តំណាង​អន្តរសាសនា ជួប​និង​លើក​ទឹកចិត្ត​ដល់​ជន​ជាប់​ឃុំ​នៅ​ខេត្ត​តាកែវ

ស្តាប់ជាសម្លេង

តំណាង​ប្រតិភូ​អន្តរ​សាសនា​ដែល​ដឹក​នាំ​ដោយ​លោក​អូលីវីយេ ជ្មីត​អីស្ល៊ែរ ជាអភិបាល​​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ រួម​នឹង​មន្ទីរ​ធម្មការ​និងសាសនា​ខេត្ត បាន​អញ្ជើញ​សួរ​សុខ​ទុក្ខ​ទណ្ឌិត និង​ជន​ជាប់​ឃុំ​នៅ​ក្នុង​មន្ទីរ​ពន្ធនាគារ​ខេត្ត​តាកែវ នាថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២០ ដោយ​ទទួល​ស្វាគមន៍យ៉ាង​កក់​ក្តៅ​​ពី​លោក​គង់​ ស៊ីថា ប្រធាន​ពន្ធនាគារ​ខេត្ត​តាកែវ។ 

លោកគង់​ ស៊ីថា ​មាន​ប្រសាសន៍​ថា ការ​សួរ​សុខទុក្ខ​និង​សំណេះ​សំណាល​នៅ​ថ្ងៃនេះ​ ជា​ការ​លើក​ទឹក​ចិត្ត​ដើម្បី​ឲ្យ​ទណ្ឌិតខិត​ខំ​​កែ​ប្រែ​ខ្លួន​ ដើម្បី​ក្លាយជាពលរដ្ឋ​ល្អ​ក្នុងសង្គម។ 

ក្នុង​មន្ទីរ​កែប្រែ​នេះ មាន​ទណ្ឌិត​និង​ជន​ជាប់​ឃុំ​ចំនួន​៨៣០នាក់។ លោក​ស៊ីថា មានប្រសាសន៍​ទៀតថា លោក​សូម​គោរព​និង​ដឹង​គុណ​ដល់​លោកពុក​អូលីវីយេ​ ដែលបាន​ជួយ​ឧបត្ថម្ភ​ដល់​ពន្ធនាគារ​រយៈពេល​កន្លង​មក​រហូត​ដល់​បច្ចុប្បន្ននេះ។ ក្នុងនោះ​រួម​មាន រោង​សម្រាប់​ធ្វើ​កម្មវិធី​ជួប​ជុំ​ មណ្ឌល​សុខភាព ឃោសនសព្ទជាដើម ដែល​ជា​គុណ​បំណាច់​យ៉ាង​ធំ​ធេង ដែល​បាន​យកចិត្ត​ទុក​ដាក់​ ដើម្បី​ជួយ​ដល់​ពន្ធ​នាគារ​ក្នុងវិស័យ​អប់រំ និង​វិស័យ​សុខភាព។​

លោក​ស៊ីថា បន្តថា «នេះ​ជា​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់​លោក​ពុក​អូលីវីយេ ក្នុង​ស្មារតី​ដែលថា ធ្វើ​យ៉ាងម៉េច​ឲ្យ​ពន្ធ​នាគារ​មាន​ការ​រីក​ចម្រើនក្នុងការ​ព្យាបាល​ដល់​បងប្អូន​ជាប់​ឃុំយើង​នេះ។…នេះ​ជា​ការ​ធ្វើ​បុណ្យ​មួយ​យ៉ាង​សំខាន់​ណាស់សម្រាប់​សង្គ្រោះ​ជីវិត»។ 

លោក​ប្រធាន​ពន្ធនាគារ​ក៏​សូម​​ឲ្យ​គ្រប់​ស្ថាបន​នានា​បន្ត​ជួយ​បន្ថែម​ទៀត​លើ​ផ្នែក​ជាច្រើន​ដែល​អាច​ជួយ​បាន​ ដើម្បីជួយ​ដល់​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​ខេត្ត​តាកែវនេះ។

តំណាង​គណៈ​ប្រតិភូ​នោះ​រួម​មាន​ គ្រីស្ត​សាសនា ពុទ្ធសាសនា និង​អ៊ីស្លាម​សាសនា។ ក្នុងនោះ​ដែរ​តំណាង​សាសនា​នីមួយៗ​បាន​រំលឹក​ដាស់តឿន ដល់​ជន​ជាប់​ឃុំ​ទាំង​អស់ ឲ្យ​ខិត​ខំ​កែ​ប្រែ​ខ្លួន អប់រំ​ខ្លួន​ ហើយ​ក្រោយ​ពេល​ចេញ ពី​មណ្ឌល​កែ​ប្រែ​ក្លាយជា​ពលរដ្ឋ​ល្អនៅ​ក្នុង​សង្គមជាតិ។ 

