ដូនជីសារិន ថ្វាយពាក្យសច្ចានិរន្តរ៍

«នាង​ខ្ញុំ​បាន​សរសេរ​ឯកសារ​នេះ ដោយ​ដៃ​ខ្លួន​ខ្ញុំ​ផ្ទាល់ ហើយ​ខ្ញុំ​សូម​ចុះ​ហត្ថលេខានៅ​លើ​អសនៈនេះ។ នៅ​ពេលនេះ ជីវិត​របស់​ខ្ញុំ ចូលរួមជាមួយ​ជារៀង​រហូតជាមួយ​នឹងសក្ការបូជា​របស់​ព្រះគ្រីស្ត​។ តាម​រយៈ​ព្រះបន្ទូល​ព្រះអង្គ សូម​ព្រះអង្គ​ទទួល​នាង​ខ្ញុំ ឲ្យ​ខ្ញុំ​អាច​រក​ឃើញ​ជីវិត​តែ​នៅ​ក្នុង​ព្រះអង្គ»។

នេះ​ជា​សម្តី​របស់​ដូន​ជី ម៉ារីយ៉ា ដូមីនីកា ម៉ាស្សារេឡូ អេង សារិន ដែល​បាន​ថ្វាយពាក្យ​សច្ចា​និរន្តរ៍​ក្នុងក្រុម​គ្រួសារ​បុត្រីព្រះនាងម៉ារីជាទីពំនឹងពំនាក់នៃ​សាលេស៊ាន​ដុន​បូស្កូ នាព្រឹក​ថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ​២០២០​នេះ។

កម្មវិធីនេះ បាន​ធ្វើ​ឡើង​​ក្រោម​អធិបតីភាព​របស់​លោក ​ប្រ៊ុយណូ កូសម៍ ជា​អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​កំពង់ចាម ​នៅ​សាលា​វិទ្យាល័យ​ដុន​បូស្កូ​ទឹកថ្លា នា​រាជធានីភ្នំពេញ។

ដោយ​សារ​តែ​កូវីដ​១៩ ក្រុម​ដូនជី​​បាន​អញ្ជើញ​ភ្ញៀវ​តិច​តួច​បំផុត​ចូលរួម​ក្នុងកម្មវិធីនេះ ដែលមាន​ដូចជា លោកបូជាចារ្យ​៩​អង្គ បងស្រី​ប្រធាន​ក្រុម​គ្រួសារ និង​សមាជិក​នៃ​ក្រុម​គ្រួសារ​ដូនជី រួម​នឹង​បងប្អូន​សាច់​ញាតិ​របស់បងស្រី​សារិន។

​​ក្នុងពិធី​ថ្វាយអភិបូជា​ ដើម្បីអរព្រះគុណ​ព្រះជាម្ចាស់ លោកអភិបាល​ប្រ៊ុយណូ កូសម៍ មាន​ប្រសាសន៍​ថា អ្វីដែល​បង​ស្រី​បាន​ធ្វើ​ក្នុង​ថ្ងៃនេះ គឺ​ថ្វាយ​ខ្លួន​ទាំង​ស្រុង​។ ដូច​នៅ​ក្នុងអត្ថបទ​គម្ពីរ​ ព្រះយេស៊ូ​បាន​ប្រាប់​ដល់​មនុស្ស​ជា​ច្រើន​ថា ត្រូវ​ថ្វាយ​ខ្លួន​ដោយ​ចេញពី​ចិត្ត​ គឺ​ថ្វាយ​ខ្លួន​ទាំង​ស្រុង ដែល​ជា​ជម្រើស​អចិន្ត្រៃ​ មិន​មែន​តែ​ម្តង តែ​ជា​រៀង​រហូត។ លោកអភិបាល៖ «ជំនឿ​របស់​យើង​គឺ​យើង​ថ្វាយ​ខ្លួន​ ដើម្បីជួយ​អ្ន​ក​ដទៃដែរ»។

លោកអភិបាល​បញ្ជាក់​ថា អ្វីដែល​យើង​ធ្វើ​គឺ​មិន​មែន​សម្រាប់​ខ្លួន​ឯង គឺ សម្រាប់​អ្នកដទៃ ហើយ​អ្វីៗ​ដែល​យើង​អាច​ធ្វើ​ទៅ​បាន ដោយសារ​ព្រះអង្គ​ប្រទាន​កម្លាំងទាំងស្រុង​ ​ ហើយ​កម្លាំង​របស់​បងស្រី​​ ក៏បាន​មក​ពី​ក្រុម​គ្រួសារអ្នកបួស​ដែរ ដែលបាន​ជួយ​គ្នា​ឲ្យ​ទៅមុខ។ ដូច្នេះ​ បងស្រី​មិន​នៅ​ម្នាក់ឯងទេ។​

ជាមួយ​គ្នានេះដែរ ដូនជីសារិន មាន​ប្រសាសន៍ថា ក្នុងជីវិត​ជា​អ្នក​បួស​រយៈ​ពេល​៧​ឆ្នាំ​មក​នេះ ជួប​ឧបសគ្គ​ជាច្រើន ប៉ុន្តែ​អ្វីដែល​អាច​ជំនះ​នូវ​របាំង​នេះ គឺ​ការ​អធិដ្ឋាន​និង​ទទួល​ស្គាល់​សេចក្តីស្រឡាញ់​របស់​ព្រះជាម្ចាស់​ដ៏​លើសលប់​ចំពោះ​រូប​គាត់​ផ្ទាល់។

ដូនជីសារិន «ទោះ​បី​ជា​ឧបសគ្គ​ហ្នឹង​វា​ពិបាក មើល​ទៅ​ដូច​ថា វា​ធ្ងន់​ធ្ងរ​យ៉ាង​ណា​ក៏ដោយ ប៉ុន្តែ​វា​អត់​ធំជាង​សេចក្តីស្រឡាញ់​របស់ព្រះជាម្ចាស់ដែល​ខ្ញុំទទួល​បានទេ»។

ក្នុង​បេសកកម្ម​ជា​ដូន​ជី​កាតូលិក​នៅ​ក្នុង​ក្រុម​គ្រួសារ​សាលេស៊ាន​ដុន​បូស្កូ ដូន​ជី​រូប​នេះ​ បាន​ខិត​ខំ​ប្រើ​ប្រាស់​អំណោយ​ទាន​ដែល​ព្រះជាម្ចាស់​ប្រទាន​មក​ ចែក​ចាយ​ដល់​យុវជន និង​កុមារ​នៅ​ក្នុង​សាលា​តាម​រយៈ​កិច្ច​ការ​​បង្រៀន។

ក្រុម​គ្រួសារ​បុត្រី​ព្រះនាង​ម៉ារីជាទីពំនឹង​ពំនាក់ ជា​ក្រុម​គ្រួសារ​មួយ​ដែល​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ផ្នែក​អប់រំ​កុមារ​និង​យុវជន តាម​ស្មារតី​ផ្លូវ​វិញ្ញាណ​របស់​លោក​បូជាចារ្យ​យ៉ូហាន​បូស្កូ និង​អ្ន​ក​ម្តាយ​ម៉ាហ្សារ៉េឡូ ដែល​ជាអ្នក​បង្កើត​ក្រុម​គ្រួសារ​ដូនជី​នេះ។

ដូនជី​សារិន បាន​អំពាវ​នាវ ដល់​យុវតី​ដែលមាន​បំណង​ចង់​ចូលរួម​បម្រើ​ព្រះជាម្ចាស់​ជាអ្នក​បួស ឲ្យ​មាន​ចិត្ត​ក្លាហាន ឆ្លើយ​តប​នឹង​ការ​ត្រាស់​ហៅនេះ។

ដូន​ជីសារិន «ជីវិត​នៅ​ក្នុងការ​ដើរ​តាម​ព្រះជាម្ចាស់​មិន​មែន​ស្រួល ក៏​ប៉ុន្តែ​វា​អស្ចារ្យ​ ព្រោះ​យើង​បាន​ជិត​ស្និទ្ធ​ជាមួយព្រះជាម្ចាស់​តាម​រយៈ​អ្វីដែលយើង​អាច​ធ្វើ​បាន… ហើយ​ពេលនោះ​ព្រះអង្គនឹង​ប្រទាន​ពរ​ឲ្យ​យើង​ក្លាយជា​សន្តសន្តី​នៅ​ក្នុង​អាថ៌កំបាំង​ ក្នុងព្រះហឫទ័យ​របស់​ព្រះជាម្ចាស់»។​

អ្នកស្រីអ៊ុំ​ មុំ អាយុ​៧៤​ឆ្នាំ ជាម្តាយ​របស់​ដូនជី​សារិន មាន​ប្រសាសន៍ថា​ កាលពី​ដំបូង​គាត់​មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេចចិត្ត​របស់​កូន​ស្រីទេ ប៉ុន្តែ​ការ​លើកទឹក​ចិត្ត​​ពី​ស្វាមី​បាន​ធ្វើ​ឲ្យ​អ្នកស្រី​ផ្លាស់​ប្តូរ​គំនិត។

អ្នកស្រី​បញ្ជាក់​អំពី​អារម្មណ៍នៅ​ពេល​បច្ចុប្បន្ន​ថា «មានការ​ត្រេក​អរ​ច្រើនណាស់ រាល់​ថ្ងៃ​សប្បាយចិត្ត​ហ្មង។ អត់​មាន​តក់​ស្លុត អត់​មាន​ថា​ កូន​ហៅ​មក​អីចឹងមិន​ចង់​មក​មិន​ចង់អី អត់ទេ»។

ដូនជី​ម៉ារីយ៉ា ដូមីនីកា ម៉ាស្សារេឡូ  អេង សារិន កើត​នៅ​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​១៩៨១ នៅ​ អូរបែកក្អម សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​ ដែល​មាន​គ្រួសារ​ជា​ពុទ្ធបរិស័ទ។ បងស្រី​ជាកូន​ទី​៤​ ក្នុងចំណោម​​កូន​ប្រុស​ស្រី​៧នាក់។

ក្នុង​ឆ្នាំ​២០០២​បងស្រី​សារិន​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​ដុនបូស្កូ​ផ្នែក​នារី លើ​ជំនាញ​វិជ្ជា​មេផ្ទះ​និង​សណ្ឋាគារ​ ហើយ​បាន​ធ្វើ​ការងារ​មួយ​រយៈ​ជាមួយ​ក្រុម​គ្រួសារ​​បុត្រីព្រះនាងម៉ារីជាទីពំនឹងពំនាក់។ ក្រោយ​មក​បងស្រី​ចាប់​ផ្តើម​ឈ្វេង​យល់​បន្ថែម​អំពី​ជីវិត​នៃ​ការត្រាស់​ហៅ​ ហើយ​បាន​សម្រេចចិត្ត​សាក​ល្បង​ក្នុង​ឆ្នាំ​២០០៧ និង​បាន​បន្ត​ការសិក្សា​ជា​ដូន​ជី​នៅ​ប្រទេស​ហ្វីលីពីន។

នៅ​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០១៣ បងស្រី​អេង សារិន​បាន​ថ្វាយ​ពាក្យ​សច្ចា​លើក​ដំបូង​ក្នុង​ក្រុម​គ្រួសារ​បុត្រីព្រះនាងម៉ារីជាទីពំនឹងពំនាក់នៃ​សាលេស៊ាន​ដុន​បូស្កូ។

ក្រុម​គ្រួសារ​ដូនជីនេះ បច្ចុប្បន្ន​មាន​សមាជិក​ខ្មែរ​ចំនួន​៤​នាក់៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email