លោកអភិបាលអូលីវីយេ ទទួលមេដាយមាស ស្ថាបនាជាតិពីរាជរដ្ឋាភិបាលកម្ពុជា

លោក​អូលីវីយេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ ទទួល​មេ​ដាយ​មាស​ស្ថាបនា​ជាតិ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដោយ​សារ​លោក​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​ការ​ងារ​សង្គម និង​អភិវឌ្ឍន៍​មូលដ្ឋាន​រួម​ជា​មួយ​រាជ​រដ្ឋាភិបាល​កម្ពុជា។​ ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យប្រើ​ប្រាស់​ជា​ផ្លូវ​ការ​សមិទ្ធផល​នានា​នៅ​ក្នុង​វត្ត​អង្គ​មន្ត្រី​នៃ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ក្រោម​អធិបតី​របស់​លោក ចាន់​ សារុន អ្នក​តំណាង​រាស្ត្រ​មណ្ឌល​តាកែវ និង​លោក​ជំទាវ នា​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ធ្នូ ​ឆ្នាំ​២០១៩ កន្លង​ទៅ ។

តាម​របាយការណ៍​របស់​លោក អ៊ីង ណយ មេ​ឃុំ​គូស​បាន​ឲ្យ​ដឹង​ថា ស្រប​តាម​ការរីក​ចម្រើន របស់​ប្រទេស​ជាតិ​ទាំង​ផ្នែក​ពុទ្ធចក្រ​និង​អាណាចក្រ និង​ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ព្រះ​គ្រូ​ចៅ​អធិកា លោក​អាចារ្យ គណៈ​កម្មការ​វត្ត​បាន​កសាង​សមិទ្ធ​ផល​ថ្មីៗ​មាន​ដូច​ជា ជួស​ជុល​ថ្នល់​១​ខ្សែ​ប្រវែង ១.៥០០ម ក្រាល​ការ៉ូ​សាលា​ឆាន់​ជាន់​ក្រោម ត​សំយាប​សាលា​ភត្ត និង​ចាក់​សាប​ក្នុង​វត្ត  សរុប​ការ​ចំណាយ​មាន​ចំនួន ៧៣.៩៦០.០០០ ៛ ដែល​នឹង​ត្រូវ​ដាក់​សម្ពោធ​ឆ្លង​នា​ឱកាស​នេះ។

លោក​មេឃុំ​បន្ត​ថា ក្នុង​ចំណោម​ថវិកា​ចំណាយ​លើ​សមិទ្ធ​ផល​ទាំង​នោះ បាន​មក​ពី​សប្បុរស​ជន​នានា ​ក្នុង​នោះ​មាន​លោក​អូលីវីយេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​ជា​ដើម។ ក្នុង​នាមេ​អាជ្ញា​មូលដ្ឋាន​លោក​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រោល​ជ្រៅ​ចំពោះ​លោក​អូលីវីយេ ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​អភិវឌ្ឍ​មូល​ដ្ឋាន មាន​ទាំង​សាលា​រៀន ផ្លូវ​ថ្នល់ និង​វត្ត​អារាម​ជា​ដើម។ល។​

លោក​អភិបាល​អូលីវីយេ ដែល​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​នៅ​តំបន់​ស្រុក​ត្រាំកក់ ក្នុង​ទស្សន​វិស័យ​ដ៏​ជ្រាល​ជ្រៅ​នៃ​ការ​ប្រកាស​ដំណឹង​ល្អ និង​ការអភិវឌ្ឍ​បាន​មាន​ប្រសាសន៍​រលឹក​ឡើង​វិញ នូវ​ទំនាក់​ទំនង​រវាង ព្រះសហគមន៍​កាតូលិក ជា​ពិសេស​រូបលោក​ផ្ទាល់​ជា​មួយ​វត្ត​អង្គ​មន្ត្រី​នេះ។ ក្នុង​ឆ្នាំ​២០០២​មក​ លោក​បាន​កសាង​ផ្លូវ​លំ​១​ខ្សែ​ប្រវែង​២២០០​ម៉ែត្រ តាម​សំណូម​ពរ​របស់​ប្រជា​ពលរដ្ឋ គណៈ​កម្មការ​វត្ត និង​ព្រះ​សង្ឃ។ ជា​បន្ត​បន្ទាប់​លោក​អភិបាល មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ ផ្លាស់​ប្តូរ​ការសន្ទនា​គ្នា អំពី​សាសនា​គ្រីស្ត និង​ព្រះ​ពុទ្ធ​សាសនា។ លោក​នៅ​បន្ត​សកម្មភាព​ជួយ​គ្នា​តាម​សេចក្តី​ត្រូវ​ការ​របស់​វត្ត។   លោក​អភិបាល​បន្ត​ថា «យើង​ស្គាល់​គ្នា​តាំង​ពី​ឆ្នាំ​២០០២ ហើយ​មាន​តា​យាយ​មួយ​ចំនួន​បាន​លា​ចាក​លោក​នេះ​ហើយ។ ‍‍យើង​សូម​នឹក​រលឺក​ដល់​ពួកគេ​ផង​ដែរ‍»។

