យុវជន យុវនារី កាតូលិកបង្ហាញជំនឿដោយថ្មើរជើងចម្ងាយជិត២០គីឡូម៉ែត្រ

យុវជន យុវនារី និងគ្រីស្តបរិស័ទប្រមាណ២៥០នាក់នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានធ្វើដំណើរបូជនីយេស៍នៅ​ខេត្ត​កំពង់​ធំ រៀបចំដោយការិយាល័យ យុវជន ជំទង់ និងកុមារ ភូមិភាគភ្នំពេញ ពីថ្ងៃទី ២៥ដល់ថ្ងៃទី២៧ មករា ២០១៩ ក្រោមការណែនាំពី​លោកអភិបាល អូលីវីយេ ជ្មីតអីស៊្លែរ។

លោក ស៊ាន់ សារឿន ប្រធានការិយាល័យ យុវជន ជំទង់ និងកុមារ បានឲ្យដឹងថា បូជនីយេសក៍ចរនេះគឺជាលើកទី៩ ដោយថ្មើរជើងចំងាយ​១៩​គីឡូ ពី​ព្រះសហគមន៍​ភូមិប៉ាង​ទៅកាន់ព្រះសហគមន៍តាំងគោក ក្នុងខេត្តកំពង់ធំ ជាដីមរណសាក្សីនៃព្រះសហគមន៍កាតូលិកកម្ពុជា។ បូជនីយេសក៍នេះ ធ្វើ​ឡើង​​លើ​ប្រធានបទ “នាងខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់ សូមឲ្យបានសម្រេចតាមពាក្យរបស់លោកចុះ!” (លក ១,៣៨) ស្រប​តាម​​ទិវាយុវជនទូទាំងពិភពលោក នៅប្រទេស​ប៉ាណាម៉ា។

លោកសារឿន បន្ថែមថា បូជនីយចរនេះ គឺដើម្បីបង្ហាញពីជំនឿ និងសេចក្តីសង្ឃឹមតាមរយៈការអធិដ្ឋាន។ «យើង​ឃើញថា នៅ​ពេល​យើង​ដើរ​ បងប្អូន​(ប្រជាជន) គាត់​ចាប់អារម្មណ៍​ ខ្លះ​គាត់​សួរ​យើងថា​យើង​កំពុង​ធ្វើអី ហើយ​ដើរ​ពីណាមក ដើរធ្វើអី ជាដើម។» លោកសារឿន បញ្ជាក់។

ក្នុង​ការ​ធ្វើដំណើរនេះ ត្រូវ​ចំណាយ​ពេល​៦ម៉ោង ពី​ព្រឹក​រហូត​ដល់​រសៀល ដែលក្នុងនោះ​ត្រូវ​បាន​បែង​ចែក​ជាបីដំណាក់កាល។ ក្នុងដំណាក់កាលនីមួយៗ យុវជន យុវនារី ទាំងអស់បានទទួលការអប់រំពីលោកអភិបាលអូលីវីយេ ទាក់ទង​នឹង​ការ​ស្គាល់​ខ្លួន​ឯង ការ​ជ្រើសរើស​ជន​គំរូ​សម្រាប់​ជីវិត​រស់នៅ និងការ​កំណត់​ទិសដៅ​របស់ខ្លួន​ ដោយ​ផ្សារភ្ជាប់​ជាមួយ​ជំនឿ​យ៉ាងរឹងមាំ ដើម្បី​ប្រកាស​ដំណឹងល្អ និង​ស្រឡាញ់​អ្នក​ដទៃ​ដូច​ព្រះយេស៊ូ​បាន​ស្រឡាញ់​មនុស្ស​លោក។

នៅ​ថ្ងៃ​បិទបញ្ចប់​នៃ​កម្មវិធី​លោក​អភិបាល​បាន​ថ្វាយអភិ​បូជា​បិទ​ ដោយ​រំលឹក​អំពី​ជីវិត​អស់លោក​ដែល​បាន​ស្លាប់​ដោយ​សារ​ជំនឿ​ក្នុងរបប​ប្រល័យពូជសាសន៍ប៉ុលពត​ មានលោក​អភិបាល​ឆ្មារ សាឡាស លោក​បូជាចារ្យឆ្មារ ​សាឡឹម លោកបូជាចារ្យ ទ្រឿង សំរើនជាដើម ជា​គំរូនៃ​ជំនឿ​សម្រាប់​គ្រីស្ត​បរិស័ទ។  អភិបូជានេះ បាន​ធ្វើ​ឡើង​ក្នុងខ្ទមដែល​ដាក់​គ្រែ​របស់​អស់​លោក​ដែល​បាន​ថ្វាយ​អភិបូជា​រួម​គ្នា​មុន​ពេល​បាត់​ដំណឹង​ឬ​ទទួល​រមណភាព​។ លោកអភិបាល​មាន​ប្រសាសន៍​ថា «យើងមានឧបសគ្គនៅក្នុងជីវិត តែសំខាន់សូមឲ្យយើងការពារថែរក្សាជំនឿរបស់យើង ទោះបីមានគេរិះគន់ មានគេនិយាយដើមក៏ដោយ»

អភិបូជាបិទ​កម្មវិធីនេះ គឺស្របពេលទិវា​យុវជនពិភពលោកត្រូវ​បាន​បិទ​បញ្ចប់ផងដែរ។

បន្ទាប់​ពី​បញ្ចប់​កម្មវិធីនេះ លោក ស៊ាន់ សារឿន សូម​ឲ្យ​អ្នកចូលរួមទាំងអស់បន្តការអធិដ្ឋានដល់យុវជនកម្ពុជា ក៏ដូចជាយុវជនទូទាំងពិភពលោក។ លោកក៏​រំពឹង​ថា «អ្នកដែលចូលរួមនឹងទទួលបាននូវអ្វីដែលថ្មី និងមានជំនឿរឹងមាំថែមទៀត ដើម្បីបម្រើព្រះសហគមន៍ និងសង្គម ដោយចែករំលែកសេចក្តីស្រឡាញ់ទាំងនៅក្នុងគ្រួសារ និងមនុស្សនៅជុំវិញខ្លួនផងដែរ»

កញ្ញា ចឹម ស្រីមិច យុវនារីមកពីព្រះវិហារព្រះកុមារយេស៊ូ (បឹងទំពុន) បានឲ្យដឹងថា «ខ្ញុំមានអំណរសប្បាយដែលបានដើរក្នុងព្រះនាមព្រះជាម្ចាស់ ហើយវត្តមានរបស់ព្រះជាម្ចាស់បានជួយជំរុញឲ្យខ្ញុំដើរទៅមុខ» នាង​ប្រាប់​ទៀតថា នាង​តែង​តែ​មក​ចូលរួម​កម្មវិធីនេះជារៀងរាល់ឆ្នាំ​ដោយ​សារ​​បានជួបមុខយុវជន យុវនារីថ្មីៗហើយប្រធានបទក៏ថ្មីជារៀងរាល់ឆ្នាំ។

មុនពេល​បញ្ចប់​កម្មវិធី លោកអភិបាលអូលីវីយេ បានប្រកាសថា ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញនឹងបន្តធ្វើបូជនីយេស៍សម្រាប់ឆ្នាំ២០២០ ទៅកាន់ភ្នំជីសូរ ដោយធ្វើដំណើររយៈពេលពីរថ្ងៃ។ បូជនីយេស៍លើកដំបូងបានចាប់ផ្តើមឡើងកាលពី​ឆ្នាំ២០១០៕

ដោយ​ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email