តំណាង​សាសនា​ទាំង​អស់​បាន​រៀបចំ​ពិធី​អធិដ្ឋាន​និង​សូត្រ​ធម៌​ ប្រោះ​ព្រំ​លើ​​ជន​ជាប់​ឃុំ​ទាំង​អស់ តាម​របៀប​សាសនា​រៀង​ៗ​ខ្លួន និង​ផ្តល់​ជា​មតិយោបល់​នានា​ដើម្បី​​ណែនាំ​ដល់​អ្នក​ជាប់​ឃុំ​ទាំងអស់​​។ ​ក្នុងនោះ​ដែរ​ លោកអភិបាល​អូលីវីយេ មាន​ប្រសាសន៍​ដោយ​លើក​យក​នូវ​តម្លៃនៃ​សេរីភាព​របស់​មនុស្ស។

លោក​អភិបាល​​អូលីវីយេ សង្កត់​ធ្ងន់​ថា «សេរីភាព​គឺ​ទីពឹង​លើ​គ្រួសារ​ ទីពឹង​លើ​ការ​ជួយ​គ្នា​ទៅវិញ​ទៅ​មក និង​ការ​រក​ស៊ី​ផ្ទាល់​ខ្លួន​ដើម្បី​ឲ្យ​គ្រួសារ​យើង​មាន​ម្ហូប​អាហារ​គ្រប់​គ្រាន់ ទីពឹង​លើ​ការ​សិក្សា​ដើម្បី​ណែនាំ​ឲ្យ​កូន​ចៅ​យើង​មាន​ចំណេះ​ដឹងដើម្បី​រៀបចំ​អនាគត និង​ទីពឹង​លើ​សាសនាដើម្បីទទួលការ​អប់រំ ដើម្បីទទួលកម្លាំង​ ដើម្បីទទួល​វិន័យរៀបចំ​ខ្លួន​របស់​យើង»។

ដើម្បី​បញ្ជាក់​អំពី​អត្ថន័យ​ដ៏​មាន​តម្លៃនៃ​សេរីភាព​របស់​មនុស្ស លោកអភិបាល​ក៏​បាន​រំលឹក​អំពី​​ការ​បាត់​បង់​សេរីភាព​របស់​ប្រជាជន​​កម្ពុជា​នៅ​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ប៉ុល​ពត ដែល​ធ្វើ​ឲ្យ​​​គ្រួសារ​បាក់​បែក​គ្នា គ្មាន​សិទ្ធិ​សេរីភាព​ជ្រើ​សរើស​គូ​ស្រករ គ្មាន​ការ​អប់រំ​រៀន​សូត្រ និង​គ្មាន​ការ​ប្រណិបតន៍​សាសនា​ជាដើម។

ក្នុងនោះ​ដែរ​លោកអភិបាល​បាន​លើក​ទឹក​ចិត្ត​ដល់​ជន​ជាប់​ឃុំ​ទាំង​អស់ ដោយ​បន្ថែមថា «ជីវិត​របស់​យើង​ដែល​កំពុង​ជាប់​ឃុំ​ឃាំង បីដូច​ជាដីហុយ​ ប៉ុន្តែ​ខាង​ក្នុង​យើង​នៅ​ស្អាត​ដដែល​ នៅ​ពេល​ដែល​យើង​បោស​ធូលីចេញ​ យើង​ឃើញ​មនុស្ស​ម្នាក់​យ៉ាង​ស្អាត​បំផុត។ ដូច្នេះ​ពេលវេលា​ដែល​យើង​មាននៅ​ក្នុងមន្ទីរ​ឃុំ​ឃាំង​នេះ ជា​ពេលវេលា​ដែល​យើង​ត្រូវ​បោស​ធូលី​ដែល​ណែនាំ​ឲ្យ​យើង​ជាមនុស្ស​អត់​សូវ​ស្អាត ដើម្បី​បង្ហាញ​ទ្រព្យ​សម្បត្តិ​ដែល​​យើង​មាន​​រៀងៗ​ខ្លួន​»។ 

ក្នុងពិធី​នេះ​ក៏​មាន​ផ្តល់​ជូន​ដល់​ជន​ជាប់​ឃុំ​ទាំងអស់​នូវ​សម្ភារ​ប្រើ​ប្រាស់​មួយ​ចំនួន​ ដើម្បី​លើក​ទឹក​ចិត្ត​និង​ផ្តល់​កំលាំង​ចិត្ត​ដល់​​ពួកគាត់​។

