សន្តយ៉ូសែបជាគំរូនៃមេគ្រួសារដើម្បីថែរក្សាគ្រួសារនិងសង្គមជាតិ

ក្នុងពិធីថ្វាយអភិបូជាអបអរសាទរចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម លោកអភិបាលអូលីវីយេ ជ្មិតហស្លេរ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ មានប្រសាសន៍ថា ការយកចិត្តទុកដាក់លើកិច្ចការប្រចាំថ្ងៃ អំពីតួនាទីរបស់ខ្លួនម្នាក់ៗគឺសំខាន់។

លោកមានប្រសាសន៍ទៅកាន់គ្រីស្តបរិស័ទនៅព្រះសហគមន៍ចំប៉ា កាលពីថ្ងៃទី១២ កុម្ភៈទៀតថា ក្នុងថ្ងៃនេះ យើងជួបជុំគ្នា ដើម្បីអរព្រះគុណព្រះជាម្ចាស់ និងសូមព្រះជាម្ចាស់ប្រទានពរឲ្យយើង  ឲ្យឆ្នាំថ្មីនេះប្រកបដោយសេក្តីសុខ សេចក្តីស្រឡាញ់ និងប្រកបដោយព្រះពរដ៏ពិតប្រាកដដែលមកពីព្រះជាម្ចាស់។

​​

លោកអភិបាលបានលើកឡើងអំពីសាររបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូក្នុងឆ្នាំនេះថា  ជាឆ្នាំនៃការយកចិត្តទុកដាក់។ លោកអភិបាលបានលើកនូវចំនុច២សំខាន់ៗ ដោយផ្តោតលើការយកចិត្តទុកដាក់របស់សន្តយ៉ូសែប និងការយកចិត្តទុកដាក់ថែរក្សាពិភពលោក។ 

«យកចិត្តទុកដាក់យកគំរូតាមសន្តយ៉ូសែប។ សន្តយ៉ូសែបបានយកចិត្តទុកដាក់ ជាមួយព្រះជាម្ចាស់។ ដូច្នេះ សម្រាប់ឆ្នាំនេះឲ្យយើងយកចិត្តទុកដាក់អធិដ្ឋាន យកចិត្តទុកដាក់ស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ យកចិត្តទុកដាក់តស៊ូនៅក្នុងជីវិតរបស់យើងជាគ្រីស្តបរិស័ទ ដែលស្រឡាញ់ព្រះជាម្ចាស់លើសអ្វីៗទាំងអស់»។ នេះជាសម្តីរបស់លោកអភិបាលដែលបានក្រើនរំលឹកដល់គ្រីស្តបរិស័ទ។

ជាមួយគ្នានេះដែរ លោកអភិបាលបានកោតសរសើរចំពោះគ្រីស្តបរិស័ទ ក្នុងអំឡុងពេលកូវីដ១៩ ដែលមិនអាចធ្វើពិធីជួបជុំក្នុងព្រះវិហារបាន តែបានយកចិត្តទុកដាក់អធិដ្ឋានតាមផ្ទះ។ លោកអភិបាល «តាមផ្ទះយើងបានទទួលព្រះពរពីព្រះកាយ តាមផ្ទះយើងបានយកចិត្តទុកដាក់ដោយដឹងថា ព្រះជាម្ចាស់គង់នៅជាមួយយើងជានិច្ច»។ 

លោកក៏បានលើកទឹកចិត្តដល់គ្រីស្តបរិស័ទយកចិត្តទុកដាក់នឹងគ្រួសាររបស់ខ្លួនបន្ថែមទៀត ឲ្យដូចគំរូរបស់សន្តយ៉ូសែប។ លោកមានប្រសាសន៍ថា សន្តយ៉ូសែបបានយកចិត្តទុកដាក់ ថែរក្សា ការពារ និងនៅជាមួយព្រះនាងម៉ារី និងព្រះយេស៊ូដោយសេចក្តីស្រឡាញ់ និងធ្វើយ៉ាងណាដើម្បីឲ្យគ្រួសារមានសុភមង្គល។ លោកអភិបាលអូលីវីយេ បន្ថែមថា «ឲ្យឪពុកម្តាយចេះជួយគ្នាទៅវិញទៅមកនៅក្នុងសេចក្តីស្រឡាញ់ ឲ្យកូនៗយកចិត្តទុកដាក់ស្រឡាញ់ឪពុកម្តាយនិងលោកតាលោកយាយ ឲ្យលោកតាលោកយាយយកចិត្តទុកដាក់ជាមួយកូនចៅ ដើម្បីឲ្យគ្រួសារនីមួយៗ ពោរពេញដោយសេចក្តីសុខតាមរបៀបរបស់សន្តយ៉ូសែប ជាមួយព្រះនាងម៉ារី និងព្រះយេស៊ូ»។ 

ម្យ៉ាងវិញទៀត ការទទួលខុសត្រូវតាមតួនាទីរៀងៗខ្លួនក៏មានសារៈសំខាន់ខ្លាំងដែរ «គឺឲ្យក្មេងយកចិត្តទុកដាក់នូវកិច្ចការងាររបស់ខ្លួន គឺការសិក្សានៅសាលារៀន ហើយចំពោះលោកតាលោកយាយនិងពូមីង ត្រូវយកចិត្តទុកដាក់នឹងការងារផ្ទាល់ដូចសន្តយ៉ូសែបដែរ ដោយមិនគិតពីការនឿយហត់ ការពិបាក ដើម្បីចិញ្ចឹមគ្រួសារ ដើម្បីឲ្យមានសេចក្តីសុខ» លោកអភិបាលបញ្ជាក់។ 

ចុងបញ្ចប់នៃធម្មទេសនា លោកអភិបាលបានរំលឹកដល់គ្រីស្តបរិស័ទដើម្បីយកចិត្តទុកដាក់បន្ថែមទៀតលើស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ដែលបានង្កើតឡើងជាពិសេសគឺបរិស្ថាននៅជុំវិញ ដើម្បីរកឃើញសេចក្តីសុខនៅក្នុងគ្រួសារនីមួយៗ។ លោកបន្តថា នៅពេលដែលយើងចេះថែរក្សា ទាំងសុខភាពផ្លូវកាយផ្លូវចិត្តនិងផ្លូវវិញ្ញាណខ្លួនផ្ទាល់ អាចថែរក្សាគ្រួសារ ព្រះសហគមន៍ និងសង្គមបរិស្ថានបាន ណែនាំឲ្យបញ្ហាក្នុងឆ្នាំ២០២១នេះ នឹងអាចដោះស្រាយបាន៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email