ប្រធានមេក្រុមកាយឬទ្ធិត្រូវតែគោរពតាមពាក្យសច្ចារបស់ក្រុម

ការិយាល័យយុវជន ជំទង់ និងកុមារកាតូលិក ភូមិភាគភ្នំពេញ បានរៀបចំកម្មវិធីបោះជំរំប្រធានមេក្រុមកាយឫទ្ធិភូមិភាគភ្នំពេញ ចំនួន៧០នាក់ ដែលមកពីព្រះសហគមន៍នានា ក្នុងមណ្ឌលសកម្មភាពទាំងប្រាំបួន  ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ នៅឧទ្យានជាតិព្រះសុរាម្រិតគិរីរម្យ ខេត្តកំពង់ស្ពឺ។

លោក ស៊ាន់ សារឿន នាយកការិយាល័យយុវជន ជំទង់ និងកុមារកាតូលិក ភូមិភាគភ្នំពេញ បានប្រាប់ពីគោលបំណងនៃកម្មវិធីបោះជំរំនេះថា យើងមានបីចំណុចសំខាន់ៗ គឺទីមួយពង្រឹងសមត្ថភាពដល់ប្រធានមេក្រុមកាយឫទ្ធិនីមួយៗ តាមរយៈការផ្តល់នូវគំនិតឆ្នៃប្រឌិតថ្មីៗ ការណែនាំក្រុម ល្បែងកំសាន្ត និងការចែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក។ ទីពីរ ដើម្បីធ្វើពាក្យសច្ចាជាផ្លូវការចំពោះមុខលោកអភិបាល ដើម្បីបម្រើកូនៗកាយឫទ្ធិ ក្នុងព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។  ទីបី ឲ្យមានពេលវេលាដើម្បី​រិះគិតរួមគ្នាសម្រាប់រៀបចំកម្មវិធីទិវាកុមារអន្តរជាតិ ០១ មិថុនា ២០១៩។

លោកសារឿន បន្តដោយរំពឹងថា កម្មវិធីនេះអាចធ្វើឲ្យប្រធាមេក្រុមកាយឬទ្ធិទាំង​អស់មានសមត្ថភាពបន្ថែមទៀត ក្នុងការណែនាំមេកាយឫទ្ធិក៏ដូចជាកូនៗកាយឫទ្ធិនៅតាមព្រះសហគមន៍របស់ពួកគេ តាមរយៈបទពិសោធន៍និងរបៀបថ្មីៗ ប្រកបដោយប្រសិទ្ធិភាព ការយកចិត្តទុកដាក់ ការទួលខុសត្រូវ និងបម្រើដោយចិត្តស្មោះត្រង់និងសេចក្តីស្រឡាញ់ ដោយមានសហការជាមួយលោកបូជាចារ្យ បងប្រុសបងស្រី និងគ្រីស្តបរិស័ទនៅក្នុងព្រះសហគមន៍។ 

លោកប្រធានការិយាល័យយុវជនរូបនេះ បានលើកសំណូមពរ ដល់លោកបូជាចារ្យ បងប្រុសបងស្រីតាមព្រះសហគមន៍នីមួយៗ  សូមជួយយកចិត្តទុកដាក់គាំទ្រលើកទឹកចិត្ត តាមដាន ណែនាំដល់ក្រុមកាយឬទ្ធិ ដើម្បីឲ្យគេមានភាពកក់ក្តៅនិងមានកម្លាំងកាយកម្លាំងចិត្តក្នុងការបន្តសកម្មភាពរបស់ពួកគេ។ 

ថ្លែងទៅកាន់ក្រុមប្រធានមេក្រុមកាយឫទ្ធិ នៅក្នុងធម្មទេសនា លោកអភិបាល​ អូលីវីយេ ​លើកទឹកចិត្តពួកគេថា ព្រះជាម្ចាស់ណែនាំឲ្យប្អូនៗទៅជាប្រធានមេក្រុមកាយឫទ្ធិ ដើម្បីដឹកនាំមេក្រុមកាយឫទ្ធិ ដឹកនាំកូនៗកាយឫទ្ធិ ឲ្យគេរស់នៅក្នុងរបៀបត្រឹមត្រូវទាំងនៅក្នុងជីវិតធម្មតា ជាមួយឪពុកម្តាយ ជាមួយមិត្តភ័ក្តិ និងឲ្យទៅជាពលរដ្ឋត្រឹមត្រូវនៅក្នុងសង្គម ឲ្យចេះគោរពគ្រប់វិន័យគ្រប់ច្បាប់របស់សង្គម។ ប្អូនដឹងថាច្បាប់នីមួយៗមិនណែនាំឲ្យរំខានយើង តែណែនាំឲ្យយើងរួមរស់ជាមួយគ្នាដោយសុខដមរមនា។ 

លោកអភិបាលបន្តថា ប្រធានមេក្រុមកាយឫទ្ធិត្រូវតែគោរពតាមពាក្យសច្ចារបស់ក្រុម ធ្វើតាមវិន័យរបស់ព្រះជាម្ចាស់ដែលចែងថា សូមស្រឡាញ់គ្នាទៅវិញទៅមកដូចព្រះយេស៊ូបានស្រឡាញ់យើង។ យើងណែនាំឲ្យកូនក្មេង ដែលចូលមកក្នុងកម្មវិធីកាយឫទ្ធិយើង ក្លាយទៅជាមនុស្សដែលចេះគោរពគ្នាទៅវិញទៅមក និងអាចបង្កើតសង្គមដែលពោរពេញដោយសុខដមរមនា ដោយគោរពច្បាប់របស់សង្គម។ លោកថាពិតមែនព្រះជាម្ចាស់ស្រឡាញ់យើង ព្រះជាម្ចាស់លើកលែងទោសឲ្យយើងលុះត្រាតែយើងយកចិត្តទុកដាក់ស្រឡាញ់ យកចិត្តទុកដាក់ធ្វើតាមធម្មវិន័យ និងយកចិត្តទុកដាក់រស់នៅជាមនុស្សដែលខិតខំកែប្រែចិត្តគំនិត ដើម្បីធ្វើជាមនុស្សសុចរិតជានិច្ច។

យុវជន សឿង ឧសភា ជាប្រធានមេក្រុមកាយឬទ្ធិព្រះសហគមន៍កាតូលិកសន្ត មីកាអែល ក្រុងព្រះសីហនុ បានថ្លែងថា ការបោះជំរំនេះធ្វើឲ្យរូបគេទទួលបាន អំណរសប្បាយ និងភាពរីករាយយ៉ាងខ្លាំង ម្យ៉ាងទៀតទទួលបានមេរៀនថ្មីៗ ដូចជារបៀបចងខ្សែ របៀបសង្រ្គោះបឋម របៀបធ្វើការងារជាក្រុម ឧសភា ជាសមាជិកក្រុមកាយឫទ្ធិកម្ពុជានៅខេត្តព្រះសីហនុផងដែរ ដែលមានតួនាទីជាមេល្បាត ពេលចូលក្នុងការបោះជំរំនេះ គេមានឱកាសចែករំលែកបទពិសោធន៍ដែលគេមានដូចជា របៀបតំរង់ជួរ របៀប​គោរពមេក្រុម កាយវិការកាយឫទ្ធិផ្សេងៗទៀត។ 

ឧសភា បានបន្តថាការបោះជំរំនេះបានណែនាំឲ្យអ្នកដែលចូលរួមទាំងអស់ ក្លាយជាមនុស្សដែលមានទំនួលខុសត្រូវលើការងារដែលខ្លួនទទួល ចេះសហការគ្នានិងរៀនរស់ជាក្រុម។ ដូច្នេះខ្ញុំសូមណូមពរដល់មេកាយកាយឬទ្ធិទាំងអស់ សូមបម្រើកូនកាយឫទ្ធិដោយអស់ពីចិត្ត និងភាពរីករាយ។

ចំណែកយុវជន ចាន់ ម៉ានុត ជាប្រធានមេក្រុមកាយឫទ្ធិព្រះសហគមន៍កាតូលិកសន្តប៉ូលកោះស្លារ បានបង្ហាញអំពីចំណាប់អារម្មណ៍សម្រាប់ការចូលរួមបោះជំរំប្រធានមេក្រុមកាយឬទ្ធិជាលើកដំបូងរបស់ខ្លួនថា វាបានធ្វើឲ្យគេបានទទួលបទពិសោធន៍ថ្មីៗជាច្រើន ដូចជាស្គាល់ការងារជាក្រុម ត្រូវមានទំនួលខុសត្រូវ របៀបនៃការដឹកនាំ ការអធិដ្ឋានតេហ្សេ ជាដើម។ ហើយម៉ានុត ប្តេជ្ញានឹងយកអ្វីដែលគេទទួលបានពីការបោះជំរំនេះ យកមកអនុវត្តជាក់ស្តែងជាមួយក្រុមកាយឬទ្ធិរបស់គេ ជាពិសេសគឺគោរពតាមបទបញ្ជាទាំង១០របស់ក្រុមកាយឫទ្ធិ។ ម៉ានុត បានថ្លែងបន្តថា “នៅពេលដែលប្រកាសពាក្យសច្ចាក្រុមកាយឫទ្ធិ នៅមុខលោកអភិបាលពិតជាធ្វើឲ្យខ្ញុំព្រឺសម្បុរ ហើយខ្ញុំបានប្រកាសដោយអស់ពីកម្លាំងកាយកម្លាំងចិត្តរបស់ខ្ញុំ។យុវជនរូបនេះបន្តថា កម្មវិធីនេះធ្វើឲ្យប្រធានមេក្រុមកាយឬទ្ធិទាំងអស់បានស្គាល់គ្នា និងចែករំឡែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក។

គួបញ្ជាក់ផងដែរថា កម្មវិធីកាយឫទ្ធិព្រះសហគមន៍គមន៍កាតូលិក ភូមិភាគភ្នំពេញបង្កើតឡើងក្នុងឆ្នាំ២០០៣ នៅព្រះសហគមន៍សន្តីម៉ារីញញឹមចំការទៀង ខេត្តតាកែវ ដោយលោកអភិបាលអូលីវីយេ។

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email