បន្ទាប់​មក​ តំណាង​ទាំង​នោះ​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​មន្ទីរ​កែប្រែ​ថ្មី​ដែល​មាន​ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ពី​ទីតាំង​ចាស់ ស្ថិត​នៅ​ក្នុងទីរួម​ខេត្ត​តាកែវ។ ក្នុងទីតាំង​ថ្មីនេះ ក៏​មាន​នូ​វ​អគារ​​សម្រាប់​ពិនិត្យ​សុខភាព​មួយ​ខ្នងដែល​ឧបត្ថម្ភដោយ​លោក​អភិបាល​អូលីវីយេ។ លោក​អភិបាល​ឲ្យ​ដឹងថា លោក​នឹង​បំពាក់​ឧបករណ៍​មួយ​ចំនួន​បន្ថែម​ទៀត​ដើម្បី​ជួយ​សម្រួល​ដល់​សកម្មភាព​សុខ​ភាព​នេះ។ 

កម្មវិធី​សួរសុខ​ទុក្ខជន​ជាប់​ឃុំ​ និង​ជួប​សំណេះ​សំណាល​​ជាមួយ​តំណាងអន្តរសាសនានេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ព្រះសហគមន៍​កាតូលិក ដែលមាន​លោក​អភិបាល​អូលីវីយេ​ជា​អធិបតី ដើម្បី​ភាព​សុកដុមនីយកម្ម​សាសនា​ក្នុង​ខេត្ត​តាកែវ ក៏​ដូចជា​ក្នុងប្រទេស​កម្ពុជា៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

សាលាសន្តឡាសាលពោធិ៍ធំពង្រីកបេសកកម្មអប់រំកុមារ

នាព្រឹកថ្ងៃទី៣០​ ខែតុលាលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ​ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ​ បានអញ្ជើញជាអធិបតីក្នុងពីធីបាចទឹកព្រះពរ និងសម្ពោធអគារសិក្សាថ្មីសន្តឡាសាលពោធិ៍ធំ​ ​ដែលទទួល​ខុស​ត្រូវ​ដោយ​ក្រុម​បព្វជិត​​ឡាសាល មានទីតាំងក្នុងភូមិពោធិ៍ធំ​ សង្កាត់​អរិយក្សត្រ ក្រុងអរិយក្សត្រ​ ខេត្តកណ្តាល។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបូជាចារ្យ​ បងប្រុស​ បងស្រី​ តំណាងអាជ្ញាធរដែនដី​ សិស្សានុសិស្ស​ អាណាព្យាបាល​ យ៉ាងច្រើនកុះករ​។ មានប្រសាសន៍​សំណេះសំណាលក្នុងពិធីកាត់ខ្សែបូ លោកអភិបាលអូលីវីយ៉េ លើកឡើងថា នៅទីនេះមាតាបិតាមានសំណាងណាស់ ដោយសារកូនៗរៀននៅសាលាដ៏ល្អ មានការអប់រំដ៏ល្អមិនគិតថ្លៃ។ លោកក៏បានថ្លែងអំណរគុណដល់​ក្រុម​បព្វជិត​ឡាសាល

សិស្សនៃ​វិទ្យាល័យសន្តហ្រ្វង់ស្វ័រ ចំនួន​៨នាក់​ ទទួលបាន​និទ្ទេស A ពីការ​​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

សិស្សថ្នាក់ទី១២ ជំនាន់ទី១៩ ឆ្នាំ​សិក្សា​២០២៣-២០២៤ ចំនួន​៨ នាក់របស់​សាលា​ចំណេះទូទៅ​សន្តហ្វ្រង់ស្វ័រ ទទួល​បាននិទ្ទេសA ក្នុង​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះ​បើ​យោង​តាម​លទ្ធផល​ដែល​បាន​បូកសរុប​ដោយ​សាលាផ្ទាល់។ លោកអូលីវីយ៉េ ជ្មីតហស្លេ ជា​ស្ថាបនិក និង​ជា​អភិបាល​ព្រះសហគមន៍កាតូលិកភូមិភាគ​ភ្នំពេញ​មានប្រសាសន៍ថា ក្នុងឆ្នាំនេះ សាលា​មាន៨នាក់ជាប់និទ្ទេសA  ស្មើនឹង២២,២២​ភាគរយនៃសិស្ស៣៦នាក់។ លោក​ថា «នេះ​ជាមោទនភាពរបស់ព្រះសហគមន៍កាតូលិកដែលបានបង្កើតគ្រឹះស្ថានអប់រំ​ដ៏ល្អបំផុត ដែលមានលទ្ធផលប្រហែលជាទទួលបាន លេខមួយនៅទូទាំងប្រទេស ដែលមាននិទ្ទេសA ច្រើនដូចនេះ។» លោក​បញ្ជាក់ថា ជោគជ័យនេះបាន​ដោយសារតែសិស្សសាលារបស់យើងសព្វថ្ងៃ ទទួលការអប់រំពីព្រះសហគមន៍កាតូលិកតាំងពីមត្តេយ្យសិក្សា

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

Subscribe to our newsletter

Don't miss new updates on your email