សម្រាប់​ការងារ​អភិវឌ្ឍ​ក្នុង​តំបន់​នេះ​ គឺ​អភិវឌ្ឍ​ធន​ធាន​មនុស្ស និង អភិវឌ្ឍ​មនុស្ស​តូច​តាច ជាពិសេស​ស្ត្រី​មេ​ម៉ាយ ឲ្យ​មាន​ការងារ​ធ្វើ កុមារ​ពិការ និង​ជន​មាន​ពិការ​ភាព​ជា​ដើម តាម​មណ្ឌល​ភូមិ​សុខសាន្ត​ដែល​ទទួល​កុមារ​ពិការ សាលា​រៀន​ពី​មត្តេយ្យ​ដល់​វិទ្យាល័យ ដែល​ទទួល​សិស្ស​បាន​ចំនួន​ជាង​៦០០​នាក់ និង​ភូមិ​សិប្បកម្ម។

ក្នុង​ឱកាស​នោះ​លោក​អភិបាល​ក៏​បាន​រំលឹក​ឡើង​វិញ​នូវ​គោលការណ៍​របស់​ព្រះសហគមន៍​កាតូលិក ដែល​បាន​យក​ចិត្ត​ទុក​ដាក់​លើ​កិច្ច​សន្ទនា​ជាមួយ​សាសនា​នានា។ លោក​អភិបាល​មាន​ប្រសាសន៍​ថា៖ «ការ​សន្ទនា ជោគ​ជ័យ គឺ​ត្រូវ​ការ​យើង​បង្កើត​ទំនាក់​ទំនង​ផ្ទាល់ មិន​គ្រាន់​តែ​និយាយ​អំពី​ទស្សនៈ​អស្ចារ្យៗ ប៉ុន្តែ​ទំនាក់​ទំនង​ដែល​យើង​មាន​ផ្ទាល់​ដើម្បី​យល់​ចិត្ត ដែល​នាំ​ឲ្យ​សាសនា​ទាំងពីរ​អាច​រស់​នៅ​ក្នុង​ភាព​សុខដុម​រមនា​ពិត​ប្រាកដ​មែន»។

លោក​អភិបាល​អូលីវីយេ​ក៏​បាន​វាយ​តម្លៃ​ខ្ពស់​ពី​ការ​យក​ចិត្ត​ទុក​ដាក់ និង​ផ្តល់​សិទ្ធិ​សេរី​ភាព​ពេញ​លេញ​ពី​សំណាក់​រាជ​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ពលរដ្ឋ​ក្នុង​ជំនឿ​សាសនា ដែល​ប្រជាជន​អាច​ជឿ​សាសនា​ក៏​បាន។

ក្នុង​ពិធី​ប្រសើរ​នេះ​លោក​ចាន់ សារុន អ្នក​តំណាង​រាស្ត្រ​មាន​ប្រសាសន៍ កោត​សរសើរ​ចំពោះ​សប្បុរស​ជន​ទាំង​អស់ ជា​ពិសេស​លោក​អូលីវីយេ ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​អភិវឌ្ឍ​រួម​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ទាំង​សាសនា និង​សង្គម។ លោក​បន្តថា​​ នេះ​ក៏​ដោយសារ​តែ​ប្រទេស​កម្ពុជា​ពោរពេញ​ដោយ​សន្តិភាព​ពិត​ប្រាកដ។ ហេតុ​នេះ​សូម​ចូល​រួម​ទាំង​អស់​គ្នា ថែរក្សា​សន្តិភាព​កុំ​ឲ្យ​បាត់​បង់​ទៅ​វិញ។ លោក​អ្នក​តំណាង​រាស្ត្រ​ខេត្ត​តាកែវ ក៏​បាន​ជំរុញ​ឲ្យ​ប្រជាពល​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ខិត​ខំ​ប្រកប​របរ​បន្ថែម និង​ថែ​រក្សា​សុខភាព​ផងដែរ​ក្នុង​ពេល​រដូវ​ត្រជាក់​នេះ។

បន្ទាប់​មក លោក​តំណាង​រាស្ត្រ ចាន់ សារុន បាន​បំពាក់​មេដាយ​មាស​ស្ថាបនា​ជាតិ ដល់​លោក​អភិបាល អូលីវីយេ និង​សប្បុរស​ជន​នានា ព្រម​ទាំង​កាត់​ខ្សែ​បូរ​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ នូវ​សមិទ្ធផល​ទាំង​ឡាយ​ក្នុង​វត្ត​អង្គ​មន្ត្រី​យ៉ាង​ឱឡារិក។

ក្រោយ​ពី​កាត់​ខ្សែ​បូរ​រួច លោក​ចាន់​សារុន បាន​អញ្ជើញ​ទស្សនកិច្ច​ភូមិ​សិប្បកម្ម​របស់​ព្រះសហគមន៍​កាតូលិក ដែល​បង្កើត​ដោយ​ផ្ទាល់​ដោយ​លោក​អភិបាល​អូលីវីយេ។ ក្នុង​ភូមិ​សិប្បកម្ម​​នេះមាន​​រោង​ចក្រ​ផលិត​ស្ករ​គ្រាប់​ដូង តម្បាញ កាត់​ដេរ​និងប៉ាក់ សិប្បកម្ម​ដូង ជាង​ទង ភោជនីយដ្ឋាន និង​ការផលិត​សាប៊ូ ប្រេង​ដូង។ល។ ក្នុង​ភូមិ​នេះ​បាន​បង្កើត​ការងារ​យ៉ាង​ល្អ​សម្រាប់​ប្រជា​ពលរដ្ឋ ដែល​គេ​អាច​ទទួល​ប្រាក់​កម្រៃ​តាម​កម្រិត​នៃ​ការងារ​របស់​គេ​យ៉ាង​សមរម្យ៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

សាលាសន្តឡាសាលពោធិ៍ធំពង្រីកបេសកកម្មអប់រំកុមារ

នាព្រឹកថ្ងៃទី៣០​ ខែតុលាលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ​ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ​ បានអញ្ជើញជាអធិបតីក្នុងពីធីបាចទឹកព្រះពរ និងសម្ពោធអគារសិក្សាថ្មីសន្តឡាសាលពោធិ៍ធំ​ ​ដែលទទួល​ខុស​ត្រូវ​ដោយ​ក្រុម​បព្វជិត​​ឡាសាល មានទីតាំងក្នុងភូមិពោធិ៍ធំ​ សង្កាត់​អរិយក្សត្រ ក្រុងអរិយក្សត្រ​ ខេត្តកណ្តាល។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបូជាចារ្យ​ បងប្រុស​ បងស្រី​ តំណាងអាជ្ញាធរដែនដី​ សិស្សានុសិស្ស​ អាណាព្យាបាល​ យ៉ាងច្រើនកុះករ​។ មានប្រសាសន៍​សំណេះសំណាលក្នុងពិធីកាត់ខ្សែបូ លោកអភិបាលអូលីវីយ៉េ លើកឡើងថា នៅទីនេះមាតាបិតាមានសំណាងណាស់ ដោយសារកូនៗរៀននៅសាលាដ៏ល្អ មានការអប់រំដ៏ល្អមិនគិតថ្លៃ។ លោកក៏បានថ្លែងអំណរគុណដល់​ក្រុម​បព្វជិត​ឡាសាល

សិស្សនៃ​វិទ្យាល័យសន្តហ្រ្វង់ស្វ័រ ចំនួន​៨នាក់​ ទទួលបាន​និទ្ទេស A ពីការ​​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

សិស្សថ្នាក់ទី១២ ជំនាន់ទី១៩ ឆ្នាំ​សិក្សា​២០២៣-២០២៤ ចំនួន​៨ នាក់របស់​សាលា​ចំណេះទូទៅ​សន្តហ្វ្រង់ស្វ័រ ទទួល​បាននិទ្ទេសA ក្នុង​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះ​បើ​យោង​តាម​លទ្ធផល​ដែល​បាន​បូកសរុប​ដោយ​សាលាផ្ទាល់។ លោកអូលីវីយ៉េ ជ្មីតហស្លេ ជា​ស្ថាបនិក និង​ជា​អភិបាល​ព្រះសហគមន៍កាតូលិកភូមិភាគ​ភ្នំពេញ​មានប្រសាសន៍ថា ក្នុងឆ្នាំនេះ សាលា​មាន៨នាក់ជាប់និទ្ទេសA  ស្មើនឹង២២,២២​ភាគរយនៃសិស្ស៣៦នាក់។ លោក​ថា «នេះ​ជាមោទនភាពរបស់ព្រះសហគមន៍កាតូលិកដែលបានបង្កើតគ្រឹះស្ថានអប់រំ​ដ៏ល្អបំផុត ដែលមានលទ្ធផលប្រហែលជាទទួលបាន លេខមួយនៅទូទាំងប្រទេស ដែលមាននិទ្ទេសA ច្រើនដូចនេះ។» លោក​បញ្ជាក់ថា ជោគជ័យនេះបាន​ដោយសារតែសិស្សសាលារបស់យើងសព្វថ្ងៃ ទទួលការអប់រំពីព្រះសហគមន៍កាតូលិកតាំងពីមត្តេយ្យសិក្សា

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

Subscribe to our newsletter

Don't miss new updates on your email