ឯកសារអំពីអ្នកបម្រើព្រះជាម្ចាស់របស់កម្ពុជា ប្រគល់ដល់ក្រសួងនៅទីក្រុងរ៉ូម

«យើងរីករាយយ៉ាងក្រៃលែង ដែលបានប្រគល់ឯកសារ មានបិទត្រា និងបានចុះហត្ថលេខាក្នុងពិធីដ៏ឱឡារិកមួយនៅរាជធានីភ្នំពេញ កាលពីខែមីនាកន្លងទៅ ជូនលោកកាឌីណាល់  ម៉ាសេឡូ ស៊ីមឺរ៉ារ៉ូ  (Marcello Semeraro) ជារដ្ឋមន្ត្រីក្រសួងកិច្ចការសន្ដបុគ្គល (Dicastery for the Causes of Saints) របស់សន្តអាសនៈ»។ នេះបើតាមប្រសាសន៍របស់លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ ឯកសារទាំងនេះទាក់ទងទៅនឹងការស៊ើបអង្កេតថ្នាក់ភូមិភាគរបស់ព្រះសហគមន៍កាតូលិក អំពីការតែងតាំងលោកអភិបាលយ៉ូសែប ឆ្មារ សាឡាស់ និងសហការីចំនួន ១១ នាក់របស់លោក ជាអ្នកបម្រើរបស់ព្រះជាម្ចាស់នៅកម្ពុជា។ ឯកសារដែលបានបិទត្រាទាំងនេះ មានផ្ទុកនូវសក្ខីកម្មដ៏មានតម្លៃអំពីជំនឿ ភាពក្លាហាន និងសេចក្តីស្រឡាញ់ មានចំនួនជិត ២,៥០០ ទំព័រ ដែលរៀបរាប់ពីដំណើរដ៏អង់អាចរបស់អស់លោក អ្នកទាំងនោះ នៅក្នុងប្រទេសកម្ពុជា រវាងឆ្នាំ ១៩៧០ និង ១៩៧៧។ នេះបើតាមការបញ្ជាក់របស់អភិបាលអូលីវីយ៉េ ជ្មីតហស្លេ (Olivier Schmitthaeusler) អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ប្រាប់ដល់ភ្នាក់ងារ Fides នៅខាងក្រៅកិច្ចប្រជុំ Ad Limina Apostolorum របស់សភាលោកអភិបាលព្រះសហគមន៍ឡាវ និងកម្ពុជានៅទីក្រុងរ៉ូម។ លោកអភិបាលពន្យល់ថា «ឯកសារទាំងនេះមិនត្រឹមតែរៀបរាប់ពីជីវិត និងការបូជាដ៏ថ្លៃថ្លារបស់ពួកលោក អ្នកទាំងនោះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកេរដំណែលខាងវិញ្ញាណដ៏មហាសាលសម្រាប់ព្រះសហគមន៍កាតូលិក និងសម្រាប់ពិភពលោកផងដែរ»។ ព្រះសហគមន៍កាតូលិកកម្ពុជាបានបើកការស៊ើបអង្កេតជាផ្លូវការអំពីមរណសាក្សីនៅកម្ពុជាកាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៥។ ចាប់តាំងពីពេលនោះមក ក្រុមការងារដឹកនាំដោយអ្នករៀបចំសំណុំរឿង (Postulator) គឺលោកបូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី  បានប្រមូលឯកសារសក្ខីកម្ម និងឯកសារពីជុំវិញពិភពលោក។ ក្រុមការងារនេះរួមមានបូជាចារ្យពីតុលាការព្រះសហគមន៍កាតូលិកភូមិភាគ អ្នកការពារសេចក្តីយុត្តិធម៌ សាការី និងគណៈកម្មការប្រវត្តិសាស្ត្រដែលដឹកនាំដោយលោកបូជាចារ្យវ៉ាំងសង់ ច្រេចទៀន (Vincent Chrétienne)។ អភិបាលអូលីវីយ៉េ បានបន្តថា៖ «អភិបាលអ៊ីវ រ៉ាមូស  (Yves Ramousse) អតីតអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ ដែលស្រឡាញ់ និងស្គាល់អនាគតមរណសាក្សីទាំងនេះយ៉ាងច្បាស់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចងក្រងបញ្ជីឈ្មោះដំបូង។ ការស្រាវជ្រាវ និងការចងក្រងបាននាំទៅដល់ការបង្ហាញបច្ចុប្បន្ននៃអ្នកបម្រើព្រះជាម្ចាស់ទាំង ១២ នាក់រួមមាន លោកអភិបាលយ៉ូសែប ឆ្មារ សាឡាស់ និងសហការីចំនួន ១១ នាក់របស់លោក—គឺមានបូជាចារ្យ បព្វជិត បព្វជិតា និងគ្រហស្ថ ដែលតំណាងឱ្យភាពសម្បូរបែបនៃប្រជាជនរបស់ព្រះជាម្ចាស់»។ នៅពេលប្រគល់ឯកសារទៅឱ្យក្រសួងកិច្ចការសន្តបុគ្គល លោកអភិបាលបានសម្តែងក្តីសង្ឃឹមថា «ការពិនិត្យ និងការវិនិច្ឆ័យអាចបន្តទៅមុខ ដើម្បីឱ្យអ្នកបម្រើព្រះជាម្ចាស់ទាំងនេះ ឆាប់ទទួលស្គាល់ និងដាក់ឲ្យគោរពជាផ្លូវការណ៍ សម្រាប់ព្រះសហគមន៍សកលលោក ដែលជាអំណោយ និងជាសក្ខីកម្មដ៏ត្រចះត្រចង់»។ ក្នុងបទសម្ភាសន៍ជាមួយ Fides លោកបូជាចារ្យឆ័ត្រសិរី បានរំលឹកថា «ការជំរុញឲ្យមានការស៊ើបអង្កេត អំពីមរណសាក្សីនៅកម្ពុជា គឺមានតាំងពី សម្តេចប៉ាបយ៉ូហាន ប៉ូលទី ២ ក្នុងឆ្នាំព្រះមហាករុណាទិគុណឆ្នាំ ២០០០ បានអំពាវនាវដល់ព្រះសហគមន៍កាតូលិកអាស៊ីក្នុងគ្រប់ប្រទេសឱ្យទទួលស្គាល់ និងរំឭកដល់មរណសាក្សីរបស់ពួកគេ»។ សម្តេចប៉ាបយ៉ូហាន ប៉ូលទី ២ បានមានប្រសាសន៍ថា៖ «អ្នកបម្រើរបស់ព្រះជាម្ចាស់ទាំងនេះ […] បង្កើតបានជាផ្ទាំងគំនូរដ៏អស្ចារ្យនៃមនុស្សជាតិរបស់គ្រីស្តបរិស័ទ […] វាជាផ្ទាំងគំនូរនៃសុភមង្គល (Beatitudes) តាំងពីមានជីវិតរហូតដល់បូជាជីវិត»។ «ក្នុងស្មារតីនេះ ព្រះសហគមន៍កាតូលិកកម្ពុជាបានសាងសង់ទីសក្ការដ្ឋានមួយដើម្បីគោរពអ្នកបម្រើព្រះជាម្ចាស់ ដោយបានសាងសង់ឈើឆ្កាង និងទីសក្ការៈតូចមួយ។ ចាប់តាំងពីពេលនោះមក ការរំឭកខួបប្រចាំឆ្នាំដល់អ្នកបម្រើរបស់ព្រះជម្ចាស់ទាំងនោះ ត្រូវបានរៀបចំឡើង ដោយមានគ្រីស្តបរិស័ទជួបជុំគ្នាពីគ្រប់ភូមិភាគនៅទូទាំងប្រទេស» លោកឆ័ត្រសិរីបានពន្យល់បន្ថែម។ លោកមានប្រសាសន៍ទៀតថា «បន្តិចម្តងៗ ការយល់ដឹងបានកើនឡើង ហើយយើងចាប់ផ្តើមប្រមូលសម្ភារ ឯកសារ និងទីបន្ទាល់។ នេះជាការលំបាកខ្លាំងណាស់ ព្រោះក្នុងអំឡុងឆ្នាំដ៏ខ្មៅងងឹតនៃសង្គ្រាម និងរបបខ្មែរក្រហម ព្រះវិហារ រួមជាមួយឯកសារទាំងអស់ត្រូវបានបំផ្លាញចោល» អ្នករៀបចំសំនណុំរឿងរូបនេះរៀបរាប់បន្ថែម។ «យើងមានការអត់ធ្មត់ ហើយចាប់ផ្តើមប្រមូលទីបន្ទាល់តាមរយៈការជួបផ្ទាល់មាត់។ បន្ទាប់មក យើងទទួលបានជំនួយដ៏ធំធេង និងការគាំទ្រដ៏មានតម្លៃពីបណ្ណសាររបស់គ្រួសារសាសនទូតក្រៅប្រទេសនាទីក្រុងប៉ារីស។ ដូច្នេះ ការងារនេះបានរីកចម្រើនយឺតៗ និងដោយការលំបាក ហើយទីបំផុត បន្ទាប់ពីការងារ ការសិក្សា និងការស្រាវជ្រាវជាច្រើនឆ្នាំ យើងបានជោគជ័យក្នុងការប្រមូលឯកសារសម្ភារៈគ្រប់គ្រាន់ដើម្បីជំរុញដំណើរការសម្រាប់លោកអភិបាលសាឡាស់ និងសហការីចំនួន ១១ នាក់»។ ឥឡូវនេះ លោកប្រកាសថា «ព្រះសហគមន៍កាតូលិករបស់យើងនៅកម្ពុជាមានសេចក្តីរីករាយ។ វិញ្ញាណ និងការបំផុសគំនិតរបស់មរណសាក្សី មានសារៈសំខាន់ខ្លាំងណាស់ ពួកគេគឺជាកម្លាំងចិត្តដ៏អស្ចារ្យសម្រាប់យើង។ សហគមន៍របស់យើងនឹងរួបរួមគ្នាក្នុងការអធិដ្ឋាន ដើម្បីឱ្យបុព្វហេតុនេះអាចរីកចម្រើនទៅតាមផែនការរបស់ព្រះជាម្ចាស់ តាមរយៈការងារនៅបុរីវ៉ាទីកង់»។ លោកមានគម្រោងបន្តសកម្មភាព ដើម្បីជួយអោយគ្រីស្តបរិស័ទ ក្នុងប្រទេសកម្ពុជាយល់អំពីអ្នកបម្រើព្រះជាម្ចាស់ «ក្នុងពេលជាមួយគ្នានេះ យើងនឹងបន្តលើកកម្ពស់ការយល់ដឹង ជាពិសេសក្នុងចំណោមយុវជន អំពីរឿងរ៉ាវនៃអ្នកបម្រើព្រះជាម្ចាស់របស់យើង ដោយការបោះពុម្ពខិត្តប័ណ្ណ និងរៀបចំព្រឹត្តិការណ៍វប្បធម៌ ការបង្រៀនសាសនា និងការអធិដ្ឋាន។ យើងសង្ឃឹម និងអធិដ្ឋានថាគំរូរបស់ពួកគេនឹងបង្កើតផល និងនាំមកនូវព្រះគុណ និងភាពបរិសុទ្ធដល់ព្រះសហគមន៍តូចរបស់យើងសម្រាប់អនាគត»៕ (Fides News)

Facebook
Twitter
LinkedIn

អត្ថបទថ្មី

លោកអភិបាល អូលីវីយ៉េ ឆ្លុះបញ្ចាំងពីលទ្ធផលដ៏ផ្លែផ្កានៃដំណើរទស្សនកិច្ច «Ad Limina» ក្នុងអភិបូជាចុងក្រោយនៅវិសាលវិហារសន្តីម៉ារីមាយ័រ

បុរីវ៉ាទីកង់៖ ដំណើរបូជនីយចរ និងដំណើរទស្សនកិច្ចផ្លូវការ Ad Limina Apostolorum របស់សភាលោកអភិបាលកាតូលិកនៃប្រទេសឡាវ និងកម្ពុជា បានឈានមកដល់ទីបញ្ចប់ប្រកបដោយភាពនឹករលឹក និងពោរពេញដោយអំណរគុណព្រះជាម្ចាស់។ នៅក្នុងឱកាសបិទបញ្ចប់ពេលវេលាដ៏មានអត្ថន័យនេះ លោកអភិបាល អូលីវីយ៉េ បានដឹកនាំការរិះគិតយ៉ាងស៊ីជម្រៅក្នុងអំឡុងពេលប្រារព្ធពិធីអភិបូជានៅវិសាលវិហារសន្តីម៉ារីមាយ័រ ទីក្រុងរ៉ូម ដែលជាវិសាលវិហារដ៏វិសេសវិសាលមួយឧទ្ទិសថ្វាយដល់ព្រះនាងព្រហ្មចារិនីម៉ារី។ នៅធម្មទេសនានោះ លោកអភិបាលបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ច Ad Limina Apostolorum លើកនេះ មិនមែនគ្រាន់តែជាទស្សនកិច្ចការងារធម្មតានោះឡើយ ប៉ុន្តែវាគឺជា

គ្រឹះដ្ឋានអប់រំកាតូលិកនៅខេត្តតាកែវ សហការគ្នារៀបចំសិក្ខាសាលា ស្តីពី «ការបង្កើតផ្នត់គំនិតវិជ្ជមានសម្រាប់អ្នកគ្រប់គ្រង និងអ្នកដឹកនាំ»

ខេត្តតាកែវ៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ វិទ្យាស្ថានសន្តប៉ូល បានសហការជាមួយវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជនសន្តហ្វ្រង់ស្វ័រ រៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ «ការបង្កើតផ្នត់គំនិតវិជ្ជមានសម្រាប់អ្នកគ្រប់គ្រង និងអ្នកដឹកនាំ»។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនៅទីតាំងវិទ្យាស្ថានផ្ទាល់ ស្ថិតក្នុងភូមិអង្គគគីរ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានសិក្ខាកាមចូលរួមយ៉ាងកុះករជាង ១០០ នាក់។ សិក្ខាសាលានេះ មានបណ្ឌិត យុន ផន ជាសាស្ត្រាចារ្យសាកលវិទ្យាល័យនៅភ្នំពេញ និងជាទីប្រឹក្សាក្រុមហ៊ុនធំៗនៅកម្ពុជា ធ្វើជាវាគ្មិនកិត្តិយសដើម្បីចែករំលែកចំណេះដឹង។

ព្រះវិហារថ្មីបំផុតនិងធំបំផុតនៅភូមិភាគភ្នំពេញមួយត្រូវបានឆ្លង

គ្រីស្តបរិស័ទរាប់រយនាក់មកពីព្រះសហគមន៍កាតូលិកនានាក្នុងភូមិភាគទាំងបីនៅក្នុងប្រទេស រួមនឹង​ភ្ញៀវជាតិ​និង​អន្តរជាតិ បានជួបជុំគ្នាប្រារព្ធពិធីឆ្លងព្រះវិហាររបស់​ព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច នារាជធានីភ្នំពេញ​កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ពីធីឆ្លងនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់​លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមជាមួយលោកអភិបាល អេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម និង​លោកអភិបាល ប៉ូល ត្រៃរ៉ុង មូទ្រី អភិបាលព្រះសហគមន៍ភូមិភាគស៊ូរ៉ាតថានីប្រទេស​ថៃ។ លោកអភិបាល អូលីវីយ៉េ បានមានប្រសាសន៍នៅក្នុងពិធីថ្វាយអភិបូជានាថ្ងៃបុណ្យ​ឆ្លងព្រះវិហារ​កាលថ្ងៃទី០២

Subscribe to our newsletter

Don't miss new updates on your email