ដូនជីសារិន ថ្វាយពាក្យសច្ចានិរន្តរ៍
«នាងខ្ញុំបានសរសេរឯកសារនេះ ដោយដៃខ្លួនខ្ញុំផ្ទាល់ ហើយខ្ញុំសូមចុះហត្ថលេខានៅលើអសនៈនេះ។ នៅពេលនេះ ជីវិតរបស់ខ្ញុំ ចូលរួមជាមួយជារៀងរហូតជាមួយនឹងសក្ការបូជារបស់ព្រះគ្រីស្ត។ តាមរយៈព្រះបន្ទូលព្រះអង្គ សូមព្រះអង្គទទួលនាងខ្ញុំ ឲ្យខ្ញុំអាចរកឃើញជីវិតតែនៅក្នុងព្រះអង្គ»។ នេះជាសម្តីរបស់ដូនជី ម៉ារីយ៉ា ដូមីនីកា ម៉ាស្សារេឡូ អេង សារិន ដែលបានថ្វាយពាក្យសច្ចានិរន្តរ៍ក្នុងក្រុមគ្រួសារបុត្រីព្រះនាងម៉ារីជាទីពំនឹងពំនាក់នៃសាលេស៊ានដុនបូស្កូ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ។ កម្មវិធីនេះ បានធ្វើឡើងក្រោមអធិបតីភាពរបស់លោក ប្រ៊ុយណូ កូសម៍ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម នៅសាលាវិទ្យាល័យដុនបូស្កូទឹកថ្លា នារាជធានីភ្នំពេញ។ ដោយសារតែកូវីដ១៩ ក្រុមដូនជីបានអញ្ជើញភ្ញៀវតិចតួចបំផុតចូលរួមក្នុងកម្មវិធីនេះ ដែលមានដូចជា លោកបូជាចារ្យ៩អង្គ បងស្រីប្រធានក្រុមគ្រួសារ និងសមាជិកនៃក្រុមគ្រួសារដូនជី រួមនឹងបងប្អូនសាច់ញាតិរបស់បងស្រីសារិន។ ក្នុងពិធីថ្វាយអភិបូជា ដើម្បីអរព្រះគុណព្រះជាម្ចាស់ លោកអភិបាលប្រ៊ុយណូ កូសម៍ មានប្រសាសន៍ថា អ្វីដែលបងស្រីបានធ្វើក្នុងថ្ងៃនេះ គឺថ្វាយខ្លួនទាំងស្រុង។ ដូចនៅក្នុងអត្ថបទគម្ពីរ ព្រះយេស៊ូបានប្រាប់ដល់មនុស្សជាច្រើនថា ត្រូវថ្វាយខ្លួនដោយចេញពីចិត្ត គឺថ្វាយខ្លួនទាំងស្រុង ដែលជាជម្រើសអចិន្ត្រៃ មិនមែនតែម្តង តែជារៀងរហូត។ លោកអភិបាល៖ «ជំនឿរបស់យើងគឺយើងថ្វាយខ្លួន ដើម្បីជួយអ្នកដទៃដែរ»។ លោកអភិបាលបញ្ជាក់ថា អ្វីដែលយើងធ្វើគឺមិនមែនសម្រាប់ខ្លួនឯង គឺ សម្រាប់អ្នកដទៃ ហើយអ្វីៗដែលយើងអាចធ្វើទៅបាន …