះអង្គនឹងកែប្រែជីវិតរបស់យើង ឲ្យទៅជាជីវិតមួយដែលពោរពេញដោយអត្ថន័យ ហើយយើងកែប្រែដោយធ្វើដំណើរទៅកាត់ផ្លូវមួយដ៏ល្អប្រសើរ និងភ្លឺស្វាងជានិច្ច។
ទី២ ពេលណាយើងទុកឲ្យព្រះអង្គទតមើលឃើញយើង ឲ្យយើងចេះមើលឃើញបងប្អូនដូចព្រះអង្គទតមើលដែរ។ មានន័យថា មើលឃើញនៅចំណុចល្អ និងប្រសិនបើយើងឃើញមានចំណុចខ្វះខាតឲ្យយើងជួយយោបល់ល្អៗ ដើម្បីកែប្រែបងប្អូនយើង។ យើងមានភារៈកិច្ច ជួយអភិវឌ្ឍន៍បងប្អូនយើងឲ្យចម្រើនឡើង ក្នុងឋានៈជាបុត្រធីតារបស់ព្រះជាម្ចាស់ដែរ។
នៅក្នុងព្រះបន្ទូលដែលយើងស្ដាប់ថ្ងៃនេះ សូមយើងទទួលយក ឲ្យយើងបានទទួលនូវពន្លឺដែលមកពីព្រះអង្គ ឲ្យយើងមានមុខពោរពេញទៅដោយពន្លឺរបស់ព្រះអង្គ ដើម្បីឲ្យយើងអាចនាំពន្លឺនេះដល់បងប្អូនយើងប្រទេសកម្ពុជាពេលយើងត្រឡប់ទៅវិញ។ អាម៉ែន៕
+ លោកអភិបាល សិលា សួន ហង្សលី
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគកំពង់ចាម