លោកអភិបាល ៖ «ជួង ដូចជាព្រះសូរសៀងនៃការត្រាស់ហៅរបស់ព្រះជាម្ចាស់»

អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធជើងជួងនិងជួងថ្មី នៅព្រះសហគមន៍ព្រះត្រៃឯកគិរីវង់ ក្នុងមណ្ឌលសកម្មភាពតាកែវ ភូមិភាគភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។

លោកអភិបាល អូលីវីយ៉េ បានថ្លែងទៅ​កាន់តំណាងគ្រីស្តបរិស័ទ និង​អ្នកចូលរួមទាំងអស់​នាពេល​នោះថា ថ្ងៃនេះយើងសូមព្រះជាម្ចាស់ប្រទានព្រះពរលើជួងថ្មីនេះ។ នេះជាឱកាសមួយដើម្បីនឹកឃើ​ញ​វត្តមានរបស់ព្រះជាម្ចាស់នៅក្នុងភូមិរបស់យើង មិនមែនជាវត្តមានស្ងាត់ៗ ប៉ុន្តែតាមរយៈសំលេងជួងយើងដឹងថាព្រះជាម្ចាស់កំពុងត្រាស់ហៅយើង។

លោកបាន​មានប្រសាសន៍ថា ៖ «យើងដឹងថាព្រះជាម្ចាស់ណែនាំឲ្យយើងភ្ញាក់ស្មារតីដឹងថាម៉ោងនេះជាម៉ោងអធិដ្ឋាន ម៉ោងនេះជាម៉ោងអរព្រះគុណព្រះជាម្ចាស់ ម៉ោងនេះជាម៉ោងជួបជុំគ្នា ម៉ោងនេះជាម៉ោងអធិដ្ឋានម្នាក់ឯង…»។

លោកអភិបាលបន្តថា ថ្ងៃនេះ លោកសូមអរព្រះគុណព្រះជាម្ចាស់សម្រាប់ព្រះសហគមន៍ដ៏តូចរបស់យើង ដែលបានកើតឡើងនៅឆ្នាំ២០០៣រហូតមកដល់ឆ្នាំ២០២១នេះ យើងបានចាប់ផ្តើមពិធីជ្រមុជទឹកពីឆ្នាំ២០០៦ ឆ្នាំ២០០៧បានសាងសង់សាលាមត្តេយ្យ។ ឆ្នាំ២០០៨-២០០៩ យើងបានសាងសង់ព្រះវិហារ និងឥឡូវនេះព្រះសហគមន៍បានចាក់គ្រឹះនៅក្នុងទេសភាពនៃភូមិព្រៃជើងស្រុកគិរីវង់នេះ ។

លោកអភិបាល អូលីវីយ៉េ លើកឡើងថា ៖ «សូមព្រះជាម្ចាស់ប្រទានព្រះពរដល់បងប្អូនទាំងអស់ សូមឲ្យឆ្នាំ២០២១នេះ យើងពោរពេញដោយសេចក្តីសុខ និងជាពិសេសឲ្យយើងការពារសុខភាពដើម្បីឈ្នះជំងឺកូវីដ-១៩រួមជាមួយគ្នា»។

បូជាចារ្យទទួលខុសត្រូវព្រះសហគមន៍ក្នុងមណ្ឌលសកម្មភាពតាកែវ លោកហ្វេសរ៉ាណាន់ដូ ក៏បានលើកឡើងនាពេលនោះដែរថា ជួងនេះមានឈ្មោះថា ព្រះត្រៃឯក ដូចឈ្មោះព្រះសហគមន៍ដែរ។

លោកថា៖ «តាមពិត សារៈសំខាន់នៃការកសាងជួងនេះ គឺជាវប្បធម៌របស់ព្រះសហគមន៍ទូទាំងសកលលោក ដើម្បីរំលឹកបងប្អូនឲ្យចូលក្នុងព្រះសហគមន៍ ឲ្យចូលនៅក្នុងព្រះវិហារ ដើម្បីអធិដ្ឋាន និងនឹកឃើញព្រះវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងដំណើរជីវិតរបស់គាត់ផងដែរ»។

លោកបូជាចារ្យបាន​បន្តថា ក្នុងការសាងសង់ជើងជួងនិងជួងនេះ ព្រះសហគមន៍បានទទួលជំនួយពីសប្បុ​រសជនមកពីប្រទេសវៀតណាម តាមរយៈលោកបូជាចារ្យ​ទីន នៅព្រះសហគមន៍ជ្រៃធំ និងគ្រួសារអ្នកស្រី​សុខឡែន ដែលជាគ្រីស្តបរិស័ទមកព្រះសហគមន៍ទួលតាំង។

លោក ហ្វេសរ៉ាណាន់ដូ បានមានប្រសាសន៍ថា ៖ «បន្ទាប់ពីមានជួងនៅក្នុងព្រះសហគមន៍យើង ខ្ញុំសង្ឃឹមថា យើងនឹងជួបជុំគ្នា ជាព្រះសហគមន៍ជាធ្លុងតែមួយ ហើយយើងទទួលស្គាល់ថាគ្រប់ពេលដែលយើងលឺសូរសំលេងជួងនេះ គឺដូចជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ដែលកំពុងតែលើកទឹកចិត្ត និងជម្រុញឲ្យបងប្អូនមានជំនឿកាន់តែរឹងមាំ ដោយដឹងថាពិតប្រាកដមែនព្រះជាម្ចាស់គង់នៅជាមួយបងប្អូនជាប្រចាំ»។

លោក​បាន​បន្ថែមទៀតថា លោក​សូមអរព្រះគុណព្រះជាម្ចាស់ សម្រាប់ឧបករណ៍ និងមធ្យោបាយទាំងប៉ុន្មានដែលកំពុងតែប្រើប្រាស់ ឬកំពុងមាននៅក្នុងព្រះសហគមន៍ ដើម្បីបន្តបង្ហាញទាំងព្រះវត្តមានរបស់ព្រះជាម្ចាស់ ព្រម​ទាំងព្រះបន្ទូលរបស់ព្រះជាម្ចាស់ចំពោះបងប្អូនឯទៀតៗផងដែរ​។

លោក អ៊ូ ចយ ប្រធានព្រះសហគមន៍ព្រះត្រៃឯកគិរីវង់ បាន​ឱ្យ​ដឹងដែរថា ចំពោះការកសាងជើងជួងក៏ដូចជាការវាយជួយ អាជ្ញាធរមូលដ្ឋាននៅទីនេះក៏បានយល់ព្រម និងមានអំណរសប្បាយជាមួយព្រះសហគមន៍ដែរ។

លោកមានប្រាប់ថា ៖ «សម្រាប់ខ្ញុំជាគ្រីស្តបរិស័ទ ជួងមានន័យសំខាន់ណាស់ចំពោះគ្រីស្តបរិស័ទយើង ព្រោះថា ជួងជាសញ្ញាណែនាំឲ្យយើងដឹងពេលវេលា ដូចជាព្រះជាម្ចាស់បានផ្តល់ដំណឹងដល់យើង ឲ្យធ្វើដំណើរមកព្រះវិហារ ដើម្បីចូលរួមអភិបូជាឬអធិដ្ឋាន»។

ប្រធានព្រះសហគមន៍រូបនេះបាន​បន្តទៀតថា លោកពិតជាសប្បាយ ដែលព្រះសហគមន៍ព្រះត្រៃឯកគិរីវង់មានអ្វីៗទាំងអស់នៅទីនេះ ដែល​ពីដើមមក លោកមិនដែលគិតថាអាចមានដូចពេលនេះទេ នេះដោយ​សារ​តែមានលោកអភិបាល អូលីវីយ៉េ ដែលតែងតែជួយគាំទ្រ និងបង្កើតអ្វីៗទាំងអស់នៅទីនេះ។

គួរបញ្ជាក់ផងដែរថា សព្វថ្ងៃព្រះសហគមន៍ព្រះត្រៃឯកគិរីវង់មានសមិទ្ធិផលសំខាន់ៗជាច្រើនដូចជា ព្រះវិហារដែលជាព្រះដំណាក់របស់ព្រះជាម្ចាស់ ចេតិយសម្រាប់តម្កល់ធាតុគ្រីស្តបរិស័ទ ភ្នំព្រះនាងម៉ារីសម្រាប់អធិដ្ឋាន សាលាមត្តេយ្យសម្រាប់បង្រៀនក្មេងៗ ផ្ទះសំណាក់សម្រាប់ទទួលភ្ញៀវ និងពេលនេះ​មានជួងដែល​ជាព្រះសូរសៀងនៃការត្រាស់ហៅរបស់ព្រះជាម្ចាស់ដល់បងប្អូនទាំងឡាយ